បណ្ណាល័យ
មេរៀន​ទី ៩ ថ្ងៃ​ទី ១ ៖ ម៉ាកុស ១០-១៦


មេរៀន​ទី ៩ ៖ ថ្ងៃ​ទី ១

ម៉ាកុស ១០-១៦

សេចក្តីផ្តើម

នៅ​ជិត​ចុង​បញ្ចប់​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ចេញពី​ស្រុកកាលីឡេ ហើយ​បាន​យាង​កាត់​ស្រុកពៀរេ ជា​តំបន់​មួយ​ភាគ​ខាង​កើត​នៃ​ទន្លេ​យ័រដាន នៅតាម​ផ្លូវ​របស់​ទ្រង់​ទៅ​ទីក្រុង​យេរូសាឡិម ។ អំឡុង​ពេល​នៅ​ស្រុក​ពៀរេ ទ្រង់​បាន​ហៅ​កូនក្មេង​តូចៗ​មក​ឯទ្រង់ ហើយ​ទូន្មាន​ឲ្យ​កំឡោះ​អ្នក​មាន​ម្នាក់​ឲ្យ​លក់​នូវ​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​គាត់មាន ហើយ​ដើរ​តាម​ទ្រង់ ។ នៅ​ក្រុង​យេរូសាឡិម​ព្រះអង្គសង្គ្រោះ បាន​សង្កេត​ឃើញ​ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់ ដែល​បាន​ដាក់​ប្រាក់​ពីរស្លឹង​នៅក្នុង​ឃ្លាំង​ព្រះវិហារ​បរិសុទ្ធ ។ ក្រោយមក ខណៈ​ដែល​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ភូមិ​បេថានី ម៉ារា​បាន​ចាក់ប្រេង​ឲ្យ​ព្រះយេស៊ូវ​ក្នុង​ការៀបចំ​សម្រាប់​ការ​សុគត​របស់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី ហើយ​ក្រោយមក​ទ្រង់​ត្រូវ​បានគេ​កាត់ទោស ហើយ​ដាក់ទោស​ដល់​សុគត ។ បន្ទាប់ពី​ទ្រង់​បាន​សុគត​នៅលើ​ឈើ​ឆ្កាង ហើយ​បាន​រស់ឡើងវិញ នោះ​ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​មក​ឲ្យ​ពួក​សាវក​របស់​ទ្រង់​ឃើញ ហើយ​បាន​បញ្ជា​ពួកគេ​ឲ្យ​នាំ​ដំណឹងល្អ​ទៅ​កាន់​ពិភពលោក ។

ម៉ាកុស ១០:១-១៦

ព្រះយេស៊ូវ​បង្រៀន​អំពីគោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ ហើយ​ហៅ​កូន​ក្មេង​តូចៗ​មក​ឯ​ទ្រង់

រូបភាព
កុមារ​តូចៗ​កំពុង​លេង
រូបភាព
កុមារ​តូចៗ​នៅ​ជុំវិញ​គ្រូបង្រៀន
រូបភាព
កុមារ​តូចៗកំពុង​សម្ដែង​រឿង​ប្រសូតកម្ម

សូម​គិត​ពី​ក្មេងតូចៗ​ដែល​អ្នក​ស្គាល់ ។

តើ​គុណសម្បត្តិ ឬ​ចរិតលក្ខណៈ​អ្វីខ្លះ​ដែល​អ្នក​សរសើរ​ដល់​កូនក្មេង​តូចៗ ?

នៅពេល​អ្នក​សិក្សា ម៉ាកុស ១០:១–១៦សូម​រកមើល​សេចក្តីពិត​មួយ​ដែល​បង្រៀន​ពី​មូលហេតុ​ដែល​យើង​គួរប្រែ​ដូច​ជា​កូនក្មេង​តូចៗ ។

នៅក្នុង ម៉ាកុស ១០:១-១២ យើង​បាន​អាន​អំពី​អ្វីដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ប្រជាជន​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​អាច​ត្រឡប់​ទៅ​មើល​មេរៀន​នៅ ម៉ាថាយ ១៩:១–១២

