បណ្ណាល័យ
មេរៀន​ទី ១៤ ថ្ងៃទី ៣ ៖ យ៉ូហាន ៩


មេរៀន​ទី ១៤ ៖ ថ្ងៃ​ទី ៣

យ៉ូហាន ៩

សេចក្តីផ្ដើម

ព្រះយេស៊ូវ​បាន​ព្យាបាល​បុរស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត ។ ពួក​ផារិស៊ី​បាន​សង្ស័យ​បុរស​ម្នាក់​នេះ ហើយ​បាន​បណ្តេញ​គាត់​ចេញ​ពី​សាលា​ប្រជុំ ដោយសារ​គាត់​បាន​បដិសេធ​មិន​កាត់ទោស​ព្រះយេស៊ូវ​ថា​ជា​មនុស្ស​មាន​បាប​សម្រាប់​ការព្យាបាល​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ព្រះអង្គ​សង្គ្រោះ​បាន​ជួប​បុរស​ម្នាក់ ហើយ​បាន​សួរ​ពី​អ្វី​ដែល​គាត់​ជឿ ហើយ​បុរស​នោះ​បាន​ថ្វាយ​បង្គំ​ព្រះយេស៊ូវ​ថា​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។

យ៉ូហាន ៩:១-៧

ព្រះយេស៊ូវ​ព្យាបាល​បុរស​ម្នាក់​ដែលខ្វាក់​ពី​កំណើត

សូម​ស្វែងរក​ឧទាហរណ៍​មួយ​ចំនួន​អំពី​ទុក្ខវេទនា​នានា​ដែល​មនុស្ស​នៅ​ជុំវិញ​អ្នក ឬ មនុស្ស​ដែល​អ្នក​ឃើញ​នៅក្នុង​សារព័ត៌មាន​ក្នុង​តំបន់​របស់​អ្នក​ជួប​ប្រទះ ៖

មនុស្ស​មួយ​ចំនួន​ឆ្ងល់​ពី​មូលហេតុ​ដែល​ព្រះ​ទុក​ឲ្យ​មាន​ទុក្ខវេទនា​កើតឡើង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវិត​របស់​ពួកគេ​ដូច្នោះ ។ នៅពេល​អ្នក​សិក្សា យ៉ូហាន ៩:១-៥សូម​រកមើល​សេចក្តី​ពិត​ដែល​អាច​ជួយ​យើង​យល់​កាន់តែ​ច្បាស់​ពី​មូលហេតុ​មួយ​ដែល​ព្រះ​ទុក​ឲ្យ​មាន​ទុក្ខវេទនា​កើត​ឡើង​ដល់​ជីវិត​របស់​យើង ។

អំឡុង​ពេល​ព្រះយេស៊ូវ​គង់​នៅ​ក្នុង​ក្រុង​យេរូសាឡិម ទ្រង់​បាន​ជួប​នឹង​បុរស​ម្នាក់​ដែល​ដក​ពិសោធន៍​នៃ​ការរង​ទុក្ខ​វេទនា​តាំងពី​កំណើត​មក ។ សូម​អាន យ៉ូហាន ៩:១–២ដោយ​រកមើល​ថា​បុរស​ម្នាក់​នេះ​បាន​ជួប​ការរង​ទុក្ខ​វេទនា​អ្វី ។

តើ​ពួកសិស្ស​បាន​សួរ​អ្វី​ខ្លះ​អំពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​បុរស​រងទុក្ខ​វេទនា ?

មនុស្ស​ជាច្រើន​នៅ​ជំនាន់​ព្រះអង្គសង្គ្រោះ​បាន​ជឿ​ថា សេចក្តីលំបាក​នានា​ដែល​មនុស្ស​បាន​ជួប​ប្រទះ គឺ​ជា​លទ្ធផល​នៃ​អំពើ​បាប​ដែល​ពួកគេ ឬ ឪពុក​ម្តាយ​របស់​ពួកគេ​បាន​ធ្វើ ។ តើ​អ្នក​គិត​ថា ជំនឿ​បែប​នេះ​ត្រឹមត្រូវ​ឬ​ទេ ? ហេតុអ្វី​ត្រឹមត្រូវ ឬ ហេតុអ្វី​មិន​ត្រឹមត្រូវ ?

