បណ្ណាល័យ
មេរៀន​ទី ៧ ថ្ងៃទី ១ ៖ ម៉ាថាយ ២៦:៣១-៧៥


មេរៀន​ទី ៧ ៖ ថ្ងៃទី ១

ម៉ាថាយ ២៦:៣១-៧៥

សេចក្តីផ្តើម

នៅ​ក្នុង​ច្បារ​គែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទ​បាន​ចាប់ផ្ដើម​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើបាប​របស់​មនុស្ស​ទាំងអស់​ជា​ផ្នែក​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ។ យូដាស​បាន​ចូល​ដៃ​នឹង​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ក្បត់​នឹង​ព្រះយេស៊ូវ ។ បន្ទាប់​មក​ព្រះយេស៊ូវ​ត្រូវបាន​កាត់ទោស​នៅ​ចំពោះ​មុខ​លោក​កៃផា ជា​សង្ឃ​ជាន់​ខ្ពស់​យ៉ាង​អយុត្តិធម៌ ជា​ពេល​ដែល​ការកាត់ទោស​ដ៏​ខុស​ឆ្គង​ត្រូវ​បាន​ធ្វើ​ឡើង​ទាស់​នឹង​ទ្រង់ ។ ខណៈពេលនោះ ពេត្រុស​បាន​បដិសេធ​មិន​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ចំនួន​បី​លើក​ទៅ​កាន់​ជន​ដែល​បាន​ស្គាល់​លោក​ថា​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ព្រះយេស៊ូវ​អធិស្ឋាន​នៅ​ក្នុង​ច្បារ​គែតសេម៉ានី

ម៉ាថាយ ២៦:៣១-៤៦

ព្រះយេស៊ូវគ្រីស្ទ​រង​ទុក្ខ​នៅ​ក្នុង​​ច្បារ​គែតសេម៉ានី

សូម​ពិចារណា​អំពី​ស្ថានភាព​ខាង​ក្រោម ៖ ចាប់តាំង​ពី​គាត់​នៅ​ក្មេង យុវជន​មួយ​រូប​ត្រូវបាន​បង្រៀន​ថា វា​គឺ​ជា​ការទទួលខុសត្រូវ​របស់​បព្វជិតភាព​ដើម្បី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ ដោយ​ជា​ក្មេង​ជំទង់​ម្នាក់ គាត់​ដឹង ថា​គាត់​គួរ​បម្រើ​បេសកកម្ម ប៉ុន្តែ​ខ្វះ​ការតាំង​ចិត្ត​ដើម្បី​ធ្វើ​វា ។ គាត់​ចាប់​អារម្មណ៍​ខ្លាំង​ជាង​ទៅ​លើ​ឱកាស​ផ្សេង​ទៀត ហើយ​បារម្ភ​ថា​បេសកកម្ម​នឹង​រារាំង​គាត់​មិន​ឲ្យ​មាន​បទពិសោធន៍​ទាំងនោះ ។

តើ​នៅ​ក្នុង​ស្ថានភាព​ផ្សេង​ទៀត​ណា​ខ្លះ ដែល​បំណង​ប្រាថ្នា​របស់​យុវជន​យុវនារី អាច​ខុស​ពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ?

សូម​ពិចារណា​អំពី​គ្រា​ដែល​អ្នក​បាន​ឃើញ​ថា មាន​ការលំបាក​ដើម្បី​ដាក់​បំណង​ប្រាថ្នា​របស់​អ្នក​ឲ្យ​ត្រូវ​នឹង​ព្រះបំណង​របស់​ព្រះវរបិតា​សួគ៌ ។ នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ដែល​នៅ​សល់​ក្នុង ម៉ាថាយ ២៦ សូម​ស្វែងរក​គោលការណ៍​នានា ដែល​អាច​ជួយ​អ្នក​នៅ​ពេល​អ្នក​ពុះពារ​ធ្វើ​តាម​អ្វី​ដែល​ព្រះវរបិតា​សួគ៌​បាន​ត្រាស់​បង្គាប់​អ្នក​ឲ្យ​ធ្វើ ។

