បណ្ណាល័យ
មេរៀន​ទី ១១ ថ្ងៃទី ១ ៖ លូកា ១០:៣៨-១២:៥៩


មេរៀន​ទី ១១ ៖ ថ្ងៃទី ១

លូកា ១០:៣៨-១២:៥៩

សេចក្តីផ្ដើម

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ម៉ារា និង ម៉ាថា​នៅ​ផ្ទះ​របស់​ម៉ាថា ។ ក្រោយមក ទ្រង់​បាន​បង្រៀន​សេចក្តីពិត​ជា​ច្រើន​ទៀត​ដល់​ពួក​សិស្ស​របស់​ទ្រង់​អំពី​ការអធិស្ឋាន ព្រមទាំង​ព្រមាន​ទាល់​នឹង​ការលាក់ពុត និង សេចក្តី​លោភ ។

លូកា ១០:៣៨-៤២

ព្រះយេស៊ូវ​បង្រៀន​ម៉ារា និង ម៉ាថា

រូបភាព
ព្រះយេស៊ូវ​គង់​នៅ​ជាមួយ​ម៉ារា និង ម៉ាថា
  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ជម្រើស​ដែល​អ្នក​បាន​ធ្វើ​កាល​ពី​ម្សិលមិញ ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​រយៈពេល​មួយ​នាទី ។ នៅពេល​អ្នក​សរសេរ​ចប់​ហើយ សូម​មើល​បញ្ជី​នោះ​ទាំង​មូល ហើយ​គូសចំណាំ​នូវ​ជម្រើស​ល្អៗ​ដែល​អ្នក​បាន​ធ្វើ ។ តើ​ស្ថានភាព​ណា​ខ្លះ​ដែល​យើង​អាច​សម្រេច​ចិត្ត​ធ្វើ​រវាង​ជម្រើស​ល្អ​ពីរ​នោះ ?

នៅពេល​អ្នក​សិក្សា លូកា ១០:៣៨–៤២សូម​រកមើល​គោលការណ៍​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា អាច​ដឹកនាំ​អ្នក​នៅក្នុង​ការសម្រេច​ចិត្ត​របស់​អ្នក—ជាពិសេស​នៅពេល​អ្នក​ត្រូវតែ​សម្រេច​ចិត្ត​រវាង​ជម្រើស​ល្អៗ​មួយ​ចំនួន ។

អំឡុង​ពេល​នៅ​ក្នុង​ស្រុក​យូដា ព្រះយេស៊ូវ​បាន​ធ្វើ​ដំណើរ​ទៅ បេថានី នៅ​ជិត​ទីក្រុង​យេរូសាឡិម ហើយ​បាន​យាង​ទៅ​ផ្ទះ​របស់​ម៉ាថា ម៉ារា និង ឡាសា ។

សូម​អាន លូកា ១០:៣៨-៤០ដោយ​រកមើល​អ្វី​ដែល​ម៉ារា និង ម៉ាថា​បាន​ជ្រើសរើស​ធ្វើ​រៀងៗ​ខ្លួន អំឡុង​ពេល​ដែល​ព្រះយេស៊ូវ​គង់​នៅ​ក្នុង​ផ្ទះ ។

នៅ​សម័យ​ព្រះ​យេស៊ូវគ្រីស្ទ បដិសណ្ឋារកិច្ច​គឺ​សំខាន់​ណាស់ ។ ម៉ាថា បាន​ព្យាយាម​ធ្វើ​អ្វី​ដែល​រំពឹង​ថា​ជា​រឿង​សាមញ្ញ​សម្រាប់​នាង​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ។ នាង​បាន​ផ្តោត​លើ​បញ្ហា​ខាង​សាច់​ឈាម ឬ ខាង​រូបកាយ ដូច​ជា​ការរៀបចំ និង ចំអិន​អាហារ ។

សូម​កត់ចំណាំ​ថា​នៅក្នុង លូកា ១០:៤០ ម៉ាថា​មាន​អារម្មណ៍ « រវល់​ជា​ច្រើន » ឬ មាន​បន្ទុក ហើយ​នាង​ចង់​ឲ្យ​ម៉ារា​ជួយ​នាង ។

សូម​អាន លូកា ១០:៤១-៤២ដោយ​រកមើល​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ម៉ាថា ។

តើ​ព្រះអង្គ​សង្គ្រោះ​ចង់​មាន​ន័យ​ថា​ដូចម្តេច នៅពេល​ទ្រង់​មាន​បន្ទូល​ថា « មាន​សេចក្តី​តែ​មួយ​ទេ ដែល​សម្រាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ » (លូកា ១០:៤២) ?

