បណ្ណាល័យ
មេរៀន​ទី ១០ ថ្ងៃទី ៣ ៖ លូកា ៧:១៨-៥០


មេរៀន​ទី ១០ ៖ ថ្ងៃ​ទី ៣

លូកា ៧:១៨-៥០

សេចក្តីផ្ដើម

ព្រះយេស៊ូវ​បាន​សរសើរ​ដល់​យ៉ូហាន​បាទីស្ទ ហើយ​បាន​ថ្លែង​ទីបន្ទាល់​ថា យ៉ូហាន​បាន​រៀបចំ​ផ្លូវ​ថ្វាយដល់​ការ​បម្រើ​របស់​ទ្រង់ ។ ខណៈ​ដែល​ព្រះយេស៊ូវ​កំពុង​ទទួល​ទាន​អាហារ​ជាមួយ​ពួកផារិស៊ី នោះ​មាន​ស្ត្រី​ដែល​បាន​ប្រែចិត្ត​ម្នាក់​មក​បង្ហាញ​សេចក្ដីជំនឿ​និង សេចក្ដី​ស្រឡាញ់​របស់​នាង​ចំពោះ​ព្រះយេស៊ូវ ។

លូកា ៧:១៨-៣៥

ព្រះយេស៊ូវ​បាន​សរសើរ​ដល់​យ៉ូហាន បាទីស្ទ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​បេសកកម្ម​របស់​យ៉ូហាន

តើ​អ្នក​ចងចាំ​អ្វីខ្លះ​អំពី​យ៉ូហាន បាទីស្ទ ?

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ភាពពិត​អំពី​យ៉ូហាន បាទីស្ទ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ចាំ​បាន ។

សូម​ស្រមៃ​ពី​ដើម​ត្រែង ( ដើម​ស្មៅ​ខ្ពស់ ) និង នរណា​ម្នាក់​ដែល​ស្លៀក​ពាក់​ក្រណាត់​ទន់ៗ ថ្លៃៗ ហើយ​រស់នៅ​ក្នុង​វាំង ។ នៅពេល​អ្នក​គិត​អំពី​វត្ថុ​ទាំង​នេះ សូម​អាន លូកា ៧:២៤–២៦​ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​យ៉ូហាន បាទីស្ទ ។

តើ​អ្នក​គិតថា យ៉ូហាន​បាទីស្ទ​ខុស​គ្នា​ពី​ដើម​ត្រែង និង មនុស្ស​ម្នាក់​ដែល​រស់​នៅ​ក្នុង​ជីវិត​ដ៏​ប្រណិត​យ៉ាង​ដូចម្តេច ?

មិន​ដូចជា​ដើម​ត្រែង​ទេ ដែល​ត្រូវ​បាន​បោកបក់ ឬ​រញ្ជួយ​ដោយ​ខ្យល់​នោះ​តែ​យ៉ូហាន បាទីស្ទ គឺ​មាន​ភាព​រឹងមាំ និង​ពុំ​ងាក​រេ​នៅក្នុង​ដំណឹង​ល្អ​របស់​ទ្រង់ និង​នៅក្នុង​ការ​ធ្វើ​បេសកកម្ម​របស់​លោក​ឡើយ ។ លោក​រស់​នៅ​តាម​ទីវាល ហើយ​ស្លៀកពាក់​រោម​អូដ្ឋ ដែល​គ្មាន​គុណភាព ។ ជាជាង​ការ​ស្វែងរក​ភាព​សុខ​ស្រួល​ខាង​សាច់ឈាម យ៉ូហាន​បាន​ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​របស់ព្រះ ។

រូបភាព
ការបង្រៀន​របស់ យ៉ូហាន បាទីស្ទ

ព្រះយេស៊ូវ​មាន​បន្ទូល​ថា យ៉ូហាន បាទីស្ទ « លើស​ជាង​ហោរា​ផង » (លូកា ៧:២៦) ។ សូម​អាន លូកា ៧:២៧-២៨ដោយ​រកមើល​មូលហេតុ​ដែល​យ៉ូហាន​បាទីស្ទ​មាន​លក្ខណៈ​ពិសេស​នៅក្នុង​ចំណោម​ពួកព្យាការី ។

