បណ្ណាល័យ
មេរៀន​ទី ៦ ថ្ងៃ​ទី ១ ៖ ម៉ាថាយ ២៣


មេរៀន​ទី ៦ ថ្ងៃទី ១

ម៉ាថាយ ២៣

សេចក្ដីផ្ដើម

នៅ​សប្ដាហ៍​ចុងក្រោយ​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ទ្រង់​បាន​ថ្កោលទោស​ការលាក់ពុត​របស់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ហើយ​បាន​ទួញសោក​ដែល​ប្រជាជន​នៃ​យេរូសាឡិម​មិន​បាន​ទទួល​យក​សេចក្ដី​ស្រឡាញ់ និង​ការការពារ​របស់​ទ្រង់ ។

ម៉ាថាយ ២៣:១-១២

ព្រះអង្គសង្គ្រោះ​ថ្កោលទោស​ដល់​ការលាក់ពុត​របស់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី

សូម​ពិចារណា​ថាតើ​ព្រះគម្ពីរ​របស់​អ្នក​ប្រៀបធៀប​ទៅ​នឹង​ព្រះគម្ពីរ​របស់​សមាជិក​គ្រួសារ​អ្នក សមាជិក​វួដ និង មិត្តភក្ដិ​របស់​អ្នក​មាន​សភាព​យ៉ាង​ដូចម្ដេច ។ តើ​នរណា​ដែល​មាន​ព្រះគម្ពីរ​ធំ​ជាង​គេ ? តើ​នរណា​ដែល​មាន​គំនូស​ចំណាំ និង កំណត់​ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​ច្រើន​ជាង​គេ ? តើ​នរណា​ដែល​មាន​ព្រះគម្ពីរ​ស្អាត​ជាង​គេ ?

តើ​អ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច​ប្រសិនបើ​មាន​នរណាម្នាក់​ប្រកាស​ថា បុគ្គល​ដែល​មាន​ព្រះគម្ពីរ​ធំ​ជាង​គេ មាន​គំនូស​ចំណាំ និង កំណត់​ចំណាំ​ច្រើន​ជាង​គេ ឬ ស្អាត​ជាង​គេ គឺ​ជា​មនុស្ស​សុចរិត​នោះ ?

ហេតុអ្វី​បាន​ជា​វិធី​នេះ​គឺជា​វិធី​មួយ ដែល​គ្មាន​ប្រសិទ្ធភាព​ដើម្បី​កំណត់​ពី​ភាពសុចរិត​របស់​បុគ្គល​ម្នាក់ ?

ប្រសិនបើ​ភាពសុចរិត​ត្រូវបាន​កំណត់ដោយ​សំបក​ក្រៅ វា​អាច​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​ប្រព្រឹត្ត​ដោយ​លាក់ពុត ។ « ពាក្យ [ លាក់ពុត ]​ជា​ទូទៅ​តំណាង​ឲ្យ​មនុស្ស​ម្នាក់​ដែល​ធ្វើ​ពុត​ជា​អ្នក​ជឿ​សាសនា តែ​តាម​ពិត​ពុំ​មែន​ទេ » ( Bible Dictionary « Hypocrite » ) ។ វា​ក៏​អាច​សំដៅ​ទៅ​លើ​មនុស្ស​ម្នាក់ ដែល​ធ្វើ​ពុត​មិន​ជឿ​លើ​សាសនា តែ​តាម​ពិត​គាត់​ជឿ ។

ជា​ផ្នែក​មួយ​នៃ​សារលិខិត​ជា​សាធារណៈ​ចុង​ក្រោយ​របស់​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ឡើង​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ក្រុង​យេរូសាឡិម​នៅ​សប្ដាហ៍​ចុងក្រោយ​នៃ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ នោះ​ទ្រង់​បាន​ថ្កោលទោស​ដល់​ការលាក់ពុត​របស់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ។

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ២៣ សូម​ស្វែងរក​សេចក្ដីពិត​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​ឆ្លើយ​តប នៅ​ពេល​ពួកគេ​ឃើញ​មនុស្ស​ដទៃ​មាន​ការលាក់ពុត និង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​យក​ឈ្នះ​ការលាក់ពុត​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។

