បណ្ណាល័យ
មេរៀន​ទី ១៥ ថ្ងៃទី ១ ៖ យ៉ូហាន ១១


មេរៀន​ទី ១៥ ៖ ថ្ងៃ​ទី ១

យ៉ូហាន ១១

សេចក្តីផ្ដើម

ម៉ារា និង ម៉ាថា​បាន​ឲ្យ​គេ​ទៅ​ប្រាប់​ព្រះយេស៊ូវ​ថា​ប្អូន​ប្រុស​របស់​ពួកគេ ឡាសារ​បាន​ឈឺ ។ ព្រះយេស៊ូវ​បាន​ពន្យា​ការយាង​មក​របស់​ទ្រង់ ដោយបាន​មក​ដល់​ផ្ទះ​ពួកគេ​បួន​ថ្ងៃ​ក្រោយ​ពី​ឡាសារ​ស្លាប់ ។ ដោយ​មាន​សេចក្តី​ស្រឡាញ់ និង ក្តី​អាណិត​អាសូរ ព្រះយេស៊ូវ​បាន​ប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ។ ការណ៍​នេះ​បង្ហាញ​ពី​អំណាច​ដ៏​ទេវភាព​អស្ចារ្យ ដែល​គូស​បញ្ជាក់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះមែស៊ី ហើយ​មាន​ព្រះចេស្តា​លើ​សេចក្តី​ស្លាប់ ។ បន្ទាប់​ពី​បាន​ដឹង​ពី​អព្ភូតហេតុ​នេះ​ហើយ ពួក​សង្គ្រាជ និង ពួក​ផារិស៊ី​រៀប​ផែនការ​សម្ងាត់​ដើម្បី​ធ្វើ​គុត​ព្រះយេស៊ូវ និង ឡាសារ ។

យ៉ូហាន ១១:១-៤៦

ព្រះយេស៊ូវ​បាន​ប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់

  1. សូម​គិត​អំពី​ការសាកល្បង ឬ ឧបសគ្គ​មួយ​ដែល​អ្នក ( ឬ មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ) បាន​ហែល​ឆ្លង ឬ កំពុង​តែ​ជួប​ប្រទះ​នាពេល​បច្ចុប្បន្ន​នេះ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សេចក្តីជំនឿ​របស់​មនុស្ស​ទៅលើ​ព្រះ​អាច​ប្រែប្រួល​ទៅ​ជា​យ៉ាង​ណា​ខ្លះ នៅពេល​ពួកគេ​ជួប​ប្រទះ​ការសាកល្បង និង ឧបសគ្គ​នានា​នៅក្នុង​ជីវិត​របស់​ពួកគេ​នោះ ?

    2. ហេតុអ្វី​មនុស្ស​មួយ​ចំនួន​បាន​ជ្រើសរើស​ដើម្បី​បោះបង់​ចោល​សេចក្តី​ជំនឿ​របស់​ខ្លួន​លើ​ព្រះ ដោយសារតែ​ពួកគេ​ជួប​ការសាកល្បង ឬ ឧបសគ្គ​នានា​នោះ ?

នៅពេល​អ្នក​សិក្សា យ៉ូហាន ១១សូម​រក​មើល​សេចក្ដី​ពិត​ដែល​អាច​ជួយ​ឲ្យ​អ្នក​បង្កើន​សេចក្តី​ជំនឿ​របស់​ខ្លួន​លើ​ព្រះ នៅពេល​អ្នក​ជួប​ប្រទះ​នឹង​ការសាកល្បង និង ឧបសគ្គ​នៅក្នុង​ជីវិត​របស់​អ្នក ។

សូម​អាន យ៉ូហាន ១១:១–៣ដោយ​រកមើល​ការសាកល្បង​មួយ​ដែល​មិត្តភក្តិ​មួយ​ចំនួន​របស់​ព្រះយេស៊ូវ​កំពុង​ជួប​ប្រទះ ។

ហេតុអ្វី​អ្នក​គិត​ថា បងស្រី​របស់​ឡាសារ​បាន​ឲ្យ​គេ​ទៅ​ប្រាប់​ព្រះយេស៊ូវ​ពី​ជំងឺ​របស់​ប្អូន​ប្រុស​គាត់ ?

