បណ្ណាល័យ
សេចក្តីណែនាំ​ស្តីពី​គម្ពីរ​ភីលីព


សេចក្តីណែនាំ​ស្តីពី គម្ពីរ ភីលីព

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

នៅ​ក្នុង​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួក​ភីលីព សាវក​ប៉ុល​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​នៅ​ក្រុង​ភីលីព ហើយ​បាន​ដាស់តឿន​ពួកគេ​ឲ្យ​ជាប់លាប់នៅ​​ក្នុង​សាមគ្គីភាព ហើយ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ការពារ​សេចក្ដី​ជំនឿ ។ គោលការណ៍​មួយ​ដែល​ទំនង​ជា​មាន​សារៈសំខាន់​បំផុត​ដែល​ប៉ុល​បាន​បង្រៀន​ពួក​ភីលីព​នោះ​គឺ ការអធិស្ឋាន​ទៅ​កាន់​ព្រះ និង​ការទុកចិត្ត​លើ​ទ្រង់​នាំ​មក​នូវ « សេចក្តី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត » ( ភីលីព ៤:៧ ) ាប​ដល់​ចុង​បំផុត​យ៉ាង​ស្មោះត្រង់ ។ នៅ​ពេល​អ្នក​ព្យាយាម​ធ្វើ​តាម​ព្រះគ្រីស្ទ អ្នក​ក៏​អាច​បង្កើន​សេចក្តីទុកចិត្ត ដូច​ប៉ុល​បាន​ប្រកាស​ថា « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំងដល់​ខ្ញុំ » ( ភីលីព ៤:១៣ ) ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

ទោះ​ជា​ធីម៉ូថេ​មាន​ឈ្មោះ​ជាមួយ​ប៉ុល​នៅ​ក្នុង​សេចក្ដីផ្ដើម​នៃ​សំបុត្រ​មួយ​ច្បាប់​នេះ​ក្ដី ( សូម​មើល ភីលីព ១:១ ) ក៏​ប៉ុល​គឺ​ជា​អ្នក​ដែល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ​ទៅ​កាន់​ពួក​ភីលីព​ដែរ ។ ការណ៍​នេះ​បង្ហាញ​ឡើង​ដោយសារ​មាន​ការប្រើ​សព្វនាម​ឯក​វចនៈ ខ្ញុំ ពេញ​មួយ​សំបុត្រ ហើយ​លើកឡើង​អំពី​ធីម៉ូថេ​នៅ​ក្នុង ភីលីព ២:១៩ ។ ធីម៉ូថេ​ប្រហែល​ជា​មាន​តួនាទី​ជា​ស្មៀន​របស់​ប៉ុល ដែល​សរសេរ​សំបុត្រ​នៅ​ក្រោម​ការដឹកនាំ​ពី​លោក ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

ប៉ុល​ទំនងជា​បាន​សរសេរ​ទៅ​កាន់​ពួក​ភីលីព​នៅ​ចន្លោះ​ឆ្នាំ ៦០ និង ៦២ នៃ គ.ស. កាល​លោក​បាន​ជាប់​ឃុំ​នៅ​ក្រុង​រ៉ូម ( សូម​មើល ភីលីព ១:៧, ១៣, ១៦ សូម​មើល​ផងដែរ កិច្ចការ ២៨:១៦–៣១ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ភីលីព សំបុត្រ​ដល់​ពួក » scriptures.lds.org ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

ក្រុង​ភីលីព​គឺ​ជា​ទីតាំង​ដំបូង​នៅ​អឺរ៉ុប ដែល​ប៉ុល​បាន​ប្រកាស​ដំណឹងល្អ​ជា​ផ្លូវការ ហើយ​បាន​ស្ថាបនា​សាខា​នៃ​សាសនាចក្រ​ឡើង ( សូម​មើល កិច្ចការ ១៦:១១–៤០ Bible Dictionary « Pauline Epistles » ) ។ គោលបំណង​របស់​ប៉ុល​ក្នុង​ការសរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ គឺ​ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ជំនួយ​ខាង​ហិរញ្ញវត្ថុ​ដែល​ពួក​បរិសុទ្ធ​នៅ​ក្រុង​ភីលីព​បាន​ជួយ​ដល់​លោក​អំឡុងពេល​ការ​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​សាសនាជា​លើក​​ទី​ពីរ និង​អំឡុង​ការជាប់ឃុំ​របស់​លោក​នៅ​ក្រុង​រ៉ូម ( សូម​មើល ភីលីព ១:៣–១១; ៤:១០–១៩ សូម​មើល​ផងដែរ Bible Dictionary « Pauline Epistles » ) ។

