បណ្ណាល័យ
មេរៀន​ទី ១៤ ថ្ងៃទី ៤ ៖ យ៉ូហាន ១០


មេរៀន​ទី ១៤ ៖ ថ្ងៃ​ទី ៤

យ៉ូហាន ១០

សេចក្តីផ្ដើម

ព្រះយេស៊ូវ​បាន​បង្រៀន​ថា ទ្រង់​គឺ​ជា​អ្នក​គង្វាល​ល្អ ហើយ​ថា​ទ្រង់​នឹង​លះបង់​ជីវិត​របស់​ទ្រង់​ដើម្បី​ចៀម​របស់​ទ្រង់ ។ មនុស្ស​មួយ​ចំនួន​បាន​ចោទប្រកាន់​ទ្រង់​អំពី​ពាក្យ​ប្រមាថ ដោយសារ​ទ្រង់​បាន​ប្រកាស​ថា​ទ្រង់​គឺ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ ។

យ៉ូហាន ១០:១-២៤

ព្រះយេស៊ូវ​បាន​បង្រៀន​ថា ទ្រង់​គឺ​ជា​អ្នក​គង្វាល​ល្អ ហើយ​ថា​ទ្រង់​នឹង​លះបង់​ជីវិត​របស់​ទ្រង់​ដើម្បី​ប្រជារាស្ត្រ​របស់​ទ្រង់ ។

ប្រសិនបើ​គេ​ចង​បិទ​មុខ​អ្នក ហើយ​សុំ​ឲ្យ​រកមើល​សមាជិក​គ្រួសារ​របស់​អ្នក ឬ មិត្តភក្ដិ​ជិតស្និទ្ធ​មួយ​ចំនួន​របស់​អ្នក ដោយ​ស្ទាប​មុខ​របស់​ពួកគេ តើ​អ្នក​គិត​ថា​អ្នក​អាច​ស្គាល់​ពួកគេដែរ​ឬ​​ទេ ? ប្រសិន​បើ​ម្តាយ​របស់​អ្នក​ត្រូវបាន​បិទ​មុខ តើ​អ្នក​គិត​ថា​គាត់​អាច​ស្គាល់​កូនៗ​ទាំងអស់​របស់​គាត់​ដែរ​ឬ​ទេ ដោយ​គ្រាន់​តែ​ស្ទាប​មុខ​របស់​ពួកគេ​នោះ ?

មាន​គ្រា​មួយ​អ្នកគង្វាល​នៅក្នុង​បញ្ចឹម​ប្រទេស​ត្រូវបាន​គេ​សួរ​ថា តើ​គាត់​ស្គាល់​ចៀម​របស់​គាត់​ច្បាស់​ប៉ុណ្ណា ។ ទ្រង់​បាន​ឆ្លើយ​ថា « ប្រសិនបើ​អ្នក​យក​ក្រណាត់​មក​បិទ​ភ្នែក​របស់​ខ្ញុំ ហើយ​យក​ចៀម​ណា​មួយ​ក៏​បាន ហើយ​គ្រាន់តែ​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​មុខ​របស់​វា នោះ​ខ្ញុំ​អាច​ប្រាប់​ភ្លាម​ថា​វា​ជា​ចៀម​របស់​ខ្ញុំ ឬ​មិនមែន​ជា​ចៀម​របស់​ខ្ញុំ ( បាន​ដក​ស្រង់​នៅក្នុង ជី អិម ម៉ាក់គី Bible Manners and Customs [ គ្មាន​កាលបរិច្ឆេទ ] ទំព័រ ៣៥ ) ។

ប្រសិនបើ​អ្នក​គឺ​ជា​អ្នក​គង្វាល តើ​អ្នក​គិត​ថា អ្នក​ធ្វើ​អ្វី​ដើម្បី​ស្គាល់​ចៀម​នៅក្នុង​ហ្វូង​ចៀម​របស់​អ្នក ដូច​អ្នក​គង្វាល​ចៀម​ម្នាក់​នោះ​បាន​ធ្វើ ?

