បណ្ណាល័យ
មេរៀន​ទី ១០ ថ្ងៃទី ២ ៖ លូកា ៦:១–៧:១៨


មេរៀន​ទី ១០ ៖ ថ្ងៃ​ទី ២

លូកា ៦:១–៧:១៨

សេចក្តីផ្ដើម

ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើល្អ​ចំពោះ​អ្នក​ដទៃ រួមទាំង​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក ។ បន្ទាប់ពី​បាន​ចំណាយ​ពេល​មួយ​យប់​នៅ​ក្នុងការ​អធិស្ឋាន ទ្រង់​បាន​ហៅ​ពួក​សាវក​ដប់ពីរ​នាក់​មក រួច​ហើយ​បង្រៀនពួកគេ និង​ហ្វូងមនុស្ស​ដ៏ច្រើន​មួយ​ក្រុម ។ ទ្រង់​ក៏​បាន​ព្យាបាល​ដល់​បាវ​សំណព្វ​របស់​មេទ័ព​ម្នាក់ ហើយ​បាន​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ពី​ស្លាប់ ។

លូកា ៦

ព្រះយេស៊ូវ​ព្យាបាល​នៅថ្ងៃ​ឈប់សម្រាក ជ្រើសរើស​សាវក​ដប់ពីរនាក់ ហើយ​បង្រៀន​ដល់​ហ្វូងមនុស្ស

សូម​ស្រមៃ​ថា នៅក្នុង​ការប្រជុំ​នៅ​ព្រះវិហារ​របស់​អ្នក​នៅថ្ងៃ​អាទិត្យ អ្នក​ស្ដាប់​ឮ​ការ​ប្រកាស​មួយ​អំពី​គម្រោង​ការបម្រើ​ដល់​គ្រួសារ​មួយ​ដែល​រស់នៅ​ជិត​ខាង​អ្នក ។ បន្ទាប់ពី​ការ​ប្រកាស​ត្រូវ​បាន​ធ្វើឡើង អ្នក​បាន​ស្ដាប់​ឮ​ការ​ឆ្លើយ​តប​ដូច​តទៅ​នេះ ៖

  • « គ្រួសារ​នោះ​មានរឿង​ច្រើនណាស់​ក្នុងពេល​ថ្មីៗ​នេះ ។ ខ្ញុំ​រីករាយ​នឹង​ជួយ​ឲ្យ​អស់ពី​លទ្ធភាព​ដែល​ខ្ញុំអាច​ធ្វើទៅបាន » ។

  • « វា​គួរ​តែ​មាន​អាហារ​ហូប​បន្ទាប់ពី​នោះ ប្រសិន​បើ​គ្មានទេ នោះ​ខ្ញុំ​នឹង​មិន​ទៅ​ទេ » ។

  • « ខ្ញុំ​ពិត​ជា​មិន​ចង់ទៅ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​ប្រើប្រាស់​ជំនួយ​ខ្លះ​ៗ​នៅ​សប្ដាហ៍​ក្រោយ​ជាមួយ​នឹង​គម្រោង​មួយ​ដែល​ខ្ញុំ​កំពុង​រៀបចំ ដូច្នេះ​ប្រហែល​ជា​ខ្ញុំ​គប្បី​ជួយ​ឥឡូវ​នេះ » ។

  • « ប្រសិន​បើ​មិត្ត​របស់​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ទៅដែរ » ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ចម្លើយ​ដែល​ផ្តល់​យោបល់ អំពី​ហេតុផល​ដែល​មនុស្ស​បម្រើ​គ្នា ។

សូម​គិត​អំពី​ឱកាស​ជាច្រើន​ដែល​អ្នក​ត្រូវតែ​បម្រើ និង​របៀប​ដែល​អ្នក​មាន​អារម្មណ៍​អំពី​ការបម្រើ ។ នៅពេល​អ្នក​សិក្សា លូកា ៦–៧សូម​រក​មើល​គោលការណ៍​នានា​ដែល​អាច​ជួយ​អ្នក​ឲ្យ​ផ្តល់​ការបម្រើ​ក្នុង​របៀប​មួយ​កាន់តែ​មាន​អត្ថន័យ ។

