បណ្ណាល័យ
មេរៀន​ទី ៩ ថ្ងៃ​ទី ២ ៖ លូកា ១


មេរៀន​ទី ៩ ៖ ថ្ងៃ​ទី ២

លូកា ១

សេចក្តីផ្តើម

ទេវតា​កាព្រីយ៉ែល​បាន​បង្ហាញ​ព្រះកាយ​ដល់​សាការី ហើយ​បាន​ប្រាប់​ថា សាការី និងភរិយា​គាត់​អេលីសាបិត នឹងមាន​កូនប្រុស​ម្នាក់ ដែល​ពួកគេ​គួរ​ដាក់ឈ្មោះ​ថា យ៉ូហាន ។ ប្រាំមួយ​ខែ​ក្រោយមក ទេវតា​ដដែល​នោះ បាន​បង្ហាញ​ព្រះកាយ​ដល់​ម៉ារា ហើយ​បាន​ប្រាប់​ថា នាង​នឹង​ធ្វើជា​មាតា​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។ ម៉ារា​បាន​ទៅ​លេង​អេលីសាបិត ហើយ​ពួកគេ​បាន​រីករាយ​នឹង​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ។ បីខែ​ក្រោយ​មក អេលីសាបិត បាន​បង្កើត​យ៉ូហាន ដែល​គេ​បាន​ស្គាល់​ថា​ជា​យ៉ូហាន-បាទីស្ទ ។

លូកា ១:១-៤

លូកា​ពន្យល់​ពី​មូលហេតុ​សម្រាប់​ការ​សរសេរ​ដំណឹងល្អ​របស់​លោក

តើ​អ្នក​អាច​ឃើញ​ពី​ព្រឹត្តិការណ៍​ដែល​បង្ហាញ​នៅក្នុង រូបភាពខាង​ក្រោម​ដែរ​ឬទេ ? នៅក្រោម​រូបភាព​និមួយៗ សូម​សរសេរ​ការពិពណ៌នា​អំពី​ព្រឹត្តិការណ៍​នោះ ។

រូបភាព
យ៉ូសែប និ​ង​ម៉ារា​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម
រូបភាព
ទេវតា​បង្ហាញ​ព្រះកាយ​ដល់​ពួក​អ្នកគង្វាល
រូបភាព
ស៊ីម្មាន​គោរព​ដល់​ព្រះឱរស​ព្រះគ្រីស្ទ
រូបភាព
ព្រះគ្រីស្ទ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

ព្រះគ្រីស្ទ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ដោយ ហិនរីឆ ហូហ្វមិន ទទួល​សិទ្ធិ​អនុញ្ញាត​ពី​ក្រុមហ៊ុន C. Harrison Conroy Co., Inc ។

រូបភាព
សាសន៍​សាម៉ារី​ល្អ
រូបភាព
ម៉ារា និង ម៉ាថា
រូបភាព
មនុស្ស​ឃ្លង់​ដប់នាក់

រូបភាព​ទាំង​នេះ​បង្ហាញ​ពី​ព្រឹត្តការណ៍​មួយ​ចំនួន និង​ការ​បង្រៀនមកពី​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ត្រូវបាន​កត់ត្រា​ដោយ​លូកា ប៉ុន្តែ​ពុំ​មាន​នៅក្នុង​ដំណឹងល្អ​របស់​ម៉ាថាយ ម៉ាកុស និង​យ៉ូហាន​ទេ ។

លូកា​បាន​ចាប់​ផ្ដើម​ដំណឹងល្អ​របស់​លោក ដោយ​ថ្លែង​អំពី​មនុស្ស​ម្នាក់​ឈ្មោះ « ថេវភីល » ( សូមមើល លូកា ១:៣) ហើយ​បាន​ពន្យល់​អំពី​មូលហេតុ​របស់​គាត់​ចំពោះ​ការសរសេរ​នោះ ។ ថេវភីល មាន​ន័យ​ថា « មិត្ត​របស់​ព្រះ » ( Bible Dictionary « Theophilus ») ។

សូម​អាន ម៉ាកុស ១:១-៤ដោយ​រកមើល​មូលហេតុ​របស់​លូកា​សម្រាប់​ការសរសេរ​ដំណឹង​ល្អ​នេះ ។

ផ្អែក​ទៅលើ លូកា ១:៤តើ​ការសិក្សា​ដំណឹងល្អ​របស់​លូកា​អាច​មាន​ប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​អ្នក ?

