បណ្ណាល័យ
មេរៀន​ទី ៨ ថ្ងៃ​ទី ៤ ៖ ម៉ាកុស ៩:៣០-៥០


មេរៀន​ទី ៨ ៖ ថ្ងៃ​ទី ៤

ម៉ាកុស ៩:៣០-៥០

សេចក្តីផ្តើម

ព្រះយេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​អំពី​ការសុគត និង ការរស់ឡើង​វិញ​ដែល​នឹង​កើត​ឡើង​ចំពោះ​ទ្រង់ ហើយ​បាន​បង្រៀន​ពួកគេ​អំពី​អ្នក​ដែល​នឹង​បាន​ធំ​បំផុត​នៅក្នុង​នគរ​របស់​ព្រះ ។ ទ្រង់​បាន​ព្រមាន​ពី​លទ្ធផល​នៃ​ការដឹកនាំ​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​បាប ហើយ​បាន​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ​ញែក​ខ្លួន​ពួកគេ​ចេញ​ពី​ឥទ្ធិពល​នានា​ដែល​នឹង​នាំ​ឲ្យ​ពួកគេ​មាន​បាប ។

ម៉ាកុស ៩:៣០-៣៧

ព្រះយេស៊ូវ​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ជា​មុន​អំពី​ការសុគត និង ការរស់ឡើង​វិញ​របស់​ទ្រង់ ហើយ​បង្រៀន​អំពី​អ្នក​ដែល​នឹង​បាន​ទៅ​ជា​ធំ​បំផុត​នៅក្នុង​នគរ​របស់​ព្រះ

បន្ទាប់​ពី​បាន​បណ្តេញ​វិញ្ញាណ​អសោច​ចេញ​ពី​ក្មេង​ប្រុស​ម្នាក់​មក ( សូមមើល ម៉ាកុស ៩:១៧–២៩) ព្រះអង្គ​សង្គ្រោះ​បាន​យាង​កាត់​តាម​សមុទ្រ​កាលីឡេ​ជាមួយ​ពួក​សិស្ស​របស់​ទ្រង់ ។ សូម​អាន ម៉ាកុស ៩:៣១–៣២ដោយរក​មើល​ព្រឹត្តិការណ៍​នានា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាករ ។

សូម​កត់ចំណាំ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​នឹង​ត្រូវ​គេ​ធ្វើ​គត់ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី នោះ​ជាថ្មី​ម្តង​ទៀត​ពួកគេ​ពុំ​បាន​យល់​ពី​អ្វី​ដែល​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ខ្លាច​នឹង​ទូលសួរ​ទ្រង់ ។

រូបភាព
Jesus with children

នៅក្នុង ម៉ាកុស ៩:៣៣–៣៧យើង​រៀន​ថា នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​ក្រុងកាពើណិម ទ្រង់​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា អស់​អ្នក​ដែល​បន្ទាបខ្លួន​បម្រើ​មនុស្ស​ដទៃ​នឹង​ត្រូវបាន​ចាត់ទុក​ថា​ជា​អ្នក​ធំ​ជាង​គេបំផុត ឬ មាន​កិត្តិយស​យ៉ាង​ខ្លាំង​នៅក្នុង​នគរ​របស់​ព្រះ ។ ទ្រង់​ក៏​បាន​បង្គាប់​ពួកគេ​ឲ្យ​ទទួល​ឲ្យ​ចូល​សាសនាចក្រ​ផងដែរ​នូវ​អស់​អ្នក​ដែល​បន្ទាបខ្លួន​របស់​ពួកគេ​ដូច​ជា​កូនក្មេង ហើយ​អស់​អ្នក​ដែល​ទទួល​ទ្រង់ ( សូមមើល​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាកុស ៩:៣៤–៣៥ [ នៅក្នុង ម៉ាកុស ៩:៣៧ លេខយោង ] ) ។

ម៉ាកុស ៩:៣៨-៥០

ព្រះយេស៊ូវ​បាន​ព្រមាន​ប្រឆាំង​នឹង​ឥទ្ធិពល​ដែល​នាំមនុស្ស​ដទៃ​ឲ្យ​មាន​បាប និង ការពុំ​ញែក​ខ្លួន​ចេញ​ពី​ឥទ្ធិពល​អាក្រក់​

