បណ្ណាល័យ
មេរៀន​ទី ៤ ថ្ងៃ​ទី ១ ៖ ម៉ាថាយ ១៣:២៤-៥៨


មេរៀន​ទី ៤ ៖ ថ្ងៃ​ទី ១

ម៉ាថាយ ១៣:២៤-៥៨

សេចក្តីផ្តើម

ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​រឿងប្រដូច​ដើម្បី​បង្រៀន​អំពី​នគរ​ស្ថានសួគ៌ ការ​ស្តារ​ឡើង​វិញ និង វឌ្ឍនភាព​នៃ​សាសនាចក្រ​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ ការប្រមូល​ផ្ដុំ​ពួក​សុចរិត និង ការបំផ្លិច​បំផ្លាញ​ដល់​ពួក​ទុច្ចរិត​នៅ​ពេល​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣

ព្រះយេស៊ូវ​បង្រៀន​អំពី​រឿង​ប្រដូច​នៃ​ស្រូវ និង ស្រងែ

សូម​ពិចារណា​អំពី​សំណួរ​ខាង​ក្រោម​នេះ រួច​ឆ្លើយ​សំណួរ​ចុងក្រោយ​បង្អស់ ៖

  • តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ រកាំចិត្ត​ដោយសារតែ​មាន​រឿង​អាក្រក់ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​នេះ​ដែរ​ឬ​ទេ ?

  • ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់ ពុំ​ដក​យក​រឿង​អាក្រក់ៗ​ដែល​ហ៊ុំព័ទ្ធ​យើង​នោះ​ចេញ​ទៅ ?

  • ហេតុអ្វី​បាន​ជា​យើង​គួរតែ​ជ្រើសរើស​ធ្វើ​ជា​មនុស្ស​សុចរិត ស្រប​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ជុំវិញ​ខ្លួន​អ្នក ពុំ​ហាក់​ដូច​ជា​ទទួល​បាន​លទ្ធផល​អាក្រក់​មក​ពី​ជម្រើស​ដ៏​ទុច្ចរិត​របស់​ពួកគេ​ផង​នោះ ?

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣ សូម​ស្វែងរក​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក រកឃើញ​ការ​លួង​លោម​ចិត្ត​ខណៈ​ពេល​ដែល​អ្នក​ព្យាយាម​រស់នៅ ដោយ​សុចរិត​នៅ​លើ​ពិភពលោក​ដ៏​ទុច្ចរិត​មួយ ។ បន្ទាប់​ពី​បាន​សិក្សា​ដំណើររឿង​នៅ​ក្នុង​គម្ពីរ​ម៉ាថាយ សូម​គិត​ដល់​ការអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៦:១–៧ ជា​ខគម្ពីរ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ការយល់ដឹង​បន្ថែម​ទៅ​ក្នុង​រឿងប្រដូច​នៃ​ស្រូវ និង ស្រងែ ។

នៅ​ក្នុង ម៉ាថាយ ១៣:២៤–៣០ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​រឿង​ប្រដូច​មួយ​នៃ​ស្រូវ និង ស្រងែ ។

រូបភាព
ស្រូវ ស្រងែ

ស្រងែ​គឺ​ជា​ស្មៅ​មួយ​ប្រភេទ​ដែល​ចង្រៃ ។ ស្រូវ និង ស្រងែ គឺ​មើល​ទៅ​ស្ទើរតែ​ដូចគ្នា នៅ​ពេល​វា​ដុះ​ពន្លក​ចេញ​មក ប៉ុន្តែ​អ្នក​អាច​មើល​ទៅ​ខុស​គ្នា​ពេល​វា​ដុះ​ធំ​ឡើង ។

សូម​អាន ម៉ាថាយ ១៣:២៤–៣០ និង ចំណែក​នៃ​ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ នៅ​ក្នុង ម៉ាថាយ ១៣:៣០ លេខ​យោង  ដោយ​ស្វែងរក​ថាតើ​មាន​អ្វី​កើតឡើង​ចំពោះ​ស្រូវ និង ស្រងែ ។

តើ​មាន​អ្វី​កើតឡើង​ចំពោះ​ស្រូវ និង ស្រងែ ?

