បណ្ណាល័យ
មេរៀន​ទី ៣ ថ្ងៃ​ទី ៣ ៖ ម៉ាថាយ ១១-១២


មេរៀន​ទី ៣ ៖ ថ្ងៃ​ទី ៣

ម៉ាថាយ ១១-១២

សេចក្តីផ្តើម

ព្រះយេស៊ូវគ្រីស្ទ​បាន​ថ្លែង​ទីបន្ទាល់​ថា យ៉ូហាន បាទីស្ទ ត្រូវបាន​បញ្ជូន​មក​ឲ្យ​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់ ហើយ​ទ្រង់​បាន​សន្យា​ទៅ​ដល់​អ្នក​ដែល​មក​រក​ទ្រង់ ។ ទ្រង់​បាន​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​ពួក​ផារីស៊ី ដែល​ថា​ព្រះចេស្ដា​ដែល​ទ្រង់​មាន​គឺ​មក​ពី​អារក្ស ។ ទ្រង់​បាន​ព្រមាន​ដល់​ពួកគេ​ទាស់​នឹង​ការចោទប្រកាន់​ខុសឆ្គង​នានា និង ការស្វែងរក​ទីសម្គាល់ ហើយ​ទ្រង់​បាន​បង្រៀន​រឿង​ប្រដូច​អំពី​ផ្ទះ​នៅ​ទំនេរ ។

ម៉ាថាយ ១១

ព្រះយេស៊ូវគ្រីស្ទ​បាន​ថ្លែង​ទីបន្ទាល់​ថា យ៉ូហាន បាទីស្ទ ត្រូវបាន​បញ្ជូន​មក​ឲ្យ​រៀបចំ​ផ្លូវ​ពី​មុន​ទ្រង់

រូបភាព
មន្ត្រី​នគរបាល​ស្លៀក​ពាក់​ឯកសណ្ឋាន វេជ្ជបណ្ឌិត​បញ្ចាំង​កម្មរស្មី​អ៊ិច ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ

ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់​ក្នុង​ការដឹង​ថា មនុស្ស​ដែល​បង្ហាញ​ខ្លួន​ជា​មន្ត្រី​នគរបាល ឬ វេជ្ជបណ្ឌិត ពិត​ជា​មនុស្ស​ដែល​ពួកគេ​បង្ហាញ​ឲ្យ​ឃើញ​នោះ ? តើ​អ្នក​អាច​ដឹង​ថា ពួកគេ​គឺ​ជា​មនុស្ស​ដែល​ពួកគេ​បង្ហាញ​ឲ្យ​ឃើញ​នោះ យ៉ាង​ដូចម្ដេច ?

អំឡុង​ពេល​ការបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ជីវិត​រមែង​ស្លាប់ នៅ​ពេល​ទ្រង់​បាន​សម្ដែង​អព្ភូតហេតុ ហើយ​បាន​បង្រៀន​ប្រជាជន នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​ដើម្បី​ដឹង ថា​តើ​ទ្រង់​គឺ​ជា​មនុស្ស​ដែល​ទ្រង់​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ​នោះ—គឺ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា​មែន​ឬ​ទេ ។ នៅ​គ្រា​នោះ ស្ដេច​ហេដូឌ​បាន​ចាប់​ខ្លួន ហើយ​ឃុំ យ៉ូហាន បាទីស្ទ ។ សូម​អាន ម៉ាថាយ ១១:២–៣ ដោយ​ស្វែងរក​របៀប​ដែល យ៉ូហាន បាទីស្ទ បាន​ជួយ​ពួក​សិស្ស​របស់​លោក ទទួល​បាន​នូវ​សាក្សី​មួយ​ចំពោះ​ខ្លួន​គេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ យ៉ូហាន បាន​បញ្ជូន​ពួក​សិស្ស​របស់​លោក​ឲ្យ​ទៅ​ទូល​សួរ​ដូចម្ដេច​ដល់​ព្រះយេស៊ូវ ?

