បណ្ណាល័យ
មេរៀន​ទី ៧ ថ្ងៃទី ២ ៖ ម៉ាថាយ ២៧–២៨


មេរៀន​ទី ៧ ៖ ថ្ងៃ​ទី ២

ម៉ាថាយ ២៧–២៨

សេចក្តីផ្តើម

ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការរួម​គំនិត​ដើម្បី​ធ្វើ​គុត​ព្រះយេស៊ូវ​គ្រីស្ទ ពួក​អ្នកដឹកនាំ​សាសន៍​យូដា​បាន​នាំ​ទ្រង់​ទៅ​ជួប​ប៉ុនទាស-ពីឡាត់​ជា អភិបាល​រ៉ូម ។ ពីឡាត់​បាន​នាំ​ព្រះយេស៊ូវ​ទៅ​ឲ្យ​ធ្វើ​ទុក្ខទោស ហើយ​ត្រូវ​ឆ្កាង ។ ព្រះយេស៊ូវ​បាន​សុខ​ព្រះទ័យ​ទទួល​ការរងទុក្ខ និង​សេចក្ដីស្លាប់​ដើម្បី​បំពេញ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់ ។

ម៉ាថាយ ២៧:១–២៥

ព្រះយេស៊ូវ​ត្រូវបាន​នាំ​ទៅ​ឲ្យ​ពីឡាត់ ហើយ​ត្រូវ​គេ​ធ្វើ​ទុក្ខទោស ព្រមទាំង​ត្រូវ​គេ​ឆ្កាង

ប្រសិនបើ​អ្នក​អាច​ក្លាយ​ជា​សាក្សី​ម្នាក់​ចំពោះ​ព្រឹត្តិការណ៍​មួយ​ក្នុង​ព្រះគម្ពីរ តើ​អ្នក​នឹង​ជ្រើស​យក​ព្រឹត្តិការណ៍​មួយ​ណា ? ហេតុអ្វី ?

នៅ​ក្នុង​មេរៀន​នេះ អ្នក​នឹង​សិក្សា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ។ នៅ​ពេល​អ្នក​សិក្សា សូម​ស្រមៃ​ថា​អ្នក​កំពុង​ឃើញ​អ្វី​ដែល​បាន​កើតឡើង ។

នៅ​ក្នុង​ម៉ាថាយ ២៦ យើង​អាន​ថា ព្រះយេស៊ូវ​ត្រូវ​គេ​ចាប់​ព្រះកាយ ហើយ​ត្រូវ​គេ​ប៉ុនប៉ង​ព្យាបាទ និង ធ្វើ​ទុក្ខទោស​ដោយ​អយុត្តិធម៌​ពី​សំណាក់​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ។ នៅ​ក្រោម​ការគ្រប់គ្រង​របស់​ពួក​រ៉ូម ពួក​សាសន៍​យូដា​គ្មាន​អំណាច​ក្នុង​ការប្រហារ​ជីវិត​នរណាម្នាក់​ឡើយ ។ ហេតុដូច្នេះ​ហើយ ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ខំ​ស្វែងរក​បទល្មើស​មួយ​តាម​ច្បាប់​រ៉ូម​ដែល​ព្រះយេស៊ូវ​នឹង​ត្រូវ​បាន​គេ​ដាក់​ទោស​ដល់​សុគត ។

នៅ​ក្នុង ម៉ាថាយ ២៧:១–១០ យើង​រៀន​ថា ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​នាំ​ព្រះយេស៊ូវ​ទៅ​ជួប​ប៉ុនទាស-ពីឡាត់ ជា​អភិបាល​រ៉ូម​នៅ​ស្រុក​យូដា ។ កាល​យូដាស​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ គាត់​បាន​សោក​ស្ដាយ​ចំពោះ​ការជ្រើសរើស​ក្បត់​នឹង​ព្រះយេស៊ូវ គាត់​បាន​ខំ​យក​ប្រាក់​ដែល​គាត់​បាន​ទទួល​ទៅ​ឲ្យ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​វិញ ហើយ​ក្រោយ​មក​ទៀត​បាន​បញ្ចប់​ជីវិត​ខ្លួនឯង ។ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ បញ្ជាក់​ថា យូដាស « បាន​ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ឈើ ។ ហើយ​ភ្លាម​នោះ គាត់​បាន​ធ្លាក់​មក​ដី ហើយ​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ក៏​បាន​ស្លាប់​ទៅ » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ២៧:៦ [ នៅ​ក្នុង ម៉ាថាយ ២៧:៥ លេខ​យោង  ] ) ។

