បណ្ណាល័យ
សេចក្ដី​ណែនាំ​អំពី​គម្ពីរ​ម៉ាកុស


សេចក្ដី​ណែនាំ​អំពី​គម្ពីរ ម៉ាកុស

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

គម្ពីរ​ម៉ាកុស រៀបរាប់​អំពី​ការ​បម្រើ ការសុគត និង ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ដំណើរ​រឿង​ដ៏​រំជួល​ចិត្ត​មួយ ដែល​ជាញឹកញាប់​ផ្ដោត​ទៅលើ​ទង្វើ​ដ៏​ប្រកប​ដោយ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ។ រឿង​ដែល​សំខាន់​បំផុត​នៅក្នុង​រឿង​ទាំងនេះ គឺ​ជា​ដង្វាយធួន​ដែល​ម៉ាកុស បាន​គូស​បញ្ជាក់​ថា​សំខាន់​ចំពោះ​បេសកកម្ម​របស់​ព្រះយេស៊ូវ ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា​ជា​យូរ​មក​នោះ ។ តាមរយៈ​ការ​សិក្សា​អំពី​ដំណើរ​រឿង និង​ទីបន្ទាល់​របស់​ម៉ាកុស អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បំពេញ​បេសកកម្ម​ដង្វាយធួន​របស់​ទ្រង់ នោះ​អ្នក​អាច​កាន់តែ​ផ្លាស់​ប្រែចិត្ត​ជឿ​ខ្លាំង​ទៅ​ក្នុង​ដំណឹងល្អ ហើយ​មាន​ភាព​ក្លាហាន​ដើម្បី​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

ម៉ាកុស ( ក៏​ហៅថា​ជា យ៉ូហាន ម៉ាកុស​ផងដែរ ) គឺជា​អ្នក​សរសេរ​គម្ពីរ​នេះ ។ ថ្វី​ដ្បិត​តែ​ម៉ាកុស ពុំ​ស្ថិត​នៅក្នុង​ចំណោម​ពួក​សិស្ស​ដំបូង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក្ដី ក៏​លោក​ក្រោយមក​បាន​ផ្លាស់​ប្រែចិត្ត​ជឿ ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​ជំនួយការ​របស់​សាវក ពេត្រុស ហើយ​លោក​ប្រហែល​ជា​បាន​សរសេរ​ដំណឹងល្អ​របស់​លោក ផ្អែក​ទៅលើ​អ្វី​ដែល​លោក​បាន​រៀនមក​ពី​ពេត្រុស ( សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ម៉ាកុស ») ។

ម៉ាកុស និង​ម្ដាយ​របស់​លោក ឈ្មោះ ម៉ារី បាន​រស់នៅ​ក្នុង​ទីក្រុង​យេរូសាឡិម ដែល​គេហដ្ឋាន​របស់​ពួកគេ​គឺ​ជា​កន្លែង​ជួបជុំ​សម្រាប់​ពួកគ្រីស្ទាន​ជំនាន់​ដំបូង​បំផុត ( សូមមើល កិច្ចការ ១២:១២) ។ ម៉ាកុស បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម ដើម្បី​ជួយ​ដល់ បាណាបាស និង សូល ( ប៉ុល ) នៅក្នុង​ដំណើរ​ផ្សព្វផ្សាយសាសនា​លើក​ដំបូង​របស់​ពួកគេ ( សូមមើល កិច្ចការ ១២:២៥, ១៣:៤-៦, ៤២-៤៨) ។ ប៉ុល​ក្រោយមក​បាន​សរសេរ​ថា ម៉ាកុស គឺ​នៅជាមួយ​លោកនៅ​ទីក្រុង រ៉ូម ( សូមមើល កូឡូស ៤:១០, ភីលេម៉ូន ១:២៤) លោក​ត្រូវបាន​ហៅ​ថា អ្នក​ម៉ាកុស​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ) ហើយ​បាន​សរសើរ​ដល់​ម៉ាកុស ក្នុង​នាមជា​ដៃគូ​ម្នាក់​ដែល « ជា [ អ្នក ] មាន​ប្រយោជន៍​ក្នុង​ការងារ (ធីម៉ូថេទី ២ ៤:១១) ។ ពេត្រុស បាន​និយាយ​ពី​លោក​ថា​ជា « ម៉ាកុស ជា​កូន​ខ្ញុំ​ » (ពេត្រុសទី ១ ៥:១៣) ដោយ​ផ្ដល់​យោបល់​អំពី​ភាពជិតស្និតនៃ​ទំនាក់ទំនង​របស់​ពួកគេ ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅកន្លែង​ណា ?