ប្រសិន​បើ​អ្នក​បាន​ជួប​នឹង​មនុស្ស​មួយ​ក្រុម​ដែល​កំពុងព្យាយាម ហើយ​មាន​ចិត្ត​តម្រង់​ឆ្ពោះ​ទៅ​រក​អ្វី​មួយ តើ​អ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ដូចម្តេច ? តើ​អ្នក​នឹង​ទៅ​រកមើល​ជាមួយ​ពួកគេ ដើម្បី​ដឹង​ថា​តើ​ពួកគេ​កំពុង​រកមើល​អ្វី​ដែរ​ឬទេ ?

ជា​ញឹកញាប់ អាកប្បកិរិយា​របស់​មនុស្ស​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​ផ្សេង​ទៀត ដោយ​ដឹកនាំ​ពួកគេ​ឲ្យ​ចាប់​យក​ពាក្យ​សម្តី ទង្វើ ឬ ឥរិយាបថ​ស្រដៀង​គ្នា​នោះ ។ តើ​ពេលណា​ដែរ ដែល​អ្នក​បាន​ឃើញ​នរណា​ម្នាក់ បាន​ផ្លាស់ប្តូរ​ពាក្យសម្តី ទង្វើ ឬ ឥរិយាបថ​របស់​ខ្លួន​ដោយសារ​តែ​ឥទ្ធិពល​មក​ពី​មនុស្ស​ដទៃ ?

នៅពេល​អ្នក​សិក្សា ម៉ាកុស ៩:៣៨–៥០សូម​រកមើល​សេចក្តីពិត​​នានា​ដែល​អាច​ជួយ​អ្នក​ ឲ្យ​ពិចារណា​អំពី​ឥទ្ធិពល​របស់​អ្នកលើ​កិច្ចខិតខំ​របស់​មនុស្ស​ដទៃ ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​ឥទ្ធិពល​របស់​មនុស្ស​ដទៃ​ដែល​មាន​លើ​អ្នក ។

សូម​អាន ម៉ាកុស ៩:៣៨ដោយ​រកមើល​ស្ថានភាព​ដែល​សាវក​យ៉ូហាន​បាន​ប្រាប់​ដល់​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា សាវក​បាន​ហាមឃាត់​បុរស​នេះ ពី​ការ​បណ្តេញ​អារក្ស​ចេញ​ដោយសារ​តែ​គាត់​មិន​ដើរ​ជាមួយ​នឹង​ពួក​សាវក​ដប់​ពី​នាក់ ៖ « គាត់​មិនមែន​ជា​មនុស្ស​ម្នាក់​នៅក្នុង​រង្វង់​នៃ​ពួក​សិស្ស​ដែល​បន្ត​ធ្វើ​ដំណើរ បរិភោគ ដេក និង សន្ទនា​ជាមួយ​ព្រះអម្ចាស់​ឡើយ ។ … ប៉ុន្តែ​ចេញ​ពី​ការឆ្លើយ​តប​របស់​ព្រះអម្ចាស់ ចម្លើយ​នោះ​គឺ​ជា​ភស្តុតាង​ថា គាត់​គឺ​ជា​សមាជិក​នៃ​នគរ​ព្រះ ជា​អ្នក​បម្រើ​ស្រប​ច្បាប់​ដែល​កំពុង​ធ្វើ​កិច្ចការ​នៅក្នុង​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព និង ដោយ​អំណាច​នៃ​សេចក្តីជំនឿ » (Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៤១៧ ) ។

ព្រះ​អង្គ​សង្គ្រោះ​បាន​ប្រាប់​សាវក​ទាំង​នោះ​ថា កុំ​ឃាត់​បុរស​នោះ​ឡើយ ហើយ​បាន​បង្រៀន​ថា​មនុស្ស​ដែល​ជួយ​ក្នុង​ការ​តំណាង​ឲ្យ​ទ្រង់​នឹង​បាន​ទទួល​រង្វាន់ ( សូម​មើល ម៉ាកុស ៩:៣៩–៤១) ។

