បណ្ណាល័យ
មេរៀន​ទី ២១ ថ្ងៃទី ១ ៖ រ៉ូម ៨–១១


មេរៀន​ទី ២១ ៖ ថ្ងៃទី ១

រ៉ូម ៨–១១

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​បង្រៀន​អំពី​ពរជ័យ​ទាំងឡាយ ដែល​កើត​មាន​ពី​ការកើតជាថ្មី​ខាង​វិញ្ញាណ និង ការដាក់​ឆន្ទៈ​ឲ្យ​ចុះ​ចូល​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ ។ លោក​បាន​បង្រៀន​អំពី​ការបដិសេធ​របស់​ពួក​អ៊ីស្រាអែល​ចំពោះ​សេចក្ដី​សញ្ញា​របស់​ព្រះ ដែល​បាន​ធ្វើ​ជាមួយ​អ័ប្រាហាំ និង ពូជពង្ស​របស់​លោក ។ ប៉ុល​បាន​បង្រៀន​ថា រាស្ត្រ​ដ៏​ជម្រើស​របស់​ព្រះ​ត្រូវបាន​កំណត់​តាមរយៈ​ភាពស្មោះត្រង់​របស់​ពួកគេ​ចំពោះ​សេចក្ដី​សញ្ញា​ច្រើន​ជាង​តាមរយៈ​ខ្សែ​ស្រឡាយ ហើយ​លោក​បាន​បង្រៀន​អំពី​ការនាំយក​ដំណឹងល្អ​ទៅ​កាន់​សាសន៍​ដទៃ ។

រ៉ូម ៨

ប៉ុល​ពិពណ៌នា​អំពី​ពរជ័យ​នៃ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ

តើ​អ្នក​ស្គាល់​នរណាម្នាក់​ដែល​បាន​ទទួល​មរតក​អ្វី​មួយ ដ៏​មាន​តម្លៃ​ខ្ពស់ ឬ​ចាំបាច់​បំផុត​ពី​នរណាម្នាក់​ទៀត​ដែរ​ឬ​ទេ ? ឧទាហរណ៍ ពេល​ខ្លះ​ឪពុកម្ដាយ ឬ លោកតា​លោកយាយ​នឹង​ផ្ដល់​អ្វី​មួយ​ដ៏​មាន​តម្លៃ​ខ្ពស់​ដល់​កូនៗ ឬ​ចៅៗ​របស់​ពួកគាត់ ។

ប្រសិនបើ​អ្នក​ទទួល​បាន​មរតក​ជា​ទ្រព្យសម្បត្តិ​ពី​នរណាម្នាក់ តើ​ទ្រព្យសម្បត្តិ​នរណា​ដែល​អ្នក​នឹង​ជ្រើសរើស និង​ហេតុអ្វី​បាន​ជា​អ្នក​ចង់​បាន​ទ្រព្យសម្បត្តិ​ទាំងនោះ ?

សូម​គិត​អំពី​ពរជ័យ​ទាំងឡាយ ដែល​អ្នក​នឹង​ទទួលបាន ប្រសិនបើ​អ្នក​ត្រូវ​ទទួល​មរតក​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​របស់​យើង​មាន ។ នៅ​ពេល​អ្នក​សិក្សា រ៉ូម ៨:១–១៨ សូម​ស្វែងរក​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​បាន​គ្រង​មរតក​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​របស់​យើង​មាន ។

សូម​អាន រ៉ូម ៨:១, ៥–៧, ១៣ ដោយ​ស្វែងរក​អ្វី​ដែល​សាវក​ប៉ុល​បាន​បង្រៀន​អំពី​ការដើរ « តាម​សាច់​ឈាម » ឬ​ការបណ្ដោយ​ខ្លួន​ទៅ​តាម​ទំនោរ​ធម្មជាតិ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​បាប និង​អំពី​ការដើរ « តាម​ព្រះវិញ្ញាណ » ។

នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ប៉ុល​បាន​បង្រៀន​អំពី​ឥរិយាបថ​ផ្ទុយគ្នា​ចំនួន​ពីរ ៖ ការមាន « គំនិត​ខាង​សាច់ឈាម » និង ការមាន « គំនិត​នៃ​ព្រះវិញ្ញាណ » ( រ៉ូម ៨:៦ ) ។ ការមាន​គំនិត​ខាង​សាច់ឈាម គឺ​ជា​ការមាន​សេចក្ដីខ្វល់ខ្វាយ​អំពី​ការកម្សាន្ត​ខាង​សាច់ឈាម ចំណង់ និង​ភាពត្រេកត្រអាល​នៃ​រូបកាយ​ខាង​សាច់ឈាម ។ តើ​អ្នក​គិត​ថា ការមាន​គំនិត​នៃ​ព្រះវិញ្ញាណ​មាន​ន័យ​ដូចម្ដេច ?

ឃ្លា « សំឡាប់​អំពើ​របស់​រូប​សាច់​ចេញ » ( រ៉ូម ៨:១៣ ) មាន​ន័យ​ថា ជម្នះ ឬ​កម្ចាត់​អំពើទុច្ចរិត ការល្បួង​ចេញ​ពី​ខ្លួន​យើង ព្រមទាំង​អំពើបាប​ដែល​ទាក់ទង​ទៅ​នឹង​រូបកាយ​រមែងស្លាប់​របស់​យើង ( សូម​មើល ម៉ូសាយ ៣:១៩ ) ។ យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​ថា ប្រសិនបើ​យើង​ធ្វើតាម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ នោះ​យើង​អាច​យកឈ្នះ​លើ​ទំនោរ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើបាប​បាន ។

សូម​អាន រ៉ូម ៨:១៤–១៧ ដោយ​ស្វែងរក​ថាតើ​ប៉ុល​បាន​ហៅ​អ្នក​ដែល​ដើរតាម​ព្រះវិញ្ញាណ​ថា​ជា​នរណា ។ ពាក្យ ពួក​កូន​ នៅ​ក្នុង ខទី ១៤ មាន​ន័យ​ថា កូនៗ រួម​បញ្ចូល​ទាំង​កូនស្រីៗ​ផង​ដែរ ( សូម​មើល គ. និង ស. ២៥:១ ) ។

បទគម្ពីរ​និយាយ​អំពី​យើង​ថា​ជា « កូន​របស់​ព្រះ » ( រ៉ូម ៨:១៦ ) ដែល​មាន​ន័យ​ច្រើន​ជាង​មួយ ។ ទី​មួយ មនុស្សលោក​ទាំងអស់​គឺ​ជា​កូន​វិញ្ញាណ​ជា​ទីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ប្រាកដ ។ ទី​ពីរ យើង​បាន​កើត​ជា​ថ្មី​ជា​កូន​របស់​ព្រះ​តាមរយៈ​ទំនាក់ទំនង​ខាង​សេចក្ដីសញ្ញា​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ពេល​យើង​ប្រែចិត្ត ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការយក​កូន​មក​ចិញ្ចឹម​គឺ​ជា​រឿង​ទូទៅ​របស់​ពួក​រ៉ូម ហើយ​វា​អាច​ជា​រឿង​ដែល​អ្នក​អាន​សំបុត្រ​របស់​ប៉ុល​អាច​ស្គាល់​បាន ។ បុគ្គល​ដែល​យក​នរណា​ម្នាក់​មក​ចិញ្ចឹម​ដោយ​ស្របច្បាប់ គឺ​ផ្ដល់​សិទ្ធិ និង ឯកសិទ្ធិ​ទាំងអស់ដែល​កូន​បង្កើត​ម្នាក់​អាច​នឹង​ទទួល​ដល់​បុគ្គល​នោះ ។ ហេតុដូច្នោះហើយ នៅ​ពេល​យើង​ទទួល « និស្ស័យ​ជា​កូន​ចិញ្ចឹម » ( រ៉ូម ៨:១៥ ) តាមរយៈ​ការចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ នោះ​យើង​ក្លាយ​ទៅ​ជា​កូន​របស់​ព្រះ ហើយ « គ្រង​មរដក​ជាមួយ​នឹង​ព្រះគ្រីស្ទ » ( រ៉ូម ៨:១៧ ) ។

