គម្ពីរ​ទី​មួយ​នៃ​នីហ្វៃ

នីហ្វៃ ទី ១ 

ដំណើរ​រឿង​មួយ​អំពី​លោក​លីហៃ និង​នាង​សារ៉ាយជា​ប្រពន្ធ​របស់​លោក និង​កូន​ប្រុស​បួន​នាក់​របស់​លោក មាន​ឈ្មោះ​ថា (ចាប់​ផ្ដើម​ពី​កូន​ច្បង) លេមិន, លេមយួល, សាំ និង​នីហ្វៃ។ ព្រះ​អម្ចាស់​ទ្រង់​ព្រមាន​លីហៃ ឲ្យ​ចាក​ចេញ​ពី​ដែនដី​យេរូសាឡិម ពី​ព្រោះ​លោក​បាន​ព្យាករ​អំពី​សេចក្ដី​ទុច្ចរិត​នៃ​ប្រជាជន ហើយ​គេ​ព្យាយាម​រក​ផ្ដាច់​ជីវិត​លោក។ លោក​ធ្វើ​ដំណើរ​ចូល​ទីរហោស្ថាន​អស់​រយៈ​ពេល​បី​ថ្ងៃ​ជាមួយ​នឹង​គ្រួសារ​លោក។ នីហ្វៃ​នាំ​ពួក​បង​ប្រុស​របស់​លោក ហើយ​ត្រឡប់​ទៅ​ឯ​ដែនដី​យេរូសាឡិម​វិញ ដើម្បី​តាម​យក​បញ្ជី​របស់​ពួក​សាសន៍​យូដា។ ដំណើរ​រឿង​អំពី​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ឡាយ​របស់​ពួក​គេ។ ពួក​គេ​យក​ពួក​កូន​ស្រី​របស់​អ៊ីសម៉ាអែល​ធ្វើ​ជា​ប្រពន្ធ។ ពួក​គេ​នាំ​គ្រួសារ​គេ​ទាំង​ឡាយ ហើយ​ចាក​ចេញ​ទៅ​ក្នុង​ទីរហោស្ថាន។ សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​ពួក​គេ​នៅ​ទីរហោស្ថាន។ ផ្លូវ​នៃ​ដំណើរ​ទាំង​ឡាយ​របស់​ពួក​គេ។ ពួក​គេ​មក​ដល់​ទឹក​ដ៏​ធំធេង។ ពួក​បង​ប្រុស​របស់​នីហ្វៃ​បះបោរ​ទាស់​នឹង​លោក។ លោក​ធ្វើ​ឲ្យ​ពួក​គេ​ជ្រប់​មុខ ព្រម​ទាំង​ធ្វើ​សំពៅ​មួយ​ផង។ គេ​ហៅ​កន្លែង​នោះ​ថា បរិបូរណ៍។ គេ​ឆ្លង​ទឹក​ដ៏​ធំធេង​ទៅ​ដល់​ដែនដី​សន្យា។ល។ អត្ថបទ​នេះ​គឺ​ស្រប​តាម​ដំណើរ​រឿង​របស់​នីហ្វៃ ឬ​ពាក្យ​ម្យ៉ាង​ទៀត​ថា គឺ​ខ្ញុំ នីហ្វៃ បាន​សរសេរ​បញ្ជី​នេះ។
ជំពូក​ទី ១

នីហ្វៃ​ចាប់​ផ្ដើម​បញ្ជី​អំពី​ប្រជាជន​របស់​លោក — លីហៃ​ឃើញ​នៅ​ក្នុង​ការ​និមិត្ត ជា​បង្គោល​ភ្លើង​មួយ ហើយ​អាន​គម្ពីរ​នៃ​ការព្យាករណ៍​មួយ — លោក​សរសើរ​តម្កើង​ព្រះ ហើយ​ព្យាករ​អំពី​ការ​យាង​មក​នៃ​ព្រះ​មែស៊ី និង​ព្យាករ​អំពី​សេចក្ដី​បំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម — លោក​ត្រូវ​ពួក​សាសន៍​យូដា​បៀតបៀន។ ប្រមាណ​ជា​ឆ្នាំ ៦០០ ម.គ.ស. (មុន​គ្រីស្ទ​សករាជ)។