ព្រះយេស៊ូវ​បាន​គង់​នៅ​ភូមិ​បេថាបារ៉ា​នៅ​ស្រុក​ពេរៀ ( សូមមើល យ៉ូហាន ១:២៨; ១០:៤០) ដែល​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ប្រហែល​មួយ​ថ្ងៃ​ពី​ទិស​ខាង​កើត​នៃ​បេថានី ។ ហេតុដូច្នោះ​ហើយ យ៉ាង​ហោច​ណាស់ វា​ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃ ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​នាំ​សារ​ទៅ​ដល់​ព្រះយេស៊ូវ ហើយ​មួយ​ថ្ងៃ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ដំណើរ​ទៅ​បេថានី​វិញ ។

សូម​អាន យ៉ូហាន ១១:៤-៧ដោយ​រកមើល​ថ្ងៃ​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយតប​បន្ទាប់​ពី​ឮ​ពី​ជំងឺ​របស់​ឡាសារ ។

ដោយ​ដឹង​ថា​ព្រះយេស៊ូវ​ស្រឡាញ់​ម៉ាថា ម៉ារា និង ឡាសារ នោះ​ពួកសិស្ស​បាន​សង្ឃឹម​ថា​ព្រះយេស៊ូវ​នឹង​ធ្វើ​ដំណើរ​យាង​ទៅ​ភូមិ បេថានី ហើយ​ព្យាបាល​ដល់​ឡាសារ​ភ្លាម ។ ឬ ប្រហែល​ព្រះយេស៊ូវ​អាច​មាន​បន្ទូល ហើយ​ព្យាបាល​ឡាសារ​ពី​ចម្ងាយ ដូច​ដែល​ទ្រង់​បាន​ធ្វើ​ដល់​កូន​ប្រុស​របស់​អ្នក​មាន​ត្រកូល​ខ្ពស់​ម្នាក់​នោះ ( សូមមើល យ៉ូហាន ៤:៤៦–៥៣) ។ ទោះជា​យ៉ាង​ណា ព្រះយេស៊ូវ​បាន​បន្ត​គង់​នៅ​ពេរៀ​អស់​រយៈពេល​ពីរ​ថ្ងៃ​ទៀត ។

យោង​តាម យ៉ូហាន ១១:៤តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​អ្វី នឹង​បាន​សម្រេច​តាមរយៈ​ជំងឺ​របស់​ឡាសារ​នោះ ។