ជាមួយ​សំណួរ​នេះ​នៅ​ក្នុង ខទី ៣ ពួក​សិស្ស​របស់ យ៉ូហាន បាន​សួរ​ថា តើ​ទ្រង់​គឺ​ជា​ព្រះមែស៊ី​មែន​ឬ​អត់ ។ សូម​ចងចាំ​ថា យ៉ូហាន បាទីស្ទ បាន​ដឹង​ជា​ស្រេច​ហើយ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះមែស៊ី ( សូម​មើល ម៉ាថាយ ៣:១១, ១៣–១៤, យ៉ូហាន ១:២៩–៣៤ ) ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​យ៉ូហាន បញ្ជូន​ពួក​សិស្ស​របស់​លោក ឲ្យ​ទៅ​ស្វែងរក​ដោយ​ខ្លួន​គេ​ថា តើ​ព្រះយេស៊ូវ​គឺ​ជា​ព្រះមែស៊ី​មែន​ឬ​អត់ ខណៈ​លោក​បាន​ដឹង​ជា​ស្រេច​ថា​ព្រះយេស៊ូវ​ជា​នរណា​ហើយ​នោះ ?

សូម​អាន ម៉ាថាយ ១១:៤-៥ ដោយ​ស្វែងរក​ថា តើ​ព្រះយេស៊ូវ​បាន​ឆ្លើយ​សំណួរ​ពួកគេ​យ៉ាង​ដូចម្ដេច ។

ជំនួស​ឲ្យ​ការមាន​ព្រះបន្ទូល​ប្រាប់​ដោយ​ចំៗ​ថា​ទ្រង់​គឺ​ជា​ព្រះមែស៊ី តើ​ព្រះយេស៊ូវ​បាន​អញ្ជើញ​ឲ្យ​ពួក​សិស្ស​របស់ យ៉ូហាន បាទីស្ទ ធ្វើ​អ្វី​ខ្លះ ?

ព្រះយេស៊ូវ​អាច​មាន​ព្រះបន្ទូល​ប្រាប់​ពួក​សិស្ស​របស់ យ៉ូហាន ដោយ​ងាយ​ថា ទ្រង់​គឺ​ជា​ព្រះមែស៊ី ។ ផ្ទុយទៅ​វិញ ទ្រង់​បាន​អញ្ជើញ​ពួកគេ​ឲ្យ ពិចារណា អំពី​ទង្វើ​របស់​ទ្រង់ ហើយ​បន្ទាប់​មក​ត្រឡប់​ទៅ​ឯ យ៉ូហាន វិញ រួច​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​ដែល​ពួកគេ​បាន​ឮ ហើយ​ឃើញ​ព្រះយេស៊ូវ​ធ្វើ ។

តើ​ការពិចារណា​អំពី​ទង្វើ​របស់​ព្រះយេស៊ូវ បាន​ជួយ​ពួក​សិស្ស​របស់ យ៉ូហាន បាទីស្ទ ឲ្យ​ទទួល​បាន​សាក្សី​កាន់តែ​មាន​អានុភាព​អំពី​ព្រះអង្គសង្គ្រោះ ប្រសើរជាង​បើ​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ពួកគេ​ថា​ទ្រង់​ជា​នរណា យ៉ាង​ដូចម្ដេច ?

យើង​រៀន​ចេញ​ពី​ដំណើររឿង​នេះ​ថា នៅ​ពេល​យើង​ព្យាយាម​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង នៅ​ពេល​យើង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ នោះ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង​អំពី​ទ្រង់ នឹង​រឹងមាំ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​អ្នក​បាន​ដឹង​ដោយ​ខ្លួន​អ្នក​ថា ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ។

ម៉ាថាយ ១១:៧–២៧ កត់ត្រា​ថា បន្ទាប់​ពី​ពួក​សិស្ស​ទាំង​ពីរ​នាក់​បាន​ចាកចេញ​ទៅ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ទៅ​បណ្ដាជន​ថា យ៉ូហាន បាទីស្ទ គឺ​ជា​ព្យាការី​ដែល​ត្រូវ​បាន​ជ្រើសតាំង ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះមែស៊ី ។ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ស្ដី​បន្ទោស​ដល់​អ្នក​ទាំងឡាយ​ដែល​បដិសេធ​ទ្រង់ និង យ៉ូហាន បាទីស្ទ ទោះជា​ពួកគេ​បាន​ឃើញ​ភស្ដុតាង​ច្បាស់លាស់​អំពី​ទេវភាព​នៃ​ព្រះយេស៊ូវ​ក្ដី ។