នៅពេល​អ្នក​សិក្សា​ដំណឹងល្អ​របស់​លូកា នោះ​អ្នក​អាច​បាន « ជ្រាប​ពី​សេចក្តី​ពិត​ » (លូកា ១:៤) អំពី​សេចក្ដីពិត​ទាំងឡាយ​ដែល​អ្នក​ត្រូវបាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

លូកា ១:៥-២៥

ទេវតា​កាព្រីយ៉ែល​ប្រកាស​អំពី​ការចាប់​កំណើត​របស់​យ៉ូហាន​ដល់​សាការី ហើយ​អេលីសាបិត​មាន​ផ្ទៃ​ពោះ

តើ​អ្នក​គិត​ថា អ្នក​អាច​ទប់​ដង្ហើម​របស់​អ្នក​បាន​យូរ​ប៉ុណ្ណា ? សូម​ដាក់​ម៉ោង​កំណត់​រយៈពេល ១០​ទៅ ៣០​វិនាទី ហើយ​ចាប់ផ្តើម​វា​នៅពេល​អ្នក​ចាប់ផ្តើម​ទប់​ដង្ហើម​របស់​អ្នក ឬ អ្នក​អាច​មើល​ទៅ​ទ្រនិច​វិនាទី​នៃ​នាឡិកា ។ ប្រសិន​បើ​អាច សូម​ទប់​ដង្ហើម​របស់​អ្នក​រហូត​ដល់​សំឡេង​ម៉ោង​រោទិ៍ ឬ រហូត​ចប់​ម៉ោង​នោះ ។

តើ​អ្នក​កំពុង​គិត​អំពី​អ្វី​ខ្លះ អំឡុង​ពេល​ពីរបី​វិនាទី​ចុង​ក្រោយ ពីមុន​ដល់​ម៉ោង​រោទិ៍ ហើយ​ដល់​ម៉ោង​ចប់​នោះ ? តើ​ការទប់​ដង្ហើម​របស់​អ្នក​អាច​ស្រដៀង​នឹង​អារម្មណ៍​នៃ​ការរំពឹង​ទុក អំឡុង​ពេល​រង់ចាំ​ការបំពេញ​នៃ​ព្រះបន្ទូល​នៃ​ព្រះ​យ៉ាង​ដូច​ម្តេច ?

សូម​ពិចារណា​អំពី​ពរជ័យ ឬ​ចម្លើយ​មួយ​មក​ពី​ព្រះ ដែល​ពួកគេ​កំពុង​រង់ចាំ ឬ​សង្ឃឹម​ចង់​បាន​នោះ ។ នៅពេល​អ្នក​សិក្សា លូកា ១សូមរក​មើល​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក នៅពេល​អ្នក​កំពុង​រង់ចាំ​ព្រះបន្ទូល​របស់​ព្រះ ត្រូវបាន​បំពេញ​នៅក្នុង​ជីវិត​របស់​អ្នក ។

សូម​អាន លូកា ១:៥-៧​ដោយ​រកមើល​ពរជ័យ​ដែល​សាការី និង អេលីសាបិត​បាន​កំពុង​រង់ចាំ​អំឡុង​ពេល​យ៉ាង​យូរ​នៅក្នុង​ជីវិត​របស់​ពួកគាត់ ។

តើ​យើង​បាន​រៀន​អ្វី​ខ្លះ​អំពី​សាការី និង​អេលីសាបិត ចេញ​មកពី​ខគម្ពីរ​ទាំងនេះ ?