សូម​ចងចាំ​ថា ម៉ាថាយ ២៦:១–៣០ បាន​ប្រាប់​អំពី​ពេល​ដែល​ព្រះអម្ចាស់​បាន​សោយ​អាហារ​បុណ្យ​រំលង​ជាមួយ​នឹង​ពួក​សាវក​របស់​ទ្រង់ ហើយ​បាន​ណែនាំ​អំពី​ពិធី​សាក្រាម៉ង់ ។ សូម​អាន ម៉ាថាយ ២៦:៣១–៣៥ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ព្យាករ​ថា​នឹង​កើតឡើង​ដល់​ពួក​សាវក​របស់​ទ្រង់ ។

នៅ​ក្នុង​បរិបទ​នេះ ពាក្យ​ថា មាន​ចិត្ត​រវាត​ចេញ មានន័យ​ថា ការ​ធ្លាក់ ឬ​ការងាក​ចេញ ឬ​ការ​បោះបង់​ចោល ។

សូម​កត់​ចំណាំ ថាតើ​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត បាន​ឆ្លើយតប​យ៉ាង​ដូចម្ដេច ចំពោះ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ។

សូម​អាន ម៉ាថាយ ២៦:៣៦–៣៨ ដោយ​ស្វែងរក​ទីកន្លែង​ដែល​ព្រះយេស៊ូវ និង​ពួកសាវក​បាន​ទៅ​បន្ទាប់​ពី​អាហារ​បុណ្យ​រំលង ។

សូម​មើល​រូបភាព ភ្នំ​ដើម​អូលីវ និង ច្បារ​គែតសេម៉ានី នៅ​ក្នុង​រូបភាព​ព្រះគម្ពីរ​បរិសុទ្ធ រូបភាព​ទី ១១ និង ទី ១២ ។ ច្បារ​គែតសេម៉ានី​គឺជា​សួន​ដើម​អូលីវ​មាន​ទីតាំង​នៅ​ជិត​ភ្នំ​ដើម​អូលីវ នៅ​ខាង​ក្រៅ​កំផែង​ក្រុង​យេរូសាឡិម ។ « ពាក្យ គែតសេម៉ានី មាន​ន័យ​ថា ‹ ច្របាច់​យក​ប្រេង​អូលីវ › » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « គែតសេម៉ានី » scriptures.lds.org ) ។

សូម​គូសចំណាំ​ឃ្លា​នៅ​ក្នុង ម៉ាថាយ ២៦:៣៦–៣៨ ដែល​ពិពណ៌នា​អំពី​អារម្មណ៍​ដែល​ព្រះយេស៊ូវ​មាន​កាល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ច្បារ​គែតសេម៉ានី ។

សូម​អាន ម៉ាថាយ ២៦:៣៩ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​បន្ទាប់​ពី​យាង​ដើរ « បាន​បន្តិច​ទៀត » ចូល​ទៅ​ក្នុង​ច្បារ​នោះ ។

ពាក្យ ពែង ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល គឺជា​និមិត្ត​សញ្ញា​មួយ​ចំពោះ​ការរងទុក្ខ​ដ៏​ជូរចត់​ដែល​ទ្រង់​បាន​ជួប​ប្រទះ​ជា​ផ្នែក​មួយ​នៃ​ដង្វាយធួន ។ នៅ​ក្នុង​ច្បារ​គែតសេម៉ានី ព្រះយេស៊ូវ​បាន​ចាប់ផ្ដើម​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើបាប និង​ការរងទុក្ខ​របស់​មនុស្ស​ទាំងអស់​ជា​ផ្នែក​នៃ​ពលិកម្មធួន​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ទូល​សូម​ព្រះវរបិតា ពេល​ដែល​ទ្រង់​បាន​ទូល​សូម​ឲ្យ​ដក​យក​ពែង​នោះ​ចេញ​ពី​ទ្រង់ ៖ « ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ‹ ប្រសិនបើ​មាន​ផ្លូវ​ផ្សេង ទូល​បង្គំ​ស៊ូ​ដើរ​លើ​ផ្លូវ​នោះ ។ ប្រសិនបើ​មាន​ផ្លូវ​ណា​មួយ​ផ្សេង​ទៀត—ផ្លូវ​មួយ​ណា​ក៏​ដោយ—ទូល​បង្គំ​នឹង​ដើរ​លើ​ផ្លូវ​នោះ​ដោយ​រីករាយ › ។ … ប៉ុន្តែ​នៅ​ទីបំផុត ពែង​នោះ​ពុំ​ត្រូវ​បាន​ដក​ចេញ​ឡើយ » ( « Teaching, Preaching, Healing » Ensign ខែ ​មករា ឆ្នាំ​ ២០០៣ ទំព័រ ៤១ ) ។

អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា « ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( ម៉ាថាយ ២៦:៣៩ សូម​មើល​ផងដែរ គ. និង ស. ១៩:១៩ ) ។

ទោះ​បី​ជា​ព្រះយេស៊ូវ​បាន​ទូល​សូម​ផ្លូវ​មួយ​ផ្សេង​ទៀត​ដើម្បី​សម្រេច​នូវ​ព្រះទ័យ​របស់​ព្រះវរបិតា​ក្ដី ក៏​ព្រះយេស៊ូវគ្រីស្ទ​បាន​ដាក់​ព្រះបំណង​ទ្រង់​ឲ្យ​ត្រូវ​នឹង​ព្រះបំណង​ព្រះវរបិតា​ដើម្បី​សម្រេច​ដង្វាយធួន​ដែរ ។

សូម​ពិចារណា​ថា​តើ​យើង​អាច​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ ចេញ​ពី​ការដាក់​ព្រះទ័យ​ទ្រង់​ចុះ​ចូល​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ទោះ​ជា​វា​មាន​ន័យ​ថា​ទ្រង់​នឹង​ត្រូវ​ស៊ូទ្រាំ​ការរងទុក្ខ​ដ៏​ខ្លាំង ហើយ​នៅ​ទីបំផុត​គឺ​ជា​សេចក្ដី​ស្លាប់​ក៏​ដោយ ។​

សូម​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី ម៉ាថាយ ២៦:៣៩ ៖ យើង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ពេល​យើង  ។

  1. សូម​រំឭក​អំពី​ឈុតឆាក និង ស្ថានភាព​ចំនួន​ពីរ ដែល​បាន​ពិភាក្សា​នៅ​ពេល​ចាប់ផ្ដើម​នៃ​មេរៀន​នេះ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ពង្រឹង​យើង​នៅ​ក្នុង​ស្ថានភាព​ទាំង​នេះ​បាន​ដោយ​របៀប​ណា ?

  2. សូម​គិត​អំពី​គ្រា​ដែល​អ្នក​បាន​ជ្រើស​ធ្វើតាម​ព្រះទ័យ​របស់​ព្រះវរបិតា ទោះ​ជា​បំណង​ប្រាថ្នា​របស់​អ្នក​ខុស​ពី​ព្រះទ័យ​របស់​ទ្រង់​ក្ដី ។ សូម​សរសេរ​អំពី​បទពិសោធន៍​មួយ​របស់​អ្នក​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​ប្រសិនបើ​វា​ពុំ​ជា​រឿង​ផ្ទាល់ខ្លួន​ពេក​ទេ​នោះ រួច​ពន្យល់​អំពី​មូលហេតុ​ដែល​អ្នក​បាន​ធ្វើ​ជម្រើស​នោះ និង ថាតើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច ។

សូម​បង្ហាញ​វិធី​ជាក់លាក់​មួយ​ដែល​អ្នក​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការដាក់​ឆន្ទៈ​របស់​អ្នក​ឲ្យ​ចុះ​ចូល​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ។ សូម​គិត​ដល់​ការដាក់​គោលដៅ​ដើម្បី​ធ្វើ​តាម​អ្វី​ដែល​អ្នក​បាន​កត់​សម្គាល់ ។

សូម​រំឭក ម៉ាថាយ ២៦:៣៧–៣៨ ឡើង​វិញ ដោយ​ស្វែងរក​​ការណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពេត្រុស យ៉ាកុប និង​យ៉ូហាន​នៅ​ក្នុង​ច្បារ​គែតសេម៉ានី ។