ជំពូក​ទី ២

លីហៃ​នាំ​គ្រួសារ​លោក​ចូល​ក្នុង​ទីរហោស្ថាន តាម​មាត់​សមុទ្រ​ក្រហម — គេ​ចាក​ចោល​ទ្រព្យសម្បត្តិ — លីហៃ​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះ​អម្ចាស់ ហើយ​បង្រៀន​កូន​ប្រុស​ទាំង​ឡាយ​របស់​លោក​ឲ្យ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ — លេមិន និង​លេមយួល​រអ៊ូរទាំ​ទាស់​នឹង​ឪពុក​របស់​គេ — នីហ្វៃ​គោរព​ធ្វើ​តាម ហើយ​អធិស្ឋាន​នៅ​ក្នុង​សេចក្ដី​ជំនឿ ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​នីហ្វៃ ហើយ​នីហ្វៃ ត្រូវ​បាន​រើស​ឲ្យ​ត្រួតត្រា​លើ​បង​ប្រុស​ទាំង​ឡាយ​របស់​លោក។ ប្រមាណ​ជា​ឆ្នាំ ៦០០ ម.គ.ស.។

ជំពូក​ទី ៣

កូន​ប្រុស​ទាំង​ឡាយ​របស់​លីហៃ ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន — ឡាបាន់​មិន​ព្រម​ប្រគល់​ផ្ទាំង​ទាំង​នោះ​ឲ្យ​គេ​ទេ — នីហ្វៃ​ទូន្មាន ហើយ​លើក​ទឹក​ចិត្ត​បង​ប្រុស​ទាំង​ឡាយ​របស់​លោក — ឡាបាន់​លួច​យក​ទ្រព្យសម្បត្តិ​របស់​ពួកគេ ហើយ​ថែម​ទាំង​រក ប្រហារ​ពួកគេ​ទៀត — លេមិន និង​លេមយួល វាយ​នីហ្វៃ និង​សាំ ហើយ​ត្រូវ​ទេវតា​ស្ដី​បន្ទោស។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ៤

នីហ្វៃ​ប្រហារ​ឡាបាន់ តាម​បញ្ជា​របស់​ព្រះ​អម្ចាស់ ហើយ​បន្ទាប់​មក ក៏​យក​ផ្ទាំង​លង្ហិន​បាន ដោយ​ប្រើ​ឧបាយកល — សូរាំ​ដាច់​ចិត្ត​ទៅ​តាម​គ្រួសារ​លីហៃ​ក្នុង​ទីរហោស្ថាន។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ៥

សារ៉ាយ​ត្អូញត្អែរ​ទាស់​នឹង​លីហៃ — អ្នក​ទាំងពីរ​ត្រេកអរ នៅ​ពេល​ឃើញ​កូនៗ​ទាំង​អស់​ត្រឡប់​មក​វិញ — ពួក​គេ​ថ្វាយ​យញ្ញ​បូជា​ទាំង​ឡាយ — ផ្ទាំង​លង្ហិន​មាន​ពាក្យ​សរសេរ​របស់​លោក​ម៉ូសេ និង​ពួក​ព្យាការី — ផ្ទាំង​ទាំង​នោះ បង្ហាញ​ថា​លីហៃ​ជា​ពូជ​នៃ​យ៉ូសែប — លីហៃ​ព្យាករ​អំពី ពូជ​លោក និង​អំពី​ការ​រក្សា​នូវ​ផ្ទាំង​ទាំង​ឡាយ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ៦