  1. សូម​អាន យ៉ូហាន ១០:១៤ហើយ​គិត​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​បាន​ហៅ​ខ្លួន​អង្គ​ទ្រង់​ថា​ជា​អ្នក​គង្វាល​ល្អ ។ សូម​សរសេរ​សេចក្តីថ្លែងការណ៍​ខាងក្រោម​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ ។ នៅពេល​អ្នក​សិក្សា យ៉ូហាន ១០សូម​រកមើល​សេចក្ដី​ពិត​ដែល​បង្រៀន​យើង​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​អ្នក​គង្វាល​ដ៏​ល្អ​របស់​យើង ។ សូម​សរសេរ​សេចក្តីពិត​ទាំង​នេះ​នៅ​ក្រោម​សេចក្តីថ្លែងការណ៍​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

អស់​អ្នក​ដែល​បាន​ស្តាប់​ការបង្រៀន​របស់​ព្រះយេស៊ូវ ដែល​មាន​កត់​ត្រា​នៅក្នុង យ៉ូហាន ១០ បាន​ដឹង​អំពី​ចៀម អ្នក​គង្វាល និង ក្រោល​ចៀម ។ នៅ​ជំនាន់​ព្រះអង្គ​សង្គ្រោះ អ្នក​គង្វាល​បាន​នាំ​ហ្វូង​ចៀម​របស់​ខ្លួន​ទៅ​រក​ចំណី ទឹក និង ជម្រក​អំឡុង​ពេល​ថ្ងៃ ។ នៅពេល​យប់ អ្នក​គង្វាល​មួយ​ចំនួន​កៀង​ហ្វូង​ចៀម​របស់​ខ្លួន​ទៅ​ក្រោល​រួម​គ្នា​មួយ ។ ក្រោល​ចៀម​គឺ​ជា​រូង​មួយ ឬ​បរិវេណ​ដែល​មាន​ជញ្ជាំង​ថ្ម​បិទ​ជុំ​ជិត ដែល​មាន​បន្លា​មុត​ស្រួច​ដាក់​នៅ​ខាងលើ​ចុង​ជញ្ជាំង​នោះ ដើម្បី​ការពារ​សត្វ​ព្រៃ និង ចោរ​ចូល​មក​ក្នុង​ក្រោល ។

រូបភាព
ក្រោលចៀម

សូម​អាន យ៉ូហាន ១០:១–៥ដោយ​រកមើល​អ្វី​ដែល​អ្នក​គង្វាល​ល្អ​ធ្វើ ។ សូម​សរសេរ​ពី​អ្វី ដែល​អ្នក​រក​ឃើញ​នៅ​ក្រោម​សេចក្តី​ថ្លែង « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ » ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

យ៉ូហាន ១០:៣ ពិពណ៌នា​ពី​របៀប​ដែល​អ្នក​គង្វាលម្នាក់ៗ​នឹង​ចូល​តាម​ទ្វារ ហើយ​ហៅ​ឈ្មោះ​ចៀម​របស់​ខ្លួន ។ មានតែ​ចៀម​នៅក្នុង​ហ្វូង​របស់​គាត់​ប៉ុណ្ណោះ​ដែល​នឹង​ចេញ​ពី​ក្រោល​មក​តាម​គាត់ ហើយ​ចៀម​ផ្សេង​ទៀត​នឹង​នៅ​ក្នុង​ក្រោល​ដដែល ។

ហេតុអ្វី​បាន​ជា​ចៀម​ធ្វើតាម​តែ​អ្នក​គង្វាល​នេះ​ប៉ុណ្ណោះ ?