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ បាន​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​គាត់​ថា​ទុក​ឲ្យ​វា « ដុះ​ជាមួយ​គ្នា ដរាប​ដល់​ពេល​ច្រូត​ចុះ » ( ម៉ាថាយ ១៣:៣០ ) ?

ស្រប​តាម​ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ តើ​គ្រាប់​ពូជ​មួយ​ណា​ដែល​ត្រូវ​ប្រមូល​មុន​គេ—ស្រូវ ឬ ស្រងែ ?

បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​តំណាល​អំពី​រឿង​ប្រដូច​នៃ​ស្រូវ និង ស្រងែ នោះ​ពួក​សិស្ស​ទ្រង់​បាន​ទូល​សូម​ទ្រង់​ឲ្យ​ពន្យល់​អំពី​អត្ថន័យនៃ​រឿង​ប្រដូច​នេះ ។ សូម​អាន ម៉ាថាយ ១៣:៣៦–៤៣ ដោយ​ស្វែងរក​ការបកស្រាយ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​រឿង​ប្រដូច ។ ( អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ចម្លើយ​ទាំងឡាយ ដែល​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។

  • តើ​នរណា​បាន​ព្រោះ ឬ ដាំ​គ្រាប់​ពូជ​ល្អ ?

  • តើ​នរណា​បាន​ព្រោះ ឬ ដាំ​ស្រងែ ?

  • តើ​ស្រូវ និង ស្រងែ​ជា​និមិត្ត​រូប​ឲ្យ​អ្វី​ខ្លះ ? ( នៅ​ពេល​អ្នក​ឆ្លើយ​សំណួរ​នេះ សូម​ចងចាំ​ថា ពួក​ទុច្ចរិត​គឺ​ជា​អ្នក​ទាំងឡាយ​ណា​ដែល​ជ្រើសរើស​ពុំ​ប្រែចិត្ត [ សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១៧ ] ) ។

ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ បញ្ជាក់​ថា ឃ្លា « បំផុត​កល្ប » នៅ​ក្នុង ខទី ៣៩ សំដៅ​ទៅ​លើ​ការបំផ្លិចបំផ្លាញ​ពួក​ទុច្ចរិត នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ក៏​ជួយ​យើង​យល់​ថា នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ព្រះអម្ចាស់​នឹង​បញ្ជូន​ពួក​ទេវតា និង សារទូត​ទាំងឡាយ មក​ជួយ​ញែក​ពួក​សុចរិត​ចេញ​ពី​ពួក​ទុច្ចរិត ( សូម​មើល ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៣:៣៩–៤៤ [ នៅ​ក្នុង សេចក្ដី​បន្ថែម​នៃ​ព្រះគម្ពីរ​ប៊ីប ] ) ។

សេចក្តីពិត​មួយ​ដែល​រឿង​ប្រដូច​នេះ​បង្រៀន​គឺ ព្រះអម្ចាស់​នឹង​ប្រមូល​ពួកសុចរិត​អំឡុង​ថ្ងៃ​ចុង​ក្រោយ រួច​ហើយ​បំផ្លាញ​ពួក​ទុច្ចរិត​នៅ​ពេល​ទ្រង់​យាង​មក​ជា​លើក​ទី​ពីរ ។

សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្ដីពិត​នេះ អាច​នាំ​មក​ឲ្យ​អ្នក​នូវ​ការលួង​លោម​ចិត្ត ខណៈ​ពេល​ដែល​យើង​រស់នៅ​ក្នុង​ពិភព​ដ៏​ទុច្ចរិត​មួយ ។ តើ​វា​អាច​ជួយ​អ្នក​ឲ្យ​យល់​បាន​យ៉ាង​ដូចម្ដេច អំពី​មូលហេតុ​ដែល​យើង​គួរតែ​ជ្រើសរើស​ធ្វើ​ជា​មនុស្ស​សុចរិត ស្រប​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ជុំវិញ​ខ្លួន​អ្នក ពុំ​ហាក់​ដូច​ជា​ទទួល​បាន​លទ្ធផល​អាក្រក់​មក​ពី​ជម្រើស​ដ៏​ទុច្ចរិត​របស់​ពួកគេ​ផង​នោះ ?

