បណ្ណាល័យ
មេរៀន​ទី ៦ ថ្ងៃ​ទី ៣ ៖ ម៉ាថាយ ២៥


មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ៣

ម៉ាថាយ ២៥

សេចក្ដីផ្ដើម

នៅ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​តែ​ពួក​សិស្ស​របស់​ទ្រង់​នៅ​លើ​ភ្នំ​ដើម​អូលីវ​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ទ្រង់​បាន​បង្រៀន​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​ស្ត្រី​ព្រហ្មចារី​ទាំង​ដប់​នាក់ ។ ទ្រង់​ក៏​បាន​ពន្យល់​ផងដែរ​ថា ទ្រង់​នឹង​ញែក​មនុស្ស​សុចរិត​ចេញ​ពី​មនុស្ស​ទុច្ចរិត នៅ​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត ។

ម៉ាថាយ ២៥:១-១៣

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​ស្ត្រី​ព្រហ្មចារី​ទាំង​ដប់​នាក់

សូម​ស្រមៃ​ថាតើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិនបើ​អ្នក​គឺ​ជា​យុវជន​នៅ​ក្នុង​រឿង​ខាង​ក្រោម​ដែល​តំណាល​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​បាន​ឮ​យុវជន​ម្នាក់​នេះ​បាន​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​បាន​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ការប្រជុំ​ថ្លែងទីបន្ទាល់ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« គាត់ … បាន​ប្រាប់​អំពី​ពេល​ដែល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​ដើរ​លេង​ជា​គូ ដែល​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​គាត់​ត្រូវ​បាន​តែងតាំង​ជា​អែលឌើរ​នៅ​អាយុ ១៨ ឆ្នាំ ។ មាន​អ្វី​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ការដើរលេង​ជាគូ​នេះ ដែល​ធ្វើ​ឲ្យ​គាត់​ពុំ​មាន​មោទភាព​ចំពោះ​ខ្លួន​គាត់​នោះ​ទេ ។ គាត់​ពុំ​បាន​អធិប្បាយ​ល្អិតល្អន់ ហើយ​គាត់​ក៏​មិន​គួរ​និយាយ​អ្វីៗ​បែបនោះ​នៅ​មុខ​មហាជន​ឡើយ ។ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​មិន​បាន​ដឹង​អំពី​រឿង​ពិត​នៃ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​វា​ពិតជា​សំខាន់​ចំពោះ​គាត់ ដែល​បាន​ប៉ះ​ទង្គិច​ដល់​វិញ្ញាណ​របស់​គាត់ និង ការឲ្យ​តម្លៃ​លើ​ខ្លួន​ឯង ។

« ខណៈ​ដែល​គាត់​កំពុង​អង្គុយ​នៅ​ក្នុង​ឡាន​មួយ​សន្ទុះ លើ​ផ្លូវ​ទៅ​ផ្ទះ​របស់​គាត់ ដោយ​គិត​អំពី​រឿង​រ៉ាវ​នានា និង មាន​អារម្មណ៍​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង នោះ​ម្តាយ​របស់​គាត់​ដែល​មិនមែន​សមាជិក បាន​រត់​ចេញ​មក​ពី​ផ្ទះ ដោយ​តម្រង់​ទៅ​កាន់​ឡាន​របស់​គាត់​ទាំង​ក្តី​បារម្ភ ។ ភ្លាម​នោះ ម្តាយ​រូប​នេះ បាន​និយាយ​ប្រាប់​ថា ប្អូន​ប្រុស​របស់​យុវជន​ម្នាក់​នេះ ដែល​ទើប​តែ​បាន​ដួល​នៅ​ក្នុង​ផ្ទះ បាន​ប៉ះ​ទង្គិច​ក្បាល​យ៉ាង​ខ្លាំង ហើយ​បាន​ប្រកាច់ និង កន្ត្រាក់​ផង​ដែរ ។ ឪពុក​ដែល​មិនមែន​ជា​សមាជិក​នោះ បាន​ទូសព្ទ​ហៅ​ឡាន​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​វា​បាន​ចំណាយ​ពេល​ច្រើន​ទម្រាំ​មក​ដល់​ដើម្បី​ជួយ​សង្គ្រោះ ។

« ម្តាយ​រូប​នោះ​បាន​ស្រែក​យំ​ថា ‹ សូម​មក​នេះ ហើយ​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ › ។ ‹ តើ​ពុំ​មាន​អ្វី​ដែល​កូន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​របស់​កូន​នៅ​ចំ​ពេល​បែប​នេះ​ទេ​ឬ ? កូន​មាន​បព្វជិតភាព​របស់​ពួកគេ ។ សូម​មក​នេះ ហើយ​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ › ។ …

