បណ្ណាល័យ
មេរៀន​ទី ១២ ថ្ងៃទី ៣ ៖ លូកា ២៣-២៤


មេរៀន​ទី ១២ ៖ ថ្ងៃ​ទី ៣

លូកា ២៣-២៤

សេចក្តីផ្ដើម

ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​កាត់ទោស​នៅ​ចំពោះ​មុខ​ប៉ុនទាស-ពីឡាត់ និង ហេរ៉ូឌ អាន់ទីប៉ាស ។ អ្នក​ទាំងពីរ​នាក់នេះ ពុំ​រក​ឃើញ​កំហុស​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​បទឧក្រិដ្ឋ​ដែល​ពួក​សាសន៍​យូដា​បាន​ចោទ​ប្រកាន់​ទ្រង់​នោះ​ទេ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ពីឡាត់ បាន​ប្រគល់​ទ្រង់​ឲ្យ​ត្រូវ​គេ​ឆ្កាង ។ ព្រះយេស៊ូវ​អភ័យទោស​ដល់​ពួក​ទ័ព​រ៉ូម ដែល​បាន​ឆ្កាង​ទ្រង់ ហើយ​បាន​មាន​បន្ទូល​បញ្ជាក់​ពី​ជីវិត​ក្រោយ​ពី​ស្លាប់​ទៅចោរ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ឆ្កាង​ផងដែរ​នោះ​ ។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត ព្រះកាយ​របស់​ទ្រង់​ត្រូវ​បាន​គេ​ដាក់​ទៅ​ក្នុង​ផ្នូរ​មួយ​របស់​យ៉ូសែប ជា​អ្នក​ស្រុក​អើរីម៉ាថេ ។ នៅថ្ងៃ​ទីបី បន្ទាប់​ពី​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ទេវតា​នៅ​ឯ​ផ្នូរ​បាន​ប្រកាស​ពី​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់​ដល់​ស្ត្រី​មួយ​ក្រុម ។ ក្រោយមក ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកសាវក និង មនុស្ស​ដទៃ​ទៀត បាន​បង្ហាញ​ពួកគេ​នូវ​ព្រះកាយ​ដែល​រស់ឡើងវិញ​របស់​ទ្រង់ ហើយ​បាន​បញ្ជា​ពួកគេ​ឲ្យ​ផ្សាយ​ពី​ការប្រែចិត្ត និង ធ្វើ​ជា​សាក្សី​អំពី​ទ្រង់ ។

លូកា ២៣

ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​កាត់ទោស​នៅចំពោះ​មុខ ពីឡាត់ និង ហេរ៉ូឌ ហើយ​ត្រូវបាន​ឆ្កាង​នៅ​ចន្លោះ​ចោរ​ពីរ​នាក់

សូម​គិត​អំពី​គ្រា​មួយ នៅ​ពេល​នរណា​ម្នាក់​បាន​ធ្វើ​បាប​អ្នក ។ តើ​អ្នក​ឆ្លើយ​តប​នឹង​ស្ថានភាព​នោះ​យ៉ាង​ដូចម្ដេច ?

នៅពេល​អ្នក​សិក្សា លូកា ២៣សូម​រកមើល​សេចក្តី​ពិត​ដែល​នឹង​ជួយ​អ្នក ឲ្យ​យល់​ពី​របៀប​ដែល​យើង​គួរតែ​ឆ្លើយ​តប នៅពេល​យើង​មាន​អារម្មណ៍​ថា​មនុស្ស​ដទៃ​ធ្វើបាប​លើ​ខ្លួន ។

