បណ្ណាល័យ
សេចក្ដី​ណែនាំ​អំពី​គម្ពីរ​លូកា


សេចក្ដី​ណែនាំ​អំពី​គម្ពីរ លូកា

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

គម្ពីរ​លូកា ផ្ដល់​នូវ​សាក្សី​បន្ថែម​មួយ​អំពី​សេចក្ដីពិត​ជា​ច្រើន ដែល​បាន​កត់ត្រា​ដោយ ម៉ាថាយ និង ម៉ាកុស ហើយ​ក៏​មាន​នូវ​មាតិកា​ពិសេស​ផងដែរ ។ ដំណឹងល្អ​របស់​លូកា អាច​ជួយ​ឲ្យ​ការ​យល់​ដឹង​របស់​អ្នក​កាន់តែ​ជ្រៅជ្រះ​អំពី​ការ​បង្រៀន​ទាំងឡាយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​អ្នក​ឲ្យ​មាន​អំណរគុណ​កាន់តែ​ពេញលេញ​ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ក្ដី​មេត្តា​ករុណា​របស់​ទ្រង់​ចំពោះ​មនុស្ស​លោក​ទាំងអស់ ដូច​បាន​បើក​សម្ដែង​អំឡុង​ពេល​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ និង​តាមរយៈ​ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ទ្រង់ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

លូកា គឺ​ជា​អ្នក​សរសេរ​ដំណឹងល្អ​នេះ ។ លោក​គឺ​ជា​គ្រូពេទ្យ​មួយ​រូប ( សូមមើល កូឡូស ៤:១៤) និង​ជា​ « សារទូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ( ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ១:១ [ នៅក្នុង លូកា ១:១ លេខ​យោង] ) ។ លូកា គឺ​ជា « គូ​កន​ធ្វើ​ការម្នាក់ » របស់​ប៉ុល (ភីលេម៉ូន ១:២៤លោក​ត្រូវបាន​ហៅ​ថា អ្នក​លូកា នៅ​ក្នុង​ខគម្ពីរ​នេះ ) និង​ជា​ដៃគូ​ផ្សព្វ​ផ្សាយ​សាសនា​របស់ ប៉ុល ( សូមមើល ធីម៉ូថេទី ២ ៤:១១) ។ លូកា ក៏​ជា​អ្នក​សរសេរ​គម្ពីរ​កិច្ចការ​ផងដែរ ( សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « លូកា ») ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅកន្លែង​ណា ?

ទោះបី​ជា​វា​ពុំ​ត្រូវ​បាន​គេស្គាល់​ច្បាស់លាស់​ថា ពេលណា​ដែល​លូកា​សរសេរ​ដំណឹងល្អ​របស់​លោក​ក្ដី ក៏​វា​ទំនង​ជា​ត្រូវ​បាន​សរសេរ​នៅ​ចុង​នៃ​សតវត្សរ៍​ទីមួយ គ.ស. ។ ប្រភព​ទំាងឡាយ​របស់​លូកា គឺ​ជា​ប្រជាជន​ដែល « បាន​ឃើញ​ការណ៍​ទាំង​នោះ​ជាក់​នឹង​ភ្នែក តាំង​ពី​ដើម​រៀង​មក » (លូកា ១:២) អំពី​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ និង​ការរស់ឡើង​វិញ​របស់​ទ្រង់ ។ យើង​ពុំ​ដឹង​ទីកន្លែង​ដែល​ដំណឹងល្អ​របស់​លូកា​ត្រូវ​បាន​សរសេរ​ឡើងនោះ​ទេ ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​ហេតុអ្វី ?

លូកា មាន​បំណង​ចង់​ឲ្យ​ដំណឹងល្អ​របស់​លោក​ត្រូវ​បាន​អាន​ជា​ចម្បង​ដោយ​អ្នក​ស្ដាប់​ជា​សាសន៍​ដទៃ ហើយ​លោក​បាន​បង្ហាញ​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះអង្គ​សង្គ្រោះ​ទាំង​របស់​ពួក​សាសន៍​យូដា និង ពួក​សាសន៍​ដទៃ ។ លូកា​បាន​ថ្លែង​ជាពិសេស​អំពី​ដំណឹងល្អ​របស់​ទ្រង់​ទៅកាន់ « លោក​ថេវភីល » (លូកា ១:៣) ដែល​ជា​ភាសា​ក្រិក​មាន​ន័យ​ថា « មិត្ត​របស់​ព្រះ » ឬ « មនុស្ស​សំណព្វ​របស់​ព្រះ » ( សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ថេវភីល ») ។ វា​បង្ហាញ​ថា ថេវភីល បាន​ទទួល​ការណែនាំ​ពីមុន​មក​អំពី​ជីវិត និងការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល លូកា ១:៤) ។ លូកា បាន​សង្ឃឹម​ថា​ផ្ដល់​ការណែនាំ​បន្ថែម​ទៀត​ដោយ​ការ​ថ្វាយ​ដំណើរ​រឿង​ត្រឹមត្រូវ​អំពី​បេសកកម្ម និង​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ។ លោក​ចង់​ឲ្យ​អ្នក​ទាំងឡាយ​ដែល​អាន​ទីបន្ទាល់​របស់​លោក « ជ្រាប​ពី​សេចក្តី​ពិត » (លូកា ១:៤) អំពី​ព្រះរាជបុត្រា​របស់​ព្រះ--ក្ដីមេត្ដា​របស់​ទ្រង់ ដង្វាយធួន​របស់​ទ្រង់ និង ការរស់​ឡើងវិញ​របស់​ទ្រង់ ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