រូបភាព
អែលឌើរ ដាល្លិន អេក អូក

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ពន្យល់ ៖ « វា​ជា​ការគួរ​ឲ្យ​សរសើរ​សម្រាប់​ម៉ាថា​ដើម្បី ‹ ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ › [លូកា ១០:៤១] ប៉ុន្តែ​ការរៀន​ដំណឹង​ល្អ​ពី​គ្រូបង្រៀន​ដ៏​កំពូល​គឺ​វា​កាន់តែ ‹ ចាំបាច់ › ជាង​ទៅ​ទៀត » (« Good, Better, Best » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤ ) ។

នៅពេល​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា « ចំណែក​យ៉ាង​ល្អ » ដែល​ម៉ារា​បាន​ជ្រើស​យក​នោះ​នឹង « ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ » (លូកា ១០:៤២) ទ្រង់​អាច​បង្ហាញ​ថា តាមរយៈ​ការជ្រើសរើស​ស្តាប់​ព្រះអង្គ​សង្គ្រោះ​ជាជាង​ជ្រើសរើស​ផ្តោត​ចិត្ត​លើ​បញ្ហា​ខាង​សាច់ឈាម ឬ លោកិយ នោះ​ម៉ារា​នឹង​ទទួល​បាន​ពរជ័យ​ខាង​វិញ្ញាណ ដែល​នៅ​អស់កល្ប​ជានិច្ច ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​បន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​ម៉ាថា​នោះ​គឺ​ថា ប្រសិនបើ​យើង​ជ្រើស​ដើម្បី​លះបង់​ខ្លួន​យើង​ចំពោះ​កិច្ចការ​ខាង​វិញ្ញាណ​ជាង​ខាង​សាច់ឈាម នោះ​យើង​នឹង​ទទួល​បាន​នូវ​ពរជ័យ​យូរ​អង្វែង ។

នៅ​ក្នុង​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ សូម​សរសេរ​គំរូ​មួយ​ចំនួន​អំពី​ស្ថានភាព​ដែល​មនុស្ស​ម្នាក់​អាច​ជ្រើស​លះបង់​ខ្លួន​គាត់​ចំពោះ​កិច្ចការ​ខាង​វិញ្ញាណ​ជាង​កិច្ចការ​ល្អៗ​ដទៃ​ទៀត ដែល​ជា បញ្ហា កិច្ចការ សកម្មភាព​ពុំ​សូវ​សំខាន់ ៖

អែលឌើរ អូក បាន​បង្រៀន​ផងដែរ ៖

« នៅពេល​យើង​ពិចារណា​ពី​ជម្រើស​ផ្សេងៗ យើង​គួរតែ​ចងចាំ​ថា វា​មិន​គ្រប់គ្រាន់​ទេ​ដែល​អ្វីមួយ​ល្អ​នោះ ។ ជម្រើស​ផ្សេង​ទៀត​គឺ​ប្រសើរ​ជាង ហើយ​នៅតែ​មាន​ជម្រើស​ផ្សេងៗ​ទៀត ដែល​ល្អ​បំផុត ។ …