ទាំង​សាការី និង​អេលីសាបិត​គឺជា​កូនចៅ​របស់​អើរ៉ុន មកពី​តំណ​ពូជពង្ស​ដែល​ជា​សង្ឃ និង​សង្ឃ​ជាន់ខ្ពស់​នៃ​អ៊ីស្រាអែល​ទាំងអស់​ដែល​បាន​ជ្រើសរើស ។ ការណ៍​នេះ​មាន​ន័យថា​យ៉ូហាន គឺ​ជា​អ្នកគ្រង​មរតក​បព្វជិតភាព​អើរ៉ុន​ពីកំណើត ហើយ​នឹង​ភាពជា​អ្នកដឹកនាំ​ក្នុង​បព្វជិតភាព​នោះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « សាការី​គឺជា​សង្ឃ​ម្នាក់​របស់​ព្រះ ហើយធ្វើ​ជា​អធិបតី​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​យ៉ូហាន​គឺ​ជា​សង្ឃ​បន្ទាប់ពី​ឪពុក​របស់​លោក ហើយ​កាន់​កូនសោ​នៃ​បព្វជិតភាព​អើរ៉ុន » ( នៅក្នុង History of the Church ៥:២៥៧ ) ។

លូកា ១:៨-១០ កត់ត្រា​ថា​សាការី ត្រូវ​បាន​តែងតាំង​ឲ្យ​ដុត​គ្រឿង​ក្រអូប​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​យេរូសាឡិម ។ ការណ៍​នេះ​ជា​កិត្តិយស​មួយ​ដែល​មាន​ចំពោះ​សង្ឃ​ម្នាក់ ដែល​មាន​តែ​ម្ដង​ក្នុង​មួយ​ជីវិត​របស់​លោក​ប៉ុណ្ណោះ ។

សូម​អាន លូកា ១:១១-១៣ដោយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​អំឡុង​ពេល​ដែល​សាការី​ស្ថិត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​កត់ចំណាំ​នៅ​ក្នុង ខទី ១៣ ថា ទេវតា​មាន​បន្ទូល​ថា « ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ » ។ សាការី និង​អេលីសាបិត ទំនង​ជា​បាន​អធិស្ឋាន​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​សុំ​មាន​កូន​ម្នាក់​នោះ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លានេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

តើ​សាការី​មាន​អារម្មណ៍​យ៉ាង​ណា ពេល​គាត់​បាន​ស្ដាប់​ឮ​ថា​គាត់ និង​អេលីសាបិត​នឹង​មាន​កូនប្រុស​ម្នាក់ ទោះជា​ពួកគេ « ចាស់​ណាស់ » ក៏​ដោយ​នោះ ? (លូកា ១:៧) ?

លូកា ១:១៤-១៧ កត់ត្រា​ថា ទេវតា​កាព្រីយ៉ែល បាន​ប្រាប់​ដល់​សាការី​ថា លោក និង​អេលីសាបិត នឹង « មាន​សេចក្តី​រីករាយ និង​សេចក្តី​អំណរ » (ខ ១៤) ហើយ​ថា​កូនប្រុស​របស់​ពួកគេ​នឹង​រៀបចំ​មនុស្ស​ជាច្រើន​សម្រាប់​ព្រះអម្ចាស់ ។

សូមអាន លូកា ១:១៨–២០ដោយ​រកមើល​ថា​សាការី​បាន​ឆ្លើយតប​ដូចម្តេច​ចំពោះ​សារ​របស់​ការព្រីយ៉ែល ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា កាព្រីយ៉ែល​គឺ​ជា​ណូអេ ហើយ « ហើយ​ឈរ​ក្នុង​សិទ្ធិ​អំណាច​ជាប់​នឹង​អ័ដាម​នៅក្នុង​បព្វជិតភាព » (Teachings of Presidents of the Church ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ១០៤) ។