សូម​អាន ម៉ាថាយ ២៣:១–៧ ដោយ​ស្វែងរក​ថាតើ​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ដូចម្ដេច អំពី​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ដែល​ជា​មនុស្ស​លាក់ពុត ។ ឃ្លា « អង្គុយ​នៅ​ទី​បង្រៀន​របស់​លោក​ម៉ូសេ » ( ខ​ទី ២ ) មាន​ន័យ​ថា ពួក​អាចារ្យ និង​ពួក​ផារិស៊ី​មាន​តួនាទី​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ដើម្បី​បង្រៀន​គោលលទ្ធិ ហើយ​បកស្រាយ ព្រមទាំង​ចាត់ចែង​ច្បាប់ ។ ពួក​អាចារ្យ​គឺ​ជា​អ្នក​ច្បាប់ ដែល​បាន​សិក្សា​ក្រឹត្យវិន័យ​លោក​ម៉ូសេ ចំណែក​ឯ​ពួក​ផារិស៊ី​គឺ​ជា​គ្រូបង្រៀន​សាសនា ។

រូបភាព
បុរស​សាសន៍​យូដា​ម្នាក់​ពាក់​ស្លាក​កត់​ក្រឹត្យវិន័យ

ស្រប​តាម ប្រពៃណី ត​រៀង​មក ពួក​សាសន៍​យូដា​ពាក់​ស្លាក​កត់​ក្រឹត្យវិន័យ ក៏​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ហឹប​ព្រះគម្ពីរ ដែល​ជា​ប្រអប់​តូច​ធ្វើ​ពី​ស្បែក​សត្វ​ចង​ក្រវាត់​ទៅ​នឹង​ថ្ងាស ឬ ដៃ​ខាង​ឆ្វេង​ដើម្បី​បង្ហាញ​ចិត្ត និង​គំនិត​របស់​ពួកគេ​ថ្វាយ​ចំពោះ​ក្រឹត្យវិន័យ​របស់​ព្រះ​ជានិច្ច ។ នៅ​ក្នុង​ស្លាក​កត់​ក្រឹត្យវិន័យ​នោះ​មាន​នូវ​ផ្ទាំស្បែក​សម្រាប់​សរសេរ​អក្សរ​មួយ​ដុំ​តូច ដែល​មាន​ពាក្យ​ដកស្រង់​ចេញពី​បទគម្ពីរ​ហេព្រើរ ។ ពួក​សាសន៍​យូដា​បាន​ពាក់​ស្លាក​កត់​ក្រឹត្យវិន័យ​នោះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ក្នុង​ការធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះ ( សូម​មើល និក្ខមនំ ១៣:៥–១០, ១៤–១៦; ចោទិយកថា ៦:៤–៩; ១១:១៣–២១ ) ។ ព្រះអម្ចាស់​មិន​បាន​ថ្កោលទោស​ជន​ដែល​បាន​ពាក់​ស្លាក​កត់​ក្រឹត្យវិន័យ​នោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​ថ្កោលទោស​ដល់​ជន​ដែល​ប្រើ​វា​ដោយ​លាក់ពុត ឬ​ពង្រីក​វា​ឲ្យ​ធំ​ដើម្បី​ឲ្យ​មនុស្ស​ដទៃ​ទៀត​មើល​ឃើញ​ថា​ពួកគេ​កំពុង​ពាក់​វា ។

អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​នៅ​ក្នុង ម៉ាថាយ ២៣:៥ ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ពង្រីក​ស្លាក​កត់​ក្រឹត្យវិន័យ​របស់​ខ្លួន ហើយ « រំយោល​អាវ​គេ​ឲ្យ​វែងៗ » ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ២៣:៣ តើ​ឱវាទ​ណា​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​សាវក​ទ្រង់ ទាក់ទិន​ទៅ​នឹង​ការលាក់ពុត ?

យោងតាម​ឱវាទ​នេះ យើង​រៀន​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ យើង​អាច​ជ្រើស​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ទោះ​បី​ជា​យើង​ឃើញ​មនុស្ស​ដទៃ​មាន​ភាព​លាក់ពុត​ក៏​ដោយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់​ចំពោះ​យើង ដែល​ត្រូវ​ជ្រើស​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ទោះ​បី​ជា​យើង​ឃើញ​មនុស្ស​ដទៃ​មាន​ភាពលាក់ពុត​ក៏​ដោយ​នោះ ?

