បណ្ណាល័យ
មេរៀន​ទី ៦ ថ្ងៃ​ទី ៤ ៖ ម៉ាថាយ ២៦:១-៣០


មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ៤

ម៉ាថាយ ២៦:១-៣០

សេចក្តីផ្តើម

ពីរ​ថ្ងៃ​មុន​ថ្ងៃ​បុណ្យ​រំលង យូដាស​រួម​គំនិត​នឹង​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ដែល​មាន​បំណង​ចង់​ធ្វើ​គុត​ព្រះយេស៊ូវ ។ នៅ​យប់​នៃ​បុណ្យ​រំលង ព្រះយេស៊ូវ​បាន​ណែនាំ​អំពី​ពិធី​សាក្រាម៉ង់ ។

ម៉ាថាយ ២៦:១-១៦

យូដាស​រួម​គំនិត​នឹង​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ដែល​មាន​បំណង​ចង់​ធ្វើ​គុត​ព្រះយេស៊ូវ

តើ​អ្នក​ធ្លាប់​មើល​ភាពយន្ត ឬ​អាន​រឿង​ដែល​មាន​តួអង្គ​ត្រូវគេ​ក្បត់​ដែរ​ឬ​ទេ ? ហេតុអ្វី​បាន​ជា​តួអង្គ​នោះ​ត្រូវគេ​ក្បត់ ? តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្ដេច ប្រសិនបើ​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​អ្នក​ក្បត់​អ្នក​នោះ ? នៅ​ពេល​អ្នក​អាន​អំពី​វេលា​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ សូម​ចងចាំ​ថា ទ្រង់​ត្រូវ​មិត្ត​ជិតស្និទ្ធ​ម្នាក់​ក្បត់ ។

រូបភាព
ការលាប​ឈាម​លើ​ទ្វារ​ផ្ទះ​នៅ​អេសីព្ទ

សម្រាប់​ពួក​អ៊ីស្រាអែល​បូរាណ សប្ដាហ៍​បុណ្យ​រំលង​គឺ​ជា​សប្ដាហ៍​សំខាន់​ជាង​គេ​ប្រចាំ​ឆ្នាំ ។ « ការ​ទទួល​ទាន​បុណ្យ​រំលង​ត្រូវបាន​តាំង​ឡើង [ នៅ​សម័យ​ម៉ូសេ ] ដើម្បី​ជួយ​រំឭក​កូនចៅ​អ៊ីស្រាអែល អំពី​គ្រា​ដែល​ទេវតា​បំផ្លាញ​បាន​បង្ហួស​ផ្ទះ​របស់​ពួកគេ ហើយ​បាន​រំដោះ​ពួកគេ​ចេញ​ពី​កណ្ដាប់​ដៃ​ពួក​អេស៊ីព្ទ [ សូម​មើល និក្ខមនំ ១២:២១–២៨; ១៣:១៤–១៥ ] » ។ ជា​ផ្នែក​នៃ​បុណ្យ​រំលង ពួក​អ៊ីស្រាអែល​បាន​បូជា​ចៀម​មួយ​ក្បាល​ហើយ​យក​ឈាម​វា​ទៅ​លាប​នៅ​លើ​មាត់​ទ្វារ​របស់​ពួកគេ ។ « ឈាម​កូនចៀម​ដែល​ឥតខ្ចោះ​ទាំង​ប៉ុន្មាន ត្រូវបាន​យក​មក​ប្រើ​ជា​ទីសម្គាល់​សម្រាប់​ជួយ​សង្គ្រោះ​ពួក​អ៊ីស្រាអែល​ពី​បូរាណ នោះ​គឺ​ជា​និមិត្តរូប​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​កូនចៀម​នៃ​ព្រះ រីឯ​ការបូជា​របស់​ទ្រង់​នោះ​បាន​ប្រោសលោះ​មនុស្ស​លោក​ទាំងអស់ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « បុណ្យរំលង » scriptures.lds.org ) ។

សូម​អាន ម៉ាថាយ ២៦:១-២ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​នឹង​កើតឡើង​នៅ​បន្ទាប់​ពី​បុណ្យរំលង ។