ខណៈ​ដែល​ព្រះយេស៊ូវ​ស្ថិត​នៅ​ក្នុង​ស្រុក​កាលីឡេ ក្នុងការ​បម្រើ​របស់​ទ្រង់​ពី​ដំបូង ទ្រង់បាន​ព្យាបាល​បុរស​ដែល​ក្រង៉ង់​ដៃ​នៅថ្ងៃ​ឈប់​សម្រាក ( សូមមើល លូកា ៦:៦–១០) បាន​ចំណាយពេល​មួយ​យប់​ធ្វើការ​អធិស្ឋាន ហើយបាន​ហៅ​ពួក​សាវក​ដប់ពីរ​នាក់ ( សូមមើល លូកា ៦:១២–១៣) ។ បន្ទាប់មក ទ្រង់ បាន​ចាប់​ផ្ដើម​បង្រៀន​ពួកគេ និង « បណ្តាជន​កកកុញ » (លូកា ៦:១៧) ពី​របៀប​ដើម្បី​ទទួល​បាន​រង្វាន់​ពី​ស្ថានសួគ៌ ។ ទេសនកថា​នេះ​នៅក្នុង លូកា ៦ ជាញឹកញាប់​សំដៅ​ថា​នេះ​ជា​ទេសសកថា​នៅលើ​វាល​ទំនាប ហើយ​វា​ស្រដៀង​ទៅ​នឹង​ទេសនកថា​នៅ​លើ​ភ្នំ​នៅក្នុង ម៉ាថាយ ៥–៧។ « មាន​ទស្សន​ផ្សេងៗ​គ្នា​ជា​ច្រើន​ទាក់ទង​នឹង​ទេសនកថា​នេះ​ថា តើ​ទេសនកថា​នៅ​លើ​ភ្នំ ដែល​បាន​កត់ត្រា​ដោយ​ម៉ាថាយ និង ទេសនកថា​នៅ​លើ​វាលទំនាប​ដែល​បាន​កត់ត្រា​ដោយ​លូកា​ជា​ព្រឹត្តិការណ៍​ដូចគ្នា ឬ ខុស​គ្នា ។ ទោះជា​យ៉ាង​ណា​ក្តី កាលប្រវត្តិ​ដែល​បាន​កើត​ឡើង និង បរិបទ​នៃ​កំណត់ត្រា​របស់​លូកា​ហាក់​បី​ដូច​ជា​បង្ហាញ​ថា​ទេសនកថា​ដូចគ្នា​នេះ​ត្រូវបាន​កត់ត្រា​នៅក្នុង លូកា ៦ និង ម៉ាថាយ ៥–៧» (New Testament Student Manual Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ១៥២–៥៣សូមមើល​ផងដែរ Bible Dictionary « Sermon on the Mount », Harmony of the Gospels) ។ (កំណត់ចំណាំ ៖ មាតិកា​ជាច្រើន​នៅក្នុង លូកា ៦ ត្រូវ​បាន​រៀន​រួច​ហើយ នៅពេល​អ្នក​បាន​សិក្សា ម៉ាថាយ ៥-៧,​ ១០:១-៤និង ម៉ាកុស ៣:១-៦) ។

សូម​អាន លូកា ៦:១៩​ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​មនុស្ស មុន​ពេល​ទ្រង់​បាន​ចាប់​ផ្ដើម​បង្រៀន​ដល់​ពួកគេ ។

បន្ទាប់មក​សូម​អាន លូកា ៦:៣១ដោយ​រកមើល​ព្រះឱវាទ​របស់​ព្រះយេស៊ូវ​ចំពោះ​ពួក​សិស្ស​របស់​ទ្រង់ ។

តើ​ការចងចាំ​ថា​យើង​គួរតែ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដូច​ដែល​យើង​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង អាច​ជះឥទ្ធពល​លើ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​យ៉ាង​ដូចម្តេច ?