សូមចាំ​ថា បន្ទាប់ពី​ព្រះយេស៊ូវ​បាន​រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី នោះ​ពួកសង្គ្រាជ​បាន​ចាប់​ព្រះកាយ​ទ្រង់ ហើយ​ដាក់ទោស​ទ្រង់​ដល់​សុគត ។ ក្រោយ​មក ពួកគេ​បាន​ចាប់​ទ្រង់​ទៅ​មុខ​ប៉ុនទាស-ពីឡាត់ អ្នក​ច្បាប់​ពួក​សាសន៍​រ៉ូម​នៅក្នុង​ទឹកដី​នៃ​សាសន៍​យ៉ូដា ហើយ​ទាមទារ​ឲ្យ​គាត់​សម្លាប់​ព្រះយេស៊ូវ ។ ពីឡាត់​រក​ពុំឃើញ​កំហុស​ណា​មួយ​របស់​ព្រះយេស៊ូវ​ឡើយ ។ ទ្រង់​ត្រូវបាន​បញ្ជូន​ទៅ​ជំនុំជម្រះ​ដោយ​ហេរ៉ូឌ អាន់ទីប៉ាស ដែល​បាន​កាត់ទោស​យ៉ូហាន បាទីស្ទ​ឲ្យ​ស្លាប់ ហើយ​បាន​ត្រួតត្រា​លើ​ដែនដី​នៃ​ស្រុក​កាលីឡេ និង ស្រុក​ពេរៀ ក្រោម​សិទ្ធិ​អំណាច​របស់​សាសន៍​រ៉ូម ។ ហេរ៉ូឌ​រក​ពុំ​ឃើញ​កំហុស​របស់​ព្រះយេស៊ូវ​ឡើយ ហើយ​លោក​ពីឡាត់​ក៏​ដូច​គ្នា​ដែរ ដោយ​បាន​ប្រាប់​ប្រជាជន​ថា​គាត់​នឹង​មិន​ដាក់​ទោស​ព្រះយេស៊ូវ​ទេ ហើយ​នឹង​ដោះលែង​ទ្រង់ ។ ប្រជាជន​បាន​ស្រែក​ដាក់​លោក​ពីឡាត់​ថា​ឲ្យ​លែង​បារ៉ាបាស ដែលជា​ឃាតករ​ជំនួស​វិញ ហើយ​ទាមទារ​ថា​ត្រូវតែ​ឆ្កាង​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ពីឡាត់​បាន​ដោះលែង​បារ៉ាបាស ហើយ​ទុក​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​យក​ទៅ​ឆ្កាង ( សូមមើល លូកា ២៣:១–២៥) ។

សូម​អាន លូកា ២៣:៣២–៣៤ និង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ២៣:៣៥ ( នៅក្នុង លូកា ២៣:៣៤ លេខ​យោង ) ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​អធិស្ឋាន​ នៅពេល​ទ្រង់​កំពុង​ត្រូវ​គេ​ឆ្កាង ។ អ្នក​អាច​នឹង​គូសចំណាំ​ពាក្យ​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​ការអធិស្ឋាន​របស់​ព្រះអង្គ​សង្គ្រោះ​នៅពេល​នោះ​អស្ចារ្យ​អ្វី​ម៉្លេះ ?

    2. តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀន​មកពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​របៀប​ដែល​យើង​គប្បី​ឆ្លើយ​តប នៅពេល​នរណា​ម្នាក់​ធ្វើ​បាប​យើង​នោះ ? ( សូម​ឆ្លើយ​សំណួរ​នេះ​ដោយ​បំពេញ​សេចក្តី​ថ្លែងការណ៍​នៃ​គោលការណ៍​ដូចតទៅ​នេះ ៖​ យើង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការជ្រើសរើស​ដើម្បី ) ។

ការអភ័យទោស​ដល់​មនុស្ស​ដទៃ​ពុំ​មែនមាន​ន័យ​ថា យើង​ដោះសារ​ចំពោះ​នរណា​ម្នាក់​ពី​ការចោទ​ប្រកាន់​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ឡើយ ។ ហើយ​វា​ក៏​ពុំ​មាន​ន័យ​ផងដែរ​ថា យើង​គួរតែ​ដាក់​ខ្លួន​យើង​នៅក្នុង​ស្ថានភាព ដែល​មនុស្ស​អាច​បន្ត​ធ្វើ​បាប​ដល់​យើង ។ ផ្ទុយ​ទៅវិញ ការអភ័យទោស​មាន​ន័យ​ថា ប្រព្រឹត្តិ​ដោយ​សេចក្តី​ស្រឡាញ់​ដល់​អស់​អ្នក​ដែល​បាន​ធ្វើ​បាប​យើង ហើយពុំ​ប្រកាន់​យក​កំហឹង ឬ ថ្នាំងថ្នាក់​ចិត្ត​ចំពោះ​ពួកគេ​ឡើយ ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អត់ទោស » scriptures.lds.org) ។

