បណ្ណាល័យ
មេរៀន​ទី ៥ ថ្ងៃ​ទី ១ ៖ ម៉ាថាយ ១៨-២០


មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ១

ម៉ាថាយ ១៨-២០

សេចក្តីផ្តើម

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​អំពី​គោលការណ៍​នានា ដែល​នឹង​ជួយ​ពួកគេ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​បន្ទាប់​ពី​ការយាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ​របស់​ទ្រង់ ។ ទ្រង់​ក៏​បាន​តំណាល​រឿង​ប្រៀប​ប្រដូច​អំពី​អ្នក​បម្រើ ដែល​គ្មាន​ចិត្ត​មេត្តា ជា​ការ​តប​ទៅ​នឹង​សំណួរ​របស់​ពេត្រុស​ស្ដីពី​ការអភ័យទោស ហើយ​ទ្រង់​បាន​បង្រៀន​អំពី​ភាពបរិសុទ្ធ​នៃ​អាពាហ៍ពិពាហ៍ ។ ព្រះអង្គសង្គ្រោះ​បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការជ្រើស​យក​ជីវិត​អស់​កល្ប​ជានិច្ច ជា​ជាង​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ ហើយ​បាន​បង្រៀន​រឿង​ប្រៀប​ប្រដូច​អំពី​ពួក​អ្នក​ធ្វើការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ ។

ម៉ាថាយ ១៨

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​អំពី​គោលការណ៍​នានា ដែល​នឹង​ជួយ​ពួកគេ​ដឹកនាំ​សាសនាចក្រ ហើយ​តំណាល​រឿង​ប្រៀប​ប្រដូច​អំពី​អ្នក​បម្រើ​ដែល​គ្មាន​ចិត្ត​មេត្តា

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

ដំណើររឿង​ខាង​ក្រោម ដែល​តំណាល​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ប្រាប់​អំពី​គ្រួសារ​មួយ​ដែល​មាន​កូន​ពីរ​ខែ​បាន​ស្លាប់ ៖ « ឪពុក​ជា​ជាង​ធ្វើ​ទូ ក៏​បាន​ធ្វើ​ក្ដាមឈូស​ដ៏​ស្អាត​មួយ​សម្រាប់​ដាក់​សព​កូន​សំណព្វ​របស់​គាត់ ។ ថ្ងៃ​បុណ្យ​សព​គឺ​ជា​ថ្ងៃ​ដ៏​អាប់អួរ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាពសោកសៅ​ដែល​ពួកគេ​មាន​ពី​ការបាត់បង់​កូន​របស់​ខ្លួន ។ នៅពេល​គ្រួសារ​នោះ បាន​ដើរ​ទៅ​ដល់​សាលាប្រជុំ ដែល​ឪពុក​ជា​អ្នក​លី​ក្ដារមឈុស​តូច​នោះ ដែល​មាន​មនុស្ស​តែ​បន្ដិច​មក​ចូលរួម ។ ទោះជាយ៉ាងណាក្ដី ទា្វរ​សាលាប្រជុំ​ជាប់​សោរ ។ ប៊ីស្សព​ដ៏​រវល់​នោះ បាន​ភ្លេច​អំពី​ពិធីបុណ្យ​សព ។ គាត់​ពុំ​អាច​ទាក់ទង​បាន​សោះ ។ ដោយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា នោះ​ឪពុក​រូបនោះ បាន​លើក​ក្ដាមឈូស​កូន​ដាក់​លើ​ដៃ​គាត់​លី​ទៅ​ផ្ទះ​វិញ ជាមួយ​នឹង​គ្រួសារ​គាត់​ទាំង​ដើរ​កាត់​ភ្លៀង​ទទឹក​ខ្លួន​ជោគ » ( «Hidden Wedges» Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ១៩ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ប្រសិន​បើ​អ្នក​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​នោះ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​កាល​ប៊ីស្ស​មិន​បាន​មក​ពិធី​បុណ្យ​សព​នោះ ?

