បណ្ណាល័យ
មេរៀន​ទី ១៣ ថ្ងៃទី ៤ ៖ យ៉ូហាន ៥-៦


មេរៀន​ទី ១៣ ៖ ថ្ងៃ​ទី ៤

យ៉ូហាន ៥-៦

សេចក្តីផ្ដើម

ព្រះយេស៊ូវ​បាន​ចូលរួម​ពិធី​ជប់​លៀង​មួយ ( ប្រហែល​ជា​បុណ្យ​រំលង ) នៅ​ក្រុង​យេរូសាឡិម ហើយ​បាន​ព្យាបាល​បុរស​ពិការ​ជើង​ម្នាក់​នៅ​ឯ​ស្រះ​បេថែសដា ។ ទ្រង់​ក៏​បាន​ពិពណ៌នា​ផងដែរ​ពី​សាក្សី​ផ្សេង​ទៀត​ដែល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ភាព​ជា​ព្រះ​របស់​ទ្រង់ ។ បន្ទាប់​ពី​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ ទ្រង់​បាន​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស​ជាង ៥០០០​នាក់​ដោយ​អព្ភូតហេតុ ហើយ​បាន​បង្រៀន​ថា​ទ្រង់​គឺ​ជា​នំបុ័ង​ជីវិត ។

យ៉ូហាន ៥:១-៣០

ព្រះយេស៊ូវ​ព្យាបាល​បុរស​ពិការ​ម្នាក់​នៅថ្ងៃ​ឈប់​សម្រាក ហើយ​បង្រៀន​អំពី​ទំនាក់ទំនង​របស់​ទ្រង់​នឹង​ព្រះវរបិតា

សូម​ពិចារណា​ពី​គ្រា​មួយ​ដែល​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ធ្វើ​ឲ្យ​វត្ថុ​សំខាន់ ឬ មាន​តម្លៃ​មួយ​បាក់បែក ។

រូបភាព
broken clay pot

ក្នុងនាម​ជា​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ យើង​ទាំងអស់​គ្នា​មាន​សារៈសំខាន់ និង មាន​តម្លៃ​ខ្លាំង​បំផុត ។ ប៉ុន្តែ ដោយ​សារ​ការជ្រើសរើស​របស់​យើង ឬ ឧបសគ្គ​នានា​ដែលយើង​ជួប​ប្រទះ មាន​គ្រា​នានា​ដែល​យើង​អាច​មាន​អារម្មណ៍​ថា​ខ្ទេចខ្ទាំ ឬ ដូច​ជា​មាន​តម្លៃ​តិចតួច ។

តើ​មនុស្ស​ម្នាក់​អាច​នឹង​មាន​អារម្មណ៍​ខ្ទេចខ្ទាំ​ខាង​វិញ្ញាណ ខាង​សាច់ឈាម ឬ ខាង​សតិ​អារម្មណ៍​តាម​របៀប​ណា​ខ្លះ ?

សូម​គិត​ដល់​គ្រា​មួយ នៅពេល​អ្នក​បាន​មាន​អារម្មណ៍​បែប​នេះ ។ នៅពេល​អ្នក​សិក្សា យ៉ូហាន ៥:១–៩សូម​រកមើល​សេចក្តី​ពិត​ដែល​អាច​ជួយ​លួងលោម​អ្នក និង ផ្តល់​សេចក្តី​សង្ឃឹម​នៅពេល​អ្នក​មាន​អារម្មណ៍​ខ្ទេចខ្ទាំ​ដួងចិត្ត ។

នៅក្នុង យ៉ូហាន ៥:១ យើង​អាន​ថា បន្ទាប់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បម្រើ​នៅក្នុង​ស្រុក​កាលីឡេ នោះ​ទ្រង់​បាន​យាង​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ប្រតិបត្តិតាម​ពិធី​ជប់លៀង​របស់​ពួក​សាសន៍​យូដា ដែល​ប្រហែល​ជា​បុណ្យ​រំលង ( សូមមើល យ៉ូហាន ៥:១ លេខយោង) ។ អំឡុង​ពេល​នៅ​ក្រុង​យេរូសាឡិម ទ្រង់​បាន​យាង​ទៅ​ស្រះ​ទឹក​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ ។