នៅក្នុង យ៉ូហាន ១១:៨–១០ យើង​រៀន​ថា​កូន​សិស្ស​មួយ​ចំនួន បាន​ផ្តល់​យោបល់​ដល់​ព្រះយេស៊ូវ​ថា​កុំ​ឲ្យ​យាង​ត្រឡប់​ទៅ​ស្រុក​យូដា ដែល​មាន​ភូមិ បេថានី​នៅ​ទី​នោះ​ឡើយ ដោយសារ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​នៅក្នុង​តំបន់​នោះ​បាន​ព្យាយាម​ចង់​ធ្វើ​គុត​ទ្រង់ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្តល់​ការពន្យល់​ខាង​ក្រោម​អំពី​ការឆ្លើយតប​របស់​ព្រះអង្គ​សង្គ្រោះ ដែល​មាន​កត់ត្រា​នៅក្នុង យ៉ូហាន ១១:៩–១០៖ « ពិតណាស់​ព្រះយេស៊ូវ​បាន​យាង​ទៅ​ស្រុក​យូដា បើទោះបី​ជា​មាន​ការគំរាម​កំហែង​ចង់​ធ្វើ​គុត​ទ្រង់​នៅ​ទី​នោះ​ក្តី ។ [ នៅក្នុង​ខគម្ពីរ​ទាំង​នេះ​ព្រះយេស៊ូវ​បាន​បង្រៀន ៖ ] ‹ បើទោះ​បី​វា​គឺ​ជា​ម៉ោង​ទី​ដប់​មួយ​នៃ​ជីវិត​របស់​ខ្ញុំ​ក្តី បើទោះ​ជា​មាន​ដប់​ពីរ​ម៉ោង​នៅក្នុង​ថ្ងៃ​នេះ នោះ​នៅក្នុង​អំឡុង​ពេល​កំណត់​នោះ ខ្ញុំ​នឹង​បំពេញ​កិច្ចការ​ដែល​បាន​ចាត់​ដល់​ខ្ញុំ​ដោយ​ពុំ​ជំពប់​ជើង​ដួល ឬ ស្ទាក់ស្ទើរ​ឡើយ ។ នេះ​គឺ​ជា​ពេលវេលា​ដែល​បាន​ផ្តល់​ដល់​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ខ្ញុំ ។ ខ្ញុំ​ពុំ​អាច​ទ្រាំ​ចាំ​រហូត​ដល់​យប់ ជា​ពេល​ដែល​គាប់ជួន​ជា​ការប្រឆាំង​ទាស់​នោះ​នឹង​ថមថយ​ឡើយ ។ អ្នក​ដែល​គេច​វៀស​ពី​ទំនួល​ខុសត្រូវ​រស់​ខ្លួន ហើយ​ពន្យា​ពេល​ធ្វើ​ការងារ​របស់​ខ្លួន រហូត​ដល់​យប់​នោះ​នឹង​ជំពប់​ជើង​ដួល​នៅក្នុង​ភាព​ងងឹត ហើយ​បរាជ័យ​ក្នុង​ការងារ​របស់​ខ្លួន › » (Doctrinal New Testament Commentary, ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៥៣១ ) ។

សូម​អាន យ៉ូហាន ១១:១១–១៥ដោយ​រកមើល​អ្វី ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ស្ថានភាព​របស់​ឡាសារ ។

សូម​គិត​ពី ការគូស​ចំាណាំ​ការថ្លែង​របស់​ព្រះអង្គសង្គ្រោះ​ទាក់ទង​នឹង​មូលហេតុ​ដែល​ទ្រង់​រីករាយ​ដែល​ទ្រង់​ពុំ​បាន​គង់​នៅ​ទីនោះ​ដើម្បី​ព្យាបាល​ឡាសារ​ពី​ជំងឺ​របស់​គាត់—« ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ » (យ៉ូហាន ១១:១៥) ។ ទ្រង់​បាន​បង្ហាញ​ថា អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​នៅ​បេថានី​នឹង​ជួយ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​បង្កើន​សេចក្តី​ជំនឿ​របស់​ខ្លួន​លើ​ទ្រង់ ។

នៅក្នុង យ៉ូហាន ១១:១៦សាវក ថូម៉ាស បាន​លើក​ទឹក​ចិត្ត​ដល់​ពួក​សិស្ស​ដែល​ជា​សម្លាញ់​របស់​ខ្លួន​ឲ្យ​ចូលរួម​នឹង​លោក ដើម្បី​ទៅ​ជាមួយ​ព្រះយេស៊ូវ​ទៅ​ស្រុក​យូដា បើទោះបី​ជា​មាន​ន័យ​ថា​ត្រូវ​ស្លាប់​ជាមួយ​ទ្រង់​ក្តី ។

សូម​អាន យ៉ូហាន ១១:១៧ដោយ​រកមើល​រយៈពេល​ដែល​ឡាសារ​បាន​ស្លាប់ ពេល​ព្រះយេស៊ូវ​បាន​យាង​មក​ដល់​ភូមិ បេថានី ។