សូម​កត់ចំណាំ​នៅក្នុង ខ ១ និង ៥ ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ហៅ​អស់​អ្នក​ដែល​ព្យាយាម​ចូល​ទៅ​ក្នុង​ក្រោល​តាម​ផ្លូវ​ផ្សេង​ក្រៅ​ពី​ទ្វារ​ចូល​នោះ ។

វា​អាច​ជា​ប្រយោជន៍​ដើម្បី​កត់​សម្គាល់​ថា​ពួក​ផារិស៊ី​បាន​នៅក្នុង​ចំណោម​មនុស្ស​ទាំង​នោះ​ដែល​ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ ( សូមមើល យ៉ូហាន ៩:៤០) ។ តើ​ពួក​ផារិស៊ី​ជាច្រើន​ដូចទៅ​នឹង​ចោរលួច ចោរប្លន់ និង ជន​ចម្លែក​តាម​របៀប​ណា​ខ្លះ ?

នៅក្នុង យ៉ូហាន ១០:៦ យើង​រៀន​ថា​ពួក​ផារិស៊ី​ពុំ​យល់​ពី​អ្វី ដែល​ព្រះយេស៊ូវ​កំពុង​បង្រៀន​ឡើយ ។ សូម​អាន យ៉ូហាន ១០:៧-១០ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ចាប់​ផ្តើម​ពន្យល់​ពី​និមិត្ត​សញ្ញា​នៃ​ក្រោល​ចៀម ។

សូម​កត់​ចំណាំ​ថា​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​បញ្ជាក់​ច្បាស់​ពី​អ្វី​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​នៅក្នុង ខ ៧ និង ៨

« ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​ជា​ទ្វារ​នៃ​ក្រោល​ចៀម ។

« អស់​អ្នក​ដែល​មក​មុន​ខ្ញុំ​ដែល​ពុំ​បាន​ថ្លែង​ទីបន្ទាល់​ពី​ខ្ញុំ នោះ​គឺ​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១០:៧–៨ [ សូមមើល យ៉ូហាន ១០:៨ លេខយោង] ) ។

តើ​អ្នក​គិត​ថា ព្រះអង្គសង្គ្រោះ​មាន​ន័យ​យ៉ាង​ណា នៅពេល​ទ្រង់​មាន​បន្ទូល​ថា « ខ្ញុំ​គឺ​ជា​ទ្វារ » នៅក្នុង ខ ៧ និង ៩?

« អ្នក​គង្វាល​នៅ​អ៊ីស្រាអែល​ឈរ​នៅ​ច្រកចូល​នៃ​ក្រោល​ចៀម ហើយ​ត្រួតពិនិត្យ​មើល​ចៀម​នីមួយៗ នៅពេល​វា​ដើរ​ចូល​ក្រោល ព្យាបាល​របួស​តាម​ការចាំបាច់ ។ បន្ទាប់​ពី​ចៀម​ត្រូវបាន​កៀង​ចូល​ក្រោល​នៅពេល​យប់​រួចហើយ អ្នកគង្វាល​នឹង​ដេក​នៅ​ច្រកទ្វារ ជា​របាំង​ការពារ​ផ្លូវ​ប្រយោជន៍​កុំ​ឲ្យ​សត្វ​សាហាវ ឬ ចោរលួច​អាច​ធ្វើ​បាប​ចៀម​ខ្លួន » (New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ២៣១–៣២) ។

តើ​ទង្វើរបស់​អ្នក​គង្វាល​ទាំងនេះ​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ចំពោះ​យើង​ដូចម្តេច​ខ្លះ ?

តើ​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​ប្រទាន​ព្រះជន្ម​ទ្រង់ « ពេញ​បរិបូរ » (យ៉ូហាន ១០:១០) ដល់​អស់​អ្នក​ដែល​ធ្វើ​តាម​ទ្រង់​ដោយ​របៀប​ណា ?

