បណ្ណាល័យ
មេរៀន​ទី ២ ថ្ងៃទី ២ ៖ ម៉ាថាយ ៣


មេរៀន​ទី ២ ៖ ថ្ងៃ​ទី ២

ម៉ាថាយ ៣

សេចក្តីផ្តើម

យ៉ូហាន បាទីស្ទ បាន​ប្រកាស​ដំណឹងល្អ ហើយ​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ស្រុក​យូដា ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​កាលីឡេ ទៅ​ឯ​ទន្លេ យ័រដាន់ ជា​ទន្លេ​ដែល​ទ្រង់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​យ៉ូហាន ។ ព្រះ​ជា​ព្រះវរបិតា បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ថា​ជា​ព្រះរាជ​បុត្រា​ស្ងួនភ្ងា​របស់​ទ្រង់ ។

ម៉ាថាយ ៣:១-១២

យ៉ូហាន បាទីស្ទ ប្រកាស​ដំណឹងល្អ​នៅ​ស្រុក​យូដា

សូម​ស្រមៃ​ថា អ្នក​កំពុង​អង្គុយ​នៅ​ក្នុង​ថ្នាក់ ហើយ​មាន​សិស្ស​ម្នាក់​អង្គុយ​ពី​ក្រោយ​អ្នក បាន​យក​របស់​របរ​អ្នក ( ដូចជា ប៊ិច សៀវភៅ ឬ អាវ​ក្រៅ ) ។ គាត់​បាន​សុំទោស​អ្នក​ដែល​បាន​យក​របស់​នោះ ប៉ុន្តែ​គាត់​នៅតែ​បន្ត​យក​របស់​ពី​សិស្ស​ដទៃ​ទៀត ។ គាត់​បាន​សុំ​ការអភ័យទោស​រាល់​ពេល ប៉ុន្តែ​គាត់​នៅតែ​បន្ត​យក​របស់​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។ តើ​អ្នក​គិត​យ៉ាង​ដូចម្ដេច អំពី​ការសុំ​ការអភ័យទោស​របស់​សិស្ស​រូប​នេះ ?

តើ​ការប្រព្រឹត្ត​របស់​សិស្ស​រូប​នេះ អាច​មាន​សភាព​ស្រដៀង​ទៅ​នឹង​ការព្យាយាម​ប្រែចិត្ត​ដោយ​ពុំ​មាន​បំណងប្រាថ្នា​ដ៏​ស្មោះ​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ៣ សូម​ស្វែងរក​សេចក្ដីពិត​នានា ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ប្រែចិត្ត​យ៉ាង​ពិត​ប្រាកដ ។

ព្រះយេស៊ូវគ្រីស្ទ បាន​ចម្រើន​ព្រះជន្ម​ដល់​វ័យ​ដែល​ត្រូវ​ចាប់ផ្ដើម​ការបម្រើ​របស់​ទ្រង់ ។ ( អាយុ​ជា​ទូទៅ​ដែល​បុរស​សាសន៍​អ៊ីស្រាអែល ចាប់ផ្ដើម​ការបម្រើ​គឺ​នៅ​វ័យ ៣០ ឆ្នាំ [ សូម​មើល ជនគណនា ៤:៣ ] ) ។ សូម​អាន ម៉ាថាយ ៣:១–៤ ដោយ​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង​នៅ​គ្រា​នោះ ដែល​បាន​ជួយ​រៀបចំ​មនុស្ស​ឲ្យ​ទទួល​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
យ៉ូហាន​កំពុង​បង្រៀន

យ៉ូហាន បាទីស្ទ គឺ​ជា « កូន​ប្រុស​របស់​សាការី និង អេលីសាបិត ដោយ​ធ្វើ​ជា​សង្ឃ​តាមរយៈ​ឪពុកម្ដាយ ។ ខ្សែស្រឡាយ​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ យ៉ូហាន គឺ​ជា​តួអង្គ​ក្នុង​ក្រឹត្យវិន័យ​នៃ​លោក​ម៉ូសេ ដែល​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះមែស៊ី ហើយ​រៀបចំ​មនុស្ស​ឲ្យ​បាន​រួចរាល់​ដើម្បី​ទទួល​ទ្រង់ » ( Bible Dictionary, « John the Baptist ») ។ អេលីសាបិត ក៏​ជា​សាច់ញាតិ​របស់ ម៉ារា ដែល​ជា​ព្រះមាតា​របស់​ព្រះយេស៊ូវ​ដែរ ។ យ៉ូហាន​កាន់​កូនសោ​នៃ​បព្វជិតភាព​អើរ៉ុន [ សូម​មើល គ. និង ស. ១៣; ៨៤:២៧–២៨ ) ។ សម្លៀកបំពាក់ និង អាហារ​របស់​លោក ដែល​មាន​ពិពណ៌នា​នៅ​ក្នុង ម៉ាថាយ ៣:៤ បង្ហាញ​អំពី​ស្ថានភាព​ដ៏​រាបទាប​របស់​លោក ។