សូម​អាន ម៉ាថាយ ១១:២៨–៣០ ដោយ​ស្វែងរក​ការអញ្ជើញ និង សេចក្ដី​សន្យា​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​អ្នក​ទាំងឡាយ​ដែល​ទទួល​ទ្រង់​ថា​ជា​ព្រះមែស៊ី ។ ( ម៉ាថាយ ១១:២៨–៣០ គឺ​ជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​បទគម្ពីរ​នេះ​តាម​របៀប​មួយ ដែល​ពួកគេ​នឹង​អាច​រក​វា​ឃើញ​ដោយ​ងាយស្រួល ) ។

សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​បានរៀន​ចេញ​ពី ខទី ២៨–៣០ ៖ ប្រសិនបើ​​យើង​មក​រក​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង  ។

  1. សូម​កត់ត្រា​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​នៅពេល​ណា ដែល​អ្នក​ធ្លាប់​ទទួល​អារម្មណ៍​ថា​ព្រះអង្គ​សង្គ្រោះ សម្រាល​បន្ទុក​នៅ​ពេល​អ្នក​មក​រក​ទ្រង់ ?

រូបភាព
scripture mastery icon
ចំណេះ​ចំណាន​ខគម្ពីរ—ម៉ាថាយ ១១:២៨-៣០

  1. ដើម្បី​ជួយ​អ្នក​ទន្ទេញ​ចាំ ម៉ាថាយ ១១:២៨–៣០ សូម​បង្កើត​សកម្មភាព​នានា ដែល​អាច​បង្ហាញ​ពាក្យ ឬ ឃ្លា​នៅ​ក្នុង​ខគម្ពីរ​នីមួយៗ ។ សូម​បង្រៀន​សកម្មភាព​ទាំងនេះ​ទៅ​ដល់​មនុស្ស​ម្នាក់​ទៀត ( ដូចជា​សមាជិក​គ្រួសារ នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ មិត្ត​ភក្ដិ​ម្នាក់​ជាដើម ) ។ សូម​អនុវត្ត​សកម្មភាព​នានា ស្របពេល​អាន​ខគម្ពីរ​ទាំងនេះ រហូត​ដល់​អ្នក​អាច​ទន្ទេញ​វគ្គ​បទគម្ពីរ​នេះ​ចាំ​ស្ទាត់ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ប្រយោគ​មួយ​ដែល​ប្រាប់​ថា អ្នក​បាន​បញ្ចប់​កិច្ចការ​នេះ ។

ម៉ាថាយ ១២:១-៤២

ព្រះយេស៊ូវគ្រីស្ទ​វាយផ្ចាល​ពួក​ផារិស៊ី ចំពោះ​ការចោទប្រកាន់​ដ៏​ខុសឆ្គង និង ការស្វែងរក​ទីសម្គាល់​របស់​ពួកគេ

រូបភាព
ព្រះគ្រីស្ទ និង ពួក​ផារិស៊ី

យើង​រៀន​នៅ​ក្នុង ម៉ាថាយ ១២:១–២១ ថា បន្ទាប់​ពី​ព្រះយេស៊ូវ បាន​ព្យាបាល​បុរស​ម្នាក់​នៅ​ថ្ងៃ​ឈប់​សម្រាក មាន​ពួក​ផារីស៊ី​មួយ​ចំនួន បាន​ចាប់ផ្ដើម​ព្យាយាម​បំផ្លាញ​ទ្រង់​ ។ នៅ​ពេល​ទ្រង់​បាន​ព្យាបាល​មនុស្ស​មាន​អារក្ស​ចូល ពួកគេ​បាន​ប៉ុនប៉ង​បង្ខូច​ព្រះកិត្តិសព្ទ​ទ្រង់​នៅ​ចំពោះ​មុខ​បណ្ដាជន ដោយ​ចោទប្រកាន់​ទ្រង់​ថា​បាន​ធ្វើ​កិច្ចការ​នោះ​ដោយ​អំណាច​នៃ​អារក្ស ។ ផ្ទុយទៅវិញ ព្រះយេស៊ូវ​បាន​ជ្រាប​អំពី​គំនិត​ពួកគេ ហើយ​មាន​ព្រះបន្ទូល​អះអាង​ថា តាម​រយៈ​ការបណ្ដេញ​អារក្ស នោះ​ទ្រង់​កំពុង​បង្ហាញ​ថា ទ្រង់​គឺ​ជា​ព្រះមែស៊ី ហើយ​កំពុង​ស្ថាបនា​នគរ​របស់​ព្រះ ។

