បណ្ណាល័យ
មេរៀន​ទី ១ ថ្ងៃទី ១ ៖ ផែនការ​នៃ​សេចក្តី​សង្រ្គោះ


មេរៀន​ទី ១ ៖ ថ្ងៃ​ទី ១

ផែនការ​នៃ​សេចក្តី​សង្រ្គោះ

សេចក្តីផ្តើម

ប្រធាន ប៊យ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការសង្ខេប​នូវ​ទិដ្ឋភាព​ទូទៅ​នៃផែនការ​នៃ​សេចក្តី​សង្រ្គោះ​នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់​សិក្ខាសាលា​នៃ​ឆ្នាំ​នីមួយៗ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ប្រសិនបើ​ការសង្ខេប​ពី​ទិដ្ឋភាព​ទូទៅនៃ ‹ ផែនការ​នៃសុភមង្គល › …ត្រូវ​បាន​ធ្វើឡើង​នៅ​ពេល​ចាប់​ផ្ដើម​ឆ្នាំ​សិក្សា ហើយ​យូរៗម្តង​ត្រឡប់​ទៅ​មើល​​វា នោះ​វា​នឹង​មាន​ម្លៃមហិមា​ចំពោះ…​សិស្ស ។ …

« យុវវ័យ​ងឿង​ឆ្ងល់​ថា ‹ ហេតុអ្វី ? ›-- ហេតុអ្វី​ក៏​យើង​ត្រូវ​បាន​បញ្ជា​ឲ្យ ធ្វើ កិច្ចការ​មួយចំនួន និង មិន ឲ្យ​ធ្វើ​កិច្ចការ​មួយ​ចំនួន​ទៀត​ដូច្នេះ ? ទោះបី​ជា​ចំណេះដឹង​អំពី​ផែនការ​នៃ​សុភមង្គល​ត្រូវបាន​សង្ខេប​ក្តី​ក៏​វា​អាច​ផ្តល់ ‹ ចម្លើយ › ដល់​ពួកគេ​បានដែរ » ( « The Great Plan of Happiness » នៅក្នុង Teaching Seminary: Preservice ReadingsChurch Educational System manual ឆ្នាំ ២០០៤ ] ទំព័រ ៦៩–៧០ គេហទំព័រ LDS.orgសូមមើល អាលម៉ា ១២:៣២ ) ។

មេរៀន​នេះ​ផ្ដល់​នូវ​ការសង្ខេប​ពី​ទិដ្ឋភាព​ទូទៅនៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ហើយ​ផ្ដោត​លើ​តួនាទី​ដ៏​សំខាន់​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់​នៅ​ក្នុង​ផែនការ​នោះ ។

តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ

តើ​អ្នក​នឹង​ឆ្លើយ​ដូច​ម្តេច ប្រសិន​បើ​មនុស្ស​ម្នាក់​សួរ​អ្នក​ថា​ហេតុអ្វី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អង្គ​ដ៏​សំខាន់​ចំពោះ​អ្នក ?

នៅ​ក្នុង​មេរៀន​ថ្ងៃ​នេះ អ្នក​នឹង​រៀន​អំពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ផែនការនៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ។ នៅពេល​សិក្សា សូម​រក​មើល​សេចក្ដី​ពិត​ដែល​អាច​ជួយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  1. សូម​គូស​តារាង​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ អ្នកនឹង​សរសេរ​គោលលទ្ធិ​នានា​នៅក្នុង​តារាង នៅពេល​អ្នក​សិក្សា​មេរៀននេះ ។

    ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គដ៏​សំខាន់​នៃ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌

    ជីវិត​មុន​ឆាក​ជីវិត​នេះ

    ជីវិត​រមែង​ស្លាប់

    ជីវិត​ក្រោយ​ពី​ជីវិត​នេះ

ផែនការ​របស់​ព្រះវរបិតាសួគ៌​​សម្រាប់​សេចក្តីសង្គ្រោះ​របស់​យើង​រួម​មាន​បីដំណាក់​កាល ៖ ជីវិតមុនឆាកជីវិតនេះ​ដែល​មាន​ពីមុន​កំណើត​នៃ​រូបកាយ​​របស់​យើង​ ជីវិត​រមែង​ស្លាប់ និង ជីវិត​ក្រោយ​ពី​ជីវិត​នេះ ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​នេះ ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ដែល​ពិពណ៌នា​អំពី​ដែន​កំណត់​ដែល​យើង​មាន​នៅក្នុង​ជីវិត​មុនឆាកជីវិត​នេះ ៖

