បណ្ណាល័យ
សេចក្ដីផ្ដើម​នៃ​គម្ពីរ​ម៉ាថាយ


សេចក្ដីផ្ដើម​នៃ គម្ពីរ​ម៉ាថាយ

តើ​ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

វគ្គ​ដែល​ពេញ​និយម​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​គឺ​មាន​នៅ​ក្នុង​គម្ពីរ​ម៉ាថាយ រួមបញ្ចូល​ទាំង​ទេសនកថា​នៅ​លើ​ភ្នំ និង រឿង​ប្រៀប​ប្រដូច​ជាច្រើន ការបង្រៀន និង អព្ភូតហេតុ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការសិក្សា​គម្ពីរ​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ការងារ​បម្រើ និង ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​លោកិយ និង​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា ដែល​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​ទាំងអស់​បាន​ព្យាករ ។

តើ​នរណា​ជា​អ្នក​សរសេរ​គម្ពីរ​នេះ ?

ម៉ាថាយ ដែល​គេ​ស្គាល់​ថា​ជា​សាសន៍​លេវី​ដែរ​នោះ និង​ជា​កូនប្រុស​របស់​អាល់ផាយ​គឺជា​អ្នក​រៀបរៀង​គម្ពីរ​នេះ ។ លោក​គឺជា​អ្នក​យក​ពន្ធ​ម្នាក់​ពីមុន​ជីវិត​របស់​លោក​បាន​ផ្លាស់ប្ដូរ​ជា​រៀង​រហូត កាល​លោក​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ដើរ​តាម​ទ្រង់ ។ ( សូម​មើល ម៉ាថាយ ៩:៩, ម៉ាកុស ២:១៤, លូកា ៥:២៧–២៨, Bible Dictionary « Matthew » ) ។ បន្ទាប់​ពី​ការប្រែចិត្ត​ជឿ​របស់​លោក ម៉ាថាយ​បាន​ក្លាយ​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​ពួក​សាវក​ទាំង​ដប់​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ( សូម​មើល ម៉ាថាយ ១០:២–៤ ) ។ ក្នុង​នាម​ជា​សាវក​មួយ​រូប ម៉ាថាយ​គឺជា​សាក្សី​ម្នាក់​អំពី​ព្រឹត្តិការណ៍​ជាច្រើន​ដែល​លោក​បាន​ពិពណ៌នា​នៅ​ក្នុង​កំណត់ត្រា​របស់​លោក ។ ការណ៍​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​ដាក់​ចំណង​ជើង​នៃ​ដំណឹងល្អ​របស់​លោក​នៅ​ក្នុង​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ៖ « ទីបន្ទាល់​របស់​ម៉ាថាយ » ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

យើង​ពុំ​បាន​ដឹង​ច្បាស់​ពី​ពេល​វេលា​ដែល​គម្ពីរ​ម៉ាថាយ​ត្រូវ​បាន​រៀបរៀង​ឡើង​ឡើយ ប៉ុន្តែ​វា​ទំនង​ជា​រៀបរៀង​ឡើង​នៅ​អំឡុង​ពាក់​កណ្ដាល​សតវត្សរ៍​ទី​មួយ មុន គ.ស. ។ យើង​ពុំ​ដឹង​ពី​ទីកន្លែង​ដែល​ម៉ាថាយ​រៀបរៀង​គម្ពីរ​នេះ​ទេ ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​សម្រាប់​នរណា ហើយ​តើ​ហេតុអ្វី ?

ម៉ាថាយ​ហាក់ដូចជា​បាន​សរសេរ​ទៅ​អ្នក​អាន​សាសន៍​យូដា​ដើម្បី​បង្ហាញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ​ការព្យាករ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​អំពី​ព្រះមែស៊ី (សូម​មើល Bible Dictionary « Matthew » ) ។ ដូច​ដែល​ម៉ាថាយ​បាន​និទាន​អំពី​ព្រះជន្ម ព្រះបន្ទូល និង សកម្មភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ទៀងទាត់​ម៉ាថាយ​បាន​និយាយ​អំពី​ការព្យាករ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ហើយ​បាន​ប្រើ​ឃ្លា​ថា « ដើម្បី​ឲ្យ​បាន​សម្រេច » ( ឧទាហរណ៍ សូម​មើល ម៉ាថាយ ៤:១៤, ៨:១៧, ១៣:៣៥, ២១:៤ ) ។

នៅ​ក្នុង​ដំណឹងល្អ​របស់​លោក ម៉ាថាយ​បាន​ប្រើ​ពាក្យ « វង្សា​ហ្លួង​ដាវឌី » ១២​ដង ជា​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អ្នក​គ្រង​មរតក​នៃ​បល្ល័ង្ក​របស់​ស្ដេច​ដេវីឌ​ដ៏​ពេញ​ច្បាប់ និង​ជា​ការបំពេញ​នៃ​ការព្យាករ​អំពី​ព្រះមែស៊ី ។ ពង្សាវតា​ព្រះយេស៊ូវ​គ្រីស្ទ​របស់​ម៉ាថាយ​បាន​គូស​ដាន​ពី​តំណ​ពូជពង្ស​របស់​ទ្រង់​តាមរយៈ​ដាវីឌ យូដា និង អ័ប្រាហាំ ( សូម​មើល ម៉ាថាយ ១:១–៣ ) ដោយ​បង្ហាញ​ពី​សិទ្ធិ​របស់​ព្រះយេស៊ូវ​ដើម្បី​គ្រប់គ្រង និង​តួនាទី​របស់​ទ្រង់​នៅ​ក្នុង​ការបំពេញ​ការសន្យា​របស់​ព្រះ​ចំពោះ​អ៊ីស្រាអែល ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅ​ក្នុង​គម្ពីរ​នេះ ?