សូម​កត់ចំណាំ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​សាការី ដោយ​សារតែ​គាត់​សង្ស័យ​ចំពោះ​ពាក្យ​របស់​ទេវតា ។ ចូរ​គិត​ពី ការគូស​ចំណាំ​នៅក្នុង ខ ២០ ពី​អ្វី ដែល​ទេវតា​បាន​មាន​បន្ទូល—សារ—ដែល​ទ្រង់​បាន​ថ្លែង​ទៅ​សាការី ។

សេចក្តី​ពិត​មួយដែល​យើង​រៀន​ពី​ទេវតា​កាព្រីយ៉ែល​នោះ​គឺ​ថា ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថ្លែង​តាមរយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ នឹង​ត្រូវ​បាន​បំពេញ​នៅ​ពេល​កំណត់ ។ « នៅ​ពេល​កំណត់ » មាន​ន័យ​ថា ស្របតាម​កាល​កំណត់​របស់​ព្រះអម្ចាស់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការ​ដឹង​ថា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នឹង​ត្រូវបាន​បំពេញ​ទៅ​តាម​កាល​កំណត់របស់​ទ្រង់ អាច​ជះឥទ្ធិពល​ទៅលើ​របៀប​ដែល​យើង​ឆ្លើយតប​ចំពោះ​ការ​សន្យា​របស់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

    2. តើ​សេចក្ដីពិត​នេះ​អាច​ជួយ​នរណា​ម្នាក់​ដែល​ទន្ទឹង​ចាំ​ការ​សន្យា​របស់​ព្រះ​ឲ្យ​បាន​បំពេញ​យ៉ាង​ដូចម្ដេច ?

នៅក្នុង លូកា ១:២១-២៤ យើង​រៀន​ថា​នៅពេល​សាការី​បានចាក​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​មក គាត់​ពុំ​អាច​និយាយ​បាន​ទេ ។ ក្រោយមក​អេលីសាបិត​បាន​មាន​ផ្ទៃ​ពោះ​ដូច​ដែល​ទេវតា​បាន​សន្យា ។

សូម​អាន​សម្តី​របស់​អេលីសាបិត​នៅក្នុង លូកា ១:២៥​ ហើយ​ពិចារណា​អំពី​របៀប​ដែល​អេលីសាបិត​អាច​មាន​អារម្មណ៍​ជា​យ៉ាងណា នៅពេល​គាត់​ហៀប​នឹង​មាន​កូន​នោះ ។ សេចក្ដីថ្លែង​ការណ៍​របស់​គាត់​ថា ព្រះអម្ចាស់​បាន « ដោះ​សេចក្តី​អាម៉ាស់​ខ្មាស [ ​របស់​គាត់ ] នៅ​កណ្តាល​មនុស្ស​ចេញ » អាចនឹង​សំដៅ​ទៅលើ​ការ​ខ្មាស់អៀន​ដែល​នាង​មាន ដោយ​សារ​តែ​ជា​ស្ត្រី​ដែល​គ្មាន​កូន ។ នៅ​សម័យ​នោះ និង នៅក្នុង​វប្បធម៌​នោះ ការ​បង្កើត​កូន​ត្រូវបាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ហើយ​ការពុំ​អាច​មាន​កូន​នោះ​នាំ​ឲ្យ​មាន​ការ​ពុំ​ផ្តល់​កិត្តិយស និង មាន​អារម្មណ៍​ថា​អន់​ជាង​គេ ។

លូកា ១:២៦-៣៨

ទេវតា​កាព្រីយ៉ែល​ប្រកាស​អំពីការ​ចាប់​កំណើត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​នាង​ម៉ារា

នៅក្នុង លូកា ១:២៦-២៧ យើង​រៀន​ថា នៅក្នុង​រយៈពេល​ប្រាំមួយ​ខែ​នៃ​ការ​មានផ្ទៃ​ពោះ​របស់​អេលីសាបិត នោះ​ទេវតា​កាព្រីយ៉ែល​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ជួប​ម៉ារា ជា​ស្ត្រី​ព្រហ្មចារីយ​ម្នាក់​នៅ​ភូមិ​ណាសារ៉ែត ។

