បណ្ណាល័យ
មេរៀន​ទី ៧ ថ្ងៃ​ទី ៤ ៖ ម៉ាកុស ២-៣


មេរៀន​ទី ៧ ៖ ថ្ងៃ​ទី ៤

ម៉ាកុស ២-៣

សេចក្តីផ្តើម

ព្រះយេស៊ូវ​បាន​អភ័យទោស និង ព្យាបាល​ដល់​មនុស្ស​ខ្វិន​ម្នាក់ ​ហើយ​ទ្រង់​បាន​ហៅ​ម៉ាថាយ​ឲ្យ​ដើរ​តាម​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​ពួកសង្ឃ និង ពួក​ផារិស៊ី​អំពី​ថ្ងៃ​ឈប់​សម្រាក ។ ព្រះអង្គសង្គ្រោះ​បានបន្ដ​ព្យាបាល​មនុស្ស​ជាច្រើន ទ្រង់​បាន​បញ្ជូន​ពួក​សាវក​របស់​ទ្រង់​ទៅ​ផ្សាយ ហើយ​ទ្រង់​ព្រមាន​អំពី​ការ​និយាយ​ប្រមាថ​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ម៉ាកុស ២:១-១២

ព្រះយេស៊ូវ​អភ័យទោស និង ព្យាបាល​មនុស្ស​ខ្វិន

សូម​ស្រមៃ​ថា​មាន​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់​បានរងទុក្ខ​ដោយសារ​ឧបសគ្គ​ខាងរូបកាយ​ដែល​គំរាម​កំហែង​ដល់​ជីវិត តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ដ៏​ជំនាញ ។ តើ​នរណា​ដែល​អ្នក​នឹង​ទៅ​ស្វែងរក​ជំនួយ​ដើម្បី​ជួយ​ដល់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក ? ហេតុអ្វី ? តើ​អ្នក​នឹង​ស្ម័គ្រចិត្ត​ធ្វើ​អ្វីខ្លះ ប្រសិន​បើ​មាន​វេជ្ជបណ្ឌិត​តែ​ម្នាក់​គត់​ដែល​អាច​ជួយ​បាន ប៉ុន្តែ​វា​មាន​ការ​ពិបាក​ណាស់​ដើម្បី​នឹង​ណាត់​ជួប​ជាមួយ​វេជ្ជបណ្ឌិត​នោះ ?

ដូច​បាន​កត់​ត្រា​នៅក្នុង ម៉ាកុស ២:១-៤នៅក្នុង​ភូមិ​កាពើណិម​ក្នុង​ស្រុក​កាលីឡេ នោះមាន​បុរស​ម្នាក់​ដែល​មាន​ជំងឺ « ស្លាប់​ដៃ​ស្លាប់​ជើង » (​ម៉ាកុស ២:៣) ដែល​មានន័យ​ថា​គាត់​ខ្វិន ។ បុរស​បួន​នាក់​ផ្សេង​ទៀត​បាន​សែង​គាត់​ទៅក្នុង​ផ្ទះ​ដែល​ព្រះយេស៊ូវ​គង់​នៅ ប៉ុន្តែ​ផ្ទះ​នោះ​មាន​មនុស្ស​ច្រើន​កុះករ​ដែល​ពួកគេ​ពុំ​អាច​ចូល​ទៅក្នុង​បាន ។ បុរស​ទាំងបួន​នាក់​នោះ​ក៏​បាន​បើក​ដំបូល​ផ្ទះ ហើយ​បាន​សម្រូត​បុរស​ខ្វិន​នោះមក​នៅ​ក្នុង​វត្តមាន​របស់​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
ព្រះយេស៊ូវ​ព្យាបាល​មនុស្ស

សូម​អាន ម៉ាកុស ២:៥ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ដល់​បុរស​ដែល​ខ្វិន​នោះ ។

សូម​អាន ម៉ាកុស ២:៦–១២ដោយ​រកមើល​អ្វី​បាន​កើត​ឡើង​បន្ទាប់​ទៀត ។

សូម​កត់ចំណាំ​ថា « អាចារ្យ​ខ្លះ » (ម៉ាកុស ២:៦) បាន​សង្ស័យ​ពី​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​អាច​អភ័យទោស​ដល់​អំពើ​បាប​បាន ។ សូម​ពិចារណា​ពី​សំណួរ​ដែល​ព្រះយេស៊ូវ​បាន​សួរ​ពួក​អាចារ្យ​ទាំង​នោះ ( សូមមើល ម៉ាកុស ២:៩) ។

