បណ្ណាល័យ
សេចក្ដី​ណែនាំ​ស្ដីពី​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​តាម​ផ្ទះ


សេចក្ដី​ណែនាំ​ស្ដីពី​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​តាម​ផ្ទះ

កម្មវិធី​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​តាម​ផ្ទះ ត្រូវ​បាន​រៀបរៀង​ឡើង ដើម្បី​ជួយ​អ្នក​ឲ្យ​ពង្រឹង​ការយល់​ដឹង​របស់​អ្នក អំពី​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​អនុវត្ត​ការបង្រៀន​នៃ​ដំណឹង​ល្អ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក តាម​រយៈ​ការសិក្សា​ព្រះគម្ពីរ​នានា ។ សម្រាប់​ការ​សិក្សា​របស់​អ្នក​នៅក្នុង​ឆ្នាំ​សិក្សា​នេះ ដំបូង អ្នក​នឹង​បញ្ចប់​ការចាត់តាំង​ឲ្យ​អាន ចេញពី​ព្រះគម្ពីរ​នៃ​វគ្គ​សិក្សា​នេះ—គឺ​ព្រះគម្ពីរ​សញ្ញា​ថ្មី —ហើយ​បន្ទាប់​មក អ្នក​នឹង​បញ្ចប់​មេរៀន​នីមួយៗ ។ អ្នក​នឹង​ជួប​ជាមួយ​គ្រូ​ថ្នាក់​សិក្ខាសាលា ក្នុង​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ដាក់​ជូន​នូវ​កិច្ចការ និង ការចូលរួម​របស់​អ្នក នៅក្នុង​មេរៀន​ប្រចាំ​សប្ដាហ៍ ។

រូបភាព
យុវនារី​អាន​ព្រះគម្ពីរ

ថ្នាក់​សិក្ខាសាលា គឺ​ជា​កម្មវិធី​អប់រំ​ខាង​សាសនា​ប្រចាំ​ថ្ងៃ ។ ការ​សិក្សា​ព្រះគម្ពីរ​ទាំងឡាយ​របស់​អ្នក​ប្រកប​ដោយ​ការ​អធិស្ឋាន គប្បី​ជា​ទម្លាប់​មួយ​ជា​ប្រចាំ​ថ្ងៃ ។ អ្នក​នឹង​ត្រូវ​ធ្វើ​កិច្ចការ​ថ្នាក់​សិក្ខា​សាលា​របស់​អ្នក​រាល់​ថ្ងៃ​ទៅ​រៀន ទោះបី​អ្នក​មិន​ចូលរួម​នៅ​ថ្នាក់​សិក្ខាសាលា​រាល់​ថ្ងៃ​ក៏​ដោយ ។ មាន ៣២ មេរៀន ដែល​ត្រូវ​បញ្ចប់​នៅ​អំឡុង​វគ្គ​សិក្សា​នេះ ។ តារាង​អំណាន​នៅ ទំព័រ ០០០ បង្ហាញ​ពី​អ្វី​ដែល​អ្នក​គប្បី​សិក្សា​សម្រាប់​មេរៀន​នីមួយៗ ។ គ្រូ​របស់​អ្នក​នឹង​ជួយ​អ្នក​ឲ្យ​យល់​ថា​ពេល​ណា​ដែល​មេរៀន​នីមួយៗ​ត្រូវ​ដល់​ពេល​ប្រមូល ។ ចំណាយ​ពេល​ប្រហែល ៣០ នាទី ដើម្បី​បញ្ចប់​មេរៀន​នីមួយៗ​នៃ​មេរៀន​ទាំងឡាយ​នៅក្នុង​សៀវភៅ​មគ្គុទេសក៍ការ​សិក្សា​នេះ បន្ថែម​លើ​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

ក្រៅ​ពី​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក អ្នក​គប្បី​មាន​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះគម្ពីរ​ពីរ ( ឬ សៀវភៅ​សរសេរ​ពីរ​ក្បាល ) ដែល​អ្នក​នឹង​សរសេរ​កិច្ចការ​ទាំងឡាយ​ចេញ​ពី​សកម្មភាព​ក្នុង​សៀវភៅ​មគ្គុទេសក៍​ការសិក្សា ។ រាល់​សប្ដាហ៍​ដែល​អ្នក​ជួប​ជាមួយ​គ្រូ​របស់​អ្នក អ្នក​គប្បី​ប្រគល់​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ ដែល​មាន​នូវ​កិច្ចការ​ទាំងឡាយ​ដែល​បាន​បញ្ចប់ ចេញ​ពី​សកម្មភាព​ក្នុង​សៀវភៅ​មគ្គុទេសក៍​ការ​សិក្សា ដែល​អ្នក​បាន​បញ្ចប់​សម្រាប់​សប្ដាហ៍​នោះ ។ គ្រូ​របស់​អ្នក​នឹង​អាន ហើយ​ឆ្លើយ​តប​ចំពោះ​កិច្ចការ​ទាំង​នោះ ហើយ​ប្រគល់​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​ដល់​អ្នក​វិញ នៅ​សប្ដាហ៍​បន្ទាប់ ។ អ្នក​ក៏​អាច​សរសេរ​ចម្លើយ​របស់​អ្នក​នៅ​លើ​ក្រដាស​សៀវភៅ​ដែល​អាច​ដក​ហូត​ចេញ​ចូល​បាន ហើយ​ប្រគល់​ក្រដាស​កិច្ចការ​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ​នៅ​សប្ដាហ៍​នោះ ។ ហើយ​នៅ​ពេល​ដែល​គ្រូ​អ្នក​ប្រគល់​ក្រដាស​ទាំងនោះ​ត្រឡប់​មក​វិញ នោះ​អ្នក​អាច​ដាក់​វា​ចូល​ក្នុង​សៀវភៅ​វិញ ។