« សូម​គិត​ពី​របៀប​ដែល​យើង​ប្រើប្រាស់​ពេលវេលា​របស់​យើង​នៅក្នុង​ជម្រើស​ដែល​យើង​ធ្វើ​ក្នុង​ការ​ទស្សនា​ទូរទស្សន៍ លេង​វីដេអូ​ហ្គេម ស្រាវជ្រាវ​តាម​អ៊ិនធើរណែត ឬ អាន​សៀវភៅ ឬ ទស្សនាវដ្តី ។ ពិត​ណាស់ វា​ជា​រឿង​ល្អ​ដើម្បី​មើល​កម្មវិធី​កម្សាន្ត​សប្បាយ ឬ ដើម្បី​ទទួល​បាន​ព័ត៌មាន​គួរឲ្យ​ចាប់​អារម្មណ៍ ។ ប៉ុន្តែ​មិនមែន​អ្វីៗ​គ្រប់​យ៉ាង​នៃ​កិច្ចការ​ទាំង​នោះ សក្តិសម​នឹង​ផ្នែក​នៃ​ជីវិត​របស់​យើង​ដែល​ផ្តល់​ដើម្បី​ទទួល​វា​ឡើយ ។ មាន​ជម្រើស​ផ្សេងទៀត​ដែល​ប្រសើរ​ជាង ហើយ​នៅតែ​មាន​ជម្រើស​ផ្សេងៗ​ទៀត ដែល​ល្អ​បំផុត ។ នៅពេល​ព្រះអម្ចាស់​បាន​ប្រាប់​យើង​ឲ្យ​ស្វែងរក​ការរៀនសូត្រ នោះ​ទ្រង់​មាន​បន្ទូល​ថា ‹ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ស្វែងរក​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពី​សៀវភៅ ដ៏​ល្អ​បំផុត › (គ. និង ស. ៨៨:១១៨ការសង្ងត់​ធ្ងន់​ត្រូវ​បាន​បន្ថែម ) ។ …

« ការប្រើ​ប្រាស់​ពេលវេលា​ខ្លួន និង គ្រួសារ​មួយ​ចំនួន​គឺ​ល្អ​ប្រសើរ ហើយ​នៅតែ​មាន​ការប្រើប្រាស់​ផ្សេងៗ​ទៀត ដែល​ល្អ​បំផុត ។ យើង​ត្រូវតែ​លះបង់​ការដែល​ល្អ ដើម្បី​ជ្រើសរើស​អ្វី​ដែល​ប្រសើរ​ជាង ឬ ប្រសើរ​លើស​គេ ពីព្រោះ​ការណ៍​ទាំងនោះ​អភិវឌ្ឍ​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង ពង្រឹង​ក្រុមគ្រួសារ​របស់​យើង » (« Good, Better, Best » ទំព័រ ១០៤–៥, ១០៧ ) ។

  1. សូមមើល​បញ្ជី​ជម្រើស​នានា​ដែល​អ្នក​បាន​សរសេរ​នៅ​កិច្ចការ​ទីមួយ ហើយ​ដាក់​ពាក្យ « ល្អ » « ល្អជាង » « ល្អបំផុត »​លើ​ជម្រើស​វិជ្ជមាន​នីមួយៗ​របស់​អ្នក ។ បន្ទាប់​មក សូម​បំពេញ​ចំណុច​ខាង​ក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​របៀប​មួយ​ដែល​អ្នក​ត្រូវបាន​ប្រទានពរ​ដោយ​ព្រោះ​ការដាក់​កិច្ចការ​ខាង​វិញ្ញាណ​ពីមុន​កិច្ចការ​ខាង​សាច់ឈាម ។

    2. សូម​ជ្រើសយក​យ៉ាង​ហោច​ណាស់​នូវ​កិច្ចការ​មួយ​ខាង​វិញ្ញាណ ដែល​អ្នក​ចង់​ផ្តោត​លើ​កាន់តែ​ច្រើន ហើយ​សរសេរ​គោលដៅ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ឲ្យ​គោលដៅ​ខាង​វិញ្ញាណ​នេះ​កាន់តែ​មាន​អាទិភាព​ខ្ពស់​ឡើង​នៅក្នុង​ជីវិត​របស់​អ្នក ។

លូកា ១១

ព្រះយេស៊ូវគ្រីស្ទ បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​អំពី ការអធិស្ឋាន

សូម​ស្រមៃ​ថា​អ្នក​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ហើយ​ថា​អ្នក​កំពុង​បង្រៀន​សាសនា​គន់ការី​ម្នាក់​ដែល​បាន​អធិស្ឋាន​អស់​ជាច្រើន​ដង ហើយ​មាន​អារម្មណ៍​ថា​ព្រះវរបិតា​សួគ៌​ពុំ​បាន​ឆ្លើយតប​ឡើយ ។ សាសនាគន់ការី​នោះ​កំពុង​ឆ្ងល់​ថា​តើ​គាត់​គួរតែ​បន្ត​អធិស្ឋាន​ទៀត​ឬ​អត់ ។ តើ​អ្នក​នឹង​និយាយ​អ្វី​ខ្លះ​ដើម្បី​ជួយ​បុគ្គល​ម្នាក់​នេះ ?