សូម​អាន ម៉ាកុស ៩:៤២ដោយ​រកមើល​ការ​ព្រមាន​របស់​ព្រះ​អង្គ​សង្គ្រោះ ។ នៅក្នុង​បរិបទ​នេះ រវាត​ចិត្ត មាន​ន័យ​ថា​ដឹកនាំ​ឲ្យ​វង្វេង ឬ ជះ​ឥទ្ធិពល​ដល់​នរណា​ម្នាក់​ឲ្យ​មាន​បាប ។

« កូន​ណា​មួយ​ដែល​ជឿ​ដល់ [ ព្រះយេស៊ូវ ] » រួម​បញ្ចូល​ទាំង​ពួក​សិស្ស​គ្រប់​ជំនាន់​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បន្ទាប​ខ្លួន ដែល​ទុកចិត្ត​លើ​ទ្រង់ ។ អ្នក​នោះ​ក៏​រួម​មាន​អស់​អ្នក​ដែល​មាន​ជំនឿ​នៅ​ខ្ចី ដូច​ជា​យុវវ័យ និង អ្នក​ប្រែចិត្ត​ជឿ​ថ្មី ។

អែលឌើរ ម៉ាក់ខនឃី បាន​ពន្យល់​ថា « វា​ជា​ការប្រសើរ​ជាង​បើ​ស្លាប់​ទៅ ហើយ​ត្រូវបាន​បដិសេធ​ពី​ពរជ័យ​នានា​នៃ​ការបន្ត​មាន​នូវជីវិត​រមែង​ស្លាប់ ជាជាង​រស់នៅ ហើយ​ដឹកនាំ​ព្រលឹង​ជា​ច្រើន​ចេញពី​សេចក្តីពិត » ហើយ​មាន​បទពិសោធន៍​នៃ​ការរងទុក្ខ​ដ៏ធ្ងន់ធ្ងរ ហើយ​បែកចេញ​ពី​ព្រះ​ដែល​បណ្តាល​មក​ពី​ទង្វើ​របស់​យើង (Doctrinal New Testament Commentary ១:៤២០ ) ។

គោលការណ៍​មួយ​ដែល​យើង​រៀន​ពី​ការព្រមាន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ម៉ាកុស ៩:៤២ គឺ​ថា ប្រសិន​បើ​យើង​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ដទៃ​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​មាន​បាប នោះ​យើង​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ ។

សូម​សញ្ជឹង​គិត​ពី​របៀប​នានា ដែល​មនុស្ស​ម្នាក់​អាច​ជះ​ឥទ្ធិពល​លើ​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​មាន​បាប ។

សូម​ពិចារណា​ពី​ឥទ្ធិពល​របស់​អ្នក លើ​មនុស្ស​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​កំពុង​តែ​ជះឥទ្ធិពល​លើ​ពួកគេ ដោយ​ដឹកនាំ​ជីវិត​របស់​ពួកគេ​ដើរ​ឆ្ពោះ​ទៅ​កាន់​ទ្រង់ ឬ នាំ​គេ​ងាកចេញ​ពី​ទ្រង់ ?

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​ជះឥទ្ធិពល​លើ​មនុស្ស​ដទៃ ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចៀសចេញ​ពី​អំពើ​បាប ។ សូម​គូរ​រង្វង់​លើ​គំនិត​ណា​មួយ ហើយ​ដាក់​គោលដៅ​ដើម្បី​អនុវត្ត​វា ។

សូម​ព្យាយាម​ចង ហើយ​ស្រាយ​ខ្សែ​ស្បែកជើង ក្រវ៉ាត់​-ក ឬ ចំណង​នានា​ដោយ​ប្រើ​តែ​ដៃ​ម្ខាង ។

តើ​ឧបសគ្គ​អ្វី​ខ្លះ​ដែល​អ្នក​នឹង​មាន ប្រសិន​បើ​អ្នក​ពិការ​ដៃ​ម្ខាង​នោះ ? តើ​ពេល​ណា​ទៅ ដែល​ការ​ស៊ូ​បាត់បង់​ដៃ​ម្ខាង​ប្រសើរ​ជាង​ទុក​ដៃ​ទាំង​ពីរឲ្យ​នៅ​នោះ ?