    2. ហេតុអ្វី​វា​ពិបាក​នឹង​អភ័យទោស​ឲ្យ​ប៊ីស្សព​នោះ ?

នៅ​ក្នុង ម៉ាថាយ ១៨:១-១០ យើង​អាន​ថា ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​រាបសា ហើយ​ក្លាយ​ដូចជា​ក្មេង​តូច ។ ទ្រង់​ក៏​បាន​បង្រៀន​ដែរ​ថា អ្នក​ទាំងឡាយ​ដែល « ធ្វើ​ឲ្យ​រវាតចិត្ត » ដល់​កូនតូច​ដែល​ជឿ​ដល់​ទ្រង់ ឬ​នាំ​ពួកគេ​ឲ្យ​ដើរ​ផ្លូវ​ខុស នោះ​នឹង​រងទុក្ខ ( សូម​មើល ខទី ៦–៧ រួម​មាន ម៉ាថាយ ១៨:៦ លេខ​យោង  ) ។

ភាពរាបសា​របស់​កូន​តូចៗ​អាច​ប្រដូច​ទៅ​នឹង ភាពរាបសា​របស់​អ្នក​ប្រែចិត្តជឿ​ថ្មី​នៅ​ក្នុង​សាសនាចក្រ ។ តើ​យើង​អាច​រៀន​មេរៀន​អ្វី​ខ្លះ ពី​អ្នក​ប្រែចិត្តជឿ​ថ្មី ? តើ​យើង​អាច​ចិញ្ចឹម​បីបាច់​ទាំង​កូនតូចៗ និង អ្នកប្រែ​ចិត្តជឿ​ថ្មី​នៅ​ក្នុង​សាសនាចក្រ​បាន​យ៉ាង​ដូចម្ដេច ?

បន្ទាប់​មក ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឱវាទ​ដល់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ដក​យក​រឿង​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​រវាត​ចិត្ត ឬ​បណ្ដាល​ឲ្យ​ពួកគេ​ភ្លាំង​ភ្លាត់​ចេញ​ពី​ជីវិត​របស់​ពួកគេ ( សូម​មើល ខ​ទី ៩ ) ។ ទ្រង់​ក៏​បាន​បង្រៀន​ពួក​សាវក​ទ្រង់​ថា ប្រសិនបើ​នរណាម្នាក់​ប្រព្រឹត្ត​ខុស ឬ ធ្វើ​បាប​ទាស់​នឹង​ពួកគេ ដំបូង​ពួកគេ​ត្រូវ​ព្យាយាម​ដោះស្រាយ​បញ្ហា​នោះ​ជាមួយ​បុគ្គល​នោះ​ដោយ​សម្ងាត់ ។ ប្រសិនបើ​បុគ្គល​នោះ​មិន​ព្រម​ប្រែចិត្ត​ទេ លំដាប់​នោះ​ពួកគេ​នឹង​ត្រូវ​នាំ​ទៅ​ចំពោះ​មុខ​អ្នក​កាន់​សិទ្ធិអំណាច​ក្នុង​សាសនាចក្រ ។ ( កំណត់​ចំណាំ ៖ ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​នៅ​ក្នុង ម៉ាថាយ ១៨:១-១៤ នឹង​ត្រូវបាន​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​នៅ​ក្នុង​មេរៀន​សម្រាប់ ម៉ាកុស ៩​និង លូកា ១៥ ) ។

បន្ទាប់ពី​ទ្រង់​បាន​ណែនាំ​ហើយ ពេត្រុស បាន​ទូល​សួរ​ព្រះអម្ចាស់​អំពី​ការអត់ទោស ។ សូម​អាន ម៉ាថាយ ១៨:២១ ដោយ​ស្វែងរក​សំណួរ​របស់​ពេត្រុស ។