អែលឌើរ ម៉ាក់ខនឃី បាន​ពន្យល់​ពី សារៈសំខាន់​នៃ​ការស្លាប់​របស់​ឡាសារ​អស់​រយៈពេល​បួន​ថ្ងៃ​នោះ ៖ « ភាព​ស្អុយ​រលួយ​នៃសាក​សព​​កំពុង​កើតឡើង ដោយសារ​ការ​ស្លាប់​មាន​រយៈពេល​យូរមក​ហើយ​នោះ ។ … ចំពោះ​ពួក​សាសន៍​យូដា​ពាក្យ​ថា​បួន​ថ្ងៃ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ពួកគេ វា​គឺ​ជា​ជំនឿ​ដ៏​មាន​ប្រជាប្រិយភាព​នៅក្នុង​ចំណោម​ពួកគេ​ថា នៅ​ថ្ងៃ​ទី​បួន​វិញ្ញាណ​បាន​ចាកចេញ​ផុត និង ពុំ​ត្រឡប់​មក​សាច់ញាតិ​ជិតស្និទ្ធ​នៃ​សព​វិញ​ឡើយ » (Doctrinal New Testament Commentary ១:៥៣៣ ) ។

ប្រសិនបើ​អ្នក​គឺ​ជា​ម៉ាថា ឬ ម៉ារា​វិញ តើ​អ្នក​កំពុង​គិត ឬ មាន​អារម្មណ៍​បែប​ណា នៅពេល​ព្រះយេស៊ូវ​ពុំ​បាន​មក រហូត​ដល់​ឡាសារ​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ទៅ​ហើយដូច្នោះ ?

សូម​អាន យ៉ូហាន ១១:១៨–២៧ ដើម្បី​រកមើល​របៀប​ដែល​ម៉ាថា​បាន​ឆ្លើយ​តប​អំឡុង​ពេល​នៃ​ការសាកល្បង​នេះ ។ សូម​គិត​ពី​ការគូស​ចំណាំ​សេចក្តីថ្លែង​នានា​ដែល​បង្ហាញ​ពី​ជម្រើស​របស់​ម៉ាថា ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​ពេល​ការសាកល្បង​នេះ ។ សូម​គិត​អំពី​សេចក្តី​ថ្លែង​នីមួយៗ​ដែល​អ្នក​រកឃើញ និង អ្វី​ដែល​អស្ចារ្យ​បំផុត​សម្រាប់​អ្នក ។

ចេញ​ពី​គំរូ​របស់​ម៉ាថា យើង​រៀន​ថា យើង​អាច​ជ្រើសរើស​ដើម្បី អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អំឡុង​ពេល​ការសាកល្បង​របស់​យើង ។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ ដែល​ថ្លែង​ដោយ អែលឌើរ ដាល្លិន អេក. អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូម​រកមើល​អ្វី ដែល​តម្រូវ​ពី​ពួកយើង នៅពេល​ពួក​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​គឺ​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្តីជំនឿ​មាន​ន័យ​ថា ការទុកចិត្ត—ទុក​ចិត្ត​លើ​ព្រះឆន្ទៈ​របស់​ព្រះ ទុក​ចិត្ត​លើ​របៀប​ដែល​ទ្រង់​ធ្វើ​កិច្ចការ​នានា ហើយ​ទុកចិត្ត​លើ​កាល​វិភាគ​របស់​ទ្រង់ ។ យើង​ពុំគួរ​ព្យាយាម​បង្ខំ​ដាក់​កាលវិភាគ​របស់​យើងជំនួស​កាលវិភាគ​របស់​ទ្រង់​ឡើយ ។ …

ពិតណាស់​យើង​ពុំ​អាច​មាន​សេចក្ដី​ជំនឿ​ដ៏​ពិត​លើ​ព្រះអម្ចាស់ ដោយ​ពុំ​មាន​ការទុកចិត្ត​ទាំងស្រុង​លើ​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ និង ទៅលើ​ពេលវេលា​របស់​ព្រះអម្ចាស់​នោះទេ » (« Timing » Ensign ខែ តុលា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​យើង ដើម្បី​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ និង នៅក្នុង​កាល​កំណត់​របស់​ទ្រង់​នៅពេល​យើង​ជួប​នូវ​ការសាកល្បង​នោះ ?