« … នៅ​ពេល​យប់​នេះ នៅពេល​មនុស្ស​ម្នាក់​ដែល​គាត់​ស្រឡាញ់​យ៉ាង​ខ្លាំង​ត្រូវការ​សេចក្តី​ជំនឿ និង កម្លាំង​របស់​គាត់ នោះ​យុវជន​រូប​នេះ​ពុំ​អាច​ឆ្លើយ​តប​បាន​ឡើយ ។ ដោយ​បាន​ផ្តល់​នូវ​អារម្មណ៍​ដែល​គាត់​ទើប​តែ​បាន​ពុះពារ និង អារម្មណ៍​រវើរវាយ​ចំពោះ​អ្វី​ដែល​គាត់​ទើប​តែ​បាន​ប្រព្រឹត្ត—មិន​ថា​អ្វី​នោះទេ—គាត់​មិន​អាច​ឲ្យ​ខ្លួន​របស់​គាត់ ទៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​អំពាវ​នាវ​សូម​ពរជ័យ​ដែល​ត្រូវការ​បាន​ឡើយ » ( « The Confidence of Worthiness » Liahona ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៥៨–៥៩ ) ។

តើ​អ្នក​នឹង​គិត​ដូចម្ដេច ប្រសិនបើ​អ្នក​ជា​យុវជន​នោះ​ហើយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ ? ហេតុអ្វី​បាន​ជា​វា​សំខាន់​ដែល​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច ?

ម៉ាថាយ ២៥ គឺ​ជា​ការបន្ត​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​លើ​ភ្នំ​ដើម​អូលីវ ហើយ​ការបង្រៀន​នោះ​រួម​បញ្ចូល​ទាំង​រឿង​ប្រៀប​ប្រដូច​ចំនួន​បី ដែល​បង្រៀន​អំពី​របៀប​ត្រៀមខ្លួន​ជួប​ព្រះអម្ចាស់​នៅ​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត ។

កាល​ទ្រង់​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ( សូម​មើល ម៉ាថាយ ២៤ ) ។ តាមរយៈ​រឿង​ប្រៀប​ប្រដូច​អំពី​ស្ត្រី​ព្រហ្មចារី​ដប់​នាក់ ព្រះយេស៊ូវ​បាន​បង្រៀន​ថា យើង​ត្រូវតែ​ត្រៀម​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

រូបភាព
ស្ត្រី​ព្រហ្មចារី​ល្ងង់ និង ស្ត្រី​ព្រហ្មចារី​មាន​គំនិត​ជាមួយ​នឹង​ចង្កៀង

សូម​អាន ម៉ាថាយ ២៥:១–៤ ដោយ​ស្វែងរក​កត្តា​សំខាន់ៗ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

យោង​តាម​ទំនៀមទម្លាប់​នៃ​អាពាហ៍ពិពាហ៍​របស់​សាសន៍​យូដា កូនប្រុស ឬ « កូន​កម្លោះ អម​ដំណើរ​ដោយ​មិត្ត​ជិតស្និទ្ធ​របស់​ខ្លួន ទៅ​ផ្ទះ​កូន​ក្រមុំ​នៅ​ពេល​យប់ ។ បន្ទាប់​ពី​ពិធី​អាពាហ៍ពិពាហ៍​បាន​បញ្ចប់​ទៅ ពិធី​ទទួល​ភោជនាហារ​នឹង​ធ្វើ​ឡើង​នៅ​ផ្ទះ​កូន​ប្រុស ។ ភ្ញៀវ​ដែល​មក​ចូលរួម​ត្រូវ​មាន​ចង្កៀង ឬ​ចន្លុះ » ដើម្បី​បង្ហាញ​ថា​ពួកគេ​ជា​ផ្នែក​មួយ​នៃ​ពិធី​ជប់លៀង​សម្រាប់​អាពាហ៍ពិពាហ៍​នេះ និង​ដើម្បី​បន្ថែម​ពន្លឺ ព្រមទាំង​ភាពស្រស់បំព្រង​ដល់​ឱកាស​នោះ ( New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៧៨ ) ។

សូម​អាន​ដំណើររឿង​បញ្ចប់​នៃ​រឿងប្រៀប​ប្រដូច​នេះ​នៅ​ក្នុង ម៉ាថាយ ២៥:៥–១៣ ដោយ​ស្វែងរក​អ្វី​ដែល​ស្ត្រី​ព្រហ្មចារី​មាន​គំនិត​ទាំង​ប្រាំ​នាក់​បាន​ធ្វើ និង អ្វី​ដែល​ស្ត្រី​ព្រហ្មចារី​ល្ងង់​ទាំង​ប្រាំ​នាក់​បាន​ធ្វើ ។

ជំនួស​ដោយ​ការអាន ម៉ាថាយ ២៥:៥–១៣ អ្នក​អាច​ទស្សនា​វីដេអូ « They That Are Wise » ( កូដ​ពេលវេលា ០:០០–៥:៤៦ ) ដែល​បង្ហាញ​អំពី​រឿង​ប្រៀប​ប្រដូច​នៃ​ស្ត្រី​ព្រហ្មចារី​ទាំងដប់​នាក់ ។ វីដេអូ​នេះ​មាន​នៅ​លើ​គេហទំព័រ LDS.org ។ នៅ​ពេល​ទស្សនា​វីដេអូ​នេះ សូម​រកមើល​អ្វី​ដែល​ស្ត្រី​ព្រហ្មចារី​មាន​គំនិត​ទាំង​ប្រាំ​នាក់​បាន​ធ្វើ និង អ្វី​ដែល​ស្ត្រី​ព្រហ្មចារី​ល្ងង់​ទាំង​ប្រាំ​នាក់​បាន​ធ្វើ ។