ពួក​អ្នក​ដឹកនាំ​សាសនា​មួយ​ចំនួន​នៅ​ជំនាន់​ពេត្រុស​បាន​បង្រៀន​ថា បុគ្គល​ម្នាក់​មិន​ត្រូវ​អភ័យទោស​ដល់​មនុស្ស​ម្នាក់​ទៀត​ឲ្យ​លើស​ពី​បី​ដង​ទេ ។ ដោយ​ទូល​សួរ​ព្រះអម្ចាស់​ថាតើ​លោក​គួរ​អភ័យទោស​ដល់​មនុស្ស​ម្នាក់​ដល់​ទៅ​ប្រាំពីរ​ដង ពេត្រុស​អាច​នឹង​គិតថា​លោក​គឺជា​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស​ហើយ ( សូម​មើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី The Mortal Messiah: From Bethlehem to Calvary វ៉ុល ៤ [ ឆ្នាំ ១៩៧៩–៨១ ] ៣:៩១ ) ។ សូម​អាន ម៉ាថាយ ១៨:២២ ដោយ​ស្វែងរក​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ឆ្លើយ​តប​ទៅ​ពេត្រុស ។

« ប្រាំពីរ​ចិតសិប​ដង » គឺជា​ការលើកឡើង​មួយ​ថា យើង​មិន​គួរ​កំណត់​ថា​យើង​គួរ​អភ័យទោស​ដល់​មនុស្ស​ដទៃ​ទៀត​ប៉ុន្មាន​ដង​នោះ​ទេ ។ ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពេត្រុស បង្រៀន​អំពី​សេចក្ដីពិត​ដែល​ថា ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​យើង​ឲ្យ​អភ័យទោស​ដល់​អ្នក​ទាំងឡាយ​ដែល​បាន​ធ្វើ​ឲ្យ​រវាទចិត្ត ឬ ធ្វើបាប​ទាស់​នឹង​យើង ។

ការអត់ទោស​ដល់​មនុស្ស​ដទៃ​គឺ​ការប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​រវាត​ចិត្ត ឬ​ឈឺចាប់ ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​មាន​អារម្មណ៍​ល្អ​ចំពោះ​គាត់ ( សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អភ័យទោស » scriptures.lds.org គ. និង ស. ៦៤:៩–១១ ) ។ ការអភ័យទោស​ពុំ​មែន​មាន​ន័យ​ថា យើង​បន្ត​អនុញ្ញាត​ឲ្យ​មនុស្ស​ដទៃ​ធ្វើ​ទុក្ខទោស​យើង ឬ​ថា​អ្នក​ប្រមាថ​មិន​គួរ​ទទួល​ខុស​ត្រូវ​សម្រាប់​ទង្វើ​របស់​ខ្លួន​តាម​ច្បាប់ ឬ​ដោយ​ប្រការ​ណា​មួយ​ឡើយ ។

បន្ទាប់​ពី​ឆ្លើយ​នឹង​សំណួរ​របស់​ពេត្រុស នោះ​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​អំពី​រឿង​ប្រៀប​ប្រដូច​មួយ ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ហេតុផល​ដែល​យើង​គួរ​អភ័យទោស​ដល់​អ្នក​ដទៃ ។

សូម​អាន ម៉ាថាយ ១៨:២៣–៣០ ដោយ​ស្វែងរក​ថាតើ​បាវបម្រើ និង គូកន​របស់​គាត់​បាន​ជំពាក់​ប្រាក់​ចំនួន​ប៉ុន្មាន ។

តើ​បាវ​នោះ​ជំពាក់​ប្រាក់​ស្ដេច​ប៉ុន្មាន ?

តើ​គូកន​បាន​ជំពាក់​ប្រាក់​អ្នក​បម្រើ​នោះ​ប៉ុន្មាន ?

