បណ្ណាល័យ
មេរៀន​ទី ១៥ ថ្ងៃទី ៣ ៖ យ៉ូហាន ១៣


មេរៀន​ទី ១៥ ៖ ថ្ងៃ​ទី ៣

យ៉ូហាន ១៣

សេចក្តីផ្ដើម

បន្ទាប់​ពី​សោយ​អាហារ​នៃ​បុណ្យ​រំលង​រួច​ហើយ​នោះ ព្រះអង្គ​សង្គ្រោះ​បាន​លាង​ជើង​ឲ្យ​សាវក​ទ្រង់ បាន​ប្រាប់​យូដាស​ថា​ជាអ្នក​ក្បត់​ទ្រង់ ហើយ​បាន​ប្រទាន​នូវ « ព្រះបញ្ញត្តិ​ថ្មី » មួយ​ដល់​ពួក​សាវក​របស់​ទ្រង់ (យ៉ូហាន ១៣:៣៤) ។ ក្នុង​​សប្តាហ៍​ចុងក្រោយ​នៃ​ការបម្រើ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​ផ្តោត​ការបង្រៀន​របស់​ទ្រង់​លើ​ការគោរពប្រតិបត្តិ ការបម្រើ និង សេចក្តីស្រឡាញ់—ជា​លក្ខណៈ​ដែល​បង្ហាញ​ពី​ជីវិត​ទ្រង់ និង គួរតែ​បង្ហាញ​ពី​ជីវិត​របស់​យើង​ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់ ។

យ៉ូហាន ១៣:១-១៧

ព្រះយេស៊ូវ​លាង​ជើង​ឲ្យ​សាវក​របស់​ទ្រង់

រូបភាព
សុភមង្គល​ជា​រៀង​រហូត

សូម​ពិចារណា​ទៅ​លើ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​នឹង​ដាក់​ខ្លួន​របស់​អ្នក​នៅ​កន្លែង​ណា​នៅ​លើ ក្រាហ្វិក?

  • តើ​អ្នក​ចង់​សប្បាយ​ជាង​អ្វី​ដែល​អ្នក​មាន​សព្វថ្ងែ​នេះ​ដែរ​ឬ​ទេ ?

  • តើ​អ្នក​អាច​គិត​ពី​នរណា​ម្នាក់ ដែល​អ្នក​ចង់​ជួយ​ឲ្យ​កាន់តែ​មាន​ភាពរីករាយ​ខ្លាំង​ជាង​នេះ​ឬ​ទេ ?

នៅពេល​អ្នក​សិក្សា យ៉ូហាន ១៣សូម​រកមើល​គោលការណ៍​មួយ​ដែល​បង្រៀន​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​កាន់តែ​រីករាយ ។

បន្ទាប់ពី​ការយាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ទ្រង់​បាន​ប្រារព្ធ​ពិធី​ជប់លៀង​បុណ្យ​រំលង​ជាមួយ​សាវក​របស់​ទ្រង់ ។ យ៉ូហាន ១៣:១–៣ បាន​ប្រាប់​ថា នៅពេល​ព្រះយេស៊ូវ​ចែក​អាហារ​នេះ ( អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ) ជាមួយ​សាវក​របស់​ទ្រង់ នោះ​ទ្រង់​បាន​ដឹង​ថា​ទ្រង់​នឹង​សុគត​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​ត្រឡប់​ទៅ​កាន់​ព្រះវរបិតា​សួគ៌​របស់​ទ្រង់​វិញ ។

រូបភាព
ព្រះយេស៊ូវ​លាង​ជើង​ឲ្យ​ពួក​សាវក

សូម​អាន យ៉ូហាន ១៣:៤–៥ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​បន្ទាប់​ពី​ទ្រង់ និង សាវក​របស់​ទ្រង់​បាន​បរិភោគ​អាហារ​បុណ្យ​រំលង​ហើយ​នោះ ។ ឃ្លា « ដោះ​ព្រះពស្ត្រ​ពេញ » នៅក្នុង យ៉ូហាន ១៣:៤ មាន​ន័យ​ថា​ព្រះយេស៊ូវ​បាន​ដោះ​ព្រះពស្ត្រ​ក្រៅ​របស់​ទ្រង់​ចេញ ។ វា​ដូច​គ្នា​ទៅ​នឹង​មនុស្ស​ម្នាក់​នៅ​ជំនាន់​របស់​យើង​ដែល​ដោះ​អាវ​ធំ​ចេញ​ផងដែរ ។