សូម​អាន យ៉ូហាន ៩:៣-៥ដោយ​រកមើល​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​សិស្ស​របស់​ទ្រង់​អំពី​ភាពខ្វាក់​ភ្នែក​របស់​បុរស​នេះ ។

តើ​អ្នក​គិត​ថា « ការ​របស់​ព្រះ​បាន​សម្តែង​មក​ក្នុង​ខ្លួន​គាត់​វិញ » មាន​ន័យ​យ៉ាង​ណា ? (យ៉ូហាន ៩:៣) ។

ចេញ​ពីការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ យើង​រៀន​ថា ព្រះអាច​ប្រើ​សេចក្តី​លំបាក​របស់​យើង​ដើម្បី​បង្ហាញ​ចេញ​មក​នូវ​កិច្ចការ និង ព្រះចេស្តា​របស់​ទ្រង់ ។ ម្យ៉ាង​វិញ​ទៀត ដោយសារតែ​មាន​មូលហេតុ​ជាច្រើន​នៃ​សេចក្តីលំបាក​នៅក្នុង​ជីវិត​របស់​យើង នោះ​ព្រះ​អាច​ប្រើ​ឧបសគ្គ​របស់​យើង​ដើម្បី​ជួយ​សម្រេច​ឲ្យ​បាន​នូវ​គោលបំណង​ដ៏​សុចរិត​របស់​ទ្រង់ ។

ដើម្បី​យល់​សេចក្តីពិត​នេះ​ឲ្យ​កាន់តែ​ច្បាស់ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« យើង​ទាំងអស់​គ្នា​ត្រូវ​បាន​បញ្ជូន​មក​ទីនេះ​ដើម្បី​ត្រូវបាន​សាកល្បង ។ វា​ត្រូវ​តែ​មានការ​ផ្ទុយ​ចំពោះ រឿង គ្រប់​យ៉ាង ។ វា​មាន​ន័យ​សម្រាប់​យើង​ណាស់ ដើម្បី​រៀន និង រីកចម្រើន​តាមរយៈ​ការផ្ទុយ​គ្នា​នោះ តាមរយៈ​ការជួប​នឹង​ឧបសគ្គ​នានា​របស់​យើង ព្រមទាំង​តាមរយៈ​ការបង្រៀន​មនុស្ស​ដទៃ​ទៀត​ឲ្យ​ធ្វើ​បែប​ដូច​គ្នា​នេះ ។ … ព្រះអម្ចាស់​នឹង​មិន​គ្រាន់តែ​ទុក​សេចក្តី​វេទនា​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ចំពោះ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​នឹង​ប្រើ​វា​ដើម្បី​ប្រទានពរ​ដល់​ជីវិត​មនុស្ស​រាប់​មិន​អស់ ។

« ព្រះយេស៊ូវ​បាន​បង្រៀន​មេរៀន​នេះ នៅពេល​ទ្រង់ និង ពួក​សិស្ស​របស់​ទ្រង់​បាន​ជួប​បុរស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត ។ [ ក្រោយ​មក​អែលឌើរ អូក បាន​ដកស្រង់​ពី យ៉ូហាន ៩:២–៣] ។

« ប្រសិន​បើ​យើង​មើល​ឃើញ​ជីវិត​មនុស្ស​តាមរយៈ​កែវភ្នែក​ខាង​វិញ្ញាណ នោះយើង​អាច​ឃើញ​គំរូ​ជាច្រើន​អំពី​កិច្ចការ​របស់​ព្រះ លើស​ហួស​ពី​ការរងទុក្ខ​វេទនា​នៃ​កូន​ចៅ​របស់​ទ្រង់ ។ …