យើង​ពុំ​ដឹង​ទីកន្លែង​ច្បាស់លាស់​ដែល​ដំណឹងល្អ​របស់​ម៉ាកុស​ត្រូវ​បាន​សរសេរ​ឡើង​នោះ​ទេ ។ ម៉ាកុស​ទំនង​ជា​សរសេរ​ដំណឹងល្អ​របស់​លោក​នៅ​ទីក្រុង​រ៉ូម​ចន្លោះ គ.ស. ៦៤ និង គ.ស. ៧០ ប្រហែល​ជា​នៅ​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​សាវក​ពេត្រុស បានរងទុក្ខ​ទុក្ករកម្ម​នៅ​ប្រហែល​ជា គ.ស. ៦៤ ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​ហេតុអ្វី ?

ដំណឹងល្អ​របស់​ម៉ាកុស មាន​ព័ត៌មាន​លម្អិត--ដូចជា​បាន​បកប្រែ​ពាក្យ​ដកស្រង់​ទម្រង់​ភាសា​អារ៉ាម ការ​បង្ហាញ​អារម្មណ៍​ជា​ភាសា​ឡាតាំង និង​ការពន្យល់​អំពី​ទំនៀម​ទម្លាប់​សាសន៍​យូដា--ដែល​ហាក់​ដូចជា​ចង់​ផ្ដល់​ដល់​អ្នក​ស្ដាប់​ជា​ពិសេស​សម្រាប់​ជនជាតិ​រ៉ូម និង​មនុស្ស​មក​ពី​ជាតិ​សាសន៍​ដទៃ ក៏​ដូចជា​អ្នក​ទាំងឡាយ​ដែល​បាន​ផ្លាស់ប្រែ​ចិត្តជឿ​ជា​គ្រីស្ទាន ដែល​ភាគច្រើន​នៅក្នុង​ទីក្រុង​រ៉ូម និង​នៅ​ទូទាំង​អាណាចក្រ​រ៉ូម ។ មនុស្ស​ជាច្រើន​បាន​ជឿ​ថា​ម៉ាកុស ប្រហែល​ជា​បាន​នៅ​ជាមួយ​ពេត្រុស​នៅក្នុង​ទីក្រុង​រ៉ូម អំឡុង​គ្រាមួយ​ដែល​បាន​គូស​ចំណាំ​ថា​មាន​សាកល្បង​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​សេចក្ដីជំនឿ​នៃ​សមាជិក​របស់​សាសនាចក្រ​ជាច្រើន​នៅកន្លែង​ជា​ច្រើន​ទូទាំង​អាណាចក្រ​រ៉ូម ។

មួយ​ភាគ​បី​នៃ​ដំណើរ​រឿង​ក្នុង​ដំណឹងល្អ​របស់​ម៉ាកុស រៀបរាប់​អំពី​ការបង្រៀន និង បទពិសោធន៍​ទាំងឡាយ​របស់​ព្រះអង្គ​សង្គ្រោះ អំឡុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ព្រះជន្ម​របស់​ទ្រង់ ។ នៅ​ទីបំផុត ម៉ាកុស​បាន​ថ្លែង​ជា​សាក្សី​ថា ការរងទុក្ខ​របស់​ព្រះរាជបុត្រា​នៃ​ព្រះ បាន​យក​ឈ្នះ​លើ​ការអាក្រក់ អំពើ​បាប និង​សេចក្ដីស្លាប់ ។ ទីបន្ទាល់​នេះ​មាន​ន័យ​ថា អ្នក​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​ទាំងឡាយ​ពុំ​ចាំបាច់​ភ័យខ្លាច​ឡើយ នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​ការបៀតបៀន ការសាកល្បង ឬ​ទោះជា​ត្រូវ​ស្លាប់​ក្ដី ពួកគេ​កំពុង​តែ​ដើរ​តាម​លោក​ចៅហ្វាយ​របស់​ពួកគេ​ហើយ ។ ពួកគេ​អាច​ស៊ូទ្រាំ​ដោយ​មាន​ទំនុកចិត្ត ដោយ​ដឹងថា ព្រះអម្ចាស់​នឹង​ជួយ​ពួកគេ ហើយ​ថា​រាល់ការ​សន្យា​ទាំងអស់​របស់​ទ្រង់ នឹង​ត្រូវ​បាន​បំពេញ​នៅ​ទីបំផុត ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