ដោយសារតែ​សិទ្ធិ​ជ្រើសរើស​របស់​យើង នោះ​យើង​កំណត់​ដោយ​ជម្រើស​ទាំងឡាយ​របស់​យើង ទោះ​ជា​យើង​នឹង​ត្រូវបាន​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​ពួក​សុចរិត ឬ ត្រូវ​រងទុក្ខ​ជាមួយ​ពួក​ទុច្ចរិត​យ៉ាងណាក្ដី ។ សូម​ចងចាំ ថា ដោយសារតែ​យើង​ទាំងអស់​គ្នា​ចេះ​ប្រព្រឹត្ត​ខុស ទើប​ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​ប្រែចិត្ត ដើម្បី​យើង​អាច​ត្រូវបាន​ប្រមូលផ្ដុំ​ជាមួយ​ពួក​សុចរិត ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដោយ​ស្វែងរក​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​យើង​ត្រូវតែ​ធ្វើ ដើម្បី​យើង​អាច​ត្រូវបាន​ប្រមូលផ្ដុំ​ដោយ​ព្រះអម្ចាស់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« ព្រះអម្ចាស់​ប្រមូល​រាស្ត្រ​ទ្រង់​នៅ​ពេល​ពួកគេ​ទទួល​យក​ទ្រង់ ហើយ​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ …

« … ព្រះអម្ចាស់​ប្រមូល​រាស្ត​ទ្រង់​ដើម្បី​ថ្វាយបង្គំ ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង ដើម្បី​ជា​ការការពារ និង ដើម្បី​ទទួល​បាន​ដំបូន្មាន ព្រមទាំង​សេចក្ដី​ណែនាំ ។ …

« ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា នៅ​គ្រប់​ជំនាន់​ទាំងអស់ គោលបំណង​របស់​ព្រះ​ក្នុង​ការប្រមូល​ផ្ដុំ គឺ​ដើម្បី​ស្ថាបនា​ព្រះវិហារ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​កូនចៅ​របស់​ព្រះអម្ចាស់​អាច​ទទួល​បាន​ពិធីបរិសុទ្ធ​ដ៏​ខ្ពស់​បំផុត ដូច្នេះ​ហើយ​ទើប​ពួកគេ​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច [ សូម​មើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៤១៦–១៧ ] » (« The Spirit and Purpose of Gathering »Brigham Young University–Idaho devotional ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ ២០០៦ ] byui.edu/devotionals ) ។

យោង​តាម​អែលឌើរ បែដណា តើយើង​ចាំបាច់​ត្រូវ​ធ្វើអ្វី​ខ្លះ ដើម្បី​ត្រូវបាន​ប្រមូល​ផ្ដុំ​ដោយ​ព្រះអម្ចាស់ ?

សូម​ពិចារណា​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក នៅ​ពេល​អ្នក​ត្រូវបាន​ប្រមូល​ផ្ដុំ​ដោយ​ព្រះអម្ចាស់ ។

សូម​មើល​រូបភាព​ខាង​ក្រោម​នេះ ៖

រូបភាព
អ្នក​ផ្សព្វផ្សាយ​សាសនា​ស្រី​កំពុង​បង្រៀន​ក្រុមគ្រួសារ ពួក​អែលឌើរ​កំពុង​បង្រៀន​បុរស​ម្នាក់ កំពូលស្រួច​នៃ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង សលត៍ លេក

