បណ្ណាល័យ
មេរៀន​ទី ១ ថ្ងៃទី ២ ៖ តួនាទី​របស់​សិស្ស


មេរៀន​ទី ១ ៖ ថ្ងៃ​ទី ២

តួនាទី​របស់​សិស្ស

សេចក្តីផ្តើម

ព្រះវិញ្ញាណ​បរិសុទ្ធ គ្រូ​បង្រៀន និង សិស្ស​មាន​តួនាទី​សំខាន់​មួយ​នៅ​ក្នុង​ការ​រៀនសូត្រ​ដំណឹងល្អ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​តួនាទី​ទាំងនេះ ដើម្បី​អ្នក​អាច​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​ខិតខំ​រៀនសូត្រ​របស់ខ្លួន ។ អ្នក​ប្រហែល​ជា​ត្រូវ​រំឭក​គោលការណ៍​នានា ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ​ជា​ទៀងទាត់ ដើម្បី​រំឭក​ខ្លួន​ឯង​អំពី​ទំនួល​ខុសត្រូវ​របស់​ខ្លួន​ក្នុង​ការរៀន​សូត្រ​​ដំណឹងល្អ ។

តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ គ្រូ​បង្រៀន និង សិស្ស​នៅក្នុង​ការ​រៀនសូត្រ​ដំណឹងល្អ

សូម​ពិចារណា​អំពី​ស្ថានភាព​ខាង​ក្រោម ៖

មាន​យុវនារី​ម្នាក់​ទទួល​បាន​ការ​បំផុស​គំនិត និង ការស្អាង​ឡើង នៅ​ពេល​នាង​បាន​រៀន​មេរៀន​ថ្នាក់​សិក្ខាសាលា​នៅផ្ទះ​របស់​នាង ។ នាង​បាន​ទទួល​អារម្មណ៍​ពី​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នាង​មាន​អំណរគុណ​សម្រាប់​អ្វីៗ​ដែល​នាង​រៀន និង រិះគិត​ពី​របៀប​នានា​ដើម្បី​អនុវត្ត​ចំណុច​ទាំង​នោះ​ក្នុង​ជីវិត​របស់​នាង ។ យុវនារី​ម្នាក់​ទៀត​បាន​បញ្ចប់​មេរៀន​ដូច​គ្នា​នោះ ​ប៉ុន្តែ​ជារឿយៗ​នាង​មាន​ភាព​​ធុញ​ទ្រាន់ ហើយ​មាន​អារម្មណ៍​ថា​នាង​រៀន​អ្វី​មិន​បាន​ច្រើន​ទេ​ពី​មេរៀន​ទាំង​នោះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ហេតុផល​មួយចំនួន​ណាខ្លះ​ដែល​អាច​កើត​មាន ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យុវនារី​ទាំងពីរ​នេះ​មាន​បទពិសោធន៍​ផ្សេង​គ្នា ខណៈ​ដែល​ពួកគេ​រៀន​ចប់​មេរៀន​ថ្នាក់​សិក្ខាសាលា​តែ​មួយដូចគ្នា​នោះ ?

នៅ​ពេល​អ្នក​សិក្សា​មេរៀន​ថ្ងៃ​នេះ សូម​​រក​មើល​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​អាច​ជួយ​អ្នក​បំពេញ​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​សិស្ស​ថ្នាក់​សិក្ខាសាលា ហើយ​ពង្រឹង​ទីបន្ទាល់​របស់ខ្លួន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

មាន​បុគ្គល​បី​រូប​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​បរិយាកាស​រៀន​សូត្រ​ដំណឹងល្អ​ដូច​ជា​ថ្នាក់​សិក្ខាសាលា​នេះគឺ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ គ្រូបង្រៀន និង សិស្ស ។

សូម​អាន យ៉ូហាន ១៤:២៦ និង យ៉ូហាន ១៦:១៣ដោយ​រកមើល​តួនាទី​មួយ​ចំនួន​​នៃ​ព្រះវិញ្ញាណប​រិសុទ្ធ ។

សេចក្ដីពិតមួយ​​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំង​នេះ​អំពី​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះគឺ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​សេចក្តីពិត ។