សូមអាន លូកា ៦:៣២-៣៥ដោយ​រកមើល​ព្រះឱវាទ​បន្ថែម​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​ពួក​សិស្ស​របស់​ទ្រង់​អំពី​ការស្រឡាញ់ និង ការបម្រើ​មនុស្ស​ដទៃ ។ អ្នក​អាច​គូស​ចំណាំ​នៅក្នុង ខ ៣៥ នូវ​អ្វី​យើង​គប្បី​រំពឹង​ចង់​បាន ពី​ការធ្វើល្អ​ដល់​អ្នក​ដទៃ ? សូម​កត់ចំណាំ​នូវ​អ្វី​ដែល ព្រះអម្ចាស់ បាន​សន្យា​ដល់​អ្នក​ទាំងឡាយ ដែល​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ​ដោយ​ពុំ​រំពឹង​ចង់​បាន​អ្វី​មក​វិញ​ជាការ​តបស្នង​នោះទេ ។

គោលការណ៍​មួយ​ដែល​យើង​រៀន​ពី​ខគម្ពីរ​ទាំង​នេះ​គឺ​ថា ប្រសិន​បើ​យើង​ធ្វើល្អ​នឹង​អ្នកដទៃ​ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ នោះ​រង្វាន់​របស់​យើង​នឹង​មហិមា ហើយ​យើង​នឹង​ក្លាយ​ជា​កូនចៅ​នៃ​ព្រះដ៏​ខ្ពស់​បំផុត

សូម​កត់ចំណាំ​ឃ្លា « អ្នក​នឹង​ធ្វើ​ជា​កូន​នៃ​ព្រះដ៏​ខ្ពស់​បំផុត » (ខ ៣៥) ។ ទោះ​បីជា​យើង​ទាំងអស់គ្នា​ជា​កូនចៅ​នៃ​ព្រះ​ក្ដី ក៏​អ្នក​ទាំងឡាយ​ដែល​ធ្វើល្អ​នឹង​អ្នក​ដទៃ​ដូច​ដែល​ព្រះគ្រីស្ទ​បានធ្វើ នោះ​បំពេញ​នូវ​សក្កានុពល​ដ៏ទេវភាព​របស់​ពួកគេ តាមរយៈ​ការប្រែក្លាយ​ដូចជា​ព្រះវរបិតា​ដែល​គង់​នៅ​ឋានសួគ៌ ។ សូម​គិត​អំពី​របៀប​នៃ​ការបម្រើ​ដល់​មនុស្ស​ដទៃ​ដោយ​ពុំ​រំពឹង​ចង់​បាន​អ្វី​តបស្នង​មក​វិញ អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ជា​ព្រះគ្រីស្ទ ។

សូមមើល លូកា ៦:៣៦–៣៨ដោយ​រក​មើល​នូវ​ឧទាហរណ៍​នានា ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ឲ្យ​ក្នុង​របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ល្អ​ដល់​អ្នក​ដទៃ ។ សូម​កត់ចំណាំ​ថា​ព្រះយេស៊ូវ​បាន​សន្យា​ថា​មនុស្ស​ដែល​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​អ្នក​ដទៃ គឺ​អ្នក​ដែល​ទប់​ចិត្ត​មិន​វិនិច្ឆ័យ​អ្នក​ដទៃ​ដោយ​ឥតសុចរិត ហើយ​គឺ​ជា​អ្នក​ដែល​អភ័យទោស​ដោយ​ងាយ នឹង​ទទួល​នូវ​សេចក្តីមេត្តា​ករុណា​របស់​ព្រះ ។