ដោយសារ​ប្រាក់​នោះ​គឺជា « ថ្លៃ​ឈាម » (ម៉ាថាយ ២៧:៦) វា​មិន​ត្រូវ​តាម​ច្បាប់​ដើម្បី​ដាក់​វា​បញ្ចូល​ទៅ​ក្នុង​រតនាគា​វិញ​ឡើយ ហេតុដូច្នេះ​ហើយ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ប្រើ​ប្រាក់​នោះ​ទិញ​ដី​វាល​របស់​ជាង​ស្មូន​សម្រាប់​ជាទី​កប់​ខ្មោច​មនុស្ស​ចម្លែក ( ជន​បរទេស ) ។ ម៉ាថាយ​បាន​យោង​ទៅ​ព្រឹត្តិការណ៍​នេះ​ជា​ការបំពេញ​មួយ​នៃ​ការព្យាករ ( សូម​មើល សាការី ១១:១២–១៣ ) ។

ដោយសារ​តែ​មាន​សម្ពាធ​ពី​សំណាក់​ពួក​សាសន៍​យូដា និង ការភ័យខ្លាច​ថា​នឹង​បាត់បង់​ការគ្រប់គ្រង​លើ​ប្រជាជន​ខ្លួនឯង​ផង ពីឡាត់​បាន​បញ្ជូន​ព្រះយេស៊ូវ​ទៅ​ឲ្យ​គេ​ឆ្កាង ( សូម​មើល ម៉ាថាយ ២៧:១១–២៦ ) ។ ( អ្នក​នឹង​មាន​ឱកាស​សិក្សា​ព្រឹត្តិការណ៍​ទាំងនេះ​កាន់តែ​លម្អិត​នៅ​ក្នុង​មេរៀន​សម្រាប់ យ៉ូហាន ១៨–១៩ ) ។

ម៉ាថាយ ២៧:២៦–៥០

ព្រះយេស៊ូវ​ត្រូវ​គេ​ធ្វើ​ទុក្ខទោស ប្រមាថ ហើយ​ឆ្កាង

រូបភាព
ខ្សែ​តី​មាន​ដាក់​កំទេច​ដែក​មុត​ស្រួច

ពី​មុន​បញ្ជូន​ព្រះយេស៊ូវ​ទៅ​ឆ្កាង ពីឡាត់​បាន​ឲ្យ​គេ​វាយ​នឹង​រំពាត់ ( សូម​មើល ម៉ាថាយ ២៧:២៦ ) ។ ត្រូវគេ​វាយ​នឹង​រំពាត់​មាន​ន័យ​ថា ត្រូវគេ​វាយ​ជា​ច្រើន​ដង​ដោយ​ប្រើ​ខ្សែ​តី​ដែល​មាន​កំទេច​ថ្ម ឬ​ចម្រឹង​មុត​ស្រួច​បង្កប់​នៅ​ក្នុង​ខ្សែ​មួយ​ចំនួន ។ ការដាក់ទោស​បែប​នេះ ជា​ធម្មតា​គឺ​សម្រាប់​ជន​ដែល​ជា​ពួក​អ្នកបម្រើ ចំណែក​ឯ​បុគ្គល​ដែល​មាន​ខ្សែ​លោហិត​ថ្លៃថ្នូរ ឬ​ពួក​អ្នកមាន​សេរីភាព​នៃ​រ៉ូម​ត្រូវបាន​គេ​វាយ​នឹង​ដំបង ។ មាន​មនុស្ស​ជាច្រើន​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ធ្វើ​ទុក្ខទោស​ឡើយ ដោយសារ​វា​ធ្វើ​ឲ្យ​មាន​របួស​រាងកាយ​យ៉ាង​ធ្ងន់ធ្ងរ ។

សូម​អាន ម៉ាថាយ ២៧:២៧–៣២ ដោយ​ស្វែងរក​ទង្វើ​ដែល ពួក​ទាហាន​រ៉ូម​បាន​ធ្វើ​ចំពោះ​ព្រះយេស៊ូវ ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ពួក​ទាហាន​បាន​ស្វែងរក​មនុស្ស​ម្នាក់​ឲ្យ​ជួយ​លី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូវ ?