សូម​ប្រើ​ព័ត៌មាន​ខាង​ក្រោម​នេះ ដើម្បី​ជួយ​អ្នក​គណនា​ថា​វា​ត្រូវ​ចំណាយ​រយៈ​ពេលប៉ុន្មាន​ដើម្បី​អ្នក​ជំពាក់​បំណុល​ម្នាក់ៗ​ត្រូវ​សង ៖

នៅ​ជំនាន់​ព្រះយេស៊ូវ « ២កោដិ​ស្មើ​នឹង ១០០,០០០,០០០ កាក់ [ រូបិយប័ណ្ណ​រ៉ូម ] ។ មួយ​កាក់​គឺជា​ប្រាក់​កម្រៃ​ធម្មតា​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កម្មករ​ទូទៅ » ( Jay A. Parry and Donald W. Parry Understanding the Parables of Jesus Christ [ ឆ្នាំ​២០០៦ ] ទំព័រ ៩៥ ) ។ សូម​គណនា​ថាតើ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែល​កម្មករ​ត្រូវ​ធ្វើការ ដើម្បី​សង​បំណុល​នេះ​អស់​ដោយ​ចែក ១០០,០០០,០០០ កាក់ នឹង ៣៦៥​ថ្ងៃ ។

ប្រសិនបើ​ប្រាក់​ខែ​របស់​គាត់​ត្រូវបាន​បើក​ឲ្យ​ទាំងអស់ តើ​វា​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ឲ្យ​បាវ​នោះ​សង​បំណុល​របស់​គាត់​អស់ ?

២០ រៀល​ស្មើ​នឹង ១០០ កាក់ ។ ( សូម​ចាំ​ថា​កម្មករ​ភាគ​ច្រើន​រក​បាន​មួយ​កាក់​ក្នុង​មួយ​ថ្ងៃ ) ។ សូម​គណនា​ថាតើ​គូកន​របស់​បាវ​នោះ ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​សង​បំណុល​របស់​គាត់​អស់ ។

ប្រសិនបើ​ប្រាក់​ខែ​របស់​គាត់​ត្រូវបាន​បើក​ឲ្យ​ទាំងអស់ តើ​វា​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ឲ្យ​គូកន​របស់​បាវ​នោះ​សង​បំណុល​របស់​គាត់​អស់ ?

សូម​អាន ម៉ាថាយ ១៨:៣១–៣៥ ដោយ​ស្វែងរក​ថាតើ​ស្ដេច​បាន​មាន​ប្រតិកម្ម​ដូចម្ដេច នៅ​ពេល​ទ្រង់​បាន​ជ្រាប​អំពី​ទង្វើ​របស់​បាវ​នោះ​ចំពោះ​គូកន​របស់​ខ្លួន ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ស្ដេច​មាន​បន្ទូល​ហៅ​បាវ​បម្រើ​នោះ​ថា​ជា​មនុស្ស​ទុច្ចរិត ដោយសារ​គាត់​មិន​បាន​អភ័យទោស​ដល់​គូកន​ខ្លួន​សម្រាប់​បំណុល​នេះ ?

យោងតាម​អ្វី​ដែល​អ្នក​បាន​អាន​ក្នុង ខទី ៣៥ សូម​សរសេរ​និមិត្តរូប​របស់​បុគ្គល​ទាំង​បី​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ៖

ស្ដេច = 

បាវបម្រើ = 

គូកន = 

ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី​រឿងប្រៀប​ប្រដូច​នេះ សូម​បញ្ចប់​គោលការណ៍​ខាង​ក្រោម​នេះ ៖ ប្រសិនបើ​យើង​ចង់​ឲ្យ​ព្រះ​អភ័យទោស​ឲ្យ​យើង នោះ  ។ សូម​គិត​ដល់​ការសរសេរ​សេចក្ដីពិត​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ាថាយ ១៨:២៤-៣៥ ) ។

តើ​មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វី​ខ្លះ ប្រសិនបើ​គាត់​កំពុង​ស្មុគស្មាញ​ក្នុង​ការអភ័យទោស​ដល់​មនុស្ស​ម្នាក់​ទៀត ?