សូម​អាន យ៉ូហាន ៥:២-៤ដោយ​រកមើល​ថា​នរណា​បាន​មក​ជួបជុំ​គ្នា​នៅ​ជុំវិញ​ស្រះទឹក​នោះ ហើយ​ថា​ពួកគេ​កំពុង​រង់ចាំ​អ្វី ។

ពាក្យ ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន និង ខ្លះ​ស្វិត នៅក្នុង ខ ៣ ពិពណ៌នា​អំពី​មនុស្ស​ដែល​ឈឺ ទន់ខ្សោយ ឬ ពិការ តាម​របៀប​ផ្សេងៗគ្នា ។ អាច​មាន​ក្បាល​ទឹក​មួយ​ដែល​យូរៗ​ម្តង​បាន​ហូរ​ចូល​ទៅ​ក្នុង​ស្រះ ហើយ​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​លើ​នៃ​ទឹក​នោះ​ឡើង​ពពុះ ( សូមមើល Bible Dictionary « Bethesda ») ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បាន​បង្រៀន​ដូចតទៅ​នេះ ៖ « គ្មាន​ចម្ងល់​សោះ​ឡើយ​ថា ស្រះ​ទឹក​បេថែសដា​គឺ​ជា​ប្រភព​ទឹក​ដែល​វា​ជា​ទឹក​មាន​នូវ​អំណាច​ដែល​អាច​ព្យាបាល​មនុស្ស​ឲ្យ​ជា​បាន ។ ប៉ុន្តែ​ការយល់​ឃើញ​មួយ​ថា ទេវតា​បាន​យាង​ចុះ​មក ហើយ​កូរ​ទឹក​នោះ ប្រយោជន៍​ឲ្យ​មនុស្ស​ដំបូង​គេ ដែល​បាន​ចុះ​ទៅ​ក្នុង​ទឹក​នោះ​នឹង​បាន​ជា​សះស្បើយ គឺ​ពិត​ជា​គំនិត​រវើរវាយ​មួយ ។ អព្ភូតហេតុ​នៃ​ការព្យាបាល​វា​ពុំ​កើត​ឡើង​តាម​របៀប​នេះ​ឡើយ » (Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:១៨៨ ) ។

សូម​ពិចារណា​ថា​តើ​វា​នឹង​មាន​ស្ថានភាព​បែប​ណា​នៅ​ឯ​ស្រះទឹក​នោះ ដោយ​មាន​មនុស្ស​ជាច្រើន​សង្ឃឹម​ថា​នឹង​បាន​ជា​សះស្បើយ ដោយ​ត្រូវ​ធ្វើ​ជា​មនុស្ស​ដំបូង​គេ​ដើម្បី​ឈាន​ជើង​ចូល​ទៅក្នុង​ស្រះ​នោះ ។

សូម​អាន យ៉ូហាន ៥:៥-៧ដោយ​រកមើល​ថា​ព្រះអង្គ​សង្គ្រោះ​បាន​ឃើញ​នរណា​គេ​ដេក​នៅ​ក្បែរ​ស្រះ​ទឹក​នោះ ។

តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​បុរស​ម្នាក់​នេះ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឃើញ ? ហេតុអ្វី​បាន​ជា​បុរស​ម្នាក់​នេះ​ពុំ​អាច​ធ្វើ​ជា​មនុស្ស​ដំបូង​ចុះ​ទៅ​ក្នុង​ទឹក​នោះ ?

រូបភាព
ព្រះគ្រីស្ទ​ព្យាបាល​អ្នក​ឈឺ​នៅ​បេថែសដា

សូម​អាន យ៉ូហាន ៥:៨-៩ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​តប​ទៅ​បុរស​នោះ ។