សូម​អាន លូកា ១:២៨–៣៣ដោយ​រកមើល​ឃ្លា​ដែល​អាច​នឹង​ជួយ​ម៉ារា​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​កិច្ចការ​ដែលព្រះ​បាន​ប្រទាន​ដល់​នាង ។ សូម​គិត​អំពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។ ព្រះយេស៊ូវ គឺ​ជា « ពាក្យ​នៃ​ភាសាក្រិក​មក​ពី​ពាក្យ យ៉ូស្វេ ឬ ជេស្វេ ‹ ព្រះ​គឺ​ជា​ជំនួយ › ឬ ‹ អង្គ​សង្គ្រោះ › » ( Bible Dictionary « Jesus ») ។

សូម​កត់ចំណាំ​ពាក្យ​ថា « ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត » (លូកា ១:៣២) សំដៅ​លើ​គោលលទ្ធិ​ដែល​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ជា​ព្រះវរបិតា ។

សូម​អាន លូកា ១:៣៤ដោយ​រកមើល​សំណួរ​របស់​ម៉ារា ។ សេចក្ដីថ្លែង​របស់​គាត់​ដែល​ថា « ខ្ញុំ​មិន​ស្គាល់​ប្រុស​ណា​ផង » មាន​ន័យ​ថា នាង​គឺ​ជា​ស្ត្រី​ព្រហ្មចារីយ ។

សូមអាន លូកា ១:៣៥-៣៧ដោយ​រកមើល​ចម្លើយ​របស់​ទេវតា​ចំពោះ​សំណួរ​របស់​ម៉ារា ។

យើង​ពុំ​ដឹង​លើស​ពី​ដំណើរ​រឿង​នៅក្នុង​បទគម្ពីរ​ថា​តើ​អព្ភូតហេតុ​អំពី​ការ​ចាប់​ទុំ​ផ្ទៃ​របស់​ព្រះយេស៊ូវគ្រីស្ទ​កើត​ឡើង​យ៉ាង​ណា​ទេ យើង​គ្រាន់តែ​អាច​ប្រាប់​ដោយ​សាមញ្ញ​ថា វា​គឺ​ជា​អព្ភូតហេតុ ហើយ​ថា​ទារក​ដែល​រៀប​នឹង​ចាប់​កំណើត​នោះ​នឹង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។

សូម​កត់​សម្គាល់​នៅក្នុង លូកា ១:៣៧ ពី​សេចក្ដីពិត​ដែល​ទេវតា​បាន​ថ្លែង ដែល​ជួយ​ពន្យល់​អំពី​ព្រឹត្តិការណ៍​ដ៏​អព្ភូតហេតុ​នេះ ។ អ្នក​អាច​ចង់​គូស​ចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សូម​ពិចារណា​ពី​ស្ថានភាព​មួយ​ចំនួន ដែល​វា​អាច​មាន​អារម្មណ៍​ថា​លំបាក ឬ មិន​អាច​ធ្វើ​ទៅ​រួច ដើម្បី​គោរព​ព្រះបញ្ញត្តិ​ដោយ​ប្រាកដប្រជា ។ សូម​សរសេរ​ឧទាហរណ៍​បី ឬ បួន​នៅ​ត្រង់​ចន្លោះ​ដែល​បាន​ផ្ដល់​ឲ្យ ៖

  1. សូម​ពិចារណា​ពី​សេចក្តីពិត​ថា ការអ្វី​ដែល​ព្រះទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ ។ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ម៉ារា ឬ​អេលីសាបិត អាច​នឹង​និយាយ​យ៉ាង​ណា ដើម្បី​លើក​ទឹកចិត្ត​យើង ប្រសិនបើ​យើង​មានអារម្មណ៍​ថា អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំឲ្យ​ពួក​យើង​ធ្វើ​កិច្ចការ​លំបាកៗ ឬ ដែល​ពុំ​អាច​ធ្វើ​បាន ? ក្រោយ​មក​សូម​សរសេរពី​បទពិសោធន៍មួយ ដែល​បាន​ពង្រឹង​ដល់​ជំនឿ​របស់​អ្នក​ថា ការ​អ្វី​ដែល​ព្រះទ្រង់​ធ្វើ​ពុំបាន នោះ​គ្មាន​សោះ​ឡើយ ។