ទាក់ទង​នឹង​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​អំពី​អាពាហ៍ពិពាហ៍ និង ការលែងលះ​នៅក្នុង ម៉ាថាយ ១៩:១–១២ និង ម៉ាកុស ១០:១–១២អែលឌើរ ប៊្រូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« ដូច​អ្វី​ដែល​បាន​កត់ត្រា​នៅទីនេះ នោះ​ការបង្រៀន​របស់​ព្រះអម្ចាស់​របស់​យើង​អំពី​អាពាហ៍ពិពាហ៍ និង លែងលះគ្នា​គឺ​ជា​ផ្នែក​តូច​មួយ ហើយ​ពុំ​ពេញលេញ​ឡើយ ។ ការបង្រៀន​ទាំងនេះ​អាច​យល់​បាន លុះត្រាតែ​នៅពេល​បាន​ពិចារណា​ជាមួយ​ក្រឹត្យវិន័យ​អាពាហ៍ពិពាហ៍​សេឡេស្ទាល ដូចដែល​បាន​បើក​សម្តែង​ជា​ថ្មី​នៅ​ក្នុង​សម័យ​ទំនើប​នេះ ។ គោលការណ៍​ទូទៅ​ដូចគ្នា​ទាំង​នេះ ដែល​គ្រប់គ្រង​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្បជានិច្ច ត្រូវ​បាន​ដឹង ហើយ​យល់​ដោយ​ពួក​សិស្ស ព្រម​ទាំងពួក​ផារិស៊ី​បន្តិចបន្តួច​ផងដែរ ក្នុង​ជំនាន់​ព្រះយេស៊ូវ ។ ប៉ុន្តែ​ដំណើរ​រឿង​នៅ​ទីនេះ បាន​រក្សា​ទុក​ដោយ​ម៉ាថាយ និង ម៉ាកុស អំពី​ការពិភាក្សា​របស់​ព្រះអម្ចាស់ ទាក់ទង​នឹង​អាពាហ៍ពិពាហ៍ និង ការលែងលះ​គឺ​វា​ខ្លី ហើយ​កាត់​ដែល​វា​ពុំ​បាន​ផ្តល់​ព័ត៌មាន​ច្បាស់​ពី​បញ្ហា​នោះ​ឡើយ ។ …

« …ការលែងលះ​មិនមែន​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ដំណឹង​ល្អ​ឡើយ ទោះបី​ជាវា​ជា​អាពាហ៍ពិពាហ៍​បែប​ណា​ក៏​ដោយ ។ ប៉ុន្តែ​ដោយសារ​មនុស្ស​ដែល​អនុវត្ត មិន​តែងតែ​រស់នៅ​ឲ្យ​ស្រប​តាមបទដ្ឋាន​ដំណឹង​ល្អ​ឡើយ នោះ​ព្រះអម្ចាស់​អនុញាត​ឲ្យ​មាន​ការលែងលះ​សម្រាប់​មូលហេតុ​មួយ ឬ ផ្សេង​ទៀត ដោយ​ពឹង​ផ្អែក​លើ​ស្ថេរភាព​ខាង​វិញ្ញាណ​របស់​មនុស្ស​ដែល​ពាក់ព័ន្ធ ។ … តាម​របៀប​នេះ​ការលែងលះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្រប​ជាមួយ​ច្បាប់​ស៊ីវិល ហើយ​បុគ្គល​ដែល​បាន​លែងលះ​គ្នា​ត្រូវបាន​អនុញ្ញាត ដោយ​សាសនាចក្រ​ឲ្យ​រៀបការ​ម្តង​ទៀត ដោយ​គ្មាន​ប្រឡាក់​ភាពអសីលធម៌​ដែល​នៅក្រោម​ប្រព័ន្ធ​ដ៏ខ្ពស់ ដែល​ចូលរួម​ក្នុ​ងដំណើរការ​នេះ » (Doctrinal New Testament Commentary, ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៥៤៦–៤៧ ) ។

សូម​អាន ម៉ាកុស ១០:១៣-១៤ដោយ​រក​មើល​អ្វី​ដែល​បាន​កើត​ឡើង នៅពេល​មនុស្ស​មួយ​ចំនួន បាន​នាំ​កូនក្មេង​តូចៗ​មក​ជួប​ទ្រង់ ។

សូម​អាន ម៉ាកុស ១០:១៥-១៦ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ពួកសិស្ស​របស់​ទ្រង់ នៅពេល​ទ្រង់​បាន​ហៅ​កូន​ក្មេង​តូចៗ​មក​ឯ​ទ្រង់ ។ ឃ្លា « ទទួល​នគរ​ព្រះ » នៅក្នុង ខ​ទី ១៥ សំដៅ​ទៅលើ​ការ​ទទួល​ដំណឹងល្អ និង ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ។

