បណ្ណាល័យ
មេរៀន​ទី ១៦ ថ្ងៃទី ៤ ៖ យ៉ូហាន ២០-២១


មេរៀន​ទី ១៦ ថ្ងៃទី ៤

យ៉ូហាន ២០-២១

សេចក្តីផ្ដើម

នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ការឆ្កាង ម៉ារា​ពី​ស្រុក​ម៉ាក់ដាឡា​បាន​ឃើញ​ថា​ផ្នូរ​ដែល​ដាក់​ព្រះសព​របស់​ព្រះយេស៊ូវ​បាន​នៅ​ទទេ​ស្អាត ហើយ​គាត់​បាន​ទៅ ហើយ​ប្រាប់​ពេត្រុស និង យ៉ូហាន ក្រោយ​មក​ពួកលោក​បាន​រត់ទៅ​ឯ​ផ្នូរ ។ ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​បង្ហាញ​ព្រះកាយ​ដល់​ម៉ារា ហើយ​ក្រោយ​មក​ដល់​ពួក​សិស្ស​របស់​ទ្រង់ ។ នៅ​លើ​ច្រាំង​សមុទ្រ​កាលីឡេ ព្រះយេស៊ូវ​បាន​អញ្ជើញ​ពេត្រុស​ឲ្យ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដោយ​ឲ្យ​ចំណី​ដល់​ចៀម​របស់​ទ្រង់ ។

យ៉ូហាន ២០:១-១០

ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា​ឃើញ​ផ្នូរ​របស់​ព្រះយេស៊ូវ​បាន​នៅ​ទទេ​ស្អាត ហើយ​ប្រាប់​ពេត្រុស និង យ៉ូហាន ហើយ​ក្រោយ​មក​ពួកលោក​បាន​រត់​ទៅ​ឯ​ផ្នូរ

រូបភាព
ការ​បញ្ចុះសព​ព្រះយេស៊ូវ

សូម​ស្រមៃ​ថា​អ្នក​អាច​មាន​អារម្មណ៍​បែប​ណា ប្រសិនបើ​អ្នក​មាន​វត្តមាន​នៅពេល​ព្រះសព​របស់​ព្រះយេស៊ូវ​ត្រូវបាន​បញ្ចុះក្នុង​ផ្នូរ​នោះ ។ វា​គឺ​នៅ​ថ្ងៃ​សុក្រ ហើយ​ការបញ្ចុះ​សព​របស់​ទ្រង់​ត្រូវតែ​បញ្ចប់​មុន​ថ្ងៃ​ឈប់​សម្រាក​របស់​ពួក​សាសន៍​យូដា ដែល​ចាប់​ផ្តើម​នៅពេល​សុរិយា​អស្តង់គត ហើយ​បន្ត​​រហូត​ដល់​ល្ងាច​នៅ​ថ្ងៃ​សៅរ៍​នោះ ។ ដូច​អ្នក​បាន​អាន​សេចក្តីថ្លែង​ការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូម​ស្រមៃ​ពី​របៀប​ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ទទួល​អារម្មណ៍ ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« ខ្ញុំ​គិត​អំពី​ពី​ភាព​ខ្មៅ​ងងឹត​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​សុក្រ​នោះ នៅពេល​ដែល​ព្រះគ្រីស្ទ​ត្រូវបាន​លើក​ឡើង​នៅ​លើ​ឈើ​ឆ្កាង ។

« នៅ​ថ្ងៃ​សុក្រ​ដ៏​សោកសៅ​នោះ ផែនដី​បាន​រំជួយ ហើយ​ងងឹត​កាន់តែ​ខ្លាំង ។ ព្យុះសង្ឃរា​បាន​បក់បោក​ខ្លាំង​លើ​ផែនដី ។

« មនុស្ស​ទុច្ចរិត​ទាំង​នោះ​បាន​ព្យាយាម​ផ្តាច់​ព្រះជន្ម​ទ្រង់​ដោយ​ក្តី​រីករាយ ។ ឥឡូវ​នេះ​ដោយ​ព្រះយេស៊ូវ​ពុំ​មាន​ទៀត​ឡើយ ពិត​ណាស់​ថា​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់​នឹង​បែកខ្ញែក​គ្នា ។ នៅ​ថ្ងៃ​នោះ​ពួកគេ​ឈរ​យ៉ាង​មាន​ជោគជ័យ ។

