បណ្ណាល័យ
មេរៀន​ទី ៣២ ថ្ងៃ​ទី ៣ ៖ វិវរណៈ ១៧-១៩


មេរៀនទី ៣២ ៖ ថ្ងៃ​ទី ៣

វិវរណៈ ១៧-១៩

សេចក្ដីផ្ដើម

សាវក​យ៉ូហាន​បាន​ឃើញ​ថា បាប៊ីឡូន​ខាង​វិញ្ញាណ ឬ​ភព​នៃ​មនុស្ស​ទុច្ចរិត នឹង​ច្បាំង​ទាស់​នឹង​កូនចៀម​នៃ​ព្រះ ហើយ​ថា​កូនចៀម​នឹង​មាន​ជ័យ​ជំនះ​លើ​អារក្ស ។ ពួក​បរិសុទ្ធ​ត្រូវ​បាន​ហៅ​ឲ្យ​ចេញ​មក​ពី​បាប៊ីឡូ​ខាង​វិញ្ញាណ ហើយ​អ្នក​ដែល​ស្អាតស្អំ ហើយ​សុចរិត​នឹង​ត្រូវ​បាន​ហៅ​ឲ្យ​ចូល​រួម​ពិធី​លាង​សោយភោជ​ក្នុង​ពិធី​រៀប​អភិសេក​នៃ​កូនចៀម ។ យ៉ូហាន​បាន​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​នៅ​ក្នុង​ព្រះចេស្ដា​ដ៏​អស្ចារ្យ​ដើម្បី​បំផ្លាញ​ជន​ដែល​ទាស់​នឹង​ទ្រង់ ។

វិវរណៈ ១៧-១៨

យ៉ូហាន​បាន​ព្យាករ​ពី​ការ​បំផ្លិច​បំផ្លាញ​ខាង​វិញ្ញាណ​នៃ​បាប៊ីឡូន

អែលឌើរ លីន ជី រ៉ូប៊ីន នៃ​ពួកចិតសិប​នាក់​បាន​បង្រៀន​ថា « វា​ស្រួល​ជាង​ដើម្បី​គេច​ចេញ​ពី​ការល្បួង ជាជាង​តតាំង​នឹង​ការល្បួង » ( « Avoid It » [ Brigham Young University devotional ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៣ ] ទំព័រ ១ speeches.byu.edu ) ។

ហេតុអ្វី​អ្នក​គិត​ថា​ការ​គេច​ចេញ​ពី​ការ​ល្បួង​គឺ​ងាយ​ស្រួល​ជាង​ការ​តតាំង​នឹង​វា ?

សូម​គិត​ពី​អ្វី​ដែល​អាច​កើត​មាន​ឡើង ប្រសិន​បើ​យើង​ដាក់​ខ្លួន​ឯង​នៅ​ក្នុង​ស្ថានភាព​ដែល​យើង​ត្រូវ​តែ​តតាំង​នឹង​ការ​ល្បួង​ជានិច្ច​នោះ ?

នៅ​ពេល​អ្នក​សិក្សា វិវរណៈ ១៧–១៨ សូម​រកមើល​សេចក្ដី​ពិត​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​របៀប​គេច​ចេញ​ពី​ការ​ល្បួង និង​អំពើ​បាប​ជាច្រើន​នៃ​ពិភពលោក​នេះ ។

នៅក្នុង វិវរណៈ ១៦ យើង​បាន​រៀន​ថា សាវក​យ៉ូហាន​បាន​និមិត្ត​ឃើញ​ទេវតា​ប្រាំ​ពីរ​អង្គ​ដែល​នឹង​ចាក់​សេចក្តីវេទនា​លើ​មនុស្ស​ទុច្ចរិត​នៅ​ថ្ងៃ​ចុង​ក្រោយ ។ សូម​អាន វិវរណៈ ១៧:១ ដោយ​រក​មើល​ថា ទេវតា​មួយ​អង្គ​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​បាន​មាន​បន្ទូល​ថា​នឹង​បង្ហាញ​អ្វីខ្លះ​ដល់​យ៉ូហាន ។

យោង​តាម វិវរណៈ ១៧:១៥ « ទឹក​ច្រើន » ដែល​ស្ត្រី​នោះ​អង្គុយ​លើ ( សូមមើល ខ​ទី ១ ) តំណាង​ឲ្យ​មនុស្ស និង សាសន៍​នានា​ដែល​នាង​មាន​អំណាច និង ឥទ្ធិពល​លើ ( សូមមើល​ផងដែរ នីហ្វៃទី ១ ១៤:១១ ) ។