ផ្អែក​លើ​អ្វី​ដែល​អ្នក​មាន​បទពិសោធន៍​នៅក្នុង​ជីវិត តើ​យើង​អាច​ដឹង​បាន​ដោយ​របៀប​ណា នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​បង្រៀន​សេចក្ដីពិត​ដល់​យើង ? ( អ្នក​អាច​ឃើញ​ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២-៣ អាច​ជួយ​ឆ្លើយ​សំណួរ​នេះ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:១៣-១៤រក​មើល​តួនាទី​របស់​គ្រូ​បង្រៀន​ដំណឹងល្អ ។ សូម​កត់ចំណាំ​ថា​ខ​គម្ពីរ​ទាំងនេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​ទៅ​សមាជិក​សាសនាចក្រ​ជំនាន់​មុន​ដែល​ត្រូវ​បាន​តែងតាំង​ឲ្យ​បង្រៀន​ដំណឹងល្អ ។

តើ​តួនាទី​របស់​គ្រូបង្រៀន​ដំណឹងល្អ​មាន​អ្វីខ្លះ ?

សូម​អាន នីហ្វៃទី ២ ៣៣:១ដោយ​រកមើល​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​អ្វី នៅ​ពេល​សេចក្ដីពិត​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ។

យោងតាម នីហ្វៃទី ២ ៣៣:១តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​អ្វី​សម្រាប់​យើង ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៨ដោយ​រកមើល​នូវ​របៀប​ដែល​យើង​ត្រូវតែ​ស្វែងរក​ការ​រៀនសូត្រ ។

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

របៀប​មួយ​ដែល​យើង​ត្រូវតែ​ស្វែងរក​ការ​រៀនសូត្រ​នោះ​គឺ​តាមរយៈ​សេចក្ដីជំនឿ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​​ពី​អ្វី​ដែល​កើត​ឡើង​នៅពេល​យើង​ស្វែងរក​ការរៀនសូត្រ​ដោយ​សេចក្តី​ជំនឿ ។ បន្ទាប់​ពី​ដកស្រង់​ពី នីហ្វៃទី ២ ៣៣:១អែលឌើរ បែដណា បាន​មាន​ប្រសាសន៍ ៖ « សូម​កត់​ចំណាំ​ពី​របៀប​ដែល​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​នាំ​សារលិខិត ទៅ​ដល់ ប៉ុន្ដែ​មិន​មែន​ចាំបាច់ ទៅ​ក្នុង ដួងចិត្ត​នោះ​ទេ ។ « គ្រូបង្រៀន​ម្នាក់​អាច​ពន្យល់ បង្ហាញ លួងលោម ហើយ​ធ្វើ​ទីបន្ទាល់ និង​ធ្វើ​យ៉ាង​ដូច្នោះ​ដោយ​មាន​អំណាច និង​ប្រសិទ្ធភាព​ខាង​វិញ្ញាណ ។ ទោះ​យ៉ាង​នេះ​ក៏​ដោយ នៅ​ទីបំផុត​សារលិខិត​មួយ និង សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជា្របចូល​ទៅក្នុង​ដួងចិត្ត​បាន ដរាបណា​អ្នក​ទទួល​មា្នក់​អនុញ្ញាត​ឲ្យ​វា​ចូល​តែប៉ុណ្ណោះ ។ ការ​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ​បើក​ផ្លូវ ចូល​ទៅ​ក្នុង ដួងចិត្ត » ( « Seek Learning by Faith » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦១ ) ។

ចេញ​ពី​សេចក្តី​ថ្លែង​ការណ៍​នេះ​យើង​រៀន​ថា ប្រសិន​បើ​យើង​ខិតខំ​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ នោះ​ទើប​យើង​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ចូល​មក​ក្នុង​ដួងចិត្ត​របស់​យើង​ដើម្បី​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត ។

  1. សេចក្ដី​ជំនឿ​គឺ​លើស​ពី​ជំនឿ​អកម្ម​ទៅ​ទៀត ។ យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​តាមរយៈ​សកម្មភាព ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ​នោះ ?