  1. សូម​ស្រមៃ​ថា​អ្នក​មាន​ស្ថានភាព​ដូចជា​ស៊ីម៉ូន​ជា​សាសន៍​គីរេន ។ តើ​អ្នក​អាច​នឹង​មាន​គំនិត ឬ អារម្មណ៍​បែប​ណា ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​ហ្វូង​មនុស្ស ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូវ ? សូម​សរសេរ​ចម្លើយ​របស់​អ្នក នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ ។

ម៉ាថាយ ២៧:៣៣ កត់ត្រា​ថា ព្រះយេស៊ូវ​ត្រូវ​គេ​នាំ​ទៅ « កន្លែង​ហៅ​ថា គាល់កូថា ដែល​ស្រាយ​ថា​ភ្នំ​លលាដ៏​ក្បាល » ។

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​ឈ្មោះ​នៃ​ទីកន្លែង​នោះ​ថា​ដូច្នេះ ៖ « ឈ្នោះ​នោះ​អាច​ត្រូវបាន​ហៅ​ដោយ​យោង​តាម​លក្ខណៈ​ពិសេស​នៃ​ទ្រង់ទ្រាយ ដូចជា​យើង​និយាយ​អំពី​កំពូល​ភ្នំ​មួយ ឬ ថា​បើ​កន្លែង​នោះ​ជា​កន្លែង​ដែល​ជា​ធម្មតា​ប្រើ​សម្រាប់​ការប្រហារ​ជីវិត វា​អាច​នឹង​ត្រូវបាន​ហៅ​ដូច្នោះ​ជា​ការបង្ហាញ​ពី​សេចក្ដី​ស្លាប់ គឺ​ដូចជា​យើង​ហៅ​ឆ្អឹង​លលាដ៏​ក្បាល​មួយ ថា​ជា​ក្បាល​មនុស្ស​ស្លាប់​ដែរ » (Jesus the Christ, កំណែ​ទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៦៦៧ ) ។

ម៉ាថាយ ២៧:៣៤–៤៥ កត់ត្រា​ថា ព្រះយេស៊ូវ​បដិសេធ​មិន​សោយ​ទឹក​ខ្មេះ ដែល​ជា​ធម្មតា​ត្រូវបាន​ផ្ដល់​ឲ្យ​ដល់​អ្នក​ដែល​ត្រូវ​ឆ្កាង​ផឹក​ដើម្បី​កាត់បន្ថយ​ការឈឺចាប់ ។ មនុស្ស​ដទៃ​ទៀត​ដែល​ឃើញ​ការឆ្កាង បាន​ព្យាយាម​ប្រមាថ ហើយ​ល្បួង​ព្រះយេស៊ូវ ។

សូម​អាន ម៉ាថាយ ២៧:៤៦ ដោយ​ស្វែងរក​បន្ទូល​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​កាល​នៅ​លើ​ឈើ​ឆ្កាង​នោះ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​គ្រា​នេះ សូម​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ខ្ញុំ​សូម​ថ្លែង​ដោយ​ប្រុងប្រយ័ត្ន ក៏​មាន​គារវភាព​ផងដែរ អំពី​អ្វី​ដែល​អាច​បាន​កើតឡើង​នៅ​ក្នុង​គ្រា​ដ៏​តោកយ៉ាក​បំផុត​នៅ​ក្នុង​ដំណើរ​តែ​អង្គ​ឯង​ទៅ​ធ្វើ​ដង្វាយធួន​នេះ ។ ខ្ញុំ​សូម​ថ្លែង​អំពី​គ្រា​ចុង​ក្រោយ​ទាំងនោះ ដែល​ព្រះយេស៊ូវ​ច្បាស់​ជា​បាន​ត្រៀម​ព្រះកាយ​រួចរាល់​ខាង​បញ្ញា និង ខាង​រូបកាយ ប៉ុន្តែ​ទ្រង់​អាច​នឹង​ពុំ​បាន​ត្រៀម​យ៉ាង​ពេញលេញ​ខាង​សតិអារម្មណ៍ និង ខាង​វិញ្ញាណ​ឡើយ—ដែល​រួម​មាន​ដើមហេតុ​ដែល​នាំ​ទៅ​រក​ការអស់​សង្ឃឹម​នៃ​ការដកខ្លួន​ដ៏​ទេវភាព​កាល​ទ្រង់​បាន​ស្រែក​ដោយ​ភាពឯកោ ចុងក្រោយ​ថា ‹ ឱ ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុអ្វី​បាន​ជា ទ្រង់ ចោល​ទូលបង្គំ ? › [ ម៉ាថាយ ២៧:៤៦ បាន​គូស​បញ្ជាក់​បន្ថែម ] ។ …

« ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​អស់​ពី​ជំនឿ​នៃ​ព្រលឹង​របស់​ខ្ញុំ​ថា … ព្រះវរបិតា​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​អង្គ​ពុំ​បាន​បោះបង់​ចោល​ព្រះរាជបុត្រា​របស់​ទ្រង់​នៅ​គ្រា​នោះ​ឡើយ ។ ពិតណាស់ វា​គឺជា​ជំនឿ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ថា នៅ​រាល់​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះគ្រីស្ទ ព្រះវរបិតា​ពុំ​ធ្លាប់​គង់​នៅ​ជិត​នឹង​ព្រះរាជបុត្រា​របស់​ទ្រង់​ជាង​នៅ​គ្រា​ចុងក្រោយ​នៃ​ការរងទុក្ខ​ដ៏​ឈឺចាប់​ទាំង​នេះ​ឡើយ ។ យ៉ាងណា​ក៏ដោយ … ព្រះវរបិតា​បាន​ដក​យក​ការ​លួងលោម​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់​ចេញ​ពី​ព្រះយេស៊ូវ​មួយ​រយៈ​ខ្លី ដែល​ជា​ការគាំទ្រ​នៃ​វត្តមាន​ដ៏​ផ្ទាល់​របស់​ទ្រង់ » ( « None Were with Him » EnsignLiahona ខែ​ឧសភា ឆ្នាំ ២០០៩ ទំព័រ​៨៧–៨៨ ) ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​បាន​ដក​យក​ព្រះវិញ្ញាណ​របស់​ទ្រង់ ចេញ​ពី​ព្រះយេស៊ូវ​នៅ​គ្រា​នោះ ?

សូម​អាន​ផ្នែក​បញ្ចប់​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ហូឡិន ហើយ​គូសចំណាំ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​ជួប​ប្រទះ​នឹង​ការដកខ្លួន​របស់​ព្រះវិញ្ញាណ ៖ « វា​តម្រូវ​ឲ្យ​មាន ពិតណាស់​វា​គឺជា​កត្តា​ដ៏​សំខាន់​ចំពោះ​សារៈសំខាន់​នៃ​ដង្វាយធួន ដែល​ព្រះរាជបុត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​អង្គ​នេះ ដែល​ពុំ​ធ្លាប់​មាន​បន្ទូល​ពី​រឿង​អាក្រក់ ឬ​ធ្វើ​ខុស ឬ​ប៉ះ​នឹង​រឿង​ដែល​មិន​ស្អាត អង្គ​ទ្រង់​ត្រូវ​តែ​ស្គាល់​ពី​អារម្មណ៍​ដែល មនុស្ស​ដទៃ—គឺ​យើង គឺ​យើង​ទាំងអស់​គ្នា—មាន នៅ​ពេល​យើង​បាន​ធ្វើ​អំពើ​បាប​បែប​នោះ ។ ដើម្បី​ឲ្យ​ដង្វាយធួន​របស់​ទ្រង់​គ្មាន​ទីបញ្ចប់ ហើយ​មាន​ភាពអស់​កល្ប ទ្រង់​ត្រូវ​ទទួល​អារម្មណ៍​ថាតើ​សេចក្ដី​ស្លាប់​មាន​សភាព​បែបណា​ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ដើម្បី​ទទួល​អារម្មណ៍​ថាតើ​ការបាត់​ព្រះវិញ្ញាណ​នៃ​ព្រះ​មាន​សភាព​បែបណា ដោយ​បន្សល់​ទុក​នូវ​អារម្មណ៍​ឯកោ​ទាំងស្រុង ហើយ​អស់​សង្ឃឹម​នោះ » ( « None Were with Him » ទំព័រ ៨៨ ) ។