សូម​ពិចារណា​អំពី​កត្តា​សំខាន់ៗ​ខាង​ក្រោម​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ រួច​សរសេរ​ថាតើ​អ្នក​គិត​ថា​កត្តា​នីមួយៗ​ទាំងនេះ​តំណាង​ឲ្យ​អ្វី​ខ្លះ ៖

កូន​កម្លោះ

ស្ត្រី​ព្រហ្មចារី​មាន​គំនិត

ស្ត្រី​ព្រហ្មចារី​ល្ងង់

ចង្កៀង

ប្រេង

ឃ្លា « តែ​ដោយ​ព្រោះ​ប្ដី​មក​ » ( ម៉ាថាយ ២៥:៥ ) និង « លុះ​ដល់​កណ្ដាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សំរែក » ( ម៉ាថាយ ២៥:៦ ) សំដៅ​ទៅ​លើ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​រៀន អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​ចេញ​ពី​ឃ្លា​ទាំងនេះ ។ អ្នក​អាច​នឹង​ចង់​សរសេរ​ពាក្យ ព្រះយេស៊ូវគ្រីស្ទ នៅ​លើ​គែម​ព្រះគម្ពីរ​ក្បែរ ខទី ៥–៦ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់ បាន​បង្រៀន​ថាតើ​ស្ត្រី​ព្រហ្មចារី​ទាំង​ដប់​នាក់​តំណាង​ឲ្យ​នរណា ៖ « ស្ត្រី​ព្រហ្មចារី​ទាំង​ដប់​នាក់ តំណាង​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ដ្បិត​សមាជិក​ទាំងអស់​គ្នា​ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួល​ភោជនាហារ ហើយ​សមាជិក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ នៅ​ពេល​កូនកម្លោះ​បាន​មក​ដល់ ។ ប៉ុន្តែ​មាន​តែ​សមាជិក​ពាក់​កណ្ដាល​ប៉ុណ្ណោះ ដែល​ត្រៀមខ្លួន​ជា​ស្រេច នៅ​ពេល​កូន​កម្លោះ​បាន​មក​ដល់​នោះ » ( «Preparation for the Second Coming» EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

អ្នក​អាច​នឹង​ចង់​សរសេរ​ពាក្យ សមាជិក​នៃ​សាសនាចក្រ នៅ​លើ​គែម​ព្រះគម្ពីរ​ក្បែរ ម៉ាថាយ ២៥:១–២ ។

សូម​រំឭក ម៉ាថាយ ២៥:៨–៩ ឡើង​វិញ រួច​ពិចារណា​អំពី​មូលហេតុ​ដែល​ស្ត្រី​ព្រហ្មចារី​មាន​គំនិត ពុំ​ចែក​ប្រេង​របស់​ខ្លួន​ឲ្យ​ទៅ​ស្ត្រី​ព្រហ្មចារី​ល្ងង់ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថាតើ​ប្រេង​តំណាង​ឲ្យ​អ្វី​ទៅ និង​ហេតុអ្វី​បាន​ជា​វា​ពុំ​អាច​ចែក​បាន ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ទង្វើ​បែប​នេះ​ពុំ​មែន​ជា​អត្តទត្ថភាព ឬ ការមិនមាន​សណ្ដានចិត្ត​នោះ​ទេ ។ ប្រេង​ដែល​យើង​ត្រូវការ​ដើម្បី​ស្វែងរក​ការដឹកនាំ និង បង្កើន​ចំណេះដឹង មិន​អាច​ចែកចាយ​បាន​ឡើយ ។ តើ​យើង​អាច​ចែកចាយ​ការ​គោរព​ប្រតិបត្តិ​ចំពោះ​គោលការណ៍​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ សេចក្ដី​រម្ងាប់​ទុក្ខ​ដែល​កើត​ចេញ​ពី​ការរស់នៅ​ដោយ​សុចរិតភាព ឬ ចែកចាយ​ភាពរីកចម្រើន​នៃ​ចំណេះដឹង បាន​យ៉ាង​ដូចម្ដេច​ទៅ ? តើ​បុគ្គល​ម្នាក់​អាច​ចែកចាយ​សេចក្ដីជំនឿ ឬ ទីបន្ទាល់​បាន​យ៉ាង​ដូចម្ដេច​ទៅ ? តើ​បុគ្គល​ម្នាក់​អាច​ចែកចាយ​ឥរិយាបថ ឬ បរិសុទ្ធភាព ឬ ចែកចាយ​បទពិសោធន៍​ក្នុង​បេសកកម្ម បាន​យ៉ាង​ដូចម្ដេច​ទៅ ? តើ​បុគ្គល​ម្នាក់​អាច​ចែកចាយ​អាទិភាព ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច​ទៅ ? បុគ្គល​ម្នាក់ៗ​ត្រូវ​តែ​មាន​ប្រេង​នោះ​ផ្ទាល់ខ្លួន ។ …

« ក្នុង​រឿង​ប្រដូច​នោះ ប្រេង​អាច​រក​ទិញ​បាន​នៅ​ឯ​ផ្សារ ។ នៅ​ក្នុង​ជីវិត​យើង ប្រេង​នៃ​ការត្រៀមខ្លួន​ជា​ស្រេច ស្រក់​មក​មួយ​តំណក់​ម្ដងៗ​តាមរយៈ​ការរស់នៅ​ដោយ​សុចរិត ។ … រាល់​ទង្វើ​នៃ​ការលះបង់ និង ការគោរព​ប្រតិបត្តិ​គឺជា​តំណក់​ប្រេង​មួយ​តំណក់​ដែល​បាន​បន្ថែម​ទៅ​ក្នុង​ចង្កៀង​របស់​យើង » ( Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ២៥៥–៥៦ ) ។