« នៅពេល​យើង​យល់​ពីគោលការណ៍​នេះ នោះ​ព្រះ​ប្រទាន​ដល់​យើង​នូវ​ឱកាស​នានា​សម្រាប់​ពរជ័យ និង ប្រទាន​ពរ​ដល់​យើង​តាមរយៈ​ការរងទុក្ខ​វេទនា​ផ្ទាល់​ខ្លួន​របស់​យើង ព្រមទាំង​តាមរយៈ​ការរងទុក្ខ​វេទនា​របស់​មនុស្ស​ដទៃ នោះ​យើង​អាច​យល់​ពី​មូលហេតុ​ដែល​ទ្រង់​បាន​បញ្ជា​យើង​ម្តងហើយ​ម្តង​ទៀត​ឲ្យ ‹ ថ្វាយ​អំណរគុណ​ដល់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ្នក​នូវ​គ្រប់​ការណ៍​ទាំងអស់ › (គ. និង ស. ៥៩:៧) » (« Give Thanks in All Things » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៩៧–៩៨ ) ។

សូម​គិត​អំពី​ការរងទុក្ខ​វេទនា​ដែល​អ្នក​ធ្លាប់​បាន​ជួប​ប្រទះ ឬ ទើបតែ​បាន​ជួប​ប្រទះ​នា​ពេល​ថ្មីៗ​នេះ ។ នៅពេល​អ្នក​បន្ត​សិក្សា យ៉ូហាន ៩សូម​ពិចារណា​ពី​របៀប​នានា​ដែល​ព្រះ​អាច​បង្ហាញ​កិច្ចការ និង ព្រះចេស្តា​របស់​ទ្រង់​តាមរយៈ​អ្នក​ដោយសារតែ​ការរងទុក្ខ​វេទនា​នោះ ។

សូម​អាន យ៉ូហាន ៩:៦-៧ដោយ​រកមើល​របៀប​មួយ​ដែល​ព្រះ​បាន​​បង្ហាញ​កិច្ចការ និង ព្រះចេស្តា​របស់​ទ្រង់​តាមរយៈ​ការដកពិសោធន៍​របស់​បុរស​ខ្វាក់​ម្នាក់​នោះ ។

តើ​អ្នក​គិត​ថា​ វា​អស្ចារ្យ​យ៉ាង​ណា​ដែរ​ចំពោះ​បុរស​ម្នាក់​នេះ ដែល​អាច​មើល​ឃើញ​វិញ​នៅ​លើក​ដំបូង​នោះ ?

យ៉ូហាន ៩:៨-៤១

ព្រះអង្គសង្គ្រោះ​ព្យាយាម​រក​បុរស​ដែល​ទ្រង់​បាន​ព្យាបាល​ឲ្យ​នោះ បន្ទាប់​ពី​ពួក​ផារិស៊ី​បាន​បណ្តេញ​បុរស​នោះ​ចេញ​ទៅ​បាត់

ដូច​បាន​កត់ត្រា​នៅក្នុង យ៉ូហាន ៩:៨–១៥បន្ទាប់​ពី​បុរស​ខ្វាក់​នោះ​បាន​ជា​មក មនុស្ស​មួយ​ចំនួន​បាន​ប្រកែក​គ្នា​ថា​តើ​គាត់​ពិត​ជា​បុរស​ដែល​ខ្វាក់​ពី​កំណើត​នោះ​មែន​ឬ​អត់ ។ មនុស្ស​ផ្សេង​ទៀត​បាន​ឆ្ងល់​ថា​តើ​គាត់​បាន​ជា​ដោយ​របៀប​ណា ហើយ​ពួកគេ​បាន​នាំ​គាត់​ទៅ​ឯ​ពួក​ផារិស៊ី ដែល​បាន​ចាប់ផ្តើម​សួរ​គាត់ ។

សូម​ស្រាវជ្រាវ យ៉ូហាន ៩:១៤ រកមើល​ថ្ងៃ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​ដល់​បុរស​ខ្វាក់​នោះ ។

តើ​អ្នក​គិត​ថា ពួក​ផារិស៊ី​មាន​ប្រតិកម្ម​ដូច​ម្តេច​ចំពោះ​ព្រះយេស៊ូវ​ដែល​បាន​ព្យាបាល​បុរស​ម្នាក់​នៅ​ថ្ងៃ​ឈប់​សម្រាក​នោះ ?

