បណ្ណាល័យ
មេរៀន​ទី ៨ ថ្ងៃ​ទី ១ ៖ ម៉ាកុស ៤-៥


មេរៀន​ទី ៨ ៖ ថ្ងៃ​ទី ១

ម៉ាកុស ៤-៥

សេចក្តីផ្តើម

ព្រះយេស៊ូវ​បាន​បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀបប្រដូច​នៅលើ​ឆ្នេរ​សមុទ្រ​កាលីឡេ ។ អំឡុងពេល​នៅ​លើ​សមុទ្រ ព្រះអង្គ​សង្គ្រោះ​បាន​រម្ងាប់​ព្យុះ​មួយ ហើយ​ពួកសិស្ស​របស់​ទ្រង់​មាន​ការណ៍អស្ចារ្យ​ចំពោះ​ព្រះចេស្តា​ទ្រង់​លើ​រឿង​នោះ ។ ព្រះយេស៊ូវ​បាន​សម្ដែង​ភាពឧត្តុង្គ​ឧត្តម​របស់​ទ្រង់​ឈ្នះ​លើ​ពួក​អារក្ស​ដោយ​ការ​បណ្ដេញ​វា​ចេញ​ពី​បុរស​ម្នាក់ ។ អំឡុងពេល​កំពុង​បម្រើ​នៅ​ស្រុក​កាពើណិម ទ្រង់​បាន​ព្យាបាល​ស្ត្រី​ម្នាក់​ដែល​មាន​ធ្លាក់​ឈាម ហើយ​បាន​ប្រោស​កូន​ស្រី​របស់​យ៉ៃរ៉ុស​ពី​ស្លាប់ ។

ម៉ាកុស ៤

ព្រះយេស៊ូវ​បង្រៀន​អំពី​នគរ​ព្រះ ដោយ​ប្រើ​រឿង​បៀបប្រដូច ព្រមទាំង​រម្ងាប់​ខ្យល់​ព្យុះ

រូបភាព
ធ្វើ​ឲ្យ​ព្យុះ​ស្ងប់

សូម​គិត​ពី​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ​ដែល​អ្នក​ធ្លាប់​ជួប ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក នឹង​ពិពណ៌នា​ពី​បទពិសោធន៍​របស់​អ្នក​ដល់​នរណា​ម្នាក់​ដែល​ពុំ​បាន​ឃើញ​ខ្យល់​ព្យុះ​នោះ ។

តើ​ខ្យល់​ព្យុះ​នោះ​វា​ដូច​នឹង​ឧបសគ្គ និង ការលំបាក​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ជីវិត​យ៉ាង​ដូចម្តេច​ ?

  1. សូម​ចម្លង​តារាង​ខាងក្រោម​ចូល​ទៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បន្ទាប់​មក​សូម​សរសេរ​ឧទាហរណ៍​មួយ​ចំនួន​អំពី​ព្យុះ​ខាង​រូបកាយ ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង ខាង​សង្គម​ដែល​យុវវ័យ​អាច​ជួប​ប្រទះ នៅក្នុង​ចន្លោះ​ខាង​ក្រោម​ពាក្យ​នីមួយៗ ។

រូបកាយ

វិញ្ញាណ

សតិអារម្មណ៍

សង្គម

នៅពេល​អ្នក​សិក្សា ម៉ាកុស ៤-៥សូមរក​មើល​គោលការណ៍​នានា​ដែល​អាច​ជួយ​អ្នក នៅពេល​អ្នក​ជួប​នឹង​ព្យុះនៃ​ជីវិត ។

នៅក្នុង ម៉ាកុស ៤:១-៣៤ យើង​អាន​ថា​អំឡុងពេល​នៅលើ​ឆ្នេរ​សមុទ្រ​កាលីឡេ នោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​រឿង​បៀបប្រដូច​ជាច្រើន​ដល់​ហ្វូង​មនុស្ស ។ ( មេរៀន​នេះ​ពុំ​បកស្រាយ​ពី​ខគម្ពីរ​ទាំងនេះ​ឡើយ ដោយសារ​អ្នក​បាន​សិក្សា​រឿងប្រៀប​ប្រដូច​នេះ​រួច​មក​ហើយ​នៅក្នុង ម៉ាថាយ ១៣) ។

