បណ្ណាល័យ
សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ​វិវរណៈ


សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ វិវរណៈ

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

ដោយសារ « នេះ​ជា​សេចក្តី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បើក​ឲ្យ​ឃើញ » ( វិវរណៈ ១:១ ) ពេល​ខ្លះ​គម្ពីរ​នេះ​ត្រូវបាន​ហៅ​ថា អ័ប៉ូកាលិព្ស ដែល​ចេញ​ពី​ភាសា​ក្រេក​មាន​ន័យ​ថា វិវរណៈ បើក​សម្ដែង បើកបង្ហាញ​ពី​អ្វី​ដែល​លាក់​កំបាំង ( សូម​មើល​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ័ប៉ូកាលិព្ស » ) ។ គម្ពីរ​នេះ​គឺ​ជា​ការបើក​សម្តែង​មួយ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ហើយ​ជា​វិវរណៈ​មួយ​អំពី​សិទ្ធិ​អំណាច ព្រះចេស្តា និង តួនាទី​ដ៏​ឧត្តម​របស់​ទ្រង់​នៅក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា ​សំខាន់ៗ នៃ​ព្រឹត្តិការណ៍​នានា​រហូត​ដល់​ការយាង​មក​ជា​លើក​ទី​ពីរ និង សហស្សវត្សរ៍ ។

ការសិក្សា​គម្ពីរ​វិវរណៈ​នេះ អាច​ជួយ​អ្នក​ទទួល​បាន​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ការរស់ឡើង​វិញ និង ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​សិរីរុងរឿង ព្រមទាំង​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​កូនចៅ​របស់​ព្រះ ពេញ​ទាំង​គ្រប់​ជំនាន់​នៃ​ប្រវត្តិសាស្ត្រ​ផែនដី ជាពិសេស​នៅ​ថ្ងៃ​ចុងក្រោយ ។ គម្ពីរ​នេះ​មាន​នូវ​សារលិខិត​នៃ​សេចក្តីសង្ឃឹម​ដល់​ជន​សុចរិត ហើយ​អាច​លើក​ទឹកចិត្ត​អ្នក​ឲ្យ​បន្ត​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​អ្នក អំពី​ព្រះអង្គសង្គ្រោះ​នៅ​អំឡុង​ពេល​នៃ​ការបៀតបៀន និង ការសាកល្បង ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

សាវក​យ៉ូហាន ជា​សិស្ស​សំណព្វ​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អ្នក​និពន្ធ​គម្ពីរ​នេះ ។ ព្រះគម្ពីរ​មរមន​បញ្ជាក់​ថា យ៉ូហាន​ត្រូវបាន​តែងតាំង​ពីមុន​កំណើត​លោកិយ​មក​ម៉្លេះ ដើម្បី​សរសេរ​ការណ៍​នានា​ដែល​បាន​កត់ត្រា​នៅក្នុង​គម្ពីរ​វិវរណៈ ( សូម​មើល នីហ្វៃ​ទី ១ ១៤:១៨–២៧, អេធើរ ៤:១៦ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅពេល​ណា ហើយ​នៅកន្លែង​ណា ?

គម្ពីរ​វិវរណៈ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​គ្រា​ដែល​ពួកគ្រីស្ទាន​កំពុង​ជួបប្រទះ​នឹង​ការបង្រៀន​ខុសឆ្គង ភាព​ព្រងើយ​កន្តើយ និង ការបៀតបៀន​ដ៏​ខ្លាំង​ក្លា ( សូមមើល វិវរណៈ ១:៩, ២:៤, ១០, ១៤–១៥, ៣:១៦, ៦:៩ ) ។ ការបៀតបៀន​នេះ​ទំនង​ជា​បាន​កើត​ឡើង​ដោយ​ស្នាដៃ​របស់​ពួក​មន្ត្រី​សាសន៍​រ៉ូម​នៅក្នុង​ទសវត្សរ៍​ពីរ​ចុងក្រោយ​នៃ​សតវត្សរ៍​ទីមួយ​នៃ គ. ស. យ៉ូហាន​បាន​សរសេរ​គម្ពីរ​នេះ​ពី​កោះ​ប៉ាត់ម៉ុស​នៅ​សមុទ្រ​អាជីអាន់ ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ​ប៉ែក​និរតី​នៃ​ក្រុង​អេភេសូរ ( សូមមើល វិវរណៈ ១:៩ ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