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ម៉ាថាយ ៣:១–៤ តើ​យ៉ូហាន​បាន​ធ្វើ​អ្វី ?

បេសកកម្ម​របស់​យ៉ូហាន ត្រូវបាន​ទាយ​ទុក​ជា​មុន​ដោយ​អេសាយ និង ព្យាការី​ដទៃៗ​ទៀត ( សូម​មើល អេសាយ ៤០:៣, ម៉ាឡាគី ៣:១, នីហ្វៃទី១ ១០:៧–១០ ) ។ យ៉ូហាន​ត្រូវ​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះមែស៊ី ( ព្រះយេស៊ូវគ្រីស្ទ ) ដោយ​ប្រកាស​អំពី​ការប្រែចិត្ត និង ពិធីបុណ្យ​ជ្រមុជ​ដោយ​ទឹក ។

សូម​អាន ម៉ាថាយ ៣:៥–៦ ដោយ​ស្វែងរក​ថាតើ​ប្រជាជន​បាន​ឆ្លើយតប ចំពោះ​សារលិខិត​របស់​យ៉ូហាន យ៉ាង​ដូចម្ដេច ។

តើ​ប្រជាជន បាន​ឆ្លើយ​តប​នឹង​សារលិខិត​របស់​យ៉ូហាន​យ៉ាង​ដូចម្ដេច ?

ការយល់ព្រម​សារភាព​អំពើបាប​របស់​បុគ្គល​ម្នាក់​ដល់​ព្រះវរបិតា​សួគ៌ ហើយ​ប្រសិន​បើ​ចាំបាច់​ដល់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ដែល​បាន​ចាត់តាំង គឺជា​កត្តា​ដ៏​សំខាន់​ចំពោះ​ការប្រែចិត្ត ( សូម​មើល ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៣៤ ) ។

សូម​អាន ម៉ាថាយ ៣:៧ ដោយ​ស្វែងរក​ថាតើ យ៉ូហាន បាន​ថ្លែង​ទៅ​កាន់​នរណា ។

ពួក​ផារិស៊ី​គឺជា​មនុស្ស​ខាង​សាសនា​មួយ​ក្រុម​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ដែល​ឈ្មោះ​មាន​ន័យ​ថា ព្រាត់ ឬ បែក​ពី​គ្នា ។ ពួកគេ​បាន​តម្កើង​ខ្លួន​ទៅ​លើ​ការគោរព​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ​យ៉ាង​តឹងរ៉ឹង ហើយ​ជឿ​ថា​សេចក្ដី​បន្ថែម​ទៅ​នឹង​ក្រឹត្យវិន័យ​នេះ​ដែល​បង្កើត​ដោយ​មនុស្ស ដែល​ហៅ​ថា​ជា​ច្បាប់​តាម​មាត់ សំខាន់​ដូចគ្នា​នឹង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ដែរ ( សូម​មើល Bible Dictionary “Pharisees” ) ។ ពួក​សាឌូស៊ី​ជា​ក្រុម​តូច​មួយ តែ​មាន​អំណាច​ផ្នែក​នយោបាយ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​ដែល​ជឿ​លើ​ការកាន់​តាម​តួអក្សរ​នៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ប៉ុន្តែ ពួកគេ​ពុំ​ជឿ​លើ​គោលលទ្ធិ​នៃ​ការរស់ឡើងវិញ ឬ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ឡើយ ( សូម​មើល Bible Dictionary, “Sadducees” ) ។

តើ​យ៉ូហាន​បាន​ហៅ​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​យ៉ាង​ដូចម្ដេច ?