« យើង​បាន​រស់នៅ​ជា​កូនចៅ​វិញ្ញាណ​របស់​ព្រះវរបិតា​របស់​យើង​នៅ​ក្នុង​ស្ថានសួគ៌​ពីមុន​យើង​កើត​លើ​ផែនដី​នេះ [ សូមមើល កិច្ចការ ១៧:២៨–២៩, អ័ប្រាហាំ ៣:២២–២៦ ] ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​មិន​ដូច​ព្រះវរបិតា​សួគ៌​របស់​យើង ហើយ​ក៏​មិន​អាច​ក្លាយ​ដូចជា​ទ្រង់ ហើយ​រីករាយ​ជាមួយ​ពរជ័យ​ដែល​ទ្រង់​រីករាយ​ដោយ​គ្មាន​បទពិសោធន៍​នៃ​ការ​រស់នៅជីវិត​រមែង​ស្លាប់​ជាមួយ​នឹង​រូបកាយ​ខាង​សាច់ឈាម​ដែរ ។

« ព្រះរាជ​បំណង​ទាំងមូល​របស់​ព្រះ—កិច្ចការ និង សិរី​ល្អ​របស់​ទ្រង់—គឺ​អាច​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​រីករាយ​ជាមួយ​នឹង​ពរជ័យ​ទាំងអស់​របស់​ទ្រង់ [ សូមមើល ម៉ូសេ ១:៣៩ ] ។ ទ្រង់​បាន​ប្រទាន​ផែនការ​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ដើម្បី​សម្រេច​បាន​ព្រះរាជ​បំណង​របស់​ទ្រង់ ។ យើង​បាន​យល់ ហើយ​បាន​ទទួល​យក​ផែនការ​នេះ​មុន​យើង​មក​ផែនដី​នេះ ។ …

«…ដើម្បី​រីកចម្រើន ហើយ​ប្រែ​ក្លាយ​ដូចជា​ព្រះ យើង​ម្នាក់ៗ​ត្រូវ​តែ​ទទួល​រូបកាយ ហើយ​ទទួល​ការ​សាកល្បង​នៅ​អំឡុង​ពេល​នៃ​សេចក្ដី​សាកល្បង​នៅ​លើ​ផែនដី » ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា [ ឆ្នាំ ២០០៤ ] ទំព័រ ៤៨–៥០ ) ។

នៅ​ពេល​ព្រះវរបិតា​សួគ៌​បាន​បង្ហាញ​ពី​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ យើង​បាន​ដឹង​ថា នឹង​មាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដើម្បី​អនុវត្ត​ផែនការ​នេះ ។ លូស៊ីហ្វើរ ដែល​ជា​កូនចៅ​វិញ្ញាណ​ម្នាក់​របស់​ព្រះវរបិតា​សួគ៌​បាន​បះបោរ​ប្រឆាំង​នឹង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ វា​ត្រូវ​បាន​ហៅ​ថាសាតាំង ។

សូម​អាន ម៉ូសេ ៤:១–៣, ដោយ​រក​មើល​អ្វី​ដែល​សាតាំង​ទាមទារ​ពី​ព្រះវរបិតា​សួគ៌ ។

តើ​សាតាំង​បាន​ទាមទារ​អ្វី​ខ្លះ​ពី​ព្រះវរបិតា​សួគ៌ ?

