បណ្ណាល័យ
មេរៀន​ទី ១៦ ថ្ងៃទី ៣ ៖ យ៉ូហាន ១៨-១៩


មេរៀន​ទី ១៦ ៖ ថ្ងៃ​ទី ៣

យ៉ូហាន ១៨-១៩

សេចក្តីផ្ដើម

បន្ទាប់​ពី​ពួក​អ្នកដឹកនាំ​សាសន៍​យូដា​បាន​ចាប់​ព្រះកាយ និង ចោទសួរ​ព្រះយេស៊ូវ នោះ​ពួកគេ​បាន​ចាប់​ទ្រង់​យក​ទៅ​មុខពីឡាត់​ដើម្បី​ជំនុំជម្រះ និង កាត់ទោស ។ ពីឡាត់​ព្រម​ឆ្កាង​ព្រះយេស៊ូវ​បើ​ទោះបីទោះ​ជា​គាត់​បាន​ដឹង​ថា​ទ្រង់​គ្មាន​ទោស​ក្តី ។ ខណៈ​នៅលើ​ឈើឆ្កាង ព្រះយេស៊ូវ​បាន​បង្គាប់​​សាវក​យ៉ូហាន​ឲ្យមើល​ថែ​ដល់​ម្តាយ​របស់​ទ្រង់​គឺ ម៉ារា ។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត ព្រះកាយ​របស់​ទ្រង់​ត្រូវ​បាន​គេ​ដាក់​ទៅ​ក្នុង​ផ្នូរ ។

យ៉ូហាន ១៨:១-៣២

ព្រះយេស៊ូវ​ត្រូវបាន​ចាប់​ព្រះកាយ ហើយ​ចោទសួរ​ដោយ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ដែល​ក្រោយ​មក​បាន​បញ្ជូន​ទ្រង់​ទៅ​ឲ្យ​លោក​ពីឡាត់ ។

តើ​នៅពេល​ណា​ដែល​ជា​គ្រា​ដ៏​លំបាក​បំផុត​សម្រាប់​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​ខ្វល់ខ្វាយ​អំពី​សុខុមាលភាព​នៃ​មនុស្ស​ដទៃ​នោះ ?

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូស​បន្ទាត់​ចុះ​ក្រោយ​ពាក់​កណ្តាល​ទំព័រ ដើម្បី​បង្កើត​ជួរឈរ​ពីរ ។ សូម​សរសេរ​លើ​ជួរឈរ​មួយ​ថា កង្វល់​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​នៅ​ជួរឈរ​មួយ​ទៀត​ថា កង្វល់​របស់​លោក​ពីឡាត់ ។ អំឡុង​ពេល​ការចាប់​ព្រះកាយ ការសាកល្បង និង ការឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ និង អ្នក​អភិបាល​រ៉ូម​ឈ្មោះ​ពីឡាត់​បាន​ជ្រើសរើស​យក​នូវ​ការផ្តល់តម្លៃ ឬ ផ្តល់​អាទិភាព​ចម្បង​ទៅ​លើ​រឿង​ផ្សេងៗ​ពី​គ្នា ។ នៅពេល​អ្នក​សិក្សា យ៉ូហាន ១៨–១៩សូម​រកមើល​សេចក្តីពិត​ដែល​អ្នក​អាច​រៀន​ចេញ​ពី​គំរូ​របស់​ព្រះយេស៊ូវ និង ពីឡាត់​ដែល​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​កង្វល់​ណា​ដែល​គួរតែ​ដាក់​ជា​អាទិភាព​នៅក្នុង​ជីវិត​អ្នក ។ សូម​សរសេរ​សេចក្តីពិត​ដែល​អ្នក​រកឃើញ​ពេញ​មួយ​មេរៀន​នេះ ដាក់​ទៅក្នុង​ជួរឈរ​តាម​កន្លែង​ត្រឹមត្រូវ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

