បណ្ណាល័យ
មេរៀន​ទី ១១ ថ្ងៃទី ៤ ៖ លូកា ១៧


មេរៀន​ទី ១១ ៖ ថ្ងៃ​ទី ៤

លូកា ១៧

សេចក្តីផ្តើម

ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​អំពី​តម្រូវការ​ដើម្បី​អភ័យទោស​ដល់​មនុស្ស​ដទៃ ។ បន្ទាប់​ពី​នោះ ពួក​សាវក​បាន​សុំ​ឲ្យ​ព្រះយេស៊ូវ​ចម្រើន​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ ក្នុង​ការឆ្លើយ​តប​នោះ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួកគេ​នូវ​រឿង​ប្រដូច​នៃ​អ្នក​បម្រើ​ដ៏​ឥត​ប្រយោជន៍ ។ ក្រោយ​មក​ទៀត ព្រះយេស៊ូវ​បាន​ព្យាបាល​មនុស្ស​ឃ្លង់ ១០​នាក់ ប៉ុន្តែ​មាន​តែ​ម្នាក់​ទេ ដែល​បាន​ត្រឡប់​មក​ហើយ​ថ្លែង​អំណរ​គុណ​ដល់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បាន​ជួប​នឹង​ពួក​ផារិស៊ី ហើយ​ទ្រង់​បាន​បង្រៀន​អំពី​ការចេញ​មក​នៃ​នគរ​ព្រះ ។

លូកា ១៧:១-១០

ពួក​សាវក​សុំ​ឲ្យ​ព្រះយេស៊ូវ​ចម្រើន​សេចក្ដី​ជំនឿ​របស់​ពួកគេ

  1. សូម​គិត​ពី​ស្ថានភាព​នានា ដែល​អាច​តម្រូវ​ឲ្យ​អ្នក​អនុវត្ត​សេចក្តី​ជំនឿ ដូចជា​ស្វែងរក​ការប្រសិទ្ធពរ​បព្វជិតភាព ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ឬ ការឡើង​និយាយ ឬ បង្រៀន​មេរៀន​នៅ​ព្រះវិហារ ។ សូម​សរសេរ​បញ្ជី​ពាក្យ​របស់​អ្នក នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖ តើ​អ្នក​ធ្លាប់​ចង់​បាន​សេចក្តី​ជំនឿ​កាន់តែ​ប្រសើរ​ឡើង​ដែរ​ឬ​ទេ ? ប្រសិន​បើ​ធ្លាប់​មែន តើ​បទពិសោធន៍​ណា​ខ្លះ ដែល​អ្នក​ធ្លាប់​មាន ឬ បាន​ជួប​ប្រទះ​ដែល​បាន​ជួយ​បង្កើត​នូវ​បំណង​ប្រាថ្នា​នោះ ?

នៅពេល​អ្នក​សិក្សា លូកា ១៧សូម​រក​មើល​គោលការណ៍​នានា​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចម្រើន​សេចក្តី​ជំនឿ​របស់​អ្នក ។

នៅ​ក្នុង លូកា ១៧:១–២ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ថា នរណា​ម្នាក់​ដែល​ព្យាយាម​ល្បួង​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​បាប នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​នោះ ។

សូម​អាន លូកា ១៧:៣–៤ដោយ​រក​មើល​ព្រះបញ្ញត្តិ​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់ ដែល​អាច​តម្រូវ​ឲ្យ​មាន​សេចក្តី​ជំនឿ ។ សូម​គិត​ពី​ការគូស​ចំណាំ​បទបញ្ញត្តិ​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ហេតុអ្វី​វា​អាច​ជា​ការលំបាក​ដើម្បី​អភ័យ​ទោស​ដល់​នរណា​ម្នាក់​ដែល​ធ្វើ​កំហុស​ដដែរ​ចំពោះ​អ្នក ?

