បណ្ណាល័យ
មេរៀន​ទី ៨ ថ្ងៃ​ទី ៣ ៖ ម៉ាកុស ៩:១-២៩


មេរៀន​ទី ៨ ៖ ថ្ងៃ​ទី ៣

ម៉ាកុស ៩:១-២៩

សេចក្តីផ្តើម

ប្រមាណ​ជា​ប្រាំមួយ​ខែ​ពីមុនគេឆ្កាង​​ទ្រង់ ព្រះយេស៊ូវ​ត្រូវបាន​ប្រែ​រូប ( បាន​ឃើញ​នៅក្នុង​ស្ថានភាព​នៃ​សិរីល្អ​របស់​ទ្រង់ ) ខណៈ​ដែល​ទ្រង់ និង ពេត្រុស យ៉ាកុប និង យ៉ូហាន​កំពុង​នៅលើ​ភ្នំ ។ បន្ទាប់មក​ទ្រង់​បាន​បង្រៀន​ពួកសិស្សថា យ៉ូហាន​បាទីស្ទ គឺ​ជា​អេលីយ៉ា ឬ​ជា​ព្យាការី​មួយ​រូប​ដែល​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះមែស៊ី ។ បន្ទាប់​ពីព្រះយេស៊ូវ​​ត្រឡប់​ទៅ​កាន់​ពួកសិស្ស​ដទៃ​ទៀត​វិញ មាន​បុរស​ម្នាក់​បាន​ទូល​អង្វរ​ព្រះយេស៊ូវ​ឲ្យ​បណ្ដេញ​វិញ្ញាណ​អសោច​ចេញ​ពី​កូនប្រុស​របស់​គាត់ ។ ព្រះយេស៊ូវ​បាន​បណ្ដេញ​វិញ្ញាណ​អសោច ហើយ​បាន​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​អំពី​តម្រូវ​ការ​នៃ​ការ​អធិស្ឋាន និង​ការ​តមអាហារ ។

ម៉ាកុស ៩:១-១៣

ព្រះយេស៊ូវត្រូវ​បាន​ប្រែរូប ហើយ​បង្រៀន​ពេត្រុស យ៉ាកុប និង​យ៉ូហាន​អំពី​អេលីយ៉ា

សូម​មើល​ថា​តើ​អ្នក​អាច​អាវ៉ង់ ឬ អង្គុយ​ងើបៗ​បាន​ប៉ុន្មាន​ដង​ក្នុង​មួយ​នាទី ។ សូម​សរសេរ​ពី​លទ្ធផល​របស់​អ្នក​នៅ​ត្រង់​នេះ ៖ ____________________

ហេតុអ្វី​ក៏​មនុស្ស​ម្នាក់​ចង់ ឬ​ចាំបាច់​ត្រូវ​បង្កើន​កម្លាំង​ខាង​រូបកាយ​របស់​គេ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​កម្លាំង​ខាង​រូបកាយ​ប្រៀបប្រដូច​ទៅនឹង​កម្លាំង​ខាងវិញ្ញាណ ឬ​សេចក្ដីជំនឿ​ទៅលើព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

    2. តើ​មាន​ស្ថានភាព​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​អាច​ត្រូវការ​ដើម្បី​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

នៅពេល​អ្នក​សិក្សា ម៉ាកុស ៩:១–២៩សូមរក​មើល​សេចក្តី​ពិត​ដែល​អាច​ជួយ​អ្នក​ពង្រឹង​សេចក្តី​ជំនឿ​របស់​ខ្លួន ។

ម៉ាកុស ៩:១–១៣ មាន​នូវ​ដំណើរ​រឿង​អំពី​ការ​ប្រែរូប​របស់ព្រះយេស៊ូវ​នៅក្នុង​វត្តមាន​របស់​ពេត្រុស យ៉ាកុប និង​យ៉ូហាន នៅលើ​ភ្នំ​មួយ និង​ការបង្ហាញ​ខ្លួន​របស់​ម៉ូសេ និង អេលីយ៉ា ( អេលីយ៉ាស់ ) ដែល​អ្នក​បាន​រៀន​ក្នុង​មេរៀន​របស់​អ្នក​នៅ ម៉ាថាយ ១៧។ ព្រះយេស៊ូវ​ក៏​បាន​បង្រៀន​សាវក​ទាំង​នេះ​ផងដែរ​ថា យ៉ូហាន​បាទីស្ទ​បាន​បំពេញ​តាម​ការព្យាករណ៍​ពី​តួនាទី​របស់​អេលីយ៉ា ។ « អេលីយ៉ា » គឺ​ជា​ងារ​មួយ​សម្រាប់ អស់​អ្នក​ដែល​រៀបចំ​ផ្លូវ​សម្រាប់​ការយាង​មក​របស់​ព្រះមែស៊ី ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ជួយ​យើង​ឲ្យ​យល់​បន្ថែម​ទៀត​ពី​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ ចំពោះ​សំណួរ​របស់​ពួក​សាវក « ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន ? » (ម៉ាកុស ៩:១១) ៖