គម្ពីរ​លូកា គឺ​ជា​ដំណឹងល្អ​ទាំងបួន​ដែល​វែង​ជាងគេ ហើយ​ជា​គម្ពីរ​វែង​ជាងគេ​បំផុត​នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី ។ ដំណើរ​រឿង​ដ៏​ល្បី​បំផុត​មួយ​ចំនួន​អំពី​គ្រីស្ទ​អាណាចក្រ គឺ​ពិសេស​ចំពោះ​ដំណឹងល្អ​របស់​លូកា ៖ ជា​ស្ថានភាព​ទាំងឡាយ​អំពី​កំណើត​របស់​យ៉ូហាន បាទីស្ទ ( សូមមើល លូកា ១:៥–២៥, ៥៧–៨០) និទានកថា​ទំនៀម​ទម្លាប់​បុណ្យ​គ្រីស្ទម៉ាស់ ( សូមមើល លូកា ២:១-២០) ដំណើរ​រឿង​របស់​ព្រះយេស៊ូវ​កាលជា​កុមារ​វ័យ ១២ ព្រះវស្សា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល លូកា ២:៤១-៥២) ដំណើរ​រឿង​ប្រៀប​ប្រដូច​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ ( សូមមើល លូកា ១០:៣០-៣៧) កូនប្រុស​ខ្ជះខ្ជាយ ( សូមមើល លូកា ១៥:១១-៣២) និង​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្នាក់ និង​ឡាសារ ( សូមមើល លូកា ១៦:១៩-៣១) ដំណើរ​រឿង​អំពី​មនុស្ស​ឃ្លង់​ដប់នាក់ ( សូមមើល លូកា ១៧:១១-១៩) និង ដំណើរ​រឿង​នៃ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់ឡើង​វិញ​យាង​ទៅ​ជាមួយ​នឹង​ពួកសិស្ស​នៅ​តាមផ្លូវ​ទៅ​កាន់ទីក្រុង​អេម៉ោស ( សូមមើល លូកា ២៤:១៣-៣២) ។

លក្ខណៈ​ពិសេស​ផ្សេង​ទៀត គឺ​ជា​ការដាក់​បញ្ចូល​របស់​លូកា​អំពី​ការ​បង្រៀន​របស់​យ៉ូហាន​បាទីស្ទ ដែល​ពុំ​មាន​នៅ​ក្នុង​ដំណឹង​ល្អ​ផ្សេង​ទៀត​ទេ ( សូមមើល លូកា ៣:១០-១៤) ការ​គូស​បញ្ជាក់​របស់​គាត់​អំពី​ភាព​ពេញ​លេញ​នៃ​ការអធិស្ឋាន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល លូកា ៣:២១, ៥:១៦, ៩:១៨, ២៨-២៩, ១១:១) និង​ការ​ដាក់​បញ្ចូល​របស់​លោក​អំពី​ការ​ហៅ​បម្រើ ការ​បំពាក់បំប៉ន និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ពួកចិតសិប​នាក់ ( សូមមើល លូកា ១០:១-២២) ។ លើល​ពីនោះទៀត លូកា គឺ​ជា​អ្នក​សរសេរ​ដំណឹងល្អ​តែ​ម្នាក់​គត់ ដែល​បាន​កត់ត្រា​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្ហូរ​លោហិត​នៅ​ច្បារ​គែតសេម៉ានី ហើយ​ថា​មាន​ទេវតា​មួយ​អង្គ​បាន​បម្រើ​ដល់​ទ្រង់ ( សូមមើល លូកា ២២:៤៣--៤៤) ។

ដោយ​សារ​តែ​ដំណឹងល្អ​របស់​លូកា ចាប់ផ្ដើម និង​បញ្ចប់​ទៅវិញ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​វា​ក៏ជា​សញ្ញា​អំពី​សារៈសំខាន់​របស់​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ថា​ជា​កន្លែង​សំខាន់​មួយ​នៃ​ទំនាក់ទំនង​របស់​ព្រះ​ជាមួយ​មនុស្ស​លោក ( សូមមើល លូកា ១:៩, ២៤:៥៣) ។

គម្រោង

លូកា ១:-៣  កំណើត និង​បេសកកម្ម​របស់​យ៉ូហាន​បាទីស្ទ និង ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​បាន​ព្យាករ​ពីមុន​មក ។ សាក្សី​ជាច្រើន​បាន​ថ្លែង​ទីបន្ទាល់​ថា ទារក​យេស៊ូវ​គឺ​ជា​ព្រះ​មែស៊ី ។ នៅ​ជន្មាយុ ១២ ព្រះ​វស្សា ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​នៅ​ក្នុងព្រះវិហារ​បរិសុទ្ធ ។ យ៉ូហាន​បាទីស្ទ​ផ្សាយ​អំពីការ​ប្រែចិត្ត ហើយ​ធ្វើ​បុណ្យ​ជ្រមុជទឹក​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ។ លូកា​កត់ត្រា​អំពី​ពង្សាវតា​របស់​ព្រះយេស៊ូវ ។