តើ​អ្នក​ធ្លាប់​បាន​ព្យាយាម​ដាក់​របស់របរ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រអប់ ឬ វ៉ាលី​ដែល​លើស​ចំណុះ​ដែល​ឬ​ទេ? នៅក្នុង លូកា ៦:៣៨ ការពិពណ៌នា​អំពី​រង្វាល់​ដែល​នឹង​សង​ត្រឡប់​ទៅ​នឹង​សេចក្តី​ល្អ​ដែល​យើង​បាន​ធ្វើ​រួម​មាន​ឃ្លា « វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ » ។ តើ​ឃ្លា​ទាំងនេះ​ពិពណ៌នា​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​រង្វាន់​ដល់​យើង នៅពេល​យើង​ផ្ដល់​ទៅ​ឲ្យ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី លូកា ៦:៣៨ គឺ​ថា នៅពេល​យើង​ផ្ដល់​ទៅដល់​អ្នកដទៃ​ដោយ​សប្បុរស នោះព្រះវរបិតាសួគ៌​ប្រទានពរ​យើង​កាន់តែ​សប្បុរស ។ សូម​គិត​ពី​ការសរសេរ​គោលការណ៍​នេះ​នៅ​ក្បែរ ខ​ទី ៣៨

  1. សូម​គិត​ពី​របៀប​នានា​ដែល​យើង​អាច​កាន់តែ​សប្បុរស​ក្នុងការ​ផ្ដល់​ទៅ​ឲ្យ​អ្នក​ដទៃ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅ​ពេល​ណា​ដែរ ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ផ្ដល់​ឲ្យ​អ្នក​ដទៃ​ដោយ​សប្បុរស​នោះ ?

    2. តើអ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ត្រូវ​បាន​ប្រទានពរ​យ៉ាង​ដូចម្ដេច ពី​ព្រះអម្ចាស់​សម្រាប់ការ​ផ្ដល់​ឲ្យ​ដោយ​សប្បុរស​នោះ ?

    3. តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​កាន់តែ​មាន​ចិត្ត​សប្បុរស​ដល់​អ្នក​ដទៃ ?

របៀប​មួយ​ដែល​អ្នក​អាច​គិត​ចង់​ប្រែ​កាន់តែ​មាន​ចិត្ត​សប្បុរស​ដល់​អ្នក​ដទៃ​នោះ គឺ​ការគោរព​តាម​ច្បាប់​តមអាហារ ដោយ​បរិច្ចាគ​ដង្វាយ​តម​អាហារ នៅពេល​អ្នក​តម​អាហារ ។ ឪពុក​ម្ដាយ​របស់​អ្នក​ប្រហែល​ជា​បាន​បង់​ដង្វាយ​តម​អាហារ​រួច​ហើយ​សម្រាប់​ក្រុមគ្រួសារ​អ្នក ប៉ុន្តែ​ប្រសិន​បើ​អ្នក​អាច​ធ្វើ​បាន នោះ​អ្នក​អាច​បរិច្ចាគ​ផងដែរ ។ នៅពេល​អ្នក​ព្យាយាម​ប្រែកាន់តែ​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ដទៃ នោះ​សូម​អធិស្ឋាន​សុំ​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​បម្រើ​ដូច​ដែល​ទ្រង់​បម្រើ ។

លូកា ៧:១-១០

ព្រះយេស៊ូវ​ព្យាបាល​បាវ​សំណព្វ​របស់​មេទ័ព​ម្នាក់

នៅក្នុង លូកា ៧:១ យើង​បាន​រៀន​ថា បន្ទាប់​ពី​ការបង្រៀន​ហ្វូង​មនុស្ស នោះ​ព្រះយេស៊ូវ​បាន​យាង​ចូល​ទៅ ស្រុក​កាពើណិម។ សូម​អាន លូកា ៧:២–៥ដោយ​រក​មើល​ថា​តើ​នរណា​ដែល​ស្វែងរក​ជំនួយ​របស់​ព្រះយេស៊ូវ បន្ទាប់ពី​ការស្ដាប់​ឮថា ទ្រង់​បាន​ចូល​មក​ដល់​ទីក្រុង ។

រូបភាព
អគារ​បុរាណ​បែកបាក់

ការបំផ្លិចបំផ្លាញ​សាលាជំនុំ​របស់​ស្រុកកាពើណិម​ដែល​ចុះ​កាល​បរិច្ឆេទ​នៅ​សតវត្សរ៍​ទី បួន ឬ ទីប្រាំ​នៃ គ.ស ។

