បណ្ណាល័យ
មេរៀន​ទី ៣ ថ្ងៃ​ទី ៤ ៖ ម៉ាថាយ ១៣:១-២៣


មេរៀន​ទី ៣ ៖ ថ្ងៃ​ទី ៤

ម៉ាថាយ ១៣:១-២៣

សេចក្តីផ្តើម

កាល​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ស្រុក​កាលីឡេ បណ្ដាជន​កកកុញ​បាន​មក​ឯ​ទ្រង់ ។ ទ្រង់​បាន​ត្រាស់​បង្រៀន​ប្រជាជន​ដោយ​ប្រើ​រឿង​ប្រដូច ដោយ​បាន​ចាប់ផ្ដើម​ដោយ​រឿង​ប្រដូច​អំពី​អ្នក​ព្រោះ​ពូជ​ម្នាក់ ។

ម៉ាថាយ ១៣:១-១៧

ព្រះអង្គ​សង្គ្រោះ​បាន​ត្រាស់​បង្រៀន រឿង​ប្រដូច​អំពី​អ្នក​ព្រោះ​ពូជ​ម្នាក់

សូម​គិត​អំពី​សួន ឬ រុក្ខជាតិ​ដាំ​ក្នុង​ផើង ។ តើ​ដី​មាន​ជីជាតិ មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច ? តើ​ដី​ពុំ​មាន​ជីជាតិ មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង ម៉ាថាយ ១៣:១–២៣ យើង​អាន​ថា ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀបធៀប​ដី​ជា​ច្រើន​ប្រភេទ ទៅ​នឹង​ដួងចិត្ត​របស់​មនុស្ស ។ នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ​នៅ​ថ្ងៃ​នេះ សូម​ពិចារណា​ថាតើ​ប្រភេទ​ដី​មួយ​ណា​ដែល​មាន​សភាព​ដូចជា ស្ថានភាព​នៃ​ដួងចិត្ត​របស់​អ្នក​នា​ពេល​នេះ ។

សូម​អាន ម៉ាថាយ ១៣:១-៣ ដោយ​ស្វែងរក​របៀប​ដែល​ព្រះយេស៊ូវ​បាន​ត្រាស់​បង្រៀន បណ្ដាជន​នៅ​ស្រុក​កាលីឡេ ?

តើ​ព្រះយេស៊ូវ​បាន​ត្រាស់​បង្រៀន បណ្ដាជន​យ៉ាង​ដូចម្ដេច ?

ដូចម្ដេច​ដែល​ហៅ​ថា​រឿងប្រដូច ? ( សូម​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « រឿងប្រដូច ») ។

រឿង​ប្រដូច​គឺ​ជា « រឿង​សាមញ្ញ​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្ហាញ និង បង្រៀន​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ ឬ គោលការណ៍​មួយ ។ រឿង​ប្រៀប​ប្រដូច ផ្អែក​ទៅ​លើ​ការប្រៀបធៀប​វត្ថុបំណង​ធម្មតា ឬ ព្រឹត្តការណ៍​មួយ ទៅ​នឹង​សេចក្ដីពិត » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « រឿងប្រដូច » scriptures.lds.org ) ។

ស្របតាម ម៉ាថាយ ១៣:៣ តើ​រឿង​ប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ និយាយ​អំពី​អ្វី ?

ព្រោះ មាន​ន័យ​ថា សាប ឬ បាច​គ្រាប់​ពូជ ។ សូម​អាន ម៉ាថាយ ១៣:៤–៩ ដោយ​ស្វែងរក​ប្រភេទ​ដី​ទាំង​បួន​ដែល​គ្រាប់​ពូជ​បាន​ធ្លាក់​ទៅ ។

រូបភាព
សត្វស្លាប និង គ្រាប់​ពូជ, គ្រាប់​ពូជ​ធ្លាក់​ក្នុង​កន្លែង​ថ្ម រុក្ខជាតិ​ដុះ​ក្នុង​ចំណោម​ស្មៅ រុក្ខជាតិ

តើ​ប្រភេទ​ដី​អ្វី​ខ្លះ​ដែល​គ្រាប់​ពូជ​បាន​ធ្លាក់​ទៅ ?

