បណ្ណាល័យ
មេរៀន​ទី ៨ ថ្ងៃ​ទី ២ ៖ ម៉ាកុស ៦-៨


មេរៀន​ទី ៨ ៖ ថ្ងៃ​ទី ២

ម៉ាកុស ៦-៨

សេចក្តីផ្តើម

ព្រះយេស៊ូវ​ត្រូវ​បានគេ​បដិសេធ​នៅក្នុង​ស្រុក​កំណើត​របស់​ទ្រង់​ស្រុក​ណាសារ៉ែត ។ ទ្រង់​បាន​បញ្ជូន​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ផ្សាយ​ដំណឹងល្អ ។ យ៉ូហាន បាទីស្ទ ត្រូវ​បាន​សម្លាប់​តាម​ការបញ្ជា​របស់​ហេរ៉ូឌ អាន់ទីប៉ាស ។ ព្រះយេស៊ូវ​បាន​ប្រទាន​ចំណី​អាហារ​ដល់​ប្រជាជន​ជាង​៥០០០​នាក់​ដោយ​អព្ភូតហេតុ បាន​ដើរ​លើ​ទឹក បាន​រម្ងាប់​ព្យុះ ហើយ​បាន​ព្យាបាល​អ្នក​ឈឺ ។ បន្ទាប់មក​ទ្រង់​បាន​ព្យាបាល​កុមារ​ម្នាក់​ដែល​មាន​អារក្ស​ចូល​ដោយ​ក្ដីមេត្តា​ករុណា ក៏​ដូចជា​បុរស​ម្នាក់​ដែល​ថ្លង់ ហើយ​ពុំ​អាច​និយាយ​បាន​ផងដែរ ។ ទ្រង់​បាន​ប្រទាន​ចំណី​អាហារ​ដល់​ប្រជាជន​ចំនួន​៤០០០​នាក់​នៅ​ជិត​នឹង​សមុទ្រ​កាលីឡេ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេតសៃដា ជា​កន្លែង​ដែល​ទ្រង់​បាន​ព្យាបាល​បុរស​ខ្វាក់​ជា​យូរ​មក​ហើយ​ម្នាក់ ។

ម៉ាកុស ៦:១-៤៤

ព្រះយេស៊ូវ​ត្រូវ​បាន​គេ​បដិសេធ​នៅ​ស្រុក​ណា​សារ៉ែត ហើយ​បាន​បញ្ជូន​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ចេញ​ទៅ​ផ្សាយ ការ​ស្លាប់​របស់​យ៉ូហាន​បាទីស្ទ​ត្រូវ​បាន​តំណាល​ប្រាប់ ព្រះយេស៊ូវ​បាន​ប្រទាន​ចំណី​អាហារ​ដល់​ប្រជាជន​ច្រើន​ជាង ៥០០០​នាក់​ដោយ​អព្ភូតហេតុ

សូម​ពិចារណា​ពី​ស្ថានភាព​ខាងក្រោម ៖ អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ទើប​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ថ្មី​ម្នាក់ មាន​អារម្មណ៍​ភ័យ​យ៉ាង​ខ្លាំង​អំពី​ការ​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​បេសកកម្ម ។ គាត់​ពុំ​សូវ​ចេះ​និយាយ​បាន​ល្អ ហើយ​មាន​ការ​លំបាក​ក្នុង​ការរស់នៅ​ជា​លក្ខណៈ​សង្គម ។

តើ​អ្នក​នឹង​ប្រាប់​យុវជន ឬ យុវនារី​រូប​នេះ​អ្វី​ខ្លះ ?

នៅពេល​អ្នក​សិក្សា ម៉ាកុស ៦សូម​រកមើល​គោលការណ៍​មួយ​ដែល​ជួយ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​រូបនេះ និង​យើង​ទាំងអស់​គ្នា ពេល​យើង​មាន​អារម្មណ៍​ថា​មិន​ល្អ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​យើង​ធ្វើ​នោះ ។

ម៉ាកុស ៦:១-១៣ ប្រាប់​ពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ត្រូវបាន​បដិសេធ​នៅក្នុង​ស្រុក​កំណើត​របស់​ទ្រង់​គឺ​ណាសារ៉ែត ។ ( ការណ៍​នេះ​នឹង​មាន​បង្រៀន​យ៉ាង​ល្អិតល្អន់​នៅពេល​អ្នក​សិក្សា លូកា ៤:១៤–៣០) ។ អំឡុង​ពេល​នៅ​ទីនោះ ទ្រង់​បាន​បញ្ជូន​ពួក​សាវក​ដប់ពីរ​នាក់​ឲ្យ​ចេញទៅ​ពីរៗ​នាក់ ដើម្បី​ផ្សាយ​ដំណឹងល្អ ។ ខណៈ​កំពុង​ផ្សាយ​ដំណឹងល្អ នោះ​ពួកគេ​ក៏​បាន​បណ្ដេញ​អារក្ស ហើយ​ព្យាបាល​អ្នកឈឺ​ផងដែរ ។ ម៉ាកុស​ក៏​បាន​ថ្លែង​ផងដែរ​ថា​សាវក​របស់​ព្រះអង្គ​សង្គ្រោះ​បាន​លាប​ប្រេង​តាំង​ដល់​អ្នក​ឈឺ ។