សូម​អាន លូកា ១:៣៨ដោយ​រកមើល​របៀប​ដែល​ម៉ារា​បាន​ឆ្លើយ​តប​ចំពោះ​ទេវតា ។

តើ​ភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ខគម្ពីរ​នេះ ដែល​ម៉ារា បាន​ជឿ​ថា​ជា​ព្រះបន្ទូល​របស់​ទេវតា ?

សូម​ពិចារណា​ពី​របៀប​ដែល​ការ​ទទួល​យក​ពាក្យ​របស់​ម៉ារា មានភាព​ខុសគ្នា​ពី​ការ​ឆ្លើយតប​របស់​សាការី​ចំពោះ​ការ​ប្រកាស​របស់​ទេវតា​នៅក្នុង​ព្រះ​វិហារ​បរិសុទ្ធ ។ សូម​ពិចារណា​ថា​តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ម៉ារា និង​អេលីសាបិត ដោយ​ការ​ជឿថា​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ គ្មាន​អ្វី​ដែល​ព្រះអម្ចាស់​សុំ​ពី​អ្នក​ហើយ នឹង​ពុំ​អាច​ធ្វើ​បាន​ដោយ​មាន​ជំនួយ​ទ្រង់​នោះ​ឡើយ ។

លូកា ១:៣៩-៥៦

ម៉ារា​ជួប​អេលីសាបិត ហើយ​ពួកគេ​ថ្លែង​ទីបន្ទាល់​ពី​ព្រះអង្គ​សង្គ្រោះ

រូបភាព
អេលីសាបិត និង ម៉ារា

អេលីសាបិត និង ម៉ារា​បាន​បំពេញ​ភាពសំខាន់​នៃ​ការបំពេញ​តួនាទី ដែល​បាន​ជួយ​ផ្លាស់ប្តូរ​ពិភពលោក ។ សូម​អាន លូកា ១:៤១–៤៥ដោយ​រកមើល​ទីបន្ទាល់​របស់​អេលីសាបិត នៅពេល​គាត់ « បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ » (លូកា ១:៤១) ។

ដោយសារ​សាក្សី​ដែល​អេលីសាបិត​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ តើ​គាត់​បាន​យល់​អ្វី​ខ្លះ​ហើយ​អំពី​ម៉ារា ?

សូម​អាន លូកា ១:៤៦–៤៩ដោយ​រកមើល​របៀប​ដែល​ម៉ារា​បាន​សរសើរ​តម្កើង​ព្រះអម្ចាស់ ។

សូម​កត់សម្គាល់​ថា​នៅក្នុង ខទី ៤៩ ដែល​ថា​ព្រះអម្ចាស់​ធ្វើ​នូវ « រឿង​អស្ចារ្យ » សម្រាប់​នាង ។ សូម​អាន លូកា ១:៣៤, ៣៨, ៤៥-៤៦សារ​ឡើង​វិញ ដោយ​រកមើល​អ្វី​ដែល​ម៉ារា​បាន​ធ្វើ ដែល​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ធ្វើ « រឿង​អស្ចារ្យ » សម្រាប់​នាង ។

ដូចជា​សាការី អេលីសាបិត និង​ម៉ារា ដែលម្នាក់ៗ​មាន​តួនាទី​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅក្នុង​ផែនការ​របស់​ព្រះ នោះ​យើង​ក៏​មាន​តួនាទី​សំខាន់​ដែល​បាន​ចាត់តាំង​ដោយ​ព្រះអម្ចាស់​ផងដែរ ។ យើង​រៀន​ពី​ដំណើរ​រឿង​នេះ​ថា ប្រសិន​បើ​យើង​ព្យាយាម​បំពេញ​តួនាទី​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​យើង​ដោយ​ស្មោះត្រង់ នោះ​ទ្រង់​អាច​ធ្វើ​រឿង​អស្ចារ្យ​ជា​ច្រើន​នៅក្នុង​ជីវិត​របស់​យើង ។