សូម​ស្រមៃ​ថា​អ្នក​​ពុំ​ធ្លាប់​លេង​បាល់​ទាល់​ទេ ប៉ុន្តែ​គ្រូបង្រៀន​ម្នាក់​បាន​សន្យា​នឹង​អ្នក​ថា​គាត់​អាច​បង្រៀន​អ្នក​ឲ្យ​ចេះ​លេង​បាល់ទាត់​យ៉ាង​ល្អ​ដើម្បី​លេង​ក្នុង​ក្រុម​កីឡា​បាល់ទាត់​មួយ​បាន ។ អ្នក​ជឿ​លើ​​សមត្ថភាព​របស់​គ្រូ​បង្រៀន​នោះ​ដើម្បី​បង្រៀន និង​ជឿ​លើ​សមត្ថភាព​របស់​អ្នក​ដើម្បី​រៀន ។ គ្រូបង្រៀន​នាំ​អ្នក​ទៅ​ទីលាន​បាល់ទាត់ ។ គាត់​ពន្យល់ ហើយ​បង្ហាញ​ពី​របៀប​បណ្ដើរ​បាល់ ប៉ុន្តែ​គាត់ពុំ​អនុញ្ញាត​ឲ្យ​អ្នក​សាកល្បង​ធ្វើ​វា​ដោយ​ខ្លួន​ឯង​ឡើយ ។ ក្រោយ​មក​គាត់​ពន្យល់​ពី​របៀប​បញ្ជូន​បាល់ និង បង្ហាញ​វា​ដោយ​បញ្ចូន​បាល់​នោះ​មក​ឲ្យ​អ្នក ។ ប៉ុន្តែ ពីមុន​អ្នក​មាន​ឱកាស​សាកល្បង​បញ្ចូន​បាល់​ត្រឡប់​ឲ្យ​គាត់​វិញ​នោះ គ្រូបង្រៀន​រត់​មក​កាន់​អ្នក ហើយ​​ដណ្តើម​យក​បាល់​នោះ​មក​វិញ ។ គាត់​ធ្វើ​ដូចគ្នា​សម្រាប់​ការ​បោះបាល់​ចូល​វិញ បន្ទាប់​ពី​វា​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទីលាន ។ គាត់​អរគុណ​សម្រាប់​ពេលវេលា​របស់អ្នក ហើយ​បាន​ដើរ​ចេញទៅ ។

បន្ទាប់​ពី​បាន​រៀន​មេរៀន​បែប​នេះ​ហើយ តើ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​ត្រៀម​ខ្លួន​បែបណា​ដើម្បី​សាកល្បង​សម្រាប់​ក្រុម​បាល់​ទាត់​មួយ ? ហេតុអ្វី ?

ទោះ​បី​ជា​ការ​រៀនសូត្រ និង ការ​មើល​អ្នក​ដទៃ​លេង​បាល់បាត់​អាច​ជួយក្តី ប្រសិន​បើ​អ្នក​ចង់​អភិវឌ្ឍ​ជំនាញ​ដែល​ចាំបាច់​ដើម្បី​មាន​ភាព​ជោគជ័យ​ក្នុង​កីឡា​បាល់​ទាត់ តើ​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះ ?

តើ​គំរូ​នេះ​អាច​ទាក់ទិន​នឹង​ការ​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ​បាន​ដោយ​របៀប​ណា ?