« ទ្រង់​មាន​ព្រះបន្ទូល ហើយ​បាន​ប្រាប់​ពួកគេ​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​នឹង​រៀបចំ​ការណ៍​ទាំង​អស់​ឡើង​វិញ ហើយ​បង្រៀន​អ្នក​អំពី​ព្យាការី ប៉ុន្តែ​ធ្វើ​ដូច​ម្តេច​បាន​ជា​មាន​សេចក្តី​ចែង​ទុក​ពី​កូន​មនុស្ស​ថា លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើលងាយ​ផង ។

« ហើយ​ជា​ថ្មី​ម្តង​ទៀត ​នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចំណែក​លោក​អេលីយ៉ា​បាន​មក​ហើយ គេ​ក៏​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ហើយ​ដូច​ជា​មាន​សេចក្តី​ចែង​ទុក​ពី​លោក​ស្រាប់ ហើយ​លោក​បាន​ថ្លែង​ជា​សាក្សី​អំពី​យើង ប៉ុន្តែ​ពួកគេ​ពុំ​ទទួល​លោក​ឡើយ ។ ពិតប្រាកដ​ណាស់ នោះ​គឺ​ជា​អេលីយ៉ា » ( ការបកប្រែ​ដោយ​យ៉ូសែប ម៉ាកុស ៩:១០–១១ [ នៅក្នុង ម៉ាកុស ៩:១២ លេខយោង  ម៉ាកុស ៩:១៣ លេខ​យោង ] ) ។

តើ​អេលីយ៉ា​គឺ​ជា​នរណា ? អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​តួនាទី​របស់​អេលីយ៉ា​នៅក្នុង​ការស្តារឡើង​វិញ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« មាន​វិវរណៈ​បី​ផ្សេង​គ្នា​ដែល​ដាក់​ឈ្មោះ​អេលីយ៉ា​ជា មនុស្ស​បីនាក់​ផ្សេង​គ្នា ។ តើ​យើង​រួម​បញ្ចូល​អ្វី​ខ្លះ​ទៅ ?

«… ពួក​ទេវតា​បម្រើ​ជាច្រើន​ត្រូវបាន​បញ្ចូន​មក​ពី​វេទិកា​នៃ​សិរីរុងរឿង ដើម្បី​ប្រគល់​កូនសោ និង អំណាច ដើម្បី​ធ្វើ​ឲ្យ​មាន​គ្រាកាន់កាប់​ត្រួតត្រា និង សិរី​រុងរឿង​របស់​ពួកគេ​ជា​ថ្មី​ម្តង​ទៀត ដល់​បុរស​នៅលើ​ផែនដី​នេះ ។ យ៉ាង​ហោច​ណាស់​មាន​បុគ្គល​ដូចតទៅ​នេះ​បាន​យាង​ចុះ​មក ៖ មរ៉ូណៃ យ៉ូហាន បាទីស្ទ ពេត្រុស យ៉ាកុប និង យ៉ូហាន ម៉ូសេ អេលីយ៉ាស់ អេលីយ៉ា ​កាព្រីយ៉ែល រ៉ាហ្វាយ៉ែល និង មីកែល ។ (គ. និង ស. ១៣, ១១០, ១២៨:១៩–២១) ។ ដោយសារ​វា​ជាក់ស្ដែង​ថា គ្មាន​សារទូត​ណា​មួយ​បាន​ទទួល​បន្ទុក​ទាំងស្រុង​នៃ​ការស្តារ​ឡើង​វិញ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ម្នាក់ៗ​បាន​មក​ដោយ​មាន​អំណោយទាន​ពិសិដ្ឋ​ពិសេស​មួយ​ពី​ឋាន​លើ ហើយ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា អេលីយ៉ា​គឺ​មាន​រូបរាង​កាយ ។ ការបង្ហាញ​នោះ​ត្រូវតែ​យល់​ថា គឺ​ជា​ឈ្មោះ និង ងារ​សម្រាប់​អស់​អ្នក​ដែល​មាន​បេសកកម្ម ដើម្បី​ប្រគល់​កូនសោ និង អំណាច​ដល់​មនុស្ស​នៅក្នុង​គ្រាកាន់កាប់​ត្រួតត្រា​ចុង​ក្រោយ​នេះ [ សូមមើល Doctrines of Salvation និពន្ធ​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ភាគ​ទី ៣ ( ឆ្នាំ ១៩៥៤–៥៦ ) ១:១៧០–៧៤ ] » (Mormon Doctrine ការបោះពុម្ព​លើក​ទីពីរ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២២១ ) ។