យើង​អាច​រកឃើញ​សេចក្តីពិត​មួយ​ដូច​តទៅ​នេះ​ពី​ដំណើរ​រឿង​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​ព្យាបាល​យើង​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ។

ម៉ាកុស ២:១៣-២២

ព្រះយេស៊ូវ​ហៅ​ម៉ាថាយ​ឲ្យ​ទៅតាម​ទ្រង់ ហើយ​សោយ​អាហារ​ជាមួយ​នឹង​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប

នៅពេល​ពួកអាចារ្យ​បាន​មើល​ឃើញ​បុរស​ខ្វិន​ក្រោក​ពី​គ្រែ​ដើរ​ទៅ នោះ​ពួកគេ​បាន​ទទួល​ភស្ដុតាង​ដែល​ពុំ​អាច​បដិសេធ​បាន​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះ​ចេស្ដា​ដ៏​មហិមា​ដើម្បី​ព្យាបាល​អ្នកឈឺ ហើយ​ពួកគេ​បាន​ស្ដាប់​ឮទីបន្ទាល់​របស់ទ្រង់​ថា ទ្រង់​អាច​អភ័យទោស​ដល់​បាបទាំងឡាយ ។ ប៉ុន្តែ នៅក្នុង​ដំណើររឿង​នេះ យើងពុំ​បាន​ដឹង​ថា តើ​បុរស​ទាំង​នេះ​បាន​មក​រក​ព្រះយេស៊ូវ​នៅពេល​ក្រោយ​ទៀត ហើយ​ស្វែងរក​ការអភ័យ​ទោស​ចំពោះ​អំពើ​បាប​របស់​ខ្លួន​ដែល​ឬ​អត់​នោះ​ទេ ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ហេតុផល​មួយ​ចំនួន​ដែល​បុគ្គល​ម្នាក់​មិន​ចង់​ស្វែងរក​ការអភ័យ​ទោស​ពី​ព្រះអម្ចាស់​ចំពោះ​អំពើ​បាប​របស់​ខ្លួន ។ សូម​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ឲ្យ​ជួយ​សរសេរ​វា ។

នៅពេល​អ្នក​បន្ត​សិក្សា ម៉ាកុស ២សូម​រក​មើល​សេចក្តីពិត​ដែល​អាច​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ស្វែងរក​ការ​អភ័យទោស​ពី​ព្រះអម្ចាស់ ។

សូម​អាន ម៉ាកុស ២:១៣–១៥ដោយ​រកមើលអ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ បន្ទាប់ពី​ការ​ព្យាបាល​ដល់​បុរស​ខ្វិន ។

ក្រោយមក​លេវី​ត្រូវ​បាន​ហៅ​ថា​ម៉ាថាយ ។ គាត់​គឺ​ជា​ម៉ាថាយ​ដដែល​នោះ​ដែល​បាន​សរសេរ​ដំណឹង​ល្អ​របស់​ម៉ាថាយ ។ ឃ្លា​ថា « អង្គុយ​នៅត្រង់​កន្លែង​យក​ពន្ធ » (ម៉ាកុស ២:១៤) មាន​ន័យ​ថា ម៉ាថាយ​គឺ​ជា​អ្នក​យក​ពន្ធ « ជា​អ្នក​ប្រមូលពន្ធ​ឲ្យ​ពួក​រ៉ូម​ស្រុក​កាពើណិម [ ហើយ ] ប្រហែល​ជា​ធ្វើ​ការបម្រើ​ឲ្យ​ហេរ៉ូឌ អាន់ទីប៉ាស » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ម៉ាថាយ » គេហទំព័រ scriptures.lds.org) ។ មាន​ពួកសាសន៍​យូដា​ជាច្រើន​បាន​ស្អប់​នឹង​អ្នក​យកពន្ធ ដោយសារ​ពួកគេ​មើល​ទៅ​ពួក​យក​ពន្ធ​ជា​មនុស្ស​ក្បត់ជាតិ ដែល​ប្រមូល​ប្រាក់​ពី​ប្រជាជន​របស់​ខ្លួន​ឲ្យ​ពួក​ជនជាតិ​រ៉ូម ។