( ការ​ជឿ និង ការ​ទុកចិត្ត​ថា​ព្រះវិញ្ញាណ​អាច​បង្រៀន​យើង​តែម្យ៉ាង​គឺ​ពុំ​គ្រប់គ្រាន់​ឡើយ ។ ដើម្បី​ទទួល​បាន​ចំណេះដឹង​ពី​សេចក្ដី​ពិត​របស់​ព្រះ យើង​ក៏​ត្រូវ​ខិតខំ​រៀនសូត្រ ហើយ​អនុវត្ត​អ្វី​ដែល​យើង​រៀនសូត្រ​ផង​ដែរ ។ អែលឌើរ បែដណា បាន​បង្រៀន​អំពី​សកម្មភាព​ដែល​បំផុស​ឲ្យ​មាន​ជំនឿ​ដែល​ទាក់ទង​នឹង​ការរៀនសូត្រ​ដោយ​សេចក្តីជំនឿ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« អ្នក​រៀនម្នាក់​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ តាមរយៈការ​ធ្វើ​សកម្មភាព​ស្រប​ទៅតាម​គោលការណ៍​ត្រឹមត្រូវ បើក​ដួងចិត្ត​ពួកគេ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​យាង​ការបង្រៀន​របស់​ទ្រង់ អំណាច​នៃ​ការ​ថ្លែង​ទីបន្ទាល់ និង​សាក្សី​បញ្ជាក់​របស់​ទ្រង់ ។ ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ តម្រូវ​ឲ្យ​មាន​កិច្ចខិត​ខំ​ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង ខាង​រូបកាយ ហើយ​ពុំ​មែន​គ្រាន់​តែ​ជា​ការ​ទទួលភាព​អកម្ម​នោះ​ទេ ។ វា​គឺ​នៅ​ក្នុង​សេចក្តី​ស្មោះត្រង់ និង ភាពខ្ជាប់ខ្ជួន​នៃ​សកម្មភាព​ដែល​បាន​បំផុស​គំនិត​យើង​ឲ្យ​មាន​សេចក្ដី​ជំនឿ​នោះ ដែល​យើង​បង្ហាញ​ចំពោះ​ព្រះវរបិតា​សួគ៌ និង ព្រះរាជ​បុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ជា​ការស្ម័គ្រ​ចិត្ត​របស់​យើង​ដើម្បី​រៀន និង ទទួល​យក​ការបង្ហាត់​បង្រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ …

« … ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ តម្រូវ​ឲ្យ​មាន​ទាំង ‹ ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម › ( គ. និង ស. ៦៤:៣៤ ) ។ ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ គឺ​ជា​លទ្ធផល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នាំ​ព្រះចេស្ដា​នៃ​ព្រះបន្ទូល​នៃ​ព្រះ​មក​កាន់​ដួង​ចិត្ត​ផង និង ចូល​ដល់​ក្នុង​ដួងចិត្ត​ផង ។ ការ​រៀនសូត្រ​ដោយ​សេចក្ដីជំនឿ ពុំអាច​ត្រូវ​បាន​ផ្ទេរ​ពី​គ្រូបង្រៀន​ទៅ​សិស្ស​ម្នាក់​តាមរយៈ​ការ​បង្រៀន ការ​បង្ហាញ ឬ​​តាមសកម្មភាព​ក្នុង​ថ្នាក់រៀន​ទេ តែ​សិស្ស​ម្នាក់​ត្រូវ​តែ​អនុវត្ត​សេចក្ដីជំនឿ និងធ្វើ​សកម្មភាព ដើម្បី​ទទួលបាន​ចំណេះ​ដឹង​សម្រាប់​ខ្លួនគាត់ » (« Seek Learning by Faith »ទំព័រ ៦៤ ) ។