រូបភាព
បុរស​ដាក់ដៃ​លើ​ក្បាល​របស់​គាត់

នៅពេល​ហេរ៉ូឌ អាន់ទីប៉ាស​ស្ដាប់​ឮ​អំពី​អព្ភូតហេតុ​ជា​ច្រើន ដែល​ព្រះយេស៊ូវ​បាន​ធ្វើ នោះ​ទ្រង់​ភ័យ​ខ្លាច​ថា​យ៉ូហាន​បាទីស្ទ​នឹង​បាន​រស់​ឡើង​វិញ​ពី​ស្លាប់ ហើយ​ធ្វើ​អព្ភូតហេតុ​ទាំងនេះ ( សូមមើល ម៉ាកុស ៦:១៤) ។ ( យើង​រៀន​នៅក្នុង ម៉ាកុស ៦:១៧–២៩ ថា​ហេរ៉ូឌ​បាន​ឲ្យ​គេ​កាត់​ក្បាល​របស់​យ៉ូហាន បាទីស្ទ​ដើម្បី​បំពេញ​ចិត្ត​ភរិយា​របស់​ទ្រង់ ) ។

ម៉ាកុស ៦:៣០–៣៣ ថ្លែង​ថា​ពួក​សាវក​ដប់ពីរ​នាក់​បាន​ត្រឡប់​មក​ពី​បង្រៀន​ដំណឹង​ល្អ​វិញ ហើយ​ព្រះយេស៊ូវ និង សាវក​បាន​ជិះ​ទូក​មួយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​មួយ ដែល​ពួកគេ​អាច​នៅ​តែ​ឯង ហើយ​សម្រាក ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ប្រជាជន​មក​ពី​ស្រុកជិត​ខាង​ជាច្រើន​បានធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះយេស៊ូវ​នឹង​ចុះចត ហើយ​កំពុង​រង់ចាំ​ទ្រង់​ពេល​ទ្រង់​យាង​មក​ដល់ ។

សូម​អាន ម៉ាកុស ៦:៣៤រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ឆ្លើយ​តប​ចំពោះ​ហ្វូង​មនុស្ស ទោះបី​ជា​ទ្រង់ និង ពួកសិស្ស​របស់​ទ្រង់​ព្យាយាម​នៅតែ​ឯង ហើយ​សម្រាក​ក៏​ដោយ ។

សូម​សញ្ជឹងគិត​ពី​បទពិសោធន៍​មួយ នៅពេល​អ្នក​បាន​ឃើញ​គំរូ​របស់​បុគ្គល​ម្នាក់​នៅ​សម័យ​ទំនើប​នេះ ដែល​លះបង់​ពេលវេលា​ផ្ទាល់​ខ្លួន​ដើម្បី​បម្រើ​មនុស្ស​ដទៃ​ដូច​ជា​ព្រះយេស៊ូវ​បាន​ធ្វើ ។

បន្ទាប់ពី​ការ​បង្រៀន​ដល់​ហ្វូង​មនុស្ស​ពេញ​មួយ​ថ្ងៃ​មក ព្រះអង្គ​សង្គ្រោះ​បាន​សម្ដែង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ ។ សូម​អាន ម៉ាកុស ៦:៣៥-៤៤ និង ម៉ាថាយ ១៤:១៨ហើយ​ដាក់​លេខ​ព្រឹត្តការណ៍​ខាងក្រោម​នេះ​តាម​លំដាប់​កាលប្រវត្តិ ។ ( ចម្លើយ​ មាន​នៅ​ខាង​ចុង​នៃ​មេរៀន​នេះ ) ។

  • ព្រះអង្គសង្គ្រោះ​បាន​ចម្រើន​ឲ្យ​កាន់តែ​ច្រើន​ឡើង​នូវ​អ្វី​ដែល​ពួកសិស្ស​បាន​យក​មក បាន​បំពេញ​តម្រូវការ ហើយ​នៅសល់ហួស​ពី​អ្វី​ដែល​ត្រូវ​ការ​ទៀត​ផង ។