សូម​អាន លូកា ១៧:៥ដោយ​រកមើល​អ្វី​ដែល​ពួក​សាវក​មាន​បំណង​ប្រាថ្នា​ចង់​បាន​ពី​ព្រះអង្គ​សង្គ្រោះ បន្ទាប់​ពី​ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​ការអភ័យទោស ។

តើ​ការ​ស្វែងរក​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​កាន់តែ​ប្រសើរ​ឡើង​អាច​ជួយ​ពួកគេ​ឲ្យ​គោរព​ព្រះបញ្ញត្តិ​ដើម្បី​អភ័យទោស​ដល់​មនុស្ស​ដទៃ​បាន​យ៉ាង​ដូចម្តេច ?

ដូច​ដែល​បាន​កត់ត្រា​នៅក្នុង លូកា ១៧:៦ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​តប​ចំពោះ​ការអង្វរក​របស់​ពួកសាវក​ចំពោះ​ការ​ចម្រើន​សេចក្តី​ជំនឿ តាមរយៈ​ការថ្លែង​ទីបន្ទាល់​ថា សេចក្តីជំនឿ​ដូចជា​គ្រាប់​ពូជ​មួយ​យ៉ាង​ល្អិត ដែល​អាច​បង្កើត​ឲ្យ​មាន​អព្ភូត​ហេតុ​នានា​បាន ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​ចម្រើន​សេចក្តី​ជំនឿ​របស់​ពួកគេ នោះ​ព្រះយេស៊ូវ​បាន​និទាន​រឿង​ប្រដូច​ដែល​ពិពណ៌នា​អំពី​ទំនាក់ទំនង​រវាង​ចៅហ្វាយ និង បាវ​បម្រើ ។

សូម​អាន លូកា ១៧:៧-១០ដោយ​រកមើល​អ្វី​ដែល​ចៅហ្វាយ​បាន​រំពឹង​ចង់​បាន​ពី​បាវ​បម្រើ​របស់​ខ្លួន ។ សូម​ប្រើ​លេខ​យោង ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​នូវ​ពាក្យ​ពិបាកៗ​នៅក្នុង​រឿង​ប្រដូច​នេះ ។

នៅ​ជំនាន់​នៃ​ព្រះគម្ពីរ​ប៊ីប ចៅហ្វាយ​ម្នាក់​បាន​ផ្តល់​តម្រូវការ​ចាំបាច់​ទាំងអស់​នៃ​ជីវិត ដល់​បាវ​បម្រើ​ខ្លួន នៅពេល​បាវ​បម្រើ​នោះ​បាន​បំពេញ​កាតព្វកិច្ច​ដែល​គាត់​ត្រូវបាន​រំពឹង​ទុក​ដោយ​ស្មោះត្រង់ ។ ដោយសារ​ការណ៍​នេះ គ្មាន​តម្រូវការ​ណា​សម្រាប់​ចៅហ្វាយ​ដើម្បី​ថ្លែង​អំណរគុណ​ពិសេស​ដល់​បាវ​បម្រើ​ខ្លួន ឬ មាន​អារម្មណ៍​ថា​ជំពាក់​បំណុល​បាវ​ខ្លួន​ចំពោះ​ការធ្វើ​កាតព្វកិច្ច​របស់​គេ​ឡើយ។

សូម​គិត​ពី​របៀប​នានា​ដែល​ព្រះវរបិតា​សួគ៌​ដូច​ជា​ចៅហ្វាយ​នៅក្នុង​រឿង​ប្រដូច​នោះ ។

អ្នក​អាច​គូស​ចំណាំ​នៅក្នុង លូកា ១៧:១០ នូវ​ឃ្លា « ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ » ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ សេចក្តីជំនឿ​របស់​យើង​នឹង​ចម្រើន​ឡើង នៅពេល​យើង​ព្យាយាម​ធ្វើ​តាម​បង្គាប់​របស់​ព្រះវរបិតា​សួគ៌​គ្រប់​ជំពូក ។ អ្នក​នឹង​បន្ថែម​លើ​សេចក្តី​ថ្លែងការណ៍​នេះ​នៅពេល​ក្រោយ ។

សូម​គិត​ពី​ការគូស​ចំណាំ​នៅក្នុង លូកា ១៧:១០ ពីអ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ឲ្យ​ពួក​បាវ​បម្រើ​គួរតែ​និយាយ បន្ទាប់​ពី​ធ្វើ​អ្វី​ដែល​បាន​បង្គាប់​ដល់​ពួកគេ​នោះ ។