ការណែនាំ​ឲ្យ « ចាំ​យាម » នៅ​ក្នុង ខទី ៣៨ មាន​ន័យ​ថា នៅ​ដឹង​ខ្លួន រហ័ស​រហួស ឬ​ប្រុងប្រយ័ត្ន ។ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​មូលហេតុ​ដែល​ពួក​សិស្ស​អាច​នឹង​ត្រូវការ​ការណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចាំ​យាម​នឹង​ទ្រង់ សូម​កត់ចំណាំ​ថា កាល​ពួក​សិស្ស​បាន​មក​ដល់​ច្បារ ពួកគេ « បាន​ចាប់ផ្ដើម​មាន​ចិត្ត​ភាំងជា​ខ្លាំង ហើយ​តប់​ប្រមល់​ណាស់ ហើយ​ចាប់ផ្ដើម​វែកញែក​ក្នុង​ចិត្ត​គេ​ដោយ​គិត​ថា តើ​នេះ​ជា​ព្រះមេស៊ី​ឬ​អី » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាកុស ១៤:៣៦ [ នៅ​ក្នុង​Bible appendix​ ] ) ។ ដោយ​ណែនាំ​ពួក​សិស្ស​ទ្រង់​ឲ្យ​ចាំ​យាម​នឹង​ទ្រង់ ព្រះយេស៊ូវ​បាន​ព្រមាន​ពួកគេ​ឲ្យ​ប្រុង​ប្រយ័ត្ន​ព្រោះ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ទ្រង់​នឹង​មាន​ការសាកល្បង ។

សូម​អាន ម៉ាថាយ ២៦:៤០ ដោយ​ស្វែងរក​ថាតើ​ព្រះយេស៊ូវ​បាន​ឃើញ​ថា « ពេត្រុស និង​កូន​សេបេដេ​ទាំង​ពីរ​នាក់ [ យ៉ាកុប និង យ៉ូហាន ] » ( ម៉ាថាយ ២៦:៣៧ ) កំពុង​ធ្វើ កាល​ទ្រង់​កំពុង​អធិស្ឋាន ។

រូបភាព
ព្រះគ្រីស្ទ​ដាស់​ពួក​សិស្ស​ពី​ដំណេក

ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ​សម្រាប់ លូកា ២២:៤៥ បង្ហាញ​ថា ពួក​សិស្ស​ទាំង​នោះ​កំពុង​ដេក​លក់ « ដ្បិត​ពួកគេ​ពោរពេញ​ដោយ​ទុក្ខ​ព្រួយ » ។

សូម​អាន ម៉ាថាយ ២៦:៤១ ដោយ​ស្វែងរក​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ឲ្យ​ពួកគេ​ធ្វើ ។

ខាង​ក្រោម​នេះ​គឺ​ជា​គោលការណ៍​មួយ ដែល​យើង​អាច​រៀន​មក​ពី​ការណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​សាវក​ទាំង​នេះ ៖ ប្រសិនបើ​យើង​ចាំ​យាម ហើយ​អធិស្ឋាន​ជានិច្ច យើង​នឹង​មាន​កម្លាំង​ដើម្បី​តតាំង​នឹង​ការល្បួង ។

តើ​អ្នក​គិត​ថា​ឃ្លា « ឯ​វិញ្ញាណ​ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ » ( ម៉ាថាយ ២៦:៤១  ) មាន​ន័យ​ដូចម្ដេច ?

អត្ថន័យ​មួយ​អាច​ថា ពួកសិស្ស​ចង់​គោរព​ប្រតិបត្តិ​តាម​ព្រះអង្គ​សង្គ្រោះ ប៉ុន្តែ​ពួកគេ​អនុញ្ញាត​ឲ្យ​បំណង​ប្រាថ្នា​ខាង​សាច់ឈាម​របស់​ខ្លួន​ដែល​ចង់​ដេក​នោះ យកឈ្នះ​លើ​បំណង​ប្រាថ្នា​ខាង​វិញ្ញាណ​ដែល​ចង់​ចាំ​យាម ហើយ​អធិស្ឋាន​ទៅ​វិញ ។ សូម​ពិចារណា​ថាតើ​ការយល់​អំពី​ឃ្លា​នេះ អាច​ជួយ​យើង​តតាំង​នឹង​ការល្បួង​បាន​យ៉ាង​ដូចម្ដេច ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