សូម​អាន វិវរណៈ ១៧:២–៦ ដោយ​រកមើល​ពាក្យ និង ឃ្លា​នានា​ដែល​ពិពណ៌នា​អំពី​ស្ត្រី​នោះ និង​ឥទ្ធិពល​របស់​នាង​ទៅ​លើ​ពិភពលោក ។ ពាក្យ សហាយស្មន់​ នៅ​ក្នុង ខទី ២ សំដៅ​ទៅ​លើ​ភាព​អសីលធម៌ និង ទង្វើ​មិន​សុចរិត ។

នៅក្នុង ខ​ទី ២ តើ​ឥទ្ធិពល​របស់​ស្ត្រី​នោះ​ទៅ​លើ​ពួក​អ្នក​ដឹកនាំ និង​ប្រជាជន​នៅ​លើ​ផែនដី​នេះ​ត្រូវ​បាន​ពិពណ៌នា​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង វិវរណៈ ១៧:៦ ការ​ដែល​ស្ត្រី​នោះ​ស្រវឹង​នឹង​ឈាម​នៃ​ពួក​បរិសុទ្ធ និង​ពួក​អ្នក​ធ្វើ​បន្ទាល់ តើ​អ្នក​គិត​ថា​វា​តំណាង​ឲ្យ​អ្វី ? សូម​កត់​សម្គាល់​ថា​ពាក្យ សេចក្តី​អស្ចារ្យ នៅ​ក្នុង​ខ​គម្ពីរ​នេះ​មានន័យ​ថា​គួរ​ឲ្យ​ភ្ញាក់ផ្អើល ឬ​អស្ចារ្យ ។

សត្វ​ដែល​បាន​រៀបរាប់​នៅ​ក្នុង វិវរណៈ ១៧:៣ អាច​នឹង​តំណាង​ឲ្យ​ក្រុង​រ៉ូម​នៅ​ជំនាន់​របស់​យ៉ូហាន ក៏​ដូចជា​នគរ និង​សាសន៍​ដ៏​ពុក​រលួយ​នៅ​ថ្ងៃ​ចុង​ក្រោយ​ផង​ដែរ ( សូម​មើល វិវរណៈ ១៧:៨–១៣ ) ។

សូម​អាន វិវរណៈ ១៧:១៨ ដោយ​រកមើល​ថា ស្ត្រី​នោះ​តំណាង​ឲ្យ​អ្វី ។

« ទីក្រុង​ដ៏​ធំ » នៅ​ក្នុង ខ​ទី ១៨ សំដៅ​ទៅ​លើ​បាប៊ីឡូន​ខាង​វិញ្ញាណ ( សូម​មើល វិវរណៈ ១៤:៨; គ. និង ស. ១៣៣:១៤ ) ។ ដោយ​សារ​តែ​រឿង​ខាង​លោកិយ និង​ភាព​ពុក​រលួយ​នៃ​បាប៊ីឡូន​កាល​ពី​បុរាណ និង​ដោយសារ​តែ​វា​គឺជា​កន្លែង​មួយ​ដែល​កូនចៅ​អ៊ីស្រាអែល​បាន​ធ្លាក់​ក្នុង​សេវកភាព នោះ​នៅ​ក្នុង​ព្រះគម្ពីរ​ជា​រឿយៗ​ប្រើ​ពាក្យ​បាប៊ីឡូន​តំណាង​ឲ្យ​អំពើបាប រឿង​លោកិយ ឥទ្ធិពល​នៃ​អំពើ​អាក្រក់​នៅ​លើ​ផែនដី និង​សេវកភាព​ខាង​​វិញ្ញាណ ( សូម​មើល​ផង​ដែរ នីហ្វៃ​ទី ១ ១៣:១–៩; ១៤:៩–១០ ) ។

សូម​អាន វិវរណៈ ១៧:១៤ ដោយ​រក​មើល​ថា តើ​អ្នក​ដើរ​តាម​បាប៊ីឡូន​នឹង​ច្បាំង​ទាស់​នឹង​នរណា ។

តើ​អ្វី​ទៅ​នឹង​ក្លាយ​ជា​លទ្ធផល​នៃ​សង្គ្រាម​នេះ ?