ពស់​វែក​ប៉ាឡេស្ទីន គឺ​ជា​ពស់​មួយ​ប្រភេទ​នៅ​អ៊ីស្រាអែល ដែល​មាន​ពិស​សាហាវ​បំផុត ។ ពស់​វែក​នេះ​ចេញ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ហើយ​ជា​ធម្មតា​លាក់​ខ្លួន​ចាំ​ប្រមាញ់​ចំណី​របស់​វា ។ កាល​ពួក​វា​ជួប​នឹង​ការគំរាមកំហែង ពស់​វែក​នេះ​នឹង​ឆ្វាយរង្វេល បន្លឺ​សូរស៊ឺៗ ហើយ​វាយ​ប្រហារ​ទៅ​លើ​សត្រូវ​របស់​វា ។

រូបភាព
ពស់​វែក​ប៉ាឡេស្ទីន

ពស់​វែក​ប៉ាឡេស្ទីន

© taviphoto/Shutterstock.com

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​យ៉ូហាន ហៅ​ពួកផារិស៊ី និង​ពួក​សាឌូស៊ី​ថា ជា​ពូជ​ពស់​វែក ?

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ មាន​ពាក្យ​ពេចន៍​បន្ថែម ដែល​យ៉ូហាន​បាន​ថ្លែង​ទៅ​កាន់​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី ។ បន្ទាប់​ពី​បាន​ថ្លែង​ទៅ​កាន់​ពួកគេ​នៅ​ក្នុង ម៉ាថាយ ៣:៧ យ៉ូហាន បាន​ព្រមាន ៖

« ហេតុអ្វី​បាន​ជា​អ្នក​មិន​ទទួលយក​ការបង្រៀន​ពី​ទ្រង់ ដែល​ព្រះ​បាន​បញ្ជូន​មក​នោះ ? ប្រសិនបើ​អ្នក​មិន​ទទួល​យក​ការបង្រៀន​នេះ​ទុក​ក្នុង​ដួងចិត្ត​របស់​អ្នក​ទេ នោះ​អ្នក​មិន​បាន​ទទួល​ខ្ញុំ​ឡើយ ហើយ​ប្រសិនបើ​អ្នក​មិន​ទទួល​ខ្ញុំ​ទេ នោះ​អ្នក​មិន​បាន​ទទួល​ទ្រង់ ដែល​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​មក​ធ្វើ​បន្ទាល់ ចំណែក​ឯ​អំពើបាប​ទាំងឡាយ​របស់​អ្នក​មិន​អាច​គ្រប​បាំង​បាន​ឡើយ ។

« ហេតុដូច្នេះ​ហើយ ចូរ​ប្រែចិត្ត​ចុះ ហើយ​បង្កើត​ផ្លែផ្កា​ដើម្បី​បំពេញ​តាម​ការប្រែចិត្ត » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ៣:៣៤–៣៥ [ នៅ​ក្នុង​សេចក្ដី​បន្ថែម​នៃ​ព្រះគម្ពីរ​ប៊ីប ] ) ។

យោងតាម យ៉ូហាន ប្រសិនបើ​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​បដិសេធ​ការបង្រៀន​របស់​លោក តើ​ពួកគេ​នឹង​បដិសេធ​នរណា​ដែរ ?

តើ​អ្នក​នឹង​សង្ខេប​សារលិខិត​របស់​យ៉ូហាន ដល់​ពួកគេ​យ៉ាង​ដូចម្ដេច ?

សូម​គិត​អំពី​ការគូសចំណាំ​ឃ្លា « បង្កើត​ផល ដែល​សំណំ​នឹង​សេចក្ដី​ប្រែចិត្ត » នៅ​ក្នុង ម៉ាថាយ ៣:៨ ។

រូបភាព
ផ្លែ​នៅ​លើ​ដើមឈើ

នៅ​ក្នុង​ព្រះគម្ពីរ ពេល​ខ្លះ​មនុស្ស​ត្រូវបាន​ប្រៀបធៀប​ជា​ដើម​ឈើ​ដែល​ឲ្យ​ផល​ល្អ ឬ អាក្រក់ ។ ផ្លែ​តំណាង​ឲ្យ​បំណងប្រាថ្នា និង ទង្វើ​របស់​យើង ។ ឃ្លា « សំណំ​នឹង » នៅ​ក្នុង ខទី ៨ មាន​ន័យ​ថា « សក្ដិសម​នឹង » ( សូម​មើល ម៉ាថាយ ៣:៨ លេខ​យោង  ) ។

