បណ្ណាល័យ
មេរៀន​ទី ២ ថ្ងៃទី ៤ ៖ ម៉ាថាយ ៥


មេរៀន​ទី ២ ៖ ថ្ងៃ​ទី ៤

ម៉ាថាយ ៥

សេចក្ដីផ្ដើម

ម៉ាថាយ ៥–៧ កត់ត្រា​អំពី​ទេសនកថា​មួយ​ដែល ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​នៅ​ពេល​ទ្រង់​បាន​ចាប់ផ្ដើម​ការងារ​បម្រើ​របស់​ទ្រង់ ។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ទេសនកថា​នៅ​លើ​ភ្នំ ។ មេរៀន​នេះ​គ្រប​ដណ្ដប់​លើ ម៉ាថាយ ៥ មាន​គោលការណ៍​ទាំងឡាយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ដែល​នាំ​ទៅ​រក​សុភមង្គល ។ ទ្រង់​ក៏​បាន​ត្រាស់​បញ្ជា​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ​ធ្វើ​ជា​គំរូ​ល្អ ហើយ​បាន​បង្រៀន​អំពី​ក្រឹត្យវិន័យ​ខ្ពស់​ជាង​ផងដែរ ។

ម៉ាថាយ ៥:១-១២

ព្រះអង្គ​សង្គ្រោះ​ចាប់ផ្ដើម ​ទេសនកថា​នៅ​លើ​ភ្នំ​ ដោយ​បង្រៀន​អំពី​បទប្រទានពរ​ទាំងឡាយ

រូបភាព
ទេសនកថា​នៅ​លើ​ភ្នំ

ព្រះយេស៊ូវ​បង្រៀន​ទេសនាកថា​នៅ​លើ​ភ្នំ

តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ យ៉ាង​ដូចម្ដេច ៖ តើ​អ្នក​សប្បាយ​ចិត្ត​ដែរ​ឬ​ទេ ? ហេតុអ្វី​សប្បាយ ឬ ហេតុអ្វី​មិន​សប្បាយ ?

សូម​គូស​ចំណាំ​អ្វី​ដែល ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍​អំពី​សុភមង្គល ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ជាញឹកញាប់​ណាស់ ដែល​យើង​ត្រូវ​ធ្លាក់​ក្នុង​ការបំភាន់​ថា មាន​អ្វី​មួយ​ដែល​យើង​ពុំ​អាច​ចាប់​យក​បាន ជា​អ្វី​មួយ​ដែល​នឹង​នាំ​យើង​ឲ្យ​មាន​សុភមង្គល​នោះ​គឺ ៖ ស្ថានភាព​គ្រួសារ​ដ៏​ល្អ​ជាងនេះ ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​ជាង​នេះ ឬ ទីបញ្ចប់​នៃ​ឧបសគ្គ ។

« … ស្ថានភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ពុំ​សំខាន់ ឬ កំណត់​សុភមង្គល​របស់​យើង​ឡើយ ។

« យើង ពិត​ជា​សំខាន់ ។ យើង កំណត់​សុភមង្គល​យើង » (« Of Regrets and Resolutions » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ២៣ ) ។

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ៥ សូម​ស្វែងរក​គោលការណ៍​ទាំងឡាយ ដែល​អាច​ជួយ​អ្នក​យល់​អំពី​អ្វី​ដែល​នឹង​នាំ​ឲ្យ​មាន​សុភមង្គល​ដ៏​ពិត ។

សូម​អាន​ត្រួសៗ​នៅ ម៉ាថាយ ៥:៣–១១ ដោយ​ស្វែងរក​ពាក្យ​ដដែលៗ ដែល​មាន​ប្រើ​នៅ​ដើម​នៃ​ខគម្ពីរ​នីមួយៗ ។ ( អ្នក​អាច​នឹង​ចង់​គូសចំណាំ និយមន័យ​នៃ​ពាក្យ មាន​ពរ​ហើយ ដែល​មាន​ប្រើ​នៅ​ក្នុង ម៉ាថាយ ៥:៣ លេខ​យោង a ) ។