នៅ​ក្នុង​ព្រះគម្ពីរ​មរមន ស្ដេច​បេនយ៉ាមីន​ក៏​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ក្លាយ​ទៅ​ជា « កូនចៅ​នៃ​ព្រះគ្រីស្ទ » ដែរ ( សូម​មើល ម៉ូសាយ ៥:៥–១០ ) ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ « ក្លាយ​ជា​ព្រះបិតា​របស់​យើង … ដោយសារ​ទ្រង់​ប្រទាន​ឲ្យ​យើង​នូវ​ជីវិត ដែល​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច តាមរយៈ​ដង្វាយធួន​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង » ។ លោក​បាន​ពន្យល់​ថា « យើង​ក្លាយ​ជា បុត្រា និង​បុត្រី​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​សេចក្ដី​សញ្ញា​របស់​យើង​ដើម្បី​គោរព​តាម​ទ្រង់ » ( Doctrines of Salvation, រៀបរៀង​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ១:២៩ ) ។

សូម​អាន រ៉ូម ៨:១៧ ម្ដង​ទៀត ។ អ្នក​គ្រង​មរតក​ជាមួយ​គឺ​ជា​បុគ្គល​ដែល​ទទួល​បាន​មរតក​ស្មើ​នឹង​បុគ្គល​ដទៃ​ទៀត ។

ប្រសិនបើ​យើង​គឺ​ជា​កូន​របស់​ព្រះ​ជា​ព្រះវរបិតា​ហើយ​នោះ ហេតុអ្វី​បាន​ជា​យើង​ពុំ​ទទួល​បាន​មរតក​ស្មើ​នឹង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង​ទៅ ? ហេតុអ្វី​បាន​ជា​ចាំបាច់​ដែល​ត្រូវ​ក្លាយ​ទៅ​ជា​បុត្រា និង បុត្រី​នៃ​ព្រះគ្រីស្ទ ?

រូបភាព
អែលឌើរ ដាល្លិន អេក អូក

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖ « យើង​ទាំងអស់​គ្នា​សុទ្ធតែ គ្រង​មរតក ពី​ព្រះមាតាបិតាសួគ៌​របស់​យើង ។ សាវក​ប៉ុល​បាន​បង្រៀន​ថា ‹ យើង​ជា​កូន​របស់​ព្រះ ហើយ​បើសិនណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ​ផង › ( រ៉ូម ៨:១៦–១៧ ) ។ ការណ៍​នេះ​មាន​ន័យ​ថា ដូច​ដែល​យើង​ត្រូវបាន​ប្រាប់​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែរ​ថា យើង​គឺ​ជា ‹ អ្នក​គ្រង​មរដក … នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច › ( ទីតុស ៣:៧ ) ហើយ​ប្រសិនបើ​យើង​មក​រក​ព្រះវរបិតា យើង​នឹង​បាន ‹ គ្រង​សេចក្តី​ទាំង​នេះ​ទុក​ជា​មរដក › ( វិវរណៈ ២១:៧ )—គ្រប់​អ្វី​ទាំងអស់​ដែល​ទ្រង់​មាន—គឺ​ជា​ដំណើរ​មួយ​ដែល​គំនិត​នៃ​ជីវិត​រមែងស្លាប់​របស់​យើង​មិន​អាច​គិត​ដល់​បាន ។ ប៉ុន្តែ​យ៉ាងហោចណាស់​យើង​អាច​យល់​ថា ការសម្រេច​បាន​ជោគវាសនា​ចុងក្រោយ​នេះ​នៅ​ក្នុង​ភាពដ៏​អស់កល្ប​ជានិច្ច អាច​ធ្វើ​ទៅ​បាន​តែ​នៅ​ពេល​យើង​ធ្វើតាម​ព្រះអង្គសង្គ្រោះ​របស់​យើង​ប៉ុណ្ណោះ ដែល​ទ្រង់​បាន​បង្រៀន​ថា ‹ បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ › ( យ៉ូហាន ១៤:៦ ) » ( « Followers of Christ » Ensign ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៨ ) ។