សូម​អាន យ៉ូហាន ៩:១៦ដោយ​រកមើល​អ្វី​ដែល​ពួក​ផារិស៊ី​បាន​និយាយ​ថា​ព្រះយេស៊ូវ​គឺ​ជា​នរណា ។

សូម​អាន យ៉ូហាន ៩:១៧ដោយ​រកមើល​អ្វី​ដែល​បុរស​ខ្វាក់​នោះ​បាន​និយាយ​អំពី​ព្រះយេស៊ូវ ។

នៅពេល​អ្នក​បន្ត​ការសិក្សា​របស់​អ្នក​អំពី យ៉ូហាន ៩សូម​កត់ចំណាំ​ពី​ការរីកចម្រើន​នៃ​ទស្សន​របស់​បុរស​ខ្វាក់​នោះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ដោយ​ការសង្ស័យ​ថា​បុរស​នោះ​ពិត​ជា​ខ្វាក់​ពី​កំណើត​មែន​ឬ​អត់​នោះ ពួក​ផារិស៊ី​បាន​នាំ​ឪពុក​ម្តាយ​របស់​បុរស​នោះ​មក​ចោទ​សួរ ។ នៅក្នុង យ៉ូហាន ៩:១៩–២៣ យើង​រៀន​ថា​នៅពេល​ពេល​សួរ ឪពុក​ម្ដាយ​របស់​គាត់​បាន​ថ្លែង​ទីបន្ទាល់​ថា គាត់​គឺ​ជា​កូន​ប្រុស​របស់​ពួកគេ ហើយ​ថា​គាត់ពិការភ្នែក​ពី​កំណើត​មែន ប៉ុន្តែ​ពួកគេ​បាន​ប្រកាស​ថា​ពួក​គាត់​ពុំ​ដឹង​ថា​កូន​របស់​ខ្លួន​បាន​ជា​ដោយ​របៀប​ណា​នោះ​ទេ ។ ដោយ​ភ័យ​ខ្លាច​ថា​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​សាលាប្រជុំ និង ស្រុក​របស់​ខ្លួន នោះ​ពួកគេ​ពុំ​ចង់​និយាយ​ថា​ពួកគេ​បាន​ជឿ​លើ​ព្រះយេស៊ូវ​ថា​ជា​ព្រះមែស៊ី​ឡើយ ដូច្នេះ​ពួកគេ​បាន​ផ្តល់​យោបល់​ឲ្យ​កូន​ប្រុស​របស់​ពួកគេ​និយាយ​ដោយ​ខ្លួន​ឯង​វិញ ។

សូម​អាន យ៉ូហាន ៩:២៤–២៧, ៣០–៣៣ដោយ​រកមើល​ការឆ្លើយតប​របស់​បុរស​នោះ​ចំពោះ​ពួក​ផារិស៊ី ។ សូម​គិត​ពី​ការគូស​ចំណាំ​ពាក្យ​ពេចន៍​ដែល​គាត់​បាន​ប្រើ​ដើម្បី​ការពារ​ព្រះយេស៊ូវ ហើយ​ថ្លែង​ទីបន្ទាល់​ថា​ទ្រង់​គឺ « មក​ពីព្រះ » (យ៉ូហាន ៩:៣៣) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ចម្លើយ​អ្វី​របស់​បុរស​នោះ​ដែល​លេចធ្លោ​ចំពោះ​អ្នក ?