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« យើង​ត្រូវ​ដឹង ហើយ​ទទួលស្គាល់​អារម្មណ៍​ខឹង ។ វា​ត្រូវការ​ការបន្ទាប​ខ្លួន​ដើម្បី​ធ្វើ​ដូចនោះ​បាន ប៉ុន្តែ​ប្រសិនបើ​យើង​នឹង​លុត​ជង្គង់​ចុះ ហើយ​ទូល​សុំ​ព្រះវរបិតា​សួគ៌​ឲ្យ​ប្រទាន​មនោសញ្ចេតនា​ចំពោះ​ការរអភ័យទោស នោះ​ទ្រង់​នឹង​ជួយ​អ្នក ។ ព្រះអម្ចាស់​តម្រូវ​យើង​ទាំងអស់​គ្នា​ឲ្យ ‹ អត់ទោស​ដល់​មនុស្ស​ទាំងអស់ › [ គ. និង ស. ៦៤:១០ ] សម្រាប់​សេចក្ដីល្អ​របស់​យើង​ផ្ទាល់​ដោយសារ ‹ ការស្អប់​ពន្យឺត​ដល់​ការលូតលាស់​ខាង​វិញ្ញាណ › [ Orson F. Whitney Gospel Themes ( ឆ្នាំ ១៩១៤ ) ទំព័រ ១៤៤ ] ។ លើកលែង​តែ​យើង​កម្ចាត់​ចោល​សម្អប់ និង ភាពល្វីងជូរចត់​ចេញ​ពី​ខ្លួន​យើង​ប៉ុណ្ណោះ ទើប​ព្រះអម្ចាស់​អាច​ដាក់​ការលួងលោម​ចូល​មក​ក្នុង​ដួងចិត្ត​របស់​យើង​បាន ។ …

« … ពេល​សោកនាដកម្ម​សង្គ្រប់​មក​លើ​យើង យើង​មិន​គួរ​ឆ្លើយតប​ដោយ​ព្យាយាម​សងសឹក​ដោយ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​គួរ​ទុក​ឲ្យ​យុត្តិធម៌​ធ្វើការ ហើយ​បណ្ដាយ​ឲ្យ​វា​ចប់​ទៅ ។ វា​មិន​ងាយស្រួល​នឹង​បណ្ដោយ​ឲ្យ​វា​ចប់​ទៅ ហើយ​កម្ចាត់​ចេញ​នូវ​ការអន់ចិត្ត ដែល​កកើត​ឡើង​ចេញ​ពី​ដួងចិត្ត​របស់​យើង​ឡើយ ។ ព្រះអង្គ​សង្រ្គោះ​បាន​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា​នូវ​សេចក្ដី​សុខសាន្ត​ដ៏​មាន​តម្លៃ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ប៉ុន្តែ​វា​អាច​មាន​ដល់​យើង​បាន​តែ​ពេល​ដែល​យើង​សុខចិត្ត​លះបង់​អារម្មណ៍​អវិជ្ជមាន​នៃ​សេចក្ដី​ក្រោធ គំនុំ ឬ ការសងសឹក​ប៉ុណ្ណោះ ។ សម្រាប់​យើង​ទាំងអស់​គ្នា​ដែល​អភ័យទោស​ដល់ ‹ ពួក​អ្នក​ដែល​បំពាន​ដល់​យើង › [ ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៦:១៣ ] សូម្បី​តែ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ក្ដី នោះ​ដង្វាយធួន​នាំ​មក​នូវ​រង្វាស់​នៃ​សេចក្ដី​សុខសាន្ត និង ការលួងលោម » ( «The Healing Power of Forgiveness» EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៦៩ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​គ្រា​មួយ​ដែល​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឲ្យ​អភ័យទោស​ដល់​នរណាម្នាក់​ដែល​បាន​ធ្វើ​បាប ឬ ធ្វើ​ឲ្យ​អ្នក​រវាត​ចិត្ត ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដី​បញ្ចប់​នៃ​ដំណើររឿង​ដែល​ប្រធាន ម៉នសុន បាន​ចែកចាយ​នៅ​ដើម​មេរៀន ៖ « ប្រសិនបើ​គ្រួសារ​នោះ​មាន​ចរិត​មិន​សមរម្យ ពួកគេ​នឹង​បន្ទោស​ប៊ីស្សព ហើយ​បញ្ចេញ​អារម្មណ៍​ដ៏​ឈឺចាប់​នោះ ។ ពេល​ដែល​ប៊ីស្សព បាន​ដឹង​ពី​សោកនាដកម្មនេះ គាត់​បាន​ទៅ​ជួប​នឹង​គ្រួសារ​នោះ ហើយ​បាន​សុំ​អភ័យទោស ។ ឪពុក​រូប​នោះ​បាន​ទទួល​យក​ការសុំអភ័យទោស​នោះ​ទាំង​មាន​ការឈឺចាប់នៅ​លើ​ទឹកមុខ​នៅ​ឡើយ ទាំង​ទឹកភ្នែក រួច​ហើយ​អ្នក​ទាំង​ពីរ​នាក់​បាន​ពេញ​ដោយ​មនោសញ្ចេតនា​នៃ​ការយោគយល់​គ្នា » ( «Hidden Wedges» ទំព័រ ១៩ ) ។