ដំណឹងល្អ​របស់​ម៉ាកុស ចាប់​ផ្ដើមយ៉ាង​ឆាប់ និង លឿនយ៉ាង​ខ្លាំង ហើយ​បន្ត​ល្បឿន​យ៉ាង​លឿន​នោះ​ដោយ បាន​ដំណាល​សារឡើង​វិញ​អំពី​ព្រឹត្តិការណ៍​ទាំងឡាយ​តាម​របៀប​មួយ​យ៉ាង​លឿន ។ ជា​ញឹកញាប់ ម៉ាកុស​បាន​ប្រើ​ពាក្យ ស្រាប់តែ និង មួយ​រំពេច ដែល​បង្ហាញ​ពី​ល្បឿន និង​សកម្មភាព​លឿនៗ ។

ទោះ​បីជា​ឯកសារ​នៅ​ក្នុង​គម្ពីរ​ម៉ាកុស​មាន​ជាង​៩០ ភាគ​រយ​នៃ​ឯកសារ​ដែល អាច​រកឃើញ​មាន​នៅក្នុង​គម្ពីរ​ម៉ាថាយ និង​លូកា​ផងដែរ​ក្ដី ជា​ញឹកញាប់​ដំណើរ​រឿង​របស់​ម៉ាកុស មាន​បញ្ចូល​នូវ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ដែល​ជួយ​យើង​ឲ្យ​មាន​អំណរគុណ​កាន់តែ​ច្រើន​ឡើង​ចំពោះ​សេចក្ដី​អាណិត​អាសូរ​របស់​ព្រះអង្គ​សង្គ្រោះ និង​ការ​ឆ្លើយតប​របស់​ទ្រង់​ចំពោះ​មនុស្ស​ដែល​នៅជុំវិញ​ទ្រង់ ( សូម​ប្រៀបធៀប ម៉ាកុស ៩:១៤-២៧ ជាមួយ​នឹង ម៉ាថាយ ១៧:១៤-១៨) ។ ឧទាហរណ៍ ម៉ាកុស​រៀបរាប់​អំពី​ការស្វាគមន៍​ដល់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​អធិកអធម​ពី​អស់​អ្នក​ទាំងឡាយ​ដែល​នៅ​ស្រុក​កាលីឡេ និង​កន្លែង​ផ្សេង​ទៀត​ក្នុង​ការ​បម្រើ​ពី​ដំបូង​របស់​ទ្រង់ ( សូមមើល ម៉ាកុស ១:៣២-៣៣, ៤៥, ២:២, ៣:៧-៩, ៤:១) ។ ម៉ាកុស​ក៏​បាន​រៀបរាប់​ដោយ​យកចិត្ត​ទុក​ដាក់​ផងដែរ​អំពី​ការ​ឆ្លើយ​តប​អវិជ្ជមាន​របស់​ពួក​សង្ឃ និង ពួក​ផារិស៊ី ដែល​ជំទាស់​កាន់​តែ​ខ្លាំង​ឡើង​មកពី​ការ​មាន​គំនិត​សង្ស័យ ( សូមមើល ម៉ាកុស ២:៦-៧) គ្រោង​បំផ្លាញ​ព្រះយេស៊ូវ ( សូមមើល ម៉ាកុស ៣:៦) ។

