ជំពូក​ទី ២

លីហៃ​នាំ​គ្រួសារ​លោក​ចូល​ក្នុង​ទីរហោស្ថាន តាម​មាត់​សមុទ្រ​ក្រហម — គេ​ចាក​ចោល​ទ្រព្យសម្បត្តិ — លីហៃ​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះ​អម្ចាស់ ហើយ​បង្រៀន​កូន​ប្រុស​ទាំង​ឡាយ​របស់​លោក​ឲ្យ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ — លេមិន និង​លេមយួល​រអ៊ូរទាំ​ទាស់​នឹង​ឪពុក​របស់​គេ — នីហ្វៃ​គោរព​ធ្វើ​តាម ហើយ​អធិស្ឋាន​នៅ​ក្នុង​សេចក្ដី​ជំនឿ ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​នីហ្វៃ ហើយ​នីហ្វៃ ត្រូវ​បាន​រើស​ឲ្យ​ត្រួតត្រា​លើ​បង​ប្រុស​ទាំង​ឡាយ​របស់​លោក។ ប្រមាណ​ជា​ឆ្នាំ ៦០០ ម.គ.ស.។

 ១ ត្បិត​មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ឪពុក​ខ្ញុំ មែន​ហើយ គឺ​នៅ​ក្នុង​សុបិន ដោយ​មាន​ព្រះ​បន្ទូល​ថា ៖ លីហៃ​អើយ អ្នក​មាន​ពរ​ហើយ ដោយសារ​អំពើ​ទាំង​ឡាយ​ដែល​អ្នក​បាន​ធ្វើ ហើយ​ដោយ​សារ​អ្នក​មាន​ចិត្ត​ស្មោះត្រង់ ព្រម​ទាំង​បាន​ថ្លែង​ប្រាប់​បណ្ដាជន អំពី​អ្វីៗ​ដែល​យើង​បាន​បញ្ជា​អ្នក មើល​ចុះ ពួក​គេ​ព្យាយាម​រក​ផ្ដាច់​ជីវិត​អ្នក​ទៅ​វិញ។

 ២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ឪពុក​ខ្ញុំ គឺ​នៅ​ក្នុង​សុបិន ឲ្យ​លោក​នាំ​គ្រួសារ ហើយ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្នុង​ទីរហោស្ថាន។

 ៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​គោរព​ធ្វើ​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ហេតុ​ដូច្នោះ​ហើយ លោក​បាន​ធ្វើ​ដូច​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​លោក។

 ៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ចេញ​ទៅ​ក្នុង​ទីរហោស្ថាន។ ហើយ​លោក​បាន​ចាក​ចោល​ផ្ទះ​សំបែង​របស់​លោក និង​ដែនដី​នៃ​កេរ្តិ៍អាករ​របស់​លោក និង​មាស​របស់​លោក និង​ប្រាក់​របស់​លោក និង​វត្ថុ​ដ៏​មាន​តម្លៃ​របស់​លោក ហើយ​មិន​បាន​យក​អ្វី​ទៅ​ជា​មួយ លោក​ឡើយ ក្រៅពី​គ្រួសារ​លោក និង​ស្បៀងអាហារ និង​ត្រសាល ហើយ​បាន​ចេញ​ទៅ​ក្នុង​ទីរហោស្ថាន។

 ៥ ហើយ​លោក​បាន​ចុះ​មក​ដល់​តំបន់​ព្រំប្រទល់​ជិត​ឆ្នេរ​សមុទ្រ​ក្រហម ហើយ​លោក​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីរហោស្ថាន ក្នុង​តំបន់​ព្រំ​ប្រទល់​ដែល​នៅ​ជិត​សមុទ្រ​ក្រហម ហើយ​លោក​បាន​ធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន​ជាមួយ​គ្រួសារ​របស់​លោក ដែល​មាន​ម្ដាយ​ខ្ញុំ​ឈ្មោះ សារ៉ាយ និង​បង​ប្រុស​ខ្ញុំ​ទាំង​ឡាយ គឺ​លេមិន លេមយួល និង​សាំ។

 ៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ឪពុក​ខ្ញុំ​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ នៅ​ក្នុង​ទីរហោស្ថាន នោះ​លោក​បាន​បោះ​ត្រសាល នៅ​ក្នុង​ច្រក​ភ្នំ​មួយ​នៅ​ក្បែរ​មាត់ទន្លេ​ទឹក។

 ៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​សង់​អាសនា​មួយ​ពី​ថ្ម ហើយ​បាន​ថ្វាយ​ដង្វាយ​ដល់​ព្រះ​អម្ចាស់ ហើយ​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង។