នៅពេល​ព្រះយេស៊ូវ​មាន​បន្ទូល « មើល យើង​ចាត់​ទូត​យើង​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង » (លូកា ៧:២៧) គឺ​ទ្រង់​បាន​ដកស្រង់​ការព្យាករ​មួយ ដែល​បាន​សរសេរ​រាប់រយ​ឆ្នាំ​ពីមុន ដែល​បាន​ថ្លែង​អំពី « សារទូត » ដែល​នឹង « រៀបចំ​ផ្លូវនៅ​មុខ [ ព្រះ​មែស៊ី ] » (ម៉ាឡាគី ៣:១) ។ ចេញ​ពី​ខគម្ពីរ​ទាំង​នេះ​យើង​រៀន​ថា យ៉ូហាន បាទីស្ទ គឺ​ជា​ព្យាការី​ដែល​បាន​តែងតាំង​ពីមុន​កំណើត​លោកិយ ដើម្បី​រៀបចំ​ផ្លូវ និង ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ថ្វាយ​ព្រះរាជបុត្រា​នៃ​ព្រះ ។

តើ​យ៉ូហាន បាទីស្ទ​បាន​រៀបចំ​ផ្លូវ​សម្រាប់ការ​យាងមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ដូច​ខាង​ក្រោម​ទាក់ទង​នឹង លូកា ៧:២៨៖ « ព្រះយេស៊ូវ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សិទ្ធិ​តូច​ជាង​គេ​ក្នុង​នគរ​ព្រះ ហើយ [ ហាក់​បី​ដូច​ជា ] មាន​អំណាច​តូច​ជាង​ភាព​ងាយ​ជឿ​របស់​ពួកគេ [ ឆន្ទៈ​ដើម្បី ជឿ​របស់​ពួកគេ ] ជា​ព្យាការី គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល—‹ អ្នក​ណា​ដែល​ត្រូវគេ​ចាត់​ទុក​ថា​តូច​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​គឺ​ធំ​ជាង​យ៉ូហាន​ហើយ—នោះ​គឺ​ខ្លួន​យើង​នេះ​ហើយ › » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ]ទំព័រ ៨២) ។

នៅក្នុង លូកា ៧:២៩-៣៥ យើង​អាន​ថា មាន​មនុស្ស​ជាច្រើន​បានជឿ​លើ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ប៉ុន្តែ​ពួកផារិស៊ី និង​អ្នក​ច្បាប់​ជាច្រើន ដែល​មាន​វត្តមាន​នៅ​ទីនោះ​បាន​ជំទាស់​ចំពោះ​ការ​បង្រៀន​របស់​ទ្រង់ ។ ព្រះយេស៊ូវ បាន​ពន្យល់​ថា ពួកគេ​បាន​បដិសេធ​សេចក្ដីពិត​ទោះ​ជាទ្រង់ ឬ​យ៉ូហាន​បាទីស្ទ​បាន​បង្រៀន​សេចក្ដីពិត​ក៏​ដោយ ។

លូកា ៧:៣៦-៥០

ខណៈ​ដែល​ព្រះយេស៊ូវ​បាន​ទទួល​ទាន​អាហារ​ពេលល្ងាច​ជាមួយ​នឹង​ស៊ីម៉ូន ជា​ពួក​ផារិស៊ី​រួច​ហើយ នោះ​មាន​ស្ត្រី​ម្នាក់​មក​លាង​ព្រះ​បាទ​ទ្រង់​ដោយ​ទឹក​ភ្នែក​របស់​នាង

តើ​អ្នក​ធ្លាប់ឆ្ងល់​ថា អ្នក​មិន​អាច​ត្រូវ​បាន​អភ័យទោស​ពី​អំពើ​បាប​របស់​អ្នក​ដែរ​ឬ​ទេ ?