សូម​អាន ម៉ាថាយ ១២:៣០ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី អ្នក​ដែល​មិន​នៅ​ខាង​ទ្រង់ ។

ស្របតាម ខទី ៣០ ប្រសិនបើ​យើង​មាន​បំណង​ធ្វើ​ជា​ចំណែក​ក្នុង​នគរ​ព្រះ យើង​ត្រូវតែ​តាំងចិត្ត​ទាំងស្រុង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក អាច​បង្ហាញ​ការតាំងចិត្ត​ទាំងស្រុង​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

ម៉ាថាយ ១២:៣១–៤២ កត់ត្រា​ថា ព្រះយេស៊ូវ​បាន​បញ្ជាក់​សាជាថ្មី​ថា ទង្វើ​ល្អ​របស់​ទ្រង់​គឺ​ជា​ភស្ដុតាង​ប្រាប់​ថា ទ្រង់​បាន​មក​ពី​ព្រះ មិនមែន​បាន​មក​ពី​អារក្ស​នោះ​ទេ ។ ទ្រង់​ក៏​បាន​ព្រមាន​ដល់​ពួក​ផារិស៊ី​ផងដែរ​ថា ព្រះ​នឹង​ឲ្យ​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​ពាក្យ​សម្ដី​ចោទ​ប្រកាន់​របស់​ពួកគេ ។ ក្រោយ​មក ពួក​អាចារ្យ និង ពួក​ផារិស៊ី​មួយ​ចំនួន បាន​ទាមទារ​រក​ទីសម្គាល់ ហើយ​ព្រះយេស៊ូវ​បាន​បន្ទោស​ពួកគេ​ចំពោះ​ការស្វែងរក​ទីសម្គាល់ និង ចំពោះ​ការមិន​បើក​ភ្នែក​មើល​ថា ទ្រង់​មាន​ព្រះចេស្ដា​អស្ចារ្យ​ជាង​ព្យាការី​ពី​មុនៗ ឬ ស្ដេច​អ៊ីស្រាអែល​ទៅ​ទៀត ។ ព្រះអម្ចាស់​ក៏​បាន​បន្ទោស​ដល់​ការស្វែងរក​ទីសម្គាល់​នៅ​ជំនាន់​យើង​នេះ​ដែរ ហើយ​បាន​បង្រៀន​ថា សេចក្ដី​ជំនឿ​ពុំ​កើត​មាន​បន្ទាប់​ពី​ទីសម្គាល់​ឡើយ ( សូម​មើល គ. និង ស. ៦៣:៧–១១ ) ។

តើ​ការពោល « ពាក្យ​ប្រមាថ​ដល់​ព្រះវិញ្ញាណ » មាន​ន័យ​ដូចម្ដេច ( ម៉ាថាយ ១២:៣១ ) ?

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​ពន្យល់​អំពី​របៀប​ដែល​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើបាប​នេះ ៖ « គាត់​ច្បាស់​ជា​ទទួលបាន​ព្រះវិញ្ញាណ​បរិសុទ្ធ ស្ថានសួគ៌​បាន​បើក​ចំពោះ​គាត់ ហើយ​ស្គាល់​ព្រះ រួច​ហើយ​ធ្វើ​បាប​ទាស់​នឹង​ទ្រង់ ។ បន្ទាប់មក​បុរស​នោះ​មាន​បាប ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​គ្មាន​ការប្រែចិត្ត​ចំពោះ​គាត់​នោះ​ទេ ។ គាត់​ច្បាស់​ជា​និយាយ​ថា ព្រះអាទិត្យ​ពុំ​រះទេ ខណៈ​ដែល​គាត់​មើល​ឃើញ​នឹង​ភ្នែក​ហើយ​នោះ គាត់​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ នៅ​ពេល​ស្ថានសួគ៌​បាន​បើក​ចំពោះ​គាត់ រួច​ហើយ​បដិសេធ​ផែនការ​នៃ​សុភមង្គល​ដោយ​ភ្នែក​របស់​គាត់​បាន​ដឹង​សេចក្ដីពិត​ហើយ​នោះ » ( នៅ​ក្នុង History of the Church ៦:៣១៤ ) ។