នីហ្វៃ​សរសេរ​កិច្ចការ​ទាំង​ឡាយ​នៃ​ព្រះ — គោលបំណង​របស់​នីហ្វៃ គឺ​ទៅ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​មក​រក​ព្រះ​នៃ​អ័ប្រាហាំ ហើយ​បាន​សង្គ្រោះ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ៧

កូន​ប្រុស​ទាំង​ឡាយ​របស់​លីហៃ វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ហើយ​បបួល​អ៊ីសម៉ាអែ​ស ព្រម​ទាំង​គ្រួសារ​លោក​ឲ្យ​រួម​ដំណើរ​ជាមួយ​នឹង​ពួក​គេ — លេមិន និង​អ្នក​ឯ​ទៀត​បះបោរ — នីហ្វៃ​ទូន្មាន​ដល់​បងៗ​របស់​លោក ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់ — ពួក​គេ​យក​ខ្សែ​ចង​លោក ហើយ​ធ្វើ​គម្រោងការណ៍​សម្រាប់​សេចក្ដី​បំផ្លិចបំផ្លាញ​រូបលោក​ចោល — លោក​ត្រូវ​បាន​រួច​ពី​ចំណង​ដោយ​អំណាច​នៃ​សេចក្ដី​ជំនឿ — បងៗ​របស់​លោក​សុំ​ការ​អភ័យទោស — លីហៃ និង​ក្រុម​លោក​បាន​ថ្វាយ​យញ្ញ​បូជា ហើយ​ថ្វាយ​ដង្វាយ​ដុត​ទាំង​ឡាយ​ដល់​ព្រះ។ ប្រមាណ​ជា​ឆ្នាំ ៦០០—៥៩២ ម.គ.ស.។

ជំពូក​ទី ៨

លីហៃ​ឃើញ​ការ​និមិត្ត​មួយ​អំពី​ដើម​ជីវិត — លោក​ទទួល​ទាន​ផ្លែ​នៃ​ដើម​ជីវិត ហើយ​មាន​បំណង​ចង់​ឲ្យ​គ្រួសារ​លោក​ទទួល​ទាន​ផ្លែឈើ​នោះ​ដែរ — លោក​ឃើញ​ដំបង​ដែក និង​ផ្លូវ​តូច ហើយ​ចង្អៀត ហើយ​នឹង​អ័ព្ទ​នៃ​សេចក្ដី​ងងឹត​ដែល​បិទបាំង​មនុស្ស​ទាំង​ឡាយ — សារ៉ាយ នីហ្វៃ និង​សាំ ទទួល​ទាន​ផ្លែឈើ​នោះ ប៉ុន្តែ​លេមិន និង​លេមយួល មិន​ព្រម​ឡើយ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ៩

នីហ្វៃ​ធ្វើបញ្ជី​ប្រវត្តិ​ពីរ​ច្បាប់ — បញ្ជី​នីមួយៗ ហៅ​ថា​ផ្ទាំង​នីហ្វៃ — ផ្ទាំង​ធំ​ទាំង​ឡាយ​មាន​ប្រវត្តិសាស្ត្រ​លោកិយ រីឯ​ផ្ទាំង​តូច​ទាំង​ឡាយ​ទាក់ទង​តែ​ខាង​កិច្ចការ​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ១០

