បណ្ណាល័យ
សេចក្តីណែនាំ​ស្តីពី​គម្ពីរ​ភីលេម៉ូន


សេចក្តីណែនាំ​ស្តីពី គម្ពីរ ភីលេម៉ូន

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

សំបុត្រ​សរសេរ​ទៅ​កាន់​ភីលេម៉ូន​មាន​នូវ​ដំបូន្មាន​ផ្ទាល់ខ្លួន​ពី​សាវក​ប៉ុល ស្ដីពី​ស្ថានភាព​មួយ​ជាមួយ​ទាសករ​របស់​ភីលេម៉ូន​ឈ្មោះ អូនេស៊ីម ។ នៅ​ពេល​អ្នក​សិក្សា​សំបុត្រ​មួយ​ច្បាប់​នេះ អ្នក​អាច​រៀន​ថា នៅ​ពេល​មនុស្ស​ចូល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ពួកគេ​ក្លាយ​ជា​បងប្អូន​ប្រុសស្រី​នៅ​ក្នុង​ដំណឹងល្អ ( សូម​មើល ភីលេម៉ូន ១:១៦ ) ។ អ្នក​ក៏​អាច​ដឹង​ផងដែរ អំពី​សារៈសំខាន់​នៃ​ករណីយកិច្ច​ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បន្ត​មាន​សេចក្ដី​មេត្តា​ករុណា និង ការអភ័យទោស​ដល់​មនុស្ស​ដទៃ ( សូម​មើល ភីលេម៉ូន ១:១៦–១៧ ) ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ភីលេម៉ូន ( សូម​មើល ភីលេម៉ូន ១:១ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

ជា​សំបុត្រ​ទៅ​កាន់​ភីលេម៉ូន​ត្រូវបាន​រៀបរៀង​ឡើង​ដោយ​ប៉ុល អំឡុងពេល​នៃ​ការជាប់ឃុំ​លើក​ទីមួយ​របស់​សាវក​នៅ​ក្រុង​រ៉ូម ប្រមាណ​ឆ្នាំ ៦០–៦២ នៃ គ. ស. ( សូម​មើល ភីលេម៉ូន ១:១, ៩ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

« សំបុត្រ​នេះ​គឺ​ជា​សំបុត្រ​សម្ងាត់​អំពី​អូនេស៊ីម ជា​ទាសករ​ម្នាក់​ដែល​បាន​ប្លន់​ចៅហ្វាយ​របស់​ខ្លួន ហើយ​រត់​គេច​ខ្លួន​ទៅ​ក្រុង​រ៉ូម » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ ភីលេម៉ូន​ទំនង​ជា​អ្នក​ប្រែចិត្តជឿ​ជនជាតិ​ក្រិក​ម្នាក់ ហើយ​រស់នៅ​ក្រុង​កូល៉ុស ( សូម​មើល កូល៉ុស ៤:៩ ) ។ គាត់​បាន​អនុញ្ញាត​ឲ្យ​ក្រុមជំនុំ​ប្រជុំ​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ( សូម​មើល ភីលេម៉ូន ១:២, ៥ ) ។ បន្ទាប់​ពី​បាន​រត់​គេច​ខ្លួន អូនេស៊ីម បាន​ចូល​សាសនាចក្រ ហើយ​បាន​ក្លាយ​ជា « ប្អូន​ស្ងួនភ្ងា … ក្នុង​ព្រះអម្ចាស់ » ( ភីលេម៉ូន ១:១៦ សូម​មើល ភីលេម៉ូន ១:១០–១២ ) ។

ប៉ុល​បាន​សរសេរ​ទៅ​កាន់​ភីលេម៉ូន​ដើម្បី​លើក​ទឹកចិត្ត​គាត់​ឲ្យ​ទទួលយក​អូនេស៊ីម​ទុក​ជា​ប្អូន​ប្រុស​ក្នុង​ដំណឹងល្អ ដោយ​ពុំចាំបាច់​ដាក់​ទោស​ធ្ងន់ធ្ងរ ដែល​ជា​ធម្មតា​ជា​ទណ្ឌកម្ម​ដាក់​លើ​ទាសករ​ដែល​រត់​គេច​ខ្លួននោះ​ឡើយ ( សូម​មើល ភីលេម៉ូន ១:១៧ ) ។ ប៉ុល​ថែមទាំង​បាន​សង​ថ្លៃ​ប្រាក់​ខាត ដែល​អូនេស៊ីម​បាន​ធ្វើ​ឲ្យ​ភីលេម៉ូន​ទទួល​រង ( សូម​មើល ភីលេម៉ូន ១:១៨–១៩ ) ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

គម្ពីរ​ភីលេម៉ូន​គឺ​ជា​សំបុត្រ​ដ៏​ខ្លី​ជាង​គេ ហើយ​អាច​ជា​សំបុត្រ​ផ្ទាល់ខ្លួន​បំផុត​របស់​ប៉ុល ។ វា​គឺ​ជា​សំបុត្រ​ដែល​ទាក់ទង​ចំពោះ​បុគ្គល​ម្នាក់​ដោយ​ផ្ទាល់ខ្លួន ដូច្នេះហើយ វា​ពុំ​មាន​នូវ​បរិបទ​នៃ​គោលលទ្ធិ​ច្រើន​នោះ​ទេ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សេចក្តីអង្វរករ​របស់​ប៉ុល​ដល់​ភីលេម៉ូន​ឲ្យ​ផ្សះផ្សា​នឹង​ទាសករ​អូនេស៊ីម បង្ហាញ​អំពី​របៀប​ដែល​គោលលទ្ធិ​នៃ​ដំណឹងល្អ​អនុវត្ត​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ—នៅ​ក្នុង​ករណី​នេះ ការបង្ហាញ​ថា ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ នាំ​ឲ្យ​យើង​មាន​ទំនាក់ទំនង​ជា​គ្រួសារ​ជាមួយ​អ្នក​ដើរតាម​ឯទៀតៗ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​វា​លើកឡើង​អំពី​សារៈសំខាន់​នៃ​សេចក្ដី​មេត្តា​ករុណា និង ការអភ័យទោស ។

គម្រោង​មេរៀន

ភីលេម៉ូន ១ ។ ប៉ុល​សរសើរ​ភីលេម៉ូន​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​គាត់​បាន​បង្ហាញ​ដល់​ពួក​បរិសុទ្ធ ។ លោក​ពន្យល់​ថា ទាសករ​របស់​ភីលេម៉ូន គឺ​អូនេស៊ីម ដែល​បាន​រត់​គេច​ខ្លួន​នោះ បាន​ប្រែចិត្តជឿ​លើ​ដំណឹងល្អ​ហើយ ។ ប៉ុល​ស្នើ​ឲ្យ​ភីលេម៉ូន​ទទួល​យក​អូនេស៊ីម​វិញ​ទុក​ជា​ប្អូន​ប្រុស​ក្នុង​ព្រះអម្ចាស់ ។ លោក​សង​ថ្លៃ​ប្រាក់​ខាត ដែល​អូនេស៊ីម​បាន​ធ្វើ​ឲ្យ​គាត់​រងទុក្ខ ។