សូម​អាន ម៉ាថាយ ២៣:៨-១០ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ បាន​ប្រទាន​ឱវាទ​មិន​ឲ្យ​រាស្ត្រ​ទ្រង់​ធ្វើ ។

ព្រះអង្គសង្គ្រោះ​បាន​ប្រើ​ឃ្លា « អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់ » ( ខទី ៨ ) ដើម្បី​បង្រៀន​ប្រជាជន​កុំ​ឲ្យ​គិត​ថា​ខ្លួន​ឯង​ល្អ​ជាង​មនុស្ស​ដទៃ ដោយសារ​ពួកគេ​ទាំងអស់​គ្នា​ជា​កូនចៅ​របស់​ព្រះ ហើយ​មាន​ភាពស្មើគ្នា​នៅ​ចំពោះ​ព្រះនេត្រ​ទ្រង់ ។

ពួក​អាចារ្យ និង​ពួក​ផារិស៊ី​បាន​គិត​ថា​តួនាទី និង​ឋានៈ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​មនុស្ស​អស្ចារ្យ ។ សូម​អាន ម៉ាថាយ ២៣:១១-១២ ដោយ​ស្វែងរក​ថាតើ​នរណា​ទៅ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​គិត​ថា​អស្ចារ្យ​នៅ​ក្នុង​នគរ​ព្រះ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ​នៅ​ក្នុង ខទី ១១ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​រាស្ត្រ​ទ្រង់​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​ព្យាយាម​តម្កើង​ខ្លួន​ឲ្យ​លើ​អ្នកដទៃ នោះ​យើង​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ។ បន្ទាប​ចុះវិញ​មាន​ន័យ​ថា ការដាក់ចុះ ឬ​ការបំបាក់​មុខ ឬ​ការទទួល​ការគោរពតិច ។

ព្រះយេស៊ូវ​ក៏​បាន​បង្រៀន​រាស្ត្រ​ទ្រង់​ថា ប្រសិនបើ​យើង​បន្ទាប​ខ្លួន ហើយ​បម្រើ​មនុស្ស​ដទៃ នោះ​ព្រះអម្ចាស់​នឹង​តម្កើង​យើង​ឡើង ។ ឃ្លា « នឹង​បាន​តម្កើង​ឡើង » ( ម៉ាថាយ ២៣:១២ ) មាន​ន័យ​ថា ព្រះអម្ចាស់​នឹង​លើក​យើង​ឡើង ហើយ​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ហើយ​ប្រទាន​ដល់​យើង​នូវ​ភាពតម្កើង​ឡើង​នៅ​ក្នុង​នគរ​សេឡេស្ទាល។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​យើង​បម្រើ​មនុស្ស​ទូទៅ ដើម្បី​ឲ្យ​ព្រះអម្ចាស់​លើក​យើង​ឡើង ហើយ​ជួយ​យើង​ប្រែក្លាយ​ដូច​ទ្រង់ ?

    2. តើ​ការបន្ទាបខ្លួន ជួយ​យើង​យក​ឈ្នះ​លើ​ការលាក់ពុត​បាន​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អំពី​ទង្វើ​ល្អៗ​ដែល​អ្នក​ធ្វើ​នៅ​ឯ​សាលា នៅ​ផ្ទះ និង នៅ​ព្រះវិហារ ។ សូម​ពិចារណា​ថាតើ​ពួកគេ​នឹង​កំណត់​ខ្លួនឯង​នៅ​ត្រង់​ណា​លើ​កម្រិត​មាត្រដ្ឋាន​ខាង​ក្រោម​នេះ ដោយ​ផ្អែក​លើ​ហេតុផល​ជម្រុញ​ចិត្ត​របស់​អ្នក​សម្រាប់​ការធ្វើ​ទង្វើ​ល្អ និង​ការខិតខំ​របស់​អ្នក​ក្នុង​ការមាន​ការបន្ទាប​ខ្លួន ៖

រូបភាព
ជញ្ជីង ហេតុផល​នៃ​ការបម្រើ

សូម​ដាក់​គោលដៅ​បម្រើ​ដល់​អ្នក​ដទៃ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ចងចាំ​ថា យើង​ទាំងអស់​គ្នា​គឺ​ជា​កូនចៅ​ព្រះវរបិតាសួគ៌ ។

ម៉ាថាយ ២៣:១៣-៣៦

ព្រះយេស៊ូវគ្រីស្ទ​ប្រកាស​ពាក្យ​វេទនា​ដល់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី

រូបភាព
ពែងទឹក​ស្នោ​ចំនួន​បី

សូម​ស្រមៃ​ថា មាន​ពែងទឹក​ស្នោ​ចំនួន​បី ដែល​អ្នក​អាច​ជ្រើស​យក​មក​ផឹក ។ ពែង​ទី​មួយ​កខ្វក់​ខាង​ក្រៅង ពែង​ទី​ពីរ​កខ្វក់​ខាង​ក្នុង ចំណែក​ពែង​ទី​បី​ជា​ពែង​ស្អាត ។ ហេតុអ្វី​បាន​ជា​អ្នក​ចង់​ផឹក​ចេញ​ពី​ពែង ដែល​ស្អាត​ទាំងស្រុង ហើយ​ពុំ​គ្រាន់តែ​ស្អាត​នៅ​ផ្នែក​ខ្លះ ? នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ២៣:១៣–៣៦ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ប្រដូច​ពែង​ទាំង​បី​នេះ ទៅ​នឹង​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល ។

នៅ​ក្នុង ម៉ាថាយ ២៣:១៣–៣៦ យើង​រៀន​ថា ព្រះអង្គសង្គ្រោះ​ប្រកាស​ថ្កោលទោស​ដល់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចំពោះ​ការលាក់ពុត ។ សូម​អាន​ខគម្ពីរ​ទាំងនេះ​ចុះឡើងៗ ដោយ​ស្វែងរក​ថាតើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ពាក្យ វេទនា ប៉ុន្មាន​ដង នៅ​ពេល​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​អាចារ្យ និង ពួក​ផារិស៊ី ។ សូម​គិត​ដល់​ការគូសចំណាំ​ឧទាហរណ៍​នីមួយៗ​នៃ​ពាក្យ វេទនា នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ វេទនា សំដៅ​ទៅ​លើ​ទុក្ខវេទនា ការរងទុក្ខ​លំបាក និង​ទុក្ខសោក ។

  1. សូម​អាន​សេចក្ដីយោង​បទគម្ពីរ​ខាងក្រោម ហើយ​ក្រោយ​មក​ឆ្លើយ​សំណួរ​ទាំង​ពីរ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពួក​អាចារ្យ និង​ពួកផារិស៊ី​ជា​មនុស្ស​លាក់ពុត​ដោយ​របៀប​ណា ?

    2. តើ​គំរូ​អ្វីខ្លះ​នៃ​ការលាក់ពុត​បែបនេះ ដែល​យើង​ឃើញ​នៅ​ក្នុង​ជំនាន់​របស់​យើង ?

សូម​អាន ម៉ាថាយ ២៣:២៦ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ទៅ​ពួក​ផារិស៊ី​ឲ្យ​ធ្វើ ដើម្បី​យក​ឈ្នះ​លើ​ការលាក់ពុត ។ សូម​គិត​ដល់​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​ថា នៅ​ពេល​យើង​ខិតខំ​ប្រែក្លាយ​មាន​ភាពស្អាតស្អំ​ខាង​វិញ្ញាណ​នៅ​ក្នុង​ចិត្ត នោះ​វា​នឹង​បង្ហាញ​នៅ​ក្នុង​ការជ្រើសរើស​ខាង​ក្រៅ​របស់​យើង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ប្រែក្លាយ​មាន​ភាពស្អាតស្អំ​ខាង​វិញ្ញាណ​នៅ​ក្នុង​ចិត្ត ?

    2. តើ​កិច្ចខិតខំ​របស់​យើង​ដើម្បី​ប្រែក្លាយ​មាន​ភាពស្អាតស្អំ​ខាង​វិញ្ញាណ​នៅ​ក្នុង​ចិត្ត អាច​នឹង​ជួយ​យើង​យក​ឈ្នះ​លើ​ការលាក់ពុត​បាន​យ៉ាង​ដូចម្ដេច ?

សូម​គិត​អំពី​ពែង​ទាំង​បី​នៅ​ដើម​ជំពូក​​មេរៀន​នេះ សូម​ពិចារណា​ថាតើ​ពែង​មួយ​ណា​ដែល​តំណាង​ឲ្យ​ស្ថានភាព​ខាង​វិញ្ញាណ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ ។ សូម​ដាក់​គោលដៅ​មួយ​ដែល​នឹង​ជួយ​អ្នក ឲ្យ​មាន​ភាពស្អាតស្អំ​ខាង​វិញ្ញាណ​យ៉ាង​ពេញលេញ ។

ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ បញ្ចូល​ការយល់ដឹង​របស់​យើង​អំពី ម៉ាថាយ ២៣:២៣–៣៥ ដោយ​បន្ថែម​ការពន្យល់​ដូច​ខាង​ក្រោម ៖