ផ្អែក​លើ​ខគម្ពីរ​ទាំង​នេះ ​តើ​​អ្វី​ដែល​នឹង​កើតឡើង នៅពេល​យើង​ទទួល​ដំណឹងល្អ​ដូចជា​កូន​ក្មេង​តូចៗ ? សូម​ឆ្លើយ​សំណួរ​នេះ ដោយ​បំពេញ​គោលការណ៍​ខាងក្រោម​នេះ ៖ នៅពេល​យើង​ទទួល​យកដំណឹងល្អ​ដូច​ជា​កូនក្មេង​តូចៗ នោះ​យើងនឹង​ត្រូវបាន​រៀប​ចំ​ដើម្បី  ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា ដើម្បី​ទទួល​ដំណឹងល្អ « ដូច​កូន​ក្មេង​មួយ​នេះ » (ម៉ាកុស ១០:១៥) ?

    2. ប្រសិន​បើ​នរណា​ម្នាក់​បាន​ទទួល​ដំណឹង​ល្អ​ដូច​ជា​កូនក្មេង​ម្នាក់​នេះ តើ​អ្នក​គិត​ថា​គាត់​នឹង​អាន​ព្រះគម្ពីរ អធិស្ឋាន និង ថ្វាយ​បង្គំ​ក្នុង​សាសនាចក្រ​ដោយ​របៀប​ណា ?

ម៉ាកុស ១០:១៧-៤៥

ព្រះអង្គសង្គ្រោះ​ក៏​បាន​ដាស់​តឿន ដល់កំឡោះ​អ្នក​មាន​ម្នាក់​ឲ្យ​លក់​នូវ​ទ្រព្យសម្បត្តិ​ទាំងអស់​ដែលគាត់មាន ហើយ​ដើរ​តាម​ទ្រង់ ទ្រង់​បាន​ប្រទាន​ព្រះឱវាទ​ដល់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​បម្រើ​គ្នា​ទៅវិញ​ទៅមក

សូម​អាន ម៉ាកុស ១០:១៧-២០ដោយ​រក​មើល​អ្វី​ដែល​បាន​កើត​ឡើង បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ប្រទាន​ពរ​ដល់កូន​ក្មេងតូចៗ​ទាំង​នោះ ។ សូម​គិត​ពី​ការគូស​ចំណាំ​នូវ​សំណួរ​ដែល​កំឡោះ​ម្នាក់​នោះ​បាន​សួរ​ព្រះអង្គសង្គ្រោះ និង របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​តប​មក​វិញ ។

តើ​អ្នក​ពិពណ៌នា​អំពី​កំឡោះ​ម្នាក់​ដែល​មក​រក​ព្រះយេស៊ូវ​យ៉ាង​ដូចម្ដេច ?

ម៉ាថាយ ១៩ ក៏​មាន​នូវ​ដំណើរ​រឿង​អំពី​កំឡោះ​ម្នាក់​នេះ​មក​រក​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។ សូម​អាន ម៉ាថាយ ១៩:២០ដោយ​រកមើល​របៀប​ដែល​កំឡោះ​នោះ​បាន​ឆ្លើយ​ចំពោះ​ការក្រើន​រំឭក​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​គោរព​ព្រះបញ្ញត្តិ​នានា ។ អ្នក​អាច​ចង់​គូសចំណាំ​សំណួរ​បន្ថែម​របស់​កម្លោះ​នោះ​ដែល​បាន​សួរ​ទ្រង់ ។

  1. សូម​សរសេរ​សំណួរ​ខាងក្រោម នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​នៅ​ខ្វះ​អ្វី​ទៀត ? អ្នក​នឹង​ឆ្លើយ​សំណួរ​បន្ថែម​ទៀត​ទាក់ទង​នឹង​សំណួរ​នេះ​នៅពេល​ក្រោយ​ក្នុង​មេរៀន​នេះ ។

សូម​អាន ម៉ាកុស ១០:២១ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ឆ្លើយ​តប​ចំពោះ​កំលោះ​នេះ ។

សូម​កត់ចំណាំ​ឃ្លា « ទ្រង់​ទត​ទៅ​គាត់ ដោយ​ស្រឡាញ់ » នៅក្នុង ខ​ទី ២១។ ហេតុអ្វី​អ្នក​គិត​ថា​វា​សំខាន់​ដើម្បី​ដឹង​ថា ព្រះយេស៊ូវ​ស្រឡាញ់​កំលោះ​រូប​នេះ មុនពេល​ទ្រង់​ប្រាប់​គាត់​នូវ​អ្វី​ដែល​គាត់​ខ្វះខាត​នោះ ?