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូប​ដែល​តំណាង​ឲ្យ​ប្រភេទ​ដី​ទាំង​បួន ។ នៅ​ពេល​អ្នក​រៀន​អំពី​ការបកស្រាយ​នៃ​រឿងប្រដូច​នោះ សូម​ដាក់​ឈ្មោះ​នៅ​លើ​រូបភាព​នោះ ។

  • ដីភ្លឺស្រែ គឺ​ជា​ផ្លូវលំ​ក្បែរ​វាលស្រែ ហើយ​វា​ក្លាយ​ជា​មាន​សភាព​ហាប់​នៅ​ពេល​មនុស្ស​ដើរ​ជាន់​លើ​វា ។ កំហាប់​ដី​រឹង​នៅ​លើ​ភ្លឺ រារាំង​គ្រាប់​ពូជ​ពី​ការចាក់​ឫស​ចូល​ទៅ​ក្នុង​ដី ។

  • កន្លែង​ថ្ម គឺ​ជា​ផ្ទៃ​ដី​ដែល​សម្បូរ​ទៅ​ដោយ​ថ្ម ដែល​គ្រប​ដណ្ដប់​ដោយ​កម្រាស់​ដី​ដ៏​ស្ដើង ។ ទោះជា​គ្រាប់​ពូជ​អាច​ចាក់​ឫស​ទៅ​ក្នុង​ដី​រាក់ៗ​ក្ដី ក៏​ថ្ម​ដែល​ស្ថិត​នៅ​ពី​ក្រោម​ផ្ទៃ​ដី​នោះ រារាំង​ឫស​មិន​ឲ្យ​ចាក់​ចូល​ទៅ​កាន់តែ​ជ្រៅ​ដែរ ។

  • ដីមាន​បន្លា គឺ​ជា​ដី​មាន​ជីជាតិ ប៉ុន្តែ​បន្លា​ដុះ​ឡើង​ខ្ចប់​ជិត ដោយ​ដក​យក​ពន្លឺ​ព្រះអាទិត្យ ទឹក ថែមទាំង​សារធាតុ​ចិញ្ចឹម​ចាំបាច់​នានា ។

  • ដី​ល្អ គឺ​ជា​ដី​មាន​ជីជាតិ ដែល​មាន​ជម្រៅ​ល្មម​នឹង​ឫស​អាច​ចាក់​ចូល​ទៅ​បាន​យ៉ាង​ល្អ ។

ម៉ាថាយ ១៣:១០–១១ កត់ត្រា​ថា ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ទូល​សួរ អំពី​មូលហេតុ​ដែល​ទ្រង់​បង្រៀន​ដោយ​ប្រើ​រឿងប្រដូច ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ពន្យល់​ថា រឿងប្រដូច​បើក​សម្ដែង​អំពី​អាថ៌កំបាំង ឬ សេចក្ដីពិត​ទាំងឡាយ​នៃ​នគរ​ស្ថានសួគ៌ ទៅ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួល​យក​វា ស្រប​ពេល​ដែល​វា​កំពុង​លាក់​អត្ថន័យ​ពី​អ្នក​ទាំងឡាយ​ណា ដែល​ពុំ​បាន​ត្រៀមខ្លួន​រួចរាល់​ខាង​វិញ្ញាណ ( សូម​មើល New Testament Student Manual [Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៤៥ ) ។

សូម​អាន ម៉ាថាយ ១៣:១៤–១៥ ដោយ​ស្វែងរក​អ្វី​ដែល​រារាំង​មនុស្ស ពី​ការយល់​ដឹង​អំពី​សេចក្ដីពិត​នានា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ត្រាស់​បង្រៀន ។

តើ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា​បាន​រារាំង​មនុស្ស​មិន​ឲ្យ​មើល​ឃើញ ស្ដាប់​ឮ និង យល់ដឹង​សេចក្ដីពិត​នានា​ដែល​ទ្រង់​បាន​បង្រៀន​នោះ ?