ចេញ​ពី ម៉ាថាយ ២៧:៤៦ និង សេចក្ដី​ថ្លែងការណ៍​របស់ ហូឡិន យើង​អាច​រៀន​ថា ជា​ផ្នែក​នៃ​ដង្វាយធួន ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​អារម្មណ៍​ថា​ព្រះវិញ្ញាណ​របស់​ព្រះវរបិតាសួគ៌​បាន​ដក​ខ្លួន​ចេញ​ពី​ទ្រង់ ។

នៅ​ពេល​យើង​ធ្វើ​បាប យើង​មាន​បទពិសោធន៍​នៃ​ការស្លាប់​ខាង​វិញ្ញាណ—ដែល​ជា​ការដកខ្លួន​ចេញ​នៃ​ព្រះវិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌ ។ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​ដកពិសោធន៍​នូវ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅ​លើ​ឈើ​ឆ្កាង នោះ​ទ្រង់​អាច​ជួយ​យើង​នៅ​ពេល​យើង​បែក​ចេញ​ពី​ព្រះវិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌ ដោយសារ​ការជ្រើសរើស​មិន​ល្អ​របស់​យើង ។ ទ្រង់​ក៏​អាច​ជួយ​យើង​នៅ​ពេល​យើង​មាន​អារម្មណ៍​ឯកោ​ផងដែរ ។

សូម​អាន ម៉ាថាយ ២៧:៥០ ។ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ថ្លែង​ថា « កាល​ព្រះយេស៊ូវ ទ្រង់​បាន​ស្រែក​ជា​ខ្លាំង​ម្តង​ទៀត នោះ​ទ្រង់​មាន​បន្ទូល​ថា ព្រះវរបិតា​អើយ វា​បាន​បញ្ចប់​ហើយ ព្រះទ័យ​ទ្រង់​បាន​សម្រេច​ហើយ ក៏​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ​វិញ » ( ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៧:៥៤ [ នៅ​ក្នុង ម៉ាថាយ ២៧:៥០ លេខ​យោង  ] ) ។

ស្របតាម​ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ អំពី​ខគម្ពីរ​នេះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​រង​ការឈឺចាប់​ដើម្បី​បំពេញ​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ។

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ២៦ នៅ​ក្នុង​មេរៀន​មុន អ្នក​បាន​រៀន​អំពី​ការរង​ការឈឺចាប់​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី និង ព្រះទ័យ​ទ្រង់​ក្នុង​ការដាក់​ព្រះបំណង​ទ្រង់​ទៅ​ក្នុង​ព្រះបំណង​របស់​ព្រះវរបិតា ។ អ្នក​អាច​នឹង​ចង់​សរសេរ ម៉ាថាយ ២៦:៣៩ ទុក​ជា​បទគម្ពីរ​យោង​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ាថាយ ២៧:៥០ ដើម្បី​ជួយ​អ្នក​ចងចាំ​ថា ព្រះយេស៊ូវ​បាន​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ធ្វើ ។

សូម​អាន ម៉ាថាយ ២៧:៥១ ដោយ​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ពេល​ព្រះយេស៊ូវ​បាន​សុគត ។

