បណ្ណាល័យ
មេរៀន​ទី ៣២ ថ្ងៃ​ទី ១ ៖ វិវរណៈ ១២-១៣


មេរៀនទី ៣២ ៖ ថ្ងៃ​ទី ១

វិវរណៈ ១២-១៣

សេចក្ដីផ្ដើម

វិវរណៈ ១២–១៤ មាន​ការផ្អាក​មួយ​នៅក្នុង​លំហូរ​ជា​លំដាប់លំ​ដោយ​នៃ​ការនិមិត្ត​របស់​សាវក​យ៉ូហាន ។ យ៉ូហាន​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​នាគ​មួយ​ក្បាល​កំពុង​គម្រាម​កំហែង​ដល់​ស្ត្រី​ម្នាក់ និង​កូន​របស់​នាង ។ លោក​បាន​សរសេរ​អំពី​សង្គ្រាម​នៅ​ស្ថានសួគ៌ និង​អំពី​នគរ​នៅ​ក្នុង​លោកិយ​ដែល​ទាស់​នឹង​ពួក​អ្នក​ដើរតាម​ព្រះ ។

វិវរណៈ ១២

យ៉ូហាន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សាតាំង និង​បរិវារ​របស់​វា​តែង​ប្រឆាំង​ទាស់​នឹង​ព្រះអម្ចាស់ និង សាសនាចក្រ​ទ្រង់​ជានិច្ច

សូម​គូស​បន្ទាត់​ភ្ជាប់​ការ​គម្រាម​នីមួយៗ​នៅ​ជួរ​ឈរ​ខាង​ឆ្វេង​ទៅ​នឹង​របៀប​ដើម្បី​តស៊ូ​នឹង​វា​ដែល​មាន​នៅ​ជួរ​ឈរ​ខាង​ស្ដាំ ។

ការ​គម្រាម

របៀប​តស៊ូ​នឹង​ការគំរាមកំហែង

រលាក​នឹង​កម្ដៅ​ថ្ងៃ

ការប្រែ​ចិត្ត និង​ការ​ទុក​ចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ

ពួក​កងទ័ព​សត្រូវ

ថ្នាំ​ពេទ្យ ឬ​ការ​សម្រាក

ជំងឺ

ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ឬ សម្លៀកបំពាក់

អំពើ​បាប និង​កំហុស

សេចក្ដី​ពិត​នៅ​ក្នុង វិវរណៈ ១២

ឥទ្ធិពល​របស់​សាតាំង

គ្រឿង​សព្វាវុធ​សង្គ្រាម

តើ​មាន​ការគំរាមកំហែង​ណា​មួយ​ដែល​អ្នក​បាន​តតាំង​ជាមួយ​នា​ពេល​ថ្មីៗ​នេះ ? តើ​អ្នក​គិត​ថា ការគំរាមកំហែង​មួយ​ណា​គ្រោះ​ថ្នាក់​បំផុត ? ហេតុអ្វី ?

នៅពេល​អ្នក​សិក្សា វិវរណៈ ១២ សូម​រក​មើល​សេចក្ដី​ពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​តតាំង​នឹង​ឥទ្ធិពល​របស់​សាតាំង ។ វិវរណៈ ១២–១៤ គឺ​ជា​ការ​ផ្អាក​នៅ​ក្នុង​ការ​ពិពណ៌នា​នៃ​ការនិមិត្ត​របស់​យ៉ូហាន​អំពី​ព្រឹត្តិការណ៍​នៃ​ត្រា​ទី​ប្រាំពីរ ។ ជាមួយ​នឹង​ការផ្អាក​នេះ ព្រះអម្ចាស់​ប្រហែល​ជា​ជួយ​យ៉ូហាន​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លា « នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ៍ » និង « នគរ​របស់​ព្រះអម្ចាស់ » នៅ​ក្នុង ( វិវរណៈ ១១:១៥ ) ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​នៃ​វិវរណៈ ១២ ទាំងអស់ មាន​នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

សូម​មើល​រូបភាព​ខាង​ក្រោម​នេះ ហើយ​ពិចារណា​ថា​តើ​វា​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​អ្វី ។

រូបភាព
នាគ ស្ត្រី និង កូន

សូមអាន វិវរណៈ ១២:១-២, ៥ ដោយ​រកមើល​អ្វី​បាន​កើត​ឡើង​ចំពោះ​ស្ត្រី​នោះ ។ ( ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ដាក់ ខ​ទី ៥ ដោយ​ផ្ទាល់​បន្ទាប់​ពី ខ​ទី ២ ) ។