  1. សូម​ពិចារណា​ថាតើ​ប្រេង​តំណាង​ឲ្យ​អ្វី ។ សូម​រាយ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ទង្វើ​នៃ​ការលះបង់ និង ការ​គោរព​ប្រតិបត្តិ​នានា ដែល​អាច​បញ្ចប់​ប្រយោគ​ខាង​ក្រោម​នេះ ៖ ស្របតាម​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល អ្វី​មួយ​ដែល​ប្រេង​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​អាច​តំណាង​ឲ្យ​នោះ​គឺ …

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដីពិត​មួយ ដែល​យើង​អាច​រៀន​ចេញ​ពី​រឿង​ប្រៀបប្រដូច និង អនុសាសន៍​របស់​ប្រធាន ឃឹមបឹល ៖ យើង​ពុំ​អាច​ខ្ចី​ការត្រៀមខ្លួន​ខាង​វិញ្ញាណ​ពី​អ្នក​ដទៃ​បាន​ឡើយ ។ ភាពរួចរាល់​ខាង​វិញ្ញាណ​រួម​មាន ទីបន្ទាល់ ការប្រែចិត្តជឿ សេចក្តីជំនឿ និង អំណោយ​ផ្សេងៗ​ទៀត​ដែល​កើត​មាន​ដោយ​ផ្ទាល់ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ឥឡូវ​ខ្ញុំ​ចង់​ប្រើ​ការបកស្រាយ​មួយ​ដែល​អាច​កើត​មាន​ក្នុង​រឿង​ប្រៀបប្រដូច​អំពី​ស្ត្រី​ព្រហ្មចារី​ទាំង​ដប់​នាក់ ដើម្បី​បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ទីបន្ទាល់ និង ការប្រែចិត្តជឿ ។ ស្ត្រី​ព្រហ្មចារី​ដប់​នាក់​មាន​ប្រាំ​នាក់​មាន​គំនិត និង ប្រាំ​នាក់​ល្ងង់ បាន​យក​ចង្កៀង​របស់​គេ ហើយ​បាន​ទៅ​ជួប​កូន​កំលោះ ។ សូម​គិត​អំពី​ចង្កៀង ដែល​ពួក​ស្ត្រី​ព្រហ្មចារី​ប្រើ​ថា​ជា​ចង្កៀង​នៃ​ទីបន្ទាល់ ។ ស្ត្រី​ព្រហ្មចារី​ល្ងង់​បាន​យក​ចង្កៀង​នៃ​ទីបន្ទាល់​របស់​គេ តែ​ពុំ​បាន​យក​ប្រេង​ទៅ​ជាមួយ​ទេ ។ សូម​គិត​អំពី​ប្រេង​ថា​ជា​ប្រេង​នៃ​ការប្រែចិត្តជឿ ។ …

« តើ​ស្ត្រី​ព្រហ្មចារី​មាន​គំនិត​ទាំង​ប្រាំ​នាក់​មាន​ចិត្ត​កំណាញ់ និង​មិន​ចង់​ចែកចាយ ឬ​ក៏​ពួកគេ​កំពុង​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​ថា បេ្រង​នៃ​ការប្រែចិត្ត​ជឿ​មិន​អាច​ខ្ចី​បាន​នោះ​ទេ ? តើ​កម្លាំង​ខាង​វិញ្ញាណ​ដែល​ជា​លទ្ធផល​នៃ​ការ​គោរព​តាម​ព្រះបញ្ញត្តិ​ដោយ​ខ្ជាប់ខ្ជួន​អាច​ត្រូវបាន​ប្រគល់​ដល់​មនុស្ស​ផ្សេង​ទៀត​បាន​ដែរ​ឬ​ទេ ? តើ​ចំណេះដឹង​ដែល​ទទួល​បាន​តាមរយៈ​ការសិក្សា និង​ការ​សញ្ជឹង​គិត​ដោយ​ឧស្សាហ៍​លើ​ព្រះគម្ពីរ​នោះ​អាច​ត្រូវបាន​ចែក​រំលែក​ដល់​អ្នក​ដែល​ខ្វះខាត​ឬ ? តើ​សេចក្ដី​សុខសាន្ដ​នៃ​ដំណឹងល្អ​ដែល​នាំ​មក​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់ អាច​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​បុគ្គល​ម្នាក់​ដែល​បាន​ជួប​នឹង​ឧបសគ្គ ឬ​ការលំបាក​ដ៏​ខ្លាំង​បាន​ដែរ​ឬ​ទេ ? ចម្លើយ​ដ៏​ច្បាស់​អំពី​សំណួរ​ទាំងនេះ​នីមួយៗ​គឺ ទេ ។