សូមកត់​ចំណាំ​ថា​អ្នក​យក​ពន្ធ និង មនុស្ស​មាន​បាប​ជា​ច្រើន​ក៏​បាន​ចូលរួម​បរិភោគ​អាហារ​របស់​ម៉ាថាយ​ជាមួយ​ព្រះយេស៊ូវ និង ពួក​សិស្ស​របស់​ទ្រង់​ផងដែរ ។ អំឡុង​ពេល​នោះ ការ​បរិភោគ​អាហារ​មាន​ន័យ​ច្រើនជាង​ការ​គ្រាន់តែ​ទទួលទាន​ជាមួយគ្នា ។ វា​បញ្ជាក់​ពី​ចំណង​មិត្តភាព និង ភាព​សុខសាន្ដ​នៅក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​មក​ចូលរួម ។

សូម​អាន ម៉ាកុស ២:១៦ដោយ​រកមើល​របៀប​ដែល​ពួកអាចារ្យ និង ពួក​ផារិស៊ី មានប្រតិកម្ម ពេល​ពួកគេ​បាន​មើល​ឃើញ​ព្រះអង្គ​សង្គ្រោះ​ទទួលទាន​ជាមួយ​មនុស្ស​ទាំងនោះ ។

ហេតុអ្វី​ក៏​អ្នកគិត​ថា​ពួក​អាចារ្យ និង ពួក​ផារិស៊ី​បាន​រិះគន់​ដល់​ព្រះយេស៊ូវ​ដែល​ទទួលទាន​អាហារ​ជាមួយ​នឹង​ពួក​យកពន្ធ និង​មនុស្ស​មាន​បាប​ដូច្នេះ ?

សូម​អាន ម៉ាកុស ២:១៧ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ឆ្លើយ​តប​ចំពោះ​ការិះគន់​របស់​ពួក​អាចារ្យ និង ពួក​ផារិស៊ី ។ សូម​គិត​ពីការគូស​រង្វង់​លើ​ពាក្យ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ព្រះអង្គ​ទ្រង់ ។

តាមរយៈ​ការប្រើ​ពាក្យ គ្រូពេទ្យ ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជាក់​សារជាថ្មី​អំពី​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​ព្យាបាល​ទាំង​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ។ ចេញពី ខ ទី ១៧ យើង​រៀន​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​ចង់ជួយ​យើង​ឲ្យ​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ហើយ​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ ។

សូម​ពិចារណា​ពី​មូលហេតុ​ដែល​វា​សំខាន់​ដើម្បី​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះទ័យ​ចង់​ជួយ​យើង​ឲ្យ​ប្រែចិត្ត ហើយ​ត្រូវ​បាន​ព្យាបាល​ឲ្យជា​សះស្បើយ ។

អែលឌើរ ក្រេហ្គ អេ ខារដុន នៃ​ក្រុម​ចិតសិប​នាក់​បាន​ថ្លែង ៖

រូបភាព
អែលឌើរ ក្រេហ្គ អេ ខារដុន

« ព្រះអម្ចាស់​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​យល់​ពី​ព្រះ​ឆន្ទៈ​អភ័យ​ទោស​របស់​ទ្រង់ ។ …

« … នៅក្នុង​សេចក្តីមេត្តា​ករុណា​របស់​ទ្រង់ ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ការកែលម្អ​ជា​ច្រើន​ដង​ជាជាង​តម្រូវ​ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ភ្លាមៗ ។ ទោះបី​ជា​មាន​អំពើ​បាប​ជាច្រើន​ដែល​កើត​ឡើង​ម្តង​កាល​ដោយ​សារតែ​ភាពទន់ខ្សោយ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ដរាប​ណា​យើង​ប្រែចិត្ត​ជានិច្ច ហើយ​ស្វែងរក​ការអភ័យ​ទោស​ពី​ទ្រង់ នោះ​ទ្រង់​អភ័យ​ទោស​ម្តង​ហើយ​ម្តង​ទៀត [ សូមមើល មរ៉ូណៃ ៦:៨] ។