ដើម្បី​ទទួល​ស្គាល់​ថា​យើង​គឺ​ជា​អ្នក​បម្រើ​ឥត​ប្រយោជន៍ មាន​ន័យ​ថា​យើង​ទទួល​ស្គាល់​ថា​ទោះបី​ជា​យើង​គោរព​បទបញ្ញត្តិ​បាន​ឥតខ្ចោះ​ប៉ុណ្ណា​ក្តី ក៏​យើង​នៅតែ​ជំពាក់​បំណុល​ព្រះ​ជានិច្ច ។ ទ្រង់​ប្រទាន​ពរ​ដល់​យើង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដែល​យើង​ពុំ​អាច​សង​ទ្រង់​រួច​ឡើយ—ទោះបី​ជា​យើង​គោរព​ប្រតិបត្តិ ហើយ​រស់នៅ​ដោយ​សុចរិត​ក្តី ( សូមមើល ម៉ូសាយ ២:២០–២៦) ។

  1. សូម​បំពេញ​សេចក្តី​ថ្លែងការណ៍​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​វា​បង្ហាញ​ឲ្យ​ឃើញ​នូវ​គោលការណ៍​ខាង​ក្រោម​នេះ ៖ សេចក្តីជំនឿ​របស់​យើង​នឹង​ចម្រើន​ឡើង នៅពេល​យើង​ព្យាយាម​ធ្វើ​តាម​បង្គាប់​របស់​ព្រះវរបិតា​សួគ៌​គ្រប់​ជំពូក និង នៅពេល​យើង​ចងចាំ​ថា​យើង​នៅតែ​ជំពាក់​បំណុល​ទ្រង់​ជានិច្ច ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖ តើ​ការព្យាយាម​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គ្រប់​ជំពូក​ចម្រើន​សេចក្តី​ជំនឿ​របស់​យើង​យ៉ាង​ដូចម្តេច ?

រូបភាព
ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត

ប្រធានហ៊ីប៊ើរ ចេ ក្រាន្ត​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​នូវ​កាតព្វកិច្ច​របស់​យើង​នៅក្នុង​ការបម្រើ​របស់​ព្រះ ៖ « ពុំ​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​ដល់​បុរស ឬ ស្ត្រី​ណា​ម្នាក់​ដែល​បាត់​បង់​សេចក្តី​ជំនឿ​របស់​ខ្លួន​នៅក្នុង​សាសនាចក្រ​នេះ​ឡើយ ប្រសិន​បើ​គាត់​បន្ទាប​ខ្លួន ហើយ​ពោរពេញ​ដោយ​ការ​អធិស្ឋាន និង គោរព​ប្រតិបត្តិ​ចំពោះ​កាតព្វ​កិច្ច ។ ខ្ញុំ​ពុំ​ធ្លាប់​បាន​ដឹង​ពី​ការបាត់បង់​សេចក្តី​ជំនឿ​របស់​បុគ្គល​បែប​នេះ​ឡើយ ។ តាមរយៈ​ការធ្វើ​កាតព្វកិច្ច​របស់​យើង​សេចក្តីជំនឿ​ចម្រើន​ឡើង រហូត​ដល់​វា​ក្លាយ​ជា​ចំណេះ​ដឹង​ដ៏​ល្អ​ឥតខ្ចោះ​ » (Teachings of Presidents of the Church ៖ Heber J. Grant [ ឆ្នាំ ២០០២ ] ទំព័រ ២៨) ។

សូម​គិត​ពី​គ្រា​មួយ​នៅពេល​អ្នក​បាន​គោរព​ព្រះបញ្ញត្តិ ឬ គោរព​ប្រតិបត្តិ​តាម​ដោយ​ការ​ធ្វើ​កាតព្វកិច្ច​របស់​អ្នក​ចំពោះ​ព្រះ ហើយ​ជា​លទ្ធផល​មាន​អារម្មណ៍​នូវ​ភាព​ចម្រើន​ឡើង​នៅក្នុង​សេចក្តីជំនឿ ។