សូម​អាន យ៉ូហាន ១០:១១–១៥ដោយ​រកមើល​អ្វីផ្សេង​ទៀត​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ពី​អ្នក​គង្វាល​ល្អ​ធ្វើ ។ ( អ្នក​ស៊ី​ឈ្នួល គឺ​ជា​មនុស្ស​ម្នាក់​ដែល​ជំរុញ​ចិត្ត​ខ្លួន​ឲ្យ​ធ្វើ​ការងារ​គឺ​ដើម្បី​គ្រាន់តែ​ទទួល​បាន​ប្រាក់​កម្រៃ​ប៉ុណ្ណោះ ) ។ សូម​សរសេរ​ពី​អ្វី ដែល​អ្នក​រក​ឃើញ​អំពី​អ្នក​គង្វាល​ល្អ​នៅ​ក្រោម​សេចក្តី​ថ្លែង « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ »​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​កត់ចំណាំ​នៅក្នុង យ៉ូហាន ១០:១១, ១៣, ១៥ អំពី​អ្វី ដែល​អ្នក​គង្វាល​ល្អ​មាន​ឆន្ទៈ​ធ្វើ ដែល​អ្នក​ស៊ីឈ្នួល​គ្មាន​ឆន្ទៈ​ដើម្បី​ធ្វើ​វា ។

យ៉ូហាន ១០:១១–១៥ បង្រៀន​យើង​ថា ក្នុង​នាម​ជា​អ្នក​គង្វាល​ល្អ ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​ពួក​យើង​ម្នាក់ៗ ហើយ​ថ្វាយ​ព្រះជន្ម​របស់​ទ្រង់​សម្រាប់​ពួក​យើង ។ សូម​សរសេរ​គោលការណ៍​នេះ​នៅក្រោម​សេចក្តី​ថ្លែង « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ »​ ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  1. រំឭក​ពី​អ្វី​ដែល​អ្នក​គង្វាល​នៅ​បញ្ចឹម​ប្រទេស​បាន​និយាយ​អំពី​របៀប​ដែល​គាត់​បាន​ស្គាល់​ចៀម​នីមួយៗ​របស់​ខ្លួន​ច្បាស់ ហើយ​សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នៅ​លើ​ទំព័រ​ថ្មី​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​ស្គាល់​អ្នក​ច្បាស់​ប៉ុណ្ណា ? ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​យល់​ពី​រឿង​នេះ ?

    2. តើ​របៀប​ដែល​អ្នក​រស់នៅ​សព្វថ្ងៃ​អាច​ប្រែប្រួល​យ៉ាង​ណា​ខ្លះ ដោយ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​ស្គាល់​អ្នក ហើយ​មាន​ព្រះឆន្ទៈ​ថ្វាយ​ព្រះជន្ម​ទ្រង់​សម្រាប់​អ្នក​ដូច្នេះ ?

បន្ទាប់​ពី​បង្រៀន​ថា​ទ្រង់​នឹង​ថ្វាយ​ព្រះជន្ម​ទ្រង់​សម្រាប់​ពួក​យើង នោះ​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​អ្វី​ផ្សេង​ទៀត​ដែល​ទ្រង់​នឹង​ធ្វើ ។ សូម​អាន យ៉ូហាន ១០:១៦ដោយ​រកមើល​អ្វី​ទៀត ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា​ទ្រង់​នឹង​ធ្វើ​សម្រាប់​ចៀម​របស់​ទ្រង់ ( គឺ​សំដៅ​លើ​ប្រជារាស្ត្រ​របស់​ទ្រង់ ) ។

នៅក្នុង យ៉ូហាន ១០:១៦ ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន​ពួក​សាសន៍​យូដា​នៅក្នុង​ក្រុង​យេរូសាឡិម​ថា ទ្រង់​នឹង​ជួប​កូនចៅ​របស់​ព្រះវរបិតា​សួគ៌​នៅ​ទឹកដី​ផ្សេង​ទៀត បង្រៀន​ពួកគេ​អំពី​ដំណឹង​ល្អ​ទ្រង់ ហើយ​នាំ​ពួកគេ​ចូល​មក​ឯ​ក្រោល​ទ្រង់ ( សាសនាចក្រ​ទ្រង់ ) ។ ព្រះគម្ពីរ​មរមន​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ខគម្ពីរ​នេះ ។ សូម​អាន នីហ្វៃទី ៣ ១៥:១៤–២៤ហើយ​សូមគិត​ពីការសរសេរ​ខគម្ពីរ​យោង​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​នឹង យ៉ូហាន ១០:១៦ឬ គូស​ចំណាំ យ៉ូហាន ១០:១៦ លេខយោង ក ។ សូម​ពិចារណា​ផងដែរ​ពី​ការសរសេរ​សេចក្តី​យោង​បទគម្ពីរ យ៉ូហាន ១០:១៦ ក្បែរ​នឹង នីហ្វៃទី ៣ ១៥:១៤–២៤

