បណ្ណាល័យ
មេរៀន​ទី ២១ ថ្ងៃ​ទី ២ ៖ រ៉ូម ១២-១៦


មេរៀន​ទី ២១ ៖ ថ្ងៃ​ទី ២

រ៉ូម ១២-១៦

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​បង្រៀន​សមាជិក​សាសនាចក្រ​នៅ​ក្រុង​រ៉ូម ឲ្យ​ថ្វាយ​រូបកាយ​របស់​ខ្លួន​ទុក​ជា​យញ្ញបូជា​រស់​ចំពោះ​ព្រះ ហើយ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ លោក​ក៏​បាន​បង្រៀន​ពួក​បរិសុទ្ធ​អំពី​របៀប​ចៀសវាង​ពី​ទំនាស់ ហើយ​ស្វែងរក​សន្តិភាព​នៅ​ពេល​មាន​ការខ្វែងគំនិតគ្នា​កើត​ឡើង​ដោយសារតែ​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន ។ នៅ​ពេល​បញ្ចប់​សំបុត្រ​នេះ ប៉ុល​បាន​ព្រមាន​ដល់​ជន​ទាំងឡាយ​ណា​ដែល​ព្យាយាម​បំភាន់ ។

រ៉ូម ១២-១៣

ប៉ុល​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ថ្វាយ​រូបកាយ​របស់​ខ្លួន​ទុក​ជា​យញ្ញបូជា​រស់​ចំពោះ​ព្រះ ហើយ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ

រូបភាព
កែវ​ទឹក​មាន​ទ្រង់ទ្រាយ​ខុសៗ​គ្នា​ចំនួន ៣

សូម​កត់ចំណាំ​ទ្រង់ទ្រាយ​វត្ថុរាវ​នៅ​ក្នុង​កែវ​ទីមួយ ។ តើ​ទ្រង់ទ្រាយ​វត្ថុរាវ​នេះ​នឹង​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ប្រសិនបើ​អ្នក​ចាក់​វា​ចេញ​ពី​កែវ​ទីមួយ​ទៅ​ក្នុង​កែវ​ទីពីរ ? តើ​ទ្រង់ទ្រាយ​របស់​វា​នឹង​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ប្រសិនបើ​អ្នក​ចាក់​វា​ចូល​ទៅ​ក្នុង​កែវ​ទីបី ?

សូម​ស្រមៃ​ថា វត្ថុរាវ​តំណាង​ឲ្យ​បុគ្គល​ម្នាក់ រីឯ​វត្ថុ​ដែល​ដាក់​វា​នោះ​តំណាង​ឲ្យ​ជំនឿ និង​ការអនុវត្ត​របស់​លោកិយ​ខុសៗ​គ្នា ។ តើ​មាន​គ្រោះថ្នាក់​អ្វី​អាច​កើត​មាន​មក​ពី​ការអនុវត្ត​តាម​ជំនឿ និង​ការអនុវត្ត​ខាង​លោកិយ​ម្ដង​ហើយ​ម្ដង​ទៀត ?

សូម​អាន រ៉ូម ១២:១–២ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ជំរុញ​ឲ្យ​សមាជិក​សាសនាចក្រ​នៅ​ក្រុង​រ៉ូម​ធ្វើ ។

នៅ​ពេល​ទូន្មាន​សមាជិក​សាសនាចក្រ​ឲ្យ « ថ្វាយ​រូបកាយ​ទុក​ជា​យញ្ញបូជា​រស់ … ដល់​ព្រះ » ( រ៉ូម ១២:១ ) ប៉ុល​បាន​ប្រៀបធៀប​ទៅ​នឹង​ការអនុវត្ត​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​អំពី​ការនាំ​យក​សត្វ​ទៅ​កាន់​អាសនា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទុក​ជា​យញ្ញបូជា ។ សត្វ​ទាំងនេះ​ត្រូវបាន​ឧទ្ទិស​ជា​ដង្វាយ​ថ្វាយ​ព្រះ ។ ហេតុដូច្នោះហើយ ប៉ុល​បាន​បង្រៀន​ថា សមាជិក​សាសនាចក្រ​ត្រូវ​ថ្វាយ​ជីវិត—រូបកាយ​សាច់ឈាម បំណងប្រាថ្នា ជម្រើស សកម្មភាព ទ្រព្យសម្បត្តិ និង​ពេល​វេលា​របស់​ខ្លួន—ដល់​ព្រះ ។ ការធ្វើបែប​នេះ​អាច​សម្រេច​ទៅ​បាន​ដោយ​ការលះបង់​ចោល​នូវ​បំណងប្រាថ្នា​ពេញ​ដោយ​អំពើបាប ហើយ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