នៅក្នុង ម៉ូសេ ៤:២ យើង​រៀន​ថា​ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​ជម្រើស​​ចាប់តាំង​ពីដំបូង​មក​ដើម្បី​ធ្វើ​តាម​ព្រះឆន្ទៈរបស់​ព្រះវរបិតាសួគ៌ ។ នៅក្នុង​តារាង​របស់​អ្នក នៅក្នុង​ជួរឈរ « ជីវិតមុនឆាកជីវិតនេះ » សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​ដែល​យើង​រៀន​ពី​វគ្គបទគម្ពីរ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ជ្រើស​រើស​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​ដើម្បី ធ្វើ​ជា​ព្រះអង្គ​ប្រោសលោះ​របស់​មនុស្ស​លោក ។

ក្រោយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​អនុវត្ត​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ នោះ​ផែនដីចាំបាច់​ត្រូវបង្កើតឡើង​​ជា​កន្លែង​ដែល​យើង​ម្នាក់ៗ​អាច​ទទួល​បាន​រូបកាយ និង បទពិសោធន៍ ។

សូមអាន ហេព្រើរ ១:១–២, ដោយរកមើល​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ការ​បង្ក​បង្កើត​ផែនដី ។

ចេញ​ពី​ខគម្ពីរ​ទាំងនេះយើង​រៀន​នូវ​គោលលទ្ធិ​ខាង​ក្រោម​នេះ ៖ ក្រោម​ការ​ដឹកនាំ​របស់​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ផែនដី ។ សូម​សរសេរ​គោលលទ្ធិនេះ​នៅក្នុង​ជួរឈរ « ជីវិតមុនឆាកជីវិតនេះ » នៃ​តារាង​របស់​អ្នក​​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

រូបភាព
mountain lake
  1. សូមគិត​អំពី​សម្រស់​នៃ​ផែនដីនេះ និង អំពី​ពេលវេលា ព្រមទាំងទីកន្លែង​នានា​ដែល​អ្នក​ពិត​ជា​មាន​អំណរគុណ​ចំពោះ​វា ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូមឆ្លើយ​សំណួរ​​ខាងក្រោម​នេះ ៖

    1. សូម​ពិពណ៌នា​អំពីគ្រា​មួយ​ដែល​អ្នក​មាន​អំណរគុណ​ចំពោះ​សម្រស់​នៃ​ផែនដី ។

    2. តើ​ការ​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ផែនដី​នេះ ជះឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​អំពី​ទ្រង់​យ៉ាង​ណា​ដែរ ?

តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់

បន្ទាប់​ពី​មក​កាន់ផែនដី​ ហើយ​ទទួល​រូបកាយ នោះ​យើង​ដក​ពិសោធន៍​នូវ​ឧបសគ្គ​ផ្សេងៗ​ទៀត​ដែល​រារាំង​យើង​មិន​ឲ្យ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ហើយ​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់​វិញ ។ ឧបសគ្គពីរ​នៃ​ឧបសគ្គ​ទាំងនោះ គឺ​សេចក្តីស្លាប់​ខាង​រូបកាយ និង សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ។ សេចក្តីស្លាប់​ខាង​រូបកាយ​គឺ​ជាការបែកចេញ​នៃ​រូបកាយ​របស់​យើង និង វិញ្ញាណ​របស់​យើង ហើយ​សេចក្តី​ស្លាប់​ខាង​វិញ្ញាណ​គឺ​ជា​ការបែកចេញ​ពី​ព្រះ ។ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​នេះ ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ដែល​ពិពណ៌នា​អំពី​ឧបសគ្គ​ទាំងពីរ​នេះ​ដែល​យើង​ដក​ពិសោធន៍​អំឡុងពេល​ជីវិត​មែងស្លាប់​របស់​យើង ។

« នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ យើង​រស់នៅ​ក្នុង​លក្ខខណ្ឌ​នៃ​សេចក្ដី​ស្លាប់​ទាំង​ខាង​រូបកាយ និង ខាង​វិញ្ញាណ ។ ព្រះ​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង​ដ៏​អមតៈ​ដែល​មាន​សិរី​រុងរឿង​យ៉ាង​ល្អ​ឥតខ្ចោះ ។ ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះ និង​ត្រឡប់​ទៅ​រស់​នៅ​ទី​វត្តមាន​របស់​ទ្រង់ យើង​ក៏​ត្រូវ​តែ​មាន​រូបកាយ​​ជា​សាច់ និង​ឆ្អឹង​ដ៏អមតៈយ៉ាង​ល្អ​ឥត​ខ្ចោះ​ដែរ ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រោះ​តែ​ការ​ធ្លាក់​របស់​អ័ដាម និង អេវ៉ា មនុស្ស​គ្រប់​គ្នា​នៅ​លើ​ផែនដី​មាន​រូបកាយ​រមែង​ស្លាប់​ដែល​មិន​ល្អ​ឥត​ខ្ចោះ ហើយ​នៅ​ទីបំផុត​នឹង​ស្លាប់ ។ ប្រសិន​បើ​ពុំ​មាន​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​ទេ នោះ​សេចក្ដី​ស្លាប់​អាច​បញ្ចប់​រាល់​សេចក្ដី​សង្ឃឹម​សម្រាប់​ជីវិត​នាពេល​អនាគត​ដើម្បី​រួម​រស់​នឹង​ព្រះវរបិតាសួគ៌ ។