ចេញ​ពី​ខគម្ពីរ​នេះ​យើង​រៀន​ថា នៅ​ថ្ងៃ​ចុងក្រោយ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យក​ឈ្នះ​លើ​អំពើទុច្ចរិត​នៃ​លោកិយ ។ សូម​ពិចារណា​ពី​ការគូសចំណាំ ឬ កត់ចំណាំ​ពាក្យ​នៅ​ក្នុង វិវរណៈ ១៧:១៤ ដែល​បង្រៀន​ពី​សេចក្តីពិត​នេះ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​របៀប​ដែល​ការដឹង​ពី​សេចក្តីពិត​នេះ អាច​ជួយ​ដល់​អ្នក​ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។

នៅក្នុង វិវរណៈ ១៨:១–៣ យើង​អាន​ថា មាន​ទេវតា​មួយ​អង្គ​ទៀត​បាន​ប្រកាស​ពី​ការ​ធ្លាក់​នៃ​បាប៊ីឡូន​ដ៏​ទុច្ចរិត​នោះ ។ សូម​អាន វិវរណៈ ១៨:៤ រកមើល​ថា​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ធ្វើ​អ្វីខ្លះ ។

តើ​ហេតុផល​អ្វី​ទៅ​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​បាប៊ីឡូន ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី វិវរណៈ ១៨:៤ គឺ​ថា ការ​ញែក​ខ្លួន​យើង​ចេញ​ពី​អំពើ​ទុច្ចរិត​នៃ​លោកិយ​អាច​ជួយ​យើង​ឲ្យ​ចៀស​ផុត​ពី​អំពើ​បាប និង​ការ​ជំនុំជម្រះ​ដែល​នឹង​កើត​មាន​ដល់​មនុស្ស​ទុច្ចរិត​នៅ​ថ្ងៃ​ចុងក្រោយ ។ សូម​គិត​ពី​ការសរសេរ ឬ កត់ចំណាំ​គោលការណ៍នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​នឹង វិវរណៈ ១៨:៤ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើង​វិញ​ជួយ​យើង​ឲ្យ​ញែក​ខ្លួន​យើង​ពី​អំពើ​ទុច្ចរិត​នៃ​លោកិយ​យ៉ាង​ដូច​ម្ដេច ?

    2. តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ ដែល​យុវវ័យ​អាច​ជួប នៅពេល​ពួកគេ​ព្យាយាម​ញែក​ខ្លួន​ពួកគេ​ចេញ​ពី​អំពើ​ទុច្ចរិត​ខាង​លោកិយ កាល​បន្ត​រស់នៅ​ក្នុង​ចំណោម​សេចក្ដីស្រឡាញ់ ហើយ​ទាក់ទង​នឹង​ជន​ដែល​មាន​បទដ្ឋាន​ខុស​ពី​យើង ?

    3. តើ​ការ​ញែក​ខ្លួន​ចេញ​ពី​ឥទ្ធិពល និង​ការ​អនុវត្ត​ទុច្ចរិត​បាន​ជួយ​អ្នក និង មនុស្ស​ដទៃ​ទៀត​ដែល​អ្នក​ស្គាល់​ឲ្យ​ចៀស​ផុត​ពី​ការ​ល្បួង និង​អំពើបាប​មួយ​ចំនួន​នៃ​លោកិយ​បាន​យ៉ាង​ដូចម្ដេច ?

សូម​គិត​អំពី​ឥទ្ធិពល​មិន​សុចរិត ឬ ការអនុវត្ត​អ្វី​ខ្លះ​ដែល​អ្នក​អាច​ញែក​ខ្លួន​ចេញ និង របៀប​ដែល​អ្នក​ធ្វើ​កិច្ចការ​នេះ ។ សូម​ទូលសុំ​ដល់​ព្រះវរបិតាសួគ៌​នៅក្នុង​ការអធិស្ឋាន ដើម្បី​ជួយ​អ្នក​នៅក្នុង​កិច្ចខិតខំ​ញែក​ខ្លួន​ចេញ​ពី​ឥទ្ធិពល និង ការអនុវត្ត​មិន​សុចរិត ។

សូម​ក្នុង វិវរណៈ ១៨:៥–២៤ យើង​អាន​ថា យ៉ូហាន​បាន​ឃើញ​ពី​ការ​ធ្លាក់​នៃ​បាប៊ីឡូន​ដ៏​ទុច្ចរិត និង​ភាពសោក​សៅ​នៃ​ពួក​អ្នក​គាំទ្រ​របស់​វា ។

វិវរណៈ ១៩

យ៉ូហាន​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​នៅ​ក្នុង​ព្រះចេស្ដា​ដើម្បី​បំផ្លាញ​ជន​ដែល​ទាស់​នឹង​ទ្រង់