សូម​កត់សម្គាល់​ថា កូន​របស់​ស្ត្រី​នោះ​នឹង « ត្រូវ​ឃ្វាល​គ្រប់​អស់​ទាំង​សាសន៍​ដោយ​ដំបង​ដែក » ? ( វិវរណៈ ១២:៥ ) ។

សូមអាន វិវរណៈ ១២:៣-៤ ដោយ​រកមើល​អ្វី​ដែល​បាន​គំរាមកំហែង​ដល់​ស្ត្រី​នោះ និង កូន​របស់​នាង ។

តើ​អ្នក​គិត​ថា​និមិត្តសញ្ញា​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង ខ​ទី ១-៤ អាច​តំណាង​ឲ្យ​អ្វី ?

សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ វិវរណៈ ១២:៧-៨ ( នៅក្នុង​សេចក្តីណែនាំដល់​បទគម្ពីរ​ទាំងឡាយ ) ដោយ​រកមើល​អ្វី​ដែល​តំណាង​ឲ្យ​សត្វ​នាគ ស្ត្រី និង កូន ។ អ្នក​អាច​សរសេរ ឬ កត់ចំណាំ​អត្ថន័យ​នៃ​និមិត្ត​រូប​នីមួយៗ​ក្បែរ វិវរណៈ ១២:១–៥ ។

នាគ​តំណាង​ឲ្យ​សាតាំង ( សូម​មើល ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ១២:៨ ) ស្ត្រី​តំណាង​ឲ្យ « សាសនាចក្រ​នៃ​ព្រះ » ហើយ​កូន​តំណាង​ឲ្យ « នគរ​នៃ​ព្រះ​របស់​យើង និង​ព្រះគ្រីស្ទ​របស់​ទ្រង់ » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ វិវរណៈ ១២:៧ ) ។ នគរ​នេះ​រួមមាន​សមាជិក​ស្មោះត្រង់​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ( សម្រាប់​ការពន្យល់​បន្ថែម​អំពី​និមិត្តរូប​នៅក្នុង​វគ្គ​បទ​គម្ពីរ​នេះ សូមមើល New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៥៥០–៥២ ) ។

យោង​តាម វិវរណៈ ១២:៤ តើ​នាគ​នោះ​មាន​បំណង​ចង់​ធ្វើ​អ្វី ?

ហេតុអ្វី​អ្នក​គិត​ថា សាតាំង​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​បំផ្លាញ​នគរ​ព្រះ និង​ព្រះគ្រីស្ទ ?

សូម​អាន វិវរណៈ ១២:៦ ដោយ​រកមើល​ថា ស្ត្រី​នោះ​បាន​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​ការ​គំរាម​កំហែង​របស់​នាគ​នោះ ។

ស្ត្រី​បាន​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ទីរហោស្ថាន​តំណាង​ឲ្យ​សាសនាចក្រ​ចូល​ទៅ​ក្នុង​ការ​ក្បត់​សាសនា​ដ៏​ធំ និង​បព្វជិតភាព​ត្រូវ​បាន​ដក​ចេញ​ពី​ផែនដី​នេះ​បន្ទាប់​ពី​ការ​ស្លាប់​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ពួក​សាវក​របស់​ទ្រង់ ។

បន្ទាប់​ពី​យ៉ូហាន​បាន​ឃើញ​នាគ​នោះ​គំរាម​ដល់​ស្ត្រី និង​កូន​នាង លោក​បាន​ឃើញ​ព្រឹត្តិការណ៍​មួយ​មក​ពី​ជីវិត​មុន​ឆាក​ជីវិត​នេះ​របស់​យើង—​នៅពេល​សាតាំង និង ពួក​បរិវារ​វា​បាន​វាយ​ប្រឆាំង​ទាស់​នឹង​ផែនការ​នៃ​សេចក្តីសង្គ្រោះ និង​ពួកបរិសុទ្ធ​របស់​ព្រះ ។

សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ វិវរណៈ ១២:៦-១១ ( នៅក្នុង​សេចក្តីណែនាំដល់​បទគម្ពីរ​ទាំងឡាយ ) ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​សាតាំង​ទាំង​អំឡុង​ពេល​សង្គ្រាម​នៅ​ស្ថានសួគ៌ និង របៀប​ដែល​ពួកបរិសុទ្ធ​របស់​ព្រះ​បាន​យក​ឈ្នះ​លើ​សាតាំង និង ពួក​បរិវារ​វា ។ អ្នក​អាច​គូស​ចំណាំ ឬ កត់​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