ការកាត់​អវៈអយៈ គឺជា​ការ​កាត់​ចេញ​នូវ​ផ្នែក​នៃ​រាងកាយ​ដោយ​ចេតនា ដូច​ជា​កាត់​ដៃ ឬ ជើង​ម្ខាង ដោយសារ​តែ​មក​ពី​ការ​រងរបួស​ធ្ងន់ធ្ងរ ជំងឺ ឬ រោគ​ឆ្លង ។ ទោះបីជា​ការកាត់​អវៈអយៈ ហើយ​ក្រោយ​ពី​ជា​សះស្បើយ​ជា​រឿង​ដែល​ឈឺចាប់ និង ប៉ះទង្គិច​អារម្មណ៍​យ៉ាង​ណា​ក្តី វា​អាច​ការពារ​ជំងឺ ឬ ការ​បង្ក​រោគ​នោះ​មិន​ឲ្យ​រាលដាល និង បណ្តាល​ឲ្យ​របួស​កាន់តែ​ធ្ងន់ធ្ងរ ឬ ស្លាប់ ។

សូម​អាន ម៉ាកុស ៩:៤៣ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បង្រៀន​ថា តើ​ពេល​ណា​ទៅ ដែល​ការ​ស៊ូ​បាត់បង់​ដៃ​ម្ខាង​ប្រសើរ​ជាង​ទុក​ដៃ​ទាំង​ពីរ​ឲ្យ​នៅ​នោះ ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ប្រៀបប្រដូច​ថា ស៊ូ​ឲ្យ​កំបុត​ដៃម្ខាង​វិញ ជា​ជាង​មាន​ដៃ​ទាំង​ពីរ នៅពេល​ដៃ​ម្ខាង​របស់​យើង​បាន​ជះឥទ្ធិពល​ដល់​យើង​ឲ្យ​មាន​បាប ហើយ​នឹង​បន្ត​ជះឥទ្ធិពល​ដល់​យើង​ឲ្យ​មាន​អំពើ​បាប ។ ទ្រង់​ពុំ​បាន​មាន​ព្រះបន្ទូល​ថា យើង​ត្រូវតែ​កាត់​ដៃ​ម្ខាង​របស់​យើង​ចេញ​ឡើយ ទ្រង់​បាន​ប្រើ​ព្រះបន្ទូល​ប្រៀបប្រដូច​ដើម្បី សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​អ្វី​ដែល​ទ្រង់​កំពុង​បង្រៀន ។ ព្រះយេស៊ូវ​បាន​ប្រើ​រូបភាព​នៃ​ការកាត់ដៃ​ម្ខាង​ដើម្បី​បង្ហាញ​ថា​តើ​វា​សំខាន់ និង លំបាក​ខ្លាំង​ប៉ុណ្ណា​ដើម្បី​ញែក​ខ្លួន​យើង​ចេញ​ពី​ឥទ្ធិពល​នៃ​ភាពទុច្ចរិត​មួយ​ចំនួន​នោះ ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បង្កើន​ការយល់​ដឹង​របស់​យើង​អំពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ម៉ាកុស ៩:៤៣–៤៨។ នៅក្នុង​ខគម្ពីរ​ទាំង​នេះ យើង​រៀន​ថា​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ដៃ ជើង និង ភ្នែក​ដើម្បី​ធ្វើ​ជា​និមិត្តសញ្ញា​នៃ​ឥទ្ធិពល​នៅក្នុង​ជីវិត​របស់​យើង ដែល​អាច​នាំ​យើង​ឲ្យ​ធ្វើ​អំពើ​បាប ។