បន្ទាប់​មក​សូមអាន ម៉ាថាយ ២៦:៣–៥ ដោយ​ស្វែងរក​ថាតើ​នរណា​ទៅ ដែល​បាន​រៀប​ផែនការ​ធ្វើ​គុត​ព្រះយេស៊ូវ​នៅ​ពេល​នេះ ។

ហេតុអ្វី​ពួក​អាចារ្យ និង​ពួក​សង្ឃរាជ​បាន​សម្រេច​ចិត្ត​រង់​ចាំ​ធ្វើ​គុត​ព្រះយេស៊ូវ​រហូត​ដល់​ក្រោយ​បុណ្យ​រំលង ?

នៅ​ក្នុង ម៉ាថាយ ២៦:៦–១៣ យើង​អាន​ថា កាល​ព្រះយេស៊ូវ​គង់​នៅ​ភូមិ​បេថនី មាន​ស្ត្រី​ម្នាក់​បាន​មក​រក​ទ្រង់​ហើយ​ចាក់​ប្រេង​តាំង​ទ្រង់​ជាមួយ​នឹង​ប្រេង​ដ៏​ថ្លៃ​បំផុត​ដើម្បី​ទទួល​ស្គាល់​នូវ​ការសុគត និង​ការបញ្ចុះ​សព​របស់​ទ្រង់​ដែល​នឹង​មក​ដល់ ។ ពួក​សិស្ស​របស់​ទ្រង់​មួយ​ចំនួន រួម​ទាំង​យូដាស ដែល​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​ពួក​សាវក​ដប់​ពីរ​នាក់ និង​ជា​អ្នក​រក្សា​ទ្រព្យ​របស់​ក្រុម​នេះ បាន​ត្អូញត្អែរ​ថា ប្រេង​នោះ​គួរ​យក​ទៅ​លក់​ដើម្បី​ជួយ​ដល់​អ្នក​ក្រីក្រ​វិញ ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យូដាស ពុំ​បាន​ខ្វល់ខ្វាយ​នឹង​ពួក​អ្នក​ក្រី​ក្រ​ទេ ប៉ុន្តែ​គាត់​ជា​ចោរ​ម្នាក់​ដែល​ចង់​បាន​ប្រាក់​សម្រាប់​តែ​ខ្លួន​ឯង​វិញ ( សូម​មើល យ៉ូហាន ១២:៤–៦ ) ។

សូម​អាន ម៉ាថាយ ២៦:១៤–១៦ ដោយ​ស្វែងរក​អ្វី​ដែល​យូដាស​បាន​ធ្វើ បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​បន្ទោស​ចំពោះ​ការត្អូញត្អែរ​របស់​គាត់ ។

សូម​កត់ចំណាំ​ចំនួន​ប្រាក់​ដែល​យូដាស​បាន​ទទួល ជា​ថ្លៃ​នៃ​ការក្បត់​ព្រះយេស៊ូវ ។ « យោង​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ប្រាក់​សាម​សិប​រៀល​ត្រូវ​សង​ដល់​ចៅហ្វាយ​សម្រាប់​ការស្លាប់​របស់​បាវ​ម្នាក់ ( សូម​មើល និក្ខមនំ ២១:៣២ ) ។ … ថ្លៃ​សម្រាប់​ការក្បត់​នោះ​ឆ្លុះ​បញ្ចាំង​អំពី​ការ​មើល​ស្រាល​ដែល​យូដាស និង​ពួក​សង្ឃរាជ​មាន​ចំពោះ​ព្រះអង្គ​សង្គ្រោះ » ( New Testament Student Manual Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៨១ ) ។ វា​ក៏​បាន​បំពេញ​ការព្យាករ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ស្ដីពី​ការក្បត់​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដែរ ( សូម​មើល សាការី ១១:១២ ) ។

ម៉ាថាយ ២៦:១៧-២៥

ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ទ្រង់​ទទួល​ទាន​អាហារ​បុណ្យ​រំលង