សូម​ពិចារណា​ថាតើ​រូបភាព​ទាំងនេះ​បង្ហាញ​យ៉ាង​ដូចម្ដេច អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​ដល់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រមូលផ្ដុំ​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« គោលលទ្ធិ​នៃ​ការប្រមូល​ផ្ដុំ​នេះ គឺជា​ការបង្រៀន​មួយ​ដ៏​សំខាន់​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ … យើង​មិន​គ្រាន់តែ​បង្រៀន​អំពី​គោលលទ្ធិ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ចូលរួម​ចំណែក​នៅ​ក្នុង​កិច្ចការ​នេះ​ដែរ ។ យើង​ធ្វើ​ដូច្នេះ នៅ​ពេល​យើង​ជួយ​ប្រមូល​អ្នក​រើស​តាំង​របស់​ព្រះអម្ចាស់ នៅ​ផ្នែក​ទាំង​សង​ខាង​នៃ​វាំងនន ។ …

« … យើង​ប្រមូល​បញ្ជី​ពង្សាវលី បង្កើត​តារាង​ក្រុម​គ្រួសារ ហើយ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ប្រមូល​បុគ្គល​ទាំងឡាយ​ទៅ​រក​ព្រះអម្ចាស់ និង រួបរួម​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ។

« នៅ​លើ​ផែនដី​នេះ កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​ចាំបាច់​ក្នុង​ការប្រមូលផ្ដុំ​រាស្ត្រ​អ៊ីស្រាអែល » (« The Gathering of Scattered Israel » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨០–៨១ ) ។

សូម​ពិចារណា​អំពី​ពរជ័យ​ទាំងឡាយ​ដែល​អ្នក​បាន​ទទួល​ពី​ការជួយ​ព្រះអម្ចាស់ ក្នុង​ការប្រមូលផ្ដុំ​ពួក​សុចរិត​តាមរយៈ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការរួមចំណែក​ក្នុង​ការប្រមូលផ្ដុំ​នេះ អាច​ជួយ​អ្នក​ឲ្យ​រស់នៅ​ដោយ​សុចរិត ទោះ​ជា​អ្នក​កំពុង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ការល្បួង និង អំពើបាប យ៉ាង​ដូចម្ដេច ?

    2. តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​ដើម្បី​ប្រមូល​ខ្លួន​អ្នក ក្រុម​គ្រួសារ​របស់​អ្នក និង មនុស្ស​ទូទៅ​ឲ្យ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ និង ចូល​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ?

ម៉ាថាយ ១៣:៣១–៣៥, ៤៤–៥២

ព្រះយេស៊ូវ​ប្រើ​រឿង​ប្រដូច ដើម្បី​បង្រៀន​អំពី​នគរ​ស្ថានសួគ៌

រូបភាព
គ្រាប់​ពូជ ដំបែ កំណប់ មុក្ដា អួន

នៅ​ក្នុង​រឿង​ប្រដូច​ផ្សេងៗ​គ្នា​មួយ​ចំនួន ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀបធៀប​នគរ​ស្ថានសួគ៌ ( ឬ​សាសនាចក្រ និង ដំណឹងល្អ​ទ្រង់ ) ទៅ​នឹង​គ្រាប់​ពូជ ដំបែ ( ដែល​គេ​ប្រើ​ដើម្បី​ចម្អិន​អាហារ និង ដាក់​ក្នុង​ម្ស៉ៅ​នំប៉័ង​ដើម្បី​ជួយ​ឲ្យ​វា​ឡើង​ពីមុន​ដុត ) កំណប់​លាក់​ទុក មុក្តា និង អួន ។

  1. សូម​អាន​វគ្គ​បទគម្ពីរ​នីមួយៗ​ខាង​ក្រោម ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់​នៅ​ក្នុង​រឿង​ប្រដូច​នោះ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ថាតើ​សេចក្ដីពិត​ណាមួយ​ដែល​អ្នក​គិត​ថា​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។