រូបភាព
កូន​ក្រមុំ និង កូន​កំលោះ

សូម​ពិចារណា​អំពី​អំណោយ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ផ្ដល់​ឲ្យ​ទៅ​ស្វាមី ឬ​ភរិយា​របស់​អ្នក​នា​ពេល​អនាគត នៅ​ថ្ងៃ​មង្គលការ​របស់​អ្នក ។

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

សូម​អាន​សេចក្តីថ្លែង​ដូច​ត​ទៅ​នេះ​ដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​សាវក​ពួក​ដប់ពីរ​នាក់ ៖ « នៅ​ថ្ងៃ​មង្គល​ការ​របស់​អ្នក អំណោយ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ផ្ដល់​ឲ្យ​ដៃ​គូ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​អ្នក​គឺ​សេចក្ដី​ល្អ​របស់​អ្នក—ស្អាត​ស្អំ ហើយ​បរិសុទ្ធ ហើយ​សក្ដិសម​នឹង​ទទួល​បាន​មក​វិញ​នូវ​បរិសុទ្ធភាព » ( « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៧ ) ។

ហេតុអ្វី​អ្នក​គិត​ថា​ការ​ស្អាតស្អំ ហើយ​បរិសុទ្ធ​គឺ​ជា​អំណោយ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ផ្ដល់​ឲ្យ​ស្វាមី ឬ​ភរិយា​របស់​អ្នក​នៅ​ថ្ងៃ​មង្គលការ ?

វិវរណៈ ១៩ មាន​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​អាពាហ៍​ពិពាហ៍​ដែល​បាន​ប្រើ​ដើម្បី​បរិយាយ​ពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។ យោង​តាម វិវរណៈ ១៩:១–៦ សាវក​យ៉ូហាន​បាន​ឃើញ​ថា មនុស្ស​សុចរិត​នឹង​សរសើរ​ព្រះ​ចំពោះ​ការជំនុំជម្រះ​របស់​ទ្រង់​ទាស់​នឹង​មនុស្ស​ទុច្ចរិត ។

សូមមើល វិវរណៈ ១៩:៧ ដោយ​រកមើល​ថា​ទេវតា​បាន​ប្រកាស​ដល់​យ៉ូហាន​ពី​អាពាហ៍​ពិពាហ៍​របស់​នរណា ។

តើ​យ៉ូហាន​បាន​រៀន​អ្វីខ្លះ​អំពី​ភរិយា​របស់​កូនចៀម ?

« ពេល​រៀប​វិវាហមង្គល​នៃ​កូន​ចៀម » ( វិវរណៈ ១៩:៧ ) សំដៅ​ទៅ​លើ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

សូម​អាន​សេចក្តីថ្លែង​ដូចតទៅនេះ ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដោយ​រកមើល​ថា​តើ​នរណា​ជា​កូនក្រមុំ​របស់​កូនចៀម ៖ « នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​នេះ កូន​កំលោះ​ដែល​ជា​កូនចៀម​របស់​ព្រះ​នឹង​យាង​មក​ប្រកាស​រក​កូនក្រមុំ​របស់​ទ្រង់ ដែល​ជា​សាសនាចក្រ​ដែល​មាន​ពួក​បរិសុទ្ធ​ស្មោះត្រង់​ដែល​បាន​ទន្ទឹង​ចាំ​ការ​យាង​ត្រឡប់​មក​វិញ​របស់​ទ្រង់ » ( Mormon Doctrine កំណែ​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៤៦៩ ) ។

សូម​ពិចារណា​អំពី​របៀប​មួយ​ចំនួន​ដែល​ទំនាក់​ទំនង​អាពាហ៍​ពិពាហ៍​មួយ គឺជា​និមិត្ត​រូប​មួយ​ដ៏​សមរម្យ​សម្រាប់​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​អ្នក ពិចារណា សូម​គិត​អំពី​របៀប​ដែល អាពាហ៍ពិពាហ៍​គឺជា​ទំនាក់ទំនង​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់ ការ​លះបង់ សេចក្ដី​ស្រឡាញ់ ការ​តាំង​ចិត្ត និង​ការ​ទុកចិត្ត ។

សូម​អាន វិវរណៈ ១៩:៨–៩ ដោយ​រក​មើល​ថា​តើ​ពួក​បរិសុទ្ធ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

សំពត់ទេស​ស​យ៉ាង​ម៉ត់​ដែល​បាន​លើក​ឡើង​នៅក្នុង ខ​ទី ៨ អាច​ជា​តំណាង​ឲ្យ​ភាព​បរិសុទ្ធ ភាព​ស្អាត​ស្អំ និង​សេចក្ដី​សុចរិត ។ ដូច​ដែល​បាន​តំណាង​ឲ្យ​សម្លៀក​បំពាក់​នៃ​ភរិយា​របស់​កូនចៀម តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ?