សូម​គូស​ចំណាំ​ឃ្លា « អ្នក​នោះ​បាន​ជា​ភ្លាម » នៅ​ក្នុង ខ ៩។ ការជា​សះស្បើយ​នេះ​បាន​កើត​ឡើង​នៅ​ឯ​ស្រះ​ទឹក​បេថែសដា ។ ពាក្យ បេថែសដា អាច​ត្រូវបាន​បកប្រែ​ថា​ជា « ដំណាក់​នៃ​សេចក្តីមេត្តា​ករុណា » ( Bible Dictionary « Bethesda ») ។ សេចក្តីមេត្តា​ករុណា​គឺ​ជា​សេចក្តី​អាណិត​អាសូរ ឬ សេចក្តី​សប្បុរស ។ ទង្វើ​ដ៏​អស្ចារ្យ​បំផុត​នៃ​សេចក្តី​មេត្តា​ករុណា​ដែល​បាន​ធ្វើ​ឡើង​នោះ​គឺ ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ហេតុអ្វី​បាន​ជា​បេថែសដា​គឺ​ជា​ឈ្មោះ​សមរម្យ​មួយ​សម្រាប់​ទីតាំង​នេះ ជាពិសេស​បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​បុរស​ម្នាក់​នេះ ?

តើ​យើង​ទាំងអស់​គ្នា​អាច​ដូច​គ្នា​នឹង​បុរស​ម្នាក់​នេះ​ដែល​នៅ​មាត់​ស្រះ​បេថែសដា​តាម​របៀប​ណា​ខ្លះ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ការព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​បុរស​ម្នាក់​នេះ​គឺ​ថា តាមរយៈ​ព្រះចេស្តា និង សេចក្តី​មេត្តា​ករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​ធ្វើ​ឲ្យ​ជា​សះស្បើយ ។

រូបភាព
អែលឌើរ មើរិល ជេ ប៊ែតមែន

ដើម្បី​យល់​កាន់តែ​ប្រសើរ​ឡើង​នូវ​សេចក្តីពិត​នេះ សូម​អាន​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ មើរិល ជេ ប៊ែតមែន នៃ​ពួក​ចិតសិប​នាក់ ដោយ​រកមើល​របៀប​នានា​ដែល​លោក​បាន​និយាយ​អំពី​ព្រះអង្គសង្គ្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​បាន​ជា​សះស្បើយ ៖ « គឺ​ដូច​ជា​បុរស​ខ្វិន​ជើង​នៅ​ឯ​ស្រះ​បេថែសដា​ដែល​ត្រូវការ​ឲ្យ​មនុស្ស​រឹងមាំ​ជាង​ខ្លួន​គាត់ ដើម្បី​ព្យាបាល​គាត់​ឲ្យ​ជា ( សូមមើល យ៉ូហាន ៥:១–៩) ដូច្នេះ​យើង​ត្រូវ​ពឹង​ផ្អែក​លើ​អព្ភូតហេតុ​នានា​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​ព្រលឹង​របស់​យើង​ត្រូវបាន​ព្យាបាល​ឲ្យ​ជា​ពី​សេចក្តី​សោកសៅ ទុក្ខ​ព្រួយ និង អំពើ​បាប ។ … តាមរយៈ​ព្រះគ្រីស្ទ នោះ​ដួងចិត្ត​ដែល​ខ្ទេចខ្ទាំ​ត្រូវបាន​ជួសជុល ហើយ​ភាព​សុខសាន្ត​ជំនួស​ឲ្យ​ភាព​តានតឹង និង ក្តី​អំពល់ » (« The Power to Heal from Within » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ១៣ ) ។

វា​ជា​ការសំខាន់​ដើម្បី​ចាំ​ថា យើង​អាច​ត្រូវបាន​ធ្វើ​ឲ្យ​ជា​ស្អាត​ទោះបី​ជា​នៅ ក្នុង​ជីវិត​នេះ ឬ នៅក្នុង​ជីវិត​បន្ទាប់​ក្តី វា​អាស្រ័យ​លើ​ពេលវេលា​នៃ​ព្រះអម្ចាស់ ។