រូបភាព
យុវនារី​ម្នាក់ និង រូប​របស់​នាង​នៅ​ក្នុង​កញ្ចក់

សូម​គិត​អំពី​ពេល​ចុង​ក្រោយ​ដែល​អ្នក​បាន​ឆ្លុះ​កញ្ចក់ ។ តើ​អត្ថប្រយោជន៍​មួយ​ចំនួន​ដែល​កញ្ចក់​អាច​មាន​ចំពោះ​យើង​គឺ​អ្វី​ខ្លះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ ដោយ​ស្វែងរក ហើយ​គូសចំណាំ​មូលហេតុ​ដែល​យើង​ត្រូវ​មើល​ឃើញ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ ដូចជា​ព្រះ​ទ្រង់​ទត​យើង​អញ្ជឹង​ដែរ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« គ្មាន​យើង​ណា​ម្នាក់​ចូល​ចិត្ត​សារភាព​ឡើយ ពេល​យើង​បរាជ័យ​ក្នុង​ការបំពេញ​កិច្ចការ​របស់​យើង​នោះ។ ជារឿយៗ យើង​ព្យាយាម​ចៀសវាង​ពី​ការមើល​ឲ្យ​បាន​ជាក់លាក់​ទៅ​ក្នុង​ព្រលឹង​យើង និង​ការប្រឈម​នឹង​ភាពទន់ខ្សោយ ដែនកំណត់ និង​ភាពភ័យ​ខ្លាច​របស់​យើង។ ជា​លទ្ធផល ពេល​យើង​ដក​ពិសោធន៍​ជីវិត​យើង យើង​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​គំនិត​ផ្ទាល់ខ្លួន ការដោះសារ និង​រឿង​ដែល​ប្រាប់​ខ្លួន​ឯង​ដើម្បី​ការពារ​គំនិត និង ទង្វើ​មិន​សក្ដិសម ។

« ប៉ុន្តែ​ការដែល​យើង​មើល​ឃើញ​ខ្លួន​ឯង​ឲ្យ​ច្បាស់ គឺជា​កត្តា​ដ៏​ចាំបាច់​ចំពោះ​សុខុមាលភាព និង ភាពរីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង ។ ប្រសិនបើ​ភាពទន់ខ្សោយ និង​កំហុស​យើង​បន្ត​លាក់ទុក នោះ​ព្រះចេស្ដា​ដ៏​ប្រោសលោះ​នៃ​ព្រះអង្គ​សង្គ្រោះ​មិន​អាច​ព្យាបាល​វា ហើយ​ធ្វើ​ឲ្យ​វា​រឹងមាំ​បាន​ឡើយ ។ …

« ដូច្នេះ តើ​យើង​អាច​បំភ្លឺ​ពន្លឺ​ដ៏​បរិសុទ្ធ​នៃ​សេចក្ដីពិត​របស់​ព្រះ​ចូល​ទៅ​ក្នុង​ព្រលឹង​យើង ហើយ​មើល​ឃើញ​ខ្លួន​ឯង​ដូចជា​ទ្រង់​ទត​ឃើញ​យើង​បាន​យ៉ាង​ដូចម្ដេច​ទៅ ?

« ខ្ញុំ​សូម​ផ្ដល់​យោបល់​ថា ព្រះគម្ពីរ​បរិសុទ្ធ និង សុន្ទរកថា​ដែល​ផ្ដល់​ឲ្យ​ក្នុង​សន្និសីទ​ទូទៅ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដែល​យើង​អាច​យក​មក​ឆ្លុះ​មើល​ខ្លួន​ឯង​បាន » (« Lord, Is It I? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥៨ ) ។

សូម​ពិភាក្សា​អំពី​របៀប​ដែល​ព្រះគម្ពីរ និង សុន្ទរកថា​ដែល​ផ្ដល់​ឲ្យ​ក្នុង​សន្និសីទ​ទូទៅ អាច​ដូចជា​កញ្ចក់​ដើម្បី​ជួយ​យើង​ឃើញ​វិធី​ដែល​យើង​ត្រូវការ​ដើម្បី​បង្កើន​ការរស់នៅ​របស់​យើង ។

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ២៦:១៧–២៥ សូម​ស្វែងរក​គោលការណ៍​មួយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ភាពទន់ខ្សោយ​របស់​អ្នក ហើយ​ខិតខំ​យក​ឈ្នះ​លើ​វា ។