« ដូច​ស្ត្រី​ព្រហ្មចារី​មាន​គំនិត​បាន​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ដែរ​ថា យើង​ម្នាក់ៗ​ត្រូវតែ ‹ ទិញ​សម្រាប់​ខ្លួន​យើង › ។ ស្ដ្រី​ដ៏​បំផុសគំនិត​ទាំងនេះ មិន​បាន​រៀបរាប់​អំពី​ការដោះដូរ​ជំនួញ​នោះ​ទេ ប៉ុន្ដែ​ពួកគេ​បាន​បញ្ជាក់​អំពី​ការ​ទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន​របស់​យើង​ក្នុង​ការរក្សា​ចង្កៀង​នៃ​ទីបន្ទាល់​របស់​យើង​ឲ្យ​នៅ​ឆេះ និង​ទទួល​បាន​ការផ្គត់ផ្គង់​ដ៏​ច្រើន​នៃ​ប្រេង​នៃ​ការប្រែចិត្ត​ជឿ ។ ប្រេង​ដ៏​មាន​តម្លៃ​នេះ​ត្រូវការ​មួយ​តំណក់​ម្ដងៗ — ‹ មួយ​បន្ទាត់​ម្ដងៗ [ ហើយ ] មួយ​សិក្ខាបទ​ម្ដងៗ › ( នីហ្វៃទី ២ ២៨:៣០ ) ប្រកប​ដោយ​ការអត់ធ្មត់ និង​ខ្ជាប់ខ្ជួន ។ គ្មាន​ផ្លូវ​កាត់​ទេ គ្មាន​ការត្រៀមខ្លួន​ភ្លាមៗ​នោះ​ទេ ។

« ‹ ហេតុដូច្នោះ​ហើយ ចូរ​មាន​ចិត្ត​ស្មោះត្រង់​ដោយ​អធិស្ឋាន​ជានិច្ច ដោយ​មាន​ចង្កៀង​បង្កាត់ ហើយ​ឆេះ ហើយ​មាន​ប្រេង​នៅ​ជាមួយ​អ្នក​ផង ដើម្បី​ឲ្យ​អ្នក​អាច​ប្រុងប្រៀប​ជា​ស្រេច​ក្នុង​កាល​ការយាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី › ( គ. និង ស. ៣៣:១៧ ) » ( « Converted unto the Lord » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​២០១២ ទំព័រ ១០៩ ) ។

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដីពិត​មួយ​ទៀត ដែល​យើង​អាច​រៀន​ចេញ​ពី​រឿង​ប្រៀបប្រដូច​នេះ ៖ យើង​ត្រៀម​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​ដោយ​ការពង្រឹង​ទីបន្ទាល់ និង ការប្រែចិត្តជឿ​របស់​យើង​តាមរយៈ​សេចក្ដី​សុចរិត​ប្រចាំ​ថ្ងៃ ។

រូបភាព
oil lamp
  1. សូម​គូរ​រូប​ចង្កៀង​ប្រេង​ដ៏​ធំ​មួយ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ចងចាំ​ក្នុង​គំនិត​របស់​អ្នក​ថា ប្រេង​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​តំណាង​ឲ្យ​ការត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ សូម​រាយ​បញ្ជី​នៅ​ក្នុង​រូប​ចង្កៀង​នៃ​របៀប​ដែល​អ្នក​អាច​បន្ថែម « ប្រេង » ទៅ​ក្នុង « ចង្កៀង » របស់​អ្នក ។ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន សូម​ចែកចាយ​គំនិត​របស់​អ្នក​ជាមួយ​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ រួច​សួរ​ថាតើ​ពួកគេ​នឹង​ផ្ដល់​យោបល់​អ្វី​ខ្លះ​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​របស់​អ្នក ។

ដើម្បី​យល់​អំពី​របៀប​ផ្សេង​ទៀត​ដែល​អ្នក​អាច​ប្រមូល​ប្រេង​មួយ​ដំណក់​ម្ដងៗ​តាមរយៈ​ការរស់នៅ​ដោយ​សុចរិត អ្នក​អាច​ទស្សនា​វគ្គ​បញ្ចប់​នៃ​វីដេអូ « They That Are Wise » ( កូដ​ពេលវេលា ៥:៤៦–៨:៤៤ ) ។ នៅ​ពេល​អ្នក​ទស្សនា​វីដេអូ​នេះ សូម​សរសេរ​បញ្ចូល​ទៅ​ក្នុង​បញ្ជី​យោបល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

នៅ​ក្នុង​វិវរណៈ​សម័យ​ទំនើប ព្រះអម្ចាស់​បាន​បញ្ជាក់​ថា « នៅ​ថ្ងៃ​នោះ [ ការយាង​មក​ជា​លើក​ទី​ពីរ ] ក្នុង​កាល​ដែល​យើង​នឹង​យាង​មក ដោយ​នូវ​សិរី​ល្អ​របស់​យើង នោះ​ពាក្យ​ប្រៀប​ប្រដូច​នឹង​ត្រូវ​បាន​សម្រេច ​ដែល​យើង​បាន​មាន​បន្ទូល​ពី​ស្រី​ព្រហ្មចារី​ដប់​នាក់ » ( គ. និង ស. ៤៥:៥៦ ) ។