យើង​អាន​នៅក្នុង យ៉ូហាន ១៨:១–៣ ថា​បន្ទាប់​ពី​ព្រះយេស៊ូវ បាន​រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី នោះ​យូដាស-អ៊ីស្ការីយ៉ុត​បាន​មក​ដល់​ដោយ​មាន​ពួក​ទាហាន​មួយ​ក្រុម​ដើម្បី​ចាប់​ព្រះយេស៊ូវ ។ ប្រសិនបើ​អ្នក​ដឹង​ថា កង​ទាហាន​មួយ​ក្រុម​កំពុង​មក​ចាប់​ខ្លួន​អ្នក ហើយ​ទី​បំផុត​នឹង​សម្លាប់​អ្នក តើ​អ្នក​នឹង​មាន​ប្រតិកម្ម​បែប​ណា ?

សូម​អាន យ៉ូហាន ១៨:៤–១១ និង លូកា ២២:៥០–៥១ដោយ​រកមើល​របៀប​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយតប​នៅពេល​ក្រុម​ទាហាន​នោះ​បាន​មក​ដល់ ។

ពាក្យ អ្នក​ទាំងនេះ នៅក្នុង យ៉ូហាន ១៨:៨ និង ពួកអ្នក នៅក្នុង យ៉ូហាន ១៨:៩ សំដៅ​លើ​ពួក​សាវក​ដែល​នៅ​ជាមួយ​ព្រះយេស៊ូវ ។ យោង​តាម​ខគម្ពីរ​ទាំង​នេះ តើ​ព្រះយេស៊ូវ​មាន​កង្វល់​អំពី​អ្វី ?

បន្ទាប់​ពី​អាន យ៉ូហាន ១៨:៤–១១ និង លូកា ២២:៥០–៥១សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅក្នុង​ជួរឈរ​ដែល​បាន​សរសេរ​ថា « កង្វល់​របស់​ព្រះយេស៊ូវគ្រីស្ទ » អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ខ្វាយខ្វល់ ។

រូបភាព
ព្រះគ្រីស្ទ​នៅ​ចំពោះ​មុខ​កៃផា

យើង​រៀន​នៅក្នុង យ៉ូហាន ១៨:១២–៣២ ​ថា​ព្រះយេស៊ូវ​អនុញ្ញាត​ឲ្យ​ពួកទាហាន​ចាប់​ព្រះកាយ​ទ្រង់ ។ ពួកគេ​បាន​នាំ​ទ្រង់​ទៅ​លោក​អាណា ដែល​ជា​អតីត​សម្តេច​សង្ឃ ដែល​បាន​បញ្ជូន​ព្រះយេស៊ូវ​ឲ្យ​គេ​ចោទសួរ​ដោយ​កៃផា កូន​ប្រសារ​របស់​អាណា ( សូមមើល យ៉ូហាន ១៨:១៣) ។ កៃផា​ត្រូវបាន​តែងតាំង​ជា​សម្តេច​សង្ឃ​នៅគ្រា​នោះ ហើយ​វា​បាន​ព្យាយាម​ដាក់​ទោស​សម្លាប់​ព្រះយេស៊ូវ ( សូមមើល យ៉ូហាន ១៨:១៤) ។ ពេត្រុស និង ពួកសិស្ស​ដទៃ​ទៀត​បាន​ដើរតាម​ព្រះយេស៊ូវ ហើយ​បាន​មើល​កៃផា​ចោទសួរ​ទ្រង់ ( សូមមើល យ៉ូហាន ១៨:១៥–១៦) ។ នៅពេល​មនុស្ស​បី​នាក់​ផ្សេង​គ្នា​បាន​សួរ​ពេត្រុស ថា​លោក​គឺ​ជា​កូន​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​ឬ នោះ​ពេត្រុស​បាន​បដិសេធ​ពុំ​ស្គាល់​គ្រប់​ពេល ( សូមមើល យ៉ូហាន ១៨:១៧, ២៥, ២៦–២៧) ។ បន្ទាប់​ពី​កៃផា​បាន​ចោទសួរ​ព្រះយេស៊ូវ នោះ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​នាំ​ព្រះយេស៊ូវ តាំងពី​ព្រឹក​ព្រលឹម​ទៅ​លោក​ពីឡាត់ ដែល​ជា​អ្នក​អភិបាល​ក្រុង​សាសន៍​រ៉ូម​នៅ​ស្រុក​យូដា ដើម្បី​ទទួល​ការកាត់ទោស និង ដាក់​ទណ្ឌកម្ម ( សូមមើល យ៉ូហាន ១៨:២៨–៣០) ។ មាន​តែ​សាសន៍​រ៉ូម​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​អំណាច​ចេញ​ច្បាប់​ឲ្យ​កាត់ទោស​ដល់​ជីវិត​នៅក្នុង​ក្រុង​យេរូសាឡិម ( សូមមើល យ៉ូហាន ១៨:៣១) ។