នៅ​ក្នុង ម៉ាថាយ ២៦:១៧–១៩ យើង​អាន​ថា ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ​កក់​បន្ទប់​មួយ​នៅ​ក្រុង​យេរូសាឡិម​សម្រាប់​ទទួលទាន​អាហារ​បុណ្យ​រំលង ។

សូម​អាន ម៉ាថាយ ២៦:២០–២១ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវក​របស់​ទ្រង់​នៅ​ពេល​ទទួលទាន​អាហារ​បុណ្យ​រំលង ។

ប្រសិនបើ​អ្នក​មាន​វត្តមាន​នៅ​ទីនោះ តើ​អ្នក​អាច​គិត​យ៉ាង​ដូចម្ដេច​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ដូច្នេះ ?

សូម​អាន ម៉ាថាយ ២៦:២២ ដោយ​ស្វែងរក​សំណួរ ដែល​ពួក​សាវក​បាន​ទូល​សួរ​ព្រះយេស៊ូវ ។

តើ​សំណួរ​សួរ​ថា « ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬ​អី? » បង្រៀន​អ្វីខ្លះ​ដល់​យើង​អំពី​ពួក​សាវក​ដ៏​ស្មោះត្រង់​ទាំង​ដប់​មួយ​រូប​នោះ ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ដំណើររឿង​នេះ​គឺ​ថា នៅ​ពេល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ស្ដាប់​ឮ​បន្ទូល​របស់​ព្រះអម្ចាស់ ពួកគេ​ត្រួត​ពិនិត្យ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដើម្បី​មើល​ថាតើ​បន្ទូល​នោះ​អនុវត្ត​ចំពោះ​ពួកគេ​យ៉ាង​ដូចម្ដេច​ដែរ ។

ប្រធាន អុជដូហ្វ បាន​មាន​ប្រសាសន៍​អំពី​ដំណើររឿង​នេះ​ដូច​ខាង​ក្រោម ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ពួក​សិស្ស​មិន​បាន​សង្ស័យ​លើ​បន្ទូល​របស់ [ ព្រះយេស៊ូវ ] ឡើយ ។ ហើយ​ពួកគេ​ក៏​មិន​បាន​មើល​ជុំវិញ​ខ្លួន​ដែរ ដោយ​ចង្អុល​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត ហើយ​ទូល​សួរ​ថា ‹ តើ​គាត់​មែន​ទេ? › …

« ខ្ញុំ​ងឿង​ឆ្ងល់​ថាតើ​យើង​ម្នាក់ៗ​នឹង​ធ្វើ​អ្វី​ទៅ បើ​ព្រះអង្គ​សង្គ្រោះ​សួរ​សំណួរ​នោះ​ដល់​យើង ។ តើ​យើង​នឹង​ក្រឡេក​មើល​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​គិត​ក្នុង​ចិត្ត​ថា ‹ ទ្រង់​ប្រហែល​ជា​មាន​បន្ទូល​ពី​បងប្រុស ចនសុន ហើយ​មើល​ទៅ ។ ខ្ញុំ​តែង​ងឿង​ឆ្ងល់​ពី​គាត់ › ឬ ‹ ខ្ញុំ​រីករាយ​ដែល​បងប្រុស ប្រោន នៅ​ទីនេះ ។ គា​ត់ពិត​ជា​ត្រូវការ​ស្ដាប់​ឮ​សារ​នេះ › ? ឬ​តើ​យើង​នឹង​មើល​មក​ខ្លួន​ឯង ហើយ​ទូល​សួរ​សំណួរ​ដ៏​សំខាន់​នោះ ដូចជា​ពួក​សាវក​ពី​បូរាណ ៖ ‹ តើ​ខ្ញុំ​ឬ​អី? › » ( «Lord, Is It I? » ទំព័រ ៥៦ ) ។