សូម​អាន ម៉ាថាយ ២៥:១០–១២ ដោយ​ស្វែងរក​អ្វី​ដែល​កូនកម្លោះ​បាន​ថ្លែង​ទៅ​កាន់​ស្ត្រី​ព្រហ្មចារី​ល្ងង់ ។ វា​អាច​នឹង​មាន​ប្រយោជន៍​ដែល​ត្រូវ​ដឹង​ថា ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ បញ្ជាក់​យ៉ាង​ច្បាស់​ថា​កូន​កំលោះ​បាន​ថ្លែង​ថា « ខ្ញុំ​មិន​ស្គាល់​នាង​ទេ » ( ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៥:១១ [ នៅ​ក្នុង ម៉ាថាយ ២៥:១២ លេខ​យោង  ] ) ។

តើ​សេចក្ដី​ថ្លែង​ថា « ខ្ញុំ​មិន​ស្គាល់​នាង​ទេ » ប្រាប់​យើង​អ្វី​ខ្លះ​អំពី​ស្ត្រី​ព្រហ្មចារី​ល្ងង់ ? តើ ការស្គាល់ ព្រះអម្ចាស់ ខុស​ពី​ការគ្រាន់តែ ដឹង​អំពី ទ្រង់​យ៉ាង​ដូចម្ដេច ? ( សូម​មើល យ៉ូហាន ១៧:៣ ) ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ដើម្បី​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការយាងមក​របស់​ព្រះអម្ចាស់ ហើយ​មាន​ភាពសក្ដិសម​ឈរ​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ យើង​ត្រូវតែ​មក​ស្គាល់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​បាន​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ច្បាស់​ជាង​មុន​តាម​របៀប​ណា ?

    2. តើ​ការស្គាល់​ព្រះអង្គ​សង្គ្រោះ មាន​ឥទ្ធិពល​លើ​ការត្រៀមខ្លួន​ជា​ស្រេច​ខាង​វិញ្ញាណ​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

បន្ត​ដំណើររឿង​នៅ​ដើម​មេរៀន—អំពី​យុវជន​អ្នក​កាន់​បព្វជិតភាព​ដែល​មិន​បាន​ត្រៀមខ្លួន​នៅ​ក្នុង​គ្រា​ចាំបាច់​នោះ—អែលឌើរ ហូឡិន បាន​រៀបរាប់​ថា យុវជន​នោះ​បាន​ប្រញាប់ប្រញាល់​ទៅ​ផ្ទះ​របស់​បុរស​ចំណាស់​ម្នាក់​នៅ​ក្នុង​វួដ​របស់​ខ្លួន​ដែល​រស់នៅ​ក្បែរ​ផ្ទះ​គាត់ ។ បុរស​ចំណាស់​នោះ​បាន​ប្រសិទ្ធពរ​ឲ្យ​ប្អូន​ប្រុស​យុវជន​នោះ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​គាត់​មាន​ភាពនឹងនរ​រហូត​ដល់​វេជ្ជបណ្ឌិត​ជំនួយ​បាន​មក​ដល់ ។ អែលឌើរ ហូឡិន បាន​បន្ដ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ក្រោយ​មក អ្នក​ត្រឡប់​មក​ពី​ផ្សព្វផ្សាយ​សាសនា​ដែល​ខ្ញុំ​និយាយ​ដល់​នោះ បាន​ថ្លែង​ដូចនេះ ៖ ‹ គ្មាន​នរណា​ម្នាក់​ដែល​មិន​ធ្លាប់​ប្រឈម​មុខ ដូច​អ្វី​ដែល​ខ្ញុំ​ប្រឈម​មុខ​នៅ​យប់​នោះ ដែល​នឹង​ដឹង​អំពី​ក្តី​អាម៉ាស់​ដែល​ខ្ញុំ​បាន​មាន និង ក្តី​សោកសៅ​ដែល​ខ្ញុំ​ទ្រាំទ្រ​ចំពោះ​អារម្មណ៍​ដែល​គ្មាន​ភាពសក្តិសម​ក្នុង​ការប្រើ​បព្វជិតភាព​ដែល​ខ្ញុំ​កាន់​នោះ​ទេ ។ នេះ​គឺ​ជា​អនុស្សាវរីយ៍​ដែល​កាន់តែ​ឈឺចាប់​សម្រាប់​ខ្ញុំ ដោយសារ​វា​គឺ​ជា​ប្អូន​ប្រុស​តូច​របស់​ខ្ញុំ​ផ្ទាល់ ដែល​ត្រូវការ​ខ្ញុំ និង ឪពុកម្តាយ​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ដែល​មិនមែន​ជា​សមាជិក​ដែល​មាន​ការភ័យខ្លាច​យ៉ាង​ខ្លាំង​នោះ ហើយ​ដែល​មាន​ការរំពឹងទុក​ខ្ពស់​ពី​រូប​ខ្ញុំ ។ គាត់​បាន​និយាយ​ថា ‹ ប៉ុន្តែ កាល​ខ្ញុំ​ឈរ​នៅ​ចំពោះ​មុខ​អ្នក​ទាំងអស់​គ្នា​ថ្ងៃ​នេះ នោះ​ខ្ញុំ​អាច​សន្យា​នឹង​អ្នក​ចំពោះ​រឿង​នេះ ។ ‹ ខ្ញុំ​មិន​ល្អ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​ចាប់តាំង​ពី​យប់​នោះ​មក ខ្ញុំ​មិន​ធ្លាប់​ធ្វើ​អ្វី​ដែល​ឲ្យ​ខ្លួន​ខ្ញុំ​ចាកចេញ​ពី​ការទៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះអម្ចាស់ ជាមួយ​ទំនុកចិត្ត ហើយ​អធិស្ឋាន​ទូល​សុំ​ជំនួយ​ពី​ទ្រង់​នៅ​ពេល​ចាំបាច់​ឡើយ ។ គាត់​ទទួល​ស្គាល់​ថា ‹ ភាពសក្តិសម​ផ្ទាល់ខ្លួន គឺ​ជា​សង្គ្រាម​មួយ​នៅ​ក្នុង​ពិភពលោក​នេះ ដែល​យើង​រស់នៅ ប៉ុន្តែ​វា​គឺ​ជា​សង្គ្រាម​មួយ​ដែល​ខ្ញុំ​មាន​ជ័យជម្នះ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ម្រាម​ដៃ​នៃ​ការកាត់ទោស​ចង្អុល​មក​កាន់​ខ្ញុំ​ម្តង​នៅ​ក្នុង​ជីវិត​ខ្ញុំ ហើយ​ប្រសិនបើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​នោះ ខ្ញុំ​គ្មាន​បំណង​ទទួល​អារម្មណ៍​បែប​នេះ​ម្តង​ទៀត​ឡើយ ។ គាត់​បាន​បញ្ចប់​ថា ‹ ហើយ​ប្រាកដ​ណាស់ ខ្ញុំ​អាច​ធ្វើ កិច្ចការ​ទាំងនោះ​បាន គ្រប់​យ៉ាង › » ( « The Confidence of Worthiness » ទំព័រ ៥៩ ) ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ត្រៀមខ្លួន​ខាង​វិញ្ញាណ​សម្រាប់​ការយាងមក​របស់​ព្រះអម្ចាស់ ។ អ្នក​អាច​គូស​រង្វង់​លើ​សកម្មភាព​មួយ ឬ ពីរ​ដែល​អ្នក​បាន​រាយ​ក្នុង​បញ្ជី​នៅ​ក្នុង​រូប​ចង្កៀង រួច​ដាក់​គោលដៅ​ដើម្បី​អនុវត្ត​ទៅ​តាម​របៀប​ដែល​នឹង​បង្កើន​ការត្រៀមខ្លួន​ជា​ស្រេច​ខាង​វិញ្ញាណ​របស់​អ្នក ។