សូម​អាន ម៉ាកុស ៤:៣៥–៣៨ដោយ​រក​មើល​បញ្ហា​អ្វីខ្លះ​បាន​កើតឡើង នៅពេល​ព្រះអង្គសង្គ្រោះ និង​ពួកសិស្ស​របស់​ទ្រង់​ឆ្លង​កាត់​សមុទ្រ​កាលីឡេ ។

រូបភាព
សមុទ្រ​កាលីឡេ

សមុទ្រ​កាលីឡេ​គឺ​មាន​ជម្រៅ ៧០០​ហ្វីត​ ( ២១៣ ម៉ែត្រ ) ពី​ផ្ទៃ​ទឹក​ខាង​លើ ហើយ​មាន​ភ្នំ​នៅព័ទ្ធ​ជុំវិញ​ជ្រុង​ទាំងបី ។​ ជួនកាល មាន​ខ្យល់បក់​សម្រុក​ចុះ​មកពី​លើ​ជម្រាល​ភ្នំ ហើយ​បង្កើត​បាន​ជា​ព្យុះ​យ៉ាង​ខ្លាំង​ក្នុង​មួយ​រំពេច​ភ្នែក​ដោយ​មាន​រលក​ធំៗ​នៅ​លើ​ផ្ទៃទឹក​ដ៏​តូច​នេះ ។ ពួក​សិស្ស​មួយ​ចំនួន​ធ្លាប់​ជា​អ្នក​នេសាទ​ត្រី ប៉ុន្តែ​ដោយ​សារតែ​ខ្យល់​ព្យុះ ដែល​ធ្វើ​ឲ្យ​មាន​រលក​បោកបក់​មក​លើ​ទូក « ពួកគេ​ពោរពេញ​ដោយ​ការភ័យ​ខ្លាច ហើយ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ៨:២៣ [ នៅក្នុង លូកា ៨:២៣ លេខយោង ] ) ។

ប្រសិន​បើ​អ្នក​បាន​នៅក្នុង​ទូក​នោះ​ជាមួយ​ព្រះយេស៊ូវ និង ពួក​កូនសិស្ស​ទាំង​នោះ​នៅក្នុង​ស្ថានភាព​នោះ តើ​គំនិត និង អារម្មណ៍​អ្វី​ខ្លះ​ដែល​អ្នក​អាច​មាន នៅពេល​អ្នក​បែរ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​ដើម្បី​បាន​ជំនួយ ហើយ​បែរ​ជា​ឃើញ​ទ្រង់​កំពុង​តែ​ផ្ទំ​ទៅវិញ​នោះ ?

សូម​អាន ម៉ាកុស ៤:៣៩–៤០រកមើល​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ការទូល​អង្វរ​សុំ​ជំនួយ​របស់​ពួកសិស្ស ។ អ្នក​អាច​គូស​ចំណាំ​ឃ្លា « ចូរ​ស្ងៀម​ទៅ » និង « ហើយ​ឈប់​ចុះ » (ម៉ាកុស ៤:៣៩) នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​ក៏​អាច​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ផងដែរ ៖ ប្រសិន​បើ​យើង​ស្វែងរក​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ​នៅគ្រា​មាន​បញ្ហា ឬ​ភ័យ​ខ្លាច ​ទ្រង់​អាច​នាំ​សេចក្ដីសុខសាន្ដ​មក​ដល់​យើង ។

សូម​សញ្ជឹងគិត​មួយ​សន្ទុះ​ពី​អត្ថន័យ​នៃ​ការស្វែង​រក​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងគ្រា​មាន​បញ្ហា និង ភ័យ​ខ្លាច ។ សូម​ពិចារណា​ពី​មធ្យោបាយ​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​កិច្ចការ​នេះ ។

សូម​អាន ម៉ាកុស ៤:៤១ដោយ​ស្វែងរក​អ្វី​ដែល​ពួក​សិស្ស​បាន​សួរ​ព្រះយេស៊ូវ ។ សូម​គិតពី​ការគូស​ចំណាំ​សំណួរ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ប្រសិនបើ​អ្នក​បាន​នៅ​ទីនោះ​ដើម្បី​ឆ្លើយ​សំណួរ​របស់​ពួក​សិស្ស តើ​អ្នក​នឹង​ប្រាប់​អ្វីខ្លះ​ដល់​ពួកគាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង ព្រះចេស្តា​របស់​ទ្រង់​ ?