ពេលខ្លះ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បារម្ភ​អំពី​អំពើបាប​នៃ​ពាក្យ​ប្រមាថ​ទាស់ ឬ បដិសេធ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន ៖ « អំពើ​បាប​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ តម្រូវ​ឲ្យ​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ដែល​សម្ដែង​ចេញ​យ៉ាង​ច្បាស់​នូវ​រឿង​ដែល​មិន​អាច​ធ្វើ​ទៅ​រួច ក្នុង​ការប្រព្រឹត្ត​អំពើ​បាប​នោះ ( The Miracle of Forgiveness [ ឆ្នាំ ១៩៦៩ ] ទំព័រ ១២៣ ) ។

នៅ​ក្នុង ម៉ាថាយ ១២:៣៩–៤០ ការស្វែងរក​ទីសម្គាល់​ត្រូវបាន​បន្ទោស​ដោយ​ព្រះអង្គ​សង្គ្រោះ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​អំពី​ការបង្រៀន​នេះ​នៃ​ព្រះអង្គ​សង្គ្រោះ ៖ « ជន​ដែល​ស្វែងរក​ទីសម្គាល់ គឺ​ជា​ជន​ដែល​ពុំ​មាន​ចិត្ត​ស្មោះត្រង់​ឡើយ ចំណែក​ឯ​គោលការណ៍​នោះ​គឺ​អស់កល្ប​ជានិច្ច មិន​ប្រែប្រួល ហើយ​មាំមួន​ដូចជា​សសរ​ទ្រ​ស្ថានសួគ៌ ដ្បិត​នៅ​ពេល​ណា​ដែល​អ្នក​ឃើញ​មនុស្ស​ណា​ម្នាក់​ស្វែងរក​ទីសម្គាល់ នោះ​អ្នក​អាច​ដឹង​យ៉ាង​ច្បាស់​ថា គាត់​ជា​មនុស្ស​ដែល​ពុំ​មាន​ចិត្ត​ស្មោះត្រង់​ឡើយ ( នៅ​ក្នុង History of the Church ៣:៣៨៥ ) ។

ក្រោយ​មក ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ប្រាប់​យើង ៖ « កាល​ខ្ញុំ​កំពុង​ប្រកាស​ដំណឹងល្អ​នៅ​រដ្ឋ ហ្វីឡាឌែលហ្វៀ ពួក​ជំនឿ​ខ្វេឃើរ​ម្នាក់ បាន​ទាមទារ​រក​ទីសម្គាល់ ។ ខ្ញុំ​បាន​ប្រាប់​គាត់​នៅ​ឲ្យ​ស្ងៀម ។ បន្ទាប់​ពី​ការបង្រៀន គាត់​បាន​ទាមទារ​រក​ទីសម្គាល់​ម្ដង​ទៀត ។ ខ្ញុំ​បាន​ប្រាប់​ក្រុម​ជំនុំ​ថា បុរស​នេះ​ពុំ​មាន​ចិត្ត​ស្មោះត្រង់​ឡើយ ដ្បិត​ពូជ​ដំណ​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​រក​ទីសម្គាល់ ចំណែក​ឯ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​មក​កាន់​ខ្ញុំ​នៅ​ក្នុង​វិវរណៈ​ថា ជន​ណាមួយ​ដែល​ចង់​បាន​ទីសម្គាល់​គឺ​ជា​ជន​ដែល​មិន​មាន​ចិត្ត​ស្មោះត្រង់​ឡើយ ។ បន្ទាប់​មក បុរស​ម្នាក់​ដែល​បាន​សារភាព​កាល​គាត់​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​បន្លឺ​ថា ‹ នោះ​ជា​ការពិត​ណាស់ ព្រោះ​ខ្ញុំ​បាន​ឃើញ​គាត់​ក្នុង​គ្រប់​ទង្វើ​ទាំងអស់ › » ( នៅ​ក្នុង History of the Church ៥:២៦៨ ) ។

ម៉ាថាយ ១២:៤៣-៥០

ព្រះយេស៊ូវ​ត្រាស់​បង្រៀន​រឿង​ប្រដូច​អំពី​ផ្ទះ​នៅ​ទំនេរ

សូម​ស្រមៃ​ថា មិត្តភក្ដិ​របស់​អ្នក​ម្នាក់​បាន​សុំ​យោបល់​ពី​អ្នក អំពី​របៀប​ចៀសវាង​ពី​ការប្រព្រឹត្ត​អំពើបាប​ដដែលៗ ដែល​គាត់​ព្យាយាម​រលាស់​ខ្លួន​ចេញ ។ តើ​អ្នក​នឹង​ផ្តល់​យោបល់​អ្វី​ខ្លះ ដើម្បី​ជួយ​មិត្តភក្តិ​របស់​អ្នក​ឲ្យ​តតាំង​នឹង​ការល្បួង ?