តើ​អ្នក​ធ្លាប់​ត្រូវបាន​ល្បួង​ឲ្យ​មិន​យក​ចិត្ត​ទុកដាក់​លើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ហើយ​សន្មត់​ថា​វា​សំដៅ​ទៅ​លើ​មនុស្ស​ម្នាក់​ទៀត​ដែរ​ឬ​ទេ ? សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម ដោយ​ស្វែងរក​អ្វី​ដែល​ប្រធាន អុជដូហ្វ បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​កាល​យើង​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ៖

« ក្នុង​ឃ្លា​ដ៏​សាមញ្ញ​ទាំង​នេះ ‹ ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬអី? › គឺ​ការ​ចាប់ផ្ដើម​នៃ​ប្រាជ្ញា និង មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ការប្រែចិត្ត​ជឿ​ផ្ទាល់ខ្លួន និង ការផ្លាស់ប្ដូរ​ដ៏​អស់កល្ប ។ …

« យើង​ត្រូវ​តែ​ដាក់​ភាពឆ្មើងឆ្មៃ​យើង​មួយ​អន្លើរ មើល​ឲ្យ​ហួស​ពី​អំនួត​យើង ហើយ​ទូល​សួរ​ព្រះ​ដោយ​រាបសា​ថា ‹ ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬអី? ›

« ហើយ​បើ​ចម្លើយ​របស់​ព្រះអម្ចាស់ អាច​តប​ថា ‹ ពិតណាស់ បុត្រា [ ឬ​បុត្រី ]​ យើង​អើយ មាន​រឿង​ជាច្រើន​ដែល​អ្នក​ត្រូវ​កែលម្អ ជារឿង​ដែល​យើង​អាច​ជួយ​បុត្រ​ឲ្យ​យក​ឈ្នះ​បាន › ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​នឹង​ទទួលយក​ចម្លើយ​នេះ ទទួល​ស្គាល់​អំពើបាប និង កំហុស​យើង​ដោយ​រាបសា ហើយ​ផ្លាស់ប្ដូរ​មាគ៌ា​របស់​យើង ដោយ​ក្លាយ​ជា​បុគ្គល​កាន់តែ​ប្រសើរ​ជាង​មុន » ( «Lord, Is It I?» ទំព័រ ៥៦, ៥៨ ) ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​គ្រា​មួយ​ដែល​អ្នក​មាន​ពរ តាមរយៈ​ការអនុវត្ត​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​អ្នក ។ ក្រោយ​មក​សូម​ដាក់​គោលដៅ​ជាក់លាក់​មួយ ទាក់ទង​ទៅ​នឹង​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ត្រួតពិនិត្យ​មើល​ជីវិត​របស់​អ្នក​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង មិន​ថា​ពេល​ណា​ដែល​អ្នក​ឮ ឬ​អាន​ព្រះបន្ទូល​របស់​ព្រះ​នោះ​ទេ ។

សូម​អាន ម៉ាថាយ ២៦:២៣–២៥ ដោយ​ស្វែងរក​ចម្លើយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ ចំពោះ​សំណួរ​ដែល​ពួក​សាវក​បាន​ទូល​សួរ ។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​បង្ហាញ​ថា​យូដាស​ជា​មនុស្ស​ម្នាក់​ដែល​នឹង​ក្បត់​ទ្រង់ យូដាស​ក៏​ចេញ​ទៅ​ភ្លាម ( សូម​មើល យ៉ូហាន ១៣:៣០ ) ។

ម៉ាថាយ ២៦:២៦-៣០

ព្រះយេស៊ូវ​គ្រីស្ទ​ណែនាំ​អំពី​សាក្រាម៉ង់​អំឡុង​បុណ្យ​រំលង

បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​សោយ​អាហារ​បុណ្យ​រំលង​ជាមួយ​នឹង​ពួក​សាវក​ទ្រង់ នោះ​ទ្រង់​បាន​តាំង​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់​ឡើង ។

រូបភាព
អាហារ​ចុងក្រោយ

សូម​ពិចារណា​ចម្លើយ​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖ នៅ​ពេល​អ្នក​បាន​ទទួលទាន​សាក្រាម៉ង់​ចុងក្រោយ​បង្អស់ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ? តើ​អ្នក​គិត​អ្វី​ខ្លះ ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ?

