ជំពូក​ទី ១៥

ពូជ​របស់​លោក​លីហៃ នឹង​ទទួល​ដំណឹង​ល្អ​ពី​ពួក​សាសន៍​ដទៃ​នៅ​គ្រា​ចុង​ក្រោយ — ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល ប្រៀប​ដូច​ជាដើម​អូលីវ ឯ​មែក​កំណើត​ទាំង​ឡាយ នឹង​បាន​បំបៅ​ជាប់​វិញ — នីហ្វៃ​បកស្រាយ​ការ​និមិត្ត​អំពី​ដើម​ជីវិត ហើយ​និយាយ​អំពី​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ នៅ​ក្នុង​ការ​បំបែក​ពួក​ទុច្ចរិត​ចេញ​ពី​ពួក​សុចរិត។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

 ១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​ខ្ញុំ នីហ្វៃ ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ហើយ​បាន​ឃើញ​រឿង​ទាំង​អស់​នេះ​មក នោះ​ខ្ញុំ​បាន​ត្រឡប់​មក​ត្រសាល​របស់​ឪពុក​ខ្ញុំ​វិញ។

 ២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​បងៗ​ប្រុស​ខ្ញុំ ហើយ​ពួក​គេ​កំពុងតែ​ប្រកែក​គ្នា​អំពី​រឿង​ទាំង​ឡាយ ដែល​ឪពុក​ខ្ញុំ​បាន​និយាយ​ប្រាប់​គេ។

 ៣ ត្បិត​លោក​ពិត​ជា​បាន​និយាយ​ប្រាប់​ពួក​គេ​នូវ​រឿង​ដ៏​អស្ចារ្យ​ជាច្រើន ដែល​ជា​រឿង​ពិបាក​យល់ លើក​លែង​តែ​អ្នក​នោះ​សូម​ដល់​ព្រះ​អម្ចាស់ ហើយ​មក​ពី​ពួក​គេ​មាន​ចិត្ត​រឹងរូស ហេតុ​ដូច្នេះ​ហើយ បាន​ជា​ពួក​គេ​មិន​បាន​ពឹង​ដល់​ព្រះ​អម្ចាស់ ដូចដែល​គេ​គួរ​ធ្វើ​នោះ​ឡើយ។

 ៤ ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ កើតទុក្ខ​ដោយ​សារ​តែ​ភាព​រឹងរូស​នៃ​ចិត្ត​របស់​ពួក​គេ និង​ដោយ​សារ​រឿង​ទាំង​ឡាយ ដែល​ខ្ញុំ​បាន​ឃើញ​មក ហើយ​បាន​ដឹង​ថា រឿង​ទាំង​នេះ​នឹង​កើតឡើង ដោយ​មិន​អាច​ចៀសវាង​បាន​ឡើយ ពី​ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​ដ៏​ធំ​របស់​កូន​ចៅ​មនុស្ស។

 ៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​អស់​កម្លាំង ពី​ព្រោះ​មក​ពី​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ត្បិត​ខ្ញុំ​ឃើញ​ថា ការ​ឈឺ​ចាប់​របស់​ខ្ញុំ​ធ្ងន់​ជាង​អ្វីៗ​ទាំង​អស់ មក​ពី​សេចក្ដី​បំផ្លិចបំផ្លាញ​នៃ​រាស្ត្រ​ខ្ញុំ ត្បិត​ខ្ញុំ​បាន​ឃើញ​ការ​រលំ​របស់​ពួក​គេ។

 ៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ នោះ​ខ្ញុំ​បាន​និយាយ​ទៅ​បងៗ​របស់​ខ្ញុំ ដោយ​មាន​ប្រាថ្នា​ចង់​ដឹង​ថា តើ​ពួក​គេ​ប្រកែក​គ្នា​អំពី​រឿង​អ្វី​ដែរ។

 ៧ ហើយ​ពួក​គេ​បាន​ឆ្លើយ​ថា ៖ មើល​ចុះ យើង​មិន​អាច​យល់​នូវ​ពាក្យ​ទាំង​ឡាយ ដែល​ឪពុក​យើង​បាន​និយាយ អំពី​មែក​កំណើត​ទាំង​ឡាយ​នៃ​ដើម​អូលីវ និង​ព្រម​ទាំង​អំពី​ពួក​សាសន៍​ដទៃ​ផង​នោះ​បាន​ទេ។

 ៨ ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ តើ​ពួក​បងៗ​បាន​សូម​ដល់​ព្រះ​អម្ចាស់​ហើយ​ឬ​នៅ?

