បណ្ណាល័យ
មេរៀន​ទី ៩ ថ្ងៃ​ទី ៣ ៖ លូកា ២


មេរៀន​ទី ៩ ៖ ថ្ងៃ​ទី ៣

លូកា ២

សេចក្តីផ្តើម

យ៉ូសែប និង ម៉ារា​បាន​ធ្វើ​ដំណើរ​ទៅកាន់​ភូមិ​បេថ្លេហិម ហើយ​ព្រះយេស៊ូវ​បាន​ប្រសូត​នៅ​ទីនោះ ។ ពួក​អ្នកគង្វាល​បាន​គោរព​តាម​ការ​ណែនាំ​របស់​ទេវតា ដើម្បី​ទៅ​រកមើល​ព្រះឱរស​យេស៊ូវ​ដែល​ទើប​នឹង​ប្រសូត បន្ទាប់មក​ពួកគេ​បាន​ប្រកាស​អំពី​ការ​ប្រសូត​របស់​ព្រះយេស៊ូវ​ទៅដល់​អ្នកដទៃ​ទៀត ។ ស៊ីម្មាន បាន​ប្រទានពរ​ដល់​ព្រះយេស៊ូវ​នៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​នាង​អាណ បាន​ចែកចាយ​ទីបន្ទាល់​របស់​នាង​ថា ព្រះ​ប្រោសលោះ​បាន​ប្រសូត​មក​ហើយ ។ ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ « ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » (លូកា ២:៥២) ។

លូកា ២:១-២០

ព្រះ​យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម

រូបភាព
ការប្រសូត​នៃ​ព្រះយេស៊ូវ

តើ​អ្នក​មាន​ទំនុក​ចិត្ត​ខ្លាំង​ប៉ុណ្ណា​នៅក្នុង​ចំណេះ​ដឹង​របស់​អ្នក អំពី​ព្រឹត្តិការណ៍ទាក់ទង​នឹង​កំណើត​របស់​ព្រះអង្គ​សង្គ្រោះ ? សូម​ល្បង​ខ្លួន​អ្នក ដោយ​បំពេញ​សំណួរ​ខាង​ក្រោម​នេះ ៖ សូម​សរសេរ​សេចក្តី​ថ្លែងការណ៍​និមួយៗ​នេះ​ថា​តើ​វា​ត្រូវ ( ត ) ឬ ខុស ( ខ ) ។

  • ____ ១. ម៉ារា និង​យ៉ូសែប បាន​ចេញ​ទៅ​បេថ្លេហិម​ដើម្បី​បង់​ពន្ធ ។

  • ____ ២. ម៉ារា និង​យ៉ូសែប បាន​ធ្វើ​ដំណើរ ២៧ ម៉ែល ( ៤៤ គីឡូម៉ែត្រ ) ពី​ស្រុក​ណាសារ៉ែត ទៅ​ភូមិ​បេថ្លេហិម ។

  • ____ ៣. ព្រះឱរស​យេស៊ូវ​ត្រូវបាន​ដាក់​ឲ្យ​ផ្ទំ​នៅក្នុង​ស្នូក​មួយ ដោយសារ​តែ​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាក ។

  • ____ ៤. ពួក​អ្នកគង្វាល​បាន​ដើរ​តាម​ផ្កាយ​ទៅកាន់​ទីស្នូក​ដែល​ព្រះយេស៊ូវ​ផ្ទំ ។

  • ____ ៥. ក្រៅ​ពី​ម៉ារា និង​យ៉ូសែប មនុស្ស​ដំបូង​នៅក្នុង​កំណត់ត្រា​ដែល​បាន​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ពួក​អ្នកគង្វាល ។

  • ____ ៦. ទេវតា​បាន​ប្រាប់​ពួក​អ្នកគង្វាល​កុំ​ឲ្យ​ប្រាប់​នរណា​អំពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ឡើយ ។

នៅពេល​អ្នក​សិក្សា លូកា ២សូមរកមើល ចម្លើយ​នានា ចំពោះ​សំណួរ​ទាំង​នេះ​ ដើម្បី​ឃើញ​ថា​ប្រសិន​បើ​អ្នក​បាន​ឆ្លើយ​ចម្លើយ​ត្រឹមត្រូវ ។

សូមមើល លូកា ២:១–៥ដោយ​រកមើល​មូលហេតុ​ដែល​យ៉ូសែប និង​ម៉ារា ធ្វើ​ដំណើរ​ទៅកាន់​ភូមិ​បេថ្លេហិម ។