សូម​អាន ម៉ាថាយ ២៦:២៦–២៩ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​នឹង​នំប៉័ង និង​ពែង​នោះ ។

យើង​រៀន​តាមរយៈ​ខគម្ពីរ​ទាំងនេះ​ថា និមិត្តរូប​នៃ​សាក្រាម៉ង់​តំណាង​ឲ្យ​ព្រះកាយ និង​ព្រះលោហិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​បូជា​ជំនួស​យើង ។

ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ផ្ដល់​ការយល់ដឹង​បន្ថែម​ទៅ​ក្នុង ម៉ាថាយ ២៦:២៦–២៨ ។ សូម​មើល ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ២៦:២២, ២៤–២៥ ( នៅ​ក្នុង Bible appendix ) ។

សូម​ស្វែងរក​ការផ្លាស់ប្ដូរ​ដ៏​បំផុសគំនិត​ដែល​បាន​ធ្វើ​ឡើង ។ តើ​ការផ្លាស់ប្ដូរ​ទាំងនោះ​ជួយ​យើង​យល់​អំពី​គោលបំណង​ដ៏​សំខាន់​មួយ​នៃ​សាក្រាម៉ង់​យ៉ាង​ដូចម្ដេច ?

តាមរយៈ​ការផ្លាស់ប្ដូរ​ដ៏​បំផុសគំនិត​ទាំងនេះ យើង​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​តាំង​ពិធីសាក្រាម៉ង់​ឡើង​ដើម្បី​ឲ្យ​យើង​ចងចាំ​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់​សម្រាប់​អំពើ​បាប​របស់​យើង ។

ប្រសិនបើ​មាន សូម​ទស្សនា​វីដេអូ « Always Remember Him » ( នាទី​ទី ៥:២៨ ) ដើម្បី​យល់​បន្ថែម​អំពី​គោលបំណង និង សារៈសំខាន់​នៃ​ពិធីសាក្រាម៉ង់ ។ នៅ​ក្នុង​វីដេអូ​នេះ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ពន្យល់​ថា គោលបំណង​នៃ​ពិធីសាក្រាម៉ង់​គឺ​ដើម្បី​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្មធួន​របស់​ទ្រង់ ។ វីដេអូ​នេះ​មាន​នៅ​លើ​គេហទំព័រ LDS.org ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការព្យាយាម​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​បាន​ជះ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា និង​បទពិសោធន៍​របស់​អ្នក​កាល​កំពុង​ទទួលទាន​សាក្រាម៉ង់​យ៉ាង​ដូចម្ដេច​ដែរ ?

    2. តើ​រឿង​មួយ​ចំនួន​ដែល​អាច​រំខាន​យើង​នៅ​ក្នុង​ការធ្វើ​ពិធី​សាក្រាម៉ង់​មាន​អ្វីខ្លះ ?

    3. តើ​ការចៀសវាង​ពី​ការរំខាន​ទាំង​នេះ​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ អាច​ជួយ​យើង​ឲ្យ​កាន់តែ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ច្រើន​ឡើង​បាន​ដោយ​របៀប​ណា ?

    4. តើ​មាន​សកម្មភាព​ណា​ខ្លះ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​អ្នក​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះអង្គសង្គ្រោះ និង លើ​សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ​នេះ អំឡុង​ពេល​ធ្វើ​ពិធីសាក្រាម៉ង់ ហើយ​ចងចាំ​ទ្រង់​ពេញ​មួយ​សប្ដាហ៍ ?

យោង​តាម ម៉ាថាយ ២៦:២៧–២៨ តើ​ការបង្ហូរ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​អ្វី​ខ្លះ នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ?