វិវរណៈ ១២:៤ ចែង​ថា កន្ទុយ​នាគ​នោះ « ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​ក្នុង​បី​គ្រវាត់​ចោល​ទៅ​ផែនដី » ។ នេះ​គឺជា​និមិត្ត​រូប​នៃ​ចំនួន​ដ៏​ច្រើន​នៃ​កូន​វិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌​ដែល​ជ្រើស​ដើរ​តាម​សាតាំង ។ « មីកែល និង​ពួក​ទេវតា​របស់​លោក » [ វិវរណៈ ១២:៧ ] គឺ​លោក​អ័ដាម និង​កូនចៅ​វិញ្ញាណ​សុចរិត​ផ្សេង​ទៀត​របស់​ព្រះ ។

យោង​តាម វិវរណៈ ១២:១១ តើ​ពួកពល​បរិវារ​ស្ថានសួគ៌​ដ៏​សុចរិត ( រួម​ទាំង​អ្នក ) យក​ឈ្នះ​សាតាំង​យ៉ាង​ដូចម្ដេច ?

យោង​តាម វិវរណៈ ១២:៨–៩ តើ​សាតាំង និង​ពួក​បរិវារ​វា​ត្រូវ​បាន​បញ្ជូន​ទៅ​ណា​បន្ទាប់​ពី​ការ​បះបោរ​របស់​វា​មក ?

សូមអាន ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ១២:១២, ១៧ ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ដោយ​រកមើល​ថា សាតាំង​ច្បាំង​ទាស់​នឹង​នរណា​បន្ទាប់​ពី​វា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌ ។

ការយល់​ពី​របៀប​ដែល​យើង​ឈ្នះ​លើ​សាតាំង​នៅក្នុង​ជីវិត​មុន​ជីវិត​លើ​ផែនដីនេះ អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​យកឈ្នះ​លើ​ឥទ្ធិពល និង ការវាយ​ប្រហារ​របស់​វា នៅលើ​ផែនដី​នេះ ។ ចេញពី​វគ្គបទគម្ពីរ​ទាំង​នេះ​នៅក្នុង វិវរណៈ ១២ យើង​អាច​រកឃើញ​គោលការណ៍​ដូចត​ទៅនេះ ៖ យើង​អាច​យក​ឈ្នះ​លើ​ឥទ្ធិពល​របស់​សាតាំង​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ដោយ​បន្ត​ស្មោះ​ចំពោះ​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹងល្អ ។ អ្នក​អាច​សរសេរ ឬ កត់ចំណាំ​គោលការណ៍​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

អែលឌើរ ជេម ជេ ហាម៉ូឡា នៃ​ពួកចិតសិននាក់ បាន​បង្រៀន​អំពី​របៀប​ដែល​សាតាំង​កំពុង​វាយ​ប្រហារ​ក្នុង​ជំនាន់​របស់​អ្នក ៖

រូបភាព
អែលឌើរ ជេម ជេ ហាម៉ូឡា

« បុត្រា​បុត្រី​ដ៏​ក្លាហាន ហើយ​រាបសា​មួយ​ចំនួន​របស់​ព្រះ​វរបិតា​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​ធ្វើ​ការ​សម្រាប់​ព្រះវរបិតា​របស់​យើង និង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ។ ភាព​ក្លាហាន និង​ភាព​រាបសា​របស់​ពួកគេ​បាន​បង្ហាញ​នៅ​ក្នុង​ចម្បាំង​ជាមួយ​នឹង​សាតាំង​កាល​ពី​ជីវិត​មុន​ផែនដី​នេះ ។ …