 ៩ ហើយ​ពួក​គេ​ឆ្លើយ​មក​ខ្ញុំ​ថា ៖ យើង​មិន​ទាន់​បាន​សូម​ទេ ត្បិត​ព្រះ​អម្ចាស់ ទ្រង់​មិន​បាន​ធ្វើ​ឲ្យ​យើង​ដឹង​រឿង​បែប​នេះ​ទេ។

 ១០ មើល​ចុះ ខ្ញុំ​និយាយ​ទៅ​គេ​ថា ៖ ចុះ​ហេតុ​អ្វី​បាន​ជា​បងៗ មិន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ? ហេតុ​អ្វី​បាន​ជា​បងៗ នឹង​ត្រូវ​វិនាស ពី​ព្រោះ​តែ​ភាព​រឹងរូស​នៃ​ចិត្ត​របស់​បងៗ​ដូច្នេះ​?

 ១១ តើ​បងៗ​មិន​ចាំ​រឿង​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទេ​ឬ? បើសិនជា​អ្នក​ណា​មិន​ធ្វើ​ចិត្ត​រឹងរូស ហើយ​សូម​ដល់​យើង ដោយ​សេចក្ដី​ជំនឿ ដោយ​ជឿ​ថា អ្នក​នឹង​បាន​ទទួល ដោយ​មាន​ចិត្ត​ឧស្សាហ៍​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​រឿង​ទាំង​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​អ្នក​ដឹង​ជា​ប្រាកដ។

 ១២ មើល​ចុះ ខ្ញុំ​ប្រាប់​បង​រាល់​គ្នា​ថា វង្ស​អ៊ីស្រាអែល​ត្រូវ​បាន​ប្រៀប​ដូច​ជា​ដើម​អូលីវ ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ដែល​ស្ថិត​ក្នុង​ឪពុក​យើង ហើយ​មើល​ចុះ តើ​យើង​មិន​បាន​បែក​ចេញ​មក​ពី​វង្ស​អ៊ីស្រាអែល​ទេ​ឬ​អី ហើយ​ចុះ​តើ​យើង​មិនមែន​ជា​មែក​នៃ​វង្ស​អ៊ីស្រាអែល​ទេ​ឬ?

 ១៣ ហើយ​ឥឡូវ​នេះ រឿង​ដែល​ឪពុក​យើង​បាន​និយាយ អំពី​ការ​បំបៅ​ជាប់​នៃ​មែក​កំណើត​ទាំង​ឡាយ តាម​រយៈ​ភាព​ពោរពេញ​នៃ​ពួក​សាសន៍​ដទៃ គឺ​មាន​ន័យ​ថា នៅ​គ្រា​ចុង​ក្រោយ កាល​ពូជ​យើង នឹង​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ មែន​ហើយ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ ហើយ​ជាច្រើន​តំណ បន្ទាប់ពី​ព្រះ​មែស៊ី ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ឲ្យ​កូន​ចៅ​មនុស្ស​ឃើញ ខណៈ​នោះ ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​របស់​ព្រះ​មែស៊ី នឹង​ត្រូវ​បាន​មក​ដល់​ពួក​សាសន៍​ដទៃ ហើយ​ពី​ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​បាន​មក​ដល់​សំណល់​នៃ​ពូជ​យើង​វិញ —