សូម​គិត​អំពី​ទិដ្ឋភាព​នៅ​ដើម​មេរៀន​នេះ—អំពី​សិស្ស​ដែល​យក​របស់​របរ​ពី​សិស្ស​ដទៃ​ទៀត ។ តើ​សិស្ស​នោះ​បាន​បង្ហាញ​គោលការណ៍​ដ៏​ពិត​នៃ​ការប្រែចិត្ត តាមរយៈ​បំណងប្រាថ្នា ឬ ទង្វើ​របស់​ខ្លួន​ដែរ​ឬ​ទេ ? ហេតុអ្វី​គាត់​មិន​បាន​បង្ហាញ ?

ម៉ាថាយ ៣:៨ ជួយ​យើង​ឲ្យ​យល់​ថា យើង​បង្ហាញ​ការប្រែចិត្ត​ដ៏​ពិត​ចំពោះ​ព្រះអម្ចាស់ នៅ​ពេល​ផ្លាស់ប្ដូរ​បំណង​ប្រាថ្នា និង ទង្វើ​របស់​យើង​ដើម្បី​ធ្វើ​តាម​ការបង្រៀន​របស់​ទ្រង់ ។ សូម​ពិចារណា​អំពី​ការសរសេរ​គោលការណ៍​នេះ​នៅ​លើ​គែម​ព្រះគម្ពីរ​ក្បែរ ម៉ាថាយ ៣:៨ ។

សូម​គិត​អំពី​របៀប​ដែល​បំណងប្រាថ្នា និង ទង្វើ​របស់​យើង អាច​ចង្អុល​បង្ហាញ​ថា យើង​ពិត​ជា​បាន​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​យើង នៅ​ពេល​អ្នក​គិត​អំពី​ឥរិយាបថ​ដូច​តទៅ ៖ ការលួចមើល​ពេល​ប្រលង ការប្រព្រឹត្ត​មិន​ល្អ​ចំពោះ​បងប្អូន ការប្រើ​ភាសា​អសុរស និង ការបើក​មើល​ការណ៍​អាសគ្រាម ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ថាតើ​មនុស្ស​ម្នាក់ ដែល​បាន​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​នេះ​ហើយ អាច​គិត និង ប្រព្រឹត្ត​យ៉ាង​ដូចម្ដេច ។

សូម​អាន ម៉ាថាយ ៣:១០ ដោយ​ស្វែងរក​ផលវិបាក​នៃ​ការពុំ​ប្រែចិត្ត​យ៉ាង​ពិត​ប្រាកដ ។

សូម​គិត​អំពី​បំណងប្រាថ្នា ឬ ទង្វើ​នានា ដែល​អ្នក​អាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ដើម្បី​ប្រែចិត្ត​យ៉ាង​ពិត​ប្រាកដ ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ ដើម្បី​បង្ហាញ​ការប្រែចិត្ត​ពិត​ដោយ​ផ្លាស់ប្ដូរ​បំណង​ប្រាថ្នា និង ទង្វើ​នានា​ដែល​ពុំ​ស្រប​តាម​ការបង្រៀន​របស់​ព្រះ ។

សូម​អាន ម៉ាថាយ ៣:១១ ដោយ​ស្វែងរក​អ្វី​ដែល យ៉ូហាន បាទីស្ទ បាន​ថ្លែង​ថា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ ។

ព្រះយេស៊ូវ​នឹង​ធ្វើ​បុណ្យជ្រមុជ « ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ដោយ​ភ្លើង » ( ម៉ាថាយ ៣:១១ ) ។ ពិធីបុណ្យ​ជ្រមុជ​នេះ​មាន​សារៈសំខាន់ បន្ទាប់​ពី​ពិធីបុណ្យ​ជ្រមុជ​ដោយ​ទឹក ហើយ​សំដៅ​ទៅ​លើ​ការទទួល​បាន​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ញែក​ចេញ​ជា​បរិសុទ្ធ និង ដុត​សម្អាត​ព្រលឹង​យើង​ដូចជា​ភ្លើង​ដូច្នោះ​ដែរ ( សូម​មើល នីហ្វៃទី២ ៣១:១៣–១៤, ១៧ ) ។