ចេញ​ពី​ខគម្ពីរ​ទាំង​នេះ​យើង​អាច​រៀន​ថា ដោយសារ​ទ្រង់​ស្រឡាញ់​យើង នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ដឹង​នូវ​អ្វី​ដែល​យើង​ខ្វះខាត​នៅក្នុង​ការខិតខំ​ដើរ​តាម​ទ្រង់ ហើយ ប្រសិនបើ​យើង​ទូលសួរ​ដល់ព្រះអម្ចាស់ នោះទ្រង់​នឹង​បង្រៀន​យើង​អំពីអ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ទទួលគ្រង​ជីវិត​អស់កល្បជានិច្ច ។

សូម​អាន ម៉ាកុស ១០:២២ដោយ​រកមើល​នូវ​របៀប​ដែល​កំលោះ​នោះ​បាន​ប្រតិកម្ម នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​ផ្តល់​ព្រះឱវាទ​ឲ្យ​គាត់​លក់​ទ្រព្យ​សម្បត្តិ​ទាំងអស់​ដែល​គាត់មាន ។ យោងតាម ខ​ទី ២២តើ​ហេតុអ្វី​បាន​ជា​គាត់​មាន​ប្រតិកម្ម​តាម​របៀប​នោះ ?

ខណៈ​ដែល​យើង​មិន​ត្រូវ​បាន​សុំ​ឲ្យ​បោះបង់​ចោល​ទ្រព្យ​ដ៏​ច្រើន​របស់​យើង ដើម្បី​ដើរតាម​ព្រះអម្ចាស់​ក្តី នោះ​ទ្រង់​បាន​សុំ​ឲ្យ​យើង​ធ្វើ​ការលះបង់​ផ្សេងទៀត ដើម្បី​បម្រើ​ទ្រង់ ហើយ​គោរពតាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

  1. នៅ​ក្រោម​សំណួរ « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការលះបង់​មួយ​ចំនួន​ណា​ខ្លះ ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​យើង​លះបង់ ដែល​អាច​នឹង​ពិបាក​ធ្វើ ?

    2. សូម​សរសេរ​អំពី​ការ​លះបង់​មួយ ដែល​ព្រះអម្ចាស់​បានសុំ​( ឬ កំពុង​សុំ ) ពី​អ្នក ដែល​អាច​នឹង​ពិបាក​ធ្វើ ។

សូម​ពិចារណា​ប្រកប​ដោយការ​អធិស្ឋាន​ទៅលើ​សំណួរ « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » ហើយ​គោរព​តាម​ការបំផុស​គំនិត​នានា ដែល​អ្នក​អាច​ទទួល​បាន​ទាក់ទង​នឹង​ការលះបង់ ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​អ្នក​លះបង់ ។

សូម​អាន ម៉ាកុស ១០:២៣-២៧។ សូម​កត់ចំណាំ​ពី​ភាព​ច្បាស់លាស់​នៃ​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ដែល​បង្ហាញ​ពី​អ្វី ដែល​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​នៅក្នុង ខ​ទី ២៧ ដោយ​អាន ម៉ាកុស ១០:២៧ លេខ​យោង រក​មើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​ការទុក​ចោល​អ្វីៗ​ទាំងអស់​ដើម្បី​ប្រយោជន៍​ទ្រង់ ។

ហេតុអ្វី​អ្នក​គិត​ថា វា​ពិបាក​ដើម្បី​ឲ្យ​អ្នក​ទាំងឡាយ​ដែល​ផ្តោត​ចិត្ត​ទៅលើ​ទ្រព្យ ឬ​របស់​ខាង​លោកិយ​ដទៃ​ទៀត​ឲ្យ​ចូល​ក្នុង​នគរ​ព្រះ ? តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា ដែល​រឿង​គ្រប់​យ៉ាង​អាច​ធ្វើ​បាន​ទាំងអស់​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ទុក​ចិត្ត​លើ​ព្រះ ?