សូម​ពិចារណា​ថា​តើ មាន​នរណា​ម្នាក់​ដែល​អ្នក​ត្រូវ​អត់ទោស​ឲ្យ​ដែរ​ឬ​ទេ ។ នៅ​គ្រា​ជា​ច្រើន​វា​អាច​ជា​ការលំបាក​ដើម្បី​អត់ទោស​ឲ្យ​មនុស្ស​ម្នាក់​ទៀត ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ដោយ​រកមើល​អ្វី​ដែល​អ្នក​អាច​ធ្វើ ប្រសិនបើ​អ្នក​កំពុង​មាន​ការលំបាក​ដើម្បី​អភ័យ​ទោស​នរណា​ម្នាក់ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​ទូល​សុំ​កម្លាំង​មកពី​ព្រះអម្ចាស់​ដើម្បី​អភ័យទោស ។ … វា​អាច​នឹង​ពុំ​ងាយ​ស្រួល​ទេ ហើយ​វា​អាច​នឹង​ពុំ​កើត​មាន​យ៉ាង​ឆាប់​រហ័ស​ផងដែរ ។ ប៉ុន្តែ ប្រសិនបើ​អ្នក​ព្យាយាម​ស្វែងរក​វា​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​បណ្ដុះ​ឲ្យ​មាន​វា​ឡើង នោះ​វា នឹង កើត​មាន​ឡើង ។ … នឹង​កើត​មាន​ឡើង​នៅក្នុង​ដួងចិត្ត​អ្នក​នូវ​ភាពសុខសាន្ត​ដែល​នឹក​ស្មាន​មិន​ដល់ ។ ភាពសុខសាន្ត​នោះ​នឹង​ក្លាយ​ជា​ភាពសុខសាន្ត​ដែល​ទ្រង់​បាន​បន្ទូល ៖

« ‹ ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្តិ​ធ្វើ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ៖

« ‹ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ › ។ (ម៉ាថាយ ៦:១៤–១៥) » (« Of You It Is Required to Forgive » Ensign ខែ មិថុនា ឆ្នាំ ១៩៩១ ទំព័រ ៥ ) ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖ តើ​អ្នក​គិត​ថា​ការអធិស្ឋាន​សុំ​កម្លាំង​អាច​ជួយ​យើង​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​បាប​យើង​យ៉ាង​ដូចម្ដេច ?

    2. សូម​សរសេរ​ពី​គ្រា​មួយ​ដែល​អ្នក ( ឬ មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ) បាន​អភ័យទោស​ឲ្យ​មនុស្ស​ម្នាក់​ផ្សេង​ទៀត ។ ( សូម​ចាំ​ថា​កុំ​ចែកចាយ​អ្វី​ៗដែល​ផ្ទាល់ខ្លួន​ពេក ។

សូម​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អភ័យទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​បាប​អ្នក ។ សូម​អធិស្ឋាន​សុំ​កម្លាំង និង សមត្ថភាព​ដើម្បី​ធ្វើ​ដូច្នោះ ។ ( សូម​ចងចាំ​ថា ព្រះអម្ចាស់​កាត់ទោស​អាកប្បកិរិយា​ដែល​បំពាន​នៅក្នុង​គ្រប់​ទម្រង់​ទាំង​អស់​—ទាំង​ខាង​រូបកាយ ផ្លូវភេទ ពាក្យ​សម្តី ឬ សតិ​អារម្មណ៍ ។ ការបំពាន ឬ ការធ្វើ​បាប​គ្រប់​រូបភាព​ណា​មួយ រួម​ទាំង​ការសម្លុត​គំរាមកំហែង គឺ​ផ្ទុយ​នឹង​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ជន​រងគ្រោះ​នៃ​អំពើ​បំពាន​នេះ​គួរតែ​ត្រូវបាន​បព្ជាក់​ថា ពួកគេ​ពុំ​ត្រូវបាន​ស្តីបន្ទោស​ចំពោះ​អាកប្បកិរិយា​គ្រោះថ្នាក់​ពី​មនុស្ស​ដទៃ​ឡើយ ។ ពួកគេ​ពុំ​គួរ​មាន​អារម្មណ៍​ថា​មាន​កំហុស​ឡើយ ។ ជន​រងគ្រោះ​នៃ​អំពើ​បំពាន​នេះ​គួរតែ​ស្វែង​រក​ជំនួយ​ភ្លាមៗ ជាទូទៅ​មក​ពី​ប៊ីស្សព ឬ ប្រធាន​សាខា ) ។