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា « ទោស​ដែល​ធ្លាក់​លើ​បណ្ដាជន ដែល​ពុំ​បាន​ទទួល​សេចក្ដី​បង្រៀន​របស់​ទ្រង់​នោះ គឺ​ដោយសារតែ​ពួកគេ​ពុំ​មាន​ឆន្ទៈ​បើក​ភ្នែក​មើល និង ផ្ទៀង​ត្រចៀក​ស្ដាប់​ឡើយ ដ្បិត​នោះ​មិន​មែន​មក​ពី​ពួកគេ​ពុំ​អាច​ធ្វើ​ដូច្នោះ​បាន ឬ ពុំ​មាន​ឯកសិទ្ធិ​ដើម្បី​មើល​ឃើញ និង ស្ដាប់​ឮ​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​តែ​ដួងចិត្ត​របស់​ពួកគេ​ពោរពេញ​ទៅ​ដោយ​អំពើទុច្ចរិត និង អំពើ​ខ្ពើមឆ្អើម​ទាំងឡាយ​វិញ​ទេ​តើ » ។ លោក​ក៏​បាន​បង្រៀន​ផងដែរ​ថា « មូលហេតុ​ចម្បង​ដែល​បណ្ដាជន ឬ មនុស្ស​លើ​ផែនដី​ពុំ​ទទួល​បាន​ការបកស្រាយ​លើ​រឿងប្រដូច ដែល​ត្រូវបាន​តំណាល​ដោយ​ព្រះអង្គ​សង្គ្រោះ គឺ​ដោយសារតែ​ការឥតជំនឿ » ( ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២៩៦, ២៩៨) ។

ឃ្លា « ព្រោះ​ចិត្ត​របស់​ជនជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ » នៅ​ក្នុង ខទី ១៥ មាន​ន័យ​ថា ដួងចិត្ត​របស់​ប្រជាជន​នេះ បាន​ក្លាយ​ជា​រឹង​ទទឹង ហើយ​មិន​ស្ដាប់​បង្គាប់ ។ ស្រប​តាម ខទី ១៥ តើ​យើង​អាច​បាត់បង់​ពរជ័យ​អ្វីខ្លះ ប្រសិនបើ​យើង​ធ្វើ​ចិត្ត​រឹងរូស​នោះ ?

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ប្រសិនបើ​យើង​ធ្វើ​ចិត្ត​រឹង​រូស នោះ​យើង​នឹង​ពុំ​យល់​ព្រះបន្ទូល​ព្រះ ឬ ក្លាយ​ជា​ប្រែចិត្ត​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ និង បាន​ជា​សះស្បើយ​បាន​ឡើយ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅ​ក្បែរ​រូបភាព​ដី​តាម​ផ្លូវ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​ពិចារណា​អំពី​អត្ថន័យ​នៃ​ការក្លាយ​ជា​ប្រែចិត្ត​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ និង ការបាន​ជា​សះស្បើយ ។

នៅ​ពេល​អ្នក​ប្រែចិត្ត​ជឿ អ្នក​បាន​កែប្រែ និង បាន​ញែក​ឲ្យ​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ដើម្បី​ឲ្យ​ជំនឿ ដួងចិត្ត និង ជីវិត​របស់​អ្នក​ចុះសម្រុង​ទៅ​នឹង​ព្រះឆន្ទៈ​នៃ​ព្រះវរបិតា​សួគ៌ ហើយ​អ្នក​ត្រូវបាន​ដោះលែង​ពី​បន្ទុក​នៃ​អំពើបាប ។

នៅ​ក្នុង ម៉ាថាយ ១៣:១៦–១៧ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា ពួកគេ​មាន​ពរ​ហើយ ដ្បិត​ភ្នែក​ពួកគេ​បាន​មើល​ឃើញ ហើយ​ត្រចៀក​ពួកគេ​បាន​ស្ដាប់​ឮ ។

ម៉ាថាយ ១៣:១៨-២៣

ព្រះអង្គសង្គ្រោះ​បាន​បកស្រាយ​រឿង​ប្រដូច​អំពី​អ្នក​ព្រោះ​ពូជ

សូម​មើល​ទៅ​រូបភាព​ដី​តាម​ផ្លូវ​របស់​អ្នក​ម្ដង​ទៀត ។ សូម​អាន ម៉ាថាយ ១៣:១៨–១៩ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀបធៀប​ទៅ​នឹង​គ្រាប់​ពូជ ដី​តាម​ផ្លូវ និង សត្វស្លាប​ដែល​មាន​លើកឡើង​នៅ​ក្នុង ម៉ាថាយ ១៣:៤ ។ បន្ទាប់​មក​សូម​ដាក់​ឈ្មោះ​រូបភាព​របស់​អ្នក ទៅ​តាម​ការបកស្រាយ​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅ​ក្នុង ខទី ១៩ ឃ្លា « តែ​មិន​យល់ » អាច​សំដៅ​ទៅ​លើ​លទ្ធផល​នៃ​ការពង្រឹង​ចិត្ត និង « អា​កំណាច » អាច​តំណាង​ឲ្យ​សាតាំង ព្រម​ទាំង​ពួក​បម្រើ​របស់​វា ។