ប៉ុល​ក៏​បាន​សរសើរ​សមាជិក​នៅ​ក្រុង​ភីលីព​ផងដែរ​អំពី​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ទូន្មាន​ដល់​ពួកគេ​ដោយ​ផ្អែក​លើ​ព័ត៌មាន​អំពី​ពួកគេ ដែល​លោក​បាន​ទទួល​ពី​សិស្ស​សាសន៍​ភីលីព​ម្នាក់​ឈ្មោះ អេប៉ាប្រូឌីត ( សូម​មើល ភីលីព ៤:១៨ ) ។ ដំបូន្មាន​របស់​ប៉ុល​រួមមាន​ការលើកទឹកចិត្ត​ឲ្យ​បន្ទាបខ្លួន ហើយ​រួបរួមគ្នា ( សូម​មើល ភីលីព ២:១–១៨; ៤:២–៣ ) ។ ប៉ុល​ក៏​បាន​ព្រមាន​ពួក​ភីលីព​ឲ្យ​ប្រយ័ត្ន​អំពី​គ្រិស្តសាសនិក​ពុករលួយ​ដូចជា មនុស្ស​ដែល​បាន​បង្រៀន​ថា ការកាត់ស្បែក​គឺ​ចាំបាច់​ដើម្បី​មាន​ការប្រែចិត្តជឿ ។ បុគ្គល​ទាំងនេះ ( រឿយៗ​សំដៅ​ទៅ​លើ​គ្រិស្តសាសនិក​ដែល​នៅតែ​មានះ​ធ្វើ​តាម​ច្បាប់​ម៉ូសេ ) បាន​ប្រកាស​យ៉ាង​ខុសឆ្គង​ថា អ្នកប្រែចិត្តជឿ​ថ្មី​ត្រូវតែ​ធ្វើតាម​ក្រឹត្យវិន័យ​ព្រះគម្ពីរ​សញ្ញាចាស់​នៃ​ការកាត់ស្បែក​ពី​មុន​ក្លាយ​ជា​គ្រិស្តសាសនិក ( សូម​មើល ភីលីព ៣:២–៣ ) ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

ជា​រឿយៗ ភីលីព​ត្រូវបាន​ហៅ​ថា​ជា​សំបុត្រ​ក្នុង​គុក ជាមួយ​នឹង​អេភេសូរ កូល៉ុស និង ភីលេម៉ូន ។ ទោះជា​ត្រូវបាន​សរសេរ​ចេញ​ពី​គុក​ក្ដី ក៏​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ពួក​ភីលីព​ត្រូវបាន​ពិពណ៌នា​ដោយ​ពួក​អ្នក​ប្រាជ្ញ​ថា​ជា​ពេល​ដ៏​មាន​សុភមង្គល​បំផុត​ក្នុង​ការសរសេរ​របស់​គាត់​ដែរ ។ ប៉ុល​បាន​សម្ដែង​អំណរគុណ សេចក្តីស្រឡាញ់ និង​ទំនុកចិត្ត​ចំពោះ​សមាជិក​សាសនាចក្រ ពិពណ៌នា​អំពី​ការលះបង់​ដែល​លោក​បាន​ធ្វើ​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ណែនាំ​ពួក​បរិសុទ្ធ​ភីលីព​ទៅ​តាម​គោលការណ៍​នៃ​ការរស់នៅ​សុចរិត ។ សិស្ស​ទាំងឡាយ​អាច​ដឹង​នៅ​ក្នុង ភីលីព ៤:៨ គឺអំពី​ភាសា​ដែល​ប្រើ​នៅ​ក្នុង​មាត្រា​នៃ​សេចក្ដីជំនឿ​ទី​ដប់បី ដែល​បាន​សរសេរ​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ។

ប៉ុល​បាន​រៀបរាប់​យ៉ាង​រំភើប​អំពី​ការយាង​ចុះ​មក​របស់​ព្រះអង្គសង្គ្រោះ​ពី​ភាពជាព្រះ​មក​ចាប់​កំណើត​ក្នុង​ជីវិត​រមែងស្លាប់ ជា​ពេល​ដែល​ទ្រង់​បាន « ទទួល​សុគត​ជាប់​ឈើ​ឆ្កាង » ( សូម​មើល ភីលីព ២:៣–៨ ) យ​ថ្ងៃ​នោះ​នឹង​មក​ដល់​ដែល « គ្រប់​ទាំង​ជង្គង់​ត្រូវ​លុត​ចុះ » នៅ​ចំពោះ​ទ្រង់ ហើយ « គ្រប់​ទាំង​អណ្តាត​បាន​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់ » ( ភីលីព ២:១០–១១ ) ។ ប៉ុល​បាន​បង្ហាញ​ថា​ប្រភព​នៃ​ទំនុកចិត្ត និង​ភាពរឹងមាំ​ក្នុង​ខ្លួន​របស់​លោក​គឺ​បាន​មក​ពី​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល ភីលីព ៤:១៣ ) ។