សូម​អាន ម៉ាកុស ១០:២៨–៣១ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​សន្យា ចំពោះ​អ្នក​ទាំងឡាយ​ដែល​ស្ម័គ្រចិត្ត​លះបង់​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ដើរ​តាមទ្រង់ ។ សូម​កត់ចំណាំ​ពី​ភាព​ច្បាស់លាស់​នៃ​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ដែល​បង្ហាញ​ពី​អ្វី ដែល​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​នៅក្នុង ខទី ៣១ ដោយ​អាន ម៉ាកុស ១០:៣១ លេខ​យោង ក ។

ចេញ​ពី​ខគម្ពីរ​ទាំងនេះ​យើង​រៀន​នូវ​គោលការណ៍​ខាង​ក្រោម​នេះ ៖ ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្បជានិច្ច យើង​ត្រូវ​តែ​មាន​ឆន្ទៈ​លះបង់​ចោល​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​តម្រូវ​ពី​យើង ។

ហេតុអ្វី​ជីវិត​អស់​កល្បជានិច្ច​មាន​តម្លៃ​សម​នឹង​ការលះបង់ ដែល​យើង​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ ?

នៅក្នុង ម៉ាកុស ១០:៣៥–៤៥ យើង​រៀន​ថា​យ៉ាកុប និង យ៉ូហាន​បាន​សួរ​ព្រះយេស៊ូវ ប្រសិនបើ​ពួកគេ​អាច​អង្គុយ​នៅក្នុង​តំណែង​ដែល​មាន​កិត្តិយស នៅ​ឯ​ព្រះហស្ត​ខាង​ស្តាំ និង ខាង​ឆ្វេង​នៅក្នុង​នគរ​អស់​កល្បជានិច្ច ។ បន្ទាប់មក ព្រះអង្គ​សង្គ្រោះបាន​បង្រៀន​ពួក​សាវក​ដប់ពីរ​នាក់​ថា ពួកគេ​ពុំ​ត្រូវ​ធ្វើ​ដូច​ជា​អ្នក​ដឹកនាំ​នៃ​សាសន៍​ដទៃ​ឡើយ ដែល​បាន​ប្រើ​អំណាច​លើ​មនុស្ស​ដទៃ ។ អស់​អ្នក​ដែល​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​នគរព្រះ​គឺ​ជា​អ្នក​បម្រើ​នៃ​មនុស្ស​ទាំង​អស់ ។

ម៉ាកុស ១១-១៣

ព្រះអង្គ​សង្គ្រោះ​បង្រៀន​នៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​សង្កេត​ឃើញ​ស្ត្រី​មេម៉ាយ​ម្នាក់បាន​ដាក់ប្រាក់​ពីរ​ស្លឹង​ទៅក្នុង​ឃ្លាំង​ព្រះវិហារ​បរិសុទ្ធ

នៅក្នុង​ស្ថានភាព​នីមួយៗ​ខាង​ក្រោម​នេះ មាន​មនុស្ស​ពីរនាក់​បាន​ថ្វាយ​ដង្វាយ​ដល់​ព្រះអម្ចាស់ ។ សូម​គិត​ពី​ភាព​ខុស​គ្នា​នានា រវាង​ការថ្វាយ​ដង្វាយ​នេះ​នៅក្នុង​ស្ថានភាព​និមួយៗ ។

  • ស្ត្រី​ម្នាក់​បាន​ឲ្យ​ប្រាក់​ដ៏​ច្រើន​ដល់​ប៊ីស្សព​ជា​ដង្វាយ​តមអាហារ ។ ស្ត្រី​ម្នាក់​ទៀត​បាន​រស់នៅ​ក្នុង​វួដ​ដូចគ្នា បាន​ឲ្យ​ប្រាក់​ដល់​ប៊ីស្សព​ក្នុង​ចំនួន​តិច​បំផុត​មួយ​ជា​ដង្វាយ​តមអាហារ​របស់​គាត់ ។

  • បុរស​ម្នាក់​បម្រើ​ជា​ប្រធាន​ស្ដេក ។ បុរស​ម្នាក់​ទៀត​នៅក្នុង​ស្ដេក​ដូចគ្នា​បម្រើ​ជា​គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋមសិក្សា ។

តើ​មនុស្ស​ម្នាក់​អាច​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច ប្រសិន​បើ​ដង្វាយ​របស់​ពួកគាត់​ថ្វាយ​ទៅ​ព្រះអម្ចាស់​មាន​ចំនួន​តិចតួច នៅពេល​ប្រៀបធៀប​នឹង​ការ​ថ្វាយដង្វាយ​របស់​អ្នក​ដទៃ ?