នៅ​ក្នុង យ៉ូហាន ៩:៣៤ យើង​រៀន​ថា​បុរស​នោះ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ ​( ពី​សាលាប្រជុំ [ សូមមើល យ៉ូហាន ៩:២២] ) ដោយសារ​តែ​ការពារ​ព្រះអង្គ​សង្គ្រោះ​ដោយ​ពុំ​ខ្លាច​ក្រែង ។

« សាលាប្រជុំ​ជា​មជ្ឈមណ្ឌល​នៃ​សាសនា និង សង្គម​សម្រាប់​សហគមន៍​ជាច្រើន​នៃ​ពួក​សាសន៍​យូដា ។ សាលាប្រជុំ​ផ្តល់​ជា​មធ្យោបាយ​ដល់​ការណែនាំ និង ការថ្វាយ​បង្គំ​ខាង​វិញ្ញាណ ព្រមទាំង​ឱកាស​នានា​នៃ​ការអប់រំ និង សង្គម ។ ដោយសារ​សាលាប្រជុំ​គឺ​ជា​ទីកន្លែង​សំខាន់​ចំពោះ​សង្គម​សាសន៍​យូដា នោះ​ការត្រូវបាន​គេ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ … គឺ​វាខ្លាំង​ជាង​ការ​ការត្រូវបាន​កាត់​កាល​ចេញ និង បាត់បង់​ការរាប់​អាន​ជាមួយ​សហគមន៍​សាសនាទៅ​ទៀត ។ វា​មាន​ន័យ​ថា​ជា​ការបណ្តេញ​ចេញ​ពីវិស័យ​វប្បធម៌ និង សង្គម​ផងដែរ » (New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ២៣០) ។

ហេតុអ្វី​អ្នក​គិត​ថា​បុរស​នេះ​មាន​ឆន្ទៈ​ដើម្បី​បន្ត​នៅ​ពិត​ស្មោះត្រង់ ចំពោះ​អ្វីដែល​គាត់​បាន​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ ទោះបី​ជា​គាត់​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​សាលាប្រជុំ​ក៏​ដោយ​នោះ ?

បន្ទាប់​ពីបុរស​នោះ​ត្រូវបាន​បណ្តេញ​ចេញ​ពី​សាលាប្រជុំ នោះ​ព្រះអង្គសង្គ្រោះ​បាន​ឃើញ​គាត់ ហើយ​បាន​សួរ​ថា​តើ​គាត់ « បានជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ​ឬ​ទេ » (យ៉ូហាន ៩:៣៥) ។ សូម​អាន យ៉ូហាន ៩:៣៦–៣៨ដោយ​រកមើល​ចម្លើយ​របស់​បុរស​នោះ ។

ការប្រកាស​របស់​គាត់​ថា « ខ្ញុំ​ជឿ​ហើយ ព្រះអម្ចាស់​អើយ » ហើយ​ការពិត​ដែល​ថា « គាត់​ក៏​ក្រាប​ថ្វាយ​បង្គំ​ទ្រង់ » (យ៉ូហាន ៩:៣៨) បង្ហាញ​ថា​ភ្នែក​ខាង​វិញ្ញាណ​របស់​គាត់​បាន​បើក​ឡើង ហើយ​ថា​គាត់​បាន​ទទួល​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​ថា​ទ្រង់​គឺ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា ហើយ​ថា​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ។

ចេញពី​ដំណើរ​រឿង​នេះ យើង​រៀន​ថា នៅពេល​យើង​បន្ត​ពិត​ស្មោះត្រង់​ចំពោះ​អ្វី​ដែល​យើង​ដឹង​ជាជាង​បដិសេធ​វា នោះ​ទីបន្ទាល់​របស់​យើង​នឹង​រឹងមាំ ។ យូរៗ​ទៅ​ទីបន្ទាល់​របស់​យើង​នឹង​រីកចម្រើន​កាន់តែ​ខ្លាំងឡើងៗ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​អ្នក​គិត​ថា ទីបន្ទាល់​របស់​យើង​ត្រូវបាន​ពង្រឹង បន្ទាប់​ពី​បាន​ស៊ូទ្រាំនឹង​ការប្រឆាំង ឬ ការសាកល្បង​នៃ​សេចក្ដី​ជំនឿ ?

    2. តើ​ទីបន្ទាល់​របស់​អ្នក​ត្រូវបាន​ពង្រឹង​ដោយ​របៀប​ណា នៅពេល​អ្នក​ស៊ូទ្រាំ​នឹង​ការប្រឆាំង​ដោយ​ស្មោះត្រង់​នោះ ?