ម៉ាថាយ ២៥:១៤-៤៦

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​នូវ​រឿង​ប្រៀបប្រដូច​ស្ដីពី​ប្រាក់​ពាន់ និង ស្ដីពី​ចៀម និង ពពែ

ប្រសិនបើ​ឪពុកម្ដាយ​របស់​អ្នក​ដើរ​ចូល​ក្នុង​បន្ទប់​អ្នក ហើយ​ផ្ដល់​ប្រាក់​មួយ​ចំនួន​ធំ តើ​អ្នក​នឹង​ធ្វើ​អ្វី​ជាមួយ​ប្រាក់​ទាំងនោះ ?

នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​បន្ត​បង្រៀន​ពួក​សិស្ស​ទ្រង់​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ ទ្រង់​បាន​តំណាល​រឿង​ប្រៀបប្រដូច​អំពី​ប្រាក់ ។ នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ មាន​បុរស​ម្នាក់​ដែល​ហៀប​នឹង​ចេញ​ពី​ស្រុក​ទៅ​បាន​ប្រគល់​ប្រាក់​ដល់​បាវ​បម្រើ​ទាំង​បី​នាក់ ៖ បាវ​បម្រើ​ទី​មួយ​ប្រាំ​ពាន់ បាវ​បម្រើ​ទី​ពីរ​បាន​ពីរ​ពាន់ ឯ​បាវ​បម្រើ​ទី​បី​បាន​មួយ​ពាន់ ។ ( ប្រាក់​ពាន់​គឺ​ជា​ចំនួន​ទឹក​ប្រាក់ ) ។

រូបភាព
កាក់​បុរាណ

សូម​អាន ម៉ាថាយ ២៥:១៦–១៨ ដោយ​ស្វែងរក​ថាតើ​បាវ​បម្រើ​បាន​ធ្វើ​អ្វី​ខ្លះ​ជាមួយ​ប្រាក់​របស់​ពួកគេ ។

នៅ​ក្នុង ម៉ាថាយ ២៥:១៩–២៣ យើង​រៀន​ថា នៅ​ពេល​ចៅហ្វាយ​បាន​ត្រឡប់​មក​វិញ គាត់​បាន​ឲ្យ​ពួក​បាវបម្រើ​របស់​គាត់​រាយការណ៍​ថាតើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ​ជាមួយ​ប្រាក់​របស់​ពួកគេ ។ បាវបម្រើ​ដែល​មាន​ប្រាក់​ប្រាំ​ពាន់ និង ពីរ​ពាន់ បាន​ប្រើ​ប្រាក់​នោះ​ដើម្បី​បាន​ចំណេញ​ទ្វេ​ដង​លើ​ប្រាក់​របស់​ចៅហ្វាយ​ខ្លួន ។ ប៉ុន្តែ​បាវ​បម្រើ​ដែល​មាន​ប្រាក់​មួយ​ពាន់​បាន​កប់​ប្រាក់​នោះ​ចោល ហើយ​ជា​លទ្ធផល​ពុំ​បង្កើន​ប្រាក់​ចំណេញ​ឲ្យ​ចៅហ្វាយ​ខ្លួន​ឡើយ ។