សូម​ពិចារណា​អំពី​របៀប​ដែល​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ អំពី​ដីភ្លឺស្រែ​អាច​នឹង​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់ អំពី​គោលការណ៍​ដែល​ថា ប្រសិនបើ​យើងធ្វើ​ចិត្ត​រឹង​រូស នោះ​យើង​នឹង​ពុំ​យល់​ព្រះបន្ទូល​ព្រះ ឬ ក្លាយ​ជា​ប្រែចិត្ត​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ និង បាន​ជា​សះស្បើយ​ឡើយ ។

សូម​មើល​ទៅ​រូបភាព​ដី​មាន​ថ្ម នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​អាន ម៉ាថាយ ១៣:២០–២១ និង លូកា ៨:១៣ ដោយ​ស្វែងរក​ការបកស្រាយ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​កន្លែង​ថ្ម ។ ពាក្យ ទទួល​ភ្លាម នៅ​ក្នុង ខទី ២០ មាន​ន័យ​ថា មួយ​រំពេច ឬ ឆាប់ៗ ។

នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ព្រះយេស៊ូវ​បាន​បង្រៀន​ថា ដើម​ដែល​ដុះ​នៅ​ក្នុង​កន្លែង​ថ្ម តំណាង​ឲ្យ​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ទីបន្ទាល់​ពុំ​ចាក់ឫស​បាន​ជ្រៅ ។ សូម​ដាក់​ឈ្មោះ​រូបភាព​ដើម​ដុះ​លើ​កន្លែង​ថ្ម​ថា ទីបន្ទាល់​ពុំ​ចាក់ឫស​បាន​ជ្រៅ ។

ស្រប​តាម ម៉ាថាយ ១៣:២០–២១ និង លូកា ៨:១៣ តើ​កម្ដៅ​ព្រះអាទិត្យ​តំណាង​ឲ្យ​អ្វី ? នៅ​ពី​លើ​រូបភាព​ដើម​ដែល​មាន​ឫស​មិន​ជ្រៅ សូម​សរសេរ​អ្វី​ដែល​ជា​តំណាង​កម្ដៅ​ព្រះអាទិត្យ ។

សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​ក្បែរ រូបភាព​ដី​មាន​ថ្ម ៖ លុះត្រា​តែ​យើង​ព្យាយាម​ពង្រឹង​ទីបន្ទាល់​យើង​ឲ្យ​ស៊ី​ជម្រៅ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​បាត់បង់​ភាពរឹងមាំ​ចាំបាច់​ដើម្បី​ស៊ូទ្រាំ​ក្នុង​សេចក្ដី​លំបាក សេចក្ដី​បៀតបៀន និង ការល្បួង​នានា ។

សូម​មើល​ទៅ​រូបភាព​ដី​មាន​បន្លា ។ សូម​អាន ម៉ាថាយ ១៣:២២ ដោយ​ស្វែងរក​ថាតើ​បន្លា​តំណាង​ឲ្យ​អ្វី ។ សូម​ដាក់​ឈ្មោះ​រូបភាព​របស់​អ្នក នូវ​អ្វី​ដែល​ជា​តំណាង​ឲ្យ​បន្លា​នោះ ។

តើ​មាន​ឧទាហរណ៍​ណា​ខ្លះ​អំពី​សេចក្ដី​ខ្វាយខ្វល់​នៃ​លោកិយ ដែល​អាច « ខ្ទប់​ព្រះបន្ទូល​ជាប់ » ?