នៅពេល​អ្នក​សិក្សា​ខគម្ពីរ​ដែល​នៅសល់​នៃ លូកា ៧សូម​រក​មើល​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក នៅពេល​អ្នក​ឆ្ងល់​ថា​ប្រសិន​បើ​អ្នក​អាច​ត្រូវបាន​អភ័យ​ទោស​ឬ ក៏​អត់ ។

យើង​អាន​នៅក្នុង លូកា ៧:៣៦ ថា​មាន​ពួក​ផារិស៊ី​ម្នាក់​ឈ្មោះ​ថា ស៊ីម៉ូន បាន​អញ្ជើញ​ព្រះយេស៊ូវ​មក​ពិធី​ជប់​លៀង​នៅ​ផ្ទះ​របស់​ខ្លួន ។ នៅ​ក្នុង​ពិធី​ជប់​លៀង​បែប​នេះ ភ្ញៀវ​ដែល​អង្គុយ ឬ ទម្រេត​លើ​កម្រាល​នៅ​ជុំ​វិញ​តុ​ទាបៗ ដោយ​ជើង​របស់​ពួកគេ​សណ្តូក​នៅ​ចេញ​ឆ្ងាយ​ពី​តុ ។ អ្នក​ក្រីក្រ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រមូល​យក​អាហារ​ដែល​នៅសល់​ពី​ពិធី​ជប់​លៀង​នោះ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​ពុំ​បាន​គេ​អញ្ជើញ ចូល​ក្នុង​ផ្ទះ​អំឡុង​ពេល​ពិធី​ជប់លៀង​នោះ ( សូមមើល ជេម អ៊ិ ថាល់មេហ្គ Jesus the Christ ការបោះពុម្ព​លើក ទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ២៦១ ) ។

សូម​អាន លូកា ៧:៣៧-៣៩ដោយ​រកមើល​ថា នរណា​ខ្លះ​បាន​ចូល​ទៅ​ក្នុង​ពិធី​ជប់លៀង​ដ៏​ពិសេស​នោះ​ដោយ​គ្មាន​ការអញ្ជើញ ។

សូម​កត់​សម្គាល់​ថា​នៅពេល​ស្ត្រី​នោះ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការ​លាង​សម្អាត ថើប និង លាប​ប្រេង​ក្រអូប​លើ​ព្រះ​បាទ​ទ្រង់ ។ « ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប » (លូកា ៧:៣៧) ជា​ដប​មួយ​ដែល​មាន​ទឹក​អប់​ប្រេង​ក្រអូប​មាន​តម្លៃ​យ៉ាង​ថ្លៃ ។

យោងតាម លូកា ៧:៣៩តើ​ស៊ីម៉ូន​បាន​គិត​អ្វី​ខ្លះ នៅពេល​គាត់​បាន​ឃើញ​ស្ត្រី​នោះ​កំពុង​ធ្វើ​បែប​នោះ ?

ដោយ​ដឹង​ពី​គំនិត​របស់​ស៊ីម៉ូន នោះ​ព្រះយេស៊ូវ​បាន​បង្រៀន​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​អ្នក​ជំពាក់​ពីរ​នាក់ និង អ្នក​ចង​ការ​ម្នាក់ ។ អ្នក​ចងការ គឺ​ជា​អ្នក​ដែល​ឲ្យ​ប្រាក់​គេ​ខ្ចី អ្នក​ជំពាក់ គឺ​ជា​បុគ្គល​ដែល​ខ្ចី​ប្រាក់​ពី​គេ ។ អ្នក​ជំពាក់​យល់​ព្រម​បង់​ប្រាក់​សង​ដល់​អ្នក​ចងការ ឬ ត្រូវ​ជាប់​គុក ។

សូម​អាន លូកា ៧:៤០–៤៣ហើយ​ពិចារណា​ពី​តួអង្គ​នីមួយៗ​នៅក្នុង​រឿង​ប្រៀប​ប្រដូច​នោះ​អាច​តំណាង​ឲ្យ​នរណា​គេ​ខ្លះ ។