« រួម​ជាមួយ​នឹង​សេចក្ដី​ស្លាប់​ខាង​រូបកាយ អំពើបាប​គឺជា​ឧបសគ្គ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​ពុំ​អាច​ប្រែក្លាយ​ដូចជា​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ហើយ​ត្រឡប់​ទៅ​កាន់ទី​វត្តមាន​របស់​ទ្រង់​វិញ ។ នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ជីវិត​រមែង​ស្លាប់ យើង​តែង​តែ​ធ្លាក់​ក្នុង​ការ​ល្បួង ធ្វើ​ខុស​បញ្ញត្តិ​របស់​ព្រះ ហើយ​មាន​បាប ។ … ទោះ​បីពេល​ខ្លះ​អំពើ​បាប​ពុំ​មាន​ផល​អាក្រក់​ភ្លាមៗ​ក៏​ដោយ វា​តែងតែ​នាំ​ទៅ​រក​ភាព​អព្ភមង្គល ។ អំពើបាប​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​មានការ​ខុសឆ្គង និង​ខ្មាស់​អៀន ។ ដោយសារ​តែ​អំពើ​បាប​របស់​យើង យើង​ពុំ​អាច​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​ព្រះវរបិតា​សួគ៌​បាន​ទេ លុះត្រា​តែ​យើងទទួល​បាន​ការ​អភ័យទោស ហើយ​ស្អាត​ស្អំ​ជា​មុន​សិន ។

« … ដូច​គ្នា​នឹង​សេចក្ដី​ស្លាប់​ខាង​រូបកាយ​ដែរ យើង​មិន​អាច​ឈ្នះ​លើ​ឥទ្ធិពល​នៃ​អំពើ​បាប​ដោយ​ខ្លួន​យើង​បាន​ទេ ។ គ្មាន​អ្វី​ជួយ​យើង​បាន​ឡើយ​ក្រៅ​ពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ » (ប្រកាស​ដំណឹង​ល្អ​របស់​យើង ទំព័រ ៥១ ) ។

ពីមុន​ព្រះយេស៊ូវប្រសូត​មក​លើ​ផែនដី បន្ទាប់ពី​យ៉ូសែប បាន​ដឹង​ថា​ម៉ារី​មាន​កូន នោះ​ទេវតា​បាន​មក​ជួប​គាត់​នៅក្នុង​សុបិន ។ សូម​អាន ម៉ាថាយ ១:២១ដោយ​រកមើលអ្វី​ដែល​ទេវតា​អង្គ​នោះ​បាន​ប្រកាស​ប្រាប់​ទៅ​យ៉ូសែប ។

ចេញ​មក​ពី​អ្វី​ដែល​ទេវតា​នោះ​បាន​ថ្លែង​ពី​អ្វី​ដែល​ព្រះយេស៊ូវ​នឹង​ធ្វើ នោះ​យើង​រៀន​ថា ព្រះយេស៊ូវគ្រីស្ទបាន​យាង​មក​ដើម្បី​សង្គ្រោះយើង​ពី​អំពើ​បាប ។ សូម​សរសេរ​គោលលទ្ធិនេះ​នៅក្នុង​ជួរឈរ « ជីវិត​រមែង​ស្លាប់ » លើ​តារាង​របស់​អ្នក ។

យើង​អាច​ត្រូវ​បាន​សង្គ្រោះ​ចេញពី​អំពើបាប​របស់​យើង ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ រួមមាន​ការរងទុក្ខ ការសុគត និង ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Christ in Gethsemane, Crucifixion, resurrected Christ

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ការ​សង្គ្រោះ​ពី​អំពើ​បាប​របស់​យើង​តាមរយៈ​ដង្វាយធួនរបស់​ព្រះយេស៊ូវគ្រីស្ទ ?