តើ​ការចងចាំ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្តា​រម្ងាប់​ព្យុះ និង ប្រទាន​ភាពសុខសាន្ត អាច​ជះឥទ្ធិពល​លើ​សេចក្តី​ជំនឿ​របស់​អ្នក​អំឡុង​គ្រា​លំបាក​យ៉ាង​ដូចម្តេច ?

  1. សូម​អាន​ទំនុក​បទ ឬ ស្តាប់​ទំនុក​តម្កើង​បទ « លោក​គ្រូ​ខ្យល់​ព្យុះ​កំពុង​បោក​បក់ » (ទំនុកតម្កើង លេខ ៥៥ ) ហើយ​សញ្ជឹង​គិត​ពី​សារលិខិត​នោះ ។ សូម​គិត​ពីគ្រា​មួយ​នៅ​ពេល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ងាក​ទៅរក​ព្រះអម្ចាស់​អំឡុង​ពេល​មាន​ព្យុះ​ក្នុង​ជីវិត ។ តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​រម្ងាប់ ឬ ប្រទាន​ភាព​សុខសាន្ត​តាម​របៀប​ណា​ខ្លះ ?​ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពី​រ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ស្វែង​រក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​អំឡុង​គ្រាលំបាក​នានា​នៅក្នុង​ជីវិត​អ្នក ។

ម៉ាកុស ៥:១-២០

ព្រះយេស៊ូវ​ព្យាបាល​បុរស​ម្នាក់​ដោយ​ការ​បណ្ដេញ​អារក្ស​ចេញ​ពី​គាត់

ម៉ាកុស ៥:១-១៨ បាន​កត់ត្រា​ថា ព្រះយេស៊ូវ​បាន​ព្យាបាល​បុរស​ម្នាក់​ដែល​មាន​ពេញ​ដោយ​វិញ្ញាណ « អសោច » ឬ​វិញ្ញាណ​អារក្ស ។ បន្ទាប់ពី​វិញ្ញាណ​អសោច​ទាំងនោះ​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​បុរស​នោះ​ហើយ នោះ​ពួកវា​បាន​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក បន្ទាប់មក​រត់​បោល​យ៉ាង​លឿន​ធ្លាក់​ច្រាំង​ចូល​សមុទ្រ​អស់​ទៅ ។ បន្ទាប់​ពី​គាត់​បាន​ជាសះ​ស្បើយ បុរស​នោះ​បាន​ចង់​បន្ត​នៅ​ជាមួយ​ព្រះយេស៊ូវ ។

សូម​អាន ម៉ាកុស ៥:១៩-២០ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បានត្រាស់​បង្គាប់​ឲ្យ​បុរស​នោះ​ធ្វើ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​រឿង​នេះ​គឺ​ថា នៅពេល​យើង​មាន​បទពិសោធន៍​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់​យើង នោះ​យើង​អាច​ថ្លែង​ទីបន្ទាល់​ទៅដល់​អ្នកដទៃ​អំពី​ពរជ័យ និង​ក្ដីមេត្តា​ករុណា​របស់​ទ្រង់ ។ ប៉ុន្តែ ប្រសិន​បើ​បទពិសោធន៍​នោះ​វា​ពិសិដ្ឋ​ពេក អ្នក​គួរតែ​កុំ​ចែកចាយ​វា​ឡើយ លុះត្រា​ណា​អ្នក​ត្រូវបាន​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ចែកចាយ​វា ។

សូម​សញ្ជឹង​គិត​ពី​របៀប ឬ នរណា​ដែល​អ្នក​អាច​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ និង ក្តីមេត្តា​កុរណា​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​អ្នក ។