« នៅក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី មនុស្ស​បាន​ពាក់​ស្បែក​ជើង​សង្រែក ដោយ​ភាគច្រើន​ដើរ​លើ​ផ្លូវលំ ដែល​មាន​អាចម៍​សត្វ​គ​ជា​គំនរ ហើយ​កម្រ​នឹង​មាន​ទឹក​លាង​ជើង​ណាស់ ។ ជើង​របស់​ពួកគេ​កខ្វក់​ខ្លាំង​ណាស់ ហើយ​ការលាង​ជើង​ឲ្យ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​អាច​ជា​កិច្ចការ​ដែល​មិន​គួរ​ពេញចិត្ត​នឹង​ធ្វើ​ឡើយ ។ … ជាទូទៅ​ទម្លាប់​នៃ​ការទទួលស្វាគមន៍​បែប​នេះ​ធ្វើ​ឡើង​ដោយ​អ្នក​បម្រើ​ដែល​មាន​ឋានៈទាប​បំផុត » (New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ២៤២) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ប្រសិន​បើ​អ្នក​បាន​នៅ​ទី​នោះ នៅពេល​ព្រះយេស៊ូវ​បាន​លាង​ជើង​ឲ្យ​សាវក​របស់​ទ្រង់ តើ​អ្នក​អាច​មាន​ប្រតិកម្ម​បែប​ណា ប្រសិនបើ​ព្រះយេស៊ូវ​បាន​ចាប់ផ្តើម​លាង​ជើង​ឲ្យ​អ្នក​នោះ?

    2. តើ​ទង្វើ​នៃ​ការលាងជើង​ពួក​សាវក​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវ ?

សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១៣:៨ ( នៅក្នុង Bible appendix ) ដោយ​រកមើល​អ្វី​ដែល​ពេត្រុស​បាន​និយាយ​នៅពេល​ព្រះ​អង្គសង្គ្រោះ​បាន​ចាប់​ផ្តើម​លាង​ជើង​របស់​លោក ។

បន្ទាប់មក​សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១៣:៩-១០ ( នៅក្នុង Bible appendix ) ដោយ​រកមើល​ចម្លើយ​របស់​ពេត្រុស​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ទ្រង់ ។

នៅក្នុង យ៉ូហាន ១៣:៩តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ពេត្រុស​ចេញ​ពី​ចម្លើយ​របស់​លោក​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​លោក ?

តាមរយៈ​ការលាង​ជើង​ឲ្យ​ពួក​សាវក​របស់​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​មិន​គ្រាន់តែ​បង្ហាញ​ពី​ទង្វើ​ដ៏​អស្ចារ្យ​នៃ​ការបម្រើ​នោះ​ឡើយ ប៉ុន្តែ​ទ្រង់​បាន​បំពេញ​ផ្នែក​មួយ​នៃ​ក្រឹត្យវិន័យ​លោក​ម៉ូសេ ហើយ​បាន​តាំង​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ដើម្បី​ជួយ​អ្នក​ដើរ​តាម​ដ៏​ស្មោះត្រង់​របស់​ទ្រង់​ឲ្យ​ប្រែជា​ស្អាត​ចេញ​ពី​អំពើ​បាប ។ ពិធីបរិសុទ្ធ​នេះ​ត្រូវបាន​ស្តារឡើង​វិញ​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​របស់​យើង​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ( សូមមើល គ. និង ស. ៨៨:៧៤–៧៥, ១៣៧–៤១) ។

សូម​អាន យ៉ូហាន ១៣:១១ដោយ​រកមើល​មូលហេតុ​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​សាវក​របស់​ទ្រង់​ថា « អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ » ។

ទ្រង់​កំពុង​មាន​ព្រះបន្ទូល​សំដៅ​លើ​យូដាស-អ៊ីស្ការីយ៉ុត ដែល​នឹង​ក្បត់​ទ្រង់ ។

សូម​អាន យ៉ូហាន ១៣:១២-១៧ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​សាវក​របស់​ទ្រង់​បន្ទាប់​ពី​ទ្រង់​បាន​លាង​ជើង​របស់​ពួកគេ​ហើយ ។ សូម​គិត​ពី​ការគូស​ចំណាំ​ឃ្លា​ដែល​ពិពណ៌នា​ថា គំរូ ដែល​ព្រះអង្គសង្គ្រោះ​បង្ហាញ ហើយ​បាន​អញ្ជើញ​សាវក​របស់​ទ្រង់​ឲ្យ​ធ្វើ​តាម ។