  • ពួកសិស្ស​បាន​និយាយ​ថា ពួកគេ​មាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ ។

  • ពួក​សិស្ស​បាន​ស្នើ​សុំ​ថា​ឲ្យ​មនុស្ស​ចេញ​ទៅ​រក​ទិញ​អាហារ ។

  • ព្រះអង្គសង្គ្រោះ​បាន​សួរ​ថា​តើ​ពួក​សិស្ស​អាច​ផ្គត់ផ្គង់​អ្វីខ្លះ ។

  • ព្រះអង្គសង្គ្រោះ​បាន​ប្រាប់​ពួកសិស្ស​ឲ្យ​ផ្ដល់​អាហារ​ដល់​ប្រជាជន ។

  • ហ្វូង​មនុស្ស​ទាំងនោះ គ្មាន​អ្វី​បរិភោគ​ទេ ។

  • ព្រះអង្គសង្គ្រោះ​បាន​សុំ​ឲ្យ​ពួក​សិស្ស​ថ្វាយ​អ្វី​ដែល​ពួកគេ​មាន ។

អត្ថបទ​ជា​ភាសា​ក្រិក​នៃ ម៉ាកុស ៦:៤៤ បាន​ប្រាប់​យ៉ាង​ច្បាស់​នូវ​ឃ្លា​ថា « ប្រុសៗ​៥​ពាន់​នាក់ » មាន​ន័យ​ថា​ជា​បុរស​ពេញ​វ័យ​ចំនួន​ប្រាំ​ពាន់​នាក់ ។ ដូច្នេះ​ចំនួន​មនុស្ស​ដែល​បាន​ទទួល​ចំណី​អាហារ គឺ​មាន​ច្រើន​ជាង​នោះ ដោយ​គិត​ពី​វត្តមាន​របស់​ស្ត្រី និង​កុមារ​ផងនោះ ( សូមមើល ម៉ាថាយ ១៤:២១) ។

សូម​កត់ចំណាំ​ថា ពីមុន​ធ្វើ​អព្ភូតហេតុ​នេះ ដំបូង​ឡើយ​ព្រះអង្គសង្គ្រោះ​បាន​សុំ​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ថ្វាយ​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ—នោះ​ជា​អ្វី​ទាំងអស់​ដែល​ពួកគេ​មាន—ថ្វាយទ្រង់ ។ ព្រះអង្គសង្គ្រោះ​បាន​បង្កើន​អាហារ​នេះ​ដើម្បី​ផ្តល់​អាហារ​ដល់​ហ្វូង​មនុស្ស ។

រូបភាព
ហ្វូង​មនុស្ស​ដ៏ច្រើន​នៅ​ជើង​ភ្នំ

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​ដំណើររឿង​នេះ​គឺ​ថា នៅពេល​យើង​ថ្វាយ​ព្រះអង្គសង្គ្រោះ​នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​មាន នោះ​ទ្រង់​អាច​តម្កើង​ការ​ថ្វាយ​របស់​យើង​ដើម្បី​សម្រេច​ព្រះរាជបំណង​របស់​ទ្រង់ ។

ទន្ទឹម​នឹង​ពេល​ដែល​ព្រះអង្គសង្គ្រោះ ពុំ​បាន​ស្នើសុំ​ឲ្យ​យើងយក​អាហារ​ទាំងអស់​ដែល​យើង​មាន​មក​ថ្វាយ​ទ្រង់ នោះ​ទ្រង់​ពិត​ជា​បាន​អញ្ជើញ​អស់​អ្នក​ដែល​ព្យាយាម​ដើម្បី​សម្រេច​បាន​ព្រះ​រាជ​បំណង​របស់​ទ្រង់​ដើម្បី​ថ្វាយ​ដល់​ទ្រង់​នូវ​បំណង​ប្រាថ្នា លទ្ធភាព ទេពកោសល្យ ជំនាញ កម្លាំង អំណោយទាន និង​កិច្ចខិតខំ​ទាំងអស់​របស់​ពួកគេ ( សូមមើល នីហ្វៃទី ២ ២៥:២៩, អោមណៃ ១:២៦) ។

  1. សូម​ពិចារណា​ម្តង​ទៀត​ពី​ស្ថានភាព​នៃ​ការភ័យខ្លាច​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មីថ្មោង​ដែល​បាន​និយាយ​ពីមុន​នេះ ហើយ​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​នេះ ដាក់​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ផ្អែក​លើ​គោលការណ៍​ខាង​លើ តើ​អ្នក​គិតថា​អ្នក​ផ្សព្វផ្សាយ​សាសនា​រូប​នេះ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ថ្វាយ​អ្វីៗ​ទាំងអស់​របស់​ខ្លួន​ដល់​ព្រះអង្គ​សង្គ្រោះ​នោះ ? តើ​អ្នក​គិត​ថា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​អ្វី​ខ្លះ ?