    2. យោង​តាម កិច្ចការ ២:៣២តើ​យើង​ត្រូវតែ​ធ្វើអ្វី​ខ្លះទៀត ?

តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​ក្រោយ​ពី​ជីវិត​នេះ

តើ​អ្នក​ធ្លាប់​មាន​សមាជិកគ្រួសារ ឬ មិត្តភក្តិដ៏​ជាទីស្រឡាញ់​ស្លាប់​ដែរ​ឬ​ទេ ?

ដោយសារ​ចំណេះដឹង​របស់​យើង​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ នោះ​យើង​ដឹង​ថា នៅ​ពេល​ស្លាប់​វិញ្ញាណ​មនុស្ស​ទាំងអស់​ចូល​ទៅ​ក្នុង​ពិភព​វិញ្ញាណ ។

សូម​អាន ពេត្រុសទី ១ ៣:១៨–២០ និង ពេត្រុសទី ១ ៤:៦ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ភ្លាម​បន្ទាប់ពី​ការសុគត​របស់​ទ្រង់ ។

សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១៨–១៩, ៣០–៣២ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដើម្បី​អនុញ្ញាត​ឲ្យ​ដំណឹងល្អ​ត្រូវ​បាន​ប្រកាស​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​ពិភព​វិញ្ញាណ ។ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨ គឺ​ជា​វិវរណៈ​មួយ​អំពី​ពិភព​វិញ្ញាណ​ដែល​បាន​ទទួល​ដោយ​ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ ខណៈ​ដែល​លោក​កំពុង​ពិចារណា​អំពី​ការយាង​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​ជួប​វិញ្ញាណ​របស់​មរណជន អំឡុងពេល​ដែល​ព្រះកាយ​របស់​ទ្រង់​នៅ​ក្នុង​ផ្នូរ​នៅឡើយ ) ។

សូម​សង្ខេប​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​​ដើម្បី​អនុញ្ញាត​ឲ្យ​ដំណឹងល្អ​ត្រូវ​បាន​ប្រកាស​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​ពិភព​វិញ្ញាណ ៖

ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​នៅ​ថ្ងៃ​ទី​បី​បន្ទាប់​ពី​ការសុគត​របស់​ទ្រង់ ( សូមមើល កូរិនថូសទី ១ ១៥:៤) ។ នៅពេល​បុគ្គល​ម្នាក់​បាន​រស់​ឡើង​វិញ នោះ​​វិញ្ញាណ និង រូបកាយ​របស់គាត់​ត្រូវបាន​ផ្គុំ​ចូល​គ្នា​វិញ ហើយ​ពុំ​បែក​ចេញ​ពី​គ្នា​ទៀត​ឡើយ ( សូមមើល គ. និង ស. ១៣៨:១៧) ។

រូបភាព
Jesus Christ with Mary

ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ

សូម​អាន កូរិនថូសទី ១ ១៥:២០–២២ដោយ​រកមើល​ពី​របៀប​ដែល​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មានឥទ្ធិពល​ដល់​យើង​ម្នាក់ៗ ។

នៅក្នុង​តារាង​របស់​អ្នក​នៅក្នុង​ជួរឈរ « ជីវិតក្រោយពី​ជីវិតនេះ » សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នេះ ៖ ដោយសារ​តែ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នេះ​ហើយ ទើប​មនុស្ស​លោក​ទាំងអស់​នឹង​រស់ឡើងវិញ ។

សូម​អាន វិវរណៈ ២០:១២ដោយ​រកមើល​អ្វី​ដែលនឹង​កើត​ឡើង​ចំពោះ​យើង​ម្នាក់ៗ បន្ទាប់​ពី​យើង​បាន​រស់​ឡើង​វិញ ។