ម៉ាកុស ៩:១៤-២៩

ព្រះយេស៊ូវ​បណ្ដេញ​វិញ្ញាណ​អសោច​ចេញ​ពី​កូន​ប្រុស​របស់​បុរស​ម្នាក់

សូម​អាន ម៉ាកុស ៩:១៤-១៨ដោយ​រក​មើល​អ្វី​ដែល​បាន​កើត​ឡើង នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ត្រឡប់​មក​ពី​ភ្នំ​ទៅ​ជួប​ពួក​សិស្ស​ផ្សេង​ទៀត​របស់​ទ្រង់ ។

រូបភាព
Jesus holding young man

កូនប្រុស​របស់​បុរស​នោះ​មាន​វិញ្ញាណ​អសោច ដែល​បណ្ដាល​ឲ្យ​គ ថ្លង់ និង​ជំងឺ​ផ្សេង​ទៀត ( សូមមើល ម៉ាកុស ៩:១៧–១៨, ២២, ២៥) ។ សូម​ស្រមៃ​ថា អ្នក​ជា​ឪពុក​រូប​នោះ ។ តើ​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្ដា​របស់​ទ្រង់ អាច​នឹង​ជះឥទ្ធិពល​យ៉ាង​ណា​ខ្លះ នៅពេល​ពួកសិស្ស​ពុំ​អាច​ព្យាបាល​ដល់​កូន​ប្រុស​របស់​អ្នក​បាន​នោះ ?

សូមមើល ម៉ាកុស ៩:១៩–២២ដោយ​ស្រមៃ​ពី​អារម្មណ៍​ដែល​ឪពុក​រូប​នេះ​មាន នៅពេល​គាត់​បាន​ទូល​នឹង​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្តល់​ទស្សនវិស័យ​បន្ថែម​ទៀត​អំពី​អារម្មណ៍ និង ការទូល​អង្វរ​របស់​ឪពុក​រូប​នោះ ៖ « ដោយ​គ្មាន​សល់​ក្ដី​សង្ឃឹម​អ្វី​សោះ ឪពុក​រូប​នេះ​បាន​ដាក់​នូវ​សេចក្ដីជំនឿ​ទាំងអស់​ដែល​គាត់​មាន ហើយ​ទូល​អង្វរ​ដល់​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​ថា ‹ ​បើ ​លោក​ អាច​នឹង​ជួយ​បាន នោះ ​ សូម​អាណិត​មេត្តា​ជួយ ​យើង​ ខ្ញុំ​ផង [ម៉ាកុស ៩:២២បន្ថែម​អក្សរ​ទ្រេត ] ។ ខ្ញុំ​អត់​ទ្រាំ​នឹង​យំ​ពុំ​បាន​នៅពេល​អាន​ពាក្យ​ទាំង​នោះ ។ ពាក្យ យើងខ្ញុំ ដែល​ជា​សព្ទនាម​ពហុវចន​គឺ​បង្ហាញ​ច្បាស់​ថា ត្រូវបាន​ប្រើ​ដោយ​មាន​ចេតនា ។ បុរស​នេះ​កំពុង​និយាយ​ថា ‹ គ្រួសារ​យើង​ខ្ញុំ​ទាំងមូល​កំពុង​ទូលអង្វរ ។ បញ្ហា​របស់​យើង​នឹង​ពុំ​ដែល​ឈប់​មាន​ឡើយ ។ យើង​មាន​ភាពនឿយហត់​ណាស់ ។ កូនប្រុស​របស់​យើង​បាន​ធ្លាក់​ទៅក្នុង​ទឹក ។ គាត់​ធ្លាក់​ចូល​ភ្លើង ។ គាត់​បន្ដ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់ ហើយ​យើង​បន្ដ​ភ័យខ្លាច ។ យើង​ពុំ​ដឹង​ថា​ត្រូវ​ទៅរក​នរណា​ទៀត​ទេ ។ តើ លោក អាច​ជួយ​យើង​ខ្ញុំ​បាន​ទេ ? យើង​នឹង​មាន​អំណរគុណ​ចំពោះ អ្វី​គ្រប់​យ៉ាង—ជា​ពរជ័យ​មួយ​ផ្នែក ជា​ក្ដីសង្ឃឹម​មួយភ្លែត ជា​ការ​លើក​បន្ទុក​តូចៗ​ខ្លះ​ចេញពី​អំរែក​របស់​ម្ដាយ​ក្មេង​ប្រុស​នេះ​ដែល​មាន​ជា​ប្រចាំ​ថ្ងៃ​ក្នុង​ជីវិត​របស់​គាត់ › » (« Lord, I Believe » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣ ) ។