យើង​រៀន​ចេញ​ពី​ដំបូន្មាន​របស់​ប៉ុល​នៅ​ក្នុង រ៉ូម ១២:១–២ ថា ព្រះ​មាន​ព្រះទ័យ​រំពឹង​ឲ្យ​យើង​ថ្វាយ​ជីវិត​របស់​យើង​ដល់​ទ្រង់ ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការអនុវត្ត​តាម​លោកិយ ។ សូម​គិត​ដល់​ការសរសេរ​សេចក្តីពិត​នេះ ដាក់​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. ពេញ​មួយ​គម្ពីរ រ៉ូម ១២–១៣ ប៉ុល​បាន​បង្រៀន​សមាជិក​សាសនាចក្រ​អំពី​គោលការណ៍​ជា​ច្រើន ដែល​នឹង​ជួយ​ពួកគេ​ថ្វាយ​ជីវិត​របស់​ខ្លួន​ដល់​ព្រះ ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការអនុវត្ត​តាម​លោកិយ ។ ដើម្បី​ស្វែងរក​គោលការណ៍​ទាំងនេះ សូម​គូរ​តារាង​ដែល​មាន​ជួរ​ឈរ​ចំនួន​បី ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ខាង​ក្រោម​នេះ ដាក់​នៅ​ផ្នែក​ខាង​លើ​នៃ​ជួរ​ឈរ​នីមួយៗ ៖ រ៉ូម ១២:៩–១៦; រ៉ូម ១២:១៧–២១; រ៉ូម ១៣:៨–១៣ ។ បន្ទាប់មក សូម​ធ្វើ​កិច្ចការ​ដូច​ខាង​ក្រោម ៖

    1. សូម​អាន​វគ្គបទគម្ពីរ​នីមួយៗ រួច​សរសេរ​សេចក្ដី​បង្រៀន​មួយ ឬ ពីរ ចេញ​ពី​វគ្គ​បទគម្ពីរ​នីមួយៗ​នៅ​ក្នុង​ជួរ​ឈរ​ដែល​ទាក់ទង​នឹង​បទគម្ពីរ​នោះ ។

    2. សូម​ពិពណ៌នា​អំពី​របៀប​ដែល​ការរស់នៅ​តាម​សេចក្ដី​បង្រៀន​នានា​ដែល​អ្នក​បាន​រកឃើញ​នេះ អាច​ជួយ​អ្នក​ថ្វាយ​ជីវិត​របស់​អ្នក​ដល់​ព្រះ ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការអនុវត្ត​តាម​លោកិយ ។

សូម​អាន រ៉ូម ១៣:១៤ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ ។

ឃ្លា « ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ » មាន​ន័យ​ថា ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ទាំង​ឥរិយាបថ និង ទង្វើ ។ សូម​គិត​អំពី​របៀប​ដែល​សេចក្ដី​បង្រៀន​នានា ដែល​អ្នក​បាន​សិក្សា​រួច​មក​ហើយ​នេះ​នៅ​ក្នុង រ៉ូម ១២–១៣ អាច​ជួយ​អ្នក​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។

រ៉ូម ១៣:១៤ ជួយ​យើង​យល់​ថា ប្រសិនបើ​យើង​ថ្វាយ​ជីវិត​របស់​យើង​ដល់​ព្រះ ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការអនុវត្ត​តាម​លោកិយ នោះ​យើង​អាច​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។

  1. ព្រះអង្គ​សង្គ្រោះ​គឺ​ជា​គំរូ​មួយ​នៃ​ការថ្វាយ​ជីវិត​ដល់​ព្រះ ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការអនុវត្ត​តាម​លោកិយ ។ សូម​គិត​អំពី​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ជា​បុគ្គល​ដែល​ពុះពារ​ធ្វើ​ដូចនេះ ។ សូម​សរសរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​បុគ្គល​ដែល​អ្នក​បាន​គិត​ដល់ និង អ្វី​ដែល​គាត់​ធ្វើ​ដែល​បង្កើត​ជា​គំរូ​នៃ​ការថ្វាយ​ដល់​ព្រះ ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការអនុវត្ត​តាម​លោកិយ ។ សូម​ពន្យល់​អំពី​របៀប​ដែល​បុគ្គល​នេះ ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដែល​ជា​លទ្ធផល​របស់​គាត់ ។