លូកា ១៧:១១-១៩

ព្រះយេស៊ូវ​ព្យាបាល​មនុស្ស​ឃ្លង់ ១០​នាក់

រូបភាព
ព្រះយេស៊ូវ និង មនុស្ស​ឃ្លង់

ផ្អែកលើ​អ្វី​ដែល​អ្នក​ដឹង​អំពី​ជំងឺ​ឃ្លង់ សូម​បំពេញ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម ៖ នៅ​អំឡុង​សម័យ​ព្រះគម្ពីរ​ប៊ីប ការមាន​ជំងឺ​ឃ្លង់​គឺ​ជា​ការលំបាក ដោយសារ

ជំងឺ​ឃ្លង់​គឺ​ជា​ជំងឺ​មួយ​ដែល​អាច​នាំ​ទៅ​រកពិការភាព និង សេចក្តី​ស្លាប់ ។ អ្នក​ជំងឺ​ឃ្លង់​ត្រូវបាន​ដាក់​ដាច់​ដោយ​ឡែក​ពី​មនុស្ស​ផ្សេងៗ​ទាំង​អស់ ដើម្បី​ការពារ​សុខភាព​របស់​មនុស្ស​ដទៃ ហើយ​ពួកគេ​ត្រូវបាន​តម្រូវ​ឲ្យ​ចាត់ទុក​ថា « មិន​ស្អាត​ស្អំ ! » ដើម្បី​ព្រមាន​មនុស្ស​គ្រប់​គ្នា​ដែល​ទៅ​រក​ពួកគេ ( សូមមើល Bible Dictionary « Leper ») ។

សូម​អាន លូកា ១៧:១១–១២ដោយ​រកមើល​ថា​តើ​មាន​នរណា​ខ្លះ​ដែល​ព្រះយេស៊ូវ​បាន​ជួប នៅពេល​ទ្រង់​បាន​ឈប់​នៅ​ភូមិ​មួយ​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​យេរូសាឡិម ។

ប្រសិន​បើ​អ្នក​ជា​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ឃ្លង់​ទាំង​នោះ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច​ខ្លះ នៅពេល​អ្នក​បាន​ឃើញ​ព្រះយេស៊ូវ ?

សូមមើល លូកា ១៧ ៖ ១៣–១៤ដោយ​រកមើល​អ្វី​ដែល​មនុស្ស​ឃ្លង់​នោះ​បាន​និយាយ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ និង ចម្លើយ​របស់​ទ្រង់​ចំពោះ​ពួកគេ ។

ក្រឹត្យវិន័យ​របស់​ម៉ូសេ បាន​តម្រូវ​ថា​មនុស្ស​ឃ្លង់​បង្ហាញ​ខ្លួន​ពួកគេ​ដល់​ពួកសង្ឃ បន្ទាប់ពី​ពួកគេ​បាន​ជា​សះស្បើយ ដើម្បី​ត្រូវបាន​ទទួល​ស្គាល់​ឲ្យ​ត្រឡប់​ចូល​ទៅក្នុង​សង្គម​វិញ ( សូមមើល លេវីវិន័យ ១៤) ។ សូម​គិត​ពី​ការគូស​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅពេល​មនុស្ស​ឃ្លង់​ទាំង​នោះ​បាន​ទៅ​បង្ហាញ​ខ្លួន​ពួកគេ​ដល់​ពួក​សង្ឃ ។

ចេញ​ពី លូកា ១៧:១៤ យើង​អាច​រៀន​ថា យើង​ទទួល​ពរជ័យ​របស់​ព្រះអម្ចាស់ នៅពេល​យើង​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​បាន​ត្រាស់​បង្គាប់​យើង​ឲ្យ​ធ្វើ ។

សូម​ពិចារណា​ពី​អ្វី​ដែល​អាច​នឹង​កើត​ឡើង—របៀប​ដែល​វា​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក—គឺ​ជា​មនុស្ស​ឃ្លង់​ម្នាក់​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​នោះ ។ តើ​អ្នក​គិត​ថា អ្នក​នឹង​ធ្វើ​អ្វីខ្លះ​នៅពេល​អ្នក​បាន​ដឹង​ថា អ្នក​ត្រូវបាន​ជា​ស្អាត​ពី​ជំងឺ​ឃ្លង់​នោះ​ ?