  1. សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​បំពេញ​ចន្លោះ​ដោយ​ពាក្យ ស៊ីម៉ូន ជាពួក​ផារិស៊ី ស្ត្រី និង ព្រះយេស៊ូវ ស្រប​ទៅ​តាម​បុគ្គល​ម្នាក់ៗ​ដែល​អាច​តំណាង​ឲ្យ​នៅក្នុង​រឿង​ប្រៀប​ប្រដូច ។ ( សូម​ទុក​ចន្លោះ​នៅក្នុង​ជួរ​ឈរ « អ្នក​ជំពាក់ » ដើម្បី​សរសេរ​ព័ត៌មាន​បន្ថែម​សម្រាប់​កិច្ចការ​បន្ទាប់​ទៀត ) ។

អ្នក​ចងការ =

អ្នក​ជំពាក់​ដែល​ជំពាក់​ប្រាក់ ១០​រៀល =

អ្នក​ជំពាក់​ដែល​ជំពាក់​ប្រាក់ ១០០​រៀល =

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​បង្រៀន​ពី​បដិសណ្ឋារកិច្ច​ដែល​ម្ចាស់​ផ្ទះ​ភាគច្រើន​នឹង​បង្ហាញ​ភ្ញៀវ​របស់​ពួកគេ​នៅ​ជំនាន់​ព្រះយេស៊ូវ ៖ « វា​គឺ​ជា​ប្រពៃណី​នៅ​សម័យ​នោះ ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​ភ្ញៀវ​ប្លែក​មុខ​ម្នាក់ ជាមួយ​នឹង​ការ​យកចិត្ត​ទុក​ដាក់​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​ទទួល​គាត់​ដោយ​ការថើប​ស្វាគមន៍ ដោយ​ផ្តល់​ទឹក​ឲ្យ​លាង​ដី​ចេញ​ពី​ជើង​របស់​គាត់ ហើយ​លាប​ប្រេង​តាំង លើ​សក់​ក្បាល និង ពុក​ចង្កា » (Jesus the Christ ទំព័រ ២៦១ ) ។

សូម​អាន លូកា ៧:៤៤–៤៦ដោយ​រក​មើល​ភាពខុស​គ្នា​រវាង​របៀប​ដែល​ស៊ីម៉ូន​បាន​ស្វាគមន៍​ព្រះយេស៊ូវ​ឲ្យ​មក​ពិធី​ជប់លៀង​របស់​លោក និង របៀប​ដែល​ស្ត្រី​នោះ​បាន​ស្វាគមន៍​ព្រះយេស៊ូវ ។

  1. នៅក្នុង​តារាង​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ភាពខុសគ្នា​មួយ​ចំនួន​រវាង​របៀប​ដែល​ស៊ីម៉ូន​ប្រព្រឹត្ត​ចំពោះ​ព្រះយេស៊ូវ និង របៀប​ដែល​ស្ត្រី​នោះ​ប្រព្រឹត្ត​ចំពោះ​ទ្រង់​នៅក្នុង​ជួរឈរ​ដែល​សមរម្យ ។

ដោយ​ពុំ​បាន​ប្រៀបធៀប​ដោយ​ផ្ទាល់​ពី​ស៊ីម៉ូន​ទៅ​នឹង​អ្នក​ជំពាក់​ប្រាក់​១០​រៀល នោះ​ព្រះយេស៊ូវ​បាន​ប្រទាន​យោបល់​ថា លោក​ក៏​ចាំបាច់​ត្រូវ​បាន​អភ័យទោស​ចំពោះ​អំពើ​បាប​របស់​លោក​ផងដែរ ។