លីហៃ​ទាយ​ថា​ពួក​សាសន៍​យូដា នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ដោយ​ពួក​សាសន៍​បា​ប៊ី​ឡូ​ន — លោក​ប្រាប់​អំពី​ការ​យាង​មក​នៃ​ព្រះ​មែស៊ី ជា​ព្រះ​អង្គ​សង្គ្រោះ ជា​ព្រះ​ប្រោស​លោះ នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា — លោក​ប្រាប់​អំពី​ការ​យាង​មក​នៃ​បុរស​ម្នាក់ ដែល​នឹង​ធ្វើ បុណ្យ​ជ្រមុជ​ទឹក​ថ្វាយ​កូន​ចៀម​នៃ​ព្រះ​ដែរ — លីហៃ​ប្រាប់​អំពី​ការ​សុគត និង​ដំណើរ​រស់​ឡើងវិញ​នៃ​ព្រះ​មែស៊ី — លោក​ប្រៀបធៀប​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​នៃ​សាសន៍​អ៊ីស្រាអែល ទៅ​នឹង​ដើម​អូលីវ — នីហ្វៃ​និយាយ​អំពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ អំពី​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​អំពី​សេចក្ដី​ត្រូវការ​សម្រាប់​សេចក្ដី​សុចរិត។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ១១

នីហ្វៃ​ឃើញ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ដើម​ជីវិត​នៅ​ក្នុង​ការនិមិត្ត — លោក​ឃើញ​មាតា​របស់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ដឹង​អំពី​ការ​យាង​ចុះ​មក​នៃ​ព្រះ — លោក​ឃើញ​បុណ្យ​ជ្រមុជ​ទឹក, ការងារ​បម្រើ, និង​ការ​ឆ្កាង​កូន​ចៀម​នៃ​ព្រះ — លោក​ឃើញ​ការ​រើស និង​ការងារ​បម្រើ​នៃ​ពួក​សាវក​១២​នាក់​របស់​កូន​ចៀម។ ប្រមាណ​ជា​ឆ្នាំ ៦០០ — ៥៩២ ម.គ.ស.។

ជំពូក​ទី ១២

នីហ្វៃ​បាន​ឃើញ​នៅ​ក្នុង​ការ​និមិត្ត អំពី​ដែនដី​សន្យា អំពី​សេចក្ដី​សុចរិត, សេចក្ដី​ទុច្ចរិត, និង​ការ​រលំ​នៃ​បណ្ដា​ជន​នៅ​ទី​នោះ អំពី​ការ​យាង​មក​នៃ​កូន​ចៀម​នៃ​ព្រះ ក្នុង​ចំណោម​ពួក​គេ អំពី​ពួក​សិស្ស​១២​នាក់ និង​ពួក​សាវក​១២​នាក់ ដែល​នឹង​ជំនុំ​ជំរះ​នៃ​សាសន៍​អ៊ីស្រាអែល អំពី​ភាព​ដ៏​គួរ​ឲ្យ​ខ្ពើម និង​ប្រឡាក់​កខ្វក់​របស់​អស់​អ្នក​ណា ដែល​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ១៣

នីហ្វៃ​ឃើញ​នៅ​ក្នុង​ការ​និមិត្ត អំពី​សាសនាចក្រ​នៃ​អារក្ស​ដែល​កើតឡើង​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ, អំពី​ការ​រក​ឃើញ និង​ការ​ធ្វើ​និគម​កិច្ច​លើ​ទ្វីប​អាមេរិក, អំពី​ការ​បាត់បង់​នៃ​ផ្នែក​ច្បាស់ៗ និង​ពិសេស​ជាច្រើន​នៃ​ព្រះ​គម្ពីរ​ប៊ីប, អំពី​ផលវិបាក​ដោយ​សារ​សេចក្ដី​ក្បត់​សាសនា​របស់​ពួក​សាសន៍​ដទៃ, អំពី​ការ​សាង​ឡើងវិញ​នៃ​ដំណឹង​ល្អ, អំពី​ការ​នាំ​មក​នូវ​ព្រះ​គម្ពីរ​ថ្ងៃ​ចុង​ក្រោយ, និង​អំពី​ការ​កសាង​ក្រុង​ស៊ីយ៉ូន។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ១៤