ដោយសារ​ពាក្យ មាន​ពរ បក​ប្រែ​មក​ពី​ពាក្យ​ឡាតាំង beatus ដែល​មាន​ន័យ​ថា មាន​សំណាង ឬ រីករាយ នោះ​ខគម្ពីរ​ទាំងនេះ​ត្រូវបាន​ហៅ​ជា​ទូទៅ​ថា​បទប្រទានពរ​ទាំងឡាយ ។

អំឡុង​ពេល​ទ្រង់​យាង​ទៅ​ជួប​ពួក​សាសន៍​នីហ្វៃ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ទេសនកថា​មួយ ដែល​ស្រដៀង​ទៅ​នឹង​ទេសនកថា​នៅ​លើ​ភ្នំ​នៅ​ក្នុង ម៉ាថាយ ៥ ដែរ ។ មុន​ពេល​ទ្រង់​ចាប់ផ្ដើម​ទេសនា​ទៅ​កាន់​ពួក​សាសន៍​នីហ្វៃ ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់​ថា របៀប​ដើម្បី​មក​ឯ​ទ្រង់ គឺ​តាម​រយៈ​ពិធីបុណ្យ​ជ្រមុជទឹក និង ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល នីហ្វៃទី៣ ១២:១–២ ) ។ បទប្រទានពរ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង ម៉ាថាយ ៥:១–១២ និង នីហ្វៃទី៣ ១២:១–១២ ផ្ដល់​មាគ៌ា​មួយ​ឲ្យ​យើង​ដឹង​អំពី​របៀប ដើម្បី​មក​ឯ​ទ្រង់ ។

សូម​អាន នីហ្វៃទី៣ ១២:៣–៦ ដោយ​ស្វែងរក​របៀប​ដែល​សារលិខិត​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ផ្ដល់​នូវ​ការយល់ដឹង​កាន់តែ​ខ្ពស់​ចំពោះ​វគ្គ​បទគម្ពីរ​នៅ​ក្នុង ម៉ាថាយ ៥:៣–៦ ។

  1. សូម​ជ្រើសរើស​បទ​ប្រទានពរ​មួយ​នៅ​ក្នុង ម៉ាថាយ ៥:៣–១២ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សុន្ទរកថា​ខ្លី​មួយ​អំពី​បទប្រទានពរ​នោះ ។ ( អ្នក​អាច​នឹង​ចង់​រួម​បញ្ចូល​ការយល់ដឹង​ចេញ​ពី នីហ្វៃទី៣ ១២ ) ។ សូម​ដាក់​បញ្ចូល​ព័ត៌មាន​ខាងក្រោម​នេះ ជា​ផ្នែក​នៃ​សុន្ទរកថា​របស់​អ្នក ៖

    1. ស្វែងរក​ពរជ័យ​ដែល​យើង​ត្រូវបាន​សន្យា នៅ​ពេល​យើង​រស់នៅ​តាម​បទប្រទានពរ​នោះ ។

    2. ណែនាំ​អំពី​វិធី​ជាក់លាក់ទាំងឡាយ ដែល​យើង​អាច​រស់នៅ​ឲ្យ​ស្រប​នឹង​បទប្រទានពរ​នេះ ។

    3. ពន្យល់​អំពី​របៀប​ដែល​ការរស់នៅ​ស្រប​តាម​បទប្រទានពរ​នេះ អាច​នាំ​សុភមង្គល​ដល់​យើង ។ អ្នក​ក៏​អាច​នឹង​ចង់​ចែកចាយ​បទពិសោធន៍​មួយ ដែល​បង្ហាញ​អំពី​របៀប​ដែល​បទប្រទានពរ​នោះ បាន​នាំ​សុភមង្គល​ដល់​យើង ។