រូបភាព
ការឆ្កាង

នៅក្នុង លូកា ២៣:៣៥-៣៨ យើង​បាន​រៀន​ថា​អ្នក​ប្រាជ្ញា​ច្បាប់​សាសន៍​យូដា និង ពួកទ័ព​រ៉ូម​បាន​បាន​សើច​ចំអក​ដល់​ព្រះអង្គសង្គ្រោះ នៅពេល​ទ្រង់​ត្រូវ​បាន​គេ​ចង​ព្យួរ​នៅលើ​ឈើ​ឆ្កាង ។ សូម​អាន លូកា ២៣:៣៩–៤៣ដោយ​រកមើល​របៀប​ដែល​ចោរ​ពី​នាក់​ដែល​ព្យួរ​នៅ​សងខាង​ព្រះអង្គ​សង្គ្រោះ​បាន​ប្រព្រឹត្តិ​ចំពោះ​ទ្រង់ ។ អ្នក​អាច​គូសចំណាំ​ពាក្យ ឬ ​ឃ្លា​ដែល​លេច​ធ្លោ​ចំពោះ​អ្នក ។

សូម​អាន​សេចក្តីថ្លែងការណ៍​ខាង​ក្រោម ដោយ​រកមើល​ថា​តើ​មាន​ន័យ​យ៉ាង​ណា នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ទៅ​ចោរ​ម្នាក់​ថា វា​នឹង​នៅ​ជាមួយ​ទ្រង់​នៅ​ស្ថានបរមសុខ ៖

« នៅក្នុង​ព្រះគម្ពីរ​ពាក្យ​ថា ស្ថានបរមសុខ គឺ​ត្រូវបាន​ប្រើ​នៅក្នុង​របៀប​ផ្សេងៗ ។ ទីមួយ ស្ថានបរមសុខ​ជា​កន្លែង​ជ្រើសរើស​ទុក​ជាមុន សម្រាប់​សេចក្តី​សុខសាន្ត និង សុភមង្គល​ក្នុង​ពិភពវិញ្ញាណ ដែល​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ជា​អ្នក​បន្ត​មាន​សេចក្តីស្មោះត្រង់ ( សូមមើល អាលម៉ា ៤០:១២, មរ៉ូណៃ ១០:៣៤) ។ …

« ទីពីរ​ការប្រើ​ពាក្យ ស្ថានបរមសុខ គឺ​ត្រូវបាន​រកឃើញ​នៅក្នុង​ដំណើររឿង​របស់​លូកា​អំពី​ការឆ្កាង​របស់​ព្រះអង្គសង្គ្រោះ ។ … ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​ពន្យល់​ថា … តាម​ពិត​ព្រះអម្ចាស់​មាន​បន្ទូល​ថា ចោរ​នោះ​នឹង​នៅ​ជាមួយ​ទ្រង់​នៅក្នុង​ពិភព​វិញ្ញាណ » (ពិត​ចំពោះ​សេចក្តីជំនឿ ៖ ឯកសារយោង​ដំណឹង​ល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៧៣-១៧៤សូមមើល​ផងដែរ History of the Church ៥:៤២៤–២៥ ) ។

ចេញពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​ចោរ​ដែល​បាន​កត់ត្រា​នៅក្នុង លូកា ២៣:៤៣នោះ​យើង​រៀន​ថា វិញ្ញាណ​មនុស្ស​ទាំងអស់​ចូល​ទៅ​ក្នុង​ពិភព​វិញ្ញាណ​នៅពេល​ពួកគេ​ស្លាប់ ។

នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨ យើង​រៀន​ថា​នៅពេល​ព្រះអង្គសង្គ្រោះ​បាន​សុគត នោះ​វិញ្ញាណ​របស់​ទ្រង់​បាន​យាង​ចូលទៅ​កាន់​ភពវិញ្ញាណ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​ពុំ​បាន​យាង​ទៅជួប​វិញ្ញាណ​ទុច្ចរិត​ដែល​នៅ​ផ្នែក​ម្ខាង​នៃ​ពិភព​វិញ្ញាណ​ដែល​ហៅ​ថា​ស្ថាន​ឃុំ​វិញ្ញាណ​ឡើយ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២៩–៣២ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​នៅក្នុង​ពិភពវិញ្ញាណ និង អ្វី​ដែល​ទំនង​ជា​បាន​កើត​ឡើង​ដល់​ចោរ​នោះ បន្ទាប់​ពី​វា​បាន​ស្លាប់ទៅ ហើយ​បាន​ទៅ​ពិភព​វិញ្ញាណ ។ អ្នក​អាច​សរសេរ សេចក្តីយោងបទគម្ពីរ គ. និង ស. ១៣៨:២៩–៣២ ក្បែរ​នឹង លូកា ២៣:៤៣ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ទោះបីជា​ដំណឹង​ល្អ​នឹង​ត្រូវបាន​ផ្សាយ​ដល់ចោរ​រូប​នោះ​ក្តី វា​នឹង​ពុំ​បាន​ទទួល​ភាពតម្កើង​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​នៅក្នុង​នគរ​របស់​ព្រះឡើយ ។ ចោរ​នោះ ( និង មនុស្ស​ដទៃ​ទៀត​ដែល​ស្លាប់​ដោយ​គ្មាន​ចំណេះដឹង​នៃ​ដំណឹង​ល្អ ) នឹង​ត្រូវការ​ការប្រែចិត្ត ហើយ​ទទួល​យក​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ធ្វើ​ឡើង​ជំនួស​ដល់​វា ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៥៨–៥៩) ។

លូកា ២៣:៤៤–៥៦ ប្រាប់​ថា​ព្រះអង្គសង្គ្រោះ​បាន​សុគត​នៅលើ​ឈើ​ឆ្កាង ។ ក្រោយមក​ព្រះសព​របស់​ទ្រង់​ត្រូវបាន​រុំ​នៅក្នុង​សំពត់​ស្នប ហើយ​ដាក់​នៅក្នុង​ផ្នូរ ។ អ្វីៗ​ដែល​ទាក់ទង​នឹង​ការសុគត​របស់​ព្រះអង្គសង្គ្រោះ​នៅលើ​ឈើ​ឆ្កាង​មាន​រួច​មក​ហើយ​នៅក្នុង​មេរៀន​នៃ ម៉ាថាយ ២៧

លូកា ២៤

ទេវតា​ប្រកាស​ថា​ព្រះ​យេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ថា​ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​ពួកសិស្ស​របស់​ទ្រង់

សូម​ស្រមៃ​ថា​អ្នក​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​អ្នក​បាន​ជួប​មនុស្ស​ម្នាក់​ដែល​និយាយ​ថា « មនុស្ស​ជាច្រើន​ដែល​ខ្ញុំ​ស្គាល់ពុំ​ជឿ​លើ​ជីវិត​ក្រោយ​ពី​ស្លាប់​ឡើយ ។ ពួកគេ​មួយ​ចំនួន​និយាយ​ថា ពួកគេ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ​ពុំ​ជឿ​ថា​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដោយ​មាន​ព្រះកាយ​វិញ​ឡើយ ។ ពួកគេ​និយាយ​ថា​ទ្រង់​បាន​បន្ត​មាន​ព្រះជន្ម​រស់​នៅ​ជា​វិញ្ញាណ​តែ​ប៉ុណ្ណោះ ។ តើ​អ្នក​ជឿ​អ្វីខ្លះ​អំពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ? »

តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​នេះ​យ៉ាង​ដូចម្ដេច ?

សូមអាន លូកា ២៤:១–៤ដោយ​រកមើល​អ្វី​ដែល​ស្ត្រី​នោះ​បាន​ឃើញ​នៅពេល​ទៅដល់​ផ្នូរ ដែល​ព្រះសព​របស់​ព្រះយេស៊ូវ​ត្រូវបាន​ដាក់​នៅក្នុង​នោះ ។

សូមអាន លូកា ២៤:៥-៨ដោយ​រកមើល​អ្វី​ដែល​ទេវតា​បាន​ប្រាប់​ដល់​ស្ត្រី​នោះ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

នៅក្នុង លូកា ២៤:៩-១០ យើង​រៀន​ថា​ស្ត្រី​នោះ​បាន​ចេកចេញ​ពីផ្នូរ ហើយ​បាន​ប្រាប់​ពួក​សិស្ស​ពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ និង ឮ ។