  1. សូម​ពិចារណា​ពី​គ្រា​នានា នៅពេល​អ្នក​បាន​ឃើញ ឬ បាន​ទទួល​អារម្មណ៍​នៃ​ព្រះចេស្តា សេចក្តី​មេត្តា​ករុណា និង សេចក្តី​អាណិតអាសូរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជួយ​អ្នក ឬ នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​ខ្ទេចខ្ទាំ​ចិត្ត ទាំង​ខាង​វិញ្ញាណ ខាង​សាច់​ឈាម ឬ សតិ​អារម្មណ៍ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ ហើយ​បញ្ចប់​សេចក្តី​ថ្លែងការណ៍​មិន​ពេញ​លេញ​ខាង​ក្រោម​នេះ ៖ ខ្ញុំ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​ពោរពេញ​ដោយ​សេចក្តី​មេត្តា​ករុណា និង សេចក្តី​អាណិត​អាសូរ​ដោយសារ…

នៅក្នុង យ៉ូហាន ៥:១០–៣០ យើង​អាន​ថា ក្រោយ​មក​ព្រះអង្គ​សង្គ្រោះ​បាន​ឃើញ​បុរស​ម្នាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ប្រទាន​ព្រះឱវាទ​ដល់​គាត់​កុំ​ឲ្យ​ធ្វើ​បាប​ទៀត​ឡើយ ។ នៅពេល​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ដឹង​ថា បុរស​ម្នាក់​នោះ​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ដោយ​សារ​ព្រះយេស៊ូវ​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​ពួកគេ​បៀតបៀន ហើយ​ព្យាយាម​ចង់​សម្លាប់​ព្រះអង្គ​សង្គ្រោះ ។ ព្រះយេស៊ូវ​បាន​បង្រៀន​អ្នក​ដឹកនាំ​សាសន៍​យូដា​នោះ​ថា តាមរយៈ​ការព្យាបាល​បុរស​នោះ ទ្រង់​កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតា​សួគ៌ ។ ក្រោយ​មក​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ទំនាក់ទំនង​របស់​ទ្រង់ និង ព្រះវរបិតា ។ ទ្រង់​ក៏​បាន​បង្រៀន​ថា អស់​អ្នក​ដែល​នៅ​ពិភព​វិញ្ញាណ​នឹង​ត្រូវបាន​បង្រៀន​ដំណឹង​ល្អ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ។

យ៉ូហាន ៥:៣១-៤៧

ព្រះយេស៊ូវ​បាន​បង្រៀន​ពី​សាក្សី​ជា​ច្រើន​នាក់​ដែល​ថ្លែង​ទីបន្ទាល់​ពី​ភាព​ជា​ព្រះ​របស់​ទ្រង់

សូម​គិត​ពី​គ្រា​មួយ នៅពេល​មនុស្ស​ម្នាក់​បាន​ប្រាប់​អ្នក​នូវ​រឿង​អ្វី​មួយ​ដែល​ពិបាក​ឲ្យជឿ ។

តើ​ការអះអាង​ពី​ភាពពោរពេញ​នៃ​សេចក្តីពិត​ណា​មួយ​ត្រូវ​បាន​ពង្រឹង​ដោយ​របៀប​ណា នៅពេល​មាន​សាក្សី​ច្រើន​ម្នាក់​នោះ ?

សូមអាន យ៉ូហាន ៥:៣១ដោយ​រកមើល​​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​អំពី​ទីបន្ទាល់​ផ្ទាល់​របស់​អង្គ​ទ្រង់​អំពី​ទំនាក់ទំនង​របស់​ទ្រង់​ចំពោះ​ព្រះវរបិតា​សួគ៌ ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បញ្ជាក់​យ៉ាង​ច្បាស់​ពី យ៉ូហាន ៥:៣១–៣២ថា ៖

« ហេតុដូច្នោះ​ហើយ បើ​សិន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ នោះ​សេចក្តី​បន្ទាល់​របស់​ខ្ញុំ​គឺ​ពិត ។

« ដ្បិត​ខ្ញុំ​មិន​នៅ​តែ​ឯង​ឡើយ មាន​មួយ​អង្គ​ទៀត​ដែល​ថ្លែង​ទីបន្ទាល់​ពី​ខ្ញុំ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ៥:៣២–៣៣ ) ។

ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន​ពួក​សាសន៍​យូដា​ថា ពួកគេ​មាន​សាក្សី​ម្នាក់​ផ្សេង​ទៀត​ក្រៅ​ពី​ទ្រង់ ។