សូម​សរសេរ​នៅ​លើ​ក្រដាស​មួយ​សន្លឹក​ទៀត អំពី​របៀប​មួយ​ដែល​អ្នក​អាច​ថ្វាយ​ជីវិត​របស់​អ្នក​ដល់​ព្រះ​ឲ្យ​បាន​កាន់តែ​ពេញលេញ ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការអនុវត្ត​តាម​លោកិយ ។ សូម​ទុក​ក្រដាស​នេះ​នៅ​កន្លែង ដែល​វា​នឹង​ជួយ​រំឭក​អំពី​គោលដៅ​របស់​អ្នក ។

រ៉ូម ១៤:១–១៥:៣

ប៉ុល​បង្រៀន​សមាជិក​សាសនាចក្រ​ឲ្យ​ចៀសវាង​ទំនាស់ ដែល​បណ្ដាល​មក​ពី​ចំណង់ចំណូលចិត្ត​ខុសៗ​គ្នា ។

តើ​វា​អាច​ទទួលយក​បាន​ដែរ​ឬ​ទេ​ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវ (១) ទទួលទាន​តែ​បន្លែ​សុទ្ធ​នោះ ? (២) ហូប​សូកូឡា ? (៣) ស្លៀក​ខោ​ខ្លី​នៅ​តាម​ទីសាធាណៈ ? (៤) ប្រើ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ឈប់​សម្រាក ? (៥) ចូលរួម​ការប្រារព្ធ​ពិធី​នៅ​ថ្ងៃ​បុណ្យ​នានា ដែល​ជា​ពិធី​របស់​ប្រពៃណី​សាសនា ឬ វប្បធម៌​ដទៃៗ​ទៀត ?

ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​គឺ បាទ/ចាស ។ ទោះជា​ឥរិយាបថ​មួយ​ចំនួន​ត្រូវបាន​តម្រូវ​ឲ្យ​មាន ឬ ហាម​ហាត់​យ៉ាង​ច្បាស់​តាមរយៈ​ព្រះបញ្ញត្តិ​ពី​ព្រះអម្ចាស់​ក្ដី ក៏​ឥរិយាបថ​មួយ​ចំនួន​ទៀត​ត្រូវបាន​ទុក​ស្រប​ទៅ​នឹង​ចំណូលចិត្ត ឬ​ជម្រើស​របស់​សមាជិក​ម្នាក់ៗ​ដែរ ។ បញ្ហា​ទាំងនេះ​អាច​រួម​បញ្ចូល​ទាំង​ជម្រើស​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​ដូចជា ការកម្សាន្ត ការស្លៀកពាក់ ការទទួលទាន ការគោរព​ថ្ងៃ​ឈប់​សម្រាក និង វិន័យ​របស់​ឪពុកម្ដាយ​ដាក់​សម្រាប់​កូនៗ ។ ព្រះអម្ចាស់​បាន​ប្រទាន​ព្រះបញ្ញត្តិ និង បទដ្ឋាន​នានា​ដើម្បី​ដឹកនាំ​ជម្រើស​របស់​យើង​នៅ​ក្នុង​បញ្ហា​មួយ​ចំនួន​ទាំងនេះ​មាន​ដូចជា ការស្លៀក​ខោ​ខ្លី​ដែល​រម្យទម ប៉ុន្តែ​ការសម្រេច​មួយ​ចំនួន​ត្រូវបាន​ទុក​ឲ្យ​ស្រប​ទៅ​នឹង​ជម្រើស​ផ្ទាល់ខ្លួន ។ ពេល​ខ្លះ​សមាជិក​អាច​ផ្អែក​ការសម្រេចចិត្ត​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​ទាំងនេះ​ទៅ​លើ​ការបំផុសគំនិត​សម្រាប់​ស្ថានភាព ឬ​តម្រូវការ​ជាក់លាក់​របស់​ពួកគេ ។

នៅ​ពេល​អ្នក​សិក្សា រ៉ូម ១៤:១–១៥:៣ សូម​ស្វែងរក​សេចក្ដីពិត​នានា​ដែល​ប៉ុល​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​គួរតែ​ដោះស្រាយ​បញ្ហា​នានា​នៃ​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន​នៅ​ក្នុង​សាសនាចក្រ ។