សូម​កត់សម្គាល់​ថា លូកា ២:១ លេខយោង  បញ្ជាក់​ថា សេសារ ចង់​ឲ្យ​ប្រជាជន​ចុះ​បញ្ជី ឬ​រាប់​ចំនួន​ប្រជាជន ។ ការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដាក់ពន្ធ ។

សូម​បើក​ទៅ​ផែនទី​ព្រះគម្ពីរ​ប៊ីប​លេខ ១១ « ដែនដី​បរិសុទ្ធ​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី » មាននៅ​ក្នុង​ឧបសម្ព័ន្ធ​ក្នុង​ព្រះគម្ពីរ​ប៊ីប ។ សូម​ស្វែងរក​ស្រុក​ណាសារ៉ែត និង បេថ្លេហិម​នៅលើ​ផែនទី ។

សូម​កត់ចំណាំ​ថា « បេថ្លេហិម [ គឺ​ ] មាន​ចម្ងាយ​ប្រហែល​ជា ៨៥–៩០ ម៉ាល ( ១៣៧–១៤៥ គីឡូម៉ែត្រ ) ភាគ​ខាង​ត្បូង​ភូមិ​ណាសារ៉ែត​យ៉ាង​ហោច​ណាស់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ត្រូវ​ប្រើ​ពេល​អស់ បួន​ទៅ​ប្រាំ​ថ្ងៃ​ប្រហែល​ជា​យូរ​ជាង​នេះ​បើ​ផ្អែក​លើ​ស្ថាន​ភាព​របស់​ម៉ារា » (New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ១៤៣) ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​គិត​ថា នឹង​ជា​ស្ថានភាព​សមរម្យ​បំផុត​សម្រាប់​ការ​ប្រសូត​នៃ​អង្គ​បង្កបង្កើត និង​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។ សូម​អាន លូកា ២:៦-៧ដោយ​រកមើល​កាលៈទេសៈ​នានា​នៃ​ការប្រសូត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សូម​អាន លូកា ២:៨–១៤ដោយ​រកមើល​ថា​តើ​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ប្រកាស​យ៉ាង​ដូចម្តេច ។

រូបភាព
ទេវតា និង ពួក​អ្នកគង្វាល

សូម​កត់ចំណាំ​ថា លូកា ២:១០ ពិពណ៌នា​ពី​អារម្មណ៍​ដែល​យើង​អាច​មាន​បទពិសោធន៍ ដោយសារ​តែ​ព្រះអង្គ​សង្គ្រោះ​បានប្រសូត ។ សូម​គិត​ពី​ការសរសេរ​សេចក្តីពិត​ដូចត​ទៅនេះ ដាក់​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ ដោយ​សារ​តែ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រសូត​មក​លើ​ផែនដី នោះ​យើង​អាច​ទទួល​បទពិសោធន៍​នៃ​អំណរ​ដ៏​មហិមា ។

នៅពេល​អ្នក​បន្ដ​សិក្សា លូកា ២សូម​រកមើល​គំរូ​នៃ​របៀប​ដែល​ចំណេះដឹង​អំពី​ការ​ប្រសូត​របស់​ព្រះ​អង្គ​សង្គ្រោះ បាន​នាំ​មក​នូវ​ក្ដី​អំណរ​ដល់​អ្នក​ដទៃ ។

សូម​អាន លូកា ២:១៥-២០ដោយ​គូសចំណាំ​ពាក្យ ឬ ឃ្លា​នានា​ដែល​បង្ហាញ​ពី​របៀប​ដែល​ពួក​អ្នក​គង្វាល​បាន​ឆ្លើយ​តប ចំពោះ​ការណែនាំ​របស់​ពួក​ទេវតា ។

សូម​កត់ចំណាំ​ថា​ពួក​អ្នកគង្វាល​បាន​ឆ្លើយ​តប​ចំពោះ​សារដំណឹង​របស់​ទេវតា​នោះ​ភ្លាម ។ តើ​ពួក​អ្នកគង្វាល​ទទួល​បាន​សាក្សី ឬ​ទីបន្ទាល់​អ្វីខ្លះ​ដោយសារ​តែ​ពួកគេ​ធ្វើ​តាម​សារដំណឹង​នេះ​ ?

សូម​មើល លូកា ២:១៧–២០ឡើង​វិញ ដោយ​រក​មើល​អ្វី​ដែល​ពួក​អ្នកគង្វាល​បានធ្វើ បន្ទាប់ពី​ពួកគេ​បាន​ទទួល​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​អ្នកគិត​ថា ហេតុអ្វី​ពួក​អ្នកគង្វាល​បាន​ចែកចាយ​ជាមួយ​អ្នកដទៃ​អំពី​អ្វី​ដែល​ពួកគេ​បាន​ជួប និង បាន​ឮ​ដូច្នេះ ?