ម៉ាថាយ ៣:១២ ពិពណ៌នា​អំពី​អ្វី​ដែល​នឹង​កើតឡើង ជា​ទី​សម្គាល់​ដល់​ពួក​សុចរិត​ដែល​ទទួលយក​ព្រះយេស៊ូវគ្រីស្ទ និង ដល់​ពួក​ទុច្ចរិត​ដែល​បដិសេធ​ទ្រង់ ។

ម៉ាថាយ ៣:១៣-១៧

ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ព្រះវរបិតា​បាន​ប្រកាស​ថា​ទ្រង់​ជា​ព្រះរាជបុត្រា​ស្ងួនភ្ងា​របស់​ទ្រង់

  1. សូម​យក​ពេល​បន្តិច​គិត​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​អ្នក ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​អ្វី​ដែល​អ្នក​ចងចាំ​អំពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ៣:១៣–១៧ ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ សូម​ស្វែងរក​ភាពស្រដៀងគ្នា​រវាង​ពិធីបុណ្យជ្រមុជទឹក​របស់​អ្នក និង របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​អាន ម៉ាថាយ ៣:១៣–១៧ ដោយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​បី​ខាង​ក្រោម​នេះ អំពី​ព្រះយេស៊ូវ ៖

ដោយ​នរណា ?

ដោយ​របៀប​ណា ?

ហេតុអ្វី ?

បើ​ចាំបាច់ សូម​កែប្រែ​ចម្លើយ​របស់​អ្នក​ដោយ​យោង​តាម​ព័ត៌មាន​ដូច​ខាង​ក្រោម​នេះ ៖

ព្រះយេស៊ូវ​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កាលីឡេ ទៅ​ទន្លេ យ័រដាន់ ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ព្រោះ យ៉ូហាន កាន់​កូនសោ​​បព្វជិតភាព​អើរ៉ុន ហើយ​មាន​សិទ្ធិអំណាច​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ សូម​សរសេរ យ៉ូហាន បាទីស្ទ និង សិទ្ធិអំណាច​ត្រឹមត្រូវ នៅ​លើ​បន្ទាត់​ក្បែរ « ដោយ​នរណា ? »

រូបភាព
យ៉ូហាន បាទីស្ទ ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ

ព្រះយេស៊ូវ​យាង « ឡើង​ពី​ទឹក​ភ្លាម » ( ម៉ាថាយ ៣:១៦ ) បង្ហាញ​ថា ទ្រង់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ការពន្លិច​ទៅ​ក្នុង​ទឹក—ដែល​មាន​ន័យ​ថា ទ្រង់​ត្រូវបាន​គ្រប​ដណ្ដប់​ដោយ​ទឹក​ទាំង​ស្រុង ។ សូម​សរសេរ ដោយ​ការពន្លិច​ទៅ​ក្នុង​ទឹក នៅ​លើ​បន្ទាត់​ក្បែរ « ដោយ​របៀប​ណា ? »

យ៉ូហាន បាទីស្ទ បាន​ដឹង​ថា តំណែង និង សិទ្ធិអំណាច​របស់​ព្រះយេស៊ូវ​គឺមហិមា​ជាងលោក​ទៅ​ទៀត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោង​តាម ម៉ាថាយ ៣:១៥ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​ត្រូវ​ទទួល​ពិធី​បុណ្យជ្រមុជទឹក « ដើម្បី​សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត » ។ សូម​សរសេរ ឃ្លា​នេះ​នៅ​លើ​បន្ទាត់​ក្បែរ « ហេតុអ្វី ? »

« ដើម្បី​សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត » មាន​ន័យ​ថា ការធ្វើ​គ្រប់​កិច្ចការ​ដែល​ព្រះវរបិតា​សួគ៌​តម្រូវ​ឲ្យ​យើង​ធ្វើ ដើម្បី​យើង​អាច​រស់នៅ​ជាមួយ​នឹង​ទ្រង់​ម្ដង​ទៀត ។ សេចក្ដីសុចរិត រួមមាន​នូវ​ការទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​សេចក្ដី​សង្គ្រោះ ។ ដោយ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក នោះ​ព្រះយេស៊ូវ​បាន​ធ្វើ​គំរូ​ដ៏​ឥត​ខ្ចោះ ដើម្បី​ឲ្យ​យើង​ធ្វើតាម ។ សូម​អាន នីហ្វៃទី២ ៣១:៤–៩ រួច​សរសេរ​វា​ទុក​ជា​បទគម្ពីរយោង នៅ​លើ​គែម​ព្រះគម្ពីរ​ក្បែរ ម៉ាថាយ ៣:១៥ ។ សូម​គូសចំណាំ​ពាក្យ ឬ ឃ្លា​នានា ដែល​ជួយ​អ្នក​យល់​អំពី​អត្ថន័យ​នៃ « ដើម្បី​សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត » ។