    2. តើ​ស្ថានភាព​អ្វី​ខ្លះ​ទៀត ដែល​សមាជិក​វ័យ​ក្មេង​នៃ​សាសនាចក្រ​ម្នាក់​អាច​ជួបប្រទះ ដែល​ការដឹង​អំពី​គោលការណ៍​នេះ​នឹង​មាន​ប្រយោជន៍​ដល់​គាត់ ?

    3. តើ​ព្រះអម្ចាស់​បាន​តម្កើង​កិច្ចខិតខំ​របស់​អ្នក ឲ្យ​សម្រេច​នូវ​គោលបំណង​ទ្រង់​ដោយ​របៀប​ណា ?

ម៉ាកុស ៦:៤៥-៥៦

ព្រះយេស៊ូវ​យាង​ដើរ​នៅលើ​ទឹក ហើយ​បាន​ព្យាបាល​អ្នក​ឈឺ

ម៉ាកុស ៦:៤៥-៥៦ ប្រាប់​ថា បន្ទាប់ពី​បាន​ប្រទាន​ចំណី​អាហារ​ដល់​មនុស្ស​៥០០០​នាក់​រួច​ហើយ ព្រះយេស៊ូវ​បាន​ណែនាំ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ចូល​ទៅ​ក្នុង​ទូក ហើយ​បាន​ជិះ​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​សមុទ្រ​កាលីឡេ ។ បន្ទាប់មក​ទ្រង់​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅវិញ ហើយ​ទ្រង់​បាន​យាង​ទៅ​អធិស្ឋាន​នៅ​លើ​ភ្នំ ។ អំឡុង​ពេល​យប់​នោះ មានព្យុះ​មួយ​កើតឡើង ហើយ​ព្រះអង្គ​សង្គ្រោះ​បាន​ទត​មើល​មកពី​លើ​ភ្នំ​មួយ ខណៈ​ដែល​ពួកសិស្ស​របស់​ទ្រង់​កំពុង​ពុះពារ​ទប់ទល់​នឹង​ខ្យល់ ។ ក្រោយ​មក​ទ្រង់​បាន​យាង​លើ​ទឹក ហើយ​បាន​រម្ងាប់​ព្យុះ ។ ព័ត៌មាន​នៅក្នុង​ខគម្ពីរ​ទាំង​នេះ​ត្រូវ​បាន​ប្រាប់​កាល​ពីមុន យ៉ាង​ល្អិតល្អន់​រួច​មក​ហើយ​អំឡុង​ពេល​ការសិក្សា​របស់​អ្នក​នៅក្នុង ម៉ាថាយ ១៤

ម៉ាកុស ៧:១-៨:២១

ព្រះយេស៊ូវ​បន្ទោស​ពួក​ផារិស៊ី ព្យាបាល​អ្នក​ជំងឺ ហើយ​បាន​ផ្តល់​ចំណី​អាហារ​ដល់​មនុស្ស ៤០០០​នាក់

នៅពេល​អ្នក​សិក្សា ម៉ាកុស ៧-៨សូម​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បង្រៀន​យើង​ឲ្យ​ធ្វើ នៅពេល​យើង​ឃើញ​នរណា​ម្នាក់​មាន​ការខ្វះខាត ។

នៅក្នុង ម៉ាកុស ៧:១–២៣ យើង​អាន​ថា​ព្រះអង្គ​សង្គ្រោះ​បាន​ស្តីបន្ទោស​ពួក​ផារិស៊ី​ចំពោះ​សណ្តាប់​ខុស​ឆ្គង​មួយ​ចំនួន ហើយ​ទ្រង់​បាន​បង្រៀន​ពួកគេ និង ពួក​សិស្ស​របស់​ទ្រង់​ថា​វា « នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត » (ម៉ាកុស ៧:២១) ដែល​គំនិត និង ទង្វើ​អាក្រក់​ចាប់ផ្តើម​ចេញ​មក ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​នោះ​ស្មោកគ្រោក​វិញ ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ពី « សណ្តាប់​បុរាណ​របស់​ពួក​ចាស់ទុំ » (ម៉ាកុស ៧:៥) ដូច​តទៅ​នេះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« ពិធីបរិសុទ្ធ និង ការបកប្រែ​នៃ​អ្នក​ដឹកនាំ​សាសនា ត្រូវបាន​បន្ថែម​ទៅក្នុង​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ដោយ​ពួក​អាចារ្យ និង គ្រូបង្រៀន​អស់​កាល​ជា​ច្រើន ។ សណ្តាប់​ទាំង​នេះ​ត្រូវបាន​ចាត់​ទុក​ថា​ពិតប្រាកដ និង ជា​ផ្លូវការ នឹង​កាន់តែ​សំខាន់ ហើយ​មាន​ចំណង​កាន់តែ​រឹងមាំ​ជាង​ក្រឹត្យវិន័យ​ផ្ទាល់​ទៅ​ទៀត ។ ក្នុង​ចំណោម​នោះ ដូច​ដែល​គួរតែ​ត្រូវបាន​ការពារ​ប្រឆាំង​នឹង​ពិធី​ស្មោកគ្រោក​នានា វា​គឺ​ជា​ពិធី​នៃ​ការលាង​ជម្រះ​ដែល​ព្រះយេស៊ូវ និង ពួកសិស្ស​របស់​ទ្រង់​មិន​អើពើ ។