    1. ម៉ាថាយ ១៣:៣១-៣២

    2. ម៉ាថាយ ១៣:៣៣

    3. ម៉ាថាយ ១៣:៤៤

    4. ម៉ាថាយ ១៣:៤៥-៤៦

    5. ម៉ាថាយ ១៣:៤៧-៥០

សេចក្ដីពិត​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅ​ក្នុង​រឿងប្រដូច​នៃ​គ្រាប់​ពូជ និង ដំបែ​គឺ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ នឹង​រីកចម្រើន​ពី​ការចាប់ផ្ដើម​ដ៏​តូច​ទៅ​បំពេញ​ផែនដី​ទាំងមូល ។ សូម​គិត​អំពី​ការសរសេរ​សេចក្ដីពិត​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ាថាយ ១៣:៣១-៣៣ ។

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​បង្រៀន​អំពី​របៀប​ដែល​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ អាច​ត្រូវបាន​ប្រៀបធៀប​ទៅ​នឹង​ដំបែ ៖ « ទន្ទឹម​នឹង​ពេល​ដែល​វា​ត្រូវបាន​ពោល​ថា យើង​មាន​ចំនួន​តែ​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ​បើ​ប្រៀប​ផ្ទឹម​ទៅ​នឹង​មនុស្ស​ជុំវិញ​ខ្លួន​យើង​លើ​ពិភពលោក​នេះ ហើយ​នោះ​គឺ​ជា​ការពិត​ណាស់ ប៉ុន្តែ យើង​អាច​ត្រូវបាន​ប្រៀប​ទៅ​នឹង​ដំបែ​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា​នៅ​ទីបំផុត​នឹង​ធ្វើ​ឲ្យ​មាន​ជាតិ​ដំបែ​​ពាសពេញ​ពិភពលោក » ( Gospel Doctrine ការបោះពុម្ព​លើក​ទី ៥ [ ឆ្នាំ ១៩៣៩ ] ទំព័រ ៧៤ ) ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏​បាន​បង្រៀន​អំពី​រឿង​ប្រដូច​នេះ ៖ « យើង​ត្រូវ​រស់នៅ ក្នុង លោកិយ ប៉ុន្តែ​មិន​មែន​ជា កម្មសិទ្ធិ លោកិយ​ឡើយ ។ យើង​ត្រូវ​រស់នៅ​ក្នុង​លោកិយ ពីព្រោះ​ដូច​ជា​ព្រះយេស៊ូវ​បាន​បង្រៀន​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​ថា នគរ​ទ្រង់​គឺ ‹ ដូចជា​ដំបែ › ដែល​មាន​មុខងារ​គឺ​ដើម្បី​បង្កើត​ការណ៍​ដ៏​ធំ ក្រោម​ឥទ្ធិពល​របស់​វា ( សូម​មើល លូកា ១៣:២១ ម៉ាថាយ ១៣:៣៣ សូម​មើល​ផងដែរ កូរិនថូស ទី១ ៥:៦–៨ ) ។ ពួក​សិស្ស​ទ្រង់​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ទេ ប្រសិន​បើ​ពួក​គេ​គ្រាន់​តែ​រាប់អាន​ដល់​អ្នក​ដែល​មាន​ជំនឿ និង ការអនុវត្ត​ដូច​គេ​នោះ » (« Loving Others and Living with Differences » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៥ ) ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដើម្បី​ជួយ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​រីកចម្រើន ។

គោលការណ៍​មួយ​ទៀត​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅ​ក្នុង​រឿង​ប្រដូច​នៃ​កំណប់​លាក់​ទុក និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា​គឺ ដោយសារតែ​ពរជ័យ​នៃ​ដំណឹងល្អ​គឺ​ជា​គុណ​តម្លៃ​ដ៏​អស់កល្ប​ជានិច្ច ទើប​ពរជ័យ​ទាំងនោះ​មាន​តម្លៃ​ស្មើ​នឹង​ការលះបង់​នានា ។ សូម​គិត​អំពី​ការសរសេរ​សេចក្ដីពិត​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ាថាយ ១៣:៤៤-៤៦ ។