នៅពេល​អ្នក​សិក្សា ម៉ាកុស ១១-១៣សូមរក​មើល​សេចក្តី​ពិត​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​របៀប​ដែល​ព្រះអម្ចាស់​ទត​មើល​ចំពោះ​ដង្វាយ​របស់​អ្នក​ចំពោះ​ទ្រង់ ។

រូបភាព
The Triumphal Entry

នៅក្នុង ម៉ាកុស ១១:១-១២:៤០ យើង​រៀន​ថា​នៅពេល​ព្រះអង្គសង្គ្រោះ​ជិត​ចូល​ដល់​ចុងបញ្ចប់​នៃ​ការ​បម្រើ​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ នោះទ្រង់​បាន​ធ្វើ​ដំណើរ​ចូល​ទៅក្នុងទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ បាន​បណ្តេញ​អ្នក​ដូរ​ប្រាក់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ចេញ ហើយ​បាន​បង្រៀន​មនុស្ស​នៅទីនោះ ។

ខណៈ​ដែល​ព្រះយេស៊ូវ​គង់នៅ​ព្រះវិហារ​បរិសុទ្ធ នោះ​ទ្រង់​បាន​ទត​ឃើញ​បុគ្គល​ទាំងឡាយ​ដែល​បាន​ដាក់​ប្រាក់​ទៅ​ក្នុង​ឃ្លាំង​ព្រះវិហារ​បរិសុទ្ធ ជា​ដង្វាយ​ដល់​ព្រះ ។​ សូម​អាន ម៉ាកុស ១២:៤១–៤៤ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ទត​ឃើញ​នៅ​ឯ​ឃ្លាំង​នោះ ។

តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​អ្វីខ្លះ អំពី​ដង្វាយ​របស់​ស្ត្រីមេម៉ាយ​នោះដោយ​ប្រៀបធៀប​ទៅនឹង​ដង្វាយ​របស់​អ្នក​ផ្សេង​ទៀត ?

សូម​គិត​ពី​កាក់​ប្រាក់​ជាមួយ​នឹង​តម្លៃ​ដ៏​ទាប​បំផុត​នៃ​រូបិយប័ណ្ណ​នៃ​ប្រទេស​របស់​អ្នក ។ ប្រាក់ មួយ​ស្លឹង គឺ​ជា « កាក់​ស្ពាន់​ដ៏​តិចបំផុត​ដែល​ពួក​សាសន៍​យូដា​បាន​ប្រើ » ( Bible Dictionary « Money ») ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​អ្នក​គិត​ថា ព្រះអង្គសង្គ្រោះ​ចាត់​ទុក​ដង្វាយ​របស់​ស្ត្រី​មេម៉ាយ​នោះ ច្រើន​ជាង​ដង្វាយ​របស់​មនុស្ស​ផ្សេង​ទៀត ?

ផ្អែកទៅ​លើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​ស្ត្រីមេម៉ាយ យើង​អាច​រៀន​នូវ​គោលការណ៍​ខាង​ក្រោម ៖ ប្រសិនបើ​យើង​ស្ម័គ្រចិត្ត​ដើម្បី​ផ្ដល់​អស់​ទាំង​អ្វី​ដែល​យើង​មាន​ថ្វាយ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ទទួល​យក​ដង្វាយ​របស់​យើង ទោះ​បើវា​មាន​ចំនួន​តិច បើ​ប្រៀប​ទៅនឹង​អ្នក​ដទៃ​ក្ដី ។

វា​តម្រូវ​ឲ្យ​មាន​ជំនឿ​ដើម្បី​ថ្វាយ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​មាន​ចំពោះ​ព្រះអម្ចាស់ ។ គោលការណ៍​នៃ​ការលះបង់​នេះ​ត្រូវបាន​បង្រៀន​នៅក្នុង Lectures on Faith ( ការបង្រៀន​ពី​សេចក្តីជំនឿ ) ៖ « ចូរ​យើង​នៅ​ទីនេះ​ឲ្យ​អង្កេត​មើល​ថា សាសនា​មួយ​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​លះបង់​អ្វីសោះ នឹង​ពុំ​មាន​អំណាច​គ្រប់គ្រាន់ ដើម្បី​បង្កើត​សេចក្ដីជំនឿ​ដ៏​ចាំបាច់​សម្រាប់​ជីវិត និង សេចក្ដី​សង្គ្រោះ​ឡើយ » (Lectures on Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៦៩ ) ។