« ដំណើរការ​ដូចគ្នា​នេះ​នៅក្នុង​ការផ្ទេរ​សេចក្តីពិត​ទៅ​ជា​សណ្តាប់​ទាំងឡាយ—នៃ​ការផ្លាស់ប្តូរ​ក្រឹត្យវិន័យ​របស់​ព្រះ​ទៅ​ជា ‹ គោលលទ្ធិ និង បទបញ្ញត្តិ​នៃ​មនុស្ស › [ ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ ម៉ាកុស ៧:៧ ] តាមរយៈ​ការ​បកប្រែ និង ការបន្ថែម​របស់​គ្រូបង្រៀន​ដែល​ពុំ​បាន​បំផុតគំនិត​—គឺ​ពិត​ជា​អ្វីៗ​ដែល​បាន​កើត​ឡើង​នៅក្នុង​ការក្បត់​សាសនា​ដ៏​ធំ​នៃ​យុគ​សម័យ​ពួកគ្រីស្ទាន ។ ចំពោះ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​បរិសុទ្ធ ហើយ​សាមញ្ញ នោះ​ពួក​អាចារ្យ និង ពួក​សង្ឃ​នៃ​ពួក​គ្រីស្ទាន​ពី​បុរាណ បាន​បន្ថែម​គោលលទ្ធិ​ដូច​ជា ៖ ការលក់ដូរ​មិន​ប្រកាន់​ទោស ដែល​បាន​ដោះលែង​ពួក​ជន​ទុច្ចរិត​ពី​អំពើ​បាប​ពី​មុនៗ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នា​ពេល​ខាង​មុខ​ដោយ​គ្មាន​ការដាក់​ទោស​ពី​ព្រះឡើយ ការអភ័យទោស​ពី​អំពើ​បាប ( ដោយ​សង្ឃឹម​ថា ) តាមរយៈការសារភាព​ទោស​ច្រំដែលៗ និង ដោយ​ធ្វើ​គ្រាន់តែ​ជា​គម្រប់​កិច្ច [ ពុំ​ស្មោះសរ ] អធិស្ឋាន​ទៅ … ពួក​បរិសុទ្ធ​ជាជាង​ទៅ​ព្រះអម្ចាស់ ការគោរព​រូប​ព្រះ … ហាមឃាត់​ពួក​សង្ឃ និង អ្នក​កាន់​តំណែង​ដទៃ​ទៀត​នៃ​ព្រះវិហារ​មិន​ឲ្យ​រៀប​អាពាហ៍ពិពាហ៍ … ការស្លៀកពាក់​សម្លៀកបំពាក់​ថ្លៃៗ​របស់​ពួក​សង្ឃ និង អ្នក​កាន់​តំណែង​ដទៃ​ទៀត​នៃ​ព្រះវិហារ ការប្រើ​ងារ​នៃ​អ្នក​កាន់តំណែង​នានា​យ៉ាង​ហ្មត់ចត់, ការ​ធ្វើ​ឲ្យ​កើន​ឡើង [ បង្កើន ] នូវ​ទ្រព្យ​សម្បត្តិ​របស់​ព្រះវិហារ​តាមរយៈ​ការលេង​ល្បែង​ជាដើម ។