ភាព​ខាង​លោកិយ លោភៈ និង សេចក្ដី​បញ្ឆោត​ចិត្ត​ខាង​សាច់ឈាម គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​សេចក្ដី​ខ្វាយខ្វល់​ដែល​អាច « ខ្ទប់​ព្រះបន្ទូល​ជាប់ » ហើយ​នាំ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ ។ នៅ​ក្បែរ​រូបភាព​ដី​មាន​បន្លា សូម​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម ៖ សេចក្តី​ខ្វល់ខ្វាយ​ខាង​លោកិយ អាច​ខ្ទប់​សេចក្ដី​ជំនឿ និង ទីបន្ទាល់​របស់​យើង​អំពី​ព្រះបន្ទូល​ព្រះ​មិន​ឲ្យ​រីកលូតលាស់​បាន ។

សូម​មើល​ទៅ​រូបភាព​ដី​ល្អ ។ សូម​អាន ម៉ាថាយ ១៣:២៣ និង ចំណែក​នៃ​ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ នៅ​ក្នុង ម៉ាថាយ ១៣:២៣ លេខ​យោង ខ ។

សូម​កត់ចំណាំ​ថា ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ជួយ​យើង​យល់​ថា ដើម​ដែល​ដុះ​ក្នុង​ដី​ល្អ រស់​បាន​យូរ ។ សូម​កត់ចំណាំ​ផងដែរ​ថា ដើម​ដែល​ដុះ​ក្នុង​ដី​ល្អ ក៏​រង​កម្ដៅ​ព្រះអាទិត្យ​ដូចគ្នា ( ដែល​តំណាង​ឲ្យ​សេចក្ដី​លំបាក សេចក្តីបៀតបៀន និង ការល្បួង​នានា ) ដូចជា​ដើម​ដែល​ក្រៀម​នៅ​ក្នុង​ដី​មាន​ថ្ម​ដែរ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក នឹង​សង្ខេប​អ្វី​ដែល​ជា​តំណាង​ឲ្យ​ដី​ល្អ ហើយ​ដាក់​ឈ្មោះ​រូបភាព​របស់​អ្នក ។

រូបភាព
ផ្លែ​ប៉ោម​ជា​ច្រើន​នៅ​លើ​ដើម

យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ម៉ាថាយ ១៣:១៥ តើ​ផ្លែ​ដែល​មាន​លើកឡើង​នៅ​ក្នុង ខទី ២៣ អាច​តំណាង​ឲ្យ​អ្វី ?

ចេញ​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ អំពី​ដី​ល្អ យើង​រៀន​គោលការណ៍​ដែល​ថា នៅ​ពេល​យើង​ទទួល​យក​ព្រះបន្ទូល​ព្រះ យល់​អំពី​វា ហើយ​តស៊ូ​ក្នុង​សេចក្ដី​លំបាក សេចក្ដី​បៀតបៀន និង ការល្បួង នោះ​យើង​នឹង​ក្លាយ​ជា​ប្រែចិត្ត​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ ។ សូម​សរសេរ​គោលការណ៍​នេះ នៅ​ក្បែរ​រូបភាព​ដី​ល្អ ។

សូម​អាន​ស្ថានភាព​ខាង​ក្រោម​នេះ ។ សូម​គូស​បន្ទាត់​ចេញ​ពី​ប្រភេទ​ដី​នីមួយៗ ទៅ​ស្ថានភាព​ដែល​បង្ហាញ​យ៉ាង​ច្បាស់​អំពី​គោលការណ៍​ដែល​មាន​បង្រៀន និង តំណាង​ដោយ​ដី​នោះ​នៅ​ក្នុង​រឿងប្រដូច​នៃ​អ្នក​សាបព្រោះ​ពូជ ។

  1. ដី​ភ្លឺស្រែ

យុវនារី​ម្នាក់​បាន​ធ្លាប់​ចូលចិត្ត ទៅ​ព្រះវិហារ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នាង​ចម្រើន​វ័យ​ទៅ មិត្តភក្ដិ​មួយ​ចំនួន​របស់​នាង​បាន​សើច​ចំអក​ដាក់​នាង ដោយសារ​តែ​បទដ្ឋាន​ដែល​នាង​រស់នៅ​នោះ ។ នាង​បាន​ចាប់ផ្ដើម​រំលង​បទបញ្ញត្តិ​មួយ​ចំនួន ។ នាង​ពុំ​មាន​អារម្មណ៍​ល្អ​នៅ​ព្រះវិហារ​ទៀត​ឡើយ ថែមទាំង​មិន​មាន​អារម្មណ៍​ចង់​ចួលរួម​ទៀត​ផង ។