  • ពួក​អាចារ្យ និង ពួក​ផារិស៊ី​បាន​ធ្វើ​ឲ្យ​គេ​ឃើញ​ថា​ពួកគេ « ពុំ​បាន​ធ្វើ​បាប​ណា​មួយ​ឡើយ » ប៉ុន្តែ​តាម​ពិត​ទៅ ពួកគេ​កំពុង​ធ្វើ​អំពើ​រំលង​ដ៏​សែន​អាម៉ាស់​លើ « ក្រឹត្យវិន័យ​ទាំង​មូល » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ២៣:២១ [ នៅ​ក្នុង ម៉ាថាយ ២៣:២៤ លេខ​យោង  ] ) ។

  • ពួក​អាចារ្យ និង ពួក​ផារិស៊ី « [ បាន​ថ្លែង ] ទីបន្ទាល់​ទាស់​នឹង​ពួក​អយ្យកោ [ របស់​ពួកគេ ] ខណៈ​ដែល [ ពួកគេ​ផ្ទាល់​គឺ​ជា ] អ្នក​មាន​ចំណែក​ក្នុង​អំពើ​ទុច្ចរិត​ដូចគ្នា​ដែរ​នោះ » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ២៣:៣៤ [ នៅ​ក្នុង ម៉ាថាយ ២៣:៣៦ លេខ​យោង  ] ) ។

  • ខណៈ​ពេល​ដែល​ពួក​អយ្យកោ​របស់​ពួកគេ​បាន​ធ្វើបាប​ដោយ​មិន​ដឹង​ខ្លួន នោះ​ពួក​អាចារ្យ និង ពួក​ផារិស៊ី បាន​ធ្វើបាប​ដោយ​ចេតនា ហើយ​ត្រូវ​ដោះស្រាយ​ចំពោះ​អំពើរំលង​របស់​ពួកគេ ( សូម​មើល ការបកប្រែ​ដោយ យ៉ូសែប ស្មីធ ម៉ាថាយ ២៣:៣៥ [ នៅ​ក្នុង ម៉ាថាយ ២៣:៣៦ លេខ​យោង  ] ) ។

នៅ​ក្នុង ម៉ាថាយ ២៣:២៩–៣៣ យើង​រៀន​ថា ព្រះយេស៊ូវ​បាន​ថ្កោលទោស​ដល់​ពួក​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ​របស់​ពួក​សាសន៍​យូដា ចំពោះ​ការទទួលស្គាល់​ពួក​ព្យាការី​ពី​មុនៗ ប៉ុន្តែ​បដិសេធ​មិន​ទទួលស្គាល់​ព្យាការី​ដែល​កំពុង​រស់នៅ ។ គឺ​ដូចជា​នៅ​ជំនាន់​របស់​ព្រះយេស៊ូវ​ដែរ យើង​ក៏​ត្រូវតែ​ប្រយ័ត្ន​ដោយ​មិន​គ្រាន់តែ​សរសើរ​ពួក​ព្យាការី​ពី​មុនៗ ប៉ុន្តែ​បដិសេធ​មិន​សរសើរ​ពួក​ព្យាការី​ដែល​កំពុង​រស់នៅ​ឡើយ ។

ម៉ាថាយ ២៣:៣៧-៣៩

ព្រះអង្គសង្គ្រោះ​បាន​ទួញសោក ដែល​ប្រជាជន​យេរូសាឡិម​មិន​បាន​មក​រក​ទ្រង់

តើ​មេមាន់​ការពារ​កូនៗ​របស់​វា​យ៉ាង​ដូចម្ដេច ?

រូបភាព
មេមាន់ និង កូន​នៅ​ក្នុង​សំបុក

នៅ​ពេល​គ្រោះថ្នាក់​គំរាមកំហែង មេមាន់​ប្រមូល​កូនៗ​របស់​វា​នៅ​ក្រោម​ស្លាប​ដើម្បី​ការពារ ។ មេមាន់​ស្រឡាញ់​កូនៗ​របស់​វា ហើយ​លះបង់​ជីវិត​ដើម្បី​ការពារ​ពួកវា ។

សូម​អាន ម៉ាថាយ ២៣:៣៧–៣៩ ដោយ​ស្វែងរក​ថាតើ​ព្រះអង្គ​សង្គ្រោះ បាន​មាន​បន្ទូល​យ៉ាង​ដូចម្ដេច​ថា​ទ្រង់​ប្រៀប​បាន​នឹង​មេមាន់ ។

តើ​ប្រជាជន​ក្រុង​យេរូសាឡិម បាន​ឆ្លើយ​តប​ទៅ​នឹង​កិច្ចខិតខំ​របស់​ព្រះយេស៊ូវ​ក្នុង​ការប្រមូល​ពួកគេ​យ៉ាង​ដូចម្ដេច ?