« សណ្តាប់​ទាំង​នេះ និង សណ្តាប់​ដទៃ​ជា​ច្រើន​ដូច​នេះ ត្រូវបាន​មនុស្ស​មួយ​ចំនួន​ចាត់ទុក​ថា​សំខាន់​ជាង​ក្រឹត្យ​វិន័យ​របស់​ព្រះ ដែល​ប្រភព​ដើម​របស់​វា​នោះ​គឺ​ចេញ​មក​ពី​លោក​ចៅហ្វាយ ។ ពិតណាស់ ព្រះវិហារ​សព្វថ្ងៃ​ដែល​តាំង​ថា​ខ្លួន​ជា​ពួក​គ្រីស្ទាន​គឺ​ភាគ​ច្រើន​បាន​បង្កើត​ឡើង​តាម​សណ្តាប់​បុរាណ​នៃ ‹ ពួកចាស់ទុំ › ជាជាង​វិវរណៈ​​នៃ​ឋានសួគ៌ »​ (Doctrinal New Testament Commentary ភាគ ៣ [ ឆ្នាំ ១៩៦៥–៧៣], ១:៣៦៦–៦៧ ) ។

នៅក្នុង ម៉ាកុស ៧:២៤–៣០ យើង​អាន​ថា​ព្រះយេស៊ូវ​បាន​ព្យាបាល​កូនស្រី​របស់​ស្ត្រី​ជនជាតិ​ក្រិក​ម្នាក់​ដែល​ត្រូវ​អារក្ស​ចូល​ផងដែរ ។ សូម​រំឭក​ថា​នៅគ្រា​នេះ បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​សម្រាប់​កូនចៅ​អ៊ីស្រាអែល ពុំ​មែន​ពួក​សាសន៍​ដទៃ​ទេ ប៉ុន្តែ​ទ្រង់​បាន​ជួយ​ដល់​ស្ត្រី​សាសន៍​ដទៃ​នេះ​ដោយ​ក្ដីមេត្តា​ករុណា ព្រោះ​គាត់​បាន​សុំ​ឲ្យ​ទ្រង់​ជួយ ហើយ​គាត់​មាន​ជំនឿ​លើ​ទ្រង់ ។

សូម​ប្រាប់​ពី​ទីតាំង​នៃ​ស្រុក​ទីរ៉ុស និង​ស៊ីដូន និង​សមុទ្រ​កាលីឡេ​នៅ​ក្នុង​ផែនទី​ព្រះគម្ពីរ​ប៊ីប លេខ ១១​ « ដែនដី​បរិសុទ្ធ​នៅ​សម័យ​ព្រះគម្ពីរសញ្ញា​ថ្មី »។ បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​បាន​ចាកចេញ​ពី​ស្រុក​ទីរ៉ុស និង​ស៊ីដូន នោះ​ទ្រង់​បាន​យាង​ទៅ​កាន់​ប៉ែក​ខាង​កើត​នៃ​សមុទ្រ​កាលីឡេ ទៅ​តំបន់​ស្រុក​ដេកាប៉ូល ជា​តំបន់​មួយ​ដែល​ភាគច្រើន​មាន​សាសន៍​ដទៃ​រស់នៅ ។

សូម​អាន ម៉ាកុស ៧:៣១-៣៧រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​សេចក្តី​អាណិតអាសូរ​ដល់​បុរស​ម្នាក់​ដែល​ថ្លង់ ហើយ​គ​នោះ ។

សូម​អាន ម៉ាកុស ៨:១-៣រកមើល​តម្រូវការ​មួយ​ដែល​ព្រះ​យេស៊ូវគ្រីស្ទ​បាន​សង្កេត​ឃើញ ។

សូម​កត់សម្គាល់​នៅក្នុង ខ ទី ២ ​ថា​តើ​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​ហ្វូង​មនុស្ស ។

សូម​អាន ម៉ាកុស ៨:៤-៩រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ទោះបីជា​ទ្រង់​ពុំ​បាន​ត្រូវ​គេ​សុំ​ឲ្យ​ធ្វើ​ក្តី ។

ចេញ​សេចក្តី​អាណិតអាសូរ និង ទង្វើ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ហ្វូង​មនុស្ស​ដែល​ស្រេក​ឃ្លាន យើង​រៀន​ថា ​យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ស្គាល់​ពី​តម្រូវការ​របស់​អ្នក​ដទៃ រួច​ហើយ​ជួយ​បំពេញ​តាម​តម្រូវការ​ទាំងនោះ ។

ស៊ិស្ទើរ​លីនដា ខេ ប៊ើតុន ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀនថា ដើម្បី​ដើរ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការ​បម្រើ​ដល់​កូនចៅ​របស់​ព្រះ នោះ​យើង​ចាំបាច់​ត្រូវ « ដំបូង​សង្កេត បន្ទាប់​មក​បម្រើ » (« First Observe, Then Serve » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៧៨ ) ។ សូម​គិត​ពី​ការសរសេរ​ឃ្លា​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ ម៉ាកុស ៨:៤–៩