ផ្អែក​ទៅលើ​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួក​សាវក​របស់​ទ្រង់​ដែល​បាន​កត់ត្រា​នៅក្នុង យ៉ូហាន ១៣:១៧តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​យើង​នឹង​ទទួល​បាន នៅពេល​យើង​ធ្វើ​តាម​គំរូ​របស់​ទ្រង់​តាមរយៈ​ការបម្រើ​ដល់​មនុស្ស​ដទៃ​នោះ ? សូមឆ្លើយ​សំណួរ​នេះ​ដោយ​បំពេញ​សេចក្តី​ថ្លែងការណ៍​នៃ​គោលការណ៍​ដូចតទៅ​នេះ ៖​ នៅពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ការបម្រើ​ដល់​អ្នក​ដទៃ នោះ​យើង​នឹង ____________________។

  1. សូម​បំពេញ​កិច្ចការ​ដូច​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​យើង​នឹង​កាន់តែ​សប្បាយ​រីករាយ ប្រសិនបើ​យើង​បម្រើ​មនុស្ស​ដទៃ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​នោះ ?

    2. សូម​សរសេរ​ពី​គ្រា​មួយ នៅពេល​អ្នក​រីករាយ​ដោយសារ​អ្នក​បាន​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ការបម្រើ​អ្នក​ដទៃ ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដោយ​រកមើល​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ស្វែងរក​ឱកាស​បម្រើ​មនុស្ស​ដទៃ ៖ « នៅក្នុង​ការអធិស្ឋាន​រៀងរាល់​ព្រឹក​របស់​អ្នក សូម​ទូល​សុំ​ព្រះវរបិតាសួគ៌​ឲ្យ​ដឹកនាំ​អ្នក ដើម្បី​ឲ្យ​ស្គាល់​ឱកាស បម្រើ​កូនចៅ​ដ៏​មាន​តម្លៃ​ណា​ម្នាក់​របស់​ទ្រង់ ។ រួចហើយ សូម​ឲ្យ​ដួងចិត្ត​អ្នក​ពេញ​ទៅ​ដោយ​សេចក្តីជំនឿ និង សេចក្តី​ស្រឡាញ់​ពេញ​ក្នុង​មួយ​ថ្ងៃ ដោយ​ស្វែងរក​ដើម្បី​ជួយ​ដល់​នរណា​ម្នាក់ ។ … ប្រសិនបើ​អ្នក​ធ្វើ​បែប​នេះ ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក នឹង​ត្រូវ​បាន​ពង្រីក​ឡើង ហើយ​អ្នក​នឹង​រកឃើញ​ឱកាស​ទាំងឡាយ​ដើម្បី​បម្រើ ដែល​អ្នក​ពុំ​ធ្លាប់​គិត​ពី​មុនមក » (« Be Anxiously Engaged » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣១ ) ។

សូម​គិត​ពី​ការសរសេរ​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ បាឡឺដ​នៅ​លើ​ក្រដាស​មួយ​សន្លឹក​ផ្សេង​ទៀត ហើយ​ដាក់​វា​នៅ​ទីណា​ដែល​វា​អាច​រំឭក​អ្នក​ឲ្យ​អធិស្ឋាន​រកមើល​ឱកាស​នានា​ដើម្បី​បម្រើ​មនុស្ស​ដទៃ ។ អ្នក​អាច​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​ចែកចាយ​វា​ជាមួយ​មនុស្ស​ដទៃ ពី​របៀប​ដែល​ការអធិស្ឋាន​របស់​អ្នក បាន​ទទួល​ចម្លើយ​នៅពេល​អ្នក​អនុវត្ត​ការទូន្មាន​របស់​អែលឌើរ បាឡឺដ ។

យ៉ូហាន ១៣:១៨-៣០

ព្រះយេស៊ូវ​ស្គាល់​អ្នក​ក្បត់​ទ្រង់

យោង​តាម យ៉ូហាន ១៣:១៨–៣០បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​បង្រៀន​សាវក​របស់​ទ្រង់​ថា ពួកគេ​នឹង​រីករាយ ប្រសិនបើ​ពួកគេ​បម្រើ​មនុស្ស​ដទៃ នោះ​ទ្រង់​បាន​មាន​បន្ទូល​ថា មាន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​នឹង​ក្បត់​ទ្រង់ ។ នៅពេល​យ៉ូហាន បាន​សួរ​ព្រះអង្គ​សង្គ្រោះ​ថា នរណា​នឹង​ក្បត់​ទ្រង់ នោះ​ព្រះយេស៊ូវ​បាន​ប្រាប់​គាត់​ថា​វា​គឺ​ជា « អ្នក… ​ដែល​ខ្ញុំ​នឹង​ជ្រលក់​ចំណិត​នំបុ័ង​ហុច​ទៅ​ឲ្យ [ ចំណិត​នំបុ័ង​តូច​មួយ ] » (យ៉ូហាន ១៣:២៦) ហើយ​ទ្រង់​បាន​ហុច​ឲ្យ​ទៅ​យូដាស-អ៊ីស្ការីយ៉ុត ។