រូបភាព
temple diagram

នៅ​ក្នុង​សម័យ​ព្រះយេស៊ូវ ព្រះវិហារ​បរិសុទ្ធ​មាន​បន្ទប់​ពីរ—គឺ​ទី​បរិសុទ្ធ និង ទីបរិសុទ្ធ​ដ៏​ពិសិដ្ឋ ។ បន្ទប់​ទាំង​ពីរ​នេះ​ត្រូវ​ខណ្ឌ​ដាច់​ពី​គ្នា​ដោយ​វាំង​នន ឬ​រនាំង​មួយ ។ « ទីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​គឺ​ជា​បន្ទប់​ដ៏​ពិសិដ្ឋ​បំផុត​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ពី​បូរាណ វា​ជា​និមិត្តរូប​នៃ​វត្តមាន​របស់​ព្រះ ។ មួយ​ឆ្នាំ​ម្ដង នៅ​ថ្ងៃ​បុណ្យ​យញ្ញបូជា សង្ឃ​ជាន់ខ្ពស់​បាន​ដើរ​កាត់​ពី​ទី​បរិសុទ្ធ​តាម​វាំង​នន​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ ជា​កន្លែង​ដែល​គាត់​បាន​បង្ហូរ​ឈាម​នៃ​ដង្វាយ​លោះ​បាប​មួយ​ដើម្បី​ឲ្យ​ធួន​សម្រាប់​អំពើ​បាប​នៃ​ក្រុម​ជំនុំ​ទាំងអស់​របស់​អ៊ីស្រាអែល ( សូម​មើល លេវីវិន័យ ១៦ ) ។ កាល​វាំង​នន​ព្រះវិហារ​បរិសុទ្ធ​បាន « រហែក​ជា​ពីរ » នៅ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​សុគត ( ម៉ាថាយ ២៧:៥១ ) វា​គឺជា​និមិត្ត​សញ្ញា​ដ៏​អស្ចារ្យ​មួយ​ថា ព្រះអង្គ​សង្គ្រោះ ដែល​ជា​សង្ឃជាន់ខ្ពស់​ដ៏​អស្ចារ្យ បាន​ឆ្លង​កាត់​តាម​វាំង​នន​នៃ​សេចក្ដី​ស្លាប់ ហើយ​មិន​យូរ​ប៉ុន្មាន​នឹង​យាង​ចូល​ទៅ​ក្នុង​វត្តមាន​នៃ​ព្រះ [ ជា​ព្រះវរបិតា ] » ( New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៩៤ ) ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​វាំងនន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​រហែក​ដូច​តទៅនេះ ៖ « ឥឡូវ​នេះ​ព្រះគ្រីស្ទ​បាន​ធ្វើ​ពលិកម្ម ក្រឹត្យវិន័យ​ត្រូវបាន​បំពេញ គ្រាកាន់កាប់ត្រួតត្រា​មូសាអ៊ីក​បាន​ដួល​រលំ ភាពពោរពេញ​នៃ​ដំណឹងល្អ​បាន​កើត​មាន​ដោយ​មាន​ពន្លឺ និង អំណាច​របស់​វា យ៉ាង​ដូច្នោះ—ដើម្បី​ធ្វើ​វា​ឲ្យ​មហស្ចារ្យ តាម​របៀប​មួយ​ដែល​ពួក​អ្នក​ស្រុក​យូដា​ទាំងអស់​នឹង​បាន​ដឹង ថា​នគរ​ត្រូវបាន​ដកយក​ចេញ​ពី​ពួកគេ ហើយ​ប្រគល់​ទៅ​ឲ្យ​អ្នក​ផ្សេង​វិញ—ព្រះ​បាន​ហែក​វាំងនន​នៃ​ព្រះវិហារ​បរិសុទ្ធ ‹ ចាប់​តាំង​ពី​លើ​ចុះ​ទៅ​ដល់​ក្រោម › ។ ឥឡូវ​នេះ​ទីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​បាន​បើក​សម្រាប់​មនុស្ស​គ្រប់​រូប តាមរយៈ​ព្រះលោហិត​ដ៏​ធួន​នៃ​កូនចៀម ឥឡូវ​នេះ​មនុស្ស​ទាំងអស់​អាច​ចូល​ទៅ​ក្នុង​ទី​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ​ជាង​ទី​ណាៗ​ទាំងអស់ ជា​នគរ​ដែល​មនុស្ស​រក​ឃើញ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ … ពិធីបរិសុទ្ធ​នានា​ដែល​បាន​ធ្វើ​ឡើង​តាម​វាំង​នន​នៃ​ព្រះវិហារ​បរិសុទ្ធ​បូរាណ​នោះ​គឺ​តំណាង​ឲ្យ​អ្វី​ដែល​ព្រះគ្រីស្ទ​ត្រូវ​ធ្វើ ដែល​ឥឡូវ​នេះ​ទ្រង់​កំពុង​ធ្វើ មនុស្ស​ទាំងអស់​មាន​សិទ្ធិ​ឆ្លង​កាត់​វាំង​នន​នោះ​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ព្រះអម្ចាស់​ដើម្បី​គ្រង​ភាព​តម្កើង​ឡើង​ដ៏​ពេញ​លេញ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៨៣០ អក្សរ​ទ្រេត​បាន​បន្ថែម ) ។

