ការងារបម្រើ បាន​ជួយ​ពង្រឹង​ដល់​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ
ការិយាល័យ​គណៈប្រធានទីមួយ
47 East South Temple Street, Salt Lake City, Utah 84150-1200


ថ្ងៃ​ទី ២ ខែ មេសា ឆ្នាំ ២០១៨

ជូនចំពោះ ៖ ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ គណៈប្រធាន​អង្គការ​ជំនួយ​ទូទៅ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ប្រធាន​ស្តេក ប្រធាន​បេសកកម្ម និងប្រធាន​មណ្ឌល ប៊ីស្សព និងប្រធាន​សាខា​ ព្រមទាំង​ក្រុមប្រឹក្សា​ស្ដេក និង​វួដ

( សូម​អាន​នៅ​ក្នុង​ការប្រជុំសាក្រាម៉ង់ )

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ៖

ការងារបម្រើ​ជាមួយ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ​ដែល​បាន​ពង្រឹង

ការងារបម្រើ​របស់​ព្រះអង្គសង្គ្រោះ​បង្ហាញ​នូវ​គំរូ​នៃ​ព្រះបញ្ញត្តិ​ធំៗ​ចំនួន​ពីរ​គឺ « ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់ពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ហើយ « ស្រឡាញ់ អ្នកជិតខាង​ដូច​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៧, ៣៩) ។ នៅ​ក្នុង​ស្មារតី​នោះ ព្រះយេស៊ូវ​បាន​ត្រាស់​បង្រៀន​ថា « អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​យើង​បាន​រើស​ដើម្បី​ធ្វើ​ការងារ​បម្រើ​ដល់​ប្រជាជន​នេះ » ( នីហ្វៃទី៣ ១៣:២៥ ) ។

ដើម្បី​ផ្ដោត​កិច្ចខិតខំ​របស់​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគមសង្គ្រោះ​ទៅ​លើ​ការបម្រើ​ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន នោះ​យើង​សូម​ប្រកាស​ការកែប្រែ​ដូច​ខាង​ក្រោម ៖

  • នៅ​កម្រិត​វួដ, មាន​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​មួយ ។ ឥឡូវនេះ សមាជិក​ក្នុង​កូរ៉ូម​អែលឌើរ និង ក្រុម​សង្ឃ​ជាន់ខ្ពស់​ត្រូវបាន​ដាក់​បញ្ចូល​​ទៅ​ជាមួយ​កូរ៉ុម​តែ​មួយ ដោយ​មាន​គណៈប្រធាន​មួយ ។ កូរ៉ុម​នោះ​ត្រូវបាន​ចាត់តាំង​ជា « កូរ៉ុម​អែលឌើរ » ចំណែក​ឯ​ក្រុម​សង្ឃ​ជាន់ខ្ពស់​វួដ​ឈប់​មាន​ទៀតហើយ ។
  • នៅ​កម្រិត​ស្តេក, មាន​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​មួយ ។ គណៈប្រធាន​ស្តេក​បន្ត​បម្រើ​ជា​គណៈប្រធាន​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់ ។ សមាជិក​ក្នុង​កូរ៉ុម​នោះ​គឺ​មាន​តែ​សង្ឃ​ជាន់ខ្ពស់​ទាំងឡាយ​ណា ដែល​កំពុង​បម្រើ​នៅ​ក្នុង​គណៈប្រធាន​ស្តេក គណៈប៊ីស្សព ក្រុម​ប្រឹក្សា​ជាន់ខ្ពស់ និង លោក​អយ្យកោ​ស្តេកដែល​កំពុង​បំពេញមុខ​ងារ​ប៉ុណ្ណោះ ។
  • ការងារបម្រើ​ជំនួស​ឲ្យ​ការបង្រៀន​តាម​ផ្ទះ និង​ការបង្រៀន​សួរ​សុខទុក្ខ ។ ឥឡូវនេះ កម្មវិធី​ដាច់​ដោយ​ឡែក​ពី​​ការបង្រៀន​តាម​ផ្ទះ និង​ការបង្រៀន​សួរសុខទុក្ខ គឺ​ជា​កិច្ចខិតខំ​សហប្រតិបត្តិការ​គ្នាមួយ ដែល​ត្រូវបាន​ហៅ​ថា « ការងារ​បម្រើ » ដែល​ត្រូវបាន​មើល​ខុសត្រូវ​ដោយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ នៅ​ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ។ ការងារបម្រើ​គឺ​ជា​ការមើលថែ​ដូចដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​ដល់​មនុស្សដទៃ និង​ការជួយ​​បំពេញ​សេចក្ដីត្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​ពួកគេ ។
  • ការដាក់​បញ្ចូល​យុវវ័យ​នៅ​ក្នុង​ការងារបម្រើ ។ ការងារបម្រើ​អាច​ដាក់​បញ្ចូល​ក្រុម​ឡូរ៉ល និង ក្រុម​ម៉ៃម៉េត​ឲ្យ​ធ្វើ​ជា​ដៃគូ​ជាមួយ​បងប្អូនស្រី​​​សមាគម​សង្គ្រោះ ហើយ​សង្ឃ និង គ្រូ បន្ត​ធ្វើ​ជា​ដៃគូ​ជាមួយ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ។

ការកែប្រែ​កូរ៉ុមគួរតែ​ត្រូវបាន​អនុវត្ត​ភ្លាមៗ ។ ការកែប្រែ​ការងារបម្រើ​អាច​ចំណាយ​ពេល​មួយ​រយៈ ប៉ុន្តែ​វា​គួរតែ​អនុវត្ត​ឲ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន ។ ព័ត៌មាន​បន្ថែម​មាន​នៅ​លើ​គេហទំព័រ ministering.lds.org/khm ។

ដោយ​សេចក្ដីស្មោះស្ម័គ្រ​
គណៈប្រធានទីមួយ