សូម​រំឭក​ឡើង​វិញ​ពី​យុវនារី​ដែល​បាន​ពិពណ៌នា​នៅដើម​មេរៀន ដែល​ជារឿយៗ​នាង​មាន​ភាព​​ធុញទ្រាន់ ហើយ​មាន​អារម្មណ៍​ថា​នាង​រៀន​អ្វី​មិន​បាន​ច្រើន​ទេ​ពី​មេរៀនថ្នាក់​សិក្ខាសាលាដែល​សិក្សា​នៅ​ផ្ទះ​នោះ ។ សូម​ស្រមៃ​ថា គាត់​បាន​បង្ហាញ​កង្វល់​ទាំង​នេះ​ដល់​អ្នក ។ ចេញពី​អ្វី​ដែល​នាង​បាន​និយាយ​កាល​ពីដើម អំពី​របៀប​ដែល​នាង​បញ្ចប់​មេរៀន នោះអ្នក​បាន​ឃើញ​ថា​ជាញយៗ​នាង​សរសេរ​ចម្លើយ​កិច្ចការ​ខ្លួនយ៉ាង​រាក់​កំផែល​នៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្លួន ហើយ​ជា​ញឹកញាប់​​នាង​ត្រូវបាន​បង្វែរ​អារម្មណ៍​ចេញ​ដោយ​ចំណាប់​អារម្មណ៍​ផ្សេងៗ​ នៅពេល​នាង​រៀន​មេរៀន​របស់​ខ្លួន ។​ នាង​ក៏​ពុំ​បាន​ចូលរួម​ក្នុង​សកម្មភាព​ថ្នាក់ ឬ ការពិភាក្សា​គ្នា​ក្នុង​ថ្នាក់​អំឡុង​ពេល​នៃ​ថ្នាក់​រៀន​រៀងរាល់​សប្តាហ៍​ផងដែរ ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ឧទាហរណ៍ពី​កិច្ចការ​បី ឬ បួន​​ខាង​វិញ្ញាណ​ សតិអារម្មណ៍ និង កម្លាំង​កាយ ដែល​អ្នក​នឹង​លើកទឹកចិត្ត​ដល់​យុវនារី​ម្នាក់​នេះ ឲ្យ​អនុវត្តតាម ដើម្បី​នាង​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការរៀនសូត្រ​ដោយ​សេចក្តីជំនឿ ។

គំរូ​មក​ពី​ខ្សែ​ជីវិត​​របស់​សាវក​ពេត្រុស បង្ហាញ​យើង​ពី​របៀប​ដែល​ការ​ខិតខំ​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​មក​ក្នុង​ដួងចិត្ត​យើង​ដើម្បី​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត ។ សូម​អាន ម៉ាថាយ ២:១៨-២០ដោយ​ស្វែងរក​អញ្ជើញ​របស់​ព្រះអង្គស​ង្គ្រោះ​ចំពោះ​ពេត្រុស និង បងប្រុស​របស់​គាត់​អនទ្រ ។

តើ​ព្រះអង្គសង្គ្រោះ​បានហៅ​ពេត្រុស និង អនទ្រេ​ឲ្យ​ធ្វើ​អ្វីខ្លះ ?

រូបភាព
ព្រះយេស៊ូវ​ហៅ​សាវក

ព្រះយេស៊ូវគ្រីស្ទបាន​ហៅ​ពេត្រុស និង អនទ្រ​ឲ្យ​ដើរ​តាម​ទ្រង់ ។

តើ​ចម្លើយ​របស់​ពួក​លោក​គឺជា​គំរូ​មួយ​នៃ​ការ​ខិតខំ​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ​បាន​យ៉ាង​ដូចម្ដេច ?

ទង្វើ​របស់​ពេត្រុស​ក្នុង​ការ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន​អនុញ្ញាត​ឲ្យ​លោក​បាន​នៅ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ការបម្រើ​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ ។ គាត់​មាន​ឯកសិទ្ធិ​ស្តាប់​ឮ​ជា​ទៀងទាត់​នូវ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ និង ឃើញ​ទ្រង់​សម្តែង​អព្ភូតហេតុ​ជាច្រើន ។ ពេត្រុស​ថែម​ទាំង​បាន​ដើរ​នៅ​លើ​ទឹក​ដោយ​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ទៀត​ផង ( សូមមើល ម៉ាថាយ ១៤:២៨–២៩) ។

នា​គ្រា​មួយ​នោះ ព្រះយេស៊ូវ​បាន​សួរ​សំណួរ​ពីរ​ដល់​ពួក​សិស្ស​របស់​ទ្រង់ ។ សូម​អាន ម៉ាថាយ ១៦:១៣-១៧ដោយ​រក​មើល​សំណួរ​ផ្ទាល់​ខ្លួន​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ពួកសិស្ស​របស់​ទ្រង់ និង របៀប​ដែល​ពេត្រុស​បាន​ឆ្លើយ​នឹង​សំណួរ​នោះ ។