យ៉ូហាន ១៨:៣៣–១៩:១៦

ព្រះយេស៊ូវ​ត្រូវបាន​កាត់ទោស​នៅ​ចំពោះ​មុខ​ពីឡាត់

សូម​អាន យ៉ូហាន ១៨:៣៣–៣៦ដោយ​រកមើល​អ្វី​ដែល​លោក​ពីឡាត់​ចង់​ដឹង​អំពី​ព្រះយេស៊ូវ ។

ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ចោទ​ប្រកាន់​ព្រះយេស៊ូវ​ពី ការប្រកាស​ថា​ទ្រង់​គឺ​ជា​ស្តេច​នៃ​សាសន៍​យូដា ដោយសារ​ព្រះយេស៊ូវ​បាន​ប្រកាស​ថា​ទ្រង់​គឺ​ជា​ស្តេច ទ្រង់​អាច​រកឃើញ​ថា​មាន​កំហុស​ពី​ការបំបះ​បំបោរ ឬ ក្បត់​ជាតិ ប្រឆាំង​នឹង​រដ្ឋាភិបាល​រ៉ូម ( សូមមើល យ៉ូហាន ១៩:១២) ហើយ​អាច​ត្រូវបាន​ដាក់​ទោស​ដល់​ស្លាប់ ។

សូម​អាន យ៉ូហាន ១៨:៣៦–៣៧ដោយ​រកមើល​អ្វី ដែល​ព្រះយេស៊ូវ​បាន​ពន្យល់​ដល់​លោក​ពីឡាត់ ។

សូម​អាន យ៉ូហាន ១៨:៣៨ដោយ​រកមើល​អ្វី ដែល​លោក​ពីឡាត់​បាន​និយាយ​អំពី​ព្រះយេស៊ូវ ។

នៅក្នុង យ៉ូហាន ១៨:៣៩–១៩:៥ យើង​រៀន​ថា​លោក​ពីឡាត់​បាន​ផ្តល់​ការដោះលែង​ដល់​ព្រះយេស៊ូវ ដែល​ស្រប​ទៅតាម​ទម្លាប់​របស់​ពួក​សាសន៍​យូដា ដែល​ដោះលែង​ទណ្ឌិត​ម្នាក់​ឲ្យ​មាន​សេរីភាព​នៅ​ពេល​ពិធី​ជប់លៀង​បុណ្យ​រំលង ( សូមមើល យ៉ូហាន ១៨:៣៩) ។ សម្តេច​សង្ឃ និង ពួក​ទាហាន​បាន​ជ្រើសរើស​ដោះលែង​ចោរប្លន់​ឈ្មោះ​បារ៉ាបាស​ជំនួស​វិញ ( សូម​មើល យ៉ូហាន ១៨:៤០) ហើយ​ទាមទារ​ឲ្យ​ឆ្កាង​ព្រះយេស៊ូវ ( សូមមើល យ៉ូហាន ១៩:៦) ។ ពីឡាត់​បាន​វាយ​ព្រះយេស៊ូវ​នឹង​រំពាត់ ( ខ្សែតី ) ហើយ​ពួក​ទាហាន​សាសន៍​រ៉ូម បាន​ពាក់​ភួង​បន្លា​លើ​ព្រះសិរ​ទ្រង់ ហើយ​សើចចំអក​ដល់​ទ្រង់ ( សូមមើល យ៉ូហាន ១៩:១–២) ហើយ​ក្រោយ​មក​លោក​ពីឡាត់​បាន​បង្ហាញ​ខ្លួន​ព្រះយេស៊ូវ​នៅចំពោះ​មុខ​ប្រជាជន ។