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀនពី​សកម្មភាព​របស់​ពួក​អ្នក​គង្វាល សូម​បំពេញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ នៅពេល​យើង​ទទួល​បាន​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ចង់

    2. សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​មាន​បំណង​ប្រាថ្នា​មួយ ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ជាមួយ​អ្នក​ដទៃ ។ សូម​សរសេរ​អំពី​មូលហេតុ​ដែល​អ្នក​បាន​មាន​បំណង​ប្រាថ្នា​បែប​នោះ ។

លូកា ២:២១-៣៩

ស៊ីម្មាន និង អាណ ប្រកាស​អំពី​ព្រះយេស៊ូវ​ថាជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក

នៅក្នុង លូកា ២:២១-២៤ យើង​អាន​ថា បន្ទាប់ពី​ការ​ប្រសូត​របស់​ព្រះយេស៊ូវ​បាន​ប្រាំបី​ថ្ងៃ នោះ​ម៉ារា និង​យ៉ូសែប បាន​នាំ​ទ្រង់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ស្របតាម​ច្បាប់​របស់​យូដា ( សូម​មើល និក្ខមនំ ១៣:២) ។ មនុស្ស​ពីរ​នាក់​ដែល​នៅ​ព្រះវិហារ​បរិសុទ្ធ​នា​ថ្ងៃ នោះ​បាន​ទទួល​ស្គាល់​ព្រះឱរស​យេស៊ូវ​ជា​ព្រះមែស៊ី ។

សូម​អាន​ដំណើរ​រឿង​របស់​ស៊ីម្មាន​នៅក្នុង លូកា ២:២៥–៣២។ ( សូម​កត់​ចំណាំ​ថា​ឃ្លា « រង់ចាំ​សេចក្តី​ដោះ​ទុក្ខ របស់​សាសន៍​អ៊ីស្រាអែល » នៅក្នុង លូកា ២:២៥ សំដៅ​ទៅលើ​ការ​រង់ចាំ​ព្រះមែស៊ី​យាង​មក ) ។ ក្រោយមក​សូម​អាន​ដំណើរ​រឿង​របស់​អាណ​នៅក្នុង លូកា ២:៣៦-៣៨។ នៅក្នុង​ដំណើរ​រឿង​ទាំងពីរ សូម​រកមើល​គំរូ​នៃ​របៀប​ដែល​ចំណេះដឹង​អំពី​ការ​ប្រសូត​របស់​អង្គសង្គ្រោះ បាន​នាំ​មក​នូវ​ក្ដី​អំណរ​ដល់​បុគ្គល​ទាំង​នេះ ។

តើ​ក្រោយ​មក​ស៊ីម្មាន និង អាណ បាន​ថ្លែង​ទីបន្ទាល់អំពី​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ?

យើង​អាន​នៅក្នុង លូកា ២:៣៤-៣៥ ថា​ស៊ីម្មាន​ក៏​បាន​ប្រទានពរ​ដល់​ម៉ារា និង​យ៉ូសែប​ផងដែរ ។ ការបកប្រែ​ដោយ​​យ៉ូសែប ស៊្មីធ បញ្ជាក់​ច្បាស់​ពី​ការព្យាករ​របស់​ស៊ីម្មាន​ដល់​ម៉ារា ៖ « មែនហើយ លំពែង​នឹង​ចាក់​ទំលុះ​ព្រលឹងគាត់​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បានសម្តែង​ចេញ​មក » ។ (ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ២:៣៥ ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ពីមូលហេតុ​នៃ​ការដឹង​ពី​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​បាន​នាំ​អំណរ​មក​ដល់​អ្នក ។ សូម​គិត​ពី​ការចែកចាយ​ទីបន្ទាល់​នេះ​ជាមួយ​មិត្តភក្តិ ឬ អំឡុង​ពេល​ធ្វើ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ។

យោង​តាម លូកា ២:៣៩បន្ទាប់​ពី​យក​ព្រះយេស៊ូវ​ទៅ​ព្រះវិហារ​បរិសុទ្ធ​រួច​មក ម៉ារា និង យ៉ូសែប បាន​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​នៅ​ភូមិ​ណាសារ៉ែត​ជាមួយ​ព្រះយេស៊ូវ ។

លូកា ២:៤០-៥២

ព្រះ​រាជ​កុមារ​ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ « ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង »

រូបភាព
កុមារភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ
រូបភាព
ព្រះរាជកុមាយេស៊ូវ និង រាជសារ

សូម​សរសេរ​ពី​អ្វី​មួយ​ចំនួន​ដែល​អ្នក​ចង់​កែលម្អ​ខ្លួន​របស់​អ្នក ៖

តើ​ការ​ស្គាល់​ថា​ព្រះយេស៊ូវ​ថា​ជាអង្គ​បែប​ណា កាល​ទ្រង់​មាន​ព្រះជន្ម​ស្របាល​អ្នក អាច​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​ទៅ​ជា​មនុស្ស​ដែល​អ្នក​ចង់​បាន​យ៉ាង​ដូចម្តេច ?

ព្រះគម្ពីរ​មាន​ព័ត៌មាន​លម្អិត​បន្ដិបន្ដួច​អំពី​កុមារភាព​របស់​ព្រះយេស៊ូវ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ទាំងនោះ អាច​នឹង​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ហើយ​ដឹកនាំ​យើង នៅពេល​យើង​ព្យាយាម​កែលម្អ​ខ្លួន​យើង ។ សូម​អាន លូកា ២:៤០ដោយ​រកមើល​របៀប​ដែល​លូកា​បាន​ពិព៌ណនា​ពី​ជីវិត​កាល​ពី​ព្រះ​រាជ​កុមារ​ភាព​របស់​ព្រះយេស៊ូវ ។ សូម​កត់ចំណាំថា រឹតតែ​ច្រើន​ឡើង​ មានន័យ​ថា ធំឡើង ឬ​ចម្រើនឡើង ។

បន្ទាប់​មក សូម​អាន លូកា ២:៤១–៤៩ដោយ​រកមើល​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ពេល​ទ្រង់​មាន​ព្រះជន្ម ១២ ព្រះ​វស្សា ។

ហេតុអ្វី​ព្រះយេស៊ូវ​បន្ត​គង់នៅ​ព្រះវិហារ​បរិសុទ្ធ ? ( សូម​អាន ម៉ាកុស ២:៤៦ លេខយោង  ដោយ​រកមើល​របៀប​ដែល​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បញ្ជាក់​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​ព្រះយេស៊ូវ​កំពុងតែ​ធ្វើ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ) ។

រូបភាព
ការ​បង្រៀន​របស់​ព្រះកុមារ​យេស៊ូវ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

ប្រសិនបើ អ្នក​អាច​មើល « Young Jesus Teaches in the Temple » ( ២:៣០ ) មក​ពី The Life of Jesus Christ Bible Videos ដែល​មាន​នៅក្នុងគេហទំព័រ LDS.orgដើម្បី មើល​ការបរិយាយ​ពី​អ្វី​ដែល​បាន​កើត​ឡើង នៅពេល​យ៉ូសែប និង ម៉ារា​បាន​រក​ព្រះយេស៊ូវ​ឃើញ​នៅ​ព្រះ​វិហារ​បរិសុទ្ធ ។ ប្រសិន​បើ​គ្មាន​វីដេអូ​ទេ​នោះ សូម​អាន លូកា ២:៤៨–៥០ដោយ​រកមើល​អ្វី​ដែលព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅកាន់​ម៉ារា និង យ៉ូសែប នៅពេល​ពួកគេ​បាន​រកឃើញ​ទ្រង់ ។

តើ​ដំណើរ​រឿង​នេះ​បើក​សម្ដែង​អ្វី អំពី​ចំណេះដឹង​របស់ព្រះយេស៊ូវ​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ទ្រង់​កាល​ទ្រង់​នៅ​យុវវ័យ ?