សូម​គិត​ដល់​ការគូសចំណាំ​ឃ្លា « ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង » ( ខទី ៣៨ ) ។ នៅ​ក្នុង​បរិបទ​នេះ ចោល​ស្ងាត់​ មាន​ន័យ​ថា ទទេស្អាត ឬ បោះបង់​ចោល ។ ដោយសារ​ប្រជាជន​មិន​ព្រម​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ប្រមូល​ផ្ដុំ នោះ​ពួកគេ​ត្រូវបាន​ទុកចោល​ដោយ​គ្មាន​ការការពារ ។ ក្នុង​ចំណោម​អត្ថន័យ​ផ្សេង​ទៀត ឃ្លា​នេះ​អាច​សំដៅ​ទៅ​លើ​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ប្រជាជន​អំឡុង​ជំនាន់​របស់​ព្រះយេស៊ូវ ក៏​ដូចជា​ការបំផ្លិច​បំផ្លាញ​ក្រុង​យេរូសាឡិម​នៅ​ពេល​អនាគត​ដែរ ។ វា​ក៏​អាច​សំដៅ​ទៅ​លើ​ព្រះវិហារ​បរិសុទ្ធ និង ការបាត់បង់​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែរ ។

ដោយ​ផ្អែក​លើ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​មេមាន់ និង​កូន​របស់​វា តើ​យើង​អាច​ទទួល​បាន​អ្វីខ្លះ ប្រសិនបើ​យើង​យល់​ព្រម​ឲ្យ​ព្រះ​អង្គ​សង្គ្រោះ​ប្រមូល​ផ្ដុំ ? សូម​ឆ្លើយ​សំណួរ​នេះ​ដោយ​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​យល់​ព្រម​ឲ្យ​ព្រះ​អង្គ​សង្គ្រោះ​ប្រមូល​ផ្ដុំ នោះ  ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទី​មួយ សូម​គូសចំណាំ​សេចក្ដី​ណែនាំ​ដែល​បង្ហាញ​អំពី​របៀប​មួយ​ដែល​យើង​អាច​បង្ហាញ​ដល់​ព្រះអង្គ​សង្គ្រោះ​ថា យើង​យល់​ព្រម​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ប្រមូល​ផ្ដុំ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« [ ព្រះអង្គសង្គ្រោះ ] បាន​មាន​បន្ទូល​ជាច្រើន​ដង​ថា ទ្រង់​នឹង​ប្រមូល​យើង​ទៅ​រក​ទ្រង់ ដូចជា​មេមាន់​ប្រមូល​កូន​វា​នៅក្រោម​ស្លាប​ដូច្នោះ​ដែរ ។ ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​ត្រូវតែ​ជ្រើស​មក​រក​ទ្រង់​ដោយ​មាន​ចិត្ត​ទន់ទាប និង សេចក្ដី​ជំនឿ​គ្រប់គ្រាន់​ទៅ​លើ​ទ្រង់​ដើម្បី​នឹង​ប្រែចិត្ត ‹ ដោយ​អស់​ពី​បំណង​នៃ​ដួង​ចិត្ត › [ នីហ្វៃទី៣ ១០:៦ ] ។

« របៀប​មួយ​ដើម្បី​ធ្វើ​ដូច្នោះ​គឺ ការ​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ សូម​ទៅ​ការប្រជុំ​របស់​អ្នក សូម្បី​តែ​វា​មាន​ភាពលំបាក​ក្ដី ។ ប្រសិនបើ​អ្នក​ប្ដេជ្ញាចិត្ត នោះ​ទ្រង់​នឹង​ជួយ​អ្នក​រកឃើញ​កម្លាំង​ដើម្បី​ធ្វើ​កិច្ចការ​នេះ » ( « In the Strength of the Lord » EnsignLiahona ខែ ឧសភា ឆ្នាំ​ ២០០៤ ទំព័រ ១៨ ) ។

សូម​សម្រេចចិត្ត​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ប្រមូល​ផ្ដុំ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ដើម្បី​អ្នក​អាច​បន្ត​ទទួល​បាន​ការមើលថែ និង​ការការពារ​ពី​ទ្រង់ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ២៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការ​យល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