សូម​អាន យ៉ូហាន ១៩:៤, ៦ដោយ​រកមើល​អ្វី​ដែល​លោក​ពីឡាត់​បាន​ប្រាប់​ពួក​សាសន៍​ម្តង​ហើយ​ម្តង​ទៀត ។

តើ​លោក​ពីឡាត់​ទំនង​ជា​ជឿ​លើ​អ្វី​ខ្លះ ដែល​គាត់​ថា​ជា​រឿង​ត្រឹមត្រូវ​ដើម្បី​ធ្វើ ?

យោង​តាម យ៉ូហាន ១៩:៧ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ប្រាប់​លោក​ពីឡាត់​ថា ព្រះយេស៊ូវ​បាន​ប្រកាស​ថា​ទ្រង់​គឺ​ព្រះរាជបុត្រា​នៃ​ព្រះ ។ សូម​អាន យ៉ូហាន ១៩:៨–១១ដោយ​រកមើល​ចម្លើយ​របស់​លោក​ពីឡាត់ នៅពេល​លោក​បាន​ឮ​ថា ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ក៏​សូម​រកមើល​ផងដែរ​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅលោក​ពីឡាត់​អំពី​អំណាច​របស់​លោក​ពីឡាត់​ក្នុង​នាម​ជា​អភិបាល ។

ប្រសិន​បើ​អ្នក​មាន​មុខងារ​ដូច​ជា​ពីឡាត់ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា បន្ទាប់​ពី ស្តាប់​ឮ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា​អ្នក​គ្មាន​អំណាច​ប្រឆាំង​នឹង​ទ្រង់​ឡើយ « លើកលែង​តែ [ អំណាច​នោះ ] ដែល​បាន​ប្រទាន​មក​ពី​ឋាន​សួគ៌ » (យ៉ូហាន ១៩:១១) ?

សេចក្តី​ថ្លែង​របស់​ព្រះយេស៊ូវ​នៅក្នុង យ៉ូហាន ១៩:១១ អំពី​ពួក​អ្នក​ដឹកនាំ​របស់​ពួក​សាសន៍​យូដា​ថា​មាន​នូវ « អំពើ​បាប​ធ្ងន់ » បាន​បង្ហាញ​ថា ប្រសិនបើ​លោក​ពីឡាត់​ទោរទន់​ទៅ​តាម​ការស្នើសុំ​របស់​ហ្វូង​មនុស្ស ហើយ​បញ្ជា​ឲ្យ​ឆ្កាង​ព្រះយេស៊ូវ នោះ​លោក​ពីឡាត់​នឹង​មាន​កំហុស​ប្រព្រឹត្ត​បាប​—ទោះបី​ជា​ពុំ​មាន​កម្រិត​ដូច​គ្នា​ទៅ​នឹង​អស់​អ្នក​ដែល​ព្យាយាម​យ៉ាង​សកម្ម​ដើម្បី​ធ្វើគុត​ព្រះយេស៊ូវ​ក្ដី ។

សូម​អាន ម៉ាថាយ ២៧:១៩ដោយ​កត់សម្គាល់​ពី​អ្វី​ដែល​ភរិយា​របស់​លោក​ពីឡាត់​បាន​ប្រឹក្សា​ដល់​គាត់​ឲ្យ​ធ្វើ ។ បន្ទាប់​មក​អាន យ៉ូហាន ១៩:១២–១៥ដោយ​រកមើល​ការឆ្លើយតប​ដែល​លោក​ពីឡាត់​បាន​ព្យាយាម​ធ្វើ​ជាមួយ​នឹង​ព្រះយេស៊ូវ និង របៀប​ដែល​ពួក​សាសន៍​យូដា​ព្យាយាម​សម្លាប់​ព្រះយេស៊ូវ ។