សូម​គិត​អំពី​មនុស្ស​ដែល​អ្នក មិន​ព្រម​អភ័យទោស​ឲ្យ​នៅ​ក្នុង​ជីវិត​អ្នក ។ សូម​អធិស្ឋាន​ឲ្យ​មាន​បំណង​ប្រាថ្នា​មួយ​ដើម្បី​អភ័យទោស និង​សមត្ថភាព​បំភ្លេច​ការឈឺចាប់ និង​សេចក្ដីក្រោធ​ដើម្បី​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត និង​ភាព​លួង​លោម​ចិត្ត​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

ម៉ាថាយ ១៩:១-១២

ព្រះអង្គ​សង្គ្រោះ​បង្រៀន​អំពី​ភាពបរិសុទ្ធ​នៃ​អាពាហ៍ពិពាហ៍

រូបភាព
កូន​ក្រមុំ និង កូន​កំលោះ​នៅ​ក្នុង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ

គោលលទ្ធិ​របស់​ព្រះអម្ចាស់​ទាក់ទិន​នឹង​អាពាហ៍ពិពាហ៍ និង​ការលែង​លះ​គ្នា​គឺ​ខុស​ពី​ការយល់ឃើញ​ជា​ច្រើន​ពី​សំណាក់​លោកិយ ។

តើ​ការយល់ឃើញ​មួយ​ចំនួន​ពី​សំណាក់​លោកិយ​អំពី​អាពាហ៍ពិពាហ៍ ឬ​ការ​លែង​លះ​គ្នា​មាន​អ្វី​ខ្លះ ?

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ១៩:១–១២ សូម​ស្វែងរក​ការបង្រៀន​របស់​ព្រះអម្ចាស់​អំពី​អាពាហ៍ពិពាហ៍ និង​ការ​លែង​លះ​គ្នា ហើយ​ពិចារណា​អំពី​សារៈសំខាន់​នៃ​ការបង្រៀន​ទាំងនេះ​ចំពោះ​ពួកគេ ។