ព្រះយេស៊ូវគ្រីស្ទ​បាន​ដំណាល​រឿងប្រដូច​មួយ អំពី​អារក្ស​អសោច​ដែល​ត្រូវបាន​បណ្ដេញ​ចេញ​ពី​មនុស្ស​ម្នាក់ ។ នៅ​ពេល​អ្នក​សិក្សា​រឿងប្រដូច​នេះ សូម​ស្វែងរក​គោលការណ៍​ដែល​អាច​ជួយ​មិត្តភក្ដិ​របស់​អ្នក ឲ្យ​រៀន​អំពី​របៀប​យក​ឈ្នះ​លើ​ការល្បួង ។

សូម​អាន ម៉ាថាយ ១២:៤៣–៤៤ ដោយ​ស្វែងរក​អ្វី​ដែល​អារក្ស​អសោច​បាន​ធ្វើ បន្ទាប់​ពី​ត្រូវបាន​បណ្ដេញ​ចេញ​ពី​បុរស​នោះ​ទៅ​ហើយ ។

តើ​អារក្ស​អសោច​បាន​ធ្វើ​ដូចម្ដេច ក្រោយ​ពី​វា​រក​ទីសម្រាក​មិន​បាន​សោះ​នោះ ?

តើ​ពាក្យ​អ្វី​ខ្លះ ដែល​ពិពណ៌នា​ពី​ស្ថានភាព​នៃ « ផ្ទះ » ឬ មនុស្ស​នោះ នៅ​ពេល​អារក្ស​អសោច​បាន​ត្រឡប់​មក​វិញ ?

សូម​អាន ម៉ាថាយ ១២:៤៥ ដោយ​ស្វែងរក​អ្វី​ដែល​អារក្ស​អសោច​បាន​ធ្វើ បន្ទាប់​ពី​បាន​រកឃើញ « ផ្ទះ » ឬ មនុស្ស​នៅ​ទំនេរ ។

តើ​បទពិសោធន៍​របស់​មនុស្ស​នេះ​នៅ​ក្នុង​រឿង​ប្រដូច​នេះ តំណាង​ឲ្យ​បុគ្គល​ម្នាក់​ដែល​កំពុង​ប្រែចិត្ត​ពី​អំពើបាប ហើយ​ព្យាយាម​តតាំង​នឹង​ការល្បួង យ៉ាង​ដូចម្ដេច ?

បន្ទាប់​ពី​បាន​បណ្ដេញ​អារក្ស​ចេញ​ហើយ តើ​មនុស្ស​នៅ​ក្នុង​រឿង​ប្រដូច​នេះ​បាន​បរាជ័យ​ក្នុង​ការធ្វើ​អ្វី ដែល​អនុញ្ញាត​ឲ្យ​អារក្ស​អសោច​ត្រឡប់​មក​វិញ​បាន ?

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល សូម​ពិចារណា​អំពី​របៀប​ដែល​មនុស្ស​នៅ​ក្នុង​រឿងប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ អាច​នឹង​ដូចជា​មនុស្ស​ម្នាក់​ដែល​កំពុង​ពុះពារ​ដើម្បី​តតាំង​នឹង​ការល្បួង ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« អារក្ស​ស្គាល់​ចំណុច​ដែល​ត្រូវ​ល្បួង ជា​ចំណុច​ដែល​វា​ដាក់​ការផ្ដោត​អារម្មណ៍ ។ វា​ស្វែងរក​ចំណុច​ដែល​ងាយ​នឹង​ទទួល​ឥទ្ធិពល ។ អ្វី​ណា​មួយ​ដែល​ធ្លាប់​ជា​ចំណុច​ខ្សោយ​របស់​បុគ្គល​ម្នាក់ បុគ្គល​នោះ​នឹង​ត្រូវបាន​ល្បួង​សារជាថ្មី​កាន់តែ​ងាយស្រួល​ជាង​មុន​ទៅ​ទៀត ។