សាវក​យ៉ូហាន​បាន​សរសេរ​សារ​មួយ​អំពី​សេចក្តីសង្ឃឹម និង ការលើក​ទឹកចិត្ត​ដល់​ពួក​បរិសុទ្ធ​នៅ​ជំនាន់​របស់​លោក ( សូមមើល វិវរណៈ ១:៤, ១១ ) និង អស់​អ្នក​ដែល​នៅក្នុង​ជំនាន់​ថ្ងៃ​ចុងក្រោយ ។ ជំពូក​បី​ដំបូង​នៃ​គម្ពីរ​វិវរណៈ​ត្រូវបាន​ថ្លែង​ជា​ពិសេស​ដល់​សាខា​ទាំង​ប្រាំពីរ​នៃ​សាសនាចក្រ​នៅ​អាស៊ី​តូច ( សូមមើល វិវរណៈ ១:៤, ១១; ២–៣ ) ។ ដោយសារ​តែ​ការបៀតបៀន​ជា​ខ្លាំង​ពន់ពេក នោះ​ពួកបរិសុទ្ធ​ត្រូវការ​សារ​លើក​ទឹកចិត្ត​ជា​ខ្លាំង​ដែល​មាន​នៅក្នុង​គម្ពីរ​វិវរណៈ ។ លើស​ពី​នេះ​ទៀត ព្យាការី​នីហ្វៃ​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ថ្លែង « ព្រះ​ទ្រង់​បាន​តែងតាំង​សាវក » យ៉ូហាន​ឲ្យ​សរសេរ​អំពី​ចុង​បំផុត​នៃ​ពិភពលោក ( នីហ្វៃទី ១ ១៤:២៥ ) ហើយ​ថា​ពាក្យ​របស់​លោក​នឹង​ត្រូវបាន​នាំ​ចេញ​មក​ដល់​ទាំង​ពួក​សាសន៍​ដទៃ និង សំណល់​នៃ​វង្ស​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ( សូមមើល នីហ្វៃទី ១ ១៣:២០–២៤, ៣៨, ១៤:១៩–២៧ ) ។

តើ​គម្ពីរ​នេះ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

ព្យាការី​យ៉ូសែប ស៊្មីធ បាន​បង្រៀន​ដូច​នេះ ៖ « គម្ពីរ​វិវរណៈ គឺ​ជា​គម្ពីរ​ដ៏​ច្បាស់​បំផុត​មួយ ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​ទុក » ( នៅក្នុង History of the Church ៥:៣៤២ ) ។ ទោះបី​ជា​គម្ពីរ​នេះ​មាន​រូបតំណាង និង និមិត្តរូប​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​អាន​នា​សម័យ​ទំនើប​នេះ​ពុំ​ងាយ​ស្រួល​យល់​ជានិច្ច​ក្តី ប្រធាន​បទ​នៃ​គម្ពីរ​នេះ​មាន​លក្ខណៈ​សាមញ្ញ និង បំផុស​គំនិត ។

សាវក​យ៉ូហាន​បាន​ពិពណ៌នា​ពី​ស្ថានភាព​នៃ​សាសនាចក្រ​នៅក្នុង​ជំនាន់​របស់​លោក ( សូមមើល វិវរណៈ ២–៣ ) ហើយ​បាន​សរសេរ​អំពី​ព្រឹត្តិការណ៍​អតីតកាល និង អនាគតកាល ( សូមមើល វិវរណៈ ៤–២២ ) ។ គម្ពីរវិវរណៈ​មាន​វគ្គ​បទគម្ពីរ​មួយ​ចំនួន​នៅក្នុង​គម្ពីរ​នេះ ដែល​ពិពណ៌នា​អំពី​សង្គ្រាម​នៅលើ​ស្ថានសួគ៌​មុន​ជីវិត​រមែង​ស្លាប់​នេះ ( សូមមើល វិវរណៈ ១២:៧–១១ ) និង បង្ហាញ​ពី​ការសង្ខេប​ដ៏​បំផុស​គំនិត​នៃ​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក ផ្តោត​ជា​ពិសេស​អំពី​ថ្ងៃ​ចុងក្រោយ និង សហស្សវត្សរ៍ ។ ប្រធាន​បទ​ចម្បង​របស់​គម្ពីរ​នេះ​គឺ​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការសម្រេច​បាន​នូវ​ផែនការ​របស់​ព្រះ ព្រះហស្ត​របស់​ព្រះ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ផែនដី ការយាងមកជាលើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​ការបំផ្លិចបំផ្លាញ​នៃ​ពួក​ទុច្ចរិត និង ការសន្យា​ថា ទីបំផុត​ផែនដី​នឹង​ក្លាយ​ទៅ​ជា​សេឡេស្ទាល ។ គម្ពីរ​នេះ​ក៏​បាន​ពន្យល់​ថា​នឹង​មាន « ​សេចក្ដីអាក្រក់…[ និង ] ជ័យជំនះ​នគរ​ព្រះ​លើ​នគរ​មនុស្ស និង​សាតាំង » ( Bible Dictionary « Revelation of John » ) ។