សូម​អាន ម៉ាកុស ៩:២៣ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ឪពុក​ម្នាក់​នោះ ។

អ្នក​អាច​គូស​ចំណាំ​ឃ្លា​ក្នុង ខ​ទី ២៣ ដែល​បង្រៀន​ពី​គោលការណ៍​ខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ រឿង​គ្រប់យ៉ាង​នឹង​អាច​សម្រេច​បាន​ដល់​យើង ។ ( សូម​កត់ចំណាំ​ថា « រឿង​គ្រប់​យ៉ាង » ទាក់ទង​ទៅនឹង​ពរជ័យ​សុចរិត​ទាំងអស់ ដែល​ស្រប​ទៅនឹង​គោលបំណង និង​ពេលវេលា​របស់​ព្រះ​វរបិតាសួគ៌ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖ តើ​ការ​ជឿ​ទៅ​លើ​គោលការណ៍​នេះ អាច​ជួយ​នរណា​ម្នាក់​ដែល​ប្រឈម​មុខ​នឹង​ការ​លំបាក​ដែល​ហាក់​ដូចជា​មិន​អាច​យក​ឈ្នះ​ដោយ​របៀប​ណា ?

សូម​អាន ម៉ាកុស ៩:២៤ដោយ​រកមើល​ការឆ្លើយ​តប​របស់​ឪពុក​រូប​នោះ ចំពោះ​គោលការណ៍​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។ សូម​កត់ចំណាំ​ចំណុច​ពីរ​យ៉ាង​នៃ​ការឆ្លើយតប​របស់​ឪពុក​ម្នាក់​នេះ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

សូម​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ដែល​បង្រៀន​ពី​អ្វី​ដែល​ជា​ការ​ប្រកាស​របស់​ឪពុក​រូប​នេះ បង្រៀន​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​នៅក្នុង​គ្រា​នៃ « ការ​មិនជឿ » ឬ​គ្រា​នៃ​ការសង្ស័យ ឬ​ភ័យ​ខ្លាច ៖ « នៅពេល​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៃ​សេចក្ដីជំនឿ ឪពុក​រូប​នេះ​បាន​ដាក់​អស់​នូវ​កម្លាំង​របស់​គាត់​ជាមុន ហើយ​បន្ទាប់​ពី​នោះ​ទើប​ទទួល​ស្គាល់​ពី​ដែន​កំណត់​របស់គាត់ ។ ការ​ប្រកាស​ដំបូង​បំផុត​របស់​គាត់​គឺ​វិជ្ជមាន ហើយ​ឥត​ស្ទាក់ស្ទើរ ៖ ‹ ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ › ។ ខ្ញុំ​ចង់​និយាយ​ទៅ​បងប្អូន​ទាំងអស់​គ្នា​ដែល​ចង់​មាន​ជំនឿ​ខ្លាំង​ឡើង ឲ្យ​ចងចាំ​បុរស​រូប​នេះ ! ក្នុង​វេលា​នៃ​ការ​ភ័យខ្លាច ឬ​ការសង្ស័យ ឬ​ពេល​ដែល​មាន​បញ្ហា សូម​កាន់ខ្ជាប់​ទៅនឹង​ទីតាំង​ដែល​អ្នក​បាន​ឈ្នះ​រួច​ហើយ បើទោះ​បី​ជា​ទីតាំង​នោះ​មាន​កំណត់​ក្ដី ។ ក្នុង​ការ​លូតលាស់​ដែល​យើង​ទាំង​អស់​គ្នា​មាន​បទពិសោធន៍​ក្នុង​ជីវិត​រមែង​ស្លាប់ ភាព​ស្មើគ្នា​ខាង​វិញ្ញាណ​នៃ​ការ​វេទនា​របស់​ក្មេង​ប្រុស​នេះ ឬ​ការ​អស់​សង្ឃឹម​របស់​ឪពុក​ម្ដាយ​នេះ គឺ​នឹង​កើត​ឡើង​ចំពោះ​យើង​ទាំង​អស់​គ្នា ។ ពេល​គ្រា​ទាំង​នោះ​កើត​ឡើង ហើយ​បញ្ហា​កើត​មាន​មក បើសិន​ដំណោះ​ស្រាយ​មិន​កើត​ភ្លាម​ទេ នោះ​សូម​កាន់​ខ្ជាប់​ទៅនឹង​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​ហើយ ហើយ​ឈរ​យ៉ាង​រឹង​មាំ រហូត​ដល់​ចំណេះ​ដឹង​បន្ថែម​ទៀត​មក​ដល់» (« Lord, I Believe » ទំព័រ ​៩៣–៩៤ ) ។