សូម​កត់​សម្គាល់​នៅក្នុង យ៉ូហាន ១៩:១២ អំពី​របៀប​ដែល​ពួក​អ្នក​ដឹកនាំ​សាសន៍​បាន​គំរាមកំហែង​លោក​ពីឡាត់ នៅពេល​ពួកគេ​បាន​ដឹង​ថា​លោក​ចង់​ដោះលែង​ព្រះយេស៊ូវ ។

ដើម្បី​ដាក់​គំនាប​លើ​លោក​ពីឡាត់ នោះ​ពួក​សាសន៍​យូដា បាន​រំឭក​ពីឡាត់​ថា ប្រសិន​បើ​គាត់​ដោះលែង​ព្រះយេស៊ូវ នោះ​គាត់​នឹង​ត្រូវ​ចាត់​ទុក​ថា​ពុំ​ស្មោះត្រង់​នឹង​សេសារ​ឡើយ ។ ប្រសិនបើ​ពួក​សាសន៍​យូដា​រាយការណ៍​ពី​ភាព​ពុំ​ស្មោះត្រង់​នេះ នោះ​សេសារ​អាច​ដក​យក​តំណែង និង អំណាច​ជា​អ្នក​អភិបាល​របស់​លោក​ពីឡាត់ ។ នៅ​ត្រង់​ចំណុច​នេះ លោក​ពីឡាត់​ត្រូវតែ​ជ្រើសរើស​យក​រវាង​ការស្វែងរក​សារៈប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គាត់ និង ការដោះលែង​ព្រះយេស៊ូវ ដែល​គាត់​បានដឹង​ថា​គ្មាន​ទោស​អ្វី​នោះ ។

សូម​អាន យ៉ូហាន ១៩:១៦ដោយ​រកមើល​អ្វី​ដែល​លោក​ពីឡាត់​បាន​ជ្រើស​ដើម្បី​ធ្វើ ។

រូបភាព
ព្រះគ្រីស្ទ និង លោក​ពីឡាត់

តើ​សកម្មភាព​របស់​លោក​ពីឡាត់​បង្រៀន​អ្វី​ខ្លះ​ដល់​យើង​អំពី​កង្វល់​ដ៏​ចម្បង​របស់​គាត់ ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅក្នុង​ជួរឈរ​ដែល​ដាក់​ថា « កង្វល់​របស់​លោក​ពីឡាត់ » សូម​សរសេរ​អ្វី​ដែល​លោក​ពីឡាត់​បាន​ខ្វល់ខ្វាយ​ខ្លាំង​បំផុត ។

ចេញ​ពីការសិក្សា​របស់​យើង​អំពី​កង្វល់​របស់​លោក​ពីឡាត់​ដែល​មាន​នៅក្នុង យ៉ូហាន ១៨–១៩យើង​រៀន​ថា ដោយ​ដាក់​ចំណាប់​អារម្មណ៍​ផ្ទាល់​របស់​យើង​ជា​ត្រីមុខ​ជាង​ការធ្វើ​អ្វី​ដែល​ត្រូវ​នោះ​នឹង​នាំ​យើង​ឲ្យ​ប្រព្រឹត្ត​បាប ។ សូម​សរសេរ​គោលការណ៍​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​នៅក្នុង​ជួរឈរ​ដែល​ដាក់​ថា « កង្វល់​របស់​លោក​ពីឡាត់ » ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ស្ថានភាព​ណា​ខ្លះ​ដែល​យើង​អាច​ត្រូវបាន​ល្បួង​ឲ្យ​ដាក់​ចំណាប់​អារម្មណ៍​ផ្ទាល់​របស់​យើង​ជា​ត្រីមុខ​ជាង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​នោះ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​យក​ឈ្នះ​លើ​ការល្បួង​ដែល​ឲ្យ​អ្នក​ដាក់​ចំណាប់​អារម្មណ៍​ផ្ទាល់​របស់​អ្នក​ជា​ត្រីមុខ​ជាង​ការ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ បើទោះបី​ជា​វា​ពុំ​ល្បីល្បាញ​ក៏​ដោយ​នោះ ?