យើង​រៀន​ចេញ​ពី​ការរហែក​វាំងនន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ពេល​ព្រះគ្រីស្ទ​សុគត​ថា ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ទាំងអស់​គ្នា​អាច​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ​បាន ប្រសិនបើ​យើង​ប្រែចិត្ត ហើយ​រក្សា​សេចក្ដី​សញ្ញា ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​ឲ្យ​យើង​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វិញ​បាន​ដោយ​របៀប​ណា ?

    2. តើ យើង ត្រូវតែ​ធ្វើ​អ្វី​ខ្លះ​ដើម្បី មាន​ភាពសក្ដិសម​រស់នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​យើង​អស់កល្ប​ជានិច្ច ?

ម៉ាថាយ ២៧:៥២–៦៦ ផ្ដល់​ព័ត៌មាន​កាន់តែ​ច្រើន​អំពី​អ្វី​ដែល​បាន​កើតឡើង​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត ។ សូម​កត់ចំណាំ​ថា ម៉ាថាយ​បាន​កត់ត្រា​ថា​វា​គឺ « បន្ទាប់​ពី ការមាន​ព្រះជន្ម​រស់ឡើងវិញ [ របស់​ព្រះយេស៊ូវ ] » ( ម៉ាថាយ ២៧:៥៣ អក្សរ​ទ្រេត​បាន​បន្ថែម ) ដែល​ប្រជាជន​សុចរិត​ជា​ច្រើន​ដែល​បាន​ស្លាប់ ក៏​បាន​រស់ឡើងវិញ​ដែរ ហើយ​បាន​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​ឃើញ​នៅ​ក្រុង​យេរូសាឡិម ( សូម​មើល​ផងដែរ គ. និង ស. ១៣៣:៥៤–៥៦ ) ។

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត យ៉ូសែប​ដែល​នៅ​ភូមិ​អើរីម៉ាថេ ជា​សិស្ស​ម្នាក់​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ « បាន [ សូម ] ព្រះសព​ព្រះយេស៊ូវ » ( ម៉ាថាយ ២៧:៥៨ សូម​មើល​ផងដែរ យ៉ូហាន ១៩:៣៩ ) ។ ព្រះសព​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​រុំ​នឹង​កំណាត់​សំពត់​ស្អាត​មួយ ហើយ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​យ៉ូសែប​ដែល​នៅ​ភូមិ​អើរីម៉ាថេ ហើយ​ច្រក​ទា្វរ​ផ្នូរ​ត្រូវបាន​បិទ​ដោយ​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ ។ ដោយ​មាន​ការបង្ខំ​ពី​សំណាក់​ពួក​សង្ឃរាជ និង អាចារ្យ​ផារីស៊ី ពីឡាត់​បាន​បញ្ជា​ឲ្យ​មាន​អ្នក​យាម​ផ្នូរ ហើយ​ច្រក​ទ្វារ​ផ្នូរ​ត្រូវបាន​បិទ​ភ្ជាប់ ។ ស្របតាម ម៉ាថាយ ២៧:៦៣–៦៤ ហេតុអ្វី​បាន​ជា​ពួក​សង្ឃរាជ និង អាចារ្យ​ផារីស៊ី​ចង់​ធ្វើ​ដូចនេះ ?