ទេវតា​ប្រាប់​នីហ្វៃ​អំពី​ពរជ័យ និង​ពាក្យ​បណ្ដាសា​ទាំង​ឡាយ ដែល​នឹង​ធ្លាក់​មក​លើ​ពួក​សាសន៍​ដទៃ — មាន​សាសនាចក្រ​តែ​ពីរ​គត់ គឺ ៖ សាសនាចក្រ​នៃ​កូន​ចៀម​នៃ​ព្រះ និង​សាសនាចក្រ​នៃ​អារក្ស — ពួក​បរិសុទ្ធ​នៃ​ព្រះ​នៅ​គ្រប់​សាសន៍ ត្រូវ​បាន​បៀតបៀន​ដោយ​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​នោះ — សាវក​យ៉ូហាន​នឹង​សរសេរ​អំពី​ចុង​បំផុត​នៃ​លោកិយ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ១៥

ពូជ​របស់​លោក​លីហៃ នឹង​ទទួល​ដំណឹង​ល្អ​ពី​ពួក​សាសន៍​ដទៃ​នៅ​គ្រា​ចុង​ក្រោយ — ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល ប្រៀប​ដូច​ជាដើម​អូលីវ ឯ​មែក​កំណើត​ទាំង​ឡាយ នឹង​បាន​បំបៅ​ជាប់​វិញ — នីហ្វៃ​បកស្រាយ​ការ​និមិត្ត​អំពី​ដើម​ជីវិត ហើយ​និយាយ​អំពី​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ នៅ​ក្នុង​ការ​បំបែក​ពួក​ទុច្ចរិត​ចេញ​ពី​ពួក​សុចរិត។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ១៦

ពួក​ទុច្ចរិត​រាប់​សេចក្ដី​ពិត​ទុកជា​ការ​ពិបាក — កូន​ប្រុស​ទាំង​ឡាយ​របស់​លីហៃ រៀប​អាពាហ៍ពិពាហ៍​នឹង​កូន​ស្រី​ទាំង​ឡាយ​របស់​អ៊ីសម៉ាអែល — លីអាហូណា​នាំ​ដំណើរ​គេ​នៅ​ក្នុង​ទីរហោស្ថាន — ជួនកាល ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ត្រូវ​បាន​សរសេរ​នៅ​លើ​លីអាហូណា — អ៊ីសម៉ាអែល​ស្លាប់ គ្រួសារ​របស់​លោក​រអ៊ូរទាំ​អំពី​សេចក្ដី​វេទនា។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ជំពូក​ទី ១៧

នីហ្វៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​សង់​សំពៅ​មួយ — បងៗ​របស់​លោក​រឹងទទឹង​នឹង​លោក — លោក​ទូន្មាន​ពួក​គេ ដោយ​ប្រាប់​អំពី​ប្រវត្តិ​នៃ​ទំនាក់​ទំនង​នៃ​ព្រះ​ជាមួយ​នឹង​សាសន៍​អ៊ីស្រាអែល — លោក​បាន​ពោរពេញ​ទៅ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ — បងៗ​របស់​លោក​ត្រូវ​បាន​ហាម​មិន​ឲ្យ​ប៉ះ​ពាល់​លោក ក្រែង​ពួក​គេ​ត្រូវ​ស្វិត​ដូចដើម​ត្រែង​ស្ងួត។ ប្រមាណ​ជា​ឆ្នាំ ៥៩២–៥៩១ ម.គ.ស.។