យ៉ូហាន ១៩:១៧-៤២

ព្រះយេស៊ូវ​ត្រូវ​បាន​ឆ្កាង ហើយ​ព្រះសព​របស់​ទ្រង់​ត្រូវបាន​ដាក់​នៅក្នុង​ផ្នូរ

យើង​អាន​នៅក្នុង យ៉ូហាន ១៩:១៧–២៤ ថា​ព្រះយេស៊ូវ​បាន​លី​ឈើ​ឆ្កាង​របស់​ទ្រង់ ហើយ​បាន​ទៅ​ភ្នំ គាល់កូថា ជា​កន្លែង​ដែល​ទ្រង់​ត្រូវបាន​ឆ្កាង​នៅ​ម៉ោង​ប្រាំបួន​ព្រឹក ( សូមមើល ម៉ាកុស ១៥:២៥ម៉ោង​នេះ​គឺ​ជា​ម៉ោង​ប្រាំបួន​ព្រឹក​បន្ទាប់​ពី​ថ្ងៃ​រះ ) ។ សូម​អាន យ៉ូហាន ១៩:២៥–២៧ដោយ​រកមើល​ថា​នរណា​ដែល​នៅ​ក្បែរ​ឈើឆ្កាង នៅពេល​ព្រះយេស៊ូវ​ត្រូវ​បាន​ឆ្កាង ។

នៅពេល​ទ្រង់​ត្រូវបាន​បាន​គេ​ព្យួរ​នៅលើ​ឈើឆ្កាង តើ​ព្រះយេស៊ូវ​បាន​ខ្វល់​ពី​នរណា ?

ឃ្លា​ថា « សិស្ស​ម្នាក់ … ដែល [ ព្រះយេស៊ូវ ] ស្រឡាញ់ » (យ៉ូហាន ១៩:២៦) សំដៅ​លើ​សាវក​យ៉ូហាន ក៏​ស្គាល់​ផងដែរ​ថា​ជា​យ៉ូហាន​ដ៏​ជា​ទីស្រឡាញ់ ។ នៅពេល​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​កាន់​យ៉ូហាន « នុ៎ះ​ន៏ ម្តាយ​អ្នក ! » នោះ​ទ្រង់​បាន​កំពុង​បង្គាប់​ឲ្យ​យ៉ូហាន​មើល​ថែ​ម៉ារា ដែល​ជា​ម្តាយ​របស់​ទ្រង់ ហាក់​បី​ដូច​ជា​គាត់​គឺ​ជា​ម្តាយ​របស់​យ៉ូហាន​ផ្ទាល់ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅក្នុង​ជួរឈរ​ដែល​ដាក់​ថា « កង្វល់​របស់​ព្រះយេស៊ូវ​គ្រីស្ទ » សូម​សរសេរ​ខគម្ពីរ​ទាំងនេះ​ដែល​បង្ហាញ​ពី​កង្វល់​របស់​ព្រះយេស៊ូវ ។

ផ្អែកលើ​កង្វល់​ដែល​បាន​រកឃើញ​អំឡុង​ពេល​សិក្សា​របស់​អ្នក​អំពី យ៉ូហាន ១៨–១៩តើ​អ្នក​នឹង​ពិពណ៌នា​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ណា បើ​ប្រៀប​ទៅ​នឹង​បុគ្គលិក​លក្ខណៈ​របស់​លោក​ពីឡាត់ ?

