ជំពូក​ទី ៨

លីហៃ​ឃើញ​ការ​និមិត្ត​មួយ​អំពី​ដើម​ជីវិត — លោក​ទទួល​ទាន​ផ្លែ​នៃ​ដើម​ជីវិត ហើយ​មាន​បំណង​ចង់​ឲ្យ​គ្រួសារ​លោក​ទទួល​ទាន​ផ្លែឈើ​នោះ​ដែរ — លោក​ឃើញ​ដំបង​ដែក និង​ផ្លូវ​តូច ហើយ​ចង្អៀត ហើយ​នឹង​អ័ព្ទ​នៃ​សេចក្ដី​ងងឹត​ដែល​បិទបាំង​មនុស្ស​ទាំង​ឡាយ — សារ៉ាយ នីហ្វៃ និង​សាំ ទទួល​ទាន​ផ្លែឈើ​នោះ ប៉ុន្តែ​លេមិន និង​លេមយួល មិន​ព្រម​ឡើយ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

 ១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ប្រមូល​គ្រាប់​ពូជ​ផ្សេងៗ​គ្រប់មុខ ព្រម​ទាំង​គ្រាប់​ធញ្ញជាតិ​គ្រប់មុខ និង​គ្រាប់​ផ្លែឈើ​គ្រប់មុខ​ដែរ។

 ២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ឪពុក​ខ្ញុំ​នៅ​ក្នុង​ទីរហោស្ថាន នោះ​លោក​បាន​និយាយ​មក​យើង​ថា ៖ មើល​ចុះ ឪពុក​បាន​យល់​សប្ដិ ឬ​ពាក្យ​ម្យ៉ាង​ទៀត​ថា ឪពុក​បាន​ឃើញ​ការនិមិត្ត​មួយ។

 ៣ ហើយ​មើល​ចុះ ដោយសារ​ការណ៍​ដែល​ឪពុក​បាន​ឃើញ គឺជា​ហេតុ​ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ត្រេកអរ​រីករាយ​ក្នុង​ព្រះ​អម្ចាស់ ពី​ព្រោះ​តែ​នីហ្វៃ ហើយ​ព្រម​ទាំង​សាំ​ផង ត្បិត​ឪពុក​មាន​ហេតុ​ដល់​សន្និដ្ឋាន​ថា ពួក​គេ ហើយ​ព្រម​ទាំង​ពូជ​របស់​ពួក​គេ​ជាច្រើន​នឹង​បាន​សង្គ្រោះ​ដែរ។

 ៤ ប៉ុន្តែ​មើល​ចុះ លេមិន និង​លេមយួល ឪពុក​ភ័យខ្លាច​ជា​ខ្លាំង​ពីព្រោះ​តែ​កូន ត្បិត​មើល​ចុះ ឪពុក​គិត​ថា ឪពុក​បាន​ដេក​យល់​សប្ដិ​ឃើញ​ទីរហោស្ថាន​ដ៏​ងងឹត និង​អាប់អួ​មួយ នៅ​ក្នុង​សុបិន​របស់​ឪពុក។

 ៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​បាន​ឃើញ​បុរស​ម្នាក់ ហើយ​បុរស​នោះ​ស្លៀកពាក់​អាវ​ពណ៌​ស ហើយ​បុរស​នោះ​មក​ឈរ​នៅ​ចំពោះ​មុខ​ឪពុក។

 ៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បុរស​នោះ​មាន​ប្រសាសន៍​មក​ឪពុក ហើយ​ប្រាប់​ឲ្យ​ឪពុក​ទៅ​តាម​លោក។

 ៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​ឪពុក​ទៅ​តាម​បុរស​នោះ នោះ​ឪពុក​បាន​ឃើញ​ថា ខ្លួន​ឪពុក​នៅ​ក្នុង​ទី​ចោល​ស្ងាត់​មួយ​ដ៏​ងងឹត ហើយ​អាប់អួ។