ដើម្បី​ស្វែងរក​គោលការណ៍​មួយ​ផ្សេង​ទៀត​ចេញ​ពី​ដំណើរ​រឿង​នេះ សូម​បិទ​ភ្នែក​របស់​អ្នក​ប្រឹមៗ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​មើល​ឃើញ​ពន្លឺ​តិចៗ ។ ក្រោយ​មក​បើក​ភ្នែក​របស់​អ្នក​ពាក់​កណ្តាល ។ ក្រោយ​មក​បើក​ភ្នែក​របស់​អ្នក​ទាំងអស់ ។ សូម​កត់​ចំណាំ​ពី​របៀប​ដែល​គំហើញ​របស់​អ្នក​ផ្លាស់ប្តូរ​នៅក្នុង​តំណាក់កាល​និមួយៗ ។

សូម​ចាំ​ថា​បុរស​ខ្វាក់​ភ្នែក​ខាង​រូបកាយ​នោះ​បាន​មើល​ឃើញ​ច្បាស់​វិញ​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ព្យាបាល​គាត់​ហើយ ។ សូម​អាន យ៉ូហាន ៩:១១, ១៧, ៣៣, ៣៥–៣៨ដោយ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​ពី​ភាពចាស់ទុំ​នៃ​ទស្សនខាង​វិញ្ញាណ ឬ ការយល់​ដឹង​ថា​ព្រះយេស៊ូវ​គឺ​ជា​នរណា របស់​បុរស​នោះ ។

ពេល​ដំបូង​គាត់​បាន​ហៅ​ព្រះយេស៊ូវគ្រីស្ទ​ថា​ជា « មាន​ម្នាក់​ឈ្មោះ យេស៊ូវ » (យ៉ូហាន ៩:១១) ហើយ​ក្រោយ​មក​គាត់​បាន​ហៅ ទ្រង់​ថា « ហោរា » (យ៉ូហាន ៩:១៧) ហើយ​បាន​ការពារ​ទ្រង់​ថា មក ​« ពី​ព្រះ » (យ៉ូហាន ៩:៣៣) ។ យូរៗ​ទៅ​ការមើល​ឃើញ​ខាង​វិញ្ញាណ​របស់​គាត់​បាន​ប្រែកាន់តែ​ច្បាស់ ទីបំផុត​គាត់​បាន​ឃើញ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះមែស៊ី និង ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​បាន​សន្យា ។

ហេតុអ្វី​អ្នក​គិត​ថា ការមើល​ឃើញ និង ការយល់​ដឹង​របស់​គាត់​អំពី​ព្រះអង្គ​សង្គ្រោះ​បាន​ប្រែកាន់តែ​ច្បាស់​បែប​នេះ ? តើ​គាត់​បាន​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​បទពិសោធន៍​របស់​គាត់​តាម​របៀប​ណា​ខ្លះ ?

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

និយាយ​ពី​បទពិសោធន៍​របស់​បុរស​ម្នាក់​នេះ នោះ​ប្រធាន ហាវើដ ដបុលយូ. ហឹនធើរ​បាន​បង្រៀន ៖ « ឥឡូវ​នេះ ការមើល​ឃើញ​ត្រូវ​បាន​ប្រទាន​ឲ្យ ពីរ​ដង—ម្តង​គឺ​ជា​ឧសថ​ព្យាបាល​កង្វះខាត​ពី​កំណើត [ ពិការភាព​ពី​កំណើត ] និង ម្តង​ទៀត​គឺ​ឲ្យ​បាន​ឃើញ​ស្តេច​អស់​ទាំង​ស្តេច ពី​មុន​ទ្រង់​នឹង​យាង​ទៅ​កាន់​បល្ល័ង​ដ៏​អស់កល្ប​របស់​ទ្រង់​វិញ ។ ព្រះយេស៊ូវ​បាន​ធ្វើឲ្យ​មើលឃើញ​ទាំង​សាច់ឈាម និង ខាង​វិញ្ញាណ ។ ទ្រង់​បាន​បញ្ចេញ​ពន្លឺ​ទ្រង់​ទៅ​ទី​ងងឹត ហើយ​បុរស​នេះ ដូច​ជា​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ជំនាន់​នោះ ព្រមទាំង​នៅ​ក្នុង​ជំនាន់​របស់​យើង​ផងដែរ បាន​ទទួល​យក​ពន្លឺ ហើយ​ភ្នែក​បាន​បើក​ឡើង » (« The God That Doest Wonders » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ១៦–១៧ ) ។