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ខគម្ពីរ​ទាំង​នេះ​នៅក្នុង​ព្រះគម្ពីរ​មរមន​ជួយ​យើង​យល់​កាន់តែ​ច្បាស់​ពី យ៉ូហាន ១០:១៦យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​អាន យ៉ូហាន ១០:១៧-១៨ដោយ​រកមើល​គោលលទ្ធិ​អំពី​ព្រះអង្គ​សង្គ្រោះ ។

សូម​បញ្ចប់​ឃ្លា​ខាង​ក្រោម​ដើម្បី​រក​ឃើញ​គោលលទ្ធិ​នេះ ៖ ក្នុង​នាម​ជា​ព្រះរាជបុត្រា​​ព្រះ នោះ​ព្រះយេស៊ូវ​មាន​ព្រះចេស្តា​ដើម្បី ។ សូម​គិត​អំពី​ការគូសចំណាំ​ពាក្យ​ទាំងឡាយ ដែល​បង្រៀន​អំពី​គោលការណ៍​នេះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

ចេញ​ពី​មាតា​ទ្រង់ ម៉ារា​ដែល​មាន​ជីវិត​រមែង​ស្លាប់ នោះ​ព្រះយេស៊ូវ​គ្រង​មរតដ​នៃ​មតភាព​រួម​មាន​នូវ​លទ្ធភាព​ដែល​អាច​ស្លាប់ ។ មក​ពី​អេឡូហិម​ ជាព្រះ​វរបិតា​ដ៏​ជា​ព្រះ​របស់​ទ្រង់ នោះ​ទ្រង់​គ្រង​មរតក​នៃ​អមតភាព និង ព្រះចេស្តា​ដើម្បី​រស់នៅ​ជា​រៀង​រហូត ។ ហេតុដូច្នោះ​ហើយ ទ្រង់​បាន​គ្រង​មរតក​ដើម្បី​ស្លាប់ និង រស់​ឡើង​វិញ​ម្តង​ទៀត ។ ការណ៍​នេះ​គឺ​សំខាន់​ចាំបាច់​សម្រាប់​ព្រះយេស៊ូវ​អាច​ធ្វើ​ដង្វាយធួន ។

នៅក្នុង យ៉ូហាន ១០:១៩–២៤ យើង​រៀន​ថា បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ការណ៍​ទាំង​នេះ​ហើយ នោះ​មនុស្ស​បាន​គិត​ផ្សេងៗ​គ្នា​ថា​ព្រះយេស៊ូវ​គឺ​ជា​នរណា ។ ពួកគេ​បាន​មករក​ព្រះយេស៊ូវ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​បង្ខំ​ទ្រង់​ឲ្យ​ប្រាប់​ពី​អត្តសញ្ញាណ​ពិត​របស់​ទ្រង់​ថា​ជា​ព្រះគ្រីស្ទ ឬ​ព្រះមែស៊ី ។

យ៉ូហាន ១០:២៥-៤២

ព្រះយេស៊ូវ​ប្រកាស​ថា ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ

សូម​គិត​ពី​មនុស្ស​មួយ​ចំនួន​ដែល​អ្នក​ទាក់ទង​រាល់ថ្ងៃ ហើយ​ព្យាយាម​ចាំ​ពី​សំឡេង​របស់​ពួកគេ ។ ហេតុអ្វី​មាន​សំឡេង​មនុស្ស​ខ្លះ ងាយស្រួល​ស្គាល់​ជាង​មនុស្ស​ខ្លះ​ទៀត ?