ម៉ាកុស ៥:២១-៤៣

ព្រះយេស៊ូវ​បាន​ព្យាបាល​ស្ត្រី​ម្នាក់​ដែល​មាន​ធ្លាក់ឈាម ហើយ​បាន​ប្រោស​កូន​ស្រី​របស់​យ៉ៃរ៉ុស​ពី​ស្លាប់

អែលឌើរ សាយអាន អែម បូវែន នៃ​ពួក​ចិតសិប​បាន​ប្រាប់​ពី​បទពិសោធន៍​ឈឺចាប់​មួយ​នៅក្នុង​ជីវិត​គ្រួសារ​របស់​លោក ៖

រូបភាព
អែលឌើរ សាយអាន អែម បូវែន

« នៅ​ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ១៩៩០ កូន​ប្រុស​ទីបី និង​ជាកូន​ទីប្រាំ​មួយ​របស់​យើង​បាន​កើត​មក ។ យើង​បាន​ដាក់​ឈ្មោះ​គាត់​ថា​ថៃសុន ។ …

« ពេល​ថៃសុន​មាន​អាយុ​ប្រាំបីខែ គាត់​បាន​ហឺត [ ហឺត​ចូល ] ដី-ស​មួយ​ដុំ​ដែល​គាត់​បាន​ឃើញ​នៅ​លើ​កម្រាល​ព្រំ ។ ដី-សនោះ​បាន​ស្ទះ​នៅ​បំពង់-ក​របស់​ថៃសុន ហើយ​គាត់​លែង​ដក​ដង្ហើម​រួច ។ បងប្រុស​របស់​គាត់​បាន​នាំ​ថៃសុន ឡើង​លើផ្ទះ​ស្រែក​ដោយ​រញ្ជួល​ចិត្ត​ថា ‹ ប្អូនតូច​ឥត​ដកដង្ហើមទេ › ។ ប្អូន​តូច​ឥតដក​ដង្ហើម​ទេ › ។ យើង​បាន​ចាប់​ផ្ដើម​ធ្វើ​ចលនា ហើយ​ទូរសព្ទ​ទៅលេខ​៩១១ ។

« វេជ្ជបណ្ឌិត​ជំនួយ​បាន​មកដល់ ហើយ​បាន​ប្រញាប់​នាំ​ថៃសុន​ទៅ​មន្ទីរពេទ្យ ។ នៅ​បន្ទប់​រង់ចាំ យើង​បាន​បន្ដ​អធិស្ឋាន​យ៉ាង​ខ្លាំង នៅពេលយើង​ទូលអង្វរ​ដល់ព្រះ​សុំឲ្យ​មាន​អព្ភូតហេតុ ។ មួយ​សន្ទុះធំ​ក្រោយ​មក វេជ្ជបណ្ឌិត​បាន​ចូលមក​ក្នុង​បន្ទប់ ហើយ​និយាយ​ថា ‹ ខ្ញុំ​សូម​សោកស្ដាយ ។ យើង​ពុំ​អាច​ជួយ​អ្វី​បាន​ឡើយ ។ សូម​ចំណាយ​ពេល​តាម​ដែល​អ្នក​ត្រូវការ​ចុះ › ។ បន្ទាប់មក​គាត់​ក៏​ចាកចេញ​ទៅ » (« Because I Live, Ye Shall Live Also » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១៦ ) ។

ប្រសិនបើ​ថៃសុន​ជា​ប្អូន​របស់​អ្នក តើ​អ្នក​គិត ឬ មាន​អារម្មណ៍​បែប​ណា​នៅគ្រា​នោះ ?

តើ​បទពិសោធន៍​មួយ​នេះ សាកល្បង​ដល់​សេចក្ដី​ជំនឿ​របស់​មនុស្ស​ម្នាក់​យ៉ាង​ដូចម្ដេច ?