នៅក្នុង ម៉ាកុស ១៣ យើង​រៀន​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ពួកសាវក​របស់​ទ្រង់​អំពី​ការយាង​មក​ជា​លើក​ទីពីរ ។ អ្នក​បាន​រៀន​ពី​ចំណុច​នេះ​នៅក្នុង​យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ( សូមមើល​មេរៀន​សម្រាប់​មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ២ ) ។

ម៉ាកុស ១៤:១-៩

ម៉ារា​បាន​ចាក់​ប្រេង​ឲ្យ​ព្រះអង្គ​សង្គ្រោះ

បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ពួកសិស្ស​របស់​ទ្រង់ អំពី​ទីសម្គាល់​នៃ​ការ​យាងមក​ជា​លើក​ទីពីរ នោះ​ទ្រង់​បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម ហើយ​បាន​ចេញ​ទៅ​ភូមិ​បេថានី ទៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ដែល​ពីមុន​បាន​រងទុក្ខ​ដោយ​ជំងឺ​ឃ្លង់ ។ អំឡុង​ពេល​សប្តាហ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ទ្រង់​បាន​យាង​ចុះឡើង​ជា​ច្រើន​ដង​ពី​ភូមិ​បេថានី​ទៅ​ក្រុង​យេរូសាឡិម ។

សូមអាន ម៉ាកុស ១៤:៣ និង យ៉ូហាន ១២:៣ដោយ​រកមើល​អ្វី​ដែល​ជា​សកម្មភាព​នៃ​សេចក្តី​ជំនឿ និង សេចក្តី​ស្រឡាញ់​របស់​ម៉ារា​ដែល​បាន​ធ្វើ​ចំពោះ​ព្រះយេស៊ូវ ។

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង ៖ « ដើម្បី​ចាក់​ប្រេង​លើ​សិរសា​របស់​ភ្ញៀវ​ម្នាក់​ដោយ​ប្រេង​ធម្មតា គឺ​ធ្វើ​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​ទ្រង់ ដើម្បី​ចាក់​ប្រេង​នៅលើ​ព្រះ​បាទា​ទ្រង់​ក៏​បង្ហាញ​ពី​ទីសម្គាល់ [ ដែល​គួរ​ឲ្យ​កត់​សម្គាល់ ]​នៃ​ការគោរព​ខុស​ពី​ធម្មតា ប៉ុន្តែ​ការចាក់ប្រេង​លើ​សិរសា និង​ព្រះបាទា​ដោយ​ប្រេង​ទេព្វិរូ ហើយ​ដោយ​ច្រើន​ដូច្នេះ គឺ​ជា​ទង្វើ​នៃ​ការគោរព​បូជា​ដោយ​កម្រ​សូម្បី​តែ​ចំពោះ​ស្ដេច ។ ទង្វើ​របស់​ម៉ារា គឺជា​ការបង្ហាញ​នូវ​ការស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់ វា​គឺ​ជា​ក្លិន​ក្រអូប​ដែល​ចេញ​មកពី​ក្នុង​ដួងចិត្ត​ពោរពេញ​ដោយ​ការថ្វាយបង្គំ និង​សុច្ឆន្ទៈ » (Jesus the Christ បាន​បោះពុម្ព​ជា​លើក​ទី ៣ [ឆ្នាំ ១៩១៦ ] ទំព័រ ៥១២ ) ។

សូម​មើល ម៉ាកុស ១៤:៤–៩សារចុះ​សារឡើង រកមើល​របៀប​ដែល​មនុស្ស​មួយ​ចំនួន​នៅពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច បាន​មាន​ប្រតិកម្ម​ចំពោះ​អ្វី​ដែល​ម៉ារា​បាន​ធ្វើ ។

តើ​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ចំពោះ​អស់​អ្នក​ដែល​រិះគន់​ដល់​ម៉ារា​យ៉ាង​ដូចម្តេច ?