ចេញ​ពី​ការសិក្សា​របស់​អ្នក​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​មាន​នៅក្នុង យ៉ូហាន ១៨–១៩យើង​រៀន​ថា យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ជ្រើសរើស​ជួយ​អ្នក​ដទៃ ទោះបី​ជា​យើង​កំពុង​តែ​ត្រូវការ​ជំនួយ​សម្រាប់​ខ្លួន​យើង​ក្តី ។ សូម​សរសេរ​គោលការណ៍​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​នៅក្នុង​ជួរឈរ​ដែល​ដាក់​ថា « កង្វល់​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖ « បុគ្គលិក​លក្ខណៈ​ត្រូវ​បាន​បើក​សម្តែង … នៅក្នុង​អំណាច​ដើម្បី​ញែក​ដឹង​ពី​ការរងទុក្ខ​របស់​មនុស្ស​ផ្សេង​ទៀត នៅពេល​យើង​ខ្លួន​ឯង​ផ្ទាល់​កំពុង​តែ​រងទុក្ខ នៅក្នុង​លទ្ធភាព​ដើម្បី​ដឹង​ពី​សេចក្តី​ស្រេក​ឃ្លាន​របស់​មនុស្ស​ដទៃ នៅពេល​យើង​ស្រែកឃ្លាន និង នៅក្នុង​អំណាច​ដើម្បី​ឈោង​ទៅ​ជួយ និង បង្ហាញ​សេចក្តី​អាណិតអាសូរ​ដល់​សេចក្តី​ឈឺចាប់​ខាង​វិញ្ញាណ​របស់​មនុស្ស​ដទៃ នៅពេល​យើង​កំពុងតែ​នៅ​កណ្តាល​នៃ​ភាព​តានតឹង​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​របស់​យើង​នោះ ។ ហេតុដូច្នោះ​ហើយ បុគ្គលិក​លក្ខណៈ​នេះ​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​ដោយ​ការមើល និង ឈោង​ជួយ​អ្នក​ដទៃ ទោះ​ជា​ធម្មជាតិ​មនុស្ស ផ្តោតតែ​ទៅលើ​ចំណង់ និង​តម្រូវការ​ផ្ទាល់​ខ្លួនក្តី ។ ប្រសិនបើ​សមត្ថភាព​បែប​នេះ​ពិត​ជា​ទង្វើ​នៃ​លក្ខណៈ​វិនិច្ឆ័យ​របស់​បុគ្គលិកលក្ខណៈ​ខាង​សីលធម៌ នោះ​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​គឺ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​នៃ​បុគ្គលិកលក្ខណៈ​ដ៏​ស្ថិតស្ថេរ និង សប្បុរស​នេះ » (« The Character of Christ » [ Brigham Young University–Idaho Religion Symposium ថ្ងៃ​ទី ២៥ ខែ មករា ឆ្នាំ ២០០៣ ] byui.edu/devotionalsandspeeches) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅពេល​ណា ដែល​អ្នក​បាន​ឃើញ​នរណា​ម្នាក់​បាន​ធ្វើ​តាមគំរូ​របស់​ព្រះយេស៊ូវ ដោយ​ជ្រើសរើស​ជួយ​មនុស្ស​ដទៃ បើទោះបី​ជា​នៅពេល​ដែល​គាត់​កំពុង​ត្រូវការ​ជំនួយ​ក្តី ?

    2. តើ​អ្នក​គិត​ថា យើង​អាច​អភិវឌ្ឍ​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​បែប​នេះ ហើយ​ព្យាយាម​ជួយ​មនុស្ស​ដទៃ​ដោយ​របៀប​ណា បើទោះបី​ជា​នៅពេល​ដែល​យើង​កំពុង​ត្រូវការ​ជំនួយ​សម្រាប់​ខ្លួន​ឯង​យ៉ាង​ណា​ក្តី ?

    3. តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការជ្រើសរើស​ជួយ​មនុស្ស​ដទៃ បើ​ទោះជា​នៅពេល​អ្នក​កំពុង​ត្រូវការ​ជំនួយ​ជួយ​ខ្លួន​ឯង​ក្តី ?

យើង​រៀន​នៅក្នុង យ៉ូហាន ១៩:២៨–៤២ ថា​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត​នៅ​វេលា​ម៉ោង​បី ( សូមមើល ម៉ាកុស ១៥:៣៤) នោះ​យ៉ូសែប ជា​អ្នក​ស្រុក​អើរីម៉ាថេ បាន​សុំ​ព្រះសព​របស់​ព្រះយេស៊ូវ​ពី​លោក​ពីឡាត់ ។ ក្រោយមក​យ៉ូសែប និង នីកូដេម​បាន​រៀបចំ​ព្រះសព​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ដាក់​ព្រះសព​ទ្រង់​នៅក្នុង​ផ្នូរ​ដែល​យ៉ូសែប បាន​បរិច្ចាគ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ១៨–១៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