 ១៤ ហើយ​នៅ​ថ្ងៃ​នោះ សំណល់​នៃ​ពូជ​យើង​នឹង​បាន​ដឹង​ថា ពួក​គេ​ជា​វង្ស​អ៊ីស្រាអែល ហើយ​ថា​ពួក​គេ​ជា​រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់ ហើយ​ខណៈ​នោះ ពួក​គេ​នឹង​បាន​ដឹង ហើយ​នឹង​បាន​ការ​ចេះ​ដឹង​អំពី​ពួក​អយ្យកោ​របស់​ពួក​គេ ហើយ​នឹង​បាន​ការ​ចេះ​ដឹង​អំពី​ដំណឹង​ល្អ​នៃ​ព្រះ​ដ៏​ប្រោស​លោះ​របស់​ពួក​គេ ជា​ដំណឹង​ល្អ​ដែល​ទ្រង់​បាន​ផ្សាយ​ដល់​ពួក​អយ្យកោ​គេ​ដែរ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​នឹង​បាន​ការ​ចេះ​ដឹង​អំពី​ព្រះ​ដ៏​ប្រោស​លោះ​របស់​ពួក​គេ និង​គ្រប់​ន័យ​ទាំង​ឡាយ នៃ​គោល​លទ្ធិ​របស់​ទ្រង់ ដើម្បី​ឲ្យ​ពួក​គេ​អាច​ដឹង​ថា ត្រូវ​តែ​មក​រក​ទ្រង់ ទើប​នឹង​បាន​សង្គ្រោះ។

 ១៥ ហើយ​ខណៈ​នោះ តើ​ពួក​គេ​នឹង​មិន​រីករាយ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​របស់​ពួក​គេ គឺ​ដែល​ជា​ថ្ម ហើយ​ជា​សេចក្ដី​សង្គ្រោះ​របស់​ពួក​គេ​នៅ​ក្នុង​ថ្ងៃ​នោះ​ទេ​ឬ​អី? មែន​ហើយ តើ​ពួក​គេ​នឹង​មិន​បាន​ទទួល​កម្លាំង និង​អាហារ​ពី​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត នៅ​ថ្ងៃ​នោះ​ទេ​ឬ? មែន​ហើយ តើ​ពួក​គេ​នឹង​មិន​មក​រក​ក្រោល​ដ៏​ពិត​នៃ​ព្រះ​ទេ​ឬ?

 ១៦ មើល​ចុះ ខ្ញុំ​ប្រាប់​បង​រាល់​គ្នា​ថា ពិតមែន​ហើយ ពួក​គេ​នឹង​ត្រូវ​បាន​ចងចាំ​ទៀត​នៅ​ក្នុង​ចំណោម​វង្ស​អ៊ីស្រាអែល ពួក​គេ​នឹង​ត្រូវ​បាន​បំបៅ​ជាប់​ទៅ​នឹង​ដើម​អូលីវ​ដ៏​ពិត ព្រោះ​ពួក​គេ​ជា​មែក​កំណើត​នៃ​ដើម​អូលីវ​នោះ។

 ១៧ ហើយ​នេះ​គឺ​ជា​រឿង​ដែល​ឪពុក​យើង​មាន​ន័យ​ដល់ ហើយ​លោក​មាន​ន័យ​ថា រឿង​នោះ​នឹង​មិន​កើត​ឡើង​ឡើយ ទាល់តែ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ​ដោយ​ពួក​សាសន៍​ដទៃ ហើយ​លោក​មាន​ន័យ​ថា រឿង​នោះ​នឹង​ត្រូវ​បាន​មក តាម​រយៈ​ពួក​សាសន៍​ដទៃ ដើម្បី​ព្រះ​អម្ចាស់​ទ្រង់​អាច​សម្ដែង​ព្រះ​ចេស្ដា​របស់​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ ត្បិត​ហេតុ​នេះ​ហើយ បាន​ជា​ទ្រង់​នឹង​ត្រូវ​ពួក​សាសន៍​យូដា ឬ​វង្ស​អ៊ីស្រាអែល​បដិសេធ