 ៨ ហើយ​បន្ទាប់ពី​ឪពុក​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ជាច្រើន​ម៉ោង​នៅ​ក្នុង​សេចក្ដី​ងងឹត​នោះ​ឪពុក​ក៏​ចាប់ផ្ដើម​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់ សូម​ឲ្យ​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​ដល់​ឪពុក តាម​សេចក្ដី​មេត្តាករុណា​ដ៏​ទន់ភ្លន់​ឥត​គណនា​របស់​ទ្រង់។

 ៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ឪពុក​បាន​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់​ហើយ នោះ​ឪពុក​ក៏​បាន​ឃើញ​ទីវាល​ដ៏​ធំ ហើយ​ទូលាយ​មួយ។

 ១០ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​បាន​ឃើញ​ដើមឈើ​មួយ ដែល​មាន​ផ្លែ​ដ៏​គួរ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​រីករាយ។

 ១១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​បាន​ដើរ​ចូល​ទៅ​បេះ​ផ្លែឈើ​នោះ ហើយ​ទទួល​ទាន ហើយ​ឪពុក​ឃើញ​ថា​វា​មាន​រស់​ជាតិ​ផ្អែម​បំផុត គឺ​ផ្អែម​ជាង​អ្វីៗ​ដែល​ឪពុក​ធ្លាប់​បាន​ភ្លក់​ពី​មុន​មក។ មែន​ហើយ ហើយ​ឪពុក​បាន​ឃើញ​ថា ផ្លែឈើ​នោះ​មាន​ពណ៌​ស គឺ​ស​ជាង​អ្វី​ទាំង​អស់ ដែល​ឪពុក​ធ្លាប់​បាន​ឃើញ​មក។

 ១២ ហើយ​កាល​ឪពុក​បាន​ទទួល​ទាន​ផ្លែឈើ​នោះ​ហើយ នោះ​ព្រលឹង​វិញ្ញាណ​ឪពុក​ក៏​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ជា​អតិបរមា ហេតុ​ដូច្នោះ​ហើយ ឪពុក​ក៏​ចាប់ផ្ដើម​មាន​បំណង​ចង់​ឲ្យ​គ្រួសារ​ឪពុក​ទទួល​ទាន​ផ្លែឈើ​នោះ​ដែរ ត្បិត​ឪពុក​ដឹង​ថា ផ្លែឈើ​នោះ គួរ​ឲ្យ​មាន​ប្រាថ្នា​ជាង​ផ្លែ​ឈើ​ណាៗ​ទាំងអស់។

 ១៣ ហើយ​កាល​ឪពុក​ចោល​ភ្នែក​មើល​ជុំវិញ​ខ្លួន ក្រែង​ឪពុក​អាច​ឃើញ​គ្រួសារ​ឪពុក​ដែរ នោះ​ឪពុក​ក៏​ឃើញ​ទន្លេ​ទឹក​មួយ ទន្លេ​នោះ​ហូរ​តាម​បណ្ដោយ ហើយ​វា​នៅ​ជិត​ដើមឈើ ដែល​ឪពុក​បាន​ទទួល​ទាន​ផ្លែ។

 ១៤ ហើយ​ឪពុក​សម្លឹង​រក​មើល​ថា តើ​ទន្លេ​នោះ​មាន​ប្រភព​មក​ពី​ណា ហើយ​ឪពុក​បាន​ឃើញ​ក្បាល​ទន្លេ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​នៅ​ឯ​ក្បាល​ទន្លេ​នោះ ឪពុក​បាន​ឃើញ​ម្ដាយ​កូន គឺ​សារ៉ាយ និង​សាំ ហើយ​នឹង​នីហ្វៃ ហើយ​ពួក​គេ​ឈរ ហាក់​បី​ដូច​ជា​គេ​មិន​ដឹង​ជា​នឹង​ទៅ​ផ្លូវ​ណា​ឡើយ។