សេចក្តីពិត​មួយ​ដែល​យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំង​នោះ​គឺ​ថា ប្រសិន​បើ​យើង​ស្អាត​ស្អំ ហើយ​សុចរិត នោះ​យើង​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​យាង​មក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​គូសចំណាំ ឬ កត់ចំណាំ​ពាក្យ​នៅ​ក្នុង វិវរណៈ ១៩:៨ ដែល​បង្រៀន​ពី​សេចក្តីពិត​នេះ ។

ពាក្យ ប្រទាន នៅ​ក្នុង វិវរណៈ ១៩:៨ មានន័យ​ថា​បាន​ផ្ដល់​ឲ្យ ឬ​ប្រគល់​ឲ្យ ។ ការ​ស្អាតស្អំ​ពី​អំពើបាប ហើយ​បាន​ធ្វើ​ឲ្យ​សុចរិត​គឺជា​អំណោយ​ទាន​មួយ​មក​ពី​ព្រះ ។

សូម​ពិចារណា​ពី​សំណួរ​ដូចត​ទៅ​នេះ ៖ តើ​ព្រះ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ប្រទាន​ផ្លូវ​មួយ​ឲ្យ​យើង​បាន​ស្អាត​ស្អំ​ពី​អំពើបាប ហើយ​ក្លាយ​ជា​សុចរិត ? ហេតុអ្វី​អ្នក​គិត​ថា ការ​ស្អាត​ស្អំ ហើយ​សុចរិត​គឺជា​អំណោយទាន​មួយ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ថ្វាយ​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត ?

សូម​សម្រេច​ចិត្ត​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​បាន​ស្អាតស្អំ ហើយ​សុចរិត ប្រយោជន៍​ឲ្យ​អ្នក​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​យាង​មក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អនុវត្ត​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

សូម​អាន វិវរណៈ ១៩:១០ ដោយ​រក​មើល​ពី​ប្រតិកម្ម​ដែល​យ៉ូហាន​មាន​បន្ទាប់​ពី​ស្ដាប់​ឮ​រឿង​ដែល​ទេវតា​បាន​ប្រកាស​ដល់​លោក ។ ទេវតា​នេះ​បាន​ទទួល​សិទ្ធិ​អំណាច​មកពី​ព្រះ ដើម្បី​និយាយ​ជំនួស និង តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​ទេវតា​បាន​ប្រកាស​ដល់​យ៉ូហាន​ថា ទ្រង់ ( ទេវតា ) និង​ពួក​អ្នក​បម្រើ​ផ្សេង​ទៀត​របស់​ព្រះ​មាន​អ្វីខ្លះ ?

« វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ » ( វិវរណៈ ១៩:១០ ) សំដៅ​ទៅ​លើ​អំណោយ​ទាន​នៃ​វិវរណៈ និង​ការ​បំផុស​គំនិត​មក​ពី​ព្រះ ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​ទទួល ហើយ​និយាយ​ពី​បន្ទូល​របស់​ព្រះ ( សូម​មើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្យាករ, ការ​ព្យាករ », scriptures.lds.org ) ។

តើ​អ្នក​គិត​ថា ទីបន្ទាល់​ដូច​ជា​ការព្យាករ​តាម​របៀប​ណា​ខ្លះ ?

តើ​ការមាន​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវ ជះឥទ្ធិពល​បែប​ណា​ខ្លះ​ដល់​ការរៀបចំ​ខ្លួន​របស់​អ្នក​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​នោះ ?