សូម​អាន លូកា ៧:៤៧-៥០ដោយ​រកមើល​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ស្ត្រី​នោះ​ទទួល​បាន​ការអភ័យ​ទោស ។ អ្នក​អាច​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី​សេចក្តីជំនឿ​របស់​ស្ត្រី​រូប​នេះ ៖ « ការពិត​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​បន្ទូល ៖ ‹ អំពើ​បាប​របស់​នាង​មាន​ច្រើន​ណាស់ ប៉ុន្តែ​នាង​បាន​ជឿ​លើ​ខ្ញុំ បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្លួន បាន​ជ្រមុជទឹក​ដោយ​ពួកសិស្ស​របស់​ខ្ញុំ ហើយ​អំពើ​បាប​របស់​នាង​ត្រូវបាន​លាង​ជម្រះ​ចេញ​នៅក្នុង​ទឹក​នៃ​បុណ្យ​ជ្រមុជ ។ ឥឡូវនេះ នាង​បាន​ស្វែងរក​យើង ហើយ​បង្ហាញ​អំណរគុណ​ដ៏​ខ្លាំងក្លា​នៃ​មនុស្ស​ម្នាក់​ដែល​កខ្វក់ ប៉ុន្តែ​ឥឡូវ​នេះ​បាន​ជ្រះស្អាត​វិញ ។ ការដឹង​គុណ​របស់​នាង​គ្មាន​ដែន​កំណត់​ឡើយ ហើយ​សេចក្តី​ស្រឡាញ់​របស់​នាង គឺ​ពុំ​អាច​វាស់វែង​បាន ដ្បិត​នាង​ត្រូវបាន​អភ័យទោស​យ៉ាង​ច្រើន › » (Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:២៦៥ ) ។

ខាងក្រោម​នេះ​គឺ​ជា​គោលការណ៍​មួយ​ចំនួន​ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​នេះ ៖ នៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​របស់​យើង ដោយ​ការបង្ហាញ​សេចក្តី​ស្រឡាញ់ និង ភក្តីភាព​របស់​យើង​ចំពោះ​ព្រះអម្ចាស់ នោះ​យើង​អាច​ទទួល​បទពិសោធន៍​នៃ​ការអភ័យទោស​ពីទ្រង់ ហើយ នៅពេល​យើង​ទទួល​បាន​ការអភ័យទោស​ពី​ព្រះអម្ចាស់​ហើយ​នោះ ចិត្ត​យើង​ពេញ​ដោយ​បំណងប្រាថ្នា​ដើម្បី​ស្រឡាញ់ និង បម្រើ​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។

អែលឌើរ នែល អិល. អាន់ឌើរសិន ក្នុង​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីស្រឡាញ់ និង ការអភ័យទោស​ដែល​អាច​មាន​ដល់​ពួក​យើង​គ្រប់គ្នា ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« មាន​​ភាព​សក្តិសម និង ភាពសុចរិត​ផ្ទាល់​ខ្លួនជា​ច្រើន​កម្រិត ។ ប៉ុន្តែ​ការប្រែចិត្ត​គឺ​ជា​ពរជ័យ​មួយ​ចំពោះ​យើង​គ្រប់​គ្នា ។ យើង​ម្នាក់ៗ​ចាំបាច់​ត្រូវ​ទទួល​អារម្មណ៍​នៃ​ព្រះហស្ត​នៃ​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការអភ័យ​ទោស​ពី​អំពើ​បាប​របស់​យើង ។

« ជាច្រើន​ឆ្នាំ​កន្លង​ទៅ អស់​ពេល​ជា​យូរ​ពី​មុន​ពួក​យើង​ជួប​គ្នា នោះ​ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​ជួប​បុរស​ម្នាក់​ដែល បាន​រស់​នៅ​ដោយ​ពុំ​សុចរិត​មួយ​រយៈពេល ។ ជាលទ្ធផល​ដោយ​សារ​ការជ្រើសរើស​ធ្វើ​មិន​ល្អ​របស់​គាត់ នោះ​គាត់​បាន​បាត់បង់​សមាជិកភាព​របស់​ខ្លួន​ពី​សាសនាចក្រ​នេះ ។ គាត់​បាន​ត្រឡប់​មក​សាសនាចក្រ​វិញ​យូរយារ​ណាស់​មក​ហើយ ហើយ​បន្ត​គោរព​ព្រះបញ្ញត្តិ​ដោយ​ស្មោះត្រង់ ប៉ុន្តែ​សកម្មភាព​ពី​មុន​របស់​គាត់​បាន​លង​បន្លាច​គាត់ ។ ក្នុង​ជំនួប​ជាមួយ​គាត់​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ភាព​ខ្មាស់អៀន​របស់​គាត់ និង វិប្បដិសារី​ដ៏​ធ្ងន់ធ្ងរ​របស់​គាត់ បាន​ធ្វើ​ឲ្យ​គាត់​ទុក​សេចក្តីសញ្ញា​របស់​ខ្លួន​មួយ​អន្លើរ​សិន ។ បន្ទាប់​ពី​ការសម្ភាសន៍​របស់​ពួក​យើង​មក ខ្ញុំ​បាន​ដាក់​ដៃ​ខ្ញុំ​លើ​ក្បាល​របស់​គាត់ ផ្តល់​ការប្រសិទ្ធិពរ​បព្វជិតភាព​មួយ​ដល់​គាត់ ។ ពីមុន​និយាយ ខ្ញុំ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង ការអភ័យទោស​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​គាត់​យ៉ាង​ខ្មួលខ្មាញ់ ។ ក្រោយ​ពី​ការប្រសិទ្ធពរ​រួច​មក យើង​បាន​ឱប​គ្នា ហើយ​គាត់​យំ​យ៉ាង​ខ្លាំង ។

« ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​រង្វង់​ព្រះហស្ត​នៃ​សេចក្តី​មេត្តាករុណា និង សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ចំពោះ​អ្នក​ប្រែចិត្ត មិន​ថា​ភាព​អត្មានិយម​នៃ​ការបោះបង់​អំពើ​បាប​នោះ​ខ្លាំង​ប៉ុណ្ណា​នោះ​ឡើយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា​ព្រះអង្គ​សង្គ្រោះ​មាន​សមត្ថភាព និង មាន​ព្រះទ័យ​អភ័យទោស​ដល់​យើង​យ៉ាង​ខ្លាំង ។ លើកលែង​តែ​អំពើ​បាប​របស់​មនុស្ស​មួយ​ចំនួន ដែល​ជ្រើសរើស​យក​សេចក្ដី​ហិនហោច​ក្រោយពី​បានដឹង​ដ៏​ពេញលេញ​ហើយ​នោះ​ទេ ក្រៅពី​នោះ​ពុំមាន​អំពើ​បាប​ណា​ដែល​ពុំ​អាច​អត់ទោស​ឲ្យ​បាន​នោះ​ឡើយ ។ វា​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ក្រៃលែង​សម្រាប់​យើង​ម្នាក់ៗ ក្នុង​ការងាកបែរ​ចេញ​ពី​អំពើ​បាប​របស់​យើង ហើយ​មករក​ព្រះគ្រីស្ទ ។ ការអភ័យទោស​ដ៏​ទេវភាព​គឺ ជា​ផលផ្លែ​ដ៏​ផ្អែមល្ហែម​បំផុត​មួយ​នៃ​ដំណឹង​ល្អ ដែល​ដកចេញ​នូវ​ទោស​កំហុស និង ការឈឺចាប់​ចេញពី​ដួងចិត្ត​យើង ហើយ​ជំនួស​វិញ​នូវ​សេចក្ដី​អំណរ និង សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » (« Repent … That I May Heal You » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០–៤១ ) ។

  1. សូម​បំពេញ​កិច្ចការ​មួយ ឬ កិច្ចការ​ទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​គិត​អំពី​គ្រា​មួយ ពេលដែល​អ្នក​បាន​ទទួល​បទពិសោធន៍​នៃ​ការអភ័យទោស​ពី​ព្រះអម្ចាស់ ។ ដោយ​ពុំ​បង្ហាញ​ឲ្យ​ឃើញ​ពីព្រឹត្តិការណ៍​ផ្ទាល់​ខ្លួន​ដែល​តម្រូវ​ឲ្យ​មាន​ការអភ័យទោស​ពី​ព្រះអម្ចាស់ សូម​សរសេរ​គំនិត និង អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។

    2. សូម​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការសិក្សា​របស់​អ្នក​នៅក្នុង លូកា ៧ ដើម្បី​សរសេរ​ពីរបៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​ដល់​មិត្តភក្ដិ​ដែល​ឆ្ងល់​ថា​តើ​ពួកគេ​អាច​ត្រូវបាន​អភ័យទោស​ចំពោះ​អំពើ​បាប​របស់​ពួកគេ​ដែរ​ឬ អត់ ។

  2. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ៧:១៨–៥០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