សូម​កត់ចំណាំ​ថា​នៅក្នុង ខ ១៧ ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់​អ្វី​ខ្លះ​អំពី​របៀប​ដែល​ពេត្រុស​បាន​ទទួល​ចំណេះដឹង​របស់​លោក ។ ពេត្រុស​បាន​ទទួល​ចំណេះ​ដឹង​របស់​លោក តាមរយៈ​វិវរណៈ​​មកពីព្រះវរបិតាសួគ៌​ដែល​បាន​មក​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូមពិចារណា​ពី​របៀប​ដែល​បទពិសោធន៍​របស់​ពេត្រុស​គឺជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​ពី​សេចក្ដីពិត​ដែល​យើង​ដឹង​នៅ​ក្នុង​មេរៀន​នេះ ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ពិពណ៌នា​ពីគ្រា​មួយ​ដែល​អ្នក​បានស្វែងរក​ការរៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំពេញ​តួនាទី​របស់​ទ្រង់​នៅ​ក្នុង​ការ​រៀនសូត្រ​អំពី​ដំណឹងល្អ​យ៉ាង​ដូចម្ដេច នៅ​ពេល​អ្នក​បាន​ធ្វើ​ដូច្នេះ ?

    2. តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ ហើយ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ចូល​មក​ក្នុង​ដួងចិត្ត​របស់អ្នក​ដើម្បី​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត​នោះ ? ប្រសិន​បើ​អ្នក​ត្រូវការ​គំនិត​ជាក់លាក់​មួយ​ចំនួនពី​អ្វី​ដែល​អ្នក​អាច​ធ្វើ នោះ​អ្នក​អាច​ជ្រើសរើស​ផ្តោតលើ​សកម្មភាព​មួយ ឬ ពីរ​ខាងក្រោម​នេះ ៖

      • សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ​ថ្ងៃ ។

      • អភិវឌ្ឍ​ជំនាញ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ ដូចជា​គូស​សញ្ញា​សំគាល់ ធ្វើ​សេចក្តីយោង​បទគម្ពីរ និង​ការប្រើប្រាស់​ជំនួយ​នៃ​ការសិក្សា​ព្រះគម្ពីរ ។

      • ចូល​រួម​នៅ​ក្នុង​សកម្មភាព​រៀនសូត្រ​ដោយ​គារវភាព និង ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​ចៀសវាង​ការ​រំខាន​នានា ។

      • បញ្ចប់​សកម្មភាព​រៀនសូត្រ​នៅក្នុង​មេរៀន​នីមួយៗ​ប្រកប​ដោយ​អត្ថន័យ ។

      • កត់ត្រា​ពី​អារម្មណ៍ គំនិត​បន្ថែម​ទៀត ហើយ​សរសេរ​ទុក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

      • ពន្យល់​គោលលទ្ធិ និង គោលការណ៍នៃដំណឹងល្អ​ដល់​មនុស្ស​ដទៃទៀត កត់ត្រា ហើយ​ចែកចាយ​គំនិត និង បទពិសោធន៍​ដែល​ទាក់​ទិន​នឹង​គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹងល្អ ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត​ពេញលេញ​នៃ​គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹងល្អ ។

      • អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​របស់​អ្នក ( សូមមើល យ៉ូហាន ៧:១៧) ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

នៅពេល​អ្នក​ព្យាយាម​រៀនសូត្រ​ដោយ​សេចក្តីជំនឿ​នៅក្នុង​បទពិសោធន៍​នៃ​ថា្នក់​សិក្ខាសាលារបស់​អ្នក នោះ​អ្នកនឹង​ធ្វើ​តាម​ការទូន្មាន​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ៖ « យុវវ័យ​អើយ ! ខ្ញុំ​សុំ​ឲ្យ​អ្នក​ចូលរៀន​​ថ្នាក់​សិក្ខាសាលា ។ ចូរ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​ជា​រៀងរាល់​ថ្ងៃ ។ ចូរ​ស្ដាប់​គ្រូ​បង្រៀន​របស់​អ្នក​ដោយយកចិត្ត​ទុក​ដាក់ ។ ចូរ​អនុវត្ត​អ្វី​ដែល​អ្នក​រៀន​ប្រកប​ដោយ​ការ​អធិស្ឋាន » (« Participate in Seminary » ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១១ seminary.lds.org) ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « តួនាទី​របស់​សិស្ស » ហើយ​បាន​បញ្ចប់​វា​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