ដោយ​ផ្អែក​ទៅ​លើ​ភាពសក្ដិសម​ផ្ទាល់ខ្លួន​របស់​យើង នោះ​យើង​នឹង​មិន​ទទួល​បាន​អ្វី​ទាល់តែសោះ ពីព្រោះ​យើង​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ ( សូម​មើល រ៉ូម ៣:២៣ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវបាន​ទទួល​យក​ទៅ​ចិញ្ចឹម​ដោយ​ព្រះយេស៊ូវគ្រីស្ទ ទើប​ភាព​មិន​គ្រប់លក្ខណ៍​របស់​យើង​ត្រូវបាន​យក​ឈ្នះ តាមរយៈ​ព្រះជន្ម​ដ៏​គ្រប់​លក្ខណ៍ និង ដង្វាយធួន​របស់​ទ្រង់ ។ ដូច្នេះ តាមរយៈ​សេចក្ដី​សញ្ញា និង ការគោរពប្រតិបត្តិ​ដល់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ក្លាយ​ទៅ​ជា​អ្នក​គ្រង​មរតក ហើយ « ទទួល​រងទុក្ខ​ជាមួយ​នឹង [ ព្រះយេស៊ូវគ្រីស្ទ ] » ( រ៉ូម ៨:១៧ ) ។ ការណ៍​នេះ​មិន​មាន​ន័យ​ថា យើង​រងទុក្ខ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​ដែល​ជា​ផ្នែក​នៃ​ពលិកម្មធួន​របស់​ទ្រង់​នោះ​ទេ ។ ផ្ទុយទៅវិញ យើង​រងទុក្ខ​ជាមួយ​ទ្រង់​តាមរយៈ​ការដើរតាម​ទ្រង់ និង​ការលះបង់​ចោល​នូវ​កិច្ចការ​ខាង​លោកិយ ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ និង ការតស៊ូ​នៅ​ក្នុង​ការផ្ទុយ​ដោយ​មាន​ចិត្ត​ស្មោះត្រង់ ។

ចេញ​ពី រ៉ូម ៨:១៤–១៨ យើង​រៀន​ថា ប្រសិនបើ​យើង​គឺ​ជា​កូន​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ដែល​មាន​ចិត្ត​ស្មោះត្រង់ នោះ​យើង​អាច​ក្លាយ​ជា​អ្នក​គ្រង​មរតក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ នូវ​អ្វី​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​មាន ។

  1. សូម​គូរ​តារាង​ដែល​មាន​ជួរ​ឈរ​ចំនួន​បី នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​អ្នក ដោយ​សរសេរ​ឈ្មោះ​នៅ​លើ​ជួរ​ឈរ​ទីមួយ​ថា តម្រូវការ នៅ​លើ​ជួរ​ឈរ​នៅ​កណ្ដាល​ថា ការផ្ទុយ និង​នៅ​លើ​ជួរ​ឈរ​ទីបី​ថា មរតក ។ បន្ទាប់​មក សូម​អនុវត្ត​ដូច​ខាង​ក្រោម​នេះ ៖

    1. នៅ​ក្នុង​ជួរ​ឈរ « តម្រូវការ » សូម​សរសេរ​ព្រះបញ្ញត្តិ ឬ បទដ្ឋាន​សំខាន់ៗ​ចំនួន​បី ដែល​យើង​ត្រូវតែ​រស់នៅ​តាម​ដើម្បី​បាន​ហៅ​ថា​ជា​កូន​នៃ​សេចក្ដី​សញ្ញា​ដ៏​ស្មោះត្រង់​របស់​ព្រះ ។

    2. នៅ​ក្នុង​ជួរ​ឈរ « ការផ្ទុយ » សូម​សរសេរ​ឧទាហរណ៍​នៃ​ការផ្ទុយ​មួយ​ចំនួន ដែល​យើង​អាច​នឹង​ជួប​ប្រទះ​នៅ​ពេល​យើង​ពុះពារ​រស់នៅ​ជា​កូន​នៃ​សេចក្ដី​សញ្ញា​ដ៏​ស្មោះត្រង់​របស់​ព្រះ ។