មេទ័ព គឺ​ជា​មន្ត្រី​កងទ័ព​ពួករ៉ូម ដែល​គ្រប់គ្រង​ពួក​ទាហាន ៥០ ទៅ ១០០ នាក់ ។ ជាទូទៅ ពួក​សាសន៍​យូដា ពុំ​ចូលចិត្ត​មេទ័ព​ទេ ដោយ​សារ​ពួកគេ​តំណាង​ឲ្យ​អំណាច​ខាង​នយោបាយ និង​កងទ័ព​របស់​ពួក​រ៉ូម​ដែល គ្រប់គ្រង​លើ​ពួកគេ និង​ទឹកដី​ផ្សេង​ទៀត ។ ប៉ុន្តែ មេទ័ព​នេះ​មាន​ចិត្ត​សប្បុរស​ដល់​ពួក​សាសន៍​យូដា ។

សូម​អាន លូកា ៧:៦–១០ហើយ​ពិចារណា​ពី​របៀប​ដែល​មេទ័ព​រូប​នេះ បាន​បង្ហាញ​សេចក្តី​ដ៏​អស្ចារ្យ​លើ​ព្រះយេស៊ូវគ្រីស្ទ និង របៀប​ដែល​សេចក្តី​ជំនឿ​របស់​គាត់​បាន​ហុច​ផល​ដល់​គាត់ ។

ចេញ​ពី​ដំណើរ​រឿង​នេះ យើង​រៀន​ថា តាមរយៈ​ការអនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ជួយ​នាំ​ពរជ័យ​ជាច្រើន​ទៅក្នុង​ជីវិត​របស់​អ្នក​ដទៃ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅ​ក្បែរ លូកា ៧:១០

លូកា ៧:១១-១៨

ព្រះយេស៊ូវ​បាន​ប្រោស​កូនប្រុស​របស់​ស្ត្រីមេម៉ាយ​ម្នាក់​ពី​ស្លាប់

នៅថ្ងៃ​បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បាន​ព្យាបាល​ដល់​បាវ​របស់​មេទ័ព នោះទ្រង់​បានធ្វើ​នូវ​អព្ភូតហេតុ​ផ្សេងទៀត ។ សូម​អាន លូកា ៧:១១–១២ដោយ​រក​មើល​នូវ​អ្វី​ដែល​ព្រះយេស៊ូវ និង​ពួកសិស្ស​របស់​ទ្រង់​បាន​ជួប នៅពេល​ពួកគេ​បាន​មក​ដល់​ទីក្រុង​មួយ ដែល​ហៅ​ថា ណាអ៊ីន ។

រូបភាព
ព្រះយេស៊ូវ​ជាមួយ​បុរស​ម្នាក់​ដែល​រុំ​នៅក្នុង​ក្រណាត់​ស

យោងតាម ខ ១២ហេតុអ្វី​សេចក្ដី​ស្លាប់​របស់​ក្មេង​ប្រុស​នេះ ជា​សោកនាដកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ស្ត្រី​រូប​នេះ​ដូច្នេះ ?

ស្ត្រីរូប​នេះ​ពុំ​គ្រាន់តែ​បាត់បង់​កូន​ដោយ​សេចក្ដីស្លាប់​ទេ ប៉ុន្តែ​កាល​ពីមុន គាត់​ក៏​បាន​បាត់​បង់​ប្ដី​របស់​គាត់​ផងដែរ ។ បន្ថែម​ពីលើ​ការសោកសៅ​ដ៏​ខ្លាំង​ដែល​គាត់​មាន គាត់​ប្រហែល​ជា​គ្មាន​នរណា​នឹង​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​គាត់​ផងដែរ ។