ការប្រើប្រាស់​សៀវភៅ​សិក្សា​នេះ នៅ​ក្នុង​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ

សៀវភៅ​សិក្សា​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​គ្រូ និង សិស្ស នៅ​ក្នុង​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ ដើម្បី​ធ្វើ​ឲ្យ​មេរៀន​កាន់តែ​ប្រសើរ​ឡើង ឬ សម្រាប់​ធ្វើ​កិច្ចការ​សង​វិញ ។ ទោះ​យ៉ាង​ណា គឺ​គ្មាន​បំណង​ប្រគល់​ឲ្យ​សិស្ស​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ​ទាំងអស់​គ្នា​នោះ​ទេ ។ ប្រសិន​បើ​សិស្ស​ម្នាក់​ត្រូវ​ការ​ធ្វើ​មេរៀន​សង​មួយ​ដើម្បី​បាន​ពិន្ទុ នោះ​គ្រូ​អាច​ដាក់​កិច្ចការ​ឲ្យ​គាត់​បញ្ចប់​មេរៀន​ដែល​សិក្សា​នៅ​តាម​ផ្ទះ ដែល​ត្រូវ​គ្នា​នឹង​មេរៀន​ដែល​គាត់​មិន​បាន​មក​រៀន​នោះ ។

ការប្រើប្រាស់​សៀវភៅ​មគ្គុទេសក៍​ការ​សិក្សា​សម្រាប់​សិស្ស​ដែល​សិក្សា​នៅ​តាម​ផ្ទះ

សេចក្តី​ណែនាំ​ស្ដីពី​អត្ថបទ​ព្រះគម្ពីរ

សេចក្ដី​ណែនាំ​ផ្ដល់​នូវ​ព័ត៌មាន​សាវតា​មួយ​ចំនួន ព្រម​ទាំង​សេចក្ដី​សង្ខេប​អត្ថបទ​គម្ពីរ​សម្រាប់​មេរៀន​នីមួយៗ ។

ក្រុម​ខគម្ពីរ និង សេចក្ដី​សង្ខេប​មាតិកា​រឿង

ក្រុម​ខ​គម្ពីរ ឆ្លុះ​បង្ហាញ​ពី​ការផ្អាក នៅ​កន្លែង​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​សកម្មភាព ឬ ប្រធានបទ ។ ក្រុម​ខ​គម្ពីរ​នីមួយៗ​មាន​សេចក្ដី​សង្ខេប​ពី​ព្រឹត្តិការណ៍ ឬ ការ​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនោះ ។

គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

ពេល​ដែល​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​លេច​ចេញ​មក​ពី​អត្ថបទ​គម្ពីរ នោះ​គោលលទ្ធិ និង គោលការណ៍​ទាំងនោះ ត្រូវ​បាន​បោះពុម្ព​ជា​អក្សរ​ដិត នៅ​ក្នុង​មេរៀន ដើម្បី​ជួយ​អ្នក​ឃើញ​វា​ច្បាស់ ។

ជំនួយ​ការ​សិក្សា

ជំនួយ​ការ​សិក្សា​ផ្ដល់​នូវ​ការ​យល់​ដឹង និង ពន្យល់​ពី​ការ​អនុវត្ត ដែល​អាច​ពង្រីក​ដល់​ការ​សិក្សា និង ការ​យល់​ដឹង​របស់​អ្នក អំពី​បទ​គម្ពីរ ។

ចំណេះ​ចំណាន​ខគម្ពីរ

ចំណេះ​ចំណាន​ខគម្ពីរ​នីមួយៗ​ក្នុង​ចំណោម​ចំណេះ​ចំណាន​ខគម្ពីរ​ទាំង ២៥ ដែល​មាន​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ត្រូវ​បាន​ដាក់​ដាច់​ដោយ​ឡែកៗ​ពី​គ្នា ដែល​ចំណេះ​ចំណាន​ខគម្ពីរ​ទាំង​នោះ​មាន​នៅ​ក្នុង​មេរៀន ដើម្បី​ជួយ​អ្នក​ធ្វើ​ឲ្យ​ចំណេះ​ចំណាន​របស់​អ្នក​កាន់​តែ​ស៊ី​ជម្រៅ ។

ការកត់ត្រា​ចម្លើយ​ក្នុង​សៀវភៅ​សិក្សា

ពេល​ខ្លះ អ្នក​នឹង​ត្រូវ​បាន​ស្នើ​ឲ្យ​សរសេរ​ចម្លើយ​នៅ​ក្នុង​សៀវភៅ​សិក្សា នៅ​បន្ទាត់​ចន្លោះ ឬ នៅ​ក្នុង​តារាង​មួយ ។

កិច្ចការ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ

កិច្ចការ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ គឺ​ត្រូវ​បាន​សរសេរ និង ប្រគល់​ទៅ​គ្រូ​របស់​អ្នក​រាល់​សប្ដាហ៍ ដើម្បី​បាន​មតិ​កែ​តម្រូវ​មក​វិញ ។ ការ​ផ្ដល់​នូវ​គំនិត​យ៉ាង​យក​ចិត្ត​ទុកដាក់​ដល់​ចម្លើយ​របស់​អ្នក នឹង​ជួយ​អ្នក​ទទួល​បាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ ពេល​អ្នក​រៀន និង អនុវត្ត​សេចក្ដី​ពិត​ទាំងឡាយ​ចេញ​ពី​បទ​គម្ពីរ ។