« នៅ​ពេល​ចង់​បញ្ឈប់​អំពើបាប​នេះ បុគ្គល​ម្នាក់​ពុំ​អាច​គ្រាន់តែ ប្រាថ្នា​ចង់​បាន ស្ថានភាព​ប្រសើរ​បាន​ឡើយ ។ បុគ្គល​នោះ​ត្រូវតែ បង្កើត ស្ថានភាព​នោះ ។ … បុគ្គល​នោះ​ត្រូវតែ​ប្រាកដ​ថា គាត់​ពុំ​គ្រាន់តែ​បាន​បោះបង់​អំពើបាប​នោះ​ចោល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​កែប្រែ​ស្ថានភាព​ជុំវិញ​អំពើបាប​នោះ​ផងដែរ ។ បុគ្គល​នោះ​គួរតែ​ចៀសវាង​ពី​កន្លែង និង ស្ថានភាព ព្រម​ទាំង​កាលៈទេសៈ​ទាំងឡាយ​ណា ដែល​អំពើបាប​នោះ​កើត​មាន​ឡើង ដ្បិត​ស្ថានភាព​ទាំងនេះ​អាច​មាន​ជា​ស្រេច​ធ្វើ​ឲ្យ​កើត​មាន​អំពើ​បាប​នោះ​ម្ដង​ទៀត ។ បុគ្គល​នោះ​ត្រូវតែ​ចាកចេញ​ពី​មនុស្ស ដែល​គាត់​ប្រព្រឹត្ត​អំពើ​បាប​ជាមួយ​នោះ ។ បុគ្គល​នោះ​មិន​អាច​ស្អប់​មនុស្ស​ដែល​ធ្វើ​អំពើ​បាប​ទេ ប៉ុន្តែ​គាត់​ត្រូវតែ​ចៀសវាង​ពី​ពួកគេ និង អ្វីៗ​គ្រប់​យ៉ាង​ដែល​ទាក់ទង​នឹង​អំពើ​បាប​នោះ ។ … បុគ្គល​នោះ​ត្រូវតែ​លុប​បំបាត់​អ្វី​ណា​មួយ ដែល​រំឭក​ឲ្យ​ឃើញ​ពី​ការចងចាំ​ពី​អតីតកាល ។

« តើ​ការណ៍​នេះ​មាន​ន័យ​ថា​បុគ្គល​នេះ… មាន​ជីវិត​ទទេ​ស្អាត​អស់​មួយ​រយៈ​មែន​ឬ ? ការណ៍​ទាំងឡាយ​ដែល​បាន​ចាប់​គាត់ ហើយ​បាន​ទាក់ទាញ​ការចាប់​អារម្មណ៍​របស់​គាត់ ព្រមទាំង​បាន​ធ្វើ​ឲ្យ​គាត់​ជាប់​ចិត្ត​នោះ បាន​រលាយ​សាបសូន្យ​ទៅ​ហើយ ចំណែក​ឯ​អ្វី​ដែល​មាន​ជំនួស​វិញ​នោះ គឺ​ថ្មី​សន្លាង ។ នេះ​គឺ​ជា​ឱកាស​របស់​សាតាំង ។ …

« មនុស្ស​ជា​ច្រើន​ដែល​បាន​បញ្ឈប់​ទម្លាប់​អាក្រក់​នានា​បាន​ឃើញ​ថា អ្វី​ដែល​មាន​ជំនួស​វិញ​នោះ​គឺ​ជា​ចំណែក​នៃ​ចម្លើយ ហើយ​បាន​យក​ឈ្នះ​លើ​ទម្លាប់​អាក្រក់​មួយ ដោយ​ដាក់​ជំនួស​វិញ​នូវ​ទម្លាប់​មួយ​ដ៏​ល្អ ឬ មិន​បណ្ដាល​ឲ្យ​មាន​ទុក្ខទោស » ( The Miracle of Forgiveness ទំព័រ ១៧១–៧៣ អក្សរទ្រេត​ត្រូវបាន​បន្ថែម ) ។