អ្នក​អាច​នឹង​កត់ចំណាំ​ថា បទប្រទានពរ​នីមួយៗ បង្រៀន​អំពី​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​ការរស់នៅ​តាម​ការបង្រៀន​ទាំងនេះ យើង​អាច​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ ចេញ​ពី ម៉ាថាយ ៥ យើង​រៀន​ថា នៅ​ពេល​យើង​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ នោះ​យើង​រកឃើញ​សុភមង្គល​កាន់តែ​ច្រើន​ឡើង ។

សូម​ជ្រើសរើស​លក្ខណៈ​មួយ​ចេញ​ពី​បទប្រទានពរ​ទាំងឡាយ រួច​ដាក់​គោលដៅ​មួយ ដែល​នឹង​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​លក្ខណៈ​នោះ ។

ម៉ាថាយ ៥:១៣–១៦

ព្រះយេស៊ូវ​គ្រីស្ទ​ណែនាំ ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​គំរូ​សុចរិត

សូម​គិត​អំពី​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ដូចជា​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ​ម្នាក់ ដែល​អាច​ទទួល​ពរ​ដោយ​ការខិត​ទៅ​ជិត​ព្រះវរបិតា​សួគ៌ ។ នៅ​ពេល​អ្នក​បន្ត​សិក្សា ម៉ាថាយ ៥ សូម​ស្វែងរក​គោលការណ៍​នានា ដែល​អាច​ដឹកនាំ​អ្នក នៅ​ពេល​អ្នក​ព្យាយាម​ជួយ​បុគ្គល​រូប​នេះ ។

រូបភាព
អំបិល និង កំប៉ុង​អំបិល

សូម​បង្កើត​បញ្ជីអំពី​សារៈ​ប្រយោជន៍​របស់​អំបិល ដែល​អ្នក​អាច​គិត​ឃើញ ៖

សូម​បញ្ជូល​ទៅ​ក្នុង​បញ្ជី​របស់​អ្នក បន្ទាប់​ពី​អាន​នូវ​អ្វី​ដែល​អែលឌើរ ខាឡូស អ៊ី អេសេ នៃ​ពួក​ចិតសិប​នាក់ បាន​មាន​ប្រសាសន៍​អំពី​អំបិល ៖

រូបភាព
អែលឌើរ ខាឡូស អ៊ី អេសេ

« [ អំបិល ] មាន​សារៈប្រយោជន៍​ចំពោះ​សុខភាព កោសិកា​រាងកាយ​ត្រូវការ​អំបិល​ដើម្បី​រស់រាន និង ដំណើរការ ។ វា​មាន​សារធាតុ​សម្អាត ឬ សម្លាប់​មេរោគ ។ វា​គឺ​ជា​អ្នក​ការពារ​រាងកាយ ។ វា​គឺ​ជា​គ្រឿងផ្សំ​មួយ​បែប ដាក់​នៅ​ក្នុង​អាហារ និង ផលិតផល​នានា ។ ហើយ​វា​ត្រូវបាន​ឲ្យ​តម្លៃ​ថា អំបិល​មាន​សារៈប្រយោជន៍​ជាង​មួយ​ម៉ឺន​បួន​ពាន់​ប្រភេទ ។ …

« … « [ អំបិល​ដែល ] មាន​ជាតិប្រៃ … គឺ​ស្អាត សុទ្ធ គ្មាន​សារជាតិ​ពុល ហើយ​មាន​ប្រយោជន៍ ។ នៅ​ក្នុង​ស្ថានភាព ឬ លក្ខខណ្ឌ​នេះ អំបិល​នឹង​ការពារ ផ្ដល់​រសជាតិ ព្យាបាល ហើយ​ធ្វើ​មុខងារ​ដ៏​មាន​ប្រយោជន៍​ផ្សេង​ទៀត » (« Salt of the Earth: Savor of Men and Saviors of Men » Ensign ខែ ឧសភា ឆ្នាំ ១៩៨០ ទំព័រ ៤២ ) ។

សូម​អាន ម៉ាថាយ ៥:១៣ ដោយ​ស្វែងរក​ថាតើ​នរណា ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀបធៀប​ទៅ​ជា​អំបិល ។

សូម​គិត​អំពី​របៀប​ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​បង្ហាញ​លក្ខណៈ​សម្បត្តិ​ដូចគ្នា​នឹង​អំបិល​ល្អ ។

យោង​តាម ខទី ១៣ តើ​មាន​អ្វី​កើត​ឡើង កាល​អំបិល​អស់​ជាតិ​ប្រៃ ?