« ដោយសារ​ការណ៍​នេះ ​យើង​ទាំងអស់​គ្នា​រួម​ទាំង​អស់​អ្នក​ដែល​មាន​ការ​លំបាក​ដើម្បី​យក​ឈ្នះ​លើ​ឥរិយាបថ​នៃ​ការញៀន ដូច​ជាថ្នាំ​ញៀន ការណ៍​អាសគ្រាម និង អស់​អ្នក​ដែល​ស្និទ្ធស្នាល​នឹង​ការណ៍​ទាំង​នោះ អាច​ដឹង​ថា​ព្រះអម្ចាស់​នឹង​ទទួល​ស្គាល់​សេចក្តី​សុចរិត​របស់​យើង ហើយ​នឹង​អភ័យ​ទោស​ដោយ​សេចក្តី​ស្រឡាញ់​នៅពេល​បាន​បំពេញ​ការប្រែចិត្ត ។ … ប៉ុន្តែ​នេះ​ពុំ​មែន​មាន​ន័យ​ថា​មនុស្ស​ម្នាក់​អាច មាន​បំណង ត្រឡប់​ទៅ​ធ្វើ​អំពើ​បាប​វិញ​ដោយ​និទណ្ឌភាព [ មាន​សេរីភាព​ពី​លទ្ធផល​នោះ ] ឡើយ » (« The Savior Wants to Forgive » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១៦ ) ។

សូម​គិត​ពិចារណា​ថា​តើ​អ្នក​ដូចជាពួក​អ្នក​យកពន្ធ និង​មនុស្ស​មាន​បាប ( ដែល​ទទួល​ស្គាល់​ថា​ពួកគេ​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​មក​រក​ទ្រង់ ) ឬ​ក៏​ពួកគេ​ដូចជា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ( ដែល​ពុំ​មក​រក​ព្រះ​អង្គសង្គ្រោះ​ដើម្បី​សុំ​ការ​អភ័យទោស និង​ព្រះចេស្ដា​ព្យាបាល​របស់​ទ្រង់ ) ។​ សូម​សម្រេចចិត្ត​នៅ​ថ្ងៃ​នេះ​ដើម្បី​មក​រក​ព្រះអង្គ​សង្គ្រោះ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​អ្នក​បំពេញ​សេចក្តី​ត្រូវការ​ទាំង​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ​របស់​អ្នក ។

ដូច​បាន​កត់ត្រា​នៅក្នុង ម៉ាកុស ២:១៨-២២ព្រះយេស៊ូវ​បាន​បង្រៀន​ពី​មូលហេតុ​ដែល​ពួក​សាវក​របស់​ទ្រង់​ពុំ​តមអាហារ ខណៈ​ដែល​ទ្រង់​គង់នៅ​ជាមួយ​នឹង​ពួកគេ ។ ទ្រង់​ក៏​បាន​បង្រៀន​ផងដែរ​ពី​មូលហេតុ​ដែល​វា​ពិបាក​សម្រាប់​មនុស្ស​មួយ​ចំនួន​ដើម្បី​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ ( សូមមើល​ផងដែរ ម៉ាថាយ ៩:១៤–១៧) ។

ម៉ាកុស ២:២៣-៣:៦

ព្រះយេស៊ូវ​បង្រៀន​អំពី​ថ្ងៃ​ឈប់​សម្រាក

តើ​អ្នក​ធ្លាប់​បាន​ជ្រើស​ពុំ​ចូលរួម​សកម្មភាព​ណា​មួយ ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ដែល​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ដែរ​ឬ​ទេ ? នៅពេល​អ្នក​បន្ត​សិក្សា ម៉ាកុស ២–៣សូម​ពិចារណា​ពី​សំណួរ​ខាង​ក្រោម ៖ តើ​អ្នក​ដឹង​ថា​សកម្មភាព​មួយ​ដែល​អ្នក​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​នោះ​ត្រឹមត្រូវ​យ៉ាង​ដូចម្ដេច ?