សូម​អាន​ខគម្ពីរ​ខាងក្រោម​នេះ ហើយ​រកមើល​សាក្សី​ផ្សេង​ទៀត​ដែល​ថ្លែង​ទីបន្ទាល់​ពី​ភាព​ជាព្រះ​របស់​ព្រះយេស៊ូវ ៖

យ៉ូហាន ៥:៣២–៣៥

យ៉ូហាន ៥:៣៦

យ៉ូហាន ៥:៣៧-៣៨

យ៉ូហាន ៥:៣៩

យ៉ូហាន ៥:៤៥–៤៧

ទោះបី​ជា​មាន​សាក្សី​ច្រើន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ក្តី ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ពុំ​ជឿ​លើ​ភាព​ជាព្រះ​របស់​ព្រះយេស៊ូវ​ឡើយ ។ សូម​កត់ចំណាំ​នៅក្នុង យ៉ូហាន ៥:៣៩ ថា​នៅពេល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ព្រះគម្ពីរ នោះ​ទ្រង់​មាន​បន្ទូល​ថា « ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក » ។ « ពួក​សាសន៍​យូដា​ជា​ច្រើន​នៅ​សម័យ​ព្រះយេស៊ូវ​បាន​សិក្សា​ព្រះគម្ពីរ ជឿ​ថា​តាមរយៈ​ការសិក្សា​នេះ​ពួកគេ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ … ព្រះអង្គ​សង្គ្រោះ​បាន​ព្យាយាម​កែតម្រូវ​ជំនឿ​ខុសឆ្គង​នោះ តាមរយៈ​ការបង្រៀន​ថា ព្រះគម្ពីរ​ដែល​ពួកសាសន៍​យូដា​សម្លឹង​មើល​ថា​ជា​សិទ្ធិ​អំណាច​ចុងក្រោយ បាន​ថ្លែង​ទីបន្ទាល់​ថា ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺ​ពុំ​អាច​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​ឡើយ ប៉ុន្តែ​គឺ​ការធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​វិញ ។ ពួក​សាសន៍​យូដា​ក៏​ពុំ​បាន​ដឹង​ថា ព្រះគម្ពីរ​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ ហើយ​គោលបំណង​របស់​ព្រះគម្ពីរ​ទាំង​នោះ​គឺ​ដើម្បី​នាំ​មនុស្ស​ឲ្យ​មក​រក​ព្រះគ្រីស្ទ ដ្បិត​ទ្រង់​គឺ​ជា​ធនធាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​សេចក្តី​ពិត និង ជីវិត » (New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ២១៩–២០) ។

សូម​អាន យ៉ូហាន ៥:៤០ដោយ​រក​មើល​អ្វី​ដែល​ពួក​សាសន៍​យូដា​ត្រូវតែ​ធ្វើ​ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច ។

ទោះបី​ជា​ពួក​សាសន៍​យូដា​បាន​សិក្សា​ព្រះគម្ពីរ​ក្តី តើ​ពួកគេ​បាន​បដិសេធ​ធ្វើ​អ្វី​ខ្លះ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច ?

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង យ៉ូហាន ៥:៣៩–៤០សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ៖ មាន​តែ​តាមរយៈ​ការមកកាន់ ដែល​យើង​អាច​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច​នោះ ។

សូម​ចាំ​ថា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺ​រួមមាន​ការ​ប្រែក្លាយ​ដូច​ជា​ព្រះវរបិតា​សួគ៌ ហើយ​រស់នៅ​ជារៀងរហូត​ជាមួយ​នឹង​សមាជិក​សក្តិសម​នៃ​ក្រុម​គ្រួសារ​របស់​យើង​នៅក្នុង​វត្តមាន​របស់​ទ្រង់ ។ ដើម្បី​ទទួល​បាន​អំណោយ​ទាន​នេះ យើង​ត្រូវ​តែ​មក​រក​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​អនុវត្ត​សេចក្តី​ជំនឿ​លើ​ទ្រង់ ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​យើង ទទួល​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​ល្អ គោរព​សេចក្តី​សញ្ញា​របស់​យើង ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។