សូម​អាន យ៉ូហាន ១០:២៥–២៧ដោយ​រកមើល​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​ប្រជាជន ដែល​ឲ្យ​ប្រាប់​ពួកគេ​ថា​តើ​ទ្រង់​គឺ​ជា​ព្រះគ្រីស្ទ​មែន ឬ មិនមែន ។ អ្នក​អាច​គូស​ចំណាំ​ពី​អ្វី​ដែល​កំណត់​ថា​តើ​នរណា​ម្នាក់​គឺ​ជា​កូន​ចៀម​របស់​ព្រះអង្គ​សង្គ្រោះ ឬ​មិន​មែន ។

ដូច​បាន​កត់ត្រា​នៅក្នុង យ៉ូហាន ១០:២៨–៣០ព្រះយេស៊ូវ​បាន​មាន​បន្ទូល និង ថ្លែង​ទីបន្ទាល់​ពី​ព្រះវរបិតា​ទ្រង់​ថា « ខ្ញុំ​ ហើយ​និង​ព្រះវរបិតា គឺ​តែ​មួយ​ព្រះអង្គ​ទេ » (យ៉ូហាន ១០:៣០) ។

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ផ្តល់​នូវ​ការពន្យល់​ដូចតទៅ​នេះ​អំពី​របៀប​ដែល​ពួក​ទ្រង់​គឺ​អង្គ​តែ​មួយ ៖ « ព្រះយេស៊ូវ និង ព្រះវរបិតា​ទ្រង់ … គឺ​ជា​អង្គ​តែ​មួយ​នៅក្នុង​ចំណេះ​ដឹង នៅក្នុង​សេចក្តីពិត នៅក្នុង​ប្រាជ្ញា នៅក្នុង​ការយល់​ដឹង និង នៅក្នុង​គោលបំណង គឺ​ដូច​គ្នា​ទៅនឹង​ព្រះអម្ចាស់​យេស៊ូវ​ផ្ទាល់​ដែល​ដាស់​តឿន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ក្លាយ​ជា​តែមួយ​ជាមួយ​ទ្រង់ ហើយ​ក្លាយ​ជា​មួយ​នៅក្នុង​ទ្រង់ ដែល​ទ្រង់​អាច​គង់​នៅ​ក្នុង​ពួកគេ ។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​យល់​ពី​ព្រះបន្ទូល​នេះ ហើយ​វា​ពុំ​ដូច​ជា​ការបកស្រាយ​ពន្យល់​ដោយ​មនុស្ស​មួយ​ចំនួន​ឡើយ ដែល​ថា​ព្រះគ្រីស្ទ និង ព្រះ​វរបិតា​ទ្រង់​គឺ​ជា​តួអង្គ​តែ​មួយ​នោះ ។ ខ្ញុំ​សូម​ថ្លែង​ដល់​អ្នក​ថា ពួក​ទ្រង់​ពុំមែន​ជា​តួអង្គ​តែ​មួយ​ឡើយ ប៉ុន្តែ​ថា​ពួកទ្រង់​គឺ​ជា​តួអង្គ​ពីរ​ផ្សេង​គ្នា ព្រះកាយ​ពីរ​អង្គផ្សេង​ពី​គ្នា និង បែក​ពី​គ្នា ហើយ​ផ្សេង​ពី​គ្នា​គឺ​ដូច​ជា​ឪពុក និង កូន »Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ៣៥៧) ។

សូម​អាន យ៉ូហាន ១០:២៨–៣០ដោយ​រកមើល​ពរជ័យ​អ្វីខ្លះ​ដែល​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ដែល​ស្តាប់តាម​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើ​តាម​ទ្រង់ ។

ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​ថា ប្រសិនបើ​យើង​ស្គាល់​សំឡេង​នៃ​អ្នក​គង្វាល​ល្អ ហើយ​ធ្វើ​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ដឹកនាំ​យើង​ឆ្ពោះ​ទៅ​រក​ជីវិត​​អស់កល្ប​ជានិច្ច ។ សូម​សរសេរ​គោលការណ៍​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ពី​ក្រោម « ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ » ។ អ្នក​អាច​សរសេរ ឬ កត់ចំណាំ​គោលការណ៍​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ យ៉ូហាន ១០:២៧–២៨