នៅពេល​អ្នក​សិក្សា លូកា ១១សូម​រក​មើល​សេចក្ដី​ពិត​នានា​ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​ព្រះពុំ​ទទួល​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្លួន ។

យោងតាម លូកា ១១:១–៤បន្ទាប់​ពី​ស្តាប់​ព្រះអង្គសង្គ្រោះ​អធិស្ឋាន​ហើយ មាន​កូន​សិស្ស​របស់​ទ្រង់​ម្នាក់​បាន​សួរ​ប្រសិន​បើ​ទ្រង់​នឹង​បង្រៀន​ពួកគេ​ពី​របៀប​អធិស្ឋាន ហើយ​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​មែន ។ ក្រោយ​មក​ព្រះអម្ចាស់​បាន​ប្រើ​រឿង​ប្រៀបប្រដូច​នានា ដើម្បី​បង្រៀន​សេចក្តីពិត​បន្ថែម​អំពី​ការអធិស្ឋាន ។ សូម​កត់​ចំណាំ​ថា​នៅក្នុង​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៃ លូកា ១១:៤ វា​អាន​ថា « ហើយ ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​ សេចក្តី​ល្បួង​ឡើយ តែ​សូម​ដោះលែង​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​សេចក្តី​អាក្រក់​វិញ » ( ការបកប្រែដោយ​យ៉ូសែប ស្ម៊ីធ លូកា ១១:៤ [ នៅក្នុង លូកា ១១:៤ លេខ​យោង ] អក្សរ​ទ្រេត​ត្រូវបាន​បន្ថែម ) ។ ព្រះវរបិតាសួគ៌ នឹង​មិន​ដែល​ដឹកនាំ​កូន​ចៅ​ណា​ម្នាក់​របស់​ទ្រង់​ឲ្យ​ធ្លាក់​ចូល​ការ​ល្បួង​ហើយ ។

សូម​សិក្សា លូកា ១១:៥–១៣ដោយ​រកមើល​អ្វី ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ការអធិស្ឋាន ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ផ្តល់​ការយល់​ដឹង​បន្ថែម​ទៅក្នុង​​ការបង្រៀន​របស់​ព្រះ​អង្គ​សង្គ្រោះ​អំពី​ការអធិស្ឋាន ។ យើង​រៀន​ថា​ពីមុន​ទ្រង់​បាន​ប្រទាន​នូវ​រឿង​ប្រៀបប្រដូច​នេះ​ដែល​ចាប់ផ្តើម​នៅក្នុង លូកា ១១:៥« ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ព្រះវរបិតាសួគ៌​នៃ​អ្នក​រាល់​គ្នា​នឹង​ពុំ​អត់​ប្រទាន​ដល់​អ្នក​រាល់​គ្នា​នូវ​អ្វី​ដែល​អ្នក​សុំ​ពី​ទ្រង់​ឡើយ ។ ហើយ​ទ្រង់​បាន​មាន​បន្ទូល​ពី​រឿង​ប្រៀប​ប្រដូច ដោយ​មាន​បន្ទូល​ថា… » ( ការ​បកប្រែ​ដោយយ៉ូសែប ស្ម៊ីធ, លូកា ១១:៥ [ នៅក្នុង លូកា ១១:៥ លេខ​យោង ] ) ។ យើង​ក៏​រៀន​ផងដែរ​អំពី « របស់​ល្អ » ដែល​ទ្រង់​បាន​មាន​បន្ទូល​អំពី​វា ៖ « បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះវរបិតា​ដែល​គង់​ស្ថានសួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដល់​ពួកគេ​ដែល​សុំ​ពី​ទ្រង់ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ១១:១៤ [ នៅក្នុង លូកា ១១:១៣ លេខ​យោង ] ) ។