    3. នៅ​ក្នុង​ជួរ​ឈរ « មរតក » សូម​សរសេរ​ពរជ័យ​មួយ​ចំនួន​ដែល​យើង​អាច​ទទួល​ពី​ព្រះវរបិតាសួគ៌ ប្រសិនបើ​បើ​យើង​ពុះពារ​រស់នៅ​ជា​កូន​នៃ​សេចក្ដី​សញ្ញា​ដ៏​ស្មោះត្រង់​របស់​ព្រះ ។

ដោយ​មើល​ទៅ​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ប្រៀបធៀប​ពរជ័យ​នៃ​ការធ្វើ​ជា​អ្នក​គ្រង​មរតក​ជាមួយ​ព្រះគ្រីស្ទ ទៅ​នឹង​តម្រូវការ​នានា​ដែល​អ្នក​ត្រូវតែ​បំពេញ និង ការផ្ទុយ​ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ ។ តើ​អ្នក​នឹង​ថ្លែង​យ៉ាង​ដូចម្ដេច​ទៅ​កាន់​នរណាម្នាក់​ដែល​បាន​សួរ ថាតើ​វា​មាន​តម្លៃ​ដែរ​ឬ​ទេ​ក្នុង​ការមាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ?

សូម​អាន រ៉ូម ៨:១៨ ដោយ​ស្វែងរក​ថាតើ​ប៉ុល​បាន​មាន​ប្រសាសន៍​យ៉ាង​ដូចម្ដេច​អំពី​អ្វី​ដែល​យើង​លះបង់ បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​យើង​ទទួល​បាន​ពី​ព្រះវរបិតាសួគ៌​ទុក​ជា​មរតក​នោះ ។

រ៉ូម ៨:១៩–៣០ កត់ត្រា​ថា​ប៉ុល​បាន​បង្រៀន​ថា ព្រះវិញ្ញាណ​ជួយ​យើង​នៅ​ក្នុង​ភាពទន់ខ្សោយ​របស់​យើង ថា​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ហៅ​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​ឲ្យ​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​កូន​របស់​ព្រះ ។ ( នៅ​ក្នុង រ៉ូម ៨:២៩–៣០ ពាក្យ តម្រូវ​ទុក​ជា​មុន មាន​ន័យ​ថា ត្រូវបាន​តែងតាំង ឬ ហៅ​ពីមុន​ផែនដី ។ អ្នក​នឹង​សិក្សា​កាន់តែ​ច្រើន​អំពី​ការបង្រៀន​របស់​សាវក​ប៉ុល អំពី​ការតែងតាំង​ពីមុន​ផែនដី​នៅ​ក្នុង​អេភេសូរ ) ។

សូម​អាន រ៉ូម ៨:២៨, ៣១–៣៩ ដោយ​ស្វែងរក​សេចក្ដីពិត​នានា​ដែល​ប៉ុល​បាន​បង្រៀន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដែល​ទាក់ទង​ទៅ​នឹង​ការផ្ទុយ ឧបសគ្គ និង ទុក្ខលំបាក​នានា​នៅ​ក្នុង​ជីវិត​រមែងស្លាប់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។

ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ លើ រ៉ូម ៨:៣១ អាន​ថា « បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច [ ទាស់ ] នឹង​យើង​បាន ? » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ រ៉ូម ៨:៣១  ) ។

សេចក្តីពិត​មួយ​ចំនួន​ដែល​យើង​អាច​រក​ឃើញ​នៅ​ក្នុង​ខគម្ពីរ​នេះ​រួម​មាន​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​ស្រឡាញ់​ព្រះ នោះ​គ្រប់​ការណ៍​ទាំងអស់​នឹង​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​យើង ។ តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​យកឈ្នះ​លើ​ឧបសគ្គ និង ទុក្ខលំបាក​នានា​នៅ​ក្នុង​ជីវិត​រមែងស្លាប់ ។ គ្មាន​អ្វី​ដែល​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​សម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ឡើយ ។