សូម​អាន ម៉ាកុស ៥:២១–២៤រកមើល​របៀប​ដែល​មេ​សាសន៍​យូដា​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស បាន​ជួប​នឹង​ឧបសគ្គ​ស្រដៀង​គ្នា​នេះ ដែល​អាច​នឹង​សាកល្បង​សេចក្ដី​ជំនឿ​របស់​លោក ។

សូម​អាន ម៉ាកុស ៥:២៥-២៦រកមើល​ថា​នរណា​បាន​នៅ​ក្នុង​ចំណោម​បណ្តា​ជន​ដែល​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​រក​ផ្ទះ​របស់​យ៉ៃរ៉ុស ។

ទោះបី​ជា​ដំណើរ​រឿង​ទាំងឡាយ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ពុំ​កំណត់​ពី​លក្ខណៈជាក់ស្ដែង​នៃ « ការ​ធ្លាក់ឈាម » (ម៉ាកុស ៥:២៥) ឬ ការហូរ​ឈាម​របស់​ស្ត្រី​នោះ​ក្ដី ក៏​យើង​ដឹង​ថា​វា​គឺ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ស្ត្រី​រូប​នោះ ។ បន្ថែម​ពីលើ​នោះ នៅក្រោម​ក្រឹត្យវិន័យ​លោក​ម៉ូសេ មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់ឈាម គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ពុំ​ស្អាតស្អំ​តាម​តម្រា ( សូមមើល លេវីវិន័យ ១៥:១៩-៣៣) ។ រឿង​នេះ​ទំនង​ជា​មាន​ន័យ​ថា ស្ត្រី​ម្នាក់​នេះ​ត្រូវ​បាន​គេ​ស្អប់ ហើយ​ពុំ​មាន​គេ​រាប់រក​អំឡុង​ពេល ១២​ឆ្នាំ​ដែល​គាត់​មាន​ជំងឺ ។ ភាពអស់​សង្ឃឹម​ដែល​គាត់​មាន​អំពី​ស្ថានភាព​របស់​គាត់ គឺ​ជា​ភស្ដុតាង​នៅក្នុង​ភាពពិត​ដែល​ថា គាត់ « បាន​ចំណាយ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន » (ម៉ាកុស ៥:២៦) ស្វែងរក​ការ​ព្យាបាល​ពី​គ្រូពេទ្យ ។

សូម​អាន ម៉ាកុស ៥:២៧–៣៤រក​មើល​នូវ​អ្វី​ដែល​ស្ត្រី​ម្នាក់នេះ​បាន​ធ្វើ​ដើម្បី​ទទួល​បាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ ។ ឃ្លា​ថា « ចូល​មក​ក្នុង​ហ្វូង​មនុស្ស​ពី​ក្រោយ » (ម៉ាកុស ៥:២៧) សំដៅ​លើ​ការពុះពារ​ឆ្លងកាត់​ហ្វូង​មនុស្ស​ដើម្បី​គាត់​អាច​ពាល់​ព្រះពស្ត្រ​របស់​ព្រះយេស៊ូវ ( ឬ សម្លៀក​បំពាក់​របស់​ទ្រង់​ ) ។ ពាក្យ ព្រះចេស្តា នៅក្នុង ខ​ទី ៣០ មាន​ន័យ​ថា « អំណាច » ឬ « កម្លាំង » ។

ចេញពី​ដំណើរ​រឿង​នៃ​បទពិសោធន៍​របស់​ស្ត្រី​នេះ យើង​អាច​រៀន​ថា ប្រសិនបើ​យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការខិតខំ​របស់​យើង​ដើម្បី​មក​រក​ទ្រង់ នោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​បាន​ជា​សះស្បើយ ។

វា​សំខាន់​ដើម្បី​ចាំ​ថា ការ​បាន​ជា​សះស្បើយ​ពី​ជំងឺ​នានា​របស់​យើង តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ពុំ​អាស្រ័យ​តែ​លើ​ការ​ខិតខំ​របស់​យើង​ដើម្បី​មក​រក​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​តាម​ពេលវេលា និង ព្រះទ័យ​របស់​ព្រះ​ផងដែរ គឺ​ដូច​ជា​ស្ត្រី​ដែល​បាន​ពាល់​ព្រះពស្ត្រ​របស់​ព្រះយេស៊ូវ​ដែរ ។