« នៅ​ថ្ងៃ​នោះ​វាំងនន​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន​រហែក​ជា​ពីរ ។

« ម៉ារា​ពី​ស្រុក​ម៉ាក់ដាឡា និង ម៉ារា​ម្តាយ​របស់​ព្រះយេស៊ូវ ទាំងពីរ​នាក់​បាន​មាន​ភាព​សោកសៅ និង ក្តី​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ។ បុរស​ដ៏​អស្ចារ្យ​ដែល​ពួកគេ​ស្រឡាញ់ និង គោរព​នោះ​បាន​ព្យួរ​ឲ្យ​ស្លាប់​នៅលើ​ឈើឆ្កាង ។

« នៅ​ថ្ងៃ​សុក្រ​នោះ​សាវក​បាន​ភ័យ​តក់ស្លុត ។ ព្រះយេស៊ូវ ព្រះអង្គសង្គ្រោះ​របស់​ពួកគេ—ជា​បុគ្គល​ម្នាក់​ដែល​ដើរ​លើ​ទឹក ហើយ​បាន​ប្រោស​មនុស្ស​ដែល​ស្លាប់—គឺ​ទ្រង់​ផ្ទាល់​នៅ​ក្នុង​សេចក្តីមេត្តាករុណា​នៃ​មនុស្ស​ទុច្ចរិត ។ ពួកគេ​បាន​មើល​ដោយ​ពុំ​ជួយ​អ្វី​ឡើយ នៅពេល​ពួក​មារសត្រូវ​របស់​ទ្រង់​បាន​យក​ឈ្នះ​លើ​ទ្រង់ ។

« នៅ​ថ្ងៃ​សុក្រ​នោះ​ព្រះអង្គសង្គ្រោះ​នៃ​មនុស្ស​លោក​ត្រូវបាន​ធ្វើ​ឲ្យ​អាម៉ាស់មុខ និង វាយ​ជំា ធ្វើ​បាប ព្រមទាំង​ជេរប្រមាថ ។

« វា​គឺ​ជា​ថ្ងៃ​សៅរ៍​ដែល​ពោរពេញ​ទៅដោយ​ភាព​ភ័យ​តក់ស្លុត ដែល​ជា​ភ្លើង​នៃ​ភាព​ទុក្ខព្រួយ​រំខាន​ដល់​ព្រលឹង​នៃ​អស់​អ្នក​ដែល​ស្រឡាញ់ និង គោរព​ព្រះរាជ​បុត្រា​នៃ​ព្រះ ។

« ខ្ញុំ​គិត​ថា​លើស​ពី​គ្រា​ទាំងអស់​ចាប់តាំង​ការចាប់ផ្តើម​នៃ​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​នេះ ថ្ងៃ​សុក្រ​នោះ​គឺ​ជា​ថ្ងៃ​ដ៏​សែន​សោកសៅ​បំផុត » (« Sunday Will Come » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២៩–៣០ ) ។

  1. សូម​ស្រមៃ​ថា​អ្នក​ជា​អ្នក​រាយការណ៍​សារព័ត៌មាន​នៅគ្រា​ដែល​ព្រះយេស៊ូវ​សុគត និង រស់ឡើង​វិញ ហើយ​ថា​អ្នក​ត្រូវបាន​សុំ​ឲ្យ​សរសេរ​អត្ថបទ​នានា​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​របាយការណ៍​សារព័ត៌មាន​មួយ ដូច​ជា​អ្នក​បាន​សម្ភាស​ពួក​សិស្ស​របស់​ព្រះយេស៊ូវ បន្ទាប់​ពី​ការសុគត និង ការបញ្ចុះ​សព​របស់​ទ្រង់ ។ អ្នក​អាច​ថ្លែង​ពី​គំនិត ឬ អារម្មណ៍​នានា​ដែល​ពួកគេ​បាន​ប្រាប់​ថា​មាន នៅពេល​ពួកគេ​បាន​មើល​ឃើញ​ផ្នូរ​របស់​ព្រះយេស៊ូវ​ត្រូវបាន​បិទ ។