សូមមើល លូកា ៧:១៣–១៥ដោយ​រក​មើល​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ នៅពេល​ទ្រង់​ទត​ឃើញ​ស្ត្រី​រូបនេះ​កំពុង​ទួញ​សោក ។ ក្តារ​មឈូស គឺ​ជា វេទិកា ឬ គ្រោង​ឈឺ​ដែល​គេ​ដាក់​សព ។

យោងតាម ខ ១៣ហេតុអ្វី​ព្រះយេស៊ូវ​ព្យាបាល​កូន​ប្រុស​របស់​ស្ត្រី​រូប​នេះ ? សូម​កត់ចំណាំ​ថា ស្ត្រីមេម៉ាយ ពុំ​បាន​សុំ​ទ្រង់​ឲ្យ​ព្យាបាល​ដល់​កូនប្រុស​គាត់​ទេ ប៉ុន្តែ​ទ្រង់​បាន​សង្កេត​ឃើញ​ពី​តម្រូវការ​គាត់ រួច​ហើយ​ក៏​ជួយ​បំពេញ​តម្រូវការ​នោះ ។ វា​សំខាន់​ដើម្បី​យល់​ផងដែរ​ថា បុរស​នេះ​ពុំ​មែន​រស់​ឡើង​វិញ​ឡើយ គាត់​នឹង​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ​ម្តង​ទៀត ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​ដំបូង​ដែល​បាន​រស់​ឡើង​វិញ ។

ប្រសិនបើ​អាច​ធ្វើ​បាន​សូម​ទស្សនា​វីដេអូ « The Widow of Nain » ( ២:២២ ) ពី The Life of Jesus Christ Bible Videos នៅ​គេហទំព័រ LDS.orgដោយ​រកមើល​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​បម្រើ​ដល់​ស្ត្រី​នោះ ទោះបី​ជា​គាត់​ពុំ​បាន​សុំ​ជំនួយ​របស់​ទ្រង់​ក្តី ។

សូម​គិត​ពី​អារម្មណ៍​ថា​តើ​អ្នក​អាច​នឹង​មាន​បែប​ណា ប្រសិន​បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​ដូច​ជា​ស្ត្រី​មេម៉ាយ​រូបនេះ ហើយ​បាន​ទត​ឃើញ​ព្រះអង្គ​សង្គ្រោះ​ប្រោស​កូនប្រុស​តែ​មួយ​គត់​របស់​អ្នក​ពី​ស្លាប់​នោះ ?

ចេញ​ពី​ដំណើរ​រឿង​នេះ​យើង​រៀន​នូវ​គោលការណ៍​ខាង​ក្រោម​នេះ ៖ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការបង្ហាញ​​ក្ដីមេត្តា​ករុណា​ដល់​អ្នក​ដទៃ ហើយ​បម្រើ​ចំពោះ​តម្រូវការ​ដែល​ពុំ​ថ្លែង​ជា​សម្តី​របស់​ពួកគេ ។

តើ​យើង​អាច​ញែក​ដឹង​ពី​តម្រូវការ​របស់​អ្នក​ដទៃ នៅពេល​ពួកគេ​ពុំ​ចែកចាយ​ជាមួយ​នឹង​យើង​ដោយ​របៀប​ណា ?

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ដំណើរ​រឿង​មួយ​ចំនួន​នៃ​ការ​បម្រើ​របស់​លោក​ចៅហ្វាយ បាន​ចាក់​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​ច្រើន​ជាង​គេ​គឺ​គំរូ​របស់​ទ្រង់​អំពី​ក្ដីមេត្តា​ករុណា ដែល​បាន​បង្ហាញ​ដល់​ស្ត្រីមេម៉ាយ​សោកសៅ​នៅ​ណាអ៊ីន ។ …