សូម​អាន ម៉ាកុស ២:២៣–២៤ និង ម៉ាកុស ៣:១–២រកមើល​អ្វី​ដែល​ព្រះ​អង្គ​សង្គ្រោះ និង​ពួកសិស្ស​របស់​ទ្រង់​បាន​ធ្វើ ដែល​ពួក​សាឌូស៊ី​បាន​ជឿ​ថា ជា​ការល្មើស​នឹង​បទបញ្ញត្តិ​នៃ​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

សូម​ចាំ​ថា​ពួក​គ្រូ​បង្រៀន​សាសន៍​យូដា បាន​បន្ថែម​ច្បាប់ និងការ​បកស្រាយ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដែល​ហៅ​ថា​ជា​ច្បាប់​តាម​មាត់ ឬ​ទំនៀមទំលាប់ ចំពោះ​ក្រឹត្យវិន័យ​លោក​ម៉ូសេ ។ ច្បាប់​ដែល​បាន​បន្ថែម​ទាំងនេះ មាន​បំណង​ដើម្បី​រារាំង​ដល់ការ​ល្មើស​ច្បាប់​របស់​ព្រះ ប៉ុន្តែ​វា​ក៏​បាន​រារាំង​មនុស្ស​មួយ​ចំនួន​មិន​ឲ្យ​យល់​ពី​គោលបំណង​ពិត​នៃ​បទបញ្ញត្តិ​ជាក់លាក់ រួមមាន​ទាំង​បញ្ជា​ឲ្យ​រក្សា​ថ្ងៃ​ឈប់សម្រាក​ទុកជា​បរិសុទ្ធ​ផងដែរ ។

សូម​អាន ម៉ាកុស ២:២៧–២៨ហើយ​មើល​ពី​របៀប​ដែល​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ថ្ងៃ​ឈប់​សម្រាក​ដល់​យើង ៖

« ហេតុដូច្នោះ​ហើយ ថ្ងៃឈប់​សម្រាក​ត្រូវបាន​ប្រទាន​ឲ្យ​ដល់​មនុស្ស សម្រាប់​ជា​ថ្ងៃ​នៃ​ការសម្រាក ហើយថា​មនុស្ស​គួរតែ​សរសើរ​តម្កើង​ដល់​ព្រះ ហើយ​ពុំមែន​ថា​មនុស្ស​ពុំគួរ​បរិភោគ​នោះ​ទេ

« ដ្បិត​កូន​មនុស្ស​បាន​បង្កើត​ថ្ងៃ​ឈប់​សម្រាក ហេតុដូច្នេះ​ហើយ​កូនមនុស្ស​គឺ​ជា​ព្រះអម្ចាស់​នៃ​ថ្ងៃ​ឈប់​សម្រាក​ផងដែរ » (​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាកុស ២:២៦–២៧ [ នៅក្នុង Bible appendix ] ) ។

សូម​អាន ម៉ាកុស ៣:៣–៥ដោយ​រកមើលអ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បង្រៀន​អំពី​ការព្យាបាល​មនុស្ស​ស្វីតដៃជើង​នៅ​ថ្ងៃឈប់​សម្រាក ។

យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ និង ម៉ាកុស ៣:៣–៥សូម​បំពេញ​សេចក្តីពិត​ខាង​ក្រោម​នេះ ៖ យើង​អាច​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​បរិសុទ្ធ​ដោយ  ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើងអាច​ថ្វាយ​សិរីល្អ​ដល់​ព្រះ​នៅថ្ងៃ​បរិសុទ្ធ​របស់ទ្រង់​ដោយ​របៀប​ណា ?

    2. តើ​គំរូ​មួយ​ចំនួន​នៃ​ការ​ធ្វើ​ការងារ​ល្អ​នៅ​ថ្ងៃ​បរិសុទ្ធ​មាន​អ្វី​ខ្លះ ?

សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩-១៣។ បន្ទាប់មក​សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​គណៈ​ប្រធាន​ទី​មួយ ​ហើយ​សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​កំណត់​ថា​អ្វី​ដែល​សមរម្យ​ដើម្បី​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« តើ​បន្ទាត់​ណា​ដែល​វា​អាច​ទទួល​យក​បាន និង​មិនអាច​ទទួល​យក​បាន​នៅ​ថ្ងៃឈប់​សម្រាក ? នៅ​ក្នុង​សេចក្ដីណែនាំ យើង​ម្នាក់​ៗ​ត្រូវ​តែ​ឆ្លើយ​សំណួរ​នេះ​សម្រាប់​ខ្លួន​យើង ។ ខណៈ​ដែល​សេចក្ដីណែនាំ​ទាំងនេះ មាននៅក្នុង​ខគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​សម័យ​ទំនើប នោះ​សំណួរ​ទាំងនេះ​ក៏​ត្រូវ​សរសេរ​នៅក្នុង​ដួងចិត្ត​របស់​យើង ហើយ​គ្រប់គ្រង​ដោយ​មនសិកា​របស់​យើង​ផងដែរ ។ … វា​មិន​ទំនង​ថា​នឹង​មាន​ការល្មើស​ដ៏​ធ្ងន់ធ្ងរ​ណា​មួយ​ក្នុង​ការ​ថ្វាយបង្គំ​ថ្ងៃ​ឈប់​សម្រាក​ទេ ប្រសិន​បើ​យើង​មក​ដោយ​រាបសា​នៅ​ចំពោះ​ព្រះអម្ចាស់ ហើយ​ថ្វាយ​ដួងចិត្ត ព្រលឹង និង គំនិត​របស់​យើង​ទាំងអស់​ទៅ​ទ្រង់​នោះ ។ ( សូម​មើល ម៉ាថាយ ២២:៣៧) ។