ចេញ​ពី​ដំណើរ​រឿង​នេះ​យើង​រៀន​ថា នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ នោះ​ការមើល​ឃើញ និង ការយល់ដឹង​ខាង​វិញ្ញាណ​របស់​យើង​ប្រែកាន់តែ​ច្បាស់​ឡើង ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការអនុវត្ត​សេចក្តីជំនឿ​គឺ​ជា​ចំណុច​ចាំបាច់ ដើម្បី​មើល​ឃើញ និង យល់​ដឹង​សេចក្តី​ពិត​ខាង​វិញ្ញាណ​កាន់តែ​ច្បាស់​ឡើង ?

ពួក​ផារិស៊ី​ដែល​ឈរ​នៅ​ជិត​នោះ នៅពេល​បុរស​នោះ​បាន​ឃើញ និង ថ្វាយ​បង្គំ​ព្រះយេស៊ូវ​ថា​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ សូមអាន យ៉ូហាន ៩:៣៩–៤១ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ភាព​ខ្វាក់​ភ្នែក​នោះ ។

នៅក្នុង​ការឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ពួក​ផារិស៊ី « តើ​យើង​ខ្ញុំ​ខ្វាក់​ដែរ​ឬ​អី ? » (យ៉ូហាន ៩:៤០) « ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច ដោយ​បង្រៀន​ថា​បុគ្គល​ដែល ​‹ ខ្វាក់ ›—គឺ​ជា​អស់​អ្នក​ដែល​ពុំ​ស្គាល់​ថា​ទ្រង់​គឺ​ជា​នរណា—‹ គួរតែ​ឥត​មាន​បាប​ទេ › (យ៉ូហាន ៩:៤១) ។ ម្យ៉ាង​វិញ​ទៀត បុគ្គល​ដែល​អាច ‹ មើល​ឃើញ ›—គឺ​ជា​អស់​អ្នក​ដែល​បាន​ទទួល​សាក្សី​គ្រប់គ្រាន់​អំពី​ព្រះអង្គ​សង្គ្រោះ និង បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ដែល​ពួកគេ​គួរតែ​ស្គាល់​ថា​ទ្រង់​គឺ​ជា​នរណា—នឹង​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ ។ ពួក​ផារិស៊ី​គឺ​នៅក្នុង​ចំណោម​មនុស្ស​ដែល​អាច ‹ មើល​ឃើញ › ហេតុដូច្នោះ​ហើយ ‹ អំពើ​បាប​របស់​ពួកគេ​នៅតែ​មាន › ។ និយាយ​ពី​ខាង​វិញ្ញាណ​វិញ ពួកគេ​ជ្រើសរើស​ធ្វើ​ជា​ខ្វាក់ ដោយសារ​ពួកគេ​បាន​បដិសេធ​ពុំ​ទទួល​ស្គាល់​ព្រះយេស៊ូវ​ថា​ព្រះ​រាជបុត្រា​នៃ​ព្រះ ទោះបី​ជា​ពួកគេ​បាន​ទទួល​សាក្សី​ជា​ច្រើន​ក្តី » (New Testament Student Manual, ទំព័រ ២៣១) ។

  1. សូម​មើល​គោលការណ៍​ពីរ​ចុងក្រោយ​នេះ​ដែល​អ្នក​បាន​រៀន​នៅក្នុង​មេរៀន​នេះ ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​សរសេរ​គោលដៅ​ទាំងឡាយ​របស់​អ្នក​ដើម្បី​អនុវត្ត​គោលការណ៍​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​អធិស្ឋាន​សម្រាប់​ការណែនាំ​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​អ្នក ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