យ៉ូហាន ១៣:៣១-៣៨

ព្រះយេស៊ូវ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

តើ​ធ្លាប់​មាន​នរណា​ម្នាក់​ចោទប្រកាន់​អ្នក​ថា​មិនមែន​ជា​គ្រីស្ទាន ឬ ជា​អ្នក​ដើរ​តាម​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារតែ​អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែរ​ឬ​ទេ ? នេះ​អាច​ដោយសារ​តែ​ជំនឿ​ជាក់លាក់​ដែល​យើង​មាន លើការស្តារ​ឡើង​វិញ ដូច​ជា​ជំនឿ​របស់​យើង​លើ​ព្រះគម្ពីរ​មរមន ហើយ​ថា​សមាជិក​នៃ​ក្រុមព្រះ​គឺ​ជា​តួអង្គ​បី​ផ្សេង​គ្នា និង ដាច់ដោយឡែក​ពី​គ្នា ។ តើ​អ្នក​ឆ្លើយតប​ដោយ​របៀប​ណា ? ( ឬ ប្រសិន​បើ​អ្នក​ពុំ​មាន​បទពិសោធន៍​បែប​នោះ​ទេ តើ​អ្នក​នឹង​ឆ្លើយតប​ចំពោះ​មនុស្ស​ម្នាក់​ដែល​បាន​ប្រាប់​អ្នក​ថា​អ្នក​ពុំ​មែន​ជា​គ្រីស្ទាន​​ដោយ​របៀប​ណា ? )

សូម​អាន យ៉ូហាន ១៣:៣៤–៣៥ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ដែល​នឹង​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​ស្គាល់​ថា​ពួកសាវក​គឺ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​គិត​ពី​ការគូស​ចំណាំ​នៅក្នុង យ៉ូហាន ១៣:៣៤ ពី​បញ្ញត្តិ​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​សាវក​របស់​ទ្រង់ ។

សូម​កត់​ចំណាំ​ថា យ៉ូហាន ១៣:៣៥ បាន​ចែង​ថា មនុស្ស​ដទៃ​អាច​ដឹង​ថា​សាវក​ទាំង​នេះ​គឺ​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិនបើ​ពួកសាវក​ទាំង​នោះ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ដូច​ព្រះយេស៊ូវ​ស្រឡាញ់​ពួកគេ​ដែរ ។ ចេញ​ពី​ខគម្ពីរ​ទាំងនេះ​យើង​រៀន​ថា នៅពេល​យើង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូច​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​យើង នោះ​មនុស្ស​ដទៃ​ទៀត​នឹង​ស្គាល់​ថា​យើង​គឺ​សិស្ស​របស់​ទ្រង់ ។

  1. យោង​តាម​អ្វី ដែល​អ្នក​បាន​សិក្សា​ឆ្នាំ​នេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​របៀប​ប្រាំ​យ៉ាង​ដែល​ទ្រង់​បង្ហាញ​ថា​ទ្រង់​ស្រឡាញ់​មនុស្ស ។

សូម​អាន​ដំណើរ​ខាង​ក្រោមនេះ ដែល​បាន​ថ្លែង​ដោយ​អែលឌើរ ប៉ុល អ៊ី ខូអែលឡែកឃើរ នៃ​ពួក​ចិតសិប​នាក់ ដោយ​រកមើល​របៀប​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ពិពណ៌នា​នៅក្នុង​ដំណើរ​រឿង​នេះ​បាន​ធ្វើ​តាម​ការទូន្មាន​របស់​ព្រះអម្ចាស់​ដើម្បី​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ៖