ម៉ាថាយ ២៨

ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​បាន​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស​ជាច្រើន

ស្របតាម ម៉ាថាយ ២៨:១–៥ នា​ពេល​ព្រលឹម​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍ ឬ ជា​ថ្ងៃ​អាទិត្យ ម៉ារា ម៉ាក់ដាឡា និង ស្ត្រី​ម្នាក់​ទៀត​គឺ ម៉ារី បាន​ទៅ​ឯ​ផ្នូរ ។ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ២៨:២ ថ្លែង​ថា នៅ​ទី​នោះ​ពួកគេ​បាន​ឃើញ​ទេវតា ពីរ ព្រះអង្គ ( សូម​មើល ម៉ាថាយ ២៨:២ លេខ​យោង  ) ។

បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ សមាជិក​នៃ​សាសនាចក្រ​បាន​គោរព ហើយ​រក្សា​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​ទីបំផុត​ការគោរព​ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​ឈប់​សម្រាក​ត្រូវបាន​បញ្ចប់ ។ ការផ្លាស់ប្ដូរ​ពី​ការរក្សា​ថ្ងៃ​ចុងក្រោយ​គេ​ក្នុង​សប្ដាហ៍​ទៅ​ជា​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​វិញ គឺ​ពុំ​សំខាន់​ខ្លាំង​ដូចជា​បរិបទ និង គោលការណ៍​នៃ​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ ។

សូម​អាន ម៉ាថាយ ២៨:៦–៧ ដោយ​ស្វែងរក​អ្វី​ដែល​ទេវតា បាន​មាន​បន្ទូល​ទៅ​កាន់​ស្ត្រី​ទាំងនោះ ។

នៅ​ក្នុង ម៉ាថាយ ២៨:៨–១០, ១៦–១៨ យើង​អាន​ថា​ស្ត្រី​ទាំងនោះ​បាន​ទៅ​ប្រាប់ ពួក​សិស្ស​អំពី​ដែល​ពួកគេ​បាន​មើល​ឃើញ ហើយ​ស្ដាប់​ឮ ។ នៅ​តាម​ផ្លូវ ព្រះយេស៊ូវ​បាន​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ពួកគេ​ឃើញ ហើយ​ស្ត្រី​ទាំងនោះ « ក៏​ចូល​ទៅ ឱប​ព្រះបាទ​ថ្វាយ​បង្គំ​ទ្រង់ » ( ម៉ាថាយ ២៨:៩ ) ។ ក្រោយ​មក នៅ​ពេល​ពួក​សិស្ស​បាន​ធ្វើតាម​សម្ដី​របស់​ស្ត្រី​ទាំងនោះ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ នោះ​ព្រះអង្គ​សង្គ្រោះ​ក៏​បាន​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ពួកគេ​ឃើញ​ដែរ ។ ដើម្បី​រៀន​បន្ថែម​អំពី​ការបង្ហាញ​ព្រះកាយ​របស់​ព្រះយេស៊ូវ​ពី​មុន​ទ្រង់​យាង​ឡើង​ទៅ​ស្ថានសួគ៌ សូម​មើល Harmony of the Gospels ។

សូម​អាន ម៉ាថាយ ២៨:១៩–២០ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ត្រាស់​បង្គាប់​ពួក​សាវក​ទ្រង់​ឲ្យ​ធ្វើ ។ ( ម៉ាថាយ ២៨:១៩–២០ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ខគម្ពីរ​ទាំងនេះ នៅ​ក្នុង​របៀប​មួយ​ដែល​ងាយស្រួល​រក​ឃើញ ) ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ការ​ទទួល​ខុសត្រូវ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​ដល់​ពួក​សាវក​ទ្រង់​គឺ​ថា នៅ​ពេល​យើង​បង្កើន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​ទៅ​ដល់​មនុស្ស​ទូទៅ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—ម៉ាថាយ ២៨:១៩-២០

  1. សូម​ធ្វើ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. រាយ​នាម​យ៉ាងហោចណាស់​វិធី​បី​យ៉ាង ដែល​យើង​អាច​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ដល់​មនុស្ស​ទូទៅ ។ ក្រោយ​មក​ជ្រើសរើស​វិធី​មួយ​ចេញ​ពី​បញ្ជី​របស់​អ្នក រួច​ដាក់​គោលដៅ​ទាក់ទង​នឹង​របៀប​ដែល​អ្នក​នឹង​ព្យាយាម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​ដល់​មនុស្ស​ផ្សេង​ទៀត ។

    2. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ទាំងនេះ ៖ សូម​ពិចារណា​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​នៅ​ក្នុង ម៉ាថាយ ១៨:១៩–២០ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ត្រៀមខ្លួន​បម្រើ​បេសកកម្ម ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ២៧–២៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