បញ្ជី​ជីវិត​អាច​តំណាង​ឲ្យ​គំនិត និង ទង្វើ​របស់​មនុស្ស​ម្នាក់​នៅ​ក្នុង​ជីវិត​នេះ ក៏​ដូចជា​កំណត់ត្រា​ដែល​បាន​រក្សា​នៅ​ទុក​ស្ថានសួគ៌​អំពី​សេចក្ដី​សុចរិត​ផងដែរ ( សូមមើល Bible Dictionary « Book of life ») ។ យើង​ត្រូវ​បាន​ជំនុំជម្រះ​ពុំ​មែន​តែ​ទៅ​លើ​កិច្ចការ​របស់​យើង​តែម្យ៉ាង​ទេ ប៉ុន្តែ​ទៅលើ​គំនិត ពាក្យ​សម្ដី និង បំណង​ប្រាថ្នា​របស់​យើង​ផងដែរ (សូមមើល ម៉ូសាយ ៤:៣០, អាលម៉ា ១២:១៤, គ. និង ស. ១៣៧:៩ ) ។

សូម​អាន យ៉ូហាន ៥:២២ដោយ​រក​មើល​ថាតើ​នរណា​នឹង​ជំនុំជម្រះ​យើង ។ ( អ្នក​អាច​សរសេរ យ៉ូហាន ៥:២២ នៅ​លើរឹម​នៃ​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ វិវរណៈ ២០:១២ ​) ។

នៅក្នុង​តារាង​របស់​អ្នក​នៅក្នុង​ជួរឈរ « ជីវិតក្រោយពី​ជីវិតនេះ » សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​កាត់​សេចក្ដី​មនុស្ស​លោក​ទាំងអស់ ។

គោលបំណង​ដ៏​សំខាន់​បំផុត​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​គឺ​ផ្ដល់​ឱកាស​ឲ្យ​យើង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ឬ​ភាព​តម្កើង​ឡើង ដែល​វា​មានន័យ​ថា​ការ​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌ ហើយ​រស់​នៅ​ជាមួយ​នឹង​ទ្រង់​ក្នុង​ក្រុម​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជា​រៀង​ដរាប​តទៅ ។ សូមគិត​អំពី​គ្រួសារ​ដែល​អ្នក​មាន​ឥឡូវ​នេះ ព្រមទាំង​គ្រួសារ​ដែល​អ្នក​រំពឹង​ថា​នឹង​មាន​នៅ​ពេលអនាគត ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ហេតុផល​ដែល​អ្នក​អាច​រស់នៅ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​គ្រួសារ​របស់​អ្នក​ជារៀង​រហូត​គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​អ្នក ។

សូមអាន យ៉ូហាន ៣:៥, ១៦–១៧ដោយ​រក​មើល​អ្វី​ដែល​យើងម្នាក់ៗ​​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( ឬ​អស់កល្ប​អស់​កាល​ជានិច្ច ) ។

ដើម្បី​ជឿ​លើ​ព្រះរាជ​បុត្រា​បង្កើត​តែមួយ​គឺ​មានន័យ​ថា​ការ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រស់​នៅ​ស្រប​តាម​ដំណឹងល្អ​របស់​ទ្រង់ ។

នៅក្នុង​តារាង​របស់​អ្នក​នៅក្នុង​ជួរឈរ « ជីវិតក្រោយពី​ជីវិតនេះ » សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់​នៅ​ស្រប​តាម​ដំណឹងល្អ​របស់​ទ្រង់ នោះ​ទើប​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

  1. សូម​គិត​ម្តងទៀត​ពី​សំណួរ​ដែល​បាន​សួរ​​នៅ​ដើម​មេរៀន ៖ « តើ​អ្នក​នឹង​ឆ្លើយ​ដូចម្តេច ប្រសិន​បើ​មនុស្ស​ម្នាក់​សួរ​អ្នក​ថា​ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អង្គ​ដ៏​សំខាន់​ចំពោះ​អ្នក ? » សូម​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ទាំង​នេះ​​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ផ្អែក​លើអ្វី​ដែល​អ្នក​បាន​រៀន និង យល់​ដឹង​អំឡុង​ពេល​ការសិក្សា​របស់​អ្នក​នា​ថ្ងៃ​នេះ ។

សូម​គិត​ពី​ការប្រើ​តារាង​ដែល​អ្នក​បាន​បង្កើត​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​បង្រៀន​គ្រួសារ​របស់​អ្នក ឬ មនុស្ស​ដទៃ​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « ផែនការ​នៃ​សេចក្តី​សង្គ្រោះ » ហើយ​បាន​បញ្ចប់​វា​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