នៅ​ក្នុង រ៉ូម ១៤:១–៥ យើង​រៀន​ថា បញ្ហា​មួយ​នៃ​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន​ដែល​សមាជិក​សាសនាចក្រ​នៅ​ជំនាន់​របស់​ប៉ុល​បាន​ប្រឈម​មុខ​នោះ​គឺ ការទទួលទាន​អាហារ ។ មនុស្ស​មួយ​ចំនួន​មិន​គោរព​តាម​ក្រឹត្យក្រម​នៃ​ការទទួលទាន​អាហារ​នោះ​ទេ ។ មនុស្ស​ឯ​ទៀត​មិន​ទទួលទាន​សាច់ ហើយ​ទទួលទាន​តែ​បន្លែ​ប៉ុណ្ណោះ  ។ លើស​ពី​នេះ​ទៅ​ទៀត សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​បាន​ជ្រើសរើស​គោរព​តាម​ទំនៀមទម្លាប់ ការអនុវត្ត និង​ថ្ងៃ​បុណ្យទាន​របស់​ពួក​សាសន៍​យូដា ។

តើ​អ្នក​គិត​ថា​មាន​បញ្ហា​អ្វី​ខ្លះ​កើតឡើង​នៅ​ក្នុង​សាសនាចក្រ នៅ​ពេល​សមាជិក​បាន​ធ្វើ​ការសម្រេចចិត្ត​ផ្ទាល់ខ្លួន​ខុសៗ​គ្នា​ទៅ​លើ​បញ្ហា​ទាំងនេះ ?

សូម​អាន រ៉ូម ១៤:៣ ដោយ​ស្វែងរក​ដំបូន្មាន​របស់​ប៉ុល​បាន​ផ្ដល់​ដល់​សមាជិក​សាសនាចក្រ​ដែល​មាន​ចំណង់ចំណូលចិត្ត​ខុសៗ​គ្នា​នោះ ។

តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​អាច​នឹង​មើលងាយ ឬ​ប្រមាថ ហើយ​វិនិច្ឆ័យ​សមាជិក​ដទៃ​ទៀត​ដែល​មាន​ជម្រើស​ខុស​ពី​ខ្លួន ?

សូម​អាន រ៉ូម ១៤:១០–១៣, ១៥, ២១ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​កុំ​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើ នៅ​ក្នុង​បញ្ហា​នៃ​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន​នេះ ។

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​សេចក្ដីណែនាំ​របស់​ប៉ុល​នៅ​ក្នុង រ៉ូម ១៤:១៣ គឺ​ថា បញ្ហា​ដែល​ពុំ​ទាក់ទង​ទៅ​នឹង​ព្រះបញ្ញត្តិ​ជាក់លាក់​ទេ​នោះ យើង​ត្រូវ​ចៀសវាង​ពី​ការវិនិច្ឆ័យ​លើ​ជម្រើស​របស់​អ្នក​ដទៃ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​វា​គឺ​ជា​បញ្ហា​មួយ​នៅ​ពេល​សមាជិក​សាសនាចក្រ​មើលស្រាល ឬ​បន្ទោស​ដល់​សមាជិក​ដទៃ​ទៀត ដែល​ធ្វើ​ជម្រើស​ខុសៗ​គ្នា​នៅ​ក្នុង​បញ្ហា​ដែល​គ្មាន​ព្រះបញ្ញត្តិ​តម្រូវ ឬ​ហាមឃាត់​លើ​ឥរិយាបថ​មួយ​ចំនួន​នោះ ?

សូម​កត់​ចំណាំ​ឃ្លា « ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ » នៅ​ក្នុង រ៉ូម ១៤:១៣ ។ ការធ្វើ​បែប​នេះ​សំដៅ​ទៅ​លើ​ការមាន​ឥទ្ធិពល​លើ​នរណាម្នាក់ ដើម្បី​ឲ្យ​អ្នក​នោះ​ជំពប់​ខាង​វិញ្ញាណ ឬ​រវាតចិត្ត​ចេញ​ពី​ការខិតខំ​របស់​ពួកគេ​ក្នុង​ការជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់នៅ​តាម​ដំណឹងល្អ​ទ្រង់ ។ សូមកំណត់​ចំណាំ​ផង​ដែរ​ថា ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ សម្រាប់ រ៉ូម ១៤:១៥ចែង​ថា « ប៉ុន្តែ បើ​អ្នក​ធ្វើ​ឲ្យ​បង​ប្អូន​អ្នក​ព្រួយ​ចិត្ត ដោយ​ព្រោះ​ម្ហូប​ចំណី​អ្វី នោះ​អ្នក​ប្រព្រឹត្ត​មិន​មែន​ដោយ​ស្រឡាញ់​ទៀត​ទេ បើ​អ្នកទទួល​ទាន​ម្ហូបចំណី​នោះ ។ ហេតុដូច្នេះហើយ សូមកុំ​ធ្វើ​ឲ្យ​អ្នក​ណា ដែល​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​ត្រូវ​វិនាស ដោយសារ​ម្ហូប​របស់​អ្នក​ឡើយ ។