បើ​ទោះបី​ជា​មាន​សោកនាដកម្ម​នៃ​ការសុគត និង ការបញ្ចុះ​សព​របស់​ព្រះអង្គសង្គ្រោះ​ក្តី អែលឌើរ វ៉ឺតលីន​ មាន​ប្រសាសន៍​ថា « ប៉ុន្តែ​គ្រោះកម្ម​នៃ​ថ្ងៃ​នោះ​ពុំ​មាន​ទៀត​ឡើយ » (« Sunday Will Come »ទំព័រ ៣០ ) ។

នៅពេល​អ្នក​សិក្សា យ៉ូហាន ២០សូម​រកមើល​ពី​មូលហេតុ​ដែល « គ្រោះកម្ម​នៃ​ថ្ងៃ​នោះ​ពុំ​មាន​ទៀត​ឡើយ » ។

សូម​អាន យ៉ូហាន ២០:១–២ដោយ​រកមើល​អ្វី​ដែល​ម៉ារា​មក​ពី​ស្រុក​ម៉ាដាឡា​បាន​ឃើញ នៅពេល​នាង​បាន​ទៅ​ដល់​ផ្នូរ​របស់​ព្រះយេស៊ូវ​នៅព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ ។

តើ​ម៉ារា​បាន​ធ្វើ​អ្វី នៅពេល​នាង​បាន​ឃើញ​ថា​ថ្ម​ត្រូវបាន​រមាល​ចេញ​ពី​ច្រក​ទ្វារ​ផ្នូរ ? តើ​គាត់​បាន​ជឿ​ថា អ្វី​បាន​កើត​ឡើង ?

សូម​អាន យ៉ូហាន ២០:៣–១០ដោយ​រកមើល​អ្វី​ដែល​ពេត្រុស និង យ៉ូហាន​ដែល​ត្រូវបាន​ហៅ​ថា​ជា « សិស្ស​មួយ​នោះ » (ខ​ទី ២) និង « សិស្ស​មួយ​នោះ » (ខ​ទី ៣) បានធ្វើ បន្ទាប់​ពី​ឮ​ដំណឹង​ពី​ម៉ារា ។

តើ​យ៉ូហាន​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា​នៅពេល​ឃើញ​ផ្នូរ​នៅ​ទទេ​នោះ ? តើ​លោក​បាន​ជឿ​អ្វី​ខ្លះ ?

រហូត​ដល់​យ៉ូហាន​បាន​មើល​នៅក្នុង​ផ្នូរ​ដែល​ទទេ​នោះ លោក​ពុំ​បាន​យល់​ទាំង​ស្រុង​ពី​ការប្រកាស​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ថា ទ្រង់​នឹង​រស់​ឡើង​វិញ​ពី​ស្លាប់​នៅ​ថ្ងៃ​ទី​បី ។ ដោយ​ឃើញ​ថា​ផ្នូរ​នៅ​ទទេ នោះ​យ៉ូហាន​បាន​ចាំ​ពី​រឿង​នោះ ហើយ​បាន​ជឿ ( សូមមើល យ៉ូហាន ២០:៨–៩) ។

យ៉ូហាន ២០:១១-៣១

ព្រះអង្គ​សង្គ្រោះ ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​បង្ហាញ​ព្រះកាយ​ដល់​ម៉ារា​មក​ពី​ស្រុក​ម៉ាដាឡា ហើយ​ក្រោយ​មក​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​ពួក​សិស្ស

សូម​អាន យ៉ូហាន ២០:១១–១៥ដោយ​រកមើល​ថា​នរណា​និយាយ​ទៅកាន់​ម៉ារា បន្ទាប់​ពី​ពេត្រុស និង យ៉ូហាន​បាន​ចេញ​ពី​ផ្នូរ​ទៅ​នោះ ។