យោង​តាម លូកា ១១:៨ហេតុអ្វី​បាន​ជា​សម្លាញ់​ទី​ពីរ​គោរព​ដល់​ការស្នើសុំ​នំបុ័ង​របស់​សម្លាញ់​ទី​មួយ ? ( ពាក្យ ទទូច​អង្វរ​ជានិច្ច នៅក្នុង​ខគម្ពីរ​នេះ​សំដៅ​លើ​ការអង្វរក​ជាប់​ជានិច្ច​របស់​បុរស​នោះ​ដល់​រូប​គាត់ ទោះបី​ជា​នៅពេល​សម្លាញ់​របស់​គាត់​បាន​បដិសេធ​ការស្នើសុំ​លើក​ដំបូង​របស់​គាត់​ក្តី ) ។

តាមរយៈ​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់​នៅក្នុង លូកា ១១:៥–១៣ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ប្រសិន​បើ​យើង​ដែល​ជា​មនុស្ស​មិន​ឥត​ខ្ចោះ មាន​ចិត្ត​ចង់​ផ្តល់​ឲ្យ​តាម​សំណើរ​នៃ​អស់​អ្នក​ដែល​យើង​ស្រឡាញ់ និង ថែទាំ​ដូច្នេះ « នោះ​ចំណង់​បើ​ព្រះវរបិតា​ដែល​គង់​ស្ថានសួគ៌ [ របស់​យើង ] តើ​ទ្រង់​នឹង​ប្រទាន … ​មក​អស់​អ្នក​ដែល​សូម​ទ្រង់ ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត » (លូកា ១១:១៣) ។

តើ​គោលបំណង​នៃ​ការអធិស្ឋាន​គឺ​ជា​អ្វី ? « ការអធិស្ឋាន​គឺ​ជា​ទង្វើ ដែល​ព្រះហឫទ័យ​របស់​ព្រះ​វរបិតា និង​ឆន្ទៈ​របស់​កូន បាន​នាំ​ឲ្យ​មាន​ទំនាក់​ទំនង​នឹង​គ្នា​ទៅវិញ​ទៅ​មក ។ គោលបំណង​នៃ​ការអធិស្ឋាន គឺ​ពុំមែន​ដើម្បី​ផ្លាស់​ប្តូរព្រះ​ហឫទ័យ​របស់​ព្រះ​ឡើយ ប៉ុន្តែ​ដើម្បី​សូម​នូវ​ព្រះពរ​ទាំងឡាយ​ដែល​ព្រះ​ទ្រង់​ប្រណី នឹង​ប្រទាន​ឲ្យ​ដល់​យើង និង ដល់​អ្នក​ឯទៀត ប៉ុន្តែ​គឺ​យើង​ត្រូវតែ​សុំ​ដើម្បី​ឲ្យ​បាន​ទទួល ។ ព្រះពរ​តម្រូវ​ឲ្យ​មាន​សកម្មភាព ឬ​ការប្រឹងប្រែង​ខ្លះ​នៅ​ក្នុង​ចំណែក​របស់​យើង​មុន​នឹង​អាច​ទទួល​វា​បាន ។ ការអធិស្ឋាន គឺ​ជា​ទង្វើ និង​ជា​ធម្យោបាយ​ដែល​បាន​ចាត់​សម្រាប់​ការ​ទទួល​នូវ​ពរ​ជ័យ​ទាំង​អស់​ដ៏​ខ្ពស់​បំផុត » ( សេចក្តី​យោង​ដល់​បទគម្ពីរ​ទាំងឡាយ « ការអធិស្ឋាន ») ។

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី លូកា ១១:៥–១៣សូម​បំពេញ​គោលការណ៍​ខាងក្រោម ៖ ប្រសិនបើ​យើង​អធិស្ឋាន ហើយ​បន្ត​ស្វែងរក​ពរជ័យ​របស់​ព្រះវរបិតាសួគ៌​នៅ​គ្រា​នៃ​សេចក្តី​ត្រូវការ ហើយ​ទ្រង់​នឹង​ប្រទាន​ឲ្យ​តាម​ពេលវេលា​ផ្ទាល់ និង​របៀប​របស់​ទ្រង់​ផ្ទាល់