 ១៨ ហេតុ​ដូច្នោះ​ហើយ ឪពុក​យើង​មិន​ត្រឹម​តែ​បាន​និយាយ​អំពី​ពូជ​យើង​តែប៉ុណ្ណោះ​ទេ តែ​លោក​ព្រម​ទាំង​បាន​និយាយ​អំពី​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ដែរ ដោយ​ចង្អុល​ដល់​សេចក្ដី​សញ្ញា ដែល​នឹង​ត្រូវ​បាន​បំពេញ​នៅ​គ្រា​ចុង​ក្រោយ គឺជា​សេចក្ដី​សញ្ញា​ដែល​ព្រះ​អម្ចាស់ ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​លោក​អ័ប្រាហាំ ជា​អយ្យកោ​របស់​យើង​ថា ៖ ដោយ​សារ​ពូជ​អ្នក នោះ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​បាន​ពរ។

 ១៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​និយាយ​ទៅ​ពួក​គេ​ជាច្រើន​អំពី​រឿង​ទាំង​នេះ មែន​ហើយ ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ​ពី​ការ​សាង​ឡើងវិញ​នៃ​ពួក​សាសន៍​យូដា​នៅ​គ្រា​ចុង​ក្រោយ។

 ២០ ហើយ​ខ្ញុំ​បាន​រំឭក​ដល់​ពួក​គេ​ពី​ពាក្យ​ទាំង​ឡាយ​របស់​លោក​អេសាយ ដែល​បាន​និយាយ​អំពី​ការ​សាង​ឡើង​វិញ​នៃ​ពួក​សាសន៍​យូដា ឬ​វង្ស​អ៊ីស្រាអែល ហើយ​បន្ទាប់ពី​ពួក​គេ​បាន​សាង​ឡើង​វិញ នោះ​ពួក​គេ​នឹង​មិន​ត្រូវ​លាយឡំ ឬ​ធ្វើ​ឲ្យ​ខ្ចាត់ខ្ចាយ​ទៀត​ឡើយ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​និយាយ​ពាក្យ​ជាច្រើន​ជាមួយ​នឹង​បងៗ​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាន​ស្ងប់ស្ងាត់ ហើយ​បាន​បន្ទាប​ខ្លួន​ចំពោះ​ព្រះ​អម្ចាស់។

 ២១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​និយាយ​ជាមួយ​នឹង​ខ្ញុំ​ទៀត​ថា ៖ ចុះ​តើ​រឿង​ដែល​ឪពុក​យើង​បាន​ឃើញ​នៅ​ក្នុង​សុបិន​នោះ​មាន​ន័យ​យ៉ាង​ណា? ដើមឈើ​ដែល​លោក​បាន​ឃើញ នោះ​មាន​ន័យ​ដូចម្ដេច?

 ២២ ហើយ​ខ្ញុំ​បាន​និយាយ​ជាមួយ​នឹង​ពួក​គេ​ថា ៖ នោះ​គឺ​ជា​តួ​យ៉ាង​នៃ​ដើម​ជីវិត។

 ២៣ ហើយ​ពួក​គេ​និយាយ​មក​ខ្ញុំ​ថា ៖ ចុះ​តើ​ដំបង​ដែក​ដែល​ឪពុក​យើង​បាន​ឃើញ ដែល​នាំ​ទៅ​ឯ​ដើម​ឈើ នោះ​មាន​ន័យ​ដូចម្ដេច?

 ២៤ ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ នោះ​គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​នឹង​មិន​ត្រូវ​វិនាស​ឡើយ សូម្បីតែ​ការ​ល្បួង​ទាំង​ឡាយ និង​ព្រួញ​ភ្លើង​ទាំង​ឡាយ​របស់​មារសត្រូវ ក៏​មិន​អាច​ឈ្នះ​លើ​គេ​ដល់​ទៅ​ធ្វើ​ឲ្យ​គេ​ខ្វាក់ ដើម្បី​នាំ​គេ​ទៅ​ឯ​សេចក្ដី​បំផ្លិចបំផ្លាញ​បាន​ដែរ។