ជំពូក​ទី ១៨

សំពៅ​ត្រូវ​បាន​ធ្វើ​រួច​ហើយ — កំណើត​របស់​យ៉ាកុប និង​យ៉ូសែប ត្រូវ​បាន​ដំណាល​ប្រាប់ — ក្រុម​គេ​ចុះ​សំពៅ​ទៅ​រក​ដែនដី​សន្យា — កូន​ប្រុសៗ​របស់​អ៊ីសម៉ាអែល និង​ប្រពន្ធ​គេ​រួម​ក្នុង​ការ​សប្បាយ​អ៊ូអរ និង​ការ​បះបោរ — នីហ្វៃ​ត្រូវ​គេ​ចង ហើយ​សំពៅ​ត្រូវ​ខ្យល់​ព្យុះ​កំណាច​រុញច្រាន​ថយ​ក្រោយ — នីហ្វៃ​បាន​រួច​ពី​ចំណង ហើយ​ដោយ​ការ​អធិស្ឋាន​របស់​លោក ខ្យល់ព្យុះ​ក៏​ស្ងប់ស្ងាត់​ទៅ — ប្រជាជន​ទៅ​ដល់​ដែនដី​សន្យា។ ប្រមាណ​ជា​ឆ្នាំ ៥៩១–៥៨៩ ម.គ.ស.។

ជំពូក​ទី ១៩

នីហ្វៃ​ធ្វើ​ផ្ទាំង​ទាំង​ឡាយ​អំពី​លោហធាតុ ហើយ​កត់ត្រា​ប្រវត្តិ​នៃ​ប្រជាជន​លោក — ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​នឹង​យាង​មក​រវាង ៦០០ ឆ្នាំ​ពី​ពេល​ដែល​លីហៃ​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក — នីហ្វៃ​រៀបរាប់​អំពី​សេចក្ដី​ទុក្ខលំបាក និង​ការ​ឆ្កាង​របស់​ទ្រង់ — ពួក​សាសន៍​យូដា​នឹង​ត្រូវ​គេ​មើលងាយ ហើយ​ត្រូវ​ខ្ចាត់ខ្ចាយ រហូត​ដល់​គ្រា​ចុង​ក្រោយ ពេល​នោះ​ពួក​គេ​នឹង​ត្រឡប់​មក​រក​ព្រះ​អម្ចាស់​វិញ។ ប្រមាណ​ជា​ឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។

ជំពូក​ទី ២០

ព្រះ​អម្ចាស់​ទ្រង់​បើក​សម្ដែង​គោលបំណង​ទាំង​ឡាយ​របស់​ទ្រង់​ដល់​សាសន៍​អ៊ីស្រាអែល — ពួក​អ៊ីស្រាអែល​ត្រូវ​បាន​រើស​នៅ​ក្នុង​ឡ​នៃ​សេចក្ដី​វេទនា ហើយ​ដើម្បី​ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ​មុខ​ទៀត — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ៤៨។ ប្រមាណ​ជា​ឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។

ជំពូក​ទី ២១

ព្រះ​មែស៊ី​នឹង​ទៅ​ជា​ពន្លឺ​ដល់​ពួក​សាសន៍​ដទៃ ហើយ​នឹង​ដោះលែង​ពួក​អ្នក​ជាប់គុក​ទាំង​ឡាយ — ពួក​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​គ្នា​ដោយ​មាន​ព្រះ​ចេស្ដា​នៅ​គ្រា​ក្រោយ​បង្អស់ — ពួក​មហាក្សត្រ​ត្រូវ​ជា​ឪពុកចិញ្ចឹម​របស់​គេ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ៤៩។ ប្រមាណ​ជា​ឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។

ជំពូក​ទី ២២

សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី — ពួក​សាសន៍​ដទៃ​នឹង​បំបៅ ហើយ​ចិញ្ចឹម​ពួក​សាសន៍​អ៊ីស្រាអែល​តាម​ដំណឹងល្អ​នៅ​គ្រា​ក្រោយ​បង្អស់ — សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​មូល​គ្នា ហើយ​នឹង​បាន​សង្គ្រោះ ឯ​ពួក​ទុច្ចរិត​នឹង​ត្រូវ​ឆេះ​ដូច​ជា​ចំបើង — នគរ​នៃ​អារក្ស​នឹង​ត្រូវ​បំផ្លាញ​ចោល ឯ​អារក្ស​សាតាំង នឹង​ត្រូវ​បាន​ចង។ ប្រមាណ​ជា​ឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។