បន្ទាប់​ពី​ដកស្រង់​ចេញ​ពី ម៉ាថាយ ២៦:៤១ ហើយ ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទី​មួយ​បាន​មាន​ប្រសាសន៍ ៖ « ការព្រមាន [ របស់​ព្រះអង្គ​សង្គ្រោះ ] ដល់​ពេត្រុស ក៏​អនុវត្ត​ចំពោះ​យើង​ផងដែរ ។ ឆ្កែ​ចចក​ដែល​នឹង​សម្លាប់​កូន​ចៀម ច្បាស់​ជា​នឹង​យំ​ស្រែក​ដាក់​អ្នក​គង្វាល​ជា​មិន​ខាន ។ ដូច្នេះ យើង​ត្រូវតែ​ចាំ​យាម​ខ្លួន​យើង​ក៏​ដូចជា​អ្នក​ដទៃ​ផងដែរ » ( « Watch with Me » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៣៩ ) ។

ចូរ​ចាំ​ថា « ចាំ​យាម »​ មាន​ន័យ​ថា​នៅ​ដឹង​ខ្លួន រហ័ស​រហួស ឬ​ប្រុង​ប្រយ័ត្ន ។ សូម​គិត​ថាតើ​ការចាំយាម និង​ការអធិស្ឋាន​ខាង​វិញ្ញាណ អាច​ជួយ​យើង​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​យើង ហើយ​តតាំង​នឹង​ការល្បួង​បាន​ដោយ​របៀប​ណា ។

សូម​ពិចារណា​ថាតើ​អ្នក​ធ្លាប់​បាន​ធ្លាក់​ទៅ​ក្នុង​ការល្បួង​ដោយសារ​តែ​អ្នក​ពុំ​បាន​អធិស្ឋាន ហើយ​ចាំ​យាម​ដែរ​ឬ​ទេ ។ សូម​ពិចារណា​ថាតើ​ជម្រើស​នោះ​បាន​ជះឥទ្ធិពល​យ៉ាង​ដូចម្ដេច​មក​លើ​អ្នក ។ បន្ទាប់​មក សូម​ពិចារណា​អំពី​គ្រា​ដែល​ពួកគេ​បាន​តតាំង​នឹង​ការល្បួង​ដោយ​ការអធិស្ឋាន និង​ការចាំយាម ។ តើ​អ្វី​ទៅ​ធ្លាប់​ជួយ​អ្នក​ឲ្យ​មាន​ភាពទៀងទាត់​នៅ​ក្នុង​ការចាំយាម និង​ការអធិស្ឋាន​ខាង​វិញ្ញាណ​នោះ ?

សូម​សរសេរ​នៅ​លើ​ក្រដាស​មួយ​សន្លឹក អំពី​គោលដៅ​នៃ​អ្វី​មួយ​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ឲ្យ​បាន​ចាំយាម ហើយ​អធិស្ឋាន​ជានិច្ច ។ សូម​គិត​ដល់​ការដាក់​ក្រដាស​នេះ​ទៅ​ជាមួយ​អ្នក​ជានិច្ច ដើម្បី​រំឭក​អ្នក​អំពី​គោលដៅ​របស់​អ្នក ។

សូម​កត់ចំណាំ​ថា ម៉ាថាយ ២៦:៤២-៤៦ កត់ត្រា​ថា ព្រះយេស៊ូវ​បាន​អធិស្ឋាន​បី​ដង​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ។ រាល់​លើក​ទ្រង់​បាន​បង្ហាញ​ថា​ទ្រង់​មាន​ព្រះឆន្ទៈ​គោរព​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់ ។

ម៉ាថាយ ២៦:៤៧-៧៥

ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​គេ​ចាប់​ព្រះកាយ ហើយ​កាត់ទោស​នៅ​ចំពោះ​មុខ​លោក​កៃផា