 ១៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​បាន​បោយ​ដៃ​ហៅ​ពួក​គេ ហើយ​ឪពុក​ព្រម​ទាំង​បាន​ស្រែក​ហៅ​ពួក​គេ​យ៉ាង​ខ្លាំង​ឲ្យ​មក​រក​ឪពុក ហើយ​ទទួល​ទាន​ផ្លែឈើ គឺ​ផ្លែឈើ​ដ៏​គួរ​ឲ្យ​ប្រាថ្នា​ជាង​ផ្លែឈើ​ណាៗ​ទាំងអស់។

 ១៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​មក​រក​ឪពុក ហើយ​បាន​ទទួល​ទាន​ផ្លែឈើ​នោះ​ដែរ។

 ១៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​ចង់​ឲ្យ​លេមិន និង​លេមយួល មក​ទទួល​ទាន​ផ្លែឈើ​នោះ​ផង ហេតុ​ដូច្នោះ​ហើយ ឪពុក​បាន​សម្លឹង​ទៅ​ក្បាល​ទន្លេ ក្រែង​ឪពុក​អាច​មើល​ឃើញ​ពួក​គេ​ទាំង​ពីរ​នាក់។

 ១៨ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​បាន​ឃើញ​គេ​ទាំង​ពីរ​នាក់ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​មក​រក​ឪពុក ហើយ​ទទួល​ផ្លែឈើ​នោះ​ឡើយ។

 ១៩ ហើយ​ឪពុក​បាន​ឃើញ​ដំបង​ដែក​មួយ ហើយ​ដំបង​ដែក​នោះ ផ្ដេក​បណ្ដោយ​តាម​មាត់ទន្លេ ហើយ​តម្រង់​ទៅ​ឯ​ដើមឈើ​ដែល​ឪពុក​ឈរ​ជិត។

 ២០ ហើយ​ឪពុក​ក៏​បាន​ឃើញ​ផ្លូវ​មួយ​តូច ហើយ​ចង្អៀត ដែល​នៅ​បណ្ដោយ​តាម​ដំបង​ដែក តម្រង់​ទៅ​ឯ​ដើមឈើ ដែល​ឪពុក​ឈរ​ជិត ហើយ​ផ្លូវ​នោះ​រត់​តាម​ក្បាល​ប្រភព​ទៅ​ដល់​ទីវាល​ដ៏​ធំ ហើយ​ទូលាយ​មួយ ប្រៀប​ដូច​ជា​លោកិយ។

 ២១ ហើយ​ឪពុក​បាន​ឃើញ​ក្រុម​មនុស្ស​ជាច្រើន​ឥត​គណនា ពួក​គេ​ជាច្រើន​នាក់​ក្នុង​ចំណោម​នោះ កំពុងតែ​ប្រជ្រៀត​ទៅ​មុខ ដើម្បី​ពួក​គេ​អាច​ទៅ​ដល់​ផ្លូវ ដែល​នាំ​ទៅ​ដើមឈើ​ដែល​ឪពុក​ឈរ​ជិត​នោះ។

 ២២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ទៅ​មុខ ហើយ​ចាប់​ផ្ដើម​ដើរ​នៅ​លើ​ផ្លូវ ដែល​នាំ​ទៅ​ដល់​ដើមឈើ​នោះ។

 ២៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​អ័ព្ទ​នៃ​សេចក្ដី​ងងឹត​បាន​ផុស​ឡើង មែន​ហើយ គឺ​ជា​អ័ព្ទ​នៃ​សេចក្ដី​ងងឹត​ដ៏​ធំ រហូត​ដល់​ធ្វើ​ឲ្យ​ពួក​គេ ដែល​បាន​ដើរ​នៅ​លើ​ផ្លូវ​នោះ​ត្រូវ​ធ្លាក់​វង្វេងផ្លូវ ខ្ចាត់ខ្ចាយ​បាត់​អស់​ទៅ។