គម្រោង​មេរៀន

ភីលីព ១ ។ ប៉ុល​សម្ដែង​អំណរគុណ​ចំពោះ​ពួក​បរិសុទ្ធ​ភីលីព ។ លោក​បង្រៀន​ថា ការប្រឆាំង​ដែល​លោក​បាន​ជួប​ប្រទះ​នៅ​ពេល​បម្រើ​ព្រះអម្ចាស់​រួម​បញ្ចូល​ទាំង​ការជាប់​ឃុំ​របស់​លោក​ផង​នោះ បាន​ជំរុញ​បុព្វហេតុ​នៃ​ដំណឹងល្អ​ឲ្យ​ទៅ​មុខ ។ លោក​លើកទឹកចិត្ត​សមាជិក​សាសនាចក្រ ឲ្យ​មាន​ភាពជាប់លាប់​ក្នុង​សាមគ្គីភាព​ដើម្បី​ការពារ​សេចក្ដីជំនឿ ។

ភីលីព ២ ។ ប៉ុល​លើកទឹកចិត្ត​បន្ថែម​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​ចេះ​សាមគ្គី​គ្នា ហើយ​ចង្អុល​បង្ហាញ​អំពី​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​យាង​ចុះ​មក​ប្រសូត​ក្នុង​ជីវិត​រមែងស្លាប់ ទុក​ជា​គំរូ​មួយ​នៃ​សេចក្ដី​ស្រឡាញ់ ការគោរពប្រតិបត្តិ និង ការបន្ទាបខ្លួន ។ ថ្ងៃ​ណា​មួយ មនុស្ស​គ្រប់​គ្នា​នឹង​ទទួលស្គាល់​ព្រះយេស៊ូវគ្រីស្ទ​ថា​ជា​ព្រះអម្ចាស់ ។ ប៉ុល​ណែនាំ​សមាជិក​សាសនាចក្រ​ឲ្យ​ប្រឹងប្រែង​ដើម្បី​បាន​សេចក្ដីសង្គ្រោះ​ផ្ទាល់ខ្លួន ។

ភីលីព ៣ ។ ប៉ុល​ព្រមាន​ពួក​គ្រិស្តសាសនិក​ដែល​នៅតែ​មានះ​ធ្វើ​តាម​ច្បាប់​ម៉ូសេ ។ លោក​ពិពណ៌នា​អំពី​ជីវិត​កាល​ពី​មុន​របស់​លោក​ក្នុង​នាម​ជា​ពួក​ផារិស៊ី និង​អំពី​របៀប​ដែល​លោក​បាន​លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើតាម​គំរូ​របស់​ទ្រង់​ក្នុង​ការឆ្ពោះ​ទៅ​រក​សេចក្ដី​សង្គ្រោះ ។ ប៉ុល​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​ផ្លាស់ប្ដូរ​រូបកាយ​ក្នុង​ជីវិត​រមែងស្លាប់​របស់​យើង​ទៅ​ជា​រូបកាយ​ដ៏​រុងរឿង​ដូចជា​ទ្រង់ ។

ភីលីព ៤ ។ ប៉ុល​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​រីករាយ​ក្នុង​ព្រះអម្ចាស់​ជានិច្ច ។ លោក​ដាស់តឿន​ពួកគេ​ឲ្យ​ដាក់​ការអធិស្ឋាន និង​អំណរគុណ​ជំនួស​ឲ្យ​ការភ័យខ្លាច ដោយ​លោក​សន្យា​ថា ពួកគេ​នឹង​រីករាយ​ជាមួយ​សេចក្តី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត ។ ប៉ុល​ក្រើន​រំឭក​សមាជិក​សាសនាចក្រ​ឲ្យ​គិត​អំពី​សេចក្ដី​ដែល​ទៀងត្រង់ យុត្តិធម៌ ពិត បរិសុទ្ធ គួរជាទីពេញចិត្ត ដែល​មាន​ឈ្មោះ​ល្អ និង​មាន​គុណធម៌ ។ លោក​ទទួលស្គាល់​ថា លោក​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​លោក ។