    2. តើ​អ្នក​កំពុង​ជ្រើសរើស​ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ​នៅក្នុង​ការសាកល្បង​បច្ចុប្បន្ន​នេះ​របស់​អ្នក​ដោយ​របៀប​ណា ? ( ឬ តើ​អ្នក​នឹង​ជ្រើសរើស​អនុវត្ត​សេចក្តីជំនឿ​ដោយ​របៀប​ណា នៅពេល​មាន​ការសាកល្បង​កើត​ឡើង​នៅក្នុង​ជីវិត​របស់​អ្នក ? )

សូម​រំឭក យ៉ូហាន ១១:២៥–២៦ដោយ​រកមើល​សេចក្តីពិត​ដែល​យើង​អាច​រៀន​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ម៉ាថា ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ឃ្លា​ថា « នោះ​មិន​ត្រូវ​ស្លាប់​ឡើយ » នៅក្នុង ខ ២៦ សំដៅ​លើ​ការដែល​មិន​ត្រូវស្លាប់​លើក​ទី​ពីរ ឬ ត្រូវ​បោះបង់​ចេញ​ពី​នគរ និង វត្តមាន​របស់​ព្រះ ។

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តីពិត​ពីរ​ដែល​យើង​រៀន​ចេញ​ពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ ៖ ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ការរស់​ឡើង​វិញ និង ជា​ជីវិត ។ ប្រសិនបើ​យើង​ជឿលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

សូម​អាន យ៉ូហាន ១១:២៨-៣៧ដោយ​រកមើល​នូវ​អ្វី​ដែល​ម៉ារា​បាន​ទូល​ទៅកាន់​ព្រះយេស៊ូវ និង របៀប​ដែល​ទ្រង់​បាន​ឆ្លើយតប ។ សូម​កត់ចំណាំ​ថា​ពាក្យ សេចក្តីរំជួល ដែល​បាន​ប្រើ​នៅក្នុង ខ ៣៣ និង ៣៨មាន​ន័យ​ថា​កើត​ទុក្ខ ឬ ភាពសោកសៅ ។

តើ​ការថ្លែង​របស់​ម៉ារា​នៅក្នុង ខ ៣២ ឆ្លុះ​បញ្ចាំង​ពី​សេចក្តី​ជំនឿ​របស់​នាង​លើ​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្តេច ?

សូម​សញ្ជឹង​គិត​ពី យ៉ូហាន ១១:៣៥។ ហេតុអ្វី​អ្នក​គិត​ថា​ព្រះយេស៊ូវ​ព្រះកន្សែង ?

សូម​អាន យ៉ូហាន ១១:៣៨-៤៦ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ បន្ទាប់​ពី​ទ្រង់​បាន​ព្រះកន្សែង​ជាមួយ​ម៉ារា និង ម៉ាថា ។