 ២៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​បាន​ឃើញ​មនុស្ស​ជាច្រើន​ទៀត​កំពុងតែ​ប្រជ្រៀត​ទៅ​មុខ ហើយ​ពួក​គេ​បាន​ចេញ​មក​ចាប់​ចុង​ដំបង​ដែក ហើយ​ពួក​គេ​ប្រជ្រៀត​ពុះពារ​អ័ព្ទ​នៃ​សេចក្ដី​ងងឹត​ទៅ​មុខ ដោយ​ដើរ​សួ​តាម​ដំបង​ដែក រហូត​ដល់​ពួក​គេ​ទៅ​ដល់ ហើយ​ទទួល​ទាន​ផ្លែឈើ​នោះ។

 ២៥ ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ទាន​ផ្លែឈើ​នោះ​ហើយ នោះ​ពួក​គេ​ក៏​សម្លឹង​មើល​ជុំវិញ​ខ្លួន ហាក់​បី​ដូច​ជា​ពួក​គេ​មាន​ការ​ខ្មាស​អៀន​ចំពោះ​ខ្លួនឯង។

 ២៦ ហើយ​ឪពុក​ក៏​សម្លឹង​មើល​ជុំវិញ​ដែរ ហើយ​បាន​ឃើញ​ថា នៅ​ឯ​ត្រើយ​ម្ខាង​ទន្លេ​នោះ​មាន​អគារ​ដ៏​ធំ ហើយ​ទូលាយ​មួយ ហើយ​អគារ​នោះ ហាក់​ដូច​ជា​ឈរ​នៅ​លើ​អាកាស​ខ្ពស់​ពី​ដី។

 ២៧ ហើយ​អគារ​នោះ​ពេញ​ទៅ​ដោយ​មនុស្ស ទាំង​ចាស់​ទាំង​ក្មេង ទាំង​ប្រុស​ទាំង​ស្រី ហើយ​របៀប​ស្លៀកពាក់​របស់​ពួក​គេ​សុទ្ធ​តែ​ល្អ​ប្រណិត ហើយ​ពួក​គេ​កំពុង​តែ​នៅ​ក្នុង​អាកប្បកិរិយា​ចំអក​ឡកឡឺយ ហើយ​ចង្អុល​ដៃ​ទៅ​រក​ពួក​អ្នក​ដែល​បាន​ទៅ​ដល់ ហើយ​កំពុង​តែ​ទទួល​ទាន​ផ្លែឈើ​នោះ។

 ២៨ ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​ភ្លក់​ផ្លែឈើ​នោះ​ហើយ នោះ​ពួក​គេ​មាន​ការ​ខ្មាសអៀន ពី​ព្រោះ​តែ​ពួក​អ្នក​ដែល​ចំអក​ដាក់​គេ ហើយ​ពួក​គេ​បាន​ធ្លាក់​តាម​ផ្លូវ​ហាម​ឃាត់​ទាំង​ឡាយ ហើយ​វង្វេង​បាត់​អស់​ទៅ។

 ២៩ ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ មិន​រៀបរាប់​ពាក្យ​ទាំង​ឡាយ​របស់​ឪពុក​ខ្ញុំ​ឲ្យ​អស់​បាន​ឡើយ។

 ៣០ ប៉ុន្តែ​រួម​សេចក្ដី​ឲ្យ​ខ្លី​មក មើល​ចុះ ឪពុក​ខ្ញុំ​បាន​ឃើញ​មនុស្ស​ទាំង​ហ្វូងៗ​ប្រជ្រៀត​ទៅ​មុខ ហើយ​ពួក​គេ​បាន​មក​កាន់​ចុង​ដំបង​ដែក ហើយ​ពួក​គេ​បាន​ប្រជ្រៀត​គ្នា​ទៅ​មុខ ដោយ​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់​ជានិច្ច រហូត​ដល់​ពួក​គេ​បាន​មក​ដល់ ហើយ​ដួល​ចុះ ហើយ​បរិភោគ​ផ្លែឈើ​នោះ​ទៅ។

 ៣១ ហើយ​លោក​ក៏​បាន​ឃើញ​មនុស្ស​ទាំង​ហ្វូងៗ​ទៀត កំពុង​តែ​ស្ទាប​រក​ផ្លូវ​ឆ្ពោះ​ទៅ​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ។