ពាក្យ ជាតិ​ប្រៃ ពុំ​មែន​សំដៅ​តែ​រសជាតិ​របស់​អំបិល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ទៅ​លើ​គុណសម្បត្តិ​ដាច់​ដោយ​ឡែក ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅ​ជា​ភ្នាក់ងារ​ព្យាបាល និង ការពារ​ដែរ ។

តើ​អ្នក​គិត​ថា អ្វី​ដែល​បណ្ដាល​ឲ្យ​អំបិល​ត្រូវ​បាត់បង់​រសជាតិ​ប្រៃ​របស់​វា ?

អំបិល​បាត់បង់​ជាតិ​ប្រៃ​របស់​វា នៅ​ពេល​វា​លាយ​នឹង​សារធាតុ​ផ្សេង​ទៀត ( ដូចជា​ដី​ជាដើម ) ហើយ​ទៅ​ជា​កខ្វក់ ។

ប្រសិនបើ​អំបិល​តំណាង​ឲ្យ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ តើ​ដី ឬ សារធាតុ​ពុល​ផ្សេង​ទៀត តំណាង​ឲ្យ​អ្វី ?

យើង​រៀន​ចេញ​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ថា ការមាន​ភាពកខ្វក់​ដោយ​អំពើបាប​នៃ​លោកិយ អាច​រារាំង​យើង​ពី​ការធ្វើ​ជា​ពរជ័យ​មួយ​សម្រាប់​មនុស្ស​ដទៃ​ទៀត ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ាថាយ ៥:១៣ ។

រូបភាព
អែលឌើរ ខាឡូស អ៊ី អេសេ

អែលឌើរ អេសេ ក៏​បាន​ផ្ដល់​ដំបូន្មាន​ដើម្បី​ជួយ​យើង ឲ្យ​ចៀងវាង​ពី​ការមាន​ភាពកខ្វក់​ដោយ​អំពើបាប​នៃ​លោកិយ​ដែរ ៖ « ខ្ញុំ​សូម​ផ្ដល់​សេចក្ដី​ណែនាំ​សាមញ្ញៗ​ទាំងនេះ … ទុក​ជា​មធ្យោបាយ​ដើម្បី​ការពារ​រសជាតិ​ប្រៃ​របស់​បុគ្គល​ម្នាក់ ៖ ប្រសិនបើ​វា​ពុំ ស្អាត ទេ​នោះ ចូរ​កុំ​គិត​អំពី​វា, ប្រសិនបើ​វា​ពុំ ពិត ទេ​នោះ ចូរ​កុំ​និយាយ​អំពី​វា, ប្រសិនបើ​វា​ពុំ ល្អ ទេ​នោះ ចូរ​កុំ​ប្រព្រឹត្ត​វា » (« Salt of the Earth » ទំព័រ ៤២–៤៣ ) ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ថ្ងៃ​នេះ ដើម្បី​ចៀសវាង​ពី​ការមាន​ភាពកខ្វក់​ដោយ​អំពើបាប​នៃ​លោកិយ ។ សូម​ចងចាំ​ថា តាមរយៈ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង ការប្រែចិត្ត នោះ​អ្នក​អាច​ក្លាយ​ជា​បរិសុទ្ធ ចេញ​ពី​អំពើបាប​ទាំងឡាយ ដែល​អ្នក​អាច​បាន​ប្រព្រឹត្ត ។

សូម​អាន ម៉ាថាយ ៥:១៤–១៦ រួច​កត់ចំណាំ​អំពី​របៀប ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀបធៀប​ពួក​សិស្ស​របស់​ទ្រង់​ទៅ​នឹង​ចង្កៀង ។ ( ម៉ាថាយ ៥:១៤–១៦ គឺ​ជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ ដែល​ជួយ​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