សូម​អាន វិវរណៈ ១៩:១១–១៦ ដោយ​រកមើល​ពាក្យ ឬ​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​អំពី​ព្រះអង្គ​សង្គ្រោះ​ពេល​យាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់ ។ សូម​អាន​ផងដែរ​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ១៩:១៥ ( នៅក្នុង វិវរណៈ ៦:១៤ ) ។

សេះ-ស​ដែល​បាន​លើក​ឡើង​នៅ​ក្នុង វិវរណៈ ១៩:១១ គឺ​ជា​និមិត្ត​រូប​នៃ​ជោគជ័យ និង ជ័យ​ជំនះ ។ ព្រះអង្គ​សង្គ្រោះ​នឹង​យាង​មក​បង្ក្រាប​អំពើ​បាប និង​សេចក្ដី​ទុច្ចរិត ។

សូម​កត់សម្គាល់​ពី​សភាព​នៃ​ព្រះពស្ត្រ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​ពិពណ៌នា​នៅក្នុង វិវរណៈ ១៩:១៣ ។ ឃ្លា « ជ្រលក់​ដោយ​ឈាម » មាន​ន័យ​ថា​ព្រះពស្ត្រ​របស់​ទ្រង់​នឹង​មាន​ពណ៌​ក្រហម​ឆ្អៅ​ដូចជា​ឈាម ។ ពណ៌​នេះ​តំណាង​ឲ្យ​ការ​បំផ្លិច​បំផ្លាញ​ដល់​មនុស្ស​ទុច្ចរិត​នៅ​ការ​យាង​មក​របស់​ទ្រង់ ( សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤៦–៥១ ) ហើយ​ក៏​អាច​រំឭក​ដល់​យើង​ផង​ដែរ​ពី​ការ​រងទុក្ខ​ដែល​ទ្រង់​បាន​ជួប​នៅ​គ្រា​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ។

អែលឌើរ នែល អេ. ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ណែល អេ. ម៉ាកស្វែល

« ដោយ​មាន​លោហិត​ចេញ​ពី​គ្រប់​គល់​រោម ឱ! តើ​ព្រះពស្ត្រ​របស់​ទ្រង់​មាន​ពណ៌​ក្រហម​យ៉ាង​ណា​ទៅ​នៅ​ក្នុង​ច្បារគែតសេម៉ានី តើ​ព្រះពស្ត្រ​ខាង​ក្រៅ​នោះ​មាន​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​យ៉ាង​ណា​ទៅ !

« គ្មាន​អ្វី​ត្រូវ​ងឿង​ឆ្ងល់​ឡើយ នៅ​ពេល​ព្រះគ្រីស្ទ​យាងមក​នៅ​ក្នុង​ព្រះចេស្ដា និង​សិរីល្អ ទ្រង់​នឹង​យាង​មក​ក្នុង​ព្រះពស្ត្រ​ក្រហម ( សូម​មើល គ. និង ស. ១៣៣:៤៨ ) ដោយ​ពុំ​គ្រាន់​តែ​បង្ហាញ​ពី​ការ​ខ្ញាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​យើង​ចងចាំ​ថា ទ្រង់​បាន​រង​ទុក្ខ​យ៉ាង​ណា​សម្រាប់​យើង​ម្នាក់ៗ​នៅ​ច្បារ​គែតសេម៉ានី និង​នៅ​ភ្នំ​កាលវ៉ារី ! » ( « Overcome … Even As I Also Overcame » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៧២ ) ។

យោងតាម ការ​បកប្រែ​ដោយ​យ៉ូសែប​សម្រាប់​វិវរណៈ ១៩:១៥ យ៉ូហាន​បាន​ឃើញ​ថា នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក​ជា​ស្ដេច​នៃ​អស់​ទាំង​ស្ដេច និង​ជា​ព្រះអម្ចាស់​នៃ​អស់​ទាំង​ព្រះអម្ចាស់ ( សូមមើល វិវរណៈ ១៩:១៦ ) ទ្រង់​នឹង​គ្រប់គ្រង​លើ​សាសន៍​ទាំងឡាយ​ដោយ​បន្ទូល​នៃ​ព្រះ ។ នៅក្នុង វិវរណៈ ១៩:១៧–២១ យ៉ូហាន​បាន​ឃើញ​ការ​បំផ្លិច​បំផ្លាញ​នៃ​ជន​ដែល​ទាស់​ប្រឆាំង​នឹង​កូនចៀម​នៃ​ព្រះ ។ សូម​កត់សម្គាល់​ថា​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​នៃ វិវរណៈ ១៩:១៨ បញ្ជាក់​ថា « មនុស្ស​ទាំង​អស់ ទាំង​អ្នក​ជា និង​ខ្ញុំ​គេ ទាំង​អ្នក​ធំ និង​អ្នក​តូច​ផង » សំដៅ​លើ « មនុស្ស​ទាំង​អស់​ដែល​ប្រឆាំង​ទាស់​នឹង​កូនចៀម » ( នៅក្នុង វិវរណៈ ១៩:១៨  ) ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា វិវរណៈ ១៧-១៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