 ៣២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មនុស្ស​ជាច្រើន​លង់ទឹក​ស្លាប់​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ប្រភព​ទឹក ហើយ​មាន​មនុស្ស​ជាច្រើន វង្វេង​បាត់​ពី​ភ្នែក​លោក ដោយ​ដើរ​រសាត់​ទៅ​លើ​ផ្លូវ​ចម្លែកៗ​ទាំង​ឡាយ។

 ៣៣ ហើយ​មាន​មនុស្ស​ទាំង​ហ្វូង បាន​ចូល​ទៅ​ក្នុង​អគារ​ចម្លែក​នោះ។ ហើយ​បន្ទាប់​ពី​គេ​បាន​ចូល​ទៅ​ក្នុង​អគារ​នោះ​ហើយ ពួក​គេ​ចង្អុល​មើលងាយ​ដល់​ខ្ញុំ និង​ពួក​អ្នក​ដែល​បរិភោគ​ផ្លែឈើ​ផង​នោះ ប៉ុន្តែ​ពួក​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ។

 ៣៤ ទាំង​នេះ​គឺ​ជា​ពាក្យ​របស់​ឪពុក​ខ្ញុំ ៖ ត្បិត​មនុស្ស​ជាច្រើន​ណា​ដែល​យក​ចិត្ត​ទុក​ដាក់​ដល់​គេ ក៏​ត្រូវ​វង្វេង​បាត់បង់​អស់​ទៅ។

 ៣៥ ហើយ​ឪពុក​ខ្ញុំ​បាន​មាន​ប្រសាសន៍​ថា លេមិន និង​លេមយួល មិន​ទទួល​ទាន​ផ្លែឈើ​នោះ​ឡើយ។

 ៣៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ឪពុក​ខ្ញុំ​បាន​និយាយ​អស់​ទាំង​ពាក្យ​នៃ​សុបិន ឬ​នៃ​ការនិមិត្ត​របស់​លោក ដែល​ជា​ពាក្យ​ជា​ច្រើន​រួច​ហើយ នោះ​លោក​ក៏​និយាយ​មក​ពួក​យើង​ថា ពី​ព្រោះ​មក​ពី​រឿង​ទាំង​ឡាយ ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​ការនិមិត្ត ធ្វើ​ឲ្យ​លោក​ភ័យខ្លាច​ជា​ខ្លាំង​ជំនួស លេមិន និង​លេមយួល មែន​ហើយ លោក​ខ្លាចក្រែង​ពួក​គេ​នឹង​ត្រូវ​កាត់​កាល​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់។

 ៣៧ ហើយ​លោក​បាន​ទូន្មាន​ដល់​ពួក​គេ​នៅ​ពេល​នោះ ដោយ​អស់​ទាំង​អារម្មណ៍​របស់​មេបា​ដ៏​ទន់ភ្លន់​ម្នាក់ ដើម្បី​ឲ្យ​ពួក​គេ​ប្រុង​ស្ដាប់ តាម​ពាក្យ​ទាំង​ឡាយ​របស់​លោក ក្រែង​ព្រះ​អម្ចាស់ ទ្រង់​នឹង​មេត្តាករុណា​ដល់​ពួក​គេ ហើយ​មិន​កាត់​កាល​ពួក​គេ​ចេញ មែន​ហើយ ឪពុក​ខ្ញុំ​បាន ថ្លែង​ពន្យល់​ប្រាប់​ពួក​គេ។

 ៣៨ ហើយ​បន្ទាប់​ពី​លោក​បាន​ប្រកាស​ប្រាប់​ពួក​គេ ហើយ​បាន​ព្យាករ​អំពី​អ្វីៗ​ជាច្រើន​ដល់​ពួក​គេ​ផង លោក​បាន​បង្គាប់​ឲ្យ​ពួក​គេ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ហើយ​លោក​ក៏​បញ្ចប់​ការនិយាយ​ប្រាប់​ពួក​គេ​ទៅ៕