នៅក្នុង​ការយល់​ពី​គោលការណ៍​នេះ យើង​ត្រូវតែ​ចាំ​ក្នុង​ចិត្ត​ថា ពុំ​មែន​គ្រប់​ពរជ័យ​ទាំងអស់​មក​ពី​ព្រះវរបិតា​សួគ៌ បាន​ទទួល​តាម​របៀប​ដែល​យើង​រំពឹង​គិត តាម​ប្រាថ្នា ឬ ការរៀបចំ​ភ្លាមៗ​នោះ​ឡើយ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​គ្រា​មួយ នៅពេល​អ្នក​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​អ្នក នៅពេល​អ្នក​ទទូច​សុំ​ពរជ័យ​ពី​ព្រះវរបិតាសួគ៌ ។

លូកា ១១:១៤–៥៤ មាន​ដំណើរ​រឿង​មួយ​អំពី​ព្រះយេស៊ូវ​បណ្តេញ​វិញ្ញាណ​អារក្ស​ចេញ​ពី​បុរស​ម្នាក់ ធ្វើ​ឲ្យ​មាន​ភាព​អស្ចារ្យ​ដល់​មនុស្ស​ដែល​ស្តាប់​ព្រះបន្ទូល​របស់​ព្រះ ហើយ​វាយផ្ចាល់​ពួក​ផារិស៊ី និង ពួក​អាចារ្យ​ពី​ភាព​ល្ងិតល្ងង់​ខាង​វិញ្ញាណ និង អំពើ​ទុច្ចរិត​របស់​ពួកគេ ។

លូកា ១២

ព្រះអង្គ​សង្គ្រោះ​ព្រមាន​ទាស់​នឹង​ការលាក់​ពុត និង សេចក្តី​លោភ

សូម​ពិចារណា​ពី​សំណួរ​ខាងក្រោម​នេះ ៖ តើ​អ្នក​ធ្លាប់​ចង់​បាន​អ្វី​មួយ​យ៉ាង​ខ្លាំង ដែល​អ្នក​គិត​ពី​របស់​នោះ​គ្រប់​ពេល​វេលា​ដែរ​ឬ​ទេ ? តើ​ឥទ្ធិពល​អវិជ្ជមាន​អ្វី​ខ្លះ ដែល​ការចង់​បាន​អ្វី​មួយ​ខ្លាំង​បែប​នេះ​អាច​មាន​ចំពោះ​យើង ?

យើង​អាន​នៅក្នុង លូកា ១២:១–១៣ ថា « មាន​មនុស្ស​ប្រជុំ​គ្នា​មីរដេរដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា​ឯង » (លូកា ១២:១) នោះ​ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ស្គាល់​ពី​ការលាក់ពុត ។ ទ្រង់​បាន​បង្រៀន​ពួកគេ​ថា គ្រប់​រឿង​ដែល​លាក់​កំបាំង​ទាំងអស់​នឹង​ត្រូវបាន​បើក​បង្ហាញនៅ​ថ្ងៃ​ណា​មួយ ហើយ​ថា​ព្រះ​ត្រាស់​ដឹង ហើយ​ទត​មើល​ឃើញ​កូនចៅ​របស់​ទ្រង់​ទាំងអស់ ។ ទ្រង់​ក៏​បាន​មាន​បន្ទូល​អំពី​តម្រូវការ​សម្រាប់​ពួក​សិស្ស​របស់​ទ្រង់ ក្នុង​ការ​ប្រាប់​ព្រះនាម​របស់​ទ្រង់​នៅចំពោះ​មុខ​មនុស្ស និង អំពី​អំពើ​បាប​នៃ​ពាក្យ​ប្រមាថ ។ ក្រោយមក មាន​បុរស​ម្នាក់​បាន​សុំ​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ថា ប្រសិន​បើ​ទ្រង់​នឹង​មាន​បន្ទូល​ទៅ​កាន់​បងប្រុស​របស់​ខ្លួន ហើយ​បញ្ចុះបញ្ចូល​គាត់​ឲ្យ​ចែក​មរតក​ឲ្យ​គាត់ ។

សូម​អាន លូកា ១២:១៤-១៥ដោយ​រកមើល​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ការស្នើ​សុំ​នោះ ។

តើ​ការ​ព្រមាន​អ្វី​ខ្លះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ប្រជាជន​នោះ ?