« អ្វី​ដែល​សក្តិសម ឬ មិន​សក្តិសម​ស្តី​ពី​ថ្ងៃ​ឈប់​សម្រាក​នឹង​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​យើង​ម្នាក់ៗ តាមរយៈ​ការព្យាយាម​ស្មោះត្រង់​ជាមួយ​ព្រះអម្ចាស់ ។ នៅ​ថ្ងៃ​ឈប់​សម្រាក​យើង​គួរតែ​ធ្វើ​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ និង អ្វី​ដែល​យើង​គួរតែ​ធ្វើ​ក្នុង​លក្ខណៈ​មួយ​នៃ​ការថ្វាយ​បង្គំ ហើយ​បន្ទាប់​មក​ដាក់​កំហិត​លើ​សកម្មភាព​ផ្សេង​ទៀត​របស់​យើង » (« The Lord’s Day » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៣៥ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​មាន​អារម្មណ៍​ថា​ទទួល​ពរជ័យ​យ៉ាង​ដូចម្តេច នៅពេល​អ្នក​បាន​ព្យាយាម​ដើម្បី​ថ្វាយបង្គំ​ព្រះ ហើយ​ធ្វើ​ការងារ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​នោះ ?

    2. តើ​អ្នក​នឹង​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បាន​បរិសុទ្ធ​បាន​កាន់តែ​ប្រសើរ​តាម​របៀប​មួយ​ណា ?

ម៉ាកុស ៣:៧-៣៥

ព្រះយេស៊ូវ​ព្យាបាល​មនុស្ស​ជាច្រើន បញ្ជូន​ពួកសាវក​របស់​ទ្រង់​ឲ្យ​ទៅ​ផ្សព្វផ្សាយ និង​ព្រមាន​អ្នកដទៃ​អំពី​ការ​ពាក្យប្រមាថ

ដូច​មាន​កត់ត្រា​នៅក្នុង ម៉ាកុស ៣:៧-៣៥ព្រះយេស៊ូវ​បាន​យាង​ចេញ​ទៅ​សមុទ្រ​កាលីឡេ ហើយ​បាន​ព្យាបាល​មនុស្ស​ជាច្រើន​ដែល​បាន​ដើរ​តាម​ទ្រង់​នៅទីនោះ រួម​មាន​ទាំង​មនុស្ស​មួយ​ចំនួន​ដែល​មាន​វិញ្ញាណ​អសោច​ផងដែរ ។ បន្ទាប់ពី​ការជ្រើសរើស​ពួក​សាវក​ដប់ពីរ​នាក់​រួច​មក ព្រះយេស៊ូវ​បាន​តែងតាំង​ពួកគេ ហើយ​បាន​បញ្ជូន​ពួកគេ​ឲ្យ​ចេញ​ទៅ​ប្រកាស ព្យាបាល និង​បណ្ដេញ​អារក្ស ។ បន្ទាប់មក ទ្រង់​បាន​ព្រមាន​ពួក​អាចារ្យ​អំពី​ការ​និយាយ​ប្រមាថ​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​បង្រៀន​ថា​គ្រួសារ​របស់​ទ្រង់​គឺជា​មនុស្ស​ដែល​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​វរបិតា​សួគ៌ ។ អ្នក​បាន​រៀន​ពី​ព្រឹត្តិការណ៍​មួយ​ចំនួន​នេះ​នៅពេល​អ្នក​បាន​សិក្សា ម៉ាថាយ ១២:២២–៣៥

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាកុស ២–៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