 ៨ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ហៅ​ឈ្មោះ​ទន្លេ​នោះ​ថា លេមិន ហើយ​ទន្លេ​នោះ ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​ក្រហម ហើយ​ច្រក​ភ្នំ​នោះ គឺ​នៅត្រង់​ព្រំប្រទល់​ជិត​មាត់ទន្លេ។

 ៩ ហើយ​នៅ​ពេល​ដែល​ឪពុក​ខ្ញុំ​បាន​ឃើញ​ថា ទឹក​ក្នុង​ទន្លេ​ហូរ​ចាក់​ទៅ​ក្នុង​ប្រភព​នៃ​សមុទ្រ​ក្រហម នោះ​លោក​មាន​ប្រសាសន៍​ទៅ​លេមិន​ថា ៖ ឱ សូម​ឲ្យ​កូន​បាន​ដូច​ជា​ទឹក​ទន្លេ​នេះ​ចុះ ដែល​ហូរ​ជានិច្ច​ទៅ​ក្នុង​ប្រភព​នៃ​អស់​ទាំង​សេចក្ដី​សុចរិត។

 ១០ ហើយ​លោក​ក៏​មាន​ប្រសាសន៍​ទៅ​លេមយួល​ថា ៖ ឱ សូម​ឲ្យ​កូន​បាន​ដូច​ជា​ច្រក​ភ្នំ​នេះ​ចុះ រឹងប៉ឹង និង​ខ្ជាប់ខ្ជួន ហើយ​ឥត​បែរ​ចេញ​ក្នុង​ការ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ នៃ​ព្រះ​អម្ចាស់​ឡើយ។

 ១១ ឥឡូវ​នេះ លោក​មាន​ប្រសាសន៍​យ៉ាង​នេះ មក​ពី​ការ​រឹងទទឹង​នៃ​លេមិន និង​លេមយួល ត្បិត​មើល​ចុះ គេ​បាន​រអ៊ូរទាំ​ពី​រឿង​ជា​ច្រើន​ទាស់​នឹង​ឪពុក​គេ ពីព្រោះ​លោក​ជា​អ្នក​ប្រកប​ដោយ​ការ​និមិត្ត ហើយ​បាន​នាំ​ពួក​គេ​ចេញ​ពី​ដែនដី​យេរូសាឡិម ដោយ​បាន​ទាំង​ទុក​ចោល​ដែនដី​នៃ​កេរ្តិ៍អាករ​របស់​គេ និង​មាស​របស់​គេ និង​ប្រាក់​របស់​គេ និង​វត្ថុ​ដ៏​មាន​តម្លៃ​របស់​គេ​ឲ្យ​មក​វិនាស​បង់​នៅ​ក្នុង​ទីរហោស្ថាន។ ហើយ​គេ​បាន​និយាយ​ថា លោក​ធ្វើ​យ៉ាង​នេះ​ដោយ​មក​ពី​គំនិត​ដ៏​ឥតប្រយោជន៍​នៃ​ចិត្ត​របស់​លោក។

 ១២ ហើយ​លេមិន និង​លេមយួល ដែល​ជា​បង​បង្អស់ បាន​រអ៊ូរទាំ​ទាស់​នឹង​ឪពុក​គេ​យ៉ាង​ដូច្នោះ។ ហើយ​ពួក​គេ​បាន​រអ៊ូរទាំ ពីព្រោះ​គេ​មិន​បាន​ដឹង​អំពី​ព្រឹត្តិការណ៍​នៃ​ព្រះ ដែល​បាន​បង្កើត​ពួក​គេ​មក។

 ១៣ គេ​ព្រម​ទាំង​មិន​ជឿ​ថា ទីក្រុង​យេរូសាឡិម គឺ​ទីក្រុង​ដ៏​ធំ​នោះ អាច​ត្រូវ​បំផ្លាញ​ចោល តាម​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​បាន​ឡើយ។ ហើយ​គេ​ក៏​ដូច​ជា​ពួក​សាសន៍​យូដា ដែល​នៅ​ឯ​ទីក្រុង​យេរូសាឡិម​ដែរ ដែល​បាន​ព្យាយាម​រក​ផ្ដាច់ជីវិត​នៃ​ឪពុក​ខ្ញុំ។

 ១៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​ខ្ញុំ​ក៏​បាន​និយាយ​ទៅ​ពួក​គេ​នៅ​ក្នុង​ច្រក​ភ្នំ​លេមយួល ដោយ​អំណាច គឺ​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ រហូតដល់​ខ្លួន​ប្រាណ​របស់​គេ​ញ័រ​ចំប្រប់​នៅ​ចំពោះ​មុខ​លោក។ លោក​បាន​ធ្វើ​ឲ្យ​គេ​ជ្រប់​មុខ ទាល់​តែ​គេ​មិន​អាច​បន្លឺ​សំឡេង​ប្រកែក​នឹង​លោក​បាន ហេតុ​ដូច្នោះ​ហើយ គេ​បាន​ធ្វើ​តាម​បង្គាប់​លោក។