សូម​ពិចារណា​ពី​ចំណុច​ទី​ពីរ​នៃ​ការឆ្លើយតប​របស់​ឪពុក​ម្នាក់​នេះ ។ « សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង » (ម៉ាកុស ៩:២៤) ។ សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ នៅ​គ្រា​នៃ​ការឥត​ជំនឿ មន្ទិល​សង្ស័យ និង ភាពភ័យខ្លាច ។

សូម​អាន ម៉ាកុស ៩:២៥-២៧ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ចំពោះ​ការទូល​អង្វរ​របស់​ឪពុក​រូប​នោះ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​នេះ​គឺ​ថា ប្រសិន​បើ​យើង​កាន់​ជាប់​នូវ​អ្វី​ដែល​យើង​ជឿ ហើយ​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​យើង​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរ​ទាំងពីរ​ខាង​ក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូមមើល​ទៅ​ស្ថានភាព​នានា​ដែល​អ្នក​បាន​សរសេរ​នៅក្នុង​កិច្ចការ​ទី ១ នៃ​មេរៀន​ថ្ងៃ​នេះ ។ តើ​គោលការណ៍​នេះ​អាច​ត្រូវ​បាន​ប្រើ​នៅក្នុង​ស្ថានភាព​ទាំង​នោះ​យ៉ាង​ដូចម្ដេច ?

    2. តើ​នៅពេល​ណា​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទទួល​ជំនួយ​របស់​ព្រះអម្ចាស់​នៅក្នុង​គ្រា​ឥត​ជំនឿ មន្ទិល​សង្ស័យ ឬ ភាព​ភ័យ​ខ្លាច ដោយ​ការតោង​ជាប់​ទៅ​នឹង​ការជឿ ហើយ​ស្វែងរក​ទ្រង់ ?

សូម​ព្យាយាម​អនុវត្ត​គោលការណ៍​នេះ អំឡុង​ពេល​ឥតជំនឿ មន្ទិល​សង្ស័យ ឬ ភាពភ័យ​ខ្លាច​ដែល​អ្នក​ប្រឈម​មុខ ។ អ្នក​អាច​ចែកចាយ​គោលការណ៍​នេះ​ជាមួយ​សមាជិក​គ្រួសារ ឬ មិត្តភក្តិ​ដែល​អាច​ជួប​នូវ​ឧបសគ្គ​ទាំង​នេះ ។

សូម​ចាំ​ថា​ដំបូង​ឡើយ​ឪពុក​រូប​នេះ បាន​នាំ​កូនប្រុស​របស់គាត់​ទៅ​ជួប​នឹង​ពួកសិស្ស​មួយ​ចំនួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ព្យាបាល ។ សូម​ស្រមៃ​ថា​អ្នក​គឺ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​ធ្លាប់​បាន​គិត ឬ​មាន​អារម្មណ៍​យ៉ាង​ណា​ខ្លះ ពេល​អ្នក​មិន​អាច​បណ្ដេញ​វិញ្ញាណ​អសោច​ចេញ​ពី​ក្មេង​ប្រុស​នេះ ?