នៅក្នុង​ចំណោម​ប្រធាន​បទ​ដ៏​សំខាន់ៗ​នៅ​គម្ពីរ​ម៉ាកុស គឺ​មាន​សំណួរ​ជាច្រើន​អំពី​ព្រះយេស៊ូវ​ជា​នរណា ហើយ​នរណា​ស្គាល់​អត្ដសញ្ញាណ​របស់​ទ្រង់ ក៏​ដូចជា​តួនាទី​របស់​សិស្ស​ដែល​ជា​អ្នក​ត្រូវ « ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម [ ព្រះយេស៊ូវ ] » (ម៉ាកុស ៨:៣៤) ។ បន្ថែម​ពី​លើ​នោះ ម៉ាកុស គឺ​ជា​ដំណឹងល្អ​តែ​មួយ​គត់​ដែល​រៀបរាប់​អំពី​រឿង​ប្រៀប​ប្រដូច​នៃ​គ្រាប់ពូជ​ដែល​ដុះ​ដោយ​ខ្លួនវា ( សូមមើល ម៉ាកុស ៤:២៦-២៧) ការព្យាបាល​មនុស្ស​ថ្លង់​នៅ​ស្រុក​ដេកាប៉ូល ( សូមមើល ម៉ាកុស ៧:៣១-៣៧) និង ការ​ព្យាបាល​មនុស្ស​ខ្វាក់​បន្ដិច​ម្ដងៗ​នៅភូមិ​បេតសៃដា ( សូមមើល ម៉ាកុស ៨:២២-២៦) ។

គម្រោង

ម៉ាកុស ១-៤ ព្រះយេស៊ូវ​ត្រូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយ​យ៉ូហាន បាទីស្ទ ហើយ​ចាប់​ផ្ដើម​ការផ្សាយ ការ​ហៅ​ពួក​សិស្ស និង​សម្តែង​ការ​អព្ភូតហេតុ​ជាច្រើន ។ នៅពេល​មាន​ការ​ប្រឆាំង​ជំទាស់​នឹង​ទ្រង់​កាន់តែ​ខ្លាំង​ឡើង នោះទ្រង់​បង្រៀន​ជា​រឿង​ប្រៀបប្រដូច ។

ម៉ាកុស ៥–៧ ព្រះអង្គ​សង្គ្រោះ​បន្ដ​សម្តែង​អព្ភូតហេតុ​ជាច្រើន បង្ហាញ​ពី​ក្ដីមេត្តា​ករុណា​របស់​ទ្រង់​ចំពោះ​អ្នក​ដទៃ ។ បន្ទាប់ពី យ៉ូហាន បាទីស្ទ​ត្រូវ​បាន​គេ​សម្លាប់ ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ជាង ៥០០០ នាក់ ហើយ​បាន​យាង​ដើរ​នៅ​លើ​ទឹក ។ ទ្រង់​បង្រៀន​ទាស់​នឹង​ទំនៀមទម្លាប់​ខុស​ឆ្គង ។

ម៉ាកុស ៨-១០ ព្រះយេស៊ូវ​គ្រីស្ទ​បន្ដ​សម្តែង​អព្ភូតហេតុ ។ ពេត្រុស​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ ព្រះអង្គសង្គ្រោះ​ព្យាករ​បីដង​អំពី​ការរងទុក្ខ ការសុគត និង ការរស់ឡើង​វិញ​របស់​ទ្រង់ ប៉ុន្តែ​ពួក​សិស្ស​របស់​ទ្រង់​ពុំ​ទាន់​បាន​យល់​ដឹង​ពេញលេញ​អំពី​អត្ថន័យ​របស់​ទ្រង់​ឡើយ ។ ទ្រង់​បង្រៀន​ពួកគេ​អំពី​ភាព​រាបសា និង​ការបម្រើ​ដែល​តម្រូវ​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ធ្វើ ។

ម៉ាកុស ១១-១៦ អំឡុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ព្រះជន្ម​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​យាង​ចូល​ទីក្រុង​យេរូសាឡិម បង្រៀន​ពួកសិស្ស​របស់​ទ្រង់ រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី ហើយ​ត្រូវ​បាន​គេ​ឆ្កាង ។ ព្រះយេស៊ូវគ្រីស្ទ​បាន​រស់​ឡើង​វិញ ។