សូម​អាន យ៉ូហាន ២០:១៦–១៨, ដោយ​រកមើល អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្គាប់​ឲ្យ​ម៉ារា​ធ្វើ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ឃ្លា « កុំពាល់​ខ្ញុំ » នៅក្នុង យ៉ូហាន ២០:១៧៖ « កំណែ​របស់​ស្តេច​ជេមស៍ ដកស្រង់​បន្ទូល​របស់​ព្រះយេស៊ូវ​ដែល​មាន​បន្ទូល​ថា ‹ កុំពាល់​ខ្ញុំ › ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​អាន​ថា ‹ កុំ​ឱប​ខ្ញុំ › ។ ការបកប្រែ​ផ្សេង​ទៀត​ពី​ភាសា​ក្រិក​បកស្រាយ​វគ្គ​បទគម្ពីរ​នេះ​ថា​ជា ‹ កុំ​តោង​ជាប់​នឹង​ខ្ញុំ › ឬ ‹ កុំ​ឱប​ខ្ញុំ › ។ អ្នក​ខ្លះ ផ្តល់​អត្ថន័យ​ថា ‹ កុំ​តោង​ខ្ញុំ​ទៀត​ឡើយ › ឬ ‹ កុំ​ឱប​ខ្ញុំ​ទៀត​ឡើយ › ។ អ្នក​ខ្លះ និយាយ​ពី​ការឈប់​ឱប​ទ្រង់ ឬ តោង​ជាប់​នឹង​ទ្រង់ ដោយ​បន្សល់​ទុក​នូវ​ការសន្និដ្ឋាន​ថា​ម៉ារា​បាន​ឱប​ទ្រង់​រួច​ទៅ​ហើយ ។ មាន​ហេតុផល​សមរម្យ​ចំពោះ​ការគិត​ស្មាន ថា​គំនិត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ដល់​ម៉ារា ដោយ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​គឺ​មាន​លទ្ធផល​នេះ ៖ ‹ អ្នក​ពុំ​អាច​ពាល់​យើង​នៅ​ទីនេះ​បាន​ឡើយ ដ្បិត​យើង​កំពុង​យាង​ឡើង​ទៅ​កាន់​ព្រះវរបិតា​យើង › » (The Mortal Messiah From Bethlehem to Calvary វ៉ុល ៤ [ ឆ្នាំ ១៩៧៩–៨១ ] ៤:២៦៤ ) ។

រូបភាព
ព្រះគ្រីស្ទ និង ម៉ារា

ព្រះយេស៊ូវ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​បង្ហាញ​ព្រះកាយ​ដល់​ម៉ារា​មក​ពីស្រុក​ម៉ាដាឡា ។

យោង​តាម យ៉ូហាន ២០:១៧តើ​មាន​អ្វី​ខ្លះ​ទៀត​ដែល​ព្រះយេស៊ូវ​បាន​បង្គាប់​ឲ្យ​ម៉ារា​ធ្វើ ?

  1. សូម​បន្ត​ស្រមៃ​គិត​ថា​អ្នក​គឺ​ជា​អ្នក​រាយការណ៍​សារព័ត៌មាន អំឡុង​ព្រឹត្តិការណ៍​ទាំងនេះ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​របាយការណ៍​សារព័ត៌មាន​មួយ ប្រសិនបើ​អ្នក​បាន​សម្ភាស​ម៉ារា​មក​ពី​ស្រុក​ម៉ាដាឡា ។ អ្នក​អាច​សរសេរ​អំពី​ទីបន្ទាល់​របស់​នាង អំពី​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង ចម្លើយ​របស់​នាង​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ៖ តើ​អ្នក​បាន​គិត​អ្វី​ខ្លះ នៅពេល​អ្នក​ឃើញ​ថា​ផ្នូរ​នោះ​នៅ​ទទេ​ស្អាត ? តើ​អ្នក​បាន​ធ្វើអ្វី​ក្រោយ​មក​ទៀត ? តើ​នៅពេល​ណា​ដែល​អ្នក​ដឹង​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅតែ​មាន​ព្រះជន្ម​រស់​នៅ​ឡើយ ? នៅក្នុង​របាយការណ៍​របស់​អ្នក សូម​សរសេរ​ថា​តើ​អ្នក​ជឿ​លើ​ដំណើរ​រឿង​របស់​ម៉ារា ឬក៏​អត់ និង មូលហេតុ​ដែល​ជឿ ។