សូម​កត់ចំណាំ​ថា ឡាសារ​ពុំ​មែន​រស់​ពី​ស្លាប់​ឡើង​វិញ​ចូល​ទៅ​ក្នុង​ស្ថានភាព​អមតៈ​នោះ​ឡើយ ។ វិញ្ញាណ​របស​គាត់​បាន​នាំ​ត្រឡប់​ចូល​ទៅក្នុង​រូបកាយ​សាច់ឈាម​របស់​គាត់​វិញ ប៉ុន្តែ​រូបកាយ​របស់​គាត់​នៅតែ​មតៈ ហើយ​នៅក្រោម​ឥទ្ធិពល​នៃ​សេចក្តី​ស្លាប់​ម្តង​ទៀត ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី បាន​បង្រៀន​ពី​គោលបំណង​សំខាន់ ដែល​ព្រះអង្គ​សង្គ្រោះ​សម្រេច​បាន តាមរយៈ​ការប្រោស​ឲ្យ​ឡាសារ​រស់​ពី​ស្លាប់​ឡើង​វិញ ៖ « ទ្រង់​បាន​រៀបចំ​ឆុតឆាក​នេះ ប្រយោជន៍​ឲ្យ​គ្រប់​សម័យ​ទាំងអស់​បាន​ជឿ​លើ​ការបង្រៀន​ដ៏​អស្ចារ្យ​របស់​ទ្រង់ ៖ ថា​ទ្រង់​គឺ​ជា​ការរស់ឡើង​វិញ និង ជាជីវិត ថា​អមតភាព និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន​កើត​ឡើង​តាមរយៈ​ទ្រង់ ហើយ​ថា​អស់​អ្នក​ដែល​ជឿ និង ធ្វើ​តាម​ព្រះបន្ទូល​របស់​ទ្រង់​នឹង​ពុំ​ត្រូវ​ស្លាប់​ខាង​វិញ្ញាណ​ឡើយ » (Doctrinal New Testament Commentary, ១:៥៣១ ) ។

តើ​អព្ភូតហេតុ​នេះ​ជា​ប្រថ្នូល​នៃ​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ទ្រង់ និង បង្ហាញ​ពី​ព្រះចេស្តា​របស់​ទ្រង់​លើ​សេចក្តី​ស្លាប់​យ៉ាង​ដូចម្តេច ? តើ​យើង​អាច​ទទួល​បាន​ពរជ័យ​យ៉ាង​ដូចម្តេច តាមរយៈ​ការយល់ដឹង​ពី​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ផ្តល់​នូវ​ជីវិត​អមតភាព និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ?

សូម​កត់ចំណាំ​នៅក្នុង យ៉ូហាន ១១:៤០ ថា​ព្រះយេស៊ូវ​បាន​រំឭក​ម៉ាថា ថា​ប្រសិនបើ​គាត់​ជឿ​នោះ​គាត់​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ ។ សូម​គិត​ពី​របៀប​ដែល​ម៉ាថា និង ម៉ារា​បាន​បង្ហាញ​សេចក្តី​ជំនឿ​របស់​ខ្លួន​លើ​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​ពេល​ការសាកល្បង​នេះ ។ សូម​រំឭក​ថា​ពួកគេ​បាន​ចាប់ផ្តើម​បង្ហាញ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការឲ្យ​គេ​ទៅ​ប្រាប់​ទ្រង់​នៅពេល​ឡាសារ​ឈឺ ហើយ​ពួកគេ​បាន​បន្ត​ជឿ និង ទុកចិត្ត​លើ​ទ្រង់​សូម្បី​តែ​បន្ទាប់​ពី​ឡាសារ​ស្លាប់​ក៏​ដោយ ។

ចេញ​ពី យ៉ូហាន ១១ យើង​រៀន​ថា ប្រសិនបើ​យើង​ជ្រើសរើស​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អំឡុង​ពេល​ការសាកល្បង​របស់​យើង នោះ​សេចក្តី​ជំនឿ​របស់​យើង​លើ​ទ្រង់​នឹង​ត្រូវបាន​បញ្ជាក់ ព្រមទាំង​កាន់តែ​ស៊ី​ជម្រៅ ។ ដូចនៅក្នុង​ករណី​នៃ​បទពិសោធន៍​របស់​ម៉ាថា និង ម៉ារា វា​សំខាន់​ដើម្បី​ចាំថា ការបញ្ជាក់​បែប​នេះ​អំពី​សេចក្តី​ជំនឿ​របស់​អ្នក កើត​ឡើង​ស្រប​តាម​ព្រះប្រាជ្ញា និង កាល​វេលា​របស់​ព្រះអម្ចាស់ ។