សេចក្តី​លោភ មាន​ន័យ​ថា​ប្រាថ្នា​ចង់​បាន​អ្វី​មួយ​ហួសហែត ។ ចេញ​ពី​ព្រះឱវាទ​របស់​ព្រះអម្ចាស់ ​យើង​អាច​រៀន​សេចក្តី​ពិត​ដូច​តទៅនេះ ៖ ព្រះអម្ចាស់​បញ្ជា​ដល់​យើង​កុំ​ឲ្យ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​នៃ​លោកិយ​នេះ ។ ទ្រង់​បាន​បង្រៀន​ថា មាន​អ្វីៗ​ជា​ច្រើន​ទៀត​សម្រាប់​កិច្ចការ​ខាង​សាច់ឈាម ដែល​យើង​ទទួល​បាន ហើយ​ថា ភាព​សក្តិសម​របស់​បុគ្គល​ម្នាក់​គឺ​ពុំ​អាស្រ័យ​លើ​ទ្រព្យសម្បត្តិ​ស្តុកស្តម​របស់​គាត់​ឡើយ ។

បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ប្រមាន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ចៀសវាង​ពី​សេចក្តីលោភ​ហើយ​នោះ ទ្រង់​បាន​ប្រទាន​រឿង​ប្រៀប​ប្រដូច​មួយ​ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​បទបញ្ញត្តិ​នេះ ។ សូម​អាន លូកា ១២:១៦–១៩ដោយ​រកមើល​ចំនួន​ដង​ដែល​បុរស​នៅក្នុង​រឿង​ប្រៀបប្រដូច​នោះ​បាន​ប្រើ​ពាក្យ អញ និង របស់​អញ ។ អ្នក​អាច​ចង់​គូស​ចំណាំ​នូវ​ឧទាហរណ៍​និមួយៗ ។

តើ​ភាពញឹកញាប់​ដែល​បុរស​នោះ​បានប្រើ​ពាក្យ អញ និង របស់​អញ បង្រៀន​អ្នក​អំពី​កង្វល់​របស់​គាត់​អ្វី​ខ្លះ ?

តើ​យើង​អាច​ត្រូវបាន​ល្បួង​ឲ្យ​ដូចជា​បុរស​ម្នាក់​នេះ​យ៉ាង​ដូចម្ដេច ?

សូម​អាន លូកា ១២:២០-២១ដោយ​រកមើល​អ្វី​ដែល​ព្រះ​បាន​មាន​បន្ទូល​ឆ្លើយតប​នឹង​ការ​លោ្មភ​ចង់​បាន និង សេចក្តី​លោភលន់​របស់​បុរស​នោះ ។

សូម​គិត​ពី​ការសរសេរ ឬ កត់ចំណាំ​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ « អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ជា​អ្វី​ដែល​នៅ​យូរ​អង្វែង​បំផុត » (« What Matters Most Is What Lasts Longest » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៤ ) ។

ប្រសិន​បើ​បុរស​អ្នក​មាន​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នោះ​បាន​ដឹង​ថា​គាត់​នឹង​ត្រូវ​ស្លាប់​នៅ​យប់​នោះ ហើយ​ពុំ​អាច​យក​ទ្រព្យសម្បត្តិ​របស់​គាត់​ទៅ​ជាមួយ​គាត់​បាន តើ​អ្នក​គិត​ថា​គាត់​អាច​ធ្វើ​អ្វី​ផ្សេង​ពី​នោះ​នៅ​ពេល​ថ្ងៃ​ពី​មុន​មរណភាព​របស់​គាត់​ដែរ​ឬទេ ? សូម​ពិចារណា​ពី​របៀប​ដែល​ការបញ្ជា​កុំ​ឲ្យ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​លោកិយ​អាច​អនុវត្ត​ចំពោះ​អ្នក ។

យើង​អាន​នៅក្នុង លូកា ១២:២២–៣០ ថា​ព្រះអម្ចាស់​បាន​សង្កត់ធ្ងន់​ថា​ពួកសិស្ស​របស់​ទ្រង់​ពុំ​ត្រូវ​ខ្វល់ខ្វាយ​នឹង​សេចក្តី​ត្រូវការ​ខាង​សាច់ឈាម​ពេក​ឡើយ ។ ការណែនាំ​នេះ​ត្រូវបាន​ប្រទាន​ឲ្យ​ដល់​សាវក និង អស់​អ្នក​ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។ សូម​អាន លូកា ១២:៣១–៣២ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់ឲ្យ​ស្វែងរក ជា​ជាង​ផ្តោត​ទៅលើ​តម្រូវការ និង បំណង​ប្រាថ្នា​ផ្ទាល់ខ្លួន ( សូមមើល​ផងដែរ យ៉ាកុប ២:១៨–១៩) ។