  1. សូម​ពិចារណា​ពី​តួនាទី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​បំពេញ​នៅក្នុង​ផែនការ​របស់​ទ្រង់ ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​រឿង​អ្វីខ្លះ​អាច​កើត​ឡើង​នៅក្នុង​ជីវិត​របស់​អ្នក ប្រសិនបើ​អ្នក​ឆ្លើយតប​ចំពោះ​ព្រះអម្ចាស់​ដូច​ជា​ម៉ារា​បាន​ធ្វើ​នោះ ?

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​នៃ​ការបែរ​ជីវិត​របស់​យើង​ទៅរក​ព្រះ ហើយ​ព្យាយាម​ដោយ​ស្មោះត្រង់​ដើម្បី ធ្វើ​តាម​ព្រះឆន្ទៈ​ទ្រង់ ៖ « បុរស និង​ស្ត្រី​ដែល​បង្វែរ​ជីវិត​ខ្លួន​មក​រក​ព្រះ​នឹង​រក​ឃើញ​ថា ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​បាន​ប្រសើរ​ជាង ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​អំណរ​ចាក់​ចូល​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​ពួកគេ ពង្រីក​ទស្សន​វិស័យ​របស់​ពួកគេ ពន្លឿន​គំនិត​ពួកគេ ពង្រឹង​កម្លាំង​ពួកគេ លើក​វិញ្ញាណ​ពួកគេ​ឡើង ចម្រើន​ពរជ័យ​ពួកគេ បង្កើន​ឱកាស​ពួកគេ លួងលោម​ព្រលឹង​ពួកគេ បង្កើត​មិត្តភាព ហើយ​ចាក់​ស្រោច​នូវ​សេចក្ដី​សុខសាន្ត ។ នរណា​ក៏​ដោយ​ដែល​បាន​លះបង់​ជីវិត​នៅ​ក្នុងការ​បម្រើ​របស់​ព្រះ​នឹង​រក​ឃើញ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( « Jesus Christ—Gifts and Expectations » Ensign ខែ ធ្នូ ឆ្នាំ​១៩៨៨ ទំព័រ ៤ ) ។

លូកា ១:៥៧-៨០

យ៉ូហាន បាទីស្ទ​បាន​ចាប់​កំណើត

លូកា ១:៥៧-៨០ ពន្យល់​ថា បន្ទាប់ពី​អេលីសាបិត​បាន​ប្រសូត្រ​បុត្រ នោះ​សាការី​បាន​បញ្ជាក់​នៅក្នុង​ការសរសេរ​ថា កូន​នោះ​គួរ​ដាក់​ឈ្មោះ​ថា​យ៉ូហាន ។ ឈ្មោះ យ៉ូហាន មាន​ន័យ​ថា « ព្រះយេហូវ៉ា​គឺ​មាន​សេចក្តីមេត្តា​ករុណា » ។ នៅពេល​នោះ​លោក​អាច​និយាយ​បាន​វិញ​ម្តង​ទៀត ហើយ​គាត់​បាន​ព្យាករ​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ និង​យ៉ូហាន ។ នៅពេល​យើង​បំពេញ​តួនាទី​ដែល​បាន​ផ្ដល់​ឲ្យ​យើង​ពីព្រះ​ដោយ​ស្មោះត្រង់ ដូចជា សាការី អេលីសាបិត និង​ម៉ារា​បាន​ធ្វើ នោះ​ព្រះអម្ចាស់​ក៏​អាច​ធ្វើ​នូវ​រឿង​អស្ចារ្យ​ទាំងឡាយ​សម្រាប់​យើង និង​តាមរយៈ​យើង​ផងដែរ ។ សូម​រិះគិត​ពី​របៀប​ដែល​អ្នក​អាច​បំពេញ​តួនាទី​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅក្នុង​ផែនការ​របស់​ព្រះអម្ចាស់ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