សូម​ពិចារណា​ថា ខណៈ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ បាន​ឈប់​ដើម្បី​ជួយ​ស្ត្រី​ដែល​ធ្លាក់​ឈាម​នោះ យ៉ៃរ៉ុស​ទំនង​ដូច​ជា​រង់ចាំ​ព្រះអង្គ​សង្គ្រោះ​យ៉ាង​អន្ទះសា​ឲ្យ​ទៅ​ជាមួយ​គាត់ ហើយ​ជួយ​កូន​ស្រី​របស់​គាត់ ។

សូម​អាន ម៉ាកុស ៥:៣៥រក​មើល​នូវ​សារលិខិត​ដែល​បាន​ប្រទាន​ឲ្យ​យ៉ៃរ៉ុស នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​ឈប់​ដើម្បី​ជួយ​ដល់​ស្ត្រី​រូប​នេះ ។

ប្រសិន​បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​យ៉ៃរ៉ុស តើ​អ្នក​អាច​មាន​គំនិត និង​អារម្មណ៍​បែប​ណា​នៅគ្រា​នោះ ?

សូម​អាន ម៉ាកុស ៥:៣៦រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល ដើម្បី​លើក​ស្ទួយ​ជំនឿ​របស់​យ៉ៃរ៉ុស ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

ចេញ​ពី​រឿង​នេះ​យើង​អាច​រៀន​ថា ការអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ តម្រូវ​ឲ្យ​យើង​បន្ដ​ជឿ​ទៅលើ​ទ្រង់​ទោះជា​នៅគ្រា​ដែល​គ្មាន​ភាព​ពិតប្រាកដ​ក្ដី ។

សូម​ពិចារណា​ទៅ​លើ​សំណួរ​ខាងក្រោម​នេះ ៖ តើ​យើង​អាច​អនុវត្ត​គោលការណ៍​នេះ នៅក្នុង​ជីវិត​របស់​យើង​តាម​វិធី​ណា​ខ្លះ ? តើ​អ្នក​គិត​ថា ហេតុអ្វី​ព្រះ​សាកល្បង សេចក្តីជំនឿ របស់​យើង​ជា​ច្រើន​គ្រា ?

សូម​អាន ម៉ាកុស ៥:៣៧–៤៣រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ កូនស្រីរបស់​យ៉ៃរ៉ុស ។ សូម​កត់ចំណាំ​ថា អស់​អ្នក​ដែល « សើច​ឡក​ឲ្យ [ ព្រះយេស៊ូវ ] » (ម៉ាកុស ៥:៤០) គឺ​ជា « ពួក​អ្នក​ផ្លុំ​ខ្លុយ និង​មនុស្ស​សន្ធឹក​កំពុង​តែ​ឆោឡោ » ( សូមមើល ម៉ាថាយ ៩:២៣–២៤) ពុំមែន ពេត្រុស យ៉ាកុប យ៉ូហាន ឬ ឪពុក​ម្ដាយ​របស់​ក្មេង​ស្ត្រី​នោះ​ឡើយ ។

រូបភាព
ព្រះយេស៊ូវ​ប្រទាន​ពរ​ដល់​កូនស្រី​របស់​យ៉ៃរ៉ុស

ព្រះយេស៊ូវ​បាន​ប្រោស​កូន​ស្រីរបស់​យ៉ៃរ៉ុស​ពី​ស្លាប់ ។

ពេល​ខ្លះ​ព្រះអង្គ​សង្គ្រោះ​រម្ងាប់​ព្យុះ​នៅក្នុង​ជីវិត​របស់​យើង​តាមរយៈ​ការ​ដក​នូវ​ការ​លំបាក ឬ​ការ​ភ័យខ្លាច​ដែល​យើង​ជួប​ប្រទះ​នោះ​ចេញ ។ នៅគ្រា​ខ្លះទៀត ទ្រង់​អាច​នឹង​មិន​ដក​ការសាកល្បង​របស់​យើង​ចេញ​ទេ ដូច​បាន​បង្ហាញ​នៅ​ក្នុង​ដំណើរ​រឿង​របស់​អែលឌើរ បូវែន អំពី​ការ​ស្លាប់​កូនប្រុស​របស់​គាត់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​យើង​បន្ត​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ទោះបី​ជា​នៅ​ពេល​យើង​មាន​អារម្មណ៍​ពុំ​ប្រាកដ​ប្រជា នោះ​ទ្រង់​នឹង​ប្រទាន​ភាព​សុខសាន្ដ​ដល់​យើង​អំឡុង​ពេល​ឧបសគ្គ​របស់​យើង ។