ទោះជា​ឯកសារ​មួយ​ភាគ​ធំ​របស់​ម៉ាថាយ​ក៏​មាន​នៅ​ក្នុង​ម៉ាកុស និង លូកា​ក្ដី ក៏ប្រហែល​ជា ៤២ ភាគរយ​នៃ​ដំណឹងល្អ​របស់​ម៉ាថាយ​គឺជា​គម្ពីរ​វិសេស​វិសាល​ដាច់​ដោយ​ឡែក​ដែរ ។ ប្រធានបទ​ចម្បង​មួយ​នៅ​ក្នុង​គម្ពីរ​ម៉ាថាយ​គឺជា​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ដើម្បី​ស្ថាបនា​នគរ​របស់​ទ្រង់​នៅ​លើ​ផែនដី ។ ម៉ាថាយ​បាន​លើក​ឡើងពី « នគរ​ស្ថានសួគ៌ »​ជា​ច្រើន​ដង ហើយ​លោក​គឺជា​អ្នក​រៀបរៀង​ដំណឹងល្អ​តែ​ម្នាក់​គត់​ដែល​បាន​ដាក់​បញ្ចូល​ការបង្រៀន​របស់​ព្រះយេស៊ូវ​ដែល​លើក​ឡើង​ពី​ « សាសនាចក្រ » ( សូម​មើល ម៉ាថាយ ១៦:១៨, ១៨:១៧ ) ។

ដំណឹងល្អ​របស់​ម៉ាថាយ​ក៏​ជួយ​យើង​ឲ្យ​ឃើញ​ពី​ភាពស្របគ្នា​រវាង​ការងារ​បម្រើ​របស់​លោក​ម៉ូសេ និង ព្រះយេស៊ូវគ្រីស្ទ​ដែរ ។ ឧទាហរណ៍ តួអង្គ​ទាំង​ពីរ​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាល​នៅ​ជា​ទារក​ពី​ការ​ប៉ុនប៉ង​សម្លាប់​របស់​ស្ដេច ( សូម​មើល និក្ខមនំ ២:១–១០, ម៉ាថាយ ២:១៣–១៨ ) បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ បាន​នាំ​យក​ក្រឹត្យវិន័យ​ពី​ព្រះ​នៅ​លើ​ភ្នំ ( សូម​មើល និក្ខមនំ ១៩–២០, ម៉ាថាយ ៥–៧ ) ហើយ​បាន​ទៅ​ជួយ​រំដោះ​ប្រជាជន​របស់​ខ្លួន ។

គម្រោង

ម៉ាថាយ ១–៤ ។ ម៉ាថាយ​បង្ហាញ​អំពី​ពង្សាវតា និង​ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួក​ហោរា​ស្វែងរក​ស្ដេច​នៃ​ពួក​សាសន៍​យូដា ។ ដោយ​ទទួល​បាន​ការដឹកនាំ​នៅ​ក្នុង​សុបិន យ៉ូសែប​បាន​នាំ​ម៉ារា និង ព្រះ​យេស៊ូវ​ទៅ​ស្រុក​អេស៊ីព្ទ ហើយ​ក្រោយ​មក​ទៀត​ទៅ​ស្រុក​ណាសារ៉ែត ។ យ៉ូហាន បាទីស្ទ​ប្រកាស​ពី​ដំណឹងល្អ​នៃ ការ​ប្រែចិត្ត ហើយ​បាន​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអង្គ​សង្គ្រោះ​បាន​ទទួល​ការ​ល្បួង​នៅ​ក្នុង​ទីរហោស្ថាន ។ ទ្រង់​ចាប់ផ្ដើម​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ដោយ​ការបង្រៀន និង​ការ​ព្យាបាល ។

ម៉ាថាយ ៥–៧ ។ ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ទេសនកថា​នៅ​លើ​ភ្នំ ។