  1. សូម​បំពេញ​សកម្មភាព​មួយ ឬ ច្រើន​ជាង​មួយ​នៃ​សកម្មភាព​ទាំងឡាយ​ដូច​ខាងក្រោម នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​គិត​អំពី​ឧបសគ្គ និង ទុក្ខលំបាក​នានា​ដែល​អ្នក​បាន​ជួប​ប្រទះ ក្រោយ​មក​សរសេរ​សេចក្ដីថ្លែងការណ៍​ចំនួន​ពីរ​ចេញ​ពី រ៉ូម ៨:២៨, ៣១–៣៩ ដែល​អ្នក​ចាប់អារម្មណ៍​ជាង​គេ រួច​ពន្យល់​អំពី​មូលហេតុ ។

    2. សូម​ពិពណ៌នា​ថាតើ​អ្នក​បាន​ទទួល​បទពិសោធន៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ អំឡុង​ពេល​អ្នក​មាន​ឧបសគ្គ​យ៉ាង​ដូចម្ដេច ?

    3. សូម​សរសេរ​របៀប​មួយ​ចំនួន ដែល​អ្នក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ ។ សូម​ដាក់​គោលដៅ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​សរសេរ ហើយ​សូម​ទុកចិត្ត​ថា អ្វី​គ្រប់​យ៉ាង​នឹង​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​យើង ។

រ៉ូម ៩–១១

ប៉ុល​បង្រៀន​អំពី​ការបដិសេធ​របស់​ពួក​អ៊ីស្រាអែល​ចំពោះ​សេចក្ដី​សញ្ញា​របស់​ព្រះ និង​អំពី​ការនាំយក​ដំណឹងល្អ​ទៅ​កាន់​សាសន៍​ដទៃ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង រ៉ូម ៩–១១ សាវក​ប៉ុល​បាន​ប្រើ​ពាក្យ អ៊ីស្រាអែល និង រាស្ត្រ​អ៊ីស្រាអែល ជំនួស​ឲ្យ សាសន៍​យូដា ។ នៅ​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រះ​បាន​ជ្រើសរើស​ពូជអំបូរ​របស់​យ៉ាកុប ឬ អ៊ីស្រាអែល​ឲ្យ​ធ្វើ​ជា​ផ្នែក​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជាមួយ​អ័ប្រាហាំ ( សូម​មើល រ៉ូម ៩:៤–៥ ) ។ សេចក្ដី​សញ្ញា​នេះ​រួម​បញ្ចូល​ទាំង​ពរជ័យ​នានា​មាន​ដូចជា ដែនដី សិទ្ធិអំណាច​បព្វជិតភាព និង ការទទួលខុសត្រូវ​ក្នុង​ការប្រសិទ្ធពរ​ដល់​មនុស្ស​ពាសពេញ​ពិភពលោក​ដោយ​នូវ​ដំណឹងល្អ ដែល​ធ្វើ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

សូម​អាន រ៉ូម ៩:៦, ៨ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​សមាជិក​ក្នុង​វង្សអ៊ីស្រាអែល ។

តើ​អ្នក​គិត​ថា​ប៉ុល​ចង់​មាន​ន័យ​ដូចម្ដេច​ដែល​ថា « មិន​មែន​អស់​អ្នក​ដែល​កើត​ក្នុង​សាសន៍​អ៊ីស្រាអែល ជា​សាសន៍​អ៊ីស្រាអែល​ពិត​នោះ​ឡើយ » ( រ៉ូម ៩:៦ ) ?