ពួក​សង្ឃរាជ និង ពួក​អាចារ្យ​បាន​រួម​គំនិត​ធ្វើ​គុត​ព្រះយេស៊ូវគ្រីស្ទ ។ កិច្ចការ​សម្ងាត់​របស់​ពួកគេ​រួមមាន​ការស៊ូកប្រាក់​ឲ្យ​យូដាស​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ចំអក​ឡកឡឺយ និង​ថែម​ទាំង​ធ្វើ​ទារុណកម្ម​ព្រះយេស៊ូវ​ផង ។ ព្រះអង្គសង្គ្រោះ​ត្រូវបាន​បង្ខំ​ឲ្យ​ចូល​សវនកា​ចំនួន​ពីរ​លើក ៖ ទីមួយ​គឺ​សវនកា​របស់​ពួក​សាសន៍​យូដា​នៅ​ចំពោះ​មុខ​ពួក​សានហេឌ្រីន​នៅ​យេរូសាឡិម—ជា​ក្រុម​មួយ​ដែល​មាន​សមាជិក ៧១ នាក់​រួមមាន​ពួក​លេវី ពួក​សង្ឃរាជ ពួកអាចារ្យ ពួក​ផារីស៊ី ពួក​សាឌូស៊ី និង ពួក​អ្នក​ដែល​កាន់​នយោបាយ​ផ្សេងៗ ពួក​ទាំង​នោះ​ត្រូវបាន​គ្រប់គ្រង​ដោយ​សង្ឃជាន់ខ្ពស់ ដែល​កាល​នោះ​មាន​ឈ្មោះ​ថា កៃផា ។ ទីពីរ​គឺ​ជា​សវនកា​របស់​ពួក​រ៉ូម​នៅ​ចំពោះ​មុខ​ពីឡាត់ ។ នៅ​ក្នុង​សវនកា​របស់​ពួក​សាសន៍​យូដា ព្រះយេស៊ូវ​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទប្រមាថ ( ចំអក មើលងាយ ឬ ពោលពាក្យ​មិន​សមគួរ​ទៅ​លើ​ព្រះ ) ដោយសារ​ទ្រង់​បាន​តាំង​អង្គ​ទ្រង់​ថា​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ( សូម​មើល ម៉ាថាយ ២៦:៦៤–៦៥ ) ។ ដោយសារតែ​អំពើ​ប្រមាថ​គឺ​ជា​បញ្ហា​របស់​ពួក​សាសន៍​យូដា ហើយ​មិនមែន​ជា​បញ្ហា​របស់​ពួក​រ៉ូម​ទេ នោះ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ក៏​បាន​ប្ដូរ​ពាក្យ​បណ្ដឹង​ទៅ​ជា​អំពើ​ក្បត់ជាតិ ជា​ពេល​ដែល​ពួកគេ​នាំ​ទ្រង់​ទៅ​ជួប​នឹង​ពីឡាត់ ។ ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ពួក​រ៉ូម​ថា ព្រះយេស៊ូវ​បាន​ព្យាយាម​លើក​ខ្លួន​ឯង​ជា​ស្ដេច ដោយ​ពួកគេ​សង្ឃឹម​ថា ពួក​រ៉ូម​នឹង​ប្រហារ​ជីវិត​ទ្រង់​ព្រោះ​ទ្រង់​ជា​ជន​ក្បត់​នឹង​សេសារ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អំឡុង​ពេល​សវនកា​របស់​ពួក​រ៉ូម ពីឡាត់​ពុំ​ឃើញ​ថា​ព្រះយេស៊ូវ​មាន​កំហុស​អ្វី​ឡើយ ។ ប៉ុន្តែ នៅ​ទីបំផុត​ពីឡាត់​ក៏​បាន​អនុញ្ញាត​ឲ្យ​គេ​ដាក់ទោស​ប្រហារ​ជីវិត​ព្រះយេស៊ូវ​ដើម្បី​ជា​ការផ្គាប់​ចិត្ត​ដល់​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ ជើរ៉ល អិន ឡាន ជា​សមាជិក​ក្នុង​ពួកចិតសិប​នាក់ ៖ « សូម​នឹក​ស្រមៃ​ថា [ ព្រះយេស៊ូវ​គ្រីស្ទ ] ជា​អង្គ​ដែល​ព្រះចេស្ដា ពន្លឺ និង​សិរីល្អ​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ចក្រវាឡ​មាន​របៀប​រៀបរយ ជា​អង្គ​ដែល​មាន​បន្ទូល ហើយ​ប្រព័ន្ធ​ព្រះអាទិត្យ កញ្ចុំ​ផ្កាយ និង​តារា​កើត​មាន​ឡើង—កំពុង​យាង​ឈរ​នៅ​ចំពោះ​មុខ​មនុស្ស​ទុច្ចរិត ហើយ​ត្រូវ​ពួកគេ​កាត់ទោស​ថា​ជា​អង្គ​ដែល​គ្មាន​ប្រយោជន៍ ឬ​គ្មាន​តម្លៃ ! » ( « Knowest Thou the Condescension of God? » នៅ​ក្នុង Doctrines of the Book of Mormon: The 1991 Sperry Symposium, ed. Bruce A. Van Orden and Brent L. Top [ ឆ្នាំ ​១៩៩២ ] ទំព័រ ៨៦ ) ។