លូកា ៤-៨  ព្រះយេស៊ូវ​គ្រីស្ទ ត្រូវ​បានល្បួង​នៅ​វាល​រហោស្ថាន ។ នៅ​ណាសារ៉ែត ទ្រង់បាន​ប្រកាស​អំពី​ខ្លួនព្រះអង្គ​ថាជា​ព្រះមែស៊ី ហើយ​ត្រូវ​បាន​គេ​បដិសេធ ។ ទ្រង់​ជ្រើសរើស​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​បង្រៀន​ដល់​ពួកសិស្ស​របស់​ទ្រង់ ។ ទ្រង់​អភ័យទោស​អំពើ​បាប ហើយ​សម្តែង​អព្ភូតហេតុ​ជាច្រើន ។

លូកា ៩-១៤  ពួកសាវក​ដប់ពីរ​នាក់ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅផ្សាយ និង​ព្យាបាល ។ ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​អាហារ​ដល់​មនុស្ស​ជាង​ប្រាំ​ពាន់​នាក់ ហើយ​បាន​ប្រែ​រូប​នៅលើ​ភ្នំ​មួយ ។ ទ្រង់​ហៅ​ពួក​ចិតសិប​នាក់ ហើយ​បញ្ជូន​ពួកគេ​ឲ្យ​ចេញ​ទៅ​បង្រៀន ។ ទ្រង់​បង្រៀន​អំពី​ភាពជា​សិស្ស ភាពលាក់ពុត និង​ការ​ជំនុំជម្រះ ។ ទ្រង់​រៀបរាប់​អំពី​រឿង​ប្រៀបប្រដូច​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ ។

លូកា ១៥-១៧  ព្រះយេស៊ូវ​បង្រៀន​ជា​រឿង​ប្រៀបធៀប ។ ទ្រង់​បង្រៀន​អំពី​ហេតុឲ្យ​រវាត​ចិត្ត សេចក្ដីជំនឿ និង​ការអភ័យទោស ។ ទ្រង់​ព្យាបាល​មនុស្ស​ឃ្លង់ ១០នាក់ ហើយ​បង្រៀន​អំពី​ការ​យាងមក​ជាលើក​ទីពីរ​របស់ទ្រង់ ។

លូកា ១៨-២២  ព្រះយេស៊ូវ​គ្រីស្ទ​បន្ត​បង្រៀន​ជា​រឿង​ប្រៀបប្រដូច ។ ទ្រង់​ព្យាបាល​បុរស​ខ្វាក់​ម្នាក់ ហើយ​បង្រៀន​សាខេ ។ ទ្រង់​ជិះ​ចូល​ទៅ​ទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ទ្រង់​ព្រះកន្សែង​ចំពោះទីក្រុង ហើយ​សម្អាត​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​បាន​ព្យាករ​ជាមុន​អំពីការ​បំផ្លិចបំផ្លាញ​នៃ​ទីក្រុង​យេរូសាឡិម ហើយ​មានបន្ទូល​អំពី​ទីសម្គាល់​ដែលនឹ​ង​កើតមាន​មុន​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ ទ្រង់​បង្កើត​ពិធី​សាក្រាម៉ង់ បង្រៀន​ដល់​ពួកសាវក​របស់​ទ្រង់ ហើយ​រងទុក្ខ​នៅ​ច្បារ​គែតសេម៉ានី ។ ទ្រង់​ត្រូវ​បាន​គេ​ក្បត់ ចាប់​ព្រះកាយ ចំអក វាយ និង​សួរ​ចម្លើយ ។

លូកា ២៣-២៤  ព្រះយេស៊ូវ​ត្រូវ​បាន​សួរ​ចម្លើយ​នៅ​ពីមុន​លោក​ពីឡាត់ ហើយ​ហេរ៉ូឌ​បាន​ឆ្កាង និង​បញ្ចុះ​ព្រះសព​ទ្រង់ ។ ពួក​ទេវតា​នៅ​ឯទី​ផ្នូរ ហើយ​ពួក​សាវក​ពីរនាក់​ដើរ​នៅ​តាមផ្លូវ​ទៅកាន់​ទីក្រុង​អេម៉ោស ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បានមាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ព្រះអង្គ​សង្គ្រោះ​បាន​លេច​ព្រះកាយ​របស់​ទ្រង់​មក​ជួប​ពួក​សិស្ស​នៅ​ទីក្រុង​យេរូសាឡិម សន្យា​នឹង​ពួកសាវក​របស់​ទ្រង់​ថា ពួកគេ​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ព្រះចេស្ដា​មកពី​ព្រះ ហើយ​ទ្រង់​ក៏​យាង​ត្រឡប់​ទៅ​ស្ថានសួគ៌ ។