រូបភាព
រូប​ឈើ
  1. សូម​គូរ​រូប​មនុស្ស នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​គូរ​រង្វង់​លើ​ដៃ ជើង និង ភ្នែក​ម្ខាងៗ​នៅលើ​រូប​ដែល​អ្នក​បាន​គូរ​នោះ ។ សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាកុស ៩:៤០–៤៨ ( នៅ​ក្នុង Bible appendix ) ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ បាន​ប្រៀបប្រដូច​ដៃ ជើង និង ភ្នែក​ម្ខាង​នោះ​ថា​បាន​ធ្វើ​ឲ្យ « រវាត​ចិត្ត » ដល់​នរណា​ម្នាក់ ឬ ជះឥទ្ធិពល​ដល់​នរណា​ម្នាក់​ឲ្យ​ធ្វើ​អំពើ​បាប ។ សូម​សរសេរ​ពាក្យ​នានា​ដែល​តំណាង​ឲ្យ​ដៃ ជើង និង ភ្នែក​ដែល​អ្នក​បាន​គូស​រង្វង់​លើ​រូប​ដែល​អ្នក​បាន​គូរ​នោះ ។ ( ពាក្យ ជីវិត នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ សំដៅ​ទៅ​លើ​ជីវិត​អស់កល្ប​ជានិច្ច ។

នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ដៃ​តំណាង​ឲ្យ​សមាជិក​គ្រួសារ និង មិត្តភក្ដិ​របស់​យើង ជើង​តំណាង​ឲ្យ​មនុស្ស​ដែល​យើង​ព្យាយាម​យក​គំរូ​តាម​ទាំង​របៀប​នៃ​ការគិត និង ទង្វើ​នានា ហើយ​ភ្នែក​តំណាង​ឲ្យ​អ្នក​ដឹកនាំ​របស់​យើង ។ សូម​សញ្ជឹង​គិត​ពី​របៀប​នានា ដែល​បំបែក​យើង​ចេញ​ពី​ឥទ្ធិពល​ទុច្ចរិត ឬ ឥទ្ធិពល​ដែល​ដឹកនាំ​យើង​ឲ្យ​ធ្វើ​អំពើ​បាប ឬ បាត់បង់​សេចក្តី​ជំនឿ ដែល​អាច​ស្រដៀង​ទៅ​នឹង​ការ​កាត់​ដៃ ឬ ជើង​ចេញ ។ យោង​តាម​ខគម្ពីរ​ដែល​អ្នក​បាន​អាន តើ​មាន​អ្វី​អាច​កើត​ឡើង ប្រសិន​បើ​យើង​ពុំ​ញែក​ខ្លួន​យើង​ចេញ​ពី​ឥទ្ធិពល​ទុច្ចរិត​នេះ ?

សូម​គិត​ពី​ការសរសេរ​សេចក្តីពិត​ខាង​ក្រោម​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ ម៉ាកុស ៩:៤៣–៤៨វា​ជា​ការ​ប្រសើរ​ជាង ដើម្បី​ញែក​ខ្លួន​យើង​ចេញ​ពី​ឥទ្ធិពល​ទុច្ចរិត​ទាំងឡាយ ជាជាង​ត្រូវ​បែកចេញ​ពី​ព្រះ​នៅ​ទីចុង​បញ្ចប់ ។

រូបភាព
អែលឌើរ វ៉លធើរ អែហ្វ ហ្គុងស្សាឡែស្ស

អែលឌើរ វ៉លធើរ អែហ្វ ហ្គុងស្សាឡែស្ស​នៃ​ពួក​ចិតសិប បាន​បង្រៀន​អំពី​ឥទ្ធិពល​ផ្សេងៗ ដែល​យើង​គួរតែ​ញែក​ខ្លួន​របស់​យើង​ចេញ​ពី​វា ៖ « ការកាត់ចេញ​នោះ​គឺ​មិន​គ្រាន់តែ​សំដៅលើ​ការកាត់ចេញ​ពី​មិត្តភក្តិ​តែ​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​សំដៅ​លើ​គ្រប់​ឥទ្ធិពល​អាក្រក់​ទាំងអស់ ដូច​ជា​កម្មវិធី​ទូរទស្សន៍ គេហទំព័រ​អ៊ិនធើរណែត ខ្សែ​ភាពយន្ត អក្សរសិល្ប៍ ល្បែង​កម្សាន្ត ឬ តន្ត្រី​ដែល​មិនសមរម្យ​ទាំងអស់ ។ ការ​ឆ្លាក់​គោលការណ៍​នេះ​នៅក្នុង​ព្រលឹង​របស់​យើង នឹង​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​ការល្បួង​ដែល​ទាក់ទាញ​ទៅ​រក​ឥទ្ធិពល​អាក្រក់ៗ​ទាំង​នោះ » (« Today Is the Time » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៥៥ ) ។