សូមអាន លូកា ២៤:១១ដោយ​រកមើល​ប្រតិកម្ម​របស់​ពួកសាវក​ចំពោះ​ពាក្យ​សម្តី​របស់​ស្ត្រី​ទាំង​នោះ ។

សូម​សង្ខេប​ពី​របៀប​ដែល​ពួកសាវក​បាន​មាន​ប្រតិកម្ម​ចំពោះ​ពាក្យ​សម្តី​របស់​ស្ត្រី​ទាំង​នោះ ៖

បន្ទាប់ពី​ស្តាប់​ឮ​ការរាយការណ៍​របស់​ស្ត្រី​ទំាងនោះ ពេត្រុស​បាន​រត់​ទៅកាន់​ផ្នូរ ហើយ​បាន​ឃើញ​សំពត់​ស្នប ប៉ុន្តែ​ព្រះសព​របស់​ព្រះយេស៊ូវ​បាន​បាត់​ទៅហើយ ( សូមមើល លូកា ២៤:១២) ។

នៅក្នុង លូកា ២៤:១៣–៣២ យើង​រៀន​ថា​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​បង្ហាញ​ព្រះកាយ​ដល់​សិស្ស​ពីរ​នាក់​នៅ​លើ​ផ្លូវ​ទៅ​អេម៉ោស ។ ពួកសិស្ស​ទាំងពីរ​នាក់​នោះ​ពុំ​បាន​ស្គាល់​ព្រះយេស៊ូវ​ទេ នៅពេល​ទ្រង់​បាន​យាង​ជាមួយ​ពួកគេ ហើយ​បាន​បង្រៀន​ពួកគេ​ដោយ​ប្រើ​ព្រះគម្ពីរ​ដោយសារ « ភ្នែក​គេ​ត្រូវ​ថ្ពឹន » (លូកា ២៤:១៦) ។ ព្រះអង្គសង្គ្រោះ​ពុំ​ចង់​ឲ្យ​ពួកគេ​ស្គាល់​ទ្រង់​ភ្លាមៗ​ឡើយ ។

សូម​អាន លូកា ២៤:៣២ដោយ​រកមើល​របៀប​ដែល​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ចេញពី​ព្រះគម្ពីរ​បាន​ជះឥទ្ធិពល​ដល់​ពួក​សិស្ស​ទាំង​ពីរ ។ សូម​ពិចារណា​អំពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

ពួក​សិស្ស​ទាំងពីរ​នាក់​នោះបាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម ហើយ​បាន​តំណាល​បទពិសោធន៍​របស់​ខ្លួន​ប្រាប់​ពួក​សាវក និង ពួក​សិស្ស​ផ្សេង​ទៀត ( សូមមើល លូកា ២៤:៣៣–៣៥) ។ កាល​កំពុង​តែ​ជជែក​គ្នា​នោះ ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់ ។

សូម​អាន លូកា ២៤:៣៦–៣៩ដោយ​រកមើល​ភស្តុតាង​ដែល​ព្រះយេស៊ូវ​ពិតជា​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន ហើយ​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង ។ (លូកា ២៤:៣៦–៣៩ ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​គូសចំណាំ​វា​តាម​របៀប​មួយ​ដោយ​ឡែក ដើម្បី​ឲ្យ​គេ​ងាយ​នឹង​រកវា​ឃើញ ) ។

រូបភាព
ព្រះយេស៊ូវ​បង្ហាញ​ស្នាម​របួស​ទាំង​ឡាយ​របស់​ទ្រង់

តើ​អ្នក​គិត​ថា​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិនបើ​អ្នក​មាន​វត្តមាន​នៅពេល​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​ពួក​សិស្ស​របស់​ទ្រង់​នោះ ?