សូម​គិត​ពិចារណា​ពី​មូលហេតុ​ដែល​ការមក​កាន់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ចាំបាច់​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

  1. សូម​ក្រឡេក​មើល​សាក្សី​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អ្នក​បាន​សរសេរ​នៅ​ខាង​លើ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​របៀប​មួយ​ដែល​សាក្សី​ទាំង​នេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​អ្នក ( អាច​ជួយ​អ្នក ) ឲ្យ​មក​កាន់​ទ្រង់ ។

សូម​ពិចារណា​ពី អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​មក​កាន់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ពេញលេញ ដើម្បី​អ្នក​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

យ៉ូហាន ៦:១-៥៩

ព្រះយេស៊ូវ​បង្រៀន​ថា ទ្រង់​គឺ​ជា​នំប៉័ង​ជីវិត

នៅក្នុង យ៉ូហាន ៦:១–១៣ យើង​អាន​ថា បន្ទាប់​ពី​ត្រឡប់​ទៅ​ស្រុក​កាលីឡេ នោះ​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដោយ​អព្ភូតហេតុ​ដល់​មនុស្ស​ជាង ៥០០០​នាក់​ជាមួយ​នឹង​នំបុ័ង​ប្រាំដុំ និង ត្រី​តូច​ពីរ ។ ( អ្នក​បាន​សិក្សា​ពី​ព្រឹត្តិការណ៍​នេះ​នៅក្នុង​មេរៀន​នៅ ម៉ាថាយ ១៤ និង ម៉ាកុស ៦) ។

សូម​អាន យ៉ូហាន ៦:១៤–១៥ដោយ​រក​មើល​អ្វី​ដែល​ប្រជាជន​ចង់​ធ្វើ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដោយ​អព្ភូតហេតុ​ដល់​ពួកគេ​ហើយ​នោះ ។

សណ្តាប់​មួយ​នៅក្នុង​ចំណោម​ពួក​សាសន៍​យូដា​នៅសម័យ​ព្រះយេស៊ូវ​បាន​ថ្លែង​ថា នៅពេល​ព្រះមែស៊ី ឬ ស្តេច​នៃ​អ៊ីស្រាអែល​យាង​មក នោះ​ទ្រង់​នឹង​ប្រទាន​នំបុ័ង​ពី​ឋានសួគ៌​ដល់​មនុស្ស ។

យ៉ូហាន ៦:១៦–២១ កត់ត្រា​ថា​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជូន​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​កាលីឡេ ហើយ​ក្រោយ​មក​នៅ​យប់​នោះ​នៅពេល​ពួកសិស្ស​ពុះពារ​អុំ​ទូក​បញ្ច្រាស​ទឹក​រលក និង ខ្យល់ នោះ​ព្រះយេស៊ូវ​បាន​យាង​លើ​ទឹក​សមុទ្រ​មក​ជិះ​ទូក​ជាមួយ​ពួកគេ ។ ដំណើររឿង​របស់​យ៉ូហាន​អំពី​ព្រឹត្តិការណ៍​នេះ សង្កត់​ធ្ងន់​ថា​នៅពេល​ពួកសិស្ស « ព្រម » ទទួល​ព្រះយេស៊ូវ​ទៅ​ក្នុង​ទូក​របស់​ពួកគេ « ស្រាប់​តែ » (យ៉ូហាន ៦:២១) ទូក​បាន​ទៅ​ដល់ស្រុក​ដែល​គេ​ប៉ង​នឹង​ទៅ​ដោយ​សុវត្ថិភាព ។ ដូច​ដែល​យើង​ព្រម​ទទួល​ព្រះអង្គ​សង្គ្រោះ និង ការបង្រៀន​របស់​ទ្រង់ នោះ​ទ្រង់​អាច​ជួយ​ដឹកនាំ​យើង​ដោយ​សុវត្ថិភាព​ឆ្លងកាត់​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។