ប៉ុល​បាន​ទូន្មាន​សមាជិក​សាសនាចក្រ​ឲ្យ​ចេះ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​លើ​ឥទ្ធិពល​នៃ​ការប្រព្រឹត្ត​ផ្ទាល់ខ្លួន​របស់​ពួកគេ​ទៅ​លើ​អ្នក​ដទៃ ហើយ​មាន​ឆន្ទៈ​កែប្រែ​ទង្វើ​នានា​ដែល​អាច​ជះ​ឥទ្ធិពល​ឲ្យ​អ្នកដទៃ​ជំពប់​ខាង​វិញ្ញាណ ។ ចេញ​ពី​សេចក្ដីណែនាំ​របស់​ប៉ុល យើង​ក៏​រៀន​ដែរ​ថា បញ្ហា​ដែល​ពុំ​ទាក់ទង​ទៅ​នឹង​ព្រះបញ្ញត្តិ​ជាក់លាក់​ទេ​នោះ យើង​ត្រូវ​ចេះ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ថាតើ​ជម្រើស​របស់​យើង​ជះ​ឥទ្ធិពល​លើ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ។

សូម​រំឭក​បញ្ហា​នានា​នៃ​ចំណូលចិត្ត​ផ្ទាល់ខ្លួន ដែល​មាន​នៅ​ផ្នែក​ដំបូង​នៃ​មេរៀន​នេះ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​សមាជិក​សាសនាចក្រ​នៅ​ជំនាន់​យើង​នេះ អាច​ធ្វើ​ដើម្បី​ធ្វើតាម​ដំបូន្មាន​របស់​ប៉ុល​នៅ​ក្នុង​បញ្ហា​ទាំងនេះ ។ តើ​ជម្រើស​ទាំងនេះ​អាច « នាំ​ឲ្យ​មេត្រី​គ្នា » ក្នុង​ចំណោម​សមាជិក​សាសនាចក្រ ( សូម​មើល រ៉ូម ១៤:១៩) យ៉ាង​ដូចម្ដេច ?

រ៉ូម ១៥:៤–១៦:២៧

ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ទៅ​ដល់​ពួក​រ៉ូម

នៅ​ជិត​ចុង​បញ្ចប់​នៃ​សំបុត្រ​របស់​ប៉ុល​ទៅ​ដល់​ពួក​រ៉ូម លោក​បាន​បង្រៀន​សេចក្ដីពិត​មួយ​អំពី​ព្រះគម្ពីរ ។ សូម​អាន រ៉ូម ១៥:៤ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​មូលហេតុ​ដែល​ព្រះគម្ពីរ​ត្រូវបាន​ចារចែង​ឡើង ។

យោង​តាម​អ្វី​ដែល​អ្នក​បាន​អាន សូម​បំពេញ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះគម្ពីរ​ត្រូវបាន​ចារចែង​ឡើង​សម្រាប់​នឹង  ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​គ្រា​មួយ​ដែល​ការសិក្សា​ព្រះគម្ពីរ​បាន​ផ្ដល់​ឲ្យ​អ្នក​នូវ​ការរៀនសូត្រ ការសម្រាលទុក្ខ ឬ សេចក្ដី​សង្ឃឹម ។

ប៉ុល​បាន​បង្ហាញ​អំពី​របៀប​ដែល​ព្រះគម្ពីរ​អាច​បង្រៀន​យើង ហើយ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ដោយ​ដកស្រង់​បទគម្ពីរ​មួយ​ចំនួន​ចេញ​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ដើម្បី​អះអាង​ដល់​ពួក​បរិសុទ្ធ​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​គឺ​ស្រប​ទៅ​នឹង​ផែនការ​របស់​ព្រះ ( សូម​មើល រ៉ូម ១៥:៩–១២ ) ។

ខគម្ពីរ​ដែល​នៅ​សល់​ទាំងប៉ុន្មាន​នៅ​ក្នុង រ៉ូម ១៥–១៦ មាន​នូវ​ការលើកទឹកចិត្ត និង​ដំបូន្មាន​បន្ថែម​ទៅ​ដល់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​រ៉ូម ។ ការលើកទឹកចិត្ត និង​ដំបូន្មាន​ទាំងនេះ​រួម​បញ្ចូល​ទាំង​ការព្រមាន​អំពី​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​ការបែងចែក បង្រៀន​គោលលទ្ធិ​ខុសឆ្គង ហើយ​ព្យាយាម​បំភាន់​មនុស្ស​ដទៃ ( សូម​មើល រ៉ូម ១៦:១៧–១៨ ) ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា រ៉ូម ១២-១៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