ម៉ាថាយ ៨–១២ ។ ព្រះអង្គ​សង្គ្រោះ​ព្យាបាល​មនុស្ស​កើត​ឃ្លង់​ម្នាក់ ធ្វើ​ឲ្យ​ព្យុះ​ស្ងប់ បណ្ដេញ​អារក្ស ប្រោស​កូនស្រី​យ៉ៃរ៉ុស​ពី​ស្លាប់ ហើយ​ព្យាបាល​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ។ ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​ដូចជា​ទ្រង់​ធ្វើ ដល់​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​បញ្ជូន​ពួក​លោក​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ ។ ព្រះយេស៊ូវ​ប្រកាស​ថា យ៉ូហាន បាទីស្ទ​គឺ​លើស​ពី​ព្យាការី​មួយ​រូប​ទៅ​ទៀត ។ ព្រះអង្គ​សង្គ្រោះ​ព្យាបាល​នៅ​ថ្ងៃ​ឈប់​សម្រាក ។

ម៉ាថាយ ១៣–១៥ ។ ព្រះយេស៊ូវ​បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច ។ យ៉ូហាន បាទីស្ទ ត្រូវបាន​គេ​សម្លាប់ ។ ព្រះយេស៊ូវ​បាន​ប្រទាន​ចំណី​អាហារ​ដល់​ប្រជាជន ៥០០០ នាក់ ។ ទ្រង់​បាន​យាង​លើ​សមុទ្រ​កាលីឡេ ហើយ​ពេត្រុស​បាន​ដើរ​ឆ្ពោះ​ទៅ​រក​ទ្រង់ ។ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចោទ​សួរ​ព្រះយេស៊ូវ ។

ម៉ាថាយ ១៦–១៨ ។ បន្ទាប់​ពី​ពេត្រុស​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី ព្រះអង្គ​សង្គ្រោះ​គូសបញ្ជាក់​ថា ទ្រង់​នឹង​ប្រទាន​កូនសោ​នៃ​នគរ​ព្រះ​ដល់​ពេត្រុស និង ពួក​សាវក​ដប់ពីរ​នាក់ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រែ​ព្រះកាយ​នៅ​លើ​ភ្នំ ជាទីដែល​ពេត្រុស យ៉ាកុប និង យ៉ូហាន​បាន​ទទួល​កូនសោ​បព្វជិតភាព ។ ព្រះយេស៊ូវ​បង្គាប់​ដល់​ពួក​សិស្ស​របស់​ទ្រង់​អំពី​របៀប​ដឹកនាំ​សាសនាចក្រ ហើយ​បង្រៀន​ថា ព្រះ​នឹង​ពុំ​អភ័យទោស​ឲ្យ​យើង​ឡើយ ប្រសិន​បើ​យើង​ពុំ​អភ័យទោស​ដល់​អ្នក​ដទៃ ។

ម៉ាថាយ ១៩–២៣ ។ ព្រះអង្គ​សង្គ្រោះ​បង្រៀន​អំពី​លក្ខណៈ​ដ៏​អស់កល្ប​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ ។ ទ្រង់​យាង​ចូល​ទៅ​ក្រុង​យេរូសាឡិម ហើយ​បាន​សម្អាត​ព្រះវិហារ​បរិសុទ្ធ ។ តាមរយៈ​ការប្រើ​រឿង​ប្រៀបប្រដូច ព្រះយេស៊ូវ​បាន​លាត​ត្រដាង​អំពី​ចេតនា​អាក្រក់​របស់​ពួក​អ្នកដឹកនាំ​សាសន៍​យូដា​ដែល​ប្រឆាំង​នឹង​ទ្រង់ ។ ទ្រង់​សោយ​សោក​ចំពោះ​ការបំផ្លិច​បំផ្លាញ​នៃ​ទីក្រុង​យេរូសាឡិម​នា​ពេល​អនាគត ។

ម៉ាថាយ ២៤–២៥ យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ព្យាករ​អំពី​ការបំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម ។ ទ្រង់​បង្រៀន​អំពី​របៀប​ដែល​ពួក​អ្នក​ដើរតាម​ទ្រង់​អាច​រៀបចំ​ខ្លួន សម្រាប់​ការយាង​មក​វិញ​របស់​ទ្រង់ ។

ម៉ាថាយ ២៦–២៧ ។ ព្រះយេស៊ូវ​សោយ​ព្រះស្ងោយ​សម្រាប់​បុណ្យ​រំលង​ជាមួយ​នឹង​ពួក​សិស្ស​របស់​ទ្រង់ ហើយ​ណែនាំ​អំពី​ពិធី​សាក្រាម៉ង់ ។ ទ្រង់​រងទុក្ខ​នៅ​ក្នុង​សួន​គែតសេម៉ានី​ហើយ​ត្រូវបាន​គេ​ក្បត់ ចាប់​ព្រះកាយ នាំ​ទៅ​កាត់​ទោស​នៅ​មុខ​ពួក​មន្ត្រី​យូដា និង រ៉ូម ហើយ​ត្រូវបាន​ឆ្កាង ។ ទ្រង់​បាន​សុគត ហើយ​ត្រូវ​គេ​បញ្ចុះ ។

ម៉ាថាយ ២៨ ។ ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សិស្ស​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បញ្ជា​ពួក​សាវក​ឲ្យ​នាំ​យក​ដំណឹងល្អ​របស់​ទ្រង់​ដល់​គ្រប់​ជាតិ​សាសន៍ ។