សូម​អាន លូកា ១៧:១៥-១៩ដោយ​រកមើលរបៀប​ដែល​មនុស្ស​ឃ្លង់​ម្នាក់​មាន​ប្រតិកម្ម​ខុស​ប្លែក​ពី​មនុស្ស​ឃ្លង់​ដទៃ​ផ្សេង​ទៀត ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​មនុស្ស​ឃ្លង់​ម្នាក់​នោះ​ដែល​បាន​ត្រឡប់​មក​ថ្លែង​អំណរគុណ​នោះ​គឺ​ថា វា​សំខាន់​ដើម្បី​បង្ហាញ​អំណរគុណ​សម្រាប់​ពរជ័យ​ដែល​យើង​ទទួលបាន ។

ហេតុអ្វី​វា​សំខាន់​ដើម្បី​បង្ហាញ​អំណរគុណ​របស់​យើង​ចំពោះ​ព្រះ​សម្រាប់​ពរជ័យ​ដែល​យើង​ទទួល ?

តើ​ពេល​ខ្លះ​យើង​អាច​ធ្វើ​ដូច​ជា​មនុស្ស​ឃ្លង់​ប្រាំបួន​នាក់​ទៀត​នោះ​ដោយ​របៀប​ណា ?

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

នៅពេល​អ្នក​អាន​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​នេះ ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន សូម​គូសចំណាំ​នូវ​អ្វី​ដែល​លោក​បាន​បង្រៀន​ថា​នឹង​កើត​ឡើង នៅពេល​យើង​បង្ហាញ អំណរគុណ ចំពោះ​ព្រះវរបិតា​នៅក្នុង​ឋានសួគ៌​របស់​យើង ៖ « បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ តើ​យើង​ចងចាំ​ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ពរជ័យ​នានា​ដែល​យើង​ទទួល​ដែរ​ឬ​ទេ ? ការ​ថ្លែង​អំណរគុណ​ដោយ​ស្មោះសរ គឺ​ពុំ​គ្រាន់តែ​ជួយ​យើង​ឲ្យ​ទទួល​ស្គាល់​ពរជ័យ​នានា​របស់​យើង​ឡើយ ប៉ុន្តែ​វា​ក៏​ចាក់សោ​បើក​ទ្វារ​ឋានសួគ៌ ហើយ​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ផងដែរ » (« The Divine Gift of Gratitude » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៧ ) ។

អ្នក​អាច​គូស​ចំណាំ​នៅក្នុង លូកា ១៧:១៩ នូវអ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ឃ្លង់​នោះ​ដែល​បាន​ថ្លែង​អំណរគុណ ។

តើ​ការថ្លែង​អំណរគុណ​ចំពោះ​ព្រះអម្ចាស់​សម្រាប់​ពរជ័យ​នានា​អាច​ជួយ​យើង​ឲ្យ​បាន​ជា​ស្អាត​តាម​របៀប​ណា​ខ្លះ ?

  1. សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ពរជ័យ​នានា​មកពី​ព្រះវរបិតា​សួគ៌​ដែល​អ្នក​មាន​អំណរគុណ​ចំពោះ​ពរជ័យ​ទាំង​នោះ ។ សូម​សរសេរ​នូវ​កិច្ចការ​មួយ​ចំនួន ដែល​អ្នក​អាច​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក ដែល​បង្ហាញ​ការ​ថ្លែង​អំណរគុណ​របស់​អ្នក​សម្រាប់​ពរជ័យ​ទាំង​នោះ ។

លូកា ១៧:២០-៣៧

ព្រះយេស៊ូវ​បង្រៀន​អំពី​ការចេញមក​នៃ​នគរ​ព្រះ

ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់​នៅក្នុង លូកា ១៧:២០–៣៧។ អ្នក​បាន​សិក្សា​មាតិកា​មួយ​ចំនួន​នៃ​វគ្គ​បទគម្ពីរ​នេះ​រួច​ហើយ នៅពេល​អ្នក​បាន​សិក្សា ម៉ាថាយ ២៤ និង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ១៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