រូបភាព
scripture mastery icon
ចំណេះ​ចំណាន​ខគម្ពីរ—ម៉ាថាយ ៥:១៤–១៦

រូបភាព
ចង្កៀង
  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូប​ចង្កៀង​ធម្មតា​មួយ រួច​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    1. តើ​ឃ្លា​ដែល​ចែង​ថា ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា​បាន​ភ្លឺ មាន​ន័យ​ដូចម្ដេច ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់ ដែល​ត្រូវ​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​នៅ​ក្នុង ម៉ាថាយ ៥:១៤–១៦ ដើម្បី​ធ្វើ​គំរូ​សុចរិត ?

ស្របតាម​ខគម្ពីរ​ទាំងនេះ យើង​រៀន​ថា គំរូ​សុចរិត​របស់​យើង អាច​ជួយ​លើក​ទឹកចិត្ត​មនុស្ស​ដទៃ ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ ។ សូម​ពិចារណា​អំពី​ការសរសេរ​គោលការណ៍​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​នៅ​ពេល​ណា ដែល​មាន​មនុស្ស​ម្នាក់​ធ្លាប់​ធ្វើ​គំរូ​សុចរិត​មួយ ដែល​បាន​ជួយ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​នឹង​ព្រះវរបិតាសួគ៌ ?

សូម​សញ្ជឹង​គិត​អំពី​អ្វី ដែល​អ្នក​អាច​ធ្វើ ដើម្បី​ធ្វើ​ជា​គំរូ​មួយ​ដ៏​ល្អ​ដល់​គ្រួសារ និង មិត្តភក្ដិ​របស់​អ្នក ។

ម៉ាថាយ ៥:១៧-៤៨

ព្រះយេស៊ូវ​គ្រីស្ទ បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​អំពី​របៀប ក្លាយ​ទៅ​ជា​ល្អ​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតាសួគ៌

ម៉ាថាយ ៥:១៧–២០ កត់ត្រា​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ថា ទ្រង់​ពុំ​បាន​យាង​មក​ដើម្បី​បំផ្លាញ ឬ លើក​ចោល​សេចក្ដីពិត​ដ៏​អស់កល្ប​នៅ​ក្នុង​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ឡើយ ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​យាង​មក​ដើម្បី​ស្ដារ​ភាពពេញលេញ​នៃ​ដំណឹងល្អ ដែល​បាន​បាត់បង់​ដោយសារតែ​ភាពទុច្ចរិត និង ការក្បត់​សាសនា ដើម្បី​កែតម្រូវ​ការបង្រៀន​ដ៏​ខុសឆ្គង និង ដើម្បី​បំពេញ​តាម​ការព្យាករណ៍​ទាំងឡាយ​ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ពួក​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។

នៅ​ក្នុង ម៉ាថាយ ៥:២១–៤៨ ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​អំពី ក្រឹត្យវិន័យ និង ទំនៀមទម្លាប់​ជា​ច្រើន ដែល​ពួក​សាសន៍​យូដា បាន​កែប្រែ និង ដាក់​បញ្ចូល​បន្ថែម​ទៅ​ក្នុង​ក្រឹត្យវិន័យ​លោក​ម៉ូសេ ។ នៅ​ពេល​ទ្រង់​ពន្យល់​អំពី​អត្ថន័យ​ដ៏​ពិត​នៃ​ក្រឹត្យវិន័យ​ទាំងឡាយ ទ្រង់​បាន​បង្រៀន​អំពី​របៀប​រស់នៅ​កាន់តែ​ប្រសើរ ។ សមាជិក​ក្នុង​នគរ​ព្រះ ត្រូវតែ​រស់នៅ​តាម​ក្រឹត្យវិន័យ​ខ្ពស់​ជាង​នេះ ។ ដើម្បី​ជួយ​អ្នក​ស្វែងរក​អ្វី ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​អំពី​ក្រឹត្យវិន័យ​ខ្ពស់​ជាង សូម​ធ្វើ​លំហាត់​ផ្គូផ្គង​ខាង​ក្រោម​នេះ ៖