ការ​ដែល​ទទួល​ទាន​នំប៉័ង និង​ទឹក​តែ​ម្យ៉ាង​នៅ​ក្នុង​ពេល​សាក្រាម៉ង់​ពុំ​បាន​ធ្វើ​ឲ្យ​យើង​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ការផ្ដាច់បាប ឬ​ការអភ័យទោស​ពី​អំពើបាប​របស់​យើង​ដោយ​ស្វ័យប្រវត្តិ​ឡើយ ។ យើង​ត្រូវតែ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដោយ​ចងចាំ​ទ្រង់​ជានិច្ច ហើយ​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ដោយ​ទទួល​ទាន​សាក្រាម៉ង់​យ៉ាង​សក្តិសម យើង​រំឭកចាំ​សេចក្ដីសញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​យើង ។

សូម​គិត​ដល់​ការសរសេរ​គោលការណ៍​នេះ ដាក់​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក ៖ នៅ​ពេល​យើង​ប្រែចិត្ត ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត យើង​អាច​ទទួលបាន​ការផ្តាច់បាប​របស់​យើង ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​អ្នក​នឹង​អនុវត្ត​សេចក្ដីពិត​នានា​ទាក់ទង​នឹង​ពិធីសាក្រាម៉ង់​ដែល​អ្នក​ឃើញ​មាន​នៅ​ក្នុង ម៉ាថាយ ២៦:២៦–៣០ ។

សូម​អាន ម៉ាថាយ ២៦:២៩ ឡើង​វិញ ដោយ​ស្វែងរក​ពេល​បន្ទាប់​ទៀត​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ទទួល​ទាន​សាក្រង់ ។

« ដូច​មាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ២៦:២៩ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​នឹង​មិន​សោយ​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា​ដែល​ទ្រង់​នឹង​សោយ​ជា​ថ្មី ជា​មួយ​នឹង​ពួកគេ​នៅ​ក្នុង​នគរ​ព្រះវរបិតា​នៃ​ទ្រង់ ។ ហេតុដូច្នេះ ពិធីសាក្រាម៉ង់​ពុំ​មែន​គ្រាន់តែ​ជា​និមិត្តរូប​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការទន្ទឹង​រង់ចាំ​ដល់​គ្រា​ដែល​ទ្រង់​នឹង​ត្រឡប់​មក​ផែនដី​វិញ​ក្នុង​សិរីល្អ​ផងដែរ ( សូម​មើល កូរិនថូស ទី១ ១១:២៦ ) ។

« នៅ​ថ្ងៃ​ចុងក្រោយ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ នូវ​សេចក្ដីលម្អិត​អំពី​ឱកាស​នា​ពេល​អនាគត​កាល​ទ្រង់​នឹង​សោយ​ពី​ផល​ទំពាំងបាយជូរ​នៅ​លើ​ផែនដី ។ ដូច​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៧ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ទ្រង់​នឹង​ទទួលទាន​សាក្រាម៉ង់​ជា​ថ្មី​នៅ​លើ​ផែនដី​ជាមួយ​ពួក​អ្នក​ដើរតាម​ទ្រង់ រួម​បញ្ចូល​ទាំង​ពួក​ព្យាការី​បូរាណៗ​ជា​ច្រើន​រូប​មាន​ដូចជា មរ៉ូណៃ អេលីយ៉ាស យ៉ូហាន បាទីស្ទ អេលីយ៉ា អ័ប្រាហាំ អ៊ីសាក យ៉ាកុប យ៉ូសែប​ដែល​បាន​លក់​ទៅ​អេស៊ីព្ទ ពេត្រុស យ៉ាកុប និង យ៉ូហាន « ព្រមទាំង​ជាមួយ ម៉ៃឃើល ឬ អ័ដាម ដែល​ជា​ឪពុក​នៃ​មនុស្ស​លោក​ទាំងអស់ » ( សូម​មើល គ. និង ស. ២៧:៤–១៤ ) ។ អ្នក​ដើរតាម​ព្រះអម្ចាស់​រួមមាន « អស់​អ្នកណា​ដែល​ព្រះវរបិតា​របស់​យើង បាន​ប្រទាន​ដល់​យើង ចេញ​ពី​លោកិយ​ផង » ( គ. និង ស. ២៧:១៤ ) ។ ការណ៍​នេះ​មាន​ន័យ​ថា ប្រសិនបើ​យើង​បន្ត​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត យើង​អាច​ស្ថិត​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ទទួលទាន​សាក្រាម៉ង់​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល​អនាគត ( New Testament Student Manual ទំព័រ ៨៣–៨៤ ) ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ២៦:១-៣០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