តើ​ការប្រោស​ឲ្យ​ឡាសារ​មាន​ជីវិត​ឡើង​វិញ បន្ទាប់​ពី​គាត់​បាន​ស្លាប់​អស់​រយៈពេល​បួន​ថ្ងៃ​នេះ មិន​ត្រឹមតែ​បាន​បញ្ជាក់ និង ពង្រឹង​ដល់​សេចក្តីជំនឿ​របស់​ម៉ាថា និង ម៉ារា​លើ​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​បញ្ជាក់ និង ពង្រឹង​ដល់​សេចក្តី​ជំនឿ​របស់​ពួក​សិស្ស​ទ្រង់​ផងដែរ តាម​របៀប​ណា ?

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅពេល​ណា​ដែរ ដែល​អ្នក​បាន​ជ្រើសរើស​ដើម្បី អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​ពេល​ការសាកល្បង ហើយ​ជា​លទ្ធផល​សេចក្តី​ជំនឿ​របស់​អ្នក​លើ​ទ្រង់​ត្រូវបាន​បញ្ជាក់ ឬ ពង្រឹង​នោះ ?

    2. តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​ឲ្យ​ជ្រើសរើស​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ អំឡុង​ពេល​នៃ​ការសាកល្បង ដែល​អ្នក​កំពុង​ជួបប្រទះ ឬ ដែល​អ្នក​អាច​ជួប ?

យ៉ូហាន ១១:៤៧-៥៧

ពួកសង្គ្រាជ និង ពួក​ផារិស៊ី​ពិគ្រោះ​គ្នា​ដើម្បី​ធ្វើ​គត​ព្រះយេស៊ូវ

ការប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ​ពី​សេចក្តី​ស្លាប់​គឺ ជា​ភស្តុតាង​ដែល​ថា​ព្រះយេស៊ូវ​មាន​ព្រះចេស្តា​លើ​សេចក្តី​ស្លាប់ ។ សូម​អាន យ៉ូហាន ១១:៤៧-៤៨ដោយ​រកមើល​របៀប​ដែល​ពួក​សង្គ្រាជ និង ពួកផារិស៊ី​បាន​ឆ្លើយ​តប​ចំពោះ​ការរាយការណ៍​អំពី​ការប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់ ។

ដូច​មាន​កត់ត្រា​នៅក្នុង យ៉ូហាន ១១:៤៩–៥៧កៃផា ជា​សម្តេច​សង្ឃ បាន​គាំទ្រ​ឲ្យ​ធ្វើ​គុត​ព្រះយេស៊ូវ ដើម្បី​ការពារ​កុំ​ឲ្យ​ពួក​រ៉ូម​មក​ចាប់​យក​ទាំង « ស្រុក និង​ជាតិ »​ របស់​ពួកគេ (យ៉ូហាន ១១:៤៨) ។ « ដោយសារ​តែ​ឧបាយកល​ផ្នែក​សង្ឃ និង អំពើទុច្ចរិត (នីហ្វៃទី ២ ១០:៥) នោះ​អ្នក​ដឹកនាំ​សាសន៍​យូដា​ពុំ​ចង់​បាត់បង់​មុខតំណែង​ខ្លួន ដែល​មាន​ឥទ្ធិពល​នៅក្នុង​ជាតិ​របស់​ខ្លួន​ឡើយ ។ ពួកគេ​បាន​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​គុត​ព្រះយេស៊ូវ ហើយ​ពួកគេ​បាន​បញ្ជា​ថា​អស់​អ្នក​ណា​ដែល​ដឹង​ពី​កន្លែង​ដែល​ទ្រង់​យាង​ទៅ គួរតែ​ជូន​ដំណឹង​ដល់​ពួកគេ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ចាប់​បញ្ចូន​ទ្រង់​ទៅ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ១១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