នៅក្នុង​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​នៃ លូកា ១២:៣១យើង​រៀន​ថា​ព្រះអម្ចាស់​បាន​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់ថា « ហេតុដូច្នោះ​ហើយ​ចូរ​អ្នក នាំ​ចេញ​មក​នូវ នគរ​ព្រះ​វិញ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ១២:៣៤ [ នៅក្នុង លូកា ១២:៣១ លេខ​យោង] អក្សរ​ទ្រេត​ត្រូវបាន​បន្ថែម ) ។ « នគរព្រះ » សំដៅ​លើ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ។ « គោលបំណង​នៃ​សាសនាចក្រ​នេះ​គឺ​ដើម្បី​រៀបចំ​សមាជិក​របស់​ខ្លួន​ឲ្យ​រស់នៅ​ជារៀង​រហូត​នៅក្នុង​នគរ​សេឡេស្ទាល ឬ នគរ​ឋានសួគ៌ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « នរគ​ព្រះ ឬ នគរ​ស្ថានសួគ៌ » scriptures.lds.org) ។ ព្រះអង្គសង្គ្រោះ​បាន​សន្យា​ដល់​ពួក​សាវក និង អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់​ថា ប្រសិន​បើ​ពួកគេ​នឹង​ព្យាយាម​នាំ​យក​នគរ​របស់​ព្រះ​ចេញ​មក នោះ​ទ្រង់​នឹង​ជួយ​ប្រទាន​ដល់​ពួកគេ​នូវ​សេចក្តី​ត្រូវការ​របស់​ពួកគេ ព្រម​ទាំង​ប្រទាន​កន្លែង​មួយ​សម្រាប់​ពួកគេ​នៅក្នុង​នគរ​របស់​ទ្រង់ ។

  1. សូម​សរសេរ​គោលការណ៍​ខាងក្រោម នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ នៅពេល​យើង​ព្យាយាម​ធ្វើ​ផ្នែក​របស់​យើង​ក្នុង​ការនាំ​ចេញ​មក​នូវ​នគរ​របស់​ព្រះ និង សេចក្តីសុចរិត​របស់​ទ្រង់ នោះ​ព្រះ​នឹង​ជួយ​ប្រទាន​នូវ​សេចក្តី​ត្រូវការ​របស់​យើង ហើយ​រៀបចំ​កន្លែង​មួយ​សម្រាប់​យើង​នៅក្នុង​នគរ​របស់​ទ្រង់ ។

សូម​ពិចារណា​ពី​របៀប​នានា​ដែល​អ្នក​អាច​ព្យាយាម​នាំ​នគរ​ព្រះ​ចេញ​មក ។ ( នៅពេលអ្នក​ពិចារណា​អំពី ការណ៍​នេះ សូម​រំឭក​គោលការណ៍​ដែល​បាន​រក​ឃើញ​កាល​ពី​ដើម​មេរៀន​អំពី​ការលះបង់​ខ្លួន​របស់​អ្នក​ចំពោះ​កិច្ចការ​ខាង​វិញ្ញាណ​ជា​ជាង​លើ​កង្វល់​ខាង​សាច់ឈាម ) ។

យើង​អាន​នៅក្នុង លូកា ១២:៣៥–៥៩ ថា​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ ទ្រង់​បាន​ជួយ​ពួកគេ​ឲ្យ​យល់​ថា « អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ » (លូកា ១២:៤៨) ហើយ​ទ្រង់​បាន​ពន្យល់​ថា​ដំណឹង​ល្អ​របស់​ទ្រង់​នឹង​បណ្តាល​ឲ្យ​មាន​ការបែកបាក់​គ្នា​នៅក្នុង​ចំណោម​មនុស្ស ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ១០:៣៨–១២:៥៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