គោលការណ៍​មួយ​ដែល​យើង អាច​រៀន​ចេញ​ពី​រឿងប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​គឺ យើង​អាច​ច្រាន​ឥទ្ធិពល​អាក្រក់​ចោល​បន្ទាប់​ពី​បាន​បណ្ដេញ​វា​ចេញ​ពី​ជីវិត​យើង ដោយ​ការដាក់​ជំនួស​មក​វិញ​នូវ​ឥទ្ធិពល​ដ៏​សុចរិត ។ សូម​គិត​អំពី​ការសរសេរ​សេចក្ដីពិត​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ាថាយ ១២:៤៣-៤៥ ។

សូម​សិក្សា​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម រួច​គូសចំណាំ​វិធី​នានា​ដែល​យើង​អាច​តតាំង​នឹង​ឥទ្ធិពល​អាក្រក់ ដោយ​ការបំពេញ​ជីវិត​យើង​នូវ​ឥទ្ធិពល​ដ៏​សុចរិត ៖

« វា​ពុំ​គ្រប់គ្រាន់​នោះ​ទេ​ដែល​គ្រាន់តែ​ព្យាយាម​តតាំង​នឹង​ឥទ្ធិពល​អាក្រក់ ឬ ធ្វើ​ឲ្យ​ជីវិត​យើង​ទទេស្អាត​ពី​អំពើបាប​ដោយ​ធម្មតាៗ​នោះ ។ អ្នក​ត្រូវតែ​បំពេញ​ជីវិត​អ្នក​នូវ​ឥទ្ធិពល​សុចរិត ហើយ​ចូលរួម​ក្នុង​សកម្មភាព​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​មាន​អំណាច​ខាង​វិញ្ញាណ ។ សូម​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ចូលចិត្ត​ព្រះគម្ពីរ ។ សូម​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ព្រះអម្ចាស់​ប្រទាន​កម្លាំង​លើស​ពី​ខ្លួន​អ្នក ។ ពេល​ខ្លះ សូម​អធិស្ឋាន​សូម​ពរជ័យ​ពិសេស ។

« ការគោរពប្រតិបត្តិ​ពេញលេញ​នាំ​មក​នូវ អំណាច​ទាំងស្រុង​នៃ​ដំណឹងល្អ​ចូល​ទៅ​ក្នុង​ជីវិត​របស់​អ្នក រួមមាន​កម្លាំង​ដែល​ត្រូវបាន​ពង្រឹង ដើម្បី​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​អ្នក ។ ការគោរពប្រតិបត្តិ​នេះ រួម​បញ្ចូល​ទាំង​សកម្មភាព​ដែល​អ្នក​មិន​អាច​គិត​ដល់​ពី​ដំបូង​នៃ​ផ្នែក​នៃ​ការប្រែចិត្ត​ដូចជា ការចូលរួម​ការប្រជុំ​នានា ការថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់ ការផ្តល់​ការបម្រើ និង ការអភ័យទោស​ដល់​មនុស្ស​ទូទៅ ( True to the Faith: A Gospel Reference [ ឆ្នាំ ២០០៤ ] ទំព័រ ១៣៥ ) ។

  1. សូម​ពិចារណា​អំពី​កិច្ចការ​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ ដើម្បី​បំពេញ​ជីវិត​របស់​អ្នក​នូវ​ឥទ្ធិពល​ដ៏​សុចរិត ។ សូម​សរសេរ​វា​ចូល​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក រួច​រៀបរាប់​ថាតើ​ការធ្វើ​កិច្ចការ​ទាំងនេះ អាច​នាំ​ឲ្យ​មាន​អំណាច​ខាង​វិញ្ញាណ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​កាន់តែ​ខ្លាំង ហើយ​ជួយ​អ្នក​យក​ឈ្នះ​លើ​ឥទ្ធិពល​អាក្រក់​បាន​យ៉ាង​ដូចម្ដេច ។

ខគម្ពីរ​បន្ទាប់​ទៀត​ក្នុង ម៉ាថាយ ១២ កត់ត្រា​ថា ពេល​ព្រះយេស៊ូវ​កំពុង​បង្រៀន មាន​មនុស្ស​ម្នាក់​បាន​មក​ទូល​ទ្រង់​ថា សមាជិក​គ្រួសារ​របស់​គាត់​ខ្លះ​ចង់​ទូល​ជាមួយ​ទ្រង់ ។ ក្រោយ​មក​ទ្រង់​បាន​បង្រៀន​ថា អស់​អ្នក​ណា​ដែល​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា គឺ​ជា​សមាជិក​គ្រួសារ​ទ្រង់​ដែរ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ១១-១២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