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី យ៉ូសែប ស៊្មីធ បានបើក​សម្តែង​ដូច​តទៅនេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​កាល​នៅ​យុវវ័យ ៖ « កាល​នៅ​កុមារភាព ទ្រង់​មាន​គ្រប់​បញ្ញា​ដែល​ចាំបាច់​ដើម្បី​អាច​ឲ្យ​ទ្រង់​គ្រប់គ្រង និង ត្រួតត្រា​លើ​នគរ​ពួក​យូដា ហើយ​អាច​ដោះស្រាយ​ចម្ងល់​របស់​បណ្ឌិត​ដ៏​ឆ្លាតបំផុត និងចេះដឹង​បំផុត​អំពី​ច្បាប់ និង​ភាពជា​ព្រះ ហើយ​បាន​ធ្វើ​ឲ្យ​ទ្រឹស្ដី​និង​ការ​អនុវត្ត​របស់​ពួកគេ​បង្ហាញ​ចេញ​មក​ដូចជា​ធ្វេស​ប្រហែល បើ​ប្រៀបធៀប​នឹង​ប្រាជ្ញា​ដែល​ទ្រង់​បាន​ទទួល​មក ប៉ុន្តែ​ទ្រង់​គ្រាន់តែ​ជា​កុមារតូច​ម្នាក់​ប៉ុណ្ណោះ ហើយ​ខ្វះ​កម្លាំង​ខាង​រូបកាយ ទោះជា​ដើម្បី​ការពារ​ខ្លួន​ព្រះអង្គទ្រង់ ហើយ​បាន​ស្ថិត​នៅក្រោម​ភាព​រងា ស្រេក​ឃ្លាន និង សុគត » (​​​History of the Church ៦:៦០៨ ) ។

សូម​អាន លូកា ២:៥១–៥២ដោយ​រកមើល​របៀប​នានា​ដែល​ព្រះយេស៊ូវ​បាន​ធំ​លូតលាស់​ឡើង ( សូមមើល​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៣:២៤–២៦ [ នៅក្នុង​ឧបសម្ព័ន្ធ​ព្រះគម្ពីរ​ប៊ីប ] ) ។

លូកា ២:៥២ បង្រៀន​យើង​ថា​ព្រះយេស៊ូវ « ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង » ។ នៅក្នុង​ខគម្ពីរ​នោះ យើង​ក៏​បាន​រៀន​នូវ​របៀប​បី​យ៉ាង​ផ្សេង​ទៀត​ដែល​ទ្រង់​បាន​ធំ​ឡើង​ផងដែរ ។ កាន់តែ « ធំ » មាន​ន័យ​ថា​រាងកាយ​ធំ​លូត​លាស់ ។ ឃ្លា « ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ » ទាក់ទង​នឹង​ស្ថានភាព​ខាង​វិញ្ញាណ ហើយ​ឃ្លា​ថា « គាប់​ចិត្ត​…មនុស្ស​ផង » ទាក់ទង​នឹង​ទំនាក់ទំនង​ក្នុង​សង្គម ។ ដូច្នេះ​ដោយ​ផ្អែក​លើ​ការសិក្សា​របស់​អ្នក​ពី​ខគម្ពីរ​នេះ យើង​អាច​រៀន​នូវ​គោលការណ៍​ដូច​តទៅ​នេះ ៖ យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ តាមរយៈ​ការ​ទទួល​ប្រាជ្ញា និង​ការលូតលាស់​ខាង​រូបកាយ ខាងវិញ្ញាណ និង​ខាង​សង្គម ។

សូម​ពិចារណា​ទៅ​លើ​សំណួរ​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​វាសំខាន់​សម្រាប់​យើង​ដើម្បី​អភិវឌ្ឍ​ចំណុច នីមួយៗ ​នៃ​ចំណុច​ទាំង​បួន​នេះ ?

  • តើ​អ្នក​ត្រូវ​បាន​ប្រទានពរ​ដោយ​របៀប​ណា​ដែរ នៅពេល​អ្នក​បាន​ព្យាយាម​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ អំពី​ការ​អភិវឌ្ឍ​ព្រះអង្គ​ទ្រង់​ក្នុង​ចំណុច​ទាំងនេះ ?

  1. សូម​ចម្លង​តារាង​ខាងក្រោម​ចូល​ទៅក្នុង សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បន្ទាប់មក សូម​សរសេរ​ក្រោម​ផ្នែក​នីមួយៗ​នូវ​គោលដៅ​មួយ​សម្រាប់​ការអភិឌ្ឍ​ផ្ទាល់​ខ្លួន​របស់​អ្នក ហើយ​ដាក់​ផែនការ​សម្រាប់​វិធី​ដែល​អ្នក​នឹង​ធ្វើ​គោលដៅ​នោះ​អំឡុង​សប្តាហ៍​ក្រោយៗ​ទៀត ។

ខ្ញុំ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​ដោយ​បង្កើន…

ផ្នែក ៖

បញ្ញា

រូបកាយ

វិញ្ញាណ

សង្គម

គោលដៅ និង ផែនការ​របស់​ខ្ញុំ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្ញុំ ៖

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

  • ចម្លើយ​ចំពោះ​លំហាត់ ត្រូវ–ខុស ៖ ១. ត្រូវ ២. ខុស ៣. ត្រូវ ៤. ខុស ៥. ត្រូវ ៦. ខុស ។