សូម​ចាំ​ថា​ពួក​សិស្ស​មួយ​ចំនួន​មាន​ការលំបាក​ដើម្បី​ជឿ​ពី​ទីបន្ទាល់​របស់​ម៉ារា ( សូមមើល ម៉ាកុស ១៦:១១) ។ សូម​អាន យ៉ូហាន ២០:១៩–២០ដោយ​រកមើល​អ្វី​បាន​កើត​ឡើង​នៅ​ល្ងាច​នោះ ។

ចេញ​ពី​ដំណើរ​រឿង​នេះ​យើង​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​យក​ឈ្នះ​លើ​សេចក្តី​ស្លាប់​តាមរយៈ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ។

ស្របតាម យ៉ូហាន ២០:២០តើ​ពួក​សិស្ស​មាន​អារម្មណ៍​បែប​ណា នៅពេល​ពួកគេ​បាន​ឃើញ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ?

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន បាន​ពន្យល់​ពី មូលហេតុ « គ្រោះកម្ម​នៃ ​[ ថ្ងៃ​សុក្រ​ដ៏​សោកសៅ ] នោះ​គ្មាន​ទៀត​ឡើយ » ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« ភាព​អស់​សង្ឃឹម​ក៏​មិន​នៅ​យូរ​ប៉ុន្មាន​ដែរ ពីព្រោះ​នៅថ្ងៃ​អាទិត្យ​ព្រះអម្ចាស់​បាន​រស់​ឡើង​វិញ ស្រាយ​ចំណង​ទំាងឡាយ​នៃ​សេចក្តីស្លាប់ ។ ទ្រង់​បាន​យាង​ចេញ​ពី​ផ្នូរ ហើយ​បង្ហាញ​ជោគជ័យ​ដ៏​រុងរឿង ជា​ព្រះអង្គ​សង្គ្រោះ​នៃ​គ្រប់​ពូជ​មនុស្ស ។ …

« យើង​ម្នាក់ៗ​នឹង​មាន​នូវ​ថ្ងៃ​សុក្រ​បែប​នោះ​របស់​យើង—គឺ​ជា​ថ្ងៃ​នានា​ដែល​នៅពេល​ភពផែន​ដី​ខ្លួន​ឯង​នេះ​ញ័រ​រំជួយ ហើយ​បែក​ជា​បំណែក​រាយប៉ាយ​នៅ​ជុំ​វិញ​យើង ។ យើង​ទាំងអស់​គ្នា​នឹង​ជួប​បទពិសោធន៍​ខូច​ចិត្ត​ទាំង​នោះ នៅពេល​វា​ហាក់​បីដូច​ជា​យើង​ពុំ​អាច​ត្រូវ​បាន​ដាក់​ឲ្យ​ជួប​ជុំ​គ្នា​វិញ​ឡើយ ។ យើង​ទាំងអស់​គ្នា​នឹង​មាន​នូវ​ថ្ងៃ​សុក្រ​នោះ ។

« ប៉ុន្តែ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​នៅក្នុង​ព្រះនាម​នៃ​ព្រះ​មួយ​អង្គ​ដែល​មាន​ជ័យជំនះ​លើ​សេចក្តី​ស្លាប់—ថា​ថ្ងៃ​អាទិត្យ​នោះ​នឹង​កើត​មាន ។ នៅក្នុង​ភាពសោកសៅ​ដ៏​ខ្លាំងក្លា​របស់​យើង នោះ​ថ្ងៃ​អាទិត្យ​នឹង​កើត​មាន​ឡើង ។

« មិន​ថា​សេចក្តីត្រូវការ​របស់យើង ភាពសោកសៅ​របស់​យើង​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ នោះ​ថ្ងៃ​អាទិត្យ​នឹង​កើត​មាន​ឡើង ។ ទោះ​ជា​នៅ​ក្នុង​ជីវិត​នេះ ឬ ជីវិត​បន្ទាប់​ពី​នេះ​ក្តី នោះ​ថ្ងៃ​អាទិត្យ​នឹង​កើត​មាន​ឡើង » (« Sunday Will Come »ទំព័រ ៣០ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការដឹង​ថា​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ជួយ​យើង​នៅពេល​យើង​សោកសៅ​ចំពោះ​ការស្លាប់​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​ដោយ​របៀប​ណា ?