ការអធិស្ឋាន និង ការទូលសុំ​ជំនួយ​របស់​ព្រះវរបិតាសួគ៌ និង ការរក្សា​គំនិត​របស់​យើង​ផ្តោត​លើ​មនុស្ស​ដទៃ​ជាជាង​ខ្លួន​យើង អាច​ជួយ​យើង​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ពី​តម្រូវការ​របស់​មនុស្ស​ដទៃ ហើយ​ជួយ​បំពេញ​នូវ​តម្រូវការ​នោះ ។ សូម​ចាំ​ថា​មាន​តម្រូវការ​ខ្លះ​អាច​នឹង​ពុំ​ត្រូវ​បាន​មើល​ឃើញ​ភ្លាមៗ​នោះទេ ។

តើ​មាន​អ្វីខ្លះ​អាច​នឹង​មក​រារាំង​ផ្លូវ​មិន​ឲ្យ​យើង​អាច​កត់សម្គាល់​ឃើញ​តម្រូវ​ការ​របស់​អ្នក​ដទៃ ហើយ​ជួយ​បំពេញ​វា​នោះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« នៅពេល​អ្នកបាន​ឃើញ​ពី​តម្រូវការ​របស់​អ្នក​ដទៃ តើ​វា​បាន​ដក់​ជាប់​ក្នុង​ដួងចិត្ត​របស់​ប៉ុន្មាន​ដង ? តើ​អ្នក​ធ្លាប់​មាន បំណង ដើម្បី​ធ្វើជា​មនុស្ស​ម្នាក់​ដែល​ជួយ​គេ​ញឹកញាប់​ប៉ុណ្ណា ? ហើយ​ថា​តើ​កិច្ចការ​នានា​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​បង្អាក់​ញឹកញាប់​ប៉ុណ្ណា ហើយ​អ្នក​បាន​ទុក​វា​ឲ្យ​អ្នក​ផ្សេង​ជួយ ដោយ​មាន​អារម្មណ៍​ថា ‹ អូ៎ ប្រាកដ​ណាស់ នឹង​មាន​នរណា​ម្នាក់​ជួយ​មើល​ថែ​តម្រូវការ​នោះ​ហើយ › ។

« យើង​ប្រែ​ជា​ជាប់​យ៉ាង​ខ្លាំង​នៅក្នុង​ភាព​រវល់​នៃ​ជីវិត​របស់​យើង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​ងាក​ថយ​ក្រោយ ហើយ​ក្រឡេក​មើល​នូវ​អ្វី​ដែល​យើង​កំពុងធ្វើ នោះ​យើង​អាច​រក​ឃើញ​ថា យើង​បាន​ជ្រមុជ​ខ្លួន​យើង​នៅក្នុង ‹ រឿង​ដែល​មិន​សំខាន់ › ។ ឬ​ម្យ៉ាង​ទៀត យើង​បាន​ចំណាយ​ពេល​ច្រើន​បំផុត​ដោយ​យកចិត្តទុក​ដាក់​ទៅ​អ្វី​ដែល​មិន​សំខាន់​ទាល់​តែ​សោះ ហើយ​បែរ​ជា​មិន​យក​ចិត្តទុក​ដាក់​ទៅលើ​កិច្ចការ​ដែល​សំខាន់​ទៅវិញ » (​« What Have I Done for Someone Today? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៥ ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ឃើញ​គេ​ត្រូវការ​ជំនួយ ហើយ​បាន​ឈប់​ដើម្បី​ជួយ​បុគ្គល​ម្នាក់​នោះ ។ សូម​សរសេរ​ពី​គ្រា​មួយ​ដែល​មនុស្ស​ម្នាក់​ដឹង​ពី​តម្រូវការ​របស់​អ្នក ហើយ​បាន​បំពេញ​តម្រូវការ​នោះ ។

សូម​អធិស្ឋាន ហើយ​រកមើល​ឱកាស​នានា​ដើម្បី​បំពេញ​តម្រូវការ​ទាំងឡាយ​របស់​មនុស្ស​ដទៃ​នា​ពេល​បច្ចុប្បន្ន​នេះ និង នា​ពេល​អនាគត ។