 ២៥ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ នីហ្វៃ បាន​ទូន្មាន​ពួក​គេ​ឲ្យ​ស្ដាប់​បង្គាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ មែន​ហើយ ខ្ញុំ​បាន​ទូន្មាន​ពួក​គេ​ដោយ​អស់​ពី​កម្លាំង​នៃ​ព្រលឹង​ខ្ញុំ ហើយ​អស់​ពី​សមត្ថភាព​ដែល​ខ្ញុំ​មាន ដើម្បី​ឲ្យ​ពួក​គេ​ស្ដាប់​បង្គាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​ចងចាំ និង​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​ជានិច្ច នៅ​គ្រប់​ការណ៍​ទាំង​អស់។

 ២៦ ហើយ​ពួក​គេ​បាន​និយាយ​មក​ខ្ញុំ​ថា ៖ ចុះ​តើ​ទន្លេ​ទឹក​ដែល​ឪពុក​យើង​បាន​ឃើញ នោះ​មាន​ន័យ​ដូចម្ដេច?

 ២៧ ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ​ថា ទឹក​ដែល​ឪពុក​ខ្ញុំ​ឃើញ​នោះ គឺ​ជា​ភាព​ស្មោកគ្រោក ហើយ​ដោយ​ចិត្ត​លោក​រវល់​តែ​គិត​ដល់​រឿង​ផ្សេងៗ​ទៀត បាន​ជា​លោក​មិន​បាន​ឃើញ​ភាព​ស្មោក​គ្រោក​នៃ​ទឹក​នោះ។

 ២៨ ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ​ថា នោះ​គឺ​ជា​ជង្ហុក​មួយ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង ដែល​បំបែក​ពួក​ទុច្ចរិត​ចេញ​ពី​ដើម​ជីវិត ហើយ​ចេញ​ពី​ពួក​បរិសុទ្ធ​នៃ​ព្រះ។

 ២៩ ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ​ថា នោះ​គឺ​ជា​តួ​យ៉ាង​នៃ​ស្ថាន​នរក​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង ដែល​ទេវតា​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា បាន​រៀបចំ​សម្រាប់​ពួក​ទុច្ចរិត។

 ៣០ ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ​ថា ឪពុក​យើង​ក៏​បាន​ឃើញ​ថា សេចក្ដី​យុត្តិធម៌​នៃ​ព្រះ បាន​បំបែក​ពួក​ទុច្ចរិត​ចេញ​ពី​ពួក​សុចរិត​ដែរ ហើយ​ពន្លឺ​របស់​វា ដូច​ជា​ពន្លឺ​របស់​អណ្ដាត​ភ្លើង ដែល​ឡើង​ទៅ​ឯ​ព្រះ​ជា​រៀង​ដរាប​ត​ទៅ ហើយ​គ្មាន​ចុង​បំផុត​ឡើយ។

 ៣១ ហើយ​ពួក​គេ​បាន​និយាយ​មក​ខ្ញុំ​ថា ៖ តើ​រឿង​នេះ​មាន​ន័យ​ដល់​ការ​រងទុក្ខ​វេទនា​នៃ​រូប​កាយ នៅ​ក្នុង​ថ្ងៃ​សាកល្បង ឬ​វា​មាន​ន័យ​ដល់​សភាព​ចុង​ក្រោយ​បង្អស់​នៃ​ព្រលឹង បន្ទាប់ពី​ការ​ស្លាប់​នៃ​រូបកាយ​ខាង​សាច់ឈាម ឬ​វា​និយាយ​ដល់​រឿង​ទាំង​ឡាយ ដែល​ជា​រឿង​ខាង​សាច់ឈាម​វិញ?