    2. តើ​ការសន្យា​នៃ​ការរស់​ឡើង​វិញ​អាច​ជួយ​យើង​អំឡុង​គ្រា​ដ៏​លំបាក​នានា​ផ្សេង​ទៀត​នៃ​បទពិសោធន៍​នេះ​បាន​ដោយ​របៀប​ណា ?

យ៉ូហាន ២០:២១-២៣ កត់ត្រា​ថា​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​បង្ហាញ​ពួក​សិស្ស​របស់​ទ្រង់​ពី​របួស​នៅក្នុង​ព្រះហស្ត និង ចំហៀង​ទ្រង់ នោះ​ទ្រង់​បាន​ថ្វាយ​អំណាច​ឲ្យ​ពួកគេ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ទៅ​ពួកគេ​ថា « ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » (យ៉ូហាន ២០:២២) ដែល​មាន​ន័យ​ថា ទ្រង់​ប្រទាន​ពរ​ដល់​ពួកគេ​ឲ្យ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ប៉ុន្តែ​ពួកគេ​នឹង​ពុំ​រីករាយ​នឹង​ពរជ័យ​ពេញលេញ​នៃ​ព្រះវិញ្ញាណ​ឡើយ​រហូត​ដល់​ពេល​ក្រោយ​មក​ទៀត ។ ទ្រង់​ក៏​បាន​បង្រៀន​អំពី​ទំនួល​ខុសត្រូវ​របស់​ពួកគេ ឲ្យ​ជួយ​មនុស្ស​ដទៃ​ទទួល​នូវ​ការផ្តាច់បាប​របស់​ពួកគេ​ផងដែរ ។

សូម​អាន យ៉ូហាន ២០:២៤–២៥ដោយ​រកមើល​ឈ្មោះ​សាវក ដែល​ពុំ​មាន​វត្តមាន​នៅក្នុង​ឱកាស​ដ៏​ពិសិដ្ឋ​នោះ ។

សូម​កំណត់សម្គាល់​នៅក្នុង ខ​ទី ២៥ ពី​អ្វី​ដែល ថូម៉ាស ត្រូវការ​ដើម្បី​លោក​អាច​ជឿ ។ ហេតុអ្វី​អ្នក​គិត​ថា វា​មាន​ការលំបាក​ចំពោះ​លោក​ឲ្យ​ជឿ​ថា​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ?

គំនិត​អំពី​ការរស់​ឡើង​វិញ​គឺ​មាន​ការលំបាក​ដល់​ពួក​សិស្ស​ស្ទើរតែ​គ្រប់​គ្នា ឬ ទាំងអស់​គ្នា ដើម្បី​យល់​អំឡុង​ពេល​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ ។ ដូច​ជា​ពួក​សិស្ស​ដទៃ​ទៀត​ដែរ ថូម៉ាស​ពុំ​អាច​យល់​ពី​ការរស់ឡើង​វិញ​ឡើយ ហើយ​លោក​ចង់​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ។

សូម​អាន យ៉ូហាន ២០:២៦-២៩ដោយ​រកមើល​អ្វី ដែល​ថូម៉ាស​បាន​មាន​បទពិសោធន៍​នៅ​ប្រាំបី​ថ្ងៃ​ក្រោយ​មក ។

សូម​កត់សម្គាល់​ថា​ព្រះយេស៊ូវ​បាន​អញ្ជើញ​ថូម៉ាស « កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ » (យ៉ូហាន ២០:២៧) ។ ចេញ​ពី​បទពិសោធន៍​របស់​ថូម៉ាស យើង​រៀន​ថា យើង​នឹង​ទទួល​ពរ ប្រសិនបើ​យើង​ជ្រើសរើស​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ទោះបី​ជា​នៅពេល​យើង​ពុំ​អាច​ឃើញ​ទ្រង់​ក្តី ។

អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង នៃ​ពួក​ចិតសិប​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង

« ជំនឿ​គឺ​ជា​ជម្រើស ។ …

« នៅពេល​យើង​ជ្រើស​ដើម្បី​ជឿ នោះ​យើង​យល់ ហើយ​ឃើញ​កិច្ចការ​នានា​ក្នុង​របៀប​ជា​ច្រើន ។ នៅពេល​យើង​ឃើញ និង រស់​នៅ​តាម​របៀប​នោះ យើង​នឹង​រីករាយ ហើយ​មាន​អំណរ​នៅក្នុង​របៀប​មួយ​ដែល​មាន​តែ​ដំណឹង​ល្អ​តែ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​វា​កើត​មាន​ឡើង » (« Choose Goodness and Joy » New Era ខែ សីហា ឆ្នាំ ២០១១ ទំព័រ ៤៤ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​អ្នក​ជ្រើសរើស​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ បើទោះបី​ជា​អ្នក​ពុំ​បាន​ឃើញ​ទ្រង់​ដោយ​ភ្នែក​ផ្ទាល់​របស់​អ្នក​ក្តី ?

    2. តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្ហាញ​ថា យើង​បាន​ជ្រើសរើស​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

    3. តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរ តាមរយៈ​ការជ្រើសរើស​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

សូមអាន យ៉ូហាន ២០:៣០-៣១ដោយ​រកមើល​ពី​មូលហេតុ​ដែល​យ៉ូហាន​បាន​កត់ត្រា​ពី​ព្រឹត្តិការណ៍​ទាំង​នេះ ។

ចេញ​ពី​ខគម្ពីរ​ទាំងនេះ យើង​អាច​រៀន​សេចក្តីពិត​ខាងក្រោម​នេះ ៖ ពួកសាវក និង ពួក​ព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​យើង​អាច​ជឿ​ថា ទ្រង់​គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះ ។ តាមរយៈ​ការជ្រើសរើស​ជឿ​លើ​ទីបន្ទាល់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ពួក​សាវក និង ព្យាការី​ហើយ​បន្ទាប់​មក​រស់នៅ​តាម​ទីបន្ទាល់​នោះ​ដោយ​ពិតប្រាកដ នោះ​យើង​អាច​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ។

  1. សូម​សរសេរ​ឲ្យ​បាន​ពីរ​កថាខណ្ឌ​យ៉ាង​តិច ដោយ​ឆ្លើយ​សំណួរ​ខាង​ក្រោម​នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ៖ ចេញពី​អ្វីៗ​ទាំងអស់​ដែល​បាន​សរសេរ​នៅក្នុង​ដំណឹង​ល្អ​របស់​ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន តើ ព្រឹត្តិការណ៍ ឬ ការបង្រៀន​អ្វី​ខ្លះ​ចេញ​ពី​ការបម្រើ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​ជួយ​អ្នក​ឲ្យ​ជឿ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ? ហេតុអ្វី ? សូម​ត្រៀម​ខ្លួន​ចែកចាយ​អ្វី ដែល​អ្នក​សរសេរ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

យ៉ូហាន ២១:១–១៧

ព្រះអម្ចាស់​ដែល​មាន​ព្រះជន្មរស់​ឡើង​វិញ បង្ហាញ​ព្រះកាយ​ដល់​ពួកសិស្ស​មួយ​ចំនួន​របស់​ទ្រង់​នៅ​សមុទ្រ​ទីបេរាស

យ៉ូហាន ២១:១–១៧ កត់ត្រា​ថា ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​បង្ហាញ​ព្រះកាយ​ម្តង​ទៀត ដល់​ពួក​សិស្ស​ទ្រង់​មួយ​ចំនួន​ទៀត ខណៈ​ដែល​ពួកគេ​នេសាទ​ត្រី ។ នៅពេល​ពួកគេ​បាន​ឃើញ​ព្រះយេស៊ូវ នោះ​ពួកគេ​បាន​ត្រឡប់​ទៅ​ច្រាំង​វិញ​យ៉ាង​លឿន ហើយ​ពួកគេ​បាន​បរិភោគ​ត្រី និង នំបុ័ង​ជាមួយ​ទ្រង់ ។ អំឡុង​ពេល​បរិភោគ​អាហារ ព្រះយេស៊ូវ​បាន​អញ្ជើញ​ពេត្រុស​ឲ្យ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​លោក​ដល់​ទ្រង់ ដោយ​លាលែង​ពី​ជីវិត​ជា​អ្នក​នេសាទ​ត្រី​របស់​លោក ហើយ​បម្រើ​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់ ។