គម្រោង​មេរៀន

វិវរណៈ ១-៣ ។ យ៉ូហាន​ឃើញ​ការនិមិត្ត​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​សរសេរ​សារលិខិត​ផ្ទាល់​របស់​លោក​ទៅកាន់​សាសនាចក្រ​ទាំង​ប្រាំ​ពីរ​នៅ​អាស៊ី សារលិខិត​នេះ​រួមមាន​ការសរសើរ ការក្រើន​រំឭក និង ការសន្យា​ដល់​ពួកបរិសុទ្ធ​ស្មោះត្រង់​នៅក្នុង​សាខា​និមួយៗ ។

វិវរណៈ ៤:-១១ ។ យ៉ូហាន​ឃើញ​ការនិមិត្ត​អំពី​ការគ្រង​រាជ​សម្បត្តិ​នៅក្នុង​នគរ​សេឡេស្ទាល កូនចៀមរបស់ព្រះ និង ក្រាំង​មួយ​ដែល​បាន​បិទត្រា​ដោយ​ត្រា​ទាំង​ប្រាំ​ពីរ ។ លោក​ឃើញ​ការនិមិត្ត​ទាក់ទង​នឹង​ការបើក​ត្រា​និមួយៗ​នៃ​ត្រា​ទាំង​ប្រាំ​ពីរ​នោះ ។ អស់​អ្នក​ដែល​មាន​ត្រា​របស់​ព្រះ​នៅលើ​ថ្ងាស​របស់​ពួកគេ នោះ​នឹង​ទទួល​ការការពារ​ពី​ព្រះ​នៅ​ថ្ងៃ​ចុងក្រោយ ។ យ៉ូហាន​ឃើញ​សង្គ្រាម សេចក្តីវេទនា និង ព្រឹត្តិការណ៍​នានា​ជា​ច្រើន​ទៀត​នា​ថ្ងៃ​ចុងក្រោយ ដែល​នឹង​កើត​មុន​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។

វិវរណៈ ១២-១៦ ។ យ៉ូហាន​ឃើញ​ការនិមិត្ត​អំពី​សង្គ្រាម​នៅលើ​ស្ថានសួគ៌​មុន​ជីវិត​រមែង​ស្លាប់​នេះ និង សង្គ្រាម​បន្ត​ទៀត​នៅលើ​ផែនដី ។ លោក​បង្រៀន​ថា​ឥទ្ធិពល​នៃ​អារក្ស​ព្យាយាម​បំផ្លាញ​នគរ​របស់​ព្រះ​នៅលើ​ផែនដី​នេះ ។ នៅ​ថ្ងៃ​ចុងក្រោយ ដំណឹង​ល្អ​នឹង​ត្រូវបាន​ស្តារ​ឡើង​វិញ​ទៅកាន់​ផែនដី​នៅក្នុង​ភាពលេញ​តាមរយៈ​ការបម្រើ​នៃ​ពួក​ទេវតា ។ ការរៀបចំ​ខ្លួន​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ចម្បាំង​នៃ​អើម៉ាគេដូន ។

វិវរណៈ ១៧-២២ ។ បាប៊ីឡូន​ខាង​វិញ្ញាណ​នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ពេញ​ទូទាំង​ផែនដី ។ បន្ទាប់​ពី​ពួកបរិសុទ្ធ​សុចរិត​ត្រូវបាន​ប្រមូល​ផ្តុំ​ហើយ នោះ​បាប៊ីឡូន​នឹង​ត្រូវ​ធ្លាក់ ហើយ​ត្រូវបាន​ទួញយំ​ដោយ​អ្នក​ដែល​គាំទ្រ​វា ។ ពួក​សុចរិត​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​បរិភោគ​ការ​កូន​ចៀម​របស់​ព្រះ ។ សាតាំង​ត្រូវបាន​ចង សហស្សវត្សរ៍​នឹង​ចាប់ផ្តើម ហើយ​ព្រះគ្រីស្ទ​នឹង​សោយរាជ្យ​ដោយ​ព្រះអង្គ​ទ្រង់​នៅ​លើ​ផែនដី ។ ពួក​មរណជន​នឹង​ត្រូវបាន​ជនុំជម្រះ ។ ផែនដី​នេះ​នឹង​ទទួល​សិរីល្អ​នៃ​សេឡេស្ទាល ។