សូម​អាន​ទីបន្ទាល់​ខាង​ក្រោម​នេះ​ដែល​អែលឌើរ បូវែន បាន​ចែកចាយ ហើយ​សូម​ពិចារណា​ពី​របៀប​ដែល​យើង​អាច​រក្សា​សេចក្តី​ជំនឿ​របស់​យើង ទោះបី​ជា​លទ្ធផល​នៃ​ការសាកល្បង​របស់​យើង​យ៉ា​ងណា​ក៏​ដោយ ៖

« នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ដឹង​ថា កំហុស កំហឹង និង ការអាណិត​ខ្លួន កំពុង​ព្យាយាម​គ្របដណ្ដប់​មក​លើ​ខ្ញុំ នោះ​ខ្ញុំ​បាន​អធិស្ឋាន​សុំ​ឲ្យ​ដួងចិត្ត​របស់​ខ្ញុំ​ឲ្យ​បានផ្លាស់ប្ដូរ ។ តាមរយៈ​បទពិសោធន៍​ដ៏​ពិសិដ្ឋ​ផ្ទាល់​ខ្លួន​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ដួងចិត្ត​ថ្មី​ដល់​ខ្ញុំ ហើយ​ទោះ​ជា​វា​នៅតែ​មាន​ភាព​ឯកោ និង ឈឺចាប់​ក្ដី ក៏​ទស្សនៈ​របស់​ខ្ញុំ​ទាំងមូល​បាន​ផ្លាស់ប្ដូរ​ដែរ ។ ខ្ញុំ​បាន​ឲ្យ​ដឹង​ថា ខ្ញុំ​ពុំ​ត្រូវ​បាន​បាត់បង់​ទេ ប៉ុន្តែ​មាន​ពរជ័យ​ដ៏​អស្ចារ្យ​មួយ កំពុង​រង់ចាំ​ខ្ញុំ បើ​ខ្ញុំ​បង្ហាញ​ថា​ខ្លួន​ខ្ញុំ​ស្មោះត្រង់ ។ …

« ខ្ញុំ​ថ្លែងទីបន្ទាល់ … ថា ‹ នៅពេល​យើង​ពឹងផ្អែក​ទៅ​លើ​ដង្វាយធួន​របស់ ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​ការសាកល្បង ជំងឺ និង ការឈឺចាប់​របស់​យើង ។ យើង​អាច​ពេញ​ដោយ​អំណរ ភាពសុខសាន្ដ និង ការលួងលោមចិត្ត ។ អ្វីៗ​ទាំងអស់​ដែល​អយុត្តិធម៌​នៅក្នុង​ជីវិត​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​តាមរយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ › [ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ) ទំព័រ ៥២ ] (« Because I Live, Ye Shall Live » ទំព័រ ១៧ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅ​ពេល​ណា ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​រក្សា​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​ពេល​ការសាកល្បង និង គ្រា​ពុំ​ប្រាកដ​ប្រជា ?

    2. តើ​ពរជ័យ​អ្វីខ្លះ​ដែល​កើត​មាន​ដោយសារ​តែ​ការបន្ត​ស្មោះត្រង់​នោះ ? ( អ្នក​អាច​ត្រឡប់​ទៅ​តារាង​ដែល​អ្នក​បាន​គូរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅដើម​នៃ​មេរៀន​នេះ ហើយ​សរសេរ​ប្រយោគ​ពីរបី​ដែល​ពិព៌ណនា​ពី​របៀប​ដែល ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អ្នក​អំឡុង​ពេល​នៃ​ការសាកល្បង​ទាក់ទង​នឹង​ពាក្យ​និមួយៗ​នោះ—​ខាង​រូបកាយ ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង ខាង​សង្គម ) ។

  2. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាកុស ៤-៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