« វា​មាន​អានុភាព ទន់ភ្លន់ និង​ក្ដីមេត្តា​ខ្លាំង​ណាស់ ដែល​លោក​ចៅហ្វាយ​របស់​យើង​បាន​បង្ហាញ​នោះ ! យើង​ក៏​អាច​ផ្ដល់ពរ​ផងដែរ ប្រសិនបើ​យើង​នឹង​ធ្វើ​តាម​គំរូ​ដ៏​ខ្ពង់ខ្ពស់​របស់​ទ្រង់​នេះ ។ ឱកាស​មាន​នៅ​គ្រប់​ទីកន្លែង ។ អ្វី​ដែល​ត្រូវការនោះ​គឺ​ជា​ភ្នែក​ដើម្បី​មើល​ស្ថានភាព​គួរ​សង្វេគ និង​ត្រចៀក​ដើម្បី​ស្ដាប់​នូវការ​អង្វរ​ករ​នៃ​ដួងចិត្ត​ខ្ទេចខ្ទាំ​ដែល​មិន​ចេញ​ស្តី ។ មែន​ហើយ ជា​ព្រលឹង​មួយ​ដែល​មាន​ពេញ​ទៅ​ដោយ​ក្ដីមេត្តា​ករុណា ដែល​យើង​អាច​ទំនាក់ទំនង​មិន​គ្រាន់​តែ​ត្រឹម​ភ្នែក​នឹង​ភ្នែក ឬ​ស្ដាប់​នឹង​ត្រចៀក​ទេ ប៉ុន្តែ​តាម​របៀប​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ដោយ​ចិត្ត​នឹង​ចិត្ត » (« Meeting Life’s Challenges » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧១ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​នៅពេលណា ដែល​អ្នក ឬ​គ្រួសារ​អ្នក​ទទួល​បាន​ក្ដីមេត្តា​ករុណា ឬ​ការ​បម្រើ​មកពី​អ្នក​ដទៃ ទោះជា​អ្នក​ពុំ​បាន​សុំ​ជំនួយ​ក្ដី​នោះ ?​

សូម​អាន លូកា ៧:១៦–១៨ដោយ​រកមើល​នូវ​របៀប​ដែល​ប្រជាជន​មាន​ប្រតិកម្ម​ចំពោះ​អព្ភូតហេតុ​នៃ​ការប្រោស​កូនប្រុស​របស់​ស្ត្រី​មេម៉ាយ​នោះ ។

ហេតុផល​មួយ​ដែល ប្រជាជន​អាច​នឹងបាន​ប្រកាស​ថា « មាន​ហោរា​មួយ​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង » (លូកា ៧:១៦) គឺ​ដោយ​សារ​តែ​ការ​ព្យាបាល​កូនប្រុស​របស់ស្ត្រី​មេម៉ាយ​នៃ​ស្រុក​ណាអ៊ីន និង​ឱកាស​ជា​ច្រើនទៀត​នោះ វា​មាន​ភាព​ស្រដៀងគ្នា​រវាង​សម័យ​នៃ​ព្យាការី​គម្ពីរ​សញ្ញា​ចាស់​អេលីយ៉ា និង អេលីសេ បាន​ប្រោស​ដល់​ក្មេងប្រុស​ជាច្រើន​ពី​ស្លាប់ ( សូមមើល ពង្សាវតាក្សត្រ​ទី ១ ១៧:១៧-២៤; ពង្សាវតាក្សត្រ​ទី ២ ៤:១៧-២២, ៣២–៣៧) ។

នៅ​ក្នុង​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក​នា​សប្តាហ៍​នេះ សូម​ទូល​សុំ​ព្រះវរបិតា​សួគ៌ ឲ្យ​ជួយ​អ្នក​មើល​ឃើញ និង ធ្វើ​តាម​ការបំផុស​គំនិត​នានា ដែល​អ្នក​ទទួល​ដើម្បី បំពេញ​តម្រូវការ​ដែល​អ្នក​ដទៃ​ពុំ​បាន​ចេញ​ស្តី​សុំ​ពី​យើង​នោះ ។ សូម​ពិចារណា​ផងដែរ​ពី​របៀប​នានា​ដែល​អ្នក​អាច​បម្រើ​ដោយ​សប្បុរស និង​ដោយ​ឥត​រំពឹង​ថា​នឹង​បាន​អ្វី​ជា​តបស្នង​វិញ​ឡើយ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ៦:១–៧:១៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