នៅក្នុង ម៉ាកុស ៨:១០-២១ យើង​អាន​ថា បន្ទាប់ពី​បាន​ប្រទាន​ចំណី​អាហារ​ដល់​មនុស្ស ៤០០០ នាក់​ប្រកប​ដោយ​អព្ភូតហេតុ​មក ព្រះយេស៊ូវ​បាន​គង់​នៅ​លើ​ទូក​ជាមួយ​ពួក​សិស្ស​ទ្រង់​ទៅកន្លែង​មួយ​ដែល​ហៅ​ថា​ស្រុក​ដាលម៉ានូថា ។ នៅទីនោះ​ពួក​ផារិស៊ី​បាន​សូម​ឲ្យ​ទ្រង់​បង្ហាញ​ទី​សម្គាល់​មួយ​ដល់​ពួកគេ ។ ព្រះយេស៊ូវ​បាន​បដិសេធ​ពួកគេ​ពី​ការ​ផ្តល់​ទីសម្គាល់ ហើយ​នៅពេល​យើង​រៀន​នៅក្នុង​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ពួកគេ​ថា « គ្មាន​ទីសម្គាល់​ណា​ត្រូវបាន​ប្រទាន​ឲ្យ​នៅក្នុង​ជំនាន់​នេះ​ឡើយ ក្រៅពី​ទីសម្គាល់​របស់​ព្យាការី​យ៉ូណាស​ប៉ុណ្ណោះ ដ្បិត​ដូច​ជា​យ៉ូណាស​បាន​នៅក្នុង​ពោះ​ត្រី​បាឡែន​បីយប់​បីថ្ងៃ​ដែរ នោះ​កូន​មនុស្ស​នឹង​ត្រូវបាន​កប់​នៅក្នុង​ពោះ​នៃ​ផែនដី​ដូច្នោះ​ដែរ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាកុស ៨:១២ ) ។

ម៉ាកុស ៨:២២-៣៨

ព្រះយេស៊ូវ​ព្យាបាល​បុរស​ខ្វាក់​ដោយ​សន្សឹមៗ

នៅក្នុង​បេតសៃដា មានបុរស​ខ្វាក់​ម្នាក់​ត្រូវ​បាន​នាំ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ព្យាបាល ។ សូម​អាន ម៉ាកុស ៨:២២-២៦ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​បុរស​នេះ ។

សូម​កត់ចំណាំ​នៅក្នុង ខ ២៤ ថា​បន្ទាប់ពី​គ្រា​ដំបូង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ដាក់​ព្រះហស្ត​របស់​ទ្រង់​ទៅលើ​បុរស​ខ្វាក់ភ្នែក​នោះ គាត់​អាច​មើល​ឃើញ ប៉ុន្តែ​គាត់​មើល​ឃើញ​ពុំ​ច្បាស់​ទេ ។

រូបភាព
Jesus laying hdnds on man’s eyes

នៅក្នុង ម៉ាកុស ៨:២៥បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​បាន​ដាក់​ព្រះហស្ត​របស់​ទ្រង់​ទៅលើ​បុរស​នោះជា​លើក​ទីពីរ នោះ​យើង​អាន​ថា​ភ្នែក​របស់​បុរស​នោះ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ឡើង​វិញ ។

ហេតុអ្វី​វា​សំខាន់​ដើម្បី​យល់​ថា ពរជ័យ​មួយ​ចំនួន ដូចជា​ការ​ទទួល​បាន​ទីបន្ទាល់​នៃ​ដំណឹងល្អ ឬ​ការ​ទទួលបាន​ការព្យាបាល​ខាង​រូបកាយ ឬ​ខាង​វិញ្ញាណ ជា​ញឹកញាប់​កើត​មាន​បន្ដិចម្ដងៗ ឬ​តាម​ដំណាក់កាល ជាជាង​ក្នុងពេល​ភ្លាមៗ ឬ​ទាំងអស់​ក្នុង​ពេល​តែ​ម្ដង​ដូច្នេះ ?

នៅក្នុង ម៉ាកុស ៨:២៧–៣៨ យើង​អាន​ពី​ការប្រកាស​របស់​ពេត្រុស​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ដល់​ពួក​សិស្ស​របស់​ទ្រង់ កុំ​ឲ្យ​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ទ្រង់ ថា​ជា​ព្រះគ្រីស្ទ ឬ​ជា​ព្រះមែស៊ី​ទៅ​សាធារណៈជន​ឡើយ ។ ទ្រង់​ក៏​បាន​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​អំពី​ការរងទុក្ខ និងការ​សុគត​របស់​ទ្រង់​នៅក្រុង​យេរូសាឡិម​ផងដែរ ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាកុស ៦-៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

  • ចម្លើយ​ដែល​ត្រឹម​ត្រូវ​តាម​លំដាប់លំដោយ​សម្រាប់​សកម្មភាព​នៅក្នុង​មេរៀន​នេះ ៖ ៧, ៥, ២, ៤, ៣, ១, ៦ ។ ( វា​បាន​កែសម្រួល​ចេញ​ពី New Testament Teacher ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៦៨) ។