សូម​អាន លូកា ២៤:៤០–៤៣ដោយ​រកមើល​អ្វី​ទៀត​ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​ថា​ទ្រង់​ពិតជា​បាន​មាន​ព្រះកាយ​រស់​ឡើង​វិញ ( ជា​រូបរាង​កាយ ) ជាក់ស្តែង​មែន ។

ចេញ​ពី​ខគម្ពីរ​ទាំង​នេះ​យើង​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយ​មាន​រូបកាយ​ជា​សាច់ និង ឆ្អឹង ។ រូបកាយ​ដែល​បាន​រស់​ឡើង​វិញ​ទាំងអស់​គឺ​មាន​សាច់ និង​ឆ្អឹង​ដ៏​មាន​សិរីរុង​រឿង ។

នៅពេល​អ្នក​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ សូម​គូស​បន្ទាត់​ពី​ក្រោម​ហេតុផល​ដែល​គោលលទ្ធិ​នេះ សំខាន់​ចំពោះ​ការយល់​ដឹង និង ជំនឿ ៖

« តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​រស់ឡើង​វិញ—បាន​សង្គ្រោះ​ចេញពី​ការស្លាប់​ខាង​រូបកាយ ( សូមមើល កូរិនថូសទី ១ ១៥:២២) ។ ការរស់ឡើង​វិញ​គឺ​ជា​ការផ្គុំ​គ្នា​ជា​ថ្មី​នៃ​វិញ្ញាណ​ជាមួយ​រូបកាយ​ដ៏​ល្អ​ឥតខ្ចោះ ក្នុង​ស្ថានភាព​អមតៈ ពុំ​ចេះ​ឈឺ ឬ ស្លាប់​ទៀត​ឡើយ ( សូមមើល អាលម៉ា ១១:៤២–៤៥) ។ …

« ការយល់​ដឹង និង ទីបន្ទាល់​នៃ​ការរស់ឡើង​វិញ អាច​ផ្តល់​សេចក្តីសង្ឃឹម និង ទស្សនវិស័យ​ដល់​អ្នក​នៅពេល​អ្នក​ជួប​បទពិសោធន៍​ពី​ការលំបាក ការសាកល្បង និង ជ័យជំនះ​នៅក្នុង​ជីវិត ។ អ្នក​អាច​រកឃើញ​ការកម្សាន្ត​ចិត្ត​នៅក្នុង​សេចក្តី​សំអាង​ថា ព្រះអង្គសង្គ្រោះ​គង់​នៅ ហើយ​ថា​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់​នោះ ‹ ទ្រង់​ផ្តាច់​ចំណង​ទាំងឡាយ​នៃ​សេចក្តីស្លាប់ ដើម្បី​កុំ​ឲ្យ​ផ្នូរ​មាន​ជ័យជំនះ ហើយ​ដើម្បី​ឲ្យ​ទ្រនិច​នៃ​សេចក្តីស្លាប់​ត្រូវបាន​លេប​ទៅក្នុង​សេចក្តីសង្ឃឹម​នៃ​ការរុងរឿង › (អាលម៉ា ២២:១៤) » (ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៤៣) ។

ផែនការ​នៃ​សេចក្តីសង្គ្រោះ បង្រៀន​យើង​ថា​ការធ្លាក់​របស់​អ័ដាម និង អេវ៉ា​បាន​នាំ​មក​នូវ​សេចក្តីស្លាប់​ដល់​រូបកាយ និង វិញ្ញាណ ។ យើង​នឹង​ពុំ​អាច​ត្រឡប់​ និង រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​វិញ​ឡើយ លុះត្រា​ណា​មាន​អង្គ​ប្រោសលោះ​ម្នាក់​បាន​ប្រទាន​នូវ​ការឈ្នះ​លើ​អំពើ​បាប និង សេចក្តីស្លាប់​សិន ។ ដង្វាយធួន និង ការរស់ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​ឲ្យ​យើង​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់​នោះ ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ពី​ហេតុផល​ដែល​គោលលទ្ធិ​នៃ​ការរស់ឡើង​វិញ​របស់​ព្រះយេស៊ូវ​សំខាន់​ដើម្បី​យល់ និង ជឿ​ព្រមទាំង​មូលហេតុ​ដែល​វា​សំខាន់​ចំពោះ​អ្នក ។

រូបភាព
រូបភាព​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—លូកា ២៤:៣៦–៣៩

  1. សូម​អាន​ឡើង​វិញ​នូវ​ស្ថានភាព​ដែល​អ្នក​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​អ្នក​ជួប​មនុស្ស​ម្នាក់​ដែល​សួរ​អ្នក​អំពី​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ព្រះគ្រីស្ទ ។ ដោយ​ប្រើ​អ្វី​ដែល​យើង​បាន​រៀន​នៅក្នុង លូកា ២៤:៣៦–៣៩សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​បុគ្គល​ម្នាក់​នោះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ២៣-២៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