ឃ្លា « នាង​បាន​ធ្វើ​ការនេះ ជា​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ » នៅក្នុង ខ​ទី ៦ បង្ហាញ​ថា​ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ជាមួយ​អ្វី​ដែល​ម៉ារា​បាន​ធ្វើ ។ ឃ្លា « នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន » នៅក្នុង ខទី ៨ បញ្ជាក់​ថា ម៉ារា​បាន​ថ្វាយ​អស់​ពី​លទ្ធភាព​របស់​នាង​ទៅ​ព្រះអម្ចាស់ ។

ចេញ​ពី ខគម្ពីរ​ទាំង​នេះ​យើង​រៀន​ថា ព្រះអង្គ​សង្គ្រោះ សព្វព្រះទ័យ​នៅពេល​យើង​ថ្វាយ​អស់​ពី​លទ្ធភាព​របស់​យើង​ទៅ​ទ្រង់ ។

  1. សូម​ពិចារណា​គោលការណ៍​នេះ និង គោលការណ៍​មុន​ដែល​យើង​បាន​រកឃើញ​ចេញ​ពី​ដំណើរ​រឿង​ប្រាក់​ស្លឹង​របស់​ស្ត្រី​មេម៉ាយ ហើយ​សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ពន្យល់​ពី​របៀប​ដែល​ការជឿ​ទៅលើ​សេចក្ដីពិត​ទាំងនេះ អាច​ជួយ​អស់​អ្នក​ដែល​មាន​អារម្មណ៍​ថា ពួកគេ​ពុំបាន​ថ្វាយ​ច្រើន​ដល់​ព្រះអម្ចាស់​ឡើយ ។

    2. សូម​ពិពណ៌នា​ពី​គ្រា​មួយ នៅពេល​អ្នក​បាន​ឃើញ​នរណា​ម្នាក់​ថ្វាយ​អស់​ពី​លទ្ធភាព​របស់​គាត់​ចំពោះ​ព្រះអម្ចាស់ ។

សូម​គិតមើល​ថា​តើ​អ្នក​កំពុងតែ​ថ្វាយ​អស់​ពីលទ្ធភាព​របស់​អ្នក​ចំពោះ​ព្រះអម្ចាស់​ឬ​អត់ ។ សូម​ជ្រើសរើស​កត្តា​មួយ​នៃ​ជីវិត​របស់អ្នក ដែល​អ្នក​អាច​កែលម្អ ហើយ​ដាក់​គោលដៅ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ថ្វាយ​អស់ពី​លទ្ធភាព​ដល់​ព្រះអម្ចាស់ ។

ម៉ាកុស ១៤:១០-១៦:២០

ព្រះយេស៊ូវ​ចាប់ផ្ដើម​ដង្វាយធួន​របស់​ទ្រង់ នៅពេល​ទ្រង់​រងទុក្ខ​នៅ​ច្បារ​គែតសេម៉ានី ទ្រង់​បានត្រូវ​យូដាស​អ៊ីស្ការីយ៉ុត​ក្បត់ ហើយ​បាននាំ​ទៅ​ឈរ​ចំពោះ​មុខ​ពួកអ្នក​ដឹកនាំ​យូដា

នៅក្នុង ម៉ាកុស ១៤:១០–១៦:២០ យើង​រៀន​ថា​ព្រះយេស៊ូវ និង ពួកសាវក​បាន​គោរព​តាម​បុណ្យ​រំលង ហើយ​ព្រះយេស៊ូវ​បាន​ណែនាំ​ពី​និមិត្តរូប​នៃ​ពិធី​សាក្រាម៉ង់ ។ ក្រោយមក​ពួកគេ​បាន​ទៅ​ច្បារ​គែតសេម៉ានី ជា​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​រងទុក្ខ​ចំពោះ​អំពើបាប​របស់​យើង ។ ក្រោយមក ទ្រង់​ត្រូវ​បាន​យូដាស​អ៊ីស្ការីយ៉ុត​ក្បត់ កាត់​ទោសទ្រង់​ដោយ​ខុស​ច្បាប់​ដោយ​ពួក សានហេទ្រីន ​ហើយ​ដាក់ទោស​ដល់​សុគត ។ បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​សុគត​នៅលើ​ឈើ​ឆ្កាង ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាវក​របស់​ទ្រង់ ហើយ​បាន​ប្រាប់​ពួកលោក​ឲ្យ​យក​ដំណឹង​ល្អ​ទៅ​កាន់​ពិភពលោក សន្យា​ជាមួយ​ពួកគេ​ថា​ទីសម្គាល់​នឹង​មក​តាម​អស់​អ្នក​ដែល​ជឿ ។ ( អ្នក​បាន​រៀន​ពី​ចំណុច​នេះ​នៅក្នុង​មេរៀន​នានា​សម្រាប់ ម៉ាថាយ ២៦–២៨) ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាកុស ១០-១៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