ការញែកខ្លួន​យើង​ចេញ​ពី​ឥទ្ធិពល​ទុច្ចរិត​ទាំងនេះ​ពុំ​មែន​មាន​ន័យ​ថា ប្រព្រឹត្តិ​ចំពោះ​មនុស្ស​ដទៃ​ដោយ​ច្រឡើសបើស កាត់ទោស​មនុស្ស​ដទៃ ឬ បដិសេធ​ពុំ​ចូលរួម​ជាមួយ​មនុស្ស​ដែល​ពុំមែន​ជា​សមាជិក​នៃ​សាសនាចក្រ​នោះ​ឡើយ ។ ផ្ទុយ​ទៅវិញ យើង​គួរតែ​ញែក​ខ្លួន​យើង​ចេញ​ពី ឬ ចៀសវាង​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ដែល​នឹង​នាំ​យើង​ឲ្យ​ប្រព្រឹត្តិ​អំពើ​បាប ។ ទោះបី​ជា​យើង​ពុំ​អាច​ដកចេញ ឬ ចៀសវាង​ពី​គ្រប់​ឥទ្ធិពល​នានា ដែល​អាច​នាំ​យើង​ឲ្យ​ប្រព្រឹត្តិ​អំពើ​បាប​ក្តី ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើង នៅពេល​យើង​ព្យាយាម​ញែក​ខ្លួន​របស់​យើង​ចេញ​ពី​ឥទ្ធិពល​អាក្រក់​នានា ដែល​យើង​អាច​ធ្វើ​បាន​ហើយ​នៅពេល​យើង​ព្យាយាម​ពង្រីក​ការដាក់​វិន័យ​ខ្លួន​ឯង ឲ្យ​ចៀសវាង​ពី​ឥទ្ធិពល​នានា​ដែល​យើង​ពុំ​អាច​ដកចេញ​ពី​យើង​ទាំង​ស្រុង​បាន​នោះ ។

សូម​ពិចារណា​ពី​ឧបសគ្គ​នានា​ដែល​យើង​អាច​ជួប តាមរយៈ​ការញែក​ខ្លួន​យើង​ចេញ​ពី​ឥទ្ធិពល​ទុច្ចរិត​ទាំងនោះ ។ តើ​យើង​អាច​ដឹង​ពី​របៀប​ដ៏​សមរម្យ​ដើម្បី ញែក​ខ្លួន​យើង​ចេញ​ពី​ឥទ្ធិពល​ទុច្ចរិត​ដោយ​របៀប​ណា ?

  1. សូម​អាន​ស្ថានភាព​ខាង​ក្រោម​នេះ ។ សូម​ឆ្លើយ​សំណួរ​ដែល​មាន​ទាំង​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

    1. ខ្ញុំ​មាន​មិត្ត​ច្រើន​ដែល​ជាញឹកញាប់​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ចូលរួម​នៅក្នុង​សកម្មភាព​ដែល​បំពាន​លើ​ព្រះបញ្ញត្តិ​របស់​ព្រះ ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​មាន​ឥទ្ធិពល​ល្អ​លើ​ពួកគេ ប្រសិន​បើ​ខ្ញុំ​បន្ត​ចំណាយ​ពេលនៅ​ជាមួយ​ពួកគេ ។ តើ​ទំនាក់ទំនង​បែប​ណា​ខ្លះ ដែល​ខ្ញុំ​គួរតែ​មាន​ជាមួយ​ពួកគេ ? តើ​ខ្ញុំ​គួរតែ​និយាយ និង ធ្វើ​អ្វី​ខ្លះ​ដើម្បី​ញែក​ខ្លួន​ខ្ញុំ​យ៉ាង​សមរម្យ​ចេញ​ពី​មិត្តភក្តិ​ទាំង​នេះ ?