 ៣២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ​ថា នោះ​គឺ​ជា​តួ​យ៉ាង​នៃ​អ្វីៗ​ទាំង​ឡាយ ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដែរ ត្បិត​ថ្ងៃ​នោះ​នឹង​ត្រូវ​បាន​មក​ដល់ ដែល​ពួក​គេ​នឹង​ត្រូវ​ជំនុំ​ជំរះ ចំពោះ​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ មែន​ហើយ គឺ​កិច្ចការ​ទាំង​ឡាយ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​រូប​កាយ​ខាង​សាច់ឈាម នៅ​ថ្ងៃ​សាកល្បង​របស់​គេ។

 ៣៣ ហេតុ​ដូច្នោះ​ហើយ បើសិនជា​ពួក​គេ​ស្លាប់​នៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​គេ នោះ​ពួក​គេ​នឹង​ត្រូវ​បោះបង់​ចេញ​ពី​អ្វីៗ​ខាង​ឯ​វិញ្ញាណ ដែល​ទាក់ទង​ទៅ​នឹង​សេចក្ដី​សុចរិត​ដែរ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​នឹង​ត្រូវ​នាំ​យក​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ​អំពី​កិច្ចការ​ទាំង​ឡាយ​របស់​គេ ហើយ​បើសិនជា​កិច្ចការ​ទាំង​ឡាយ​របស់​គេ ប្រកប​ដោយ​ភាព​ស្មោក​គ្រោក នោះ​ពួក​គេ​ក៏​ច្បាស់​ជា​ស្មោក​គ្រោក​ដែរ ហើយ​បើសិនជា​ពួក​គេ​ស្មោកគ្រោក ក៏​ច្បាស់​ជា​ពួក​គេ​មិន​អាច​អាស្រ័យ​នៅ​ក្នុង​នគរ​នៃ​ព្រះ​បាន​ឡើយ បើ​ពុំ​នោះ​សោត​ទេ នគរ​នៃ​ព្រះ​ក៏​ច្បាស់​ជា​ស្មោកគ្រោក​ដែរ។

 ៣៤ ប៉ុន្តែ​មើល​ចុះ ខ្ញុំ​ប្រាប់​បង​រាល់​គ្នា​ថា នគរ​នៃ​ព្រះ​ពុំ​មែន​ស្មោកគ្រោក​ទេ ហើយ​គ្មាន​របស់​អ្វី​ដែល​មិន​ស្អាត អាច​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ​បាន​ឡើយ ហេតុ​ដូច្នោះ​ហើយ ច្បាស់​ជា​មាន​កន្លែង​ស្មោកគ្រោក​មួយ ដែល​បាន​រៀបចំ​ទុក​សម្រាប់​អ្វី​ដែល​ស្មោកគ្រោក​នោះ។

 ៣៥ ហើយ​មាន​កន្លែង​មួយ​ដែល​បាន​រៀបចំ​ទុក មែន​ហើយ គឺ​ជា​ស្ថាន​នរក​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង ដែល​ខ្ញុំ​បាន​និយាយ​មក​នោះ ហើយ អារក្ស​គឺ​ជា​អ្នក​រៀបចំ​វា​ទុក ហេតុ​ដូច្នោះ​ហើយ សភាព​ចុង​ក្រោយ​បង្អស់​នៃ​ព្រលឹង​ទាំង​ឡាយ​របស់​មនុស្ស គឺ​ត្រូវ​ទៅ​អាស្រ័យ​នៅ​ក្នុង​នគរ​ព្រះ ឬ​ក៏​ត្រូវ​បណ្ដេញ​ចេញ ពី​ព្រោះ​មក​ពី​សេចក្ដី​យុត្តិធម៌ ដែល​ខ្ញុំ​បាន​និយាយ​មក​នោះ។

 ៣៦ ហេតុ​ដូច្នោះ​ហើយ ពួក​ទុច្ចរិត​នឹង​ត្រូវ​បោះបង់​ចេញ​ពី​ពួក​សុចរិត និង​ក៏​ចេញ​ពី​ដើម​ជីវិត​ដែរ ដែល​មាន​ផ្លែ​ដ៏​ពិសេស ហើយ​គួរ​ឲ្យ​ប្រាថ្នា​ជាង​ផ្លែ​ណាៗ​ទាំង​អស់ មែន​ហើយ គឺ​ជា​អំណោយទានដ៏​មហិមា​បំផុត​នៃ​ព្រះ។ ហើយ​ខ្ញុំ​បាន​និយាយ​បែប​ដូច្នេះ​ទៅ​បងៗ​ខ្ញុំ។ អាម៉ែន ៕