សូម​អាន ម៉ាកុស ៩:២៨ដោយ​ស្វែងរក​សំណួរ​ដែល​ពួកសិស្ស​បាន​សួរ​ព្រះយេស៊ូវ ។

នៅក្នុង ម៉ាកុស ៩:១៩ ព្រះយេស៊ូវ​បាន​ពិពណ៌នា​ពី​មនុស្ស​ថា​ជា « ដំណ​មនុស្ស​ដែល​មិន​ជឿ​អើយ » ។ ការស្តី​បន្ទោស​នេះ​អាច​ត្រូវបាន​និយាយ​ពី​ពួកសិស្ស​របស់​ទ្រង់​ដែល​មាន​វត្ត​មាន​នៅទីនោះ​ផងដែរ ។ ពាក្យ មិន​ជឿ នៅ​ទីនេះ​សំដៅ​លើ​ការ​ខ្វះ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ចាំបាច់​ត្រូវការ​ការប្រសិទ្ធពរ​បព្វជិតភាព​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព ។

សូម​អាន ម៉ាកុស ៩:២៩ដោយ​រកមើល​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​សំណួរ​របស់​ពួក​សិស្ស​របស់​ទ្រង់ ។

ចេញ​ពី​ខគម្ពីរ​ទាំងនេះ​យើង​រៀន​ថា យើង​អាច​បង្កើន​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការអធិស្ឋាន និង ការតមអាហារ ។ សូម​គិត​ពី​ការសរសេរ​គោលការណ៍​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខ​ទី ២៩

សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​ស្ថានភាព​ផ្សេងៗ​គ្នា ដែល​សេចក្តីពិត​នេះ​អាច​អនុវត្ត​បាន ៖ « ដំណើរ​រឿង​នៃ [ ព្រះយេស៊ូវ​បណ្តេញ​វិញ្ញាណ​អសោច​ចេញ​ពី​កូនប្រុស​របស់​បុរស​នោះ ] បង្រៀន​ថា​ការអធិស្ឋាន និង ការតម​អាហារ​អាច​បន្ថែម​កម្លាំង​ដល់​អស់​អ្នក​ដែល​ផ្តល់ និង ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព ។ ដំណើរ​រឿង​នេះ​ក៏​អាច​អនុវត្ត​ចំពោះ​កិច្ចខិតខំ​ផ្ទាល់​ខ្លួន​របស់​អ្នក ដើម្បី​រស់នៅ​តាម​ដំណឹង​ល្អ ។ ប្រសិន​បើ​អ្នក​មាន​ចំណុច​ខ្សោយ ឬ អំពើ​បាប​ដែល​អ្នក​បាន​ពុះពារ​យក​ឈ្នះ នោះ​អ្នក​ត្រូវតែ​តមអាហារ ហើយ​អធិស្ឋាន​ដើម្បី​ទទួល​ជំនួយ ឬ ការអភ័យ​ទោស​ដែល​អ្នក​ចង់​បាន ។ គឺ​ដូច​ជា​អារក្ស​ដែល​ព្រះគ្រីស្ទ​នោះ​បាន​បណ្តេញ​ចេញ​ដែរ នោះ​ការលំបាក​របស់​អ្នក​អាច​នឹង​រលាយ​បាត់​ទៅ មាន​តែ​តាម​រយៈ​ការអធិស្ឋាន និង តមអាហារ​ប៉ុណ្ណោះ » (ពិត​ចំពោះ​សេចក្តី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៦៧) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​បទពិសោធន៍​មួយ នៅ​ពេល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ជួប​បទពិសោធន៍​នៃ​ការ​កើន​ឡើង​នូវ​សេចក្តីជំនឿ​តាមរយៈ​ការអធិស្ឋាន និង ការតមអាហារ ។ តើ​ការអធិស្ឋាន និង​ការតម​អាហារ បាន​ជួយ​អ្នក​ឲ្យ​ទទួល​ពរជ័យ​សុចរិត​ដែល​អ្នក​ចង់​បាន​តាម​របៀប​ណា​ខ្លះ?

សូម​ពិចារណា​ពី​របៀប​ដែល​សេចក្តី​ជំនឿ​របស់​អ្នក​អាច​ត្រូវបាន​ពង្រឹង​ឲ្យ​រឹងមាំ ។ សូម​ដាក់​ពេល​កំណត់​មួយ​នៅពេល អ្នក​អាច​ព្យាយាម​ដើម្បី​បង្កើន​សេចក្តី​ជំនឿ​របស់​អ្នក​តាមរយៈ​ការអធិស្ឋាន និង ការតមអាហារ ។ អ្នក​អាច​សរសេរ​ផែនការ​របស់​អ្នក​លើ​ក្រដាស​មួយ​សន្លឹក​ផ្សេង​ទៀត ហើយ​ដាក់​វា​នៅ​កន្លែង​ណា​មួយ​ដែល​វា​អាច​រំឭក​អ្នក​ពី​គោលដៅ​នោះ ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាកុស ៩:១–២៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