  1. ដើម្បី​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់​អំពី​គោលការណ៍​នេះ សូម​គូរ​តារាង​ដែល​មាន​ប្រអប់​ឈរ​ចំនួន​ពីរ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​ចំណង​ជើង​ក្នុង​ប្រអប់​ឈរ​ទីមួយ​ថា ពរជ័យ​នៃ​ដំណឹងល្អ និង ក្នុង​ប្រអប់​ឈរ​ទី​ពីរ​ថា ការលះបង់​ដើម្បី​ទទួល​បាន​ពរជ័យ ។

    នៅ​ក្នុង​ប្រអប់​ឈរ « ពរជ័យ​នៃ​ដំណឹងល្អ » សូម​រាយ​ឈ្មោះនៃ​ពរជ័យ​មួយ​ចំនួន​នៃ​ដំណឹងល្អ ( ឧទាហរណ៍​អាច​រួម​មាន​ចំណេះដឹង​ចេញ​ពី​បទគម្ពីរ សេចក្ដីណែនាំ​មក​ពី​ពួក​ព្យាការី​ដែល​កំពុង​រស់នៅ ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ការសង្គ្រោះ និង អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។ សម្រាប់​ឈ្មោះពរជ័យ​នីមួយៗ​ដែល​មាន​រាយ​ក្នុង​បញ្ជី នៅ​ក្នុង​ប្រអប់​ឈរ « ការលះបង់​ដើម្បី​ទទួល​បាន​ពរជ័យ » សូម​សរសេរ​ការលះបង់​ណា​ខ្លះ​ដែល​អ្នក​អាច​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​នោះ ។ ឧទាហរណ៍ ដើម្បី​ទទួល​បាន​ពរជ័យ​នៃ ចំណេះដឹង​ចេញ​ពី​បទគម្ពីរ យើង​ត្រូវតែ សិក្សា​ស្រាវជ្រាវ​បទគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ។

សូម​ពិចារណា​អំពី​ពរជ័យ​ដែល​អ្នក​បាន​រាយ​ក្នុង​បញ្ជី រួច​ពិចារណា​អំពី​មូលហេតុ​ដែល​ការទទួលបាន​ពរជ័យ​ទាំងនោះ​មាន​តម្លៃ​ស្មើ​នឹង​ការលះបង់​ដែល​នឹង​តម្រូវ​ឲ្យ​មាន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពរជ័យ​នៃ​ដំណឹងល្អ​ណា​មួយ ដែល​អ្នក​ប្រាថ្នា​ចង់​បាន ?

    2. ហេតុអ្វី​បាន​ជា​អ្នក​ប្រាថ្នា​ចង់​បាន​ពរជ័យ​នោះ ?

    3. តើ​អ្នក​អាច​នឹង​ត្រូវ​លះបង់​យ៉ាង​ដូចម្ដេច ដើម្បី​ទទួល​បាន​ពរជ័យ​នោះ ?

ម៉ាថាយ ១៣:៥៣-៥៨

ព្រះយេស៊ូវ​បង្រៀន​នៅ​ស្រុក​ណាសារ៉ែត ហើយ​ត្រូវបាន​បដិសេធ​ដោយ​រាស្ត្រ​របស់​ទ្រង់ផ្ទាល់

ដូច​មាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ១៣:៥៣–៥៨ អ្នក​ស្រុក​ណាសារ៉ែត បាន​បដិសេធ​ព្រះអង្គ​សង្គ្រោះ និង ការបង្រៀន​របស់​ទ្រង់ ។ ជា​លទ្ធផល​នៃ​ការឥតជំនឿ​របស់​ពួកគេ ព្រះអង្គ​សង្គ្រោះ​ពុំ​អាច​សម្ដែង​អព្ភូតហេតុ​ច្រើន​ក្នុង​ចំណោម​ពួកគេ​បាន​ឡើយ ។

រូបភាព
ព្រះគ្រីស្ទ​កំពុង​បង្រៀន​នៅ​ក្នុង​សាលាប្រជុំ
  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ១៣:២៤–៥៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