  1. ដី​មាន​ថ្ម

យុវនារី​ម្នាក់​ចូលរួម​ព្រះវិហារ ហើយ​អធិស្ឋាន​ដោយ​ស្ងៀមស្ងាត់ ដើម្បី​នាង​អាច​ងាយ​នឹង​ទទួល​អារម្មណ៍​បំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅ​ពេល​នាង​ទទួល​បាន​ការបំផុសគំនិត នាង​បាន​ប្រព្រឹត្ត​តាម​ការបំផុសគំនិត​ទាំងនោះ ។ នាង​មាន​អារម្មណ៍​ថា​នៅ​ជិត​ព្រះអម្ចាស់ ហើយ​នាង​មាន​អំណរគុណ​ចំពោះ​របៀប​ដែល​នាង​បាន​ទទួល​ការបំផុសគំនិត​ឲ្យ​យក​ឈ្នះ​លើ​ការល្បួង ។

  1. ដី​មាន​បន្លា

យុវជន​ម្នាក់​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ទៀងទាត់ ប៉ុន្តែ​ពុំ​សូវ​រួម​ចំណែក និង ពុំ​បើក​ដួងចិត្ត​របស់​គាត់ ទទួល​អានុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។ គាត់​បាន​អាន​ព័ត៌មាន​នៅ​លើ​គេហទំព័រ ដែល​ជំទាស់​នឹង​គោលលទ្ធិ​សំខាន់ៗ​នៃ​សាសនាចក្រ ហើយ​គាត់​បាន​ចោទ​ជា​សំណួរ​ដល់​ខ្លួងឯង ថាតើ​គាត់​នៅ​តែ​ជឿ​លើ​ភាពពេញលេញ​នៃ​ដំណឹងល្អ​ឬ​ទេ ។

  1. ដី​ល្អ

យុវជន​ម្នាក់​ចំណាយ​ពេល​វេលា​ភាគ​ច្រើន​របស់​គាត់​លើ​ការសិក្សា ដើម្បី​គាត់​អាច​បាន​ទទួល​ឲ្យ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ ។ នៅ​ពេល​គាត់​មិន​រវល់​នឹង​ការសិក្សា នោះ​គាត់​រវល់​នឹង​ការងារ ។ គាត់​ប្រាប់​ខ្លួនឯង​ថា គាត់​ពុំ​មាន​ពេល​អាន​ព្រះគម្ពីរ អធិស្ឋាន ឬ ទៅ​ព្រះវិហារ​ឡើយ ។

វា​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា ចិត្ត​គឺ​ដូចជា​ដី​ដូច្នោះ​ដែរ គឺ​អាច​ផ្លាស់ប្ដូរ និង ពង្រីក​បន្ថែម ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​បង្កើត ឬ រក្សា​ប្រភេទ​ដី​នីមួយៗ ឲ្យ​ទៅ​ជា​កន្លែង​ដាំ​រុក្ខជាតិ​ប្រកប​ដោយ​ជីជាតិ និង កើត​ផល​ឡើង ?

    2. តើ​យើង​អាច​ប្រដូច​ការបង្កើន​គុណភាព​ដី​នីមួយៗ ទៅ​នឹង​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ផ្លាស់ប្ដូរ​ដួងចិត្ត​យើង ឲ្យ​កាន់តែ​ងាយ​នឹង​ទទួល​ព្រះបន្ទូល​ព្រះ បាន​យ៉ាង​ដូចម្ដេច ?

    3. តើ​ការព្យាយាម​ទទួល​បាន និង យល់​ព្រះបន្ទូល​ព្រះ បាន​ជួយ​អ្នក​ឲ្យ​​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​លើ​ព្រះអង្គ​សង្គ្រោះ យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​ថាតើ​ស្ថានភាព​ណាមួយ ដែល​តំណាង​ឲ្យ​ចិត្ត​របស់​អ្នកក្នុងពេល​នេះ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គោលដៅ​មួយ​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ទទួលបាន និង យល់​ព្រះបន្ទូល​ព្រះ​បាន​កាន់តែ​ច្បាស់ ហើយ​តស៊ូ​ក្នុង​សេចក្ដី​លំបាក សេចក្ដី​បៀតបៀន និង ការល្បួង​នានា ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ១៣:១–២៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