    2. ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ដ៏​ល្បីល្បាញ​មួយ​ក្រុម​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ នៅក្នុង​តន្ត្រី​ថ្មីៗ​នេះ​របស់​ពួកគេ និង ក្នុង​ការសម្ភាសន៍​នានា ពួកគេ​បាន​បង្កើន​ឲ្យ​មាន​អាកប្បកិរិយា និង គំនិត​ដែល​ផ្ទុយ​ពី​បទដ្ឋាន និង ការ​បង្រៀន​របស់​ព្រះ ។ វា​គឺ​គ្រាន់តែ​ជា​តន្ត្រី និង ទំនុក​បទ​ចម្រៀង​នោះ​តែ​ប៉ុណ្ណោះ​មែនទេ ? ដូច្នេះ តើ​មាន​គ្រោះថ្នាក់​អ្វីខ្លះ​ទៅ ដែល​ខ្ញុំ​នៅ​បន្ត​ស្តាប់​តន្ត្រី​របស់​ពួកគេ ហើយ​តាមដាន​ពួក​គេ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នោះ ?

    3. ខ្ញុំ​នៅតែ​ស្តាប់​ឮ​ពី​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បីល្បាញ ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ចង់​មើល​វា ។ មាន​គេ​ប្រាប់​ខ្ញុំ​ថា មាន​ពាក្យ​សម្តី​មួយ​ចំនួន​ដែល​ពុំ​សមរម្យ និង គ្មាន​សីលធម៌ ព្រម​ទាំង​មាន​រូបភាពនៃ​អំពើ​ហិង្សា ប៉ុន្តែ​វា​ពុំមែន​ថា​ខ្ញុំ​នឹង​ទៅ ហើយ​ទាក់ទង​នឹង​ការណ៍​អាក្រក់​ទាំង​នោះ​ដែល​ខ្ញុំ​ឮ ឬ ឃើញ​នោះ​ឡើយ ។ ដូច្នេះ​តើ​វា​នឹង​មាន​បញ្ហា​អ្វី ប្រសិន​បើ​ខ្ញុំ​នៅតែ​មើល​វា​នោះ ?

ទោះបី​ជា​ពេលខ្លះ ការញែក​ខ្លួន​យើង​ចេញ​ពី​ឥទ្ធិពល​ដែល​នាំ​យើង​ឲ្យ​ប្រព្រឹត្តអំពើ​បាប អាច​មាន​ការលំបាក​ក្តី តែ​ហេតុអ្វី​រង្វាន់​ទាំង​នោះ ដែល​រួម​មាន​ទាំង​ជីវិត​អស់​កល្ប​ជានិច្ច​ផង សក្តិសម​នឹង​ការលះបង់​នេះ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពេលណា​ដែរ ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បាន​ជ្រើសរើស​ដើម្បី​ញែក​ខ្លួន​ចេញ​ពី​ឥទ្ធិពល​ទុច្ចរិត​នោះ ? ( សូម​ចៀសវាង​សរសេរ​អ្វី​ដែល​វា​ជា​រឿង​ផ្ទាល់ខ្លួន ឬ សម្ងាត់​ពេក ) ។

    2. តើ​ពរជ័យ​អ្វីខ្លះ​ដែល​ទទួល​បាន​ពី​ការធ្វើ​បែប​នោះ ?

សូម​សញ្ជឹង​គិត ថាតើ​ឥទ្ធិពល​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក​អាច​កំពុង​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ​ឬ​ទេ ។ សូម​សរសេរ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ពីរបៀប​ដែល​អ្នក​នឹងញែក​ខ្លួន​អ្នក​ចេញ​ពី​ឥទ្ធិពល​ទាំង​នោះ ។ សូម​ទុក​ក្រដាស​នោះ នៅ​ទីកន្លែង​ដែល​អ្នក​អាច​មើល​ឃើញ​វា​ញឹកញាប់ ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាកុស ៩:៣០–៥០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