សូម​អាន ម៉ាថាយ ២៥:២៤-២៥ ដោយ​ស្វែងរក​មូលហេតុ​ដែល​បាវ​បម្រើ​នោះ​បាន​កប់​ប្រាក់​ចោល ។

នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ប្រាក់​ពាន់​អាច​ប្រដូច​ទៅ​នឹង​អំណោយទាន ឬ សមត្ថភាព​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង ។ ការភ័យខ្លាច​អាច​រារាំង​យើង​មិន​ឲ្យ​ប្រើ​អំណោយទាន និង​សមត្ថភាព​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។

តើ​អ្នក​គិត​ថា​អ្វី​នឹង​កើតឡើង ប្រសិនបើ​យើង​ពុំ​អភិវឌ្ឍ​អំណោយទាន និង សមត្ថភាព​នានា​របស់​យើង​ដោយសារតែ​មាន​ការភ័យខ្លាច​នោះ ?

សូម​អាន ម៉ាថាយ ២៥:២៦–៣០ ដើម្បី​ស្វែងរក​ថាតើ​អ្វី​បាន​កើតឡើង​ចំពោះ​បាវបម្រើ​ដែល​មិន​បាន​ប្រាក់​ចំណេញ​នោះ ។

សេចក្ដីពិត​ដែល​យើង​អាច​រៀន​ចេញ​ពី​រឿងប្រៀប​ប្រដូច​នេះ​គឺ​ថា ប្រសិនបើ​យើង​មិន​អភិវឌ្ឍ ហើយ​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​របស់​យើង​សម្រាប់​សេចក្ដី​ល្អ​ទេ នោះ​យើង​នឹង​បាត់បង់​វា ។

សូម​គិត​អំពី​របៀប​មួយ​ចំនួន ដែល​អ្នក​អាច​ប្រើ​អំណោយទាន និង​សមត្ថភាព​នានា​របស់​អ្នក ដើម្បី​ពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ទេពកោសល្យ​មួយ​ដែល​អ្នក​អាច​ប្រើ​គឺ ទីបន្ទាល់​របស់​អ្នក ( សូម​មើល គ. និង ស. ៦០:២–៣ ) ។ សូម​គិត​ដល់​ការដាក់​ផែនការ​មួយ ដើម្បី​ប្រើ ហើយ​អភិវឌ្ឍ​អំណោយទាន និង ទេពកោសល្យ​នានា​របស់​អ្នក​ដោយ​មាន​ចិត្ត​ស្មោះត្រង់ ។

រូបភាព
ពពែ​ស៊ីស្មៅ​ក្នុង​ចំណោម​ចៀម

នៅ​ក្នុង ម៉ាថាយ ២៥:៣១–៤៦ យើង​រៀន​ថា នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ព្រះយេស៊ូវ​នឹង​ញែក​ពួក​សុចរិត​ចេញ​ពី​ពួក​ទុច្ចរិត ដូចគ្នា​ទៅ​នឹង​របៀប​ដែល​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ ។ តើ​ព្រះអម្ចាស់​សម្គាល់​រវាង​ជន​ដែល​ស្រឡាញ់​ទ្រង់ ( កូនចៀម ) និង​ជន​ដែល​មិន​ស្រឡាញ់​ទ្រង់ ( សត្វ​ពពែ ) បាន​យ៉ាង​ដូចម្ដេច ?

សូម​អាន ម៉ាថាយ ២៥:៤០ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន អំពី​របៀប​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ទ្រង់ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​ថា នៅ​ពេល​យើង​ស្រឡាញ់ ហើយ​បម្រើ​មនុស្ស​ដទៃ គឺ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​យើង​ចំពោះ​ព្រះអម្ចាស់ ។

ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ព្រះអម្ចាស់ គឺ​តាមរយៈ​ការបម្រើ និង ការស្រឡាញ់​ដល់​មនុស្ស​ទូទៅ សូម​ទស្សនា​វីដេអូ « The Coat » ដែល​បរិយាយ​អំពី​ព្រឹត្តិការណ៍​មួយ ចេញ​ពី​កុមារភាព​របស់​ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ។ នៅ​ពេល​អ្នក​ទស្សនា សូម​ស្វែងរក​បុគ្គល​ដែល​ក្មេងប្រុស និង ម្ដាយ​រូប​នេះ​បាន​បម្រើ ។

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទូទៅ កាល​ពី ២៤ ម៉ោង​មុន ។ សូម​ពិចារណា​ថាតើ​អ្នក​នឹង​ជ្រើស​ធ្វើ​ឲ្យ​ខុស​ពី​មុន​ឬ​ទេ ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដដែល​នេះ​នៅ​ពេល​អនាគត ។ អំឡុង​ពេល ២៤ ម៉ោង​ក្រោយ សូម​ស្វែងរក​ឱកាស​ដើម្បី​ធ្វើតាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បម្រើ​មនុស្ស​ទូទៅ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ២៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការ​យល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