 ១៥ ហើយ​ឪពុក​ខ្ញុំ​បាន​អាស្រ័យ​នៅ​ក្នុង​ត្រសាល។

 ១៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ ពេល​នោះ​នៅ​ក្មេង​ណាស់ ប៉ុន្តែ​មាន​មាឌ​ធំ​មាំមួន ហើយ​មាន​ចិត្ត​មោះមុត ចង់​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ ហើយ​មើល​ចុះ ទ្រង់​បាន​យាង​មក​ជួប​នឹង​ខ្ញុំ ហើយ​បន្ទន់​ចិត្ត​ខ្ញុំ បណ្ដាល​ឲ្យ​ខ្ញុំ​ជឿ​អស់​ទាំង​ពាក្យ​ដែល​បាន​ពោល​មក​ដោយ​ឪពុក​ខ្ញុំ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​មិន​បាន​បះបោរ​ទាស់​នឹង​លោក ដូច​ជា​បងៗ​ខ្ញុំ​នោះ​ទេ។

 ១៧ ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​សាំ ធ្វើ​ឲ្យ​សាំ​ដឹង​អំពី​រឿង​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​សម្ដែង​ដល់​ខ្ញុំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សាំ​បាន​ជឿ​តាម​ពាក្យ​សម្ដី​ទាំង​ឡាយ​របស់​ខ្ញុំ។

 ១៨ ប៉ុន្តែ​មើល​ចុះ លេមិន និង​លេមយួល​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ខ្ញុំ​ទេ ហើយ​ដោយ​ព្រួយចិត្ត​មក​ពី​ភាព​រឹងរូស​នៃ​ចិត្ត​របស់​បង​ខ្ញុំ​ទាំង​ពីរ នោះ​ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​សម្រាប់​គេ។

 ១៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ឱ នីហ្វៃ​អើយ អ្នក​មាន​ពរ​ហើយ ដោយសារ​សេចក្ដី​ជំនឿ​របស់​អ្នក ព្រោះ​អ្នក​បាន​ព្យាយាម​ស្វែងរក​យើង​ដោយ​មាន​ចិត្ត​សុភាព​រាបសា។

 ២០ ហើយ​ដរាបណា​អ្នក​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​នឹង​ចម្រើន​ឡើង ហើយ​នឹង​បាន​នាំ​ទៅ​កាន់​ដែនដី​សន្យា មែន​ហើយ គឺជា​ដែនដី​ដែល​យើង​បាន​រៀបចំ​ឡើង​សម្រាប់​អ្នក មែន​ហើយ គឺជា​ដែនដី​មួយ ដែល​ជម្រើស​លើ​ដែនដី​ឯ​ទៀត​ទាំង​អស់។

 ២១ ហើយ​ដរាបណា​បង​ប្រុស​ទាំង​ឡាយ​របស់​អ្នក​នៅ​តែ​បះបោរ​ទាស់​នឹង​អ្នក គេ​ទាំង​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្តមាន​នៃ​ព្រះ​អម្ចាស់។

 ២២ ហើយ​ដរាបណា​អ្នក​នៅ​តែ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​នឹង​បាន​ទៅ​ជា​អ្នក​ត្រួតត្រា និង​ជា​គ្រូ​បង្រៀន ទៅ​លើ​បង​ប្រុស​ទាំង​ឡាយ​របស់​អ្នក។

 ២៣ ត្បិត​មើល​ចុះ នៅ​ថ្ងៃ​ណា​មួយ​ដែល​ពួកគេ​បះបោរ​ទាស់​នឹង​យើង នោះ​យើង​នឹង​ដាក់​បណ្ដាសា​ពួក​គេ ដោយ​ពាក្យ​បណ្ដាសា​ដ៏​ធ្ងន់ធ្ងរ ហើយ​ពួក​គេ​នឹង​មិន​មាន​អំណាច​អ្វី​លើ​ពូជ​របស់​អ្នក​ឡើយ លើក​លែង​តែ​ពូជ​អ្នក​បះបោរ​ទាស់​នឹង​យើង​ដែរ។

 ២៤ ហើយ​ប្រសិនបើ​ពួក​គេ​បះបោរ​ទាស់​នឹង​យើង​មែន នោះ​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​រំពាត់ ចំពោះ​ពូជ​អ្នក ដើម្បី​ដាស់​រំជួល​ពូជ​អ្នក អំពី​ផ្លូវ​នៃ​ការ​ចងចាំ៕