ពួក​សាសន៍​យូដា​មួយ​ចំនួន​ពុំ​យល់​ទេ​ថា មិន​មែន​អស់​អ្នក​ដែល​កើត​ក្នុង​វង្ស​អ៊ីស្រាអែល មាន​គុណសម្បត្តិ​ធ្វើ​ជា​សមាជិក​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះ​ជាមួយ​សាសន៍​អ៊ីស្រាអែល​ឡើយ ។ ពួកគេ​ទុកចិត្ត​ដោយ​ខុសឆ្គង​ថា ខ្សែ​ស្រឡាយ​របស់​ពួកគេ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​ដោយ​ស្វ័យប្រវត្តិ ។

សូម​អាន រ៉ូម ១០:៨–១៣ ដោយ​ស្វែងរក​របៀប​ដែល​នរណាម្នាក់ ជា​សាសន៍​អ៊ីស្រាអែល ឬ​មិនមែន​សាសន៍​អ៊ីស្រាអែល អាច​ក្លាយ​ជា​សមាជិក​នៃ​រាស្ត្រ​ក្នុង​សេចក្តីសញ្ញា​របស់​ព្រះ ។

នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ពាក្យ​ក្រិក ដែល​ប្រែ​ថា ប្រកាស មាន​ន័យ​ថា ការទទួលស្គាល់​កិច្ចព្រមព្រៀង ឬ សេចក្ដី​សញ្ញា​ដោយ​បើក​ចំហ ចំណែក​ឯ​ពាក្យ ពាក្យ​ក្រិក ដែល​ប្រែថា ជឿ មាន​ន័យ​ថា ការតាំងចិត្ត​ដោយ​មាន​ការទុកចិត្ត ។ ការទុកចិត្ត​ដ៏​ខ្លាំងក្លា​នេះ​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ដឹកនាំ​មនុស្ស​ឲ្យ​ទទួលស្គាល់​កិច្ចព្រមព្រៀង​របស់​ពួកគេ​ដោយ​បើក​ចំហ​អំពី​ទ្រង់​តាម​របៀប​ដែល​ទ្រង់​បាន​តាំង​ឡើង ។ របៀប​ទាំងនេះ​រួមមាន​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ការប្រែចិត្ត និង ការទទួល​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​នៃ​ដំណឹងល្អ ដែល​រួម​បញ្ចូល​ទាំង​ពិធីបុណ្យជ្រមុជទឹក និង​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យោង​តាម​សេចក្ដី​បង្រៀន​របស់​ប៉ុល ប្រសិនបើ​យើង​ទទួលយក ហើយ​គោរពប្រតិបត្តិ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​ទទួលបាន​ពរជ័យ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ និង​បាន​សង្គ្រោះ ។

  1. មនុស្ស​មួយ​ចំនួន​បាន​ប្រើ រ៉ូម ១០:៩, ១៣ ដើម្បី​អះអាង​ថា អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​បាន​សង្គ្រោះ​គឺ​ប្រកាស​សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​សេចក្ដីពិត​នានា​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​មេរៀន​នេះ​អាច​ជួយ​អ្នក​ឆ្លើយ​តប​ទៅ​នឹង​ការអះអាង​ដ៏​ខុសឆ្គង​នេះ ។

ខគម្ពីរ​ដែល​នៅ​សល់​ក្នុង រ៉ូម ១០–១១ យើង​អាន​ថា​ប៉ុល​បាន​បង្រៀន​ថា ការស្ដាប់​ព្រះបន្ទូល​ព្រះ​គឺ​ចាំបាច់​ក្នុង​ការអភិវឌ្ឍ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​ពន្យល់​បន្ថែម​អំពី​ការបដិសេធ​របស់​សាសន៍​អ៊ីស្រាអែល​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ប្រើ​រឿងប្រៀបប្រដូច​អំពី​មែក​ដែល​បាន​ផ្សាំ​ចេញ​ពី​ដើម​អូលីវ​ព្រៃ​ទៅ​នឹង​ដើម​អូលីវ​ស្រុក ដើម្បី​តំណាង​ឲ្យ​ការទទួល​យក​សាសន៍​ដទៃ​មក​ចិញ្ចឹម​នៅ​ក្នុង​វង្ស​អ៊ីស្រាអែល ( សូម​មើល យ៉ាកុប ៥ ) ។ លោក​ក៏​បាន​បង្រៀន​ផងដែរ​ថា ដំណឹងល្អ​នឹង​បាន​ផ្សព្វផ្សាយ​ដល់​ពួក​សាសន៍​យូដា​ម្ដង​ទៀត ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា រ៉ូម ៨-១១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