សូម​អាន ម៉ាថាយ ១៩:១-៣ ដោយ​ស្វែងរក​សំណួរ ដែល​ពួក​ផារីស៊ី​បាន​ចោទ​សួរ​ព្រះយេស៊ូវ ។

ឃ្លា « នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​ក៏​ដោយ » ( ម៉ាថាយ ១៩:៣ ) សំដៅ​លើ​បុរស​ម្នាក់​ដែល​នឹង​លែង​លះ​ប្រពន្ធ​ខ្លួនជា​ដាច់​ខាត សូម្បី​តែ​វា​ជា​រឿង​តូច​តាច ឬ​ជា​ភាព​អត្មានិយម​ក៏​ដោយ ។

សូម​អាន ម៉ាថាយ ១៩:៤–៦ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន អំពី​អាពាហ៍ពិពាហ៍ និង ការលែងលះ ។

ខគម្ពីរ​ទាំងនេះ​បង្រៀន​ថា អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​គឺជា​ទំនាក់​ទំនង​ដ៏​ពិសិដ្ឋ​មួយ​ដែល​ព្រះ​បាន​រៀប​ចំ ហើយ​បង្កើត​ឡើង ។ សូម​គិត​ដល់​ការសរសេរ​សេចក្ដីពិត​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ាថាយ ១៩:៦ ។ នៅ​ក្នុង​វិវរណៈ​សម័យ​ទំនើប ព្រះអម្ចាស់​បាន​បញ្ជាក់​ថា « សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ » ( អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ) គឺ​ចាំបាច់​ចំពោះ​ភាពលើកតម្កើង ( សូម​មើល គ. និង ស. ១៣១:១–៤ ) ។

សូម​អាន ម៉ាថាយ ១៩:៧ ដោយ​រកមើល​សំណួរ​មួយ​ទៀត​ដែល​ពួក​ផារិស៊ី​បាន​ចោទ​សួរ​ព្រះយេស៊ូវ ។

ម៉ាថាយ ១៩:៨-៩ កត់ត្រា​ថា ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ពួក​ផារិស៊ី​ថា ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​មាន​ការលែងលះ​កើតឡើង​នៅក្នុង​ជំនាន់​របស់​លោក ដោយសារ​ភាពរឹងរូស​នៃ​ដួងចិត្ត​របស់​ប្រជាជន​នោះ ។ វាក្យសព្ទ « លែង » នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ក៏​អាច​មាន​ន័យ​ផងដែរ​ថា បែកបាក់ ឬ​ចាកចេញ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ ដែល​ថ្លែង​ដោយ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ជួយ​បញ្ជាក់​អំពី​របៀប​ការបង្រៀន​នេះ​ទាក់ទង​នឹង​សម័យ​របស់​យើង ៖ « ប្រភេទ​អាពាហ៍ពិពាហ៍​ដែល​ទាម​ទារ​ឲ្យ​មាន​ភាព​តម្កើង​ឡើង—មាន​រយៈពេល​អស់​កល្ប ហើយ​មាន​គុណ​លក្ខណៈ​ដូចជា​ព្រះ—ពុំ​សញ្ជឹង​គិត​ពី​ការ​លែង​លះ​ឡើយ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ស្វាមី​ភរិយា​ត្រូវ​បាន​រៀបការ​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច ។ ប៉ុន្តែ​អាពាហ៍ពិពាហ៍​ខ្លះ​មិន​រីកចម្រើន​ឆ្ពោះ​ទៅ​រក​គំនិត​នោះ​ទេ ។ ដោយសារ ‹ ចិត្ត [ របស់យើង ] រឹង​របឹង [ ម៉ាថាយ ១៩:៨ ] នៅ​បច្ចុប្បន្ន​នេះ​ព្រះអម្ចាស់​ពុំ​បាន​បង្ខំ​ឲ្យ​ទូទាត់​ផលវិបាក​នៃបទដ្ឋាន​សេឡេស្ទាល​ឡើយ ។ ទ្រង់​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​លែង​លះ​គ្នា​រៀបការ​ម្ដង​ទៀត​ដោយ​គ្មាន​ស្នាម​ប្រឡាក់​នៃ​អមតភាព​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ក្រឹត្យវិន័យ​សួគ៌ា » ( « Divorce » EnsignLiahona ខែ ឧសភា ឆ្នាំ​២០០៧ ទំព័រ ៧០ ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​រាយ​បញ្ជី​អំពី​របៀប​ដែល​អ្នក​រៀបចំ​ខ្លួន​សម្រាប់ « ប្រភេទ​អាពាហ៍ពិពាហ៍​ដែល​ទាមទារ​ឲ្យ​មាន​ភាព​តម្កើង​ឡើង » ដែល​បាន​ពិពណ៌នា​ដោយ អែលឌើរ អូក ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ដោយ​មាន​ការតាំងចិត្ត​ដ៏​មុតមាំ​ក្នុង​ការជម្នះ​លើ​ការខ្វែងគំនិតគ្នា​ដោយ​ពុំ​ចាំ​បាច់​មាន​ការលែងលះ ?