យ៉ូហាន ២១:១៨-២៥

ព្រះយេស៊ូវ​ប្រាប់​ពី​ការរងទុក្ខ​ទុក្ករកម្ម​របស់​ពេត្រុស និង ការបកប្រែ​របស់​យ៉ូហាន

នៅក្នុង យ៉ូហាន ២១:១៨–១៩ យើង​អាន​ថា ព្រះយេស៊ូវ​បាន​ព្យាករ​ថា នៅពេល​ពេត្រុស​ចាស់ លោក​នឹង « សន្ធឹង​ដៃ [ របស់​លោក ]​ទៅ » (យ៉ូហាន ២១:១៨) ហើយ​នាំ​លោក​ទៅ​កន្លែង​ដែល​លោក​មិន​ចង់​ទៅ​ផង ។ វា​ជា​ទម្លាប់​ដែល​ជឿ​ថា ពេត្រុស​បាន​ស្លាប់​ដោយសារ​ការឆ្កាង ។ ប៉ុន្តែ​គេ​និយាយ​ថា ពេត្រុស​បាន​ស្នើសុំ​ឲ្យ​គេ​ឆ្កាង​លោក​ដាំ​ក្បាល​ចុះ​ក្រោម ដោយ​ព្រោះ​លោក​ចាត់​ទុក​ខ្លួន​ឯង​ដោយ​រាបសារ​ថា ពុំ​សក្តិសម​នឹង​ស្លាប់​តាម​របៀប​ដូច​ព្រះអង្គ​សង្គ្រោះ​ឡើយ ( សូមមើល យ៉ូសែប ហ៉្វីលឌីង ស៊្មីធ Doctrines of Salvation, ចងក្រង​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល​ទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ៣:១៥១–៥២ ) ។

បន្ទាប់​ពី​ឮ​អំពី​ការព្យាករ​នេះ ពេត្រុស​បាន​សួរ​ពី​អ្វី​នឹង​កើត​ឡើង​ដល់​សាវក​យ៉ូហាន ឬ យ៉ូហាន​ដ៏​ជា​ទី​ស្រឡាញ់ ( សូមមើល យ៉ូហាន ២១:២០–២១) ។ សូម​អាន យ៉ូហាន ២១:២២-២៣ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​តប​ទៅ​ពេត្រុស ។

ពាក្យ​ថា នៅ នៅក្នុង ខ​ទី ២២ មាន​ន័យ​ថា​បន្ត​រស់នៅ​លើ​ផែនដី​នេះ ។ ហេតុដូច្នេះ​ហើយ យ៉ូហាន​នឹង​បន្ត​រស់នៅ​លើ​ផែនដី​នេះ ជា​តួអង្គ​ប្រែរូប រហូត​ដល់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តួអង្គ​ប្រែរូប​គឺ​ជា « បុគ្គល​ទាំងឡាយ​ណា​ដែល​ត្រូវបាន​ផ្លាស់ប្រែ ប្រយោជន៍​ឲ្យ​ពួកគេ​ពុំ​ជួប​នូវ​បទពិសោធន៍​នៃ​ការឈឺចាប់ ឬ សេចក្តី​ស្លាប់​ឡើយ រហូត​ដល់​ការរស់​ឡើង​វិញ​របស់​ពួកគេ​ទៅរក​អមតៈភាព » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការប្រែរូប » scriptures.lds.org) ។

យោង​តាម យ៉ូហាន ២១:២២តើ​ព្រះយេស៊ូវ​បាន​ចង់​ឲ្យ​ពេត្រុស​ផ្តោត​ទៅ​លើ​អ្វី ជាជាង​ខ្វល់ខ្វាយ​ពី​ខ្លួន​ឯង ជាមួយ​នឹង​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​យ៉ូហាន​នោះ ?

សូម​អាន យ៉ូហាន ២១:២៤–២៥ដោយ​រកមើល​អ្វី​ដែល​យ៉ូហាន​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដឹង នៅពេល​លោក​បាន​បញ្ចប់​កំណត់ត្រា​របស់​លោក ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ២០–២១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