សូម​អាន​វគ្គ​ខគម្ពីរ​ដូច​តទៅ​នេះ ដោយ​រកមើល​របៀប​ដែល​វា​ជួយ​អ្នក​ឲ្យ​យល់​ពី​គោលការណ៍​នេះ ៖ អេណុស ១:៤–៨, គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៨, ៨:២–៣, ១៨:៣៤–៣៦

រូបភាព
អ្នកគង្វាល​នាំ​មុខ​សត្វចៀម

សូម​ពិចារណា​លើ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កាន់តែ​ស្គាល់​សំឡេង​របស់​ព្រះអង្គសង្គ្រោះ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កាន់តែ​ស្គាល់​សំឡេង​របស់​ព្រះអង្គសង្គ្រោះ ?

  • តើ​អ្នក​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ?

នៅលើ​ក្រដាស​មួយ​សន្លឹក​ផ្សេង​ទៀត សូម​សរសេរ​ចំណុច​មួយ​ណា​ក៏​បាន (១) គោលដៅ​មួយ​ដើម្បី​យក​ចិត្ត​ទុកដាក់​ស្តាប់​កាន់តែ​ច្រើន​ដល់​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ និង របៀប​ជាក់លាក់​នានា​ដែល​អ្នក​អាច​ធ្វើ​បែប​នោះ​បាន ឬ (២) គោលដៅ មួយ​ដើម្បី​ធ្វើ​តាម​សំឡេង​របស់​ទ្រង់​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង និង របៀប​ដែល​យើង​ដាក់​ផែនការ​ដើម្បី​ធ្វើ​វា ។ សូម​ដាក់​គោលដៅ​របស់​អ្នក​នៅ​កន្លែង​ណា​មួយ​ដែល​អ្នក​នឹង​ឃើញ​វា និង ដើម្បី​រំឭក​ធ្វើ​វា ។

យ៉ូហាន ១០:៣១–៤២ កត់ត្រា​ថា​បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ទំនាក់ទំនង​រវាង​ទ្រង់ និង ព្រះវរបិតា​ទ្រង់​រួច​ហើយ​នោះ ពួក​ផារិស៊ី​បាន​ព្យាយាម​ចោល​ដុំ​ថ្ម​លើ​ទ្រង់​ដោយសារ​ពាក្យ​ប្រមាថ​នោះ ។ ប៉ុន្តែ ព្រះអង្គសង្គ្រោះ​បាន​ឆ្លើយតប​ចំពោះ​ការចោទ​ប្រកាន់​របស់​ពួកគេ ដោយ​ដកស្រង់​ពី ទំនុកតម្កើង ៨២:៦ដែល​អាន​ថា « យើង​បាន​និយាយ​ថា ឯង​រាល់​គ្នា​ជា​ព្រះ ហើយ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុតទាំង​អស់​គ្នា » ( សូមមើល យ៉ូហាន ១០:៣៤) ។ ក្រោយមក​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ពួក​សាសន៍​យូដា​ពី​មូលហេតុ​ដែល​ពួកគេ​បាន​ចោទ​ប្រកាន់​ទ្រង់​អំពី​ពាក្យ​ប្រមាថ​នោះ ដោយសារ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​នៅពេល​ដែល​ព្រះគម្ពីរ​ចែង​ថា ពួក​យើង​គឺ​ជា​កូនចៅ​នៃ​ព្រះ ហើយ​ខ្លួន​យើង​អាច​ក្លាយ​ដូច​ជា​ព្រះ ។ ទ្រង់​បាន​ដាស់​តឿន​ពួកគេ​ឲ្យ​ជឿ​លើ​ទ្រង់ និង កិច្ចការ​របស់​ទ្រង់ ដែល​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់ និង ព្រះវរបិតា​ដែល​បាន​បញ្ចូន​ទ្រង់​មក ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ១០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