ម៉ាថាយ ១៩:១៣-២០:៣៤

ព្រះយេស៊ូវ​បង្រៀន​អំពី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​តំណាល​រឿង​ប្រៀប​ប្រដូច​ស្ដីពី​ពួក​អ្នក​ធ្វើការ​ក្នុង​ចម្ការ​ទំពាំងបាយជូរ

ម៉ាថាយ ១៩:១៣-៣០ កត់ត្រា​ថា ព្រះយេស៊ូវ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដើរតាម​ទ្រង់ ឲ្យ​ស្វែងរក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាជាង​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ ។ ពេត្រុស​បាន​ទូល​សួរ​អំពី​អ្វី​ដែល​ពួក​សិស្ស​នឹង​ទទួល​បាន ដោយសារ​ពួកគេ​បាន​លះបង់​ទ្រព្យសម្បត្តិ​ខាង​លោកិយ​របស់​ខ្លួន​មក​ដើរតាម​ព្រះអង្គ​សង្គ្រោះ ។ ( កំណត់​ចំណាំ ៖ ព្រឹត្តិការណ៍​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​នឹង​ត្រូវ​បង្រៀន​យ៉ាង​លម្អិត​នៅ​ក្នុង​មេរៀន​សម្រាប់ ម៉ាកុស ១០ ) ។

រូបភាព
អ្នក​ធ្វើការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ

នៅ​ក្នុង ម៉ាថាយ ២០:១–១៦ យើង​អាន​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​អំពី​រឿង​ប្រៀបប្រដូច​មួយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ព្រះរាជបំណង​របស់​ព្រះវរបិតាសួគ៌ ដើម្បី​ប្រទាន​ឱកាស​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​កូនចៅ​របស់​ទ្រង់​ទាំងអស់ ។ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ បុរស​ម្នាក់​បាន​ជួល​កម្មករ​នៅ​ពេល​ខុសពី​គ្នា​ពេញ​មួយ​ថ្ងៃ​ឲ្យ​ធ្វើការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​របស់​គាត់ ក្រោយ​មក​គាត់​បាន​បង់ប្រាក់​ឲ្យ​ស្មើៗ​គ្នា​នៅ​ពេល​បញ្ចប់​ការងារ ។

ម៉ាថាយ ២០:១៧–៣៤ កត់ត្រា​ថា ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ជា​មុន​ថា​នឹង​មាន​មនុស្ស​ក្បត់​ទ្រង់ ហើយ​ទ្រង់​ត្រូវ​បាន​គេ​ដាក់​ទោស​រហូត​ដល់​សុគត កាល​ទ្រង់​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ។ ទ្រង់​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ថា ពួកគេ​គួរ​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​បម្រើ​ដល់​មនុស្ស​ដទៃ ប្រសើរ​ជាង​ការស្វែងរក​មុខ​តំណែង និង​សិទ្ធិ​អំណាច ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ១៨-២០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