រូបភាព
អែលឌើរ ប៉ុល អ៊ី ខូអែលឡែកឃើរ

« អ្នក​ផ្សព្វផ្សាយ​វ័យក្មេង​ពីរនាក់ បានគោះទ្វារ​មួយ ដោយ​សង្ឃឹមថា រកឃើញ​នរណា​ម្នាក់ ដែល​នឹង​ទទួល​យកសារ​របស់​ពួកគេ ។ ទ្វារ​បានបើកឡើង ហើយ​បុរស​មាឌធំ​ម្នាក់​បានទទួល​ពួកគេ ដោយ សំឡេង​ដែល​មិនសូវ​រួសរាយ​ប៉ុន្មាន​ថា ៖ ‹ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រួចហើយ ថា​កុំ​ឲ្យ​គោះ​ទ្វារ​ខ្ញុំ​ទៀត ។ ខ្ញុំ​បាន​ព្រមាន​អ្នក​ពីមុន​ហើយ ថា​បើ​អ្នក​មក​ម្ដងទៀត វា​នឹង​មិន​មែន​ជា បទពិសោធន៍​ដ៏​រីករាយ​នោះ​ទេ ។ ឥឡូវ​ថយ​ចេញ​ទៅ › ។ គាត់​បាន​បិទ​ទ្វារ​យ៉ាង​លឿន ។

« ពេល​ដែល​ពួក​អែលឌើរ​បាន​ដើរ​ចេញ អ្នកផ្សព្វផ្សាយ​ដែលបម្រើ​យូរជាង ហើយ​មាន​បទពិសោធន៍​ជាង បានដាក់ដៃ​លើ​ស្មា អ្នក​ផ្សព្វផ្សាយ​ដែល​ថ្មី​ជាង​ដើម្បី​លួងលោម និង លើកទឹកចិត្ត​គាត់ ។ ពួកអ្នក​ផ្សព្វផ្សាយ​មិនបានដឹងទេ ថាបុរស​នោះ​បាន​មើល​ពួកគេ​តាម​មាត់​បង្អួច ដើម្បី​ប្រាកដ​ថា ពួកគេ​យល់​ពី​អ្វី​ដែល​គាត់​បាន​ប្រាប់ ។ គាត់​ពិតជា​រំពឹង​ថា នឹង​ឃើញ​ពួកគេ​ចំអក​ដល់​ការឆ្លើយតប​ដ៏​គំរោះគំរើយ​របស់​គាត់ ពេល​ពួកគេ​ព្យាយាម​ជួប​គាត់​នោះ ។ ទោះ​ជា​យ៉ាង​ណា ពេល​គាត់​បាន​ឃើញ​អ្នក​ផ្សព្វផ្សាយ​ទាំងពីរ​រូប​ដែល​បាន​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​គ្នា នោះ​ដួងចិត្ត​របស់​គាត់​ទន់​ភ្លាម ។ គាត់​បាន​បើក​ទ្វារ ហើយ​ហៅ​ពួក​អ្នក​ផ្សព្វផ្សាយ​ឲ្យ​ត្រឡប់​មក​វិញ និង ចែកចាយ​សារដំណឹង​របស់​ពួកគេ​ជាមួយ​គាត់ ។

« … គោលការណ៍​នៃ​ក្ដីស្រឡាញ់​ចំពោះ​គ្នា​ទៅវិញ​ទៅមក និង ការពង្រីក​សមត្ថភាព​យើង​ដើម្បី​ផ្តោត​ទៅ​លើ​ព្រះគ្រីស្ទ ក្នុង​របៀប​ដែល​យើង​គិត និយាយ និង ធ្វើ​គឺ​ជា​គ្រឹះ ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ និង ជា​គ្រូ​នៃ​ដំណឹងល្អ​របស់​ទ្រង់ » (« He Truly Loves Us » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១៧ ) ។

  1. សូម​អាន​ទំនុក​បទ « ចូរ​អ្នក​ស្រឡាញ់​គ្នា » (ទំនុក​តម្កើង លេខ ១៩៥ ) ហើយ​គិត​ពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​ងាយ​នឹង​ទទួល​ស្គាល់​ថា​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយសារ​តែ​សេចក្តី​ស្រឡាញ់​ដែល​គាត់​បង្ហាញ​ដល់​មនុស្ស​ដទៃ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​របៀប​ដែល​បុគ្គល​ម្នាក់​នេះ បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ ក្នុង​របៀប​មួយ​ដែល​អ្នក​ចង់​ធ្វើ​តាម​គំរូ​របស់​គាត់ ។ សូម​សរសេរ​គោលដៅ​មួយ​ផងដែរ ដែល​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ស្រឡាញ់​មនុស្ស​ដទៃ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​ពួកគេ ។

យោង​តាម យ៉ូហាន ១៣:៣៦–៣៨បន្ទាប់​ពី​ពេត្រុស​បាន​ប្រកាស​ថា គាត់​នឹង​ថ្វាយ​ជីវិត​ខ្លួន​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ព្រះយេស៊ូវ​បាន​ប្រាប់​ពេត្រុស​ថា គាត់​នឹង​បដិសេធ​ទ្រង់​បី​ដង​ពីមុន​មាន់​រងាវ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ១៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