រស់នៅ​តាម​តែ​អ្វី​ដែល​ក្រឹត្យវិន័យ​បាន​ប្រាប់

របៀប​ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​គួរតែ​រស់នៅ

  • « កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ » ( សូម​មើល ម៉ាថាយ ៥:២១–២៦ ) ។

  • « កុំ​ផិត​ឲ្យ​សោះ » ( សូម​មើល ម៉ាថាយ ៥:២៧-៣០ ) ។

  • នៅ​ពេល​អ្នក​មាន « សំបុត្រ » លែងលះ នោះ​អ្នក​អាច​លែងលះ​ប្រពន្ធ​របស់​អ្នក​បាន​ហើយ ( សូម​មើល ម៉ាថាយ ៥:៣១–៣២ ) ។

  • អ្នក​ត្រូវ​រក្សា​តែ​សេចក្ដី​ដែល​ស្បថ​នឹង​ព្រះអម្ចាស់​ប៉ុណ្ណោះ ( សូម​មើល ម៉ាថាយ ៥:៣៣–៣៧ ) ។

  • « ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ » ( សូម​មើល ម៉ាថាយ ៥:៣៨–៤២ ) ។

  • អ្នក​ត្រូវ​ស្រឡាញ់​តែ​អ្នក​ជិតខាង​ខ្លួន​ប៉ុណ្ណោះ ( សូម​មើល ម៉ាថាយ ៥:៤៣–៤៧ ) ។

  1. អ្នក​មិន​គួរ​ធ្វើ​សេចក្ដី​ស្បថ​ឡើយ ដ្បិត​ពាក្យ​ពេចន៍​ដែល​អ្នក​ថ្លែង​ចេញ​នោះ គ្រប់គ្រាន់​ហើយ ។

  2. ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ។

  3. ហាម​លែងលះ​ឲ្យ​សោះ លើកលែង​តែ​បាន​ប្រព្រឹត្ត​អំពើ​កំផិត ។

  4. វៀរចាក​ពី​សេចក្ដី​ក្រោធ ។

  5. បែរ​ថ្ពាល់​ម្ខាង​ទៀត​ឲ្យ​គេ ។

  6. វៀរចាក​ពី​កាយវិការ​កំផិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដោយ​ការកម្សាន្ត​ជាមួយ​នឹង​អារម្មណ៍​កាមគុណ ។

  1. សូម​រំឭក​សេចក្ដីពិត​ទាំងឡាយ ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ ។ នៅ​លើ​បន្ទាត់​ផ្សេងៗ​គ្នា​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពាក្យ ចាប់ផ្ដើម ឈប់ និង បន្ត ។ សូម​វាយតម្លៃ​លើ​ជីវិត​របស់​អ្នក រួច​ជ្រើស​យក​កិច្ចការ​មួយ​ដែល​អ្នក​អាច​ចាប់ផ្ដើម​ធ្វើ កិច្ចការ​មួយ​ដែល​អ្នក​អាច​ឈប់​ធ្វើ​វា និង​កិច្ចការ​មួយ​ដែល​អ្នក​អាច​បន្ត​ធ្វើ ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ នៅ​ក្នុង​ជីវិត​របស់​អ្នក ។ នៅ​ក្បែរ​ពាក្យ​ដែល​ត្រឹមត្រូវ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​អ្នក​បាន​ជ្រើស​ដើម្បី​ចាប់ផ្ដើម​ធ្វើ និង អ្វី​ដែល​អ្នក​បាន​ជ្រើស​ដើម្បី​បន្ត​ធ្វើ ។ សូម​គូស​សញ្ញា​កែង​នៅ​ក្បែរ​ពាក្យ ឈប់ ដើម្បី​បង្ហាញ​ថា អ្នក​បាន​ជ្រើស​យក​អ្វី​មួយ​ដែល​អ្នក​អាច​ឈប់​ធ្វើ ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃនេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