សូម​ឆ្លើយ​សំណួរ​ទាំង​បី​មុន​នេះ ដើម្បី​ស្វែងរក​គោលលទ្ធិ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​ដ៏​ត្រឹមត្រូវ ចេញ​ពី ម៉ាថាយ ៣:១៣–១៧ ។

តើ​បុណ្យ​ជ្រមុជទឹក​របស់​អ្នក​ស្រដៀង​គ្នា​ទៅ​នឹង​គំរូ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ដល់​យើង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ​ដ៏​សំខាន់​មួយ​ទៀត​នៅ​ក្នុង ម៉ាថាយ ៣:១៦–១៧ ទាក់ទង​ទៅ​នឹង​ក្រុម​ព្រះ ។ សូម​អាន​ខគម្ពីរ​ទាំងនេះ​ឡើង​វិញ ដោយ​ស្វែងរក​អ្វី​ដែល​វា​បង្រៀន​អំពី​ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅ​លើ​បន្ទាត់​ខាង​ក្រោម​នេះ សូម​សរសេរ​ទីតាំង​ទូទៅ​នៃ​អង្គ​សមាជិក​ក្រុម​ព្រះ​នីមួយៗ នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​ទទួល​ពិធីបុណ្យជ្រមុជទឹក ៖

ព្រះវរបិតា ៖

ព្រះរាជបុត្រា ៖

ព្រះវិញ្ញាណ​បរិសុទ្ធ ៖

វា​មាន​សារៈសំខាន់​ដែល​ត្រូវ​យល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​បាន​ប្រែ​កាយ​ជា​សត្វ​ព្រាប​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ សត្វ​ព្រាប​គឺជា​សញ្ញា ឬ ជា​និមិត្តរូប​មួយ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ព្រះយេស៊ូវ ( សូម​មើល Bible Dictionary « Dove, sign of » ) ។

តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​គោលលទ្ធិ​អ្វីខ្លះ ដល់​យើង​អំពី​ក្រុម​ព្រះ ? ( សូម​មើល​ផងដែរ គ. និង ស. ១៣០:២២-២៣ ) ។

មាន​មនុស្ស​ជាច្រើន​ពុំ​មាន​ចំណេះដឹង​ដ៏​ត្រឹមត្រូវ ឬ ពេញលេញ​អំពី​ក្រុម​ព្រះ​ឡើយ ។ កាល​ណា​យើង​យល់​អំពី​លក្ខណៈ​ពិត​នៃ​ក្រុម​ព្រះ​កាន់​តែ​ច្រើន នោះ​យើង​មាន​សេចក្ដី​ស្រឡាញ់​កាន់តែ​ធំធេង​ចំពោះ​ពួក​ទ្រង់ ហើយ​យើង​នឹង​រៀបចំ​ខ្លួន​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ពួក​ទ្រង់​ដល់​មនុស្ស​ទូទៅ បាន​កាន់តែ​ប្រសើរ​ឡើង ។

  1. សូម​ស្វែងរក​ការបកស្រាយ​នៃ​ពាក្យ « God » នៅ​ក្នុង Bible Dictionary ឬ ពាក្យ « ព្រះ ក្រុមព្រះ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( scriptures.lds.org ) ។ សូម​អាន​ការបកស្រាយ​នោះ ដោយ​ស្វែងរក​ព័ត៌មាន​អំពី​អង្គ​សមាជិក​ក្រុម​ព្រះ​និមួយៗ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ​មួយ ឬ ពីរ​ប្រយោគ អំពី​អង្គ​សមាជិក​ក្រុមព្រះ​នីមួយៗ ដែល​រួម​បញ្ចូល​ព័ត៌មាន​ដែល​អ្នក​ដឹង​ថា​ចាំបាច់​ត្រូវ​ដឹង ។

សូម​គិត​អំពី​ការចែកចាយ​ទីបន្ទាល់​អំពី​ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធ ជាមួយ​នឹង​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃនេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