ទោះបី​ជា​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​បំផ្លាញ​មនុស្ស​ដែល​វាយ​ទ្រង់ ហើយ​ស្ដោះ​ដាក់​ទ្រង់​ក្ដី ប៉ុន្តែ​ទ្រង់​នៅ​តែ​ស៊ូទ្រាំ​រងទុក្ខ​ដែរ ។ ពួក​អ្នក​ដឹកនាំ និង​ពួក​កង​ទ័ព​ពុំ​បាន​ដឹង​ថា​ព្រះចេស្ដា​ដ៏​មហិមា ដែល​ព្រះយេស៊ូវ​បាន​អំពាវនាវ​រក​នោះ​ជា​ព្រះទ័យ​នៃ​ព្រះវរបិតា​ដែល​ឲ្យ​ទ្រង់​ធ្វើ​រឿង​នេះ​ឡើយ ។

សូម​សិក្សា ម៉ាថាយ ២៦:៤៧–៦៨ ដោយ​ស្វែងរក​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បន្ត​គ្រប់គ្រង​លើ​អង្គ​ទ្រង់ ហើយ​ដាក់​ព្រះទ័យ​ទ្រង់​ឲ្យ​ចុះចូល​នឹង​ព្រះទ័យ​របស់​ព្រះវរបិតា ទោះជា​ទ្រង់​ត្រូវ​គេ​ប្រព្រឹត្ត​យ៉ាង​ឃោរឃៅ ហើយ​ជំនុំជម្រះ​ដោយ​មនុស្ស​ទុច្ចរិត​ក្ដី ( សូម​មើល​ផងដែរ នីហ្វៃទី១ ១៩:៩ ) ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ការណ៍​ដែល​អ្នក​ចាប់​អារម្មណ៍​ជាង​គេ​អំពី​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការធ្វើតាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ ទោះ​ជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។ សូម​សរសេរ​ផងដែរ​អំពី​របៀប ដែល​អ្នក​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការគោរពប្រតិបត្តិ ។

នៅ​ក្នុង ម៉ាថាយ ២៦:៥៦ សូម​កត់ចំណាំ​ថា ការព្យាករ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ថា ពួក​សាវក​នឹង​ងាក​ចេញ​ពី​ទ្រង់​ត្រូវបាន​បំពេញ ។ ប៉ុន្តែ ការងាក​ចេញ​នេះ​គឺ​គ្រាន់តែ​ជា​រឿង​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ។

ម៉ាថាយ ២៦:៦៩-៧៥ កត់ត្រា​ថា កាល​ព្រះយេស៊ូវ​កំពុង​ត្រូវ​គេ​កាត់​ទោស ក្រោយ​ពី​ចាប់​ព្រះកាយ​ទ្រង់​មក ពេត្រុស​បាន​បដិសេធ​មិន​ស្គាល់​ទ្រង់​ដល់​ទៅ​បី​លើក ។ ( កំណត់​ចំណាំ ៖ ការបដិសេធ​របស់​ពេត្រុស​នឹង​ពិភាក្សា​លម្អិត​នៅ​ក្នុង​មេរៀន​សម្រាប់ លូកា ២២ ) ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ២៦:៣១–៧៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