« ដោយ​នគរ​ព្រះ​បាន​ស្ដារ​ឡើង​វិញ​នៅ​លើ​ផែនដី​នេះ និង​កំណើត​របស់​បងប្អូន​មក​លើ​ផែនដី​នេះ សាតាំង​ដឹង​ថា ‹ ពេល​វេលា​វា​ខ្លី​ណាស់​ហើយ › [ វិវរណៈ ១២:១២ ] ។ ដូច្នេះហើយ សាតាំង​កំពុង​ត្រៀម​រាល់​ធនធាន​ដែល​វា​មាន​ដើម្បី​អូស​ទាញ​បងប្អូន​ឲ្យ​ធ្លាក់​ចូល​ក្នុង​អំពើ​រំលង ។ វា​ដឹង​ថា ប្រសិន​បើ​វា​អាច​នាំ​បងប្អូន​ចូល​ទៅ​ក្នុង​អំពើ​រំលង​បាន វា​អាច​រារាំង​បងប្អូន​ពី​ការ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ការ​រៀប​ការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការ​ការពារ​កូនចៅ​របស់​បងប្អូន​នា​ពេល​អនាគត​នៅ​ក្នុង​សេចក្ដី​ជំនឿ ហើយ​អ្វីៗ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​បងប្អូន និង​សាសនាចក្រ​ចុះ​អន់​ថយ ។ វា​ដឹង​ថា គ្មាន​អ្វី​អាច​ផ្ដួល​រំលំ​នគរ​ព្រះ​បាន​ឡើយ ‹ លើក​លែងតែ​អំពើ​រំលង​នៃ​រាស្ត្រ [ របស់​ទ្រង់ ] ប៉ុណ្ណោះ › [ ម៉ូសាយ ២៧:១៣ ] ។ និយាយ​មិន​ខុស​មែន—ឥឡូវ​នេះ​ការ​ផ្ដោត​នៃ​សង្គ្រាម​របស់​វា​គឺ​ទៅ​លើ​បងប្អូន » ( « Winning the War against Evil » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​២០០៨ ទំព័រ ៥០-៥១ ) ។

តើ​សាតាំង និង​ពួក​បរិវារ​វា​ខិតខំ​ធ្វើ​ឲ្យ​យើង​ចុះ​ខ្សោយ​តាម​របៀប​ណា ?

សូម​ពិចារណា​ពី​របៀប​ដែល​សាតាំង​កំពុង​ធ្វើ​សង្គ្រាម​ទាស់​នឹង​អ្នក​ផ្ទាល់ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​បង្កើន​សេចក្តី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពង្រឹង​ទីបន្ទាល់​អ្នក​អំពី​ទ្រង់ ។

  2. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​មួយ ឬ ទាំងពីរ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​អំពី​បទពិសោធន៍​មួយ​កាល​ដែល​ទីបន្ទាល់ និង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ដង្វាយ​ធួន​របស់​ព្រះ​អង្គ​សង្គ្រោះ​បាន​ជួយ​អ្នក​ឲ្យ​តស៊ូ​នឹង​ឥទ្ធិពល​របស់​សាតាំង ។

    2. សូម​សរសេរ​ទីបន្ទាល់​របស់​អ្នក​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពន្យល់​ថា ដង្វាយធួន​អាច​ជួយ​យើង​នៅ​ក្នុង​សង្គ្រាម​របស់​យើង​ទាស់​នឹង​សាតាំង និង​បរិវារ​វា​បាន​យ៉ាង​ដូចម្ដេច ។

សូម​ជ្រើស​យក​គំនិត​មួយ ឬ ច្រើន​ដែល​អ្នក​បាន​សរសេរ ហើយ​អនុវត្ត​វា​នៅ​ក្នុង​ចម្បាំង​របស់​អ្នក​ទាស់​នឹង​សាតាំង និង​បរិវារ​វា ។ អ្នក​អាច​សរសេរ​គោលដៅ​របស់​អ្នក លើ​ក្រដាស​មួយ​សន្លឹក​ផ្សេង​ទៀត ហើយ​ដាក់​វា​នៅ​កន្លែង​ណា​មួយ​ដែល​អ្នក​អាច​ឃើញ​វា​ញឹកញាប់ ។ នៅពេល​អ្នក​ពឹងផ្អែក​លើ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ នោះ​ព្រះអម្ចាស់​នឹង​ជួយ​អ្នក​នៅ​ក្នុង​ការវាយ​ប្រឆាំង​នឹង​សាតាំង ។

វិវរណៈ ១៣

យ៉ូហាន​សរសេរ​អំពី​នគរ​ទាំងឡាយ​លើ​ផែនដី​ថា នឹង​ទទួល​អំណាច​មក​ពី​សាតាំង

នៅក្នុង វិវរណៈ ១៣ យើង​អាន​ថា យ៉ូហាន​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​សត្វ​សាហាវ​ដែល​តំណាង​ឲ្យ​នគរ​ទុច្ចរិត​នៅ​លើ​ផែនដី ដែល​សាតាំង​គ្រប់​គ្រង ។ យ៉ូហាន​ក៏​បាន​ឃើញ​ថា តាមរយៈ​នគរ​ទាំងនេះ សាតាំង​នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ និង​អព្ភូតហេតុ​ក្លែង​ក្លាយ​ដើម្បី​បោក​បញ្ឆោត​កូនចៅ​មនុស្ស​ទាំងអស់​លើ​ផែនដី ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា វិវរណៈ ១២-១៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