យ៉ូហាន ៦:២២–៥៩ កត់ត្រា​ថា​មាន​មនុស្ស​ជាច្រើន ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដោយ​អព្ភូតហេតុ បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាពើណិម ស្វែងរក​ទ្រង់ ដោយ​មាន​បំណង​ឲ្យ​ទ្រង់​ប្រទាន​នំបុ័ង​ឲ្យ​ច្រើន​ថែម​ទៀត ។ មនុស្ស​មួយ​ចំនួន​រអ៊ូរទាំ​នឹង​ព្រះអង្គ​សង្គ្រោះ​ដោយ​សារ​ទ្រង់​បាន​បង្រៀន​ថា ទ្រង់​គឺ​ជា​នំបុ័ង​ដែល​ចុះ​មក​ពី​ឋានសួគ៌ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា ទ្រង់​គឺ​ជា​នំបុ័ង​ជីវិត ហើយ​ថា ប្រសិន​បើ​មនុស្ស​ណា​ដែល​មក​កាន់​ទ្រង់ ហើយ​ទទួល​យក​កាបង្រៀន និង ដង្វាយធួន​របស់​ទ្រង់ នោះ​ពួកគេ​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

យ៉ូហាន ៦:៦០-៧១

ពេត្រុស​ថ្លែង​ទីបន្ទាល់​ថា​ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច

សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​បាន​ជ្រើសរើស​បន្ត​ធ្វើ​អ្វី​មួយ​ដែល​ពិបាក ឬ ត្រូវ​ឈប់​ធ្វើ​វា ។

រូបភាព
violinist, runner

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​បង្រៀន​ថា ទ្រង់​គឺ​ជា​នំបុ័ង​ជីវិត នោះ​ពួក​សិស្ស​មួយ​ចំនួន​របស់​ទ្រង់​បាន​ប្រឈម​មុខ​នឹង​ការសម្រេច​ថា​តើ​គួរតែ​បន្ត​ដើរ​តាម​ទ្រង់​ទៀត​ ឬ អត់ ។ សូម​អាន យ៉ូហាន ៦:៦០, ៦៦ដោយ​រកមើល​ការឆ្លើយតប​ជា​ច្រើន​ពី​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ចំពោះ​ការបង្រៀន​របស់​ទ្រង់ ។

ឃ្លា​ថា « ពាក្យ​នេះ​ពិបាក​ស្តាប់​ណាស់ » នៅក្នុង ខ ៦០ មាន​ន័យ​ថា​ពួកគេ​មាន​អារម្មណ៍​ថា ការបង្រៀន​របស់​ព្រះយេស៊ូវ​លំបាក​ដើម្បី​ធ្វើ​តាម​ពេក ។

តើ​ការបង្រៀន​ណា​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​មាន​ការលំបាក​ចំពោះ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​សម័យ​របស់​យើង​ដើម្បី​ធ្វើ​តាម ? ( ប្រសិន​បើចាំបាច់ សូម​រក​មើល​ការបង្រៀន​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ដែល​អាច​ជា​ឧបសគ្គ​ដល់​មនុស្ស​វ័យ​ក្មេង​មួយ​ចំនួន ) ។

សូម​អាន យ៉ូហាន ៦:៦៧-៦៩ដោយ​រកមើល​សំណួរ​ដែល​ព្រះយេស៊ូវ​បាន​សួរ​សាវក​របស់​ទ្រង់ ហើយ​រកមើល​ចម្លើយ​របស់​ពេត្រុស​ចំពោះ​សំណួរ​នោះ ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ចម្លើយ​របស់​ពេត្រុស​នោះ​គឺ​ថា ទីបន្ទាល់​រឹងមាំ​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​យើង​ឲ្យ​បន្ត​ស្មោះត្រង់ អំឡុង​ពេល​ដែល​វា​អាច​មាន​ការលំបាក​ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ដើម្បី​រស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់ ។ សូម​គិត​ពី​ការសរសេរ​សេចក្តីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ យ៉ូហាន ៦:៦៧–៦៩

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​របៀប​ដែល​ទីបន្ទាល់​រឹងមាំ​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ បាន​ជួយ​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​បន្ត​ស្មោះត្រង់ ទោះបី​ជា​នៅពេល​ដែល​ការបង្រៀន​នៃ​ដំណឹងល្អ​ហាក់បីដូច​ជា​លំបាក​ដើម្បី​ធ្វើ​តាម​ក៏ដោយ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ៥–៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