ជំពូក​ទី ៣២

ពួក​ទេវតា​និយាយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ — មនុស្ស​លោក​ត្រូវ​អធិស្ឋាន ហើយ​បាន​ចំណេះ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​សម្រាប់​ខ្លួន​ឯង។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

 ១ ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សន្និដ្ឋាន​ថា អ្នក​រាល់​គ្នា​រំពឹងគិត​នៅ​ក្នុង​ចិត្ត​អំពី​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ បន្ទាប់ពី​បាន​ចូល​ទៅ​តាម​ផ្លូវ​នោះ​ហើយ។ ប៉ុន្តែ​មើល​ចុះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រំពឹងគិត​អំពី​រឿង​ទាំង​នេះ​នៅ​ក្នុង​ចិត្ត​របស់​អ្នក?

 ២ តើ​អ្នក​រាល់​គ្នា​មិន​ចាំ​ទេ​ឬ​អី កាល​ខ្ញុំ​បាន​និយាយ​ទៅ​អ្នក​ថា បន្ទាប់ពី​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​អាច​និយាយ​ដោយ​ភាសា​នៃ​ពួក​ទេវតា? ហើយ​ឥឡូវ​នេះ តើ​ធ្វើ​ម្ដេច​ឲ្យ​អ្នក​អាច​និយាយ​ដោយ​ភាសា​នៃ​ពួក​ទេវតា​បាន លើក​លែង​តែ​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ?

 ៣ ពួក​ទេវតា​និយាយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហេតុ​ដូច្នោះ​ហើយ ពួក​ទេវតា​និយាយ​អំពី​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ។ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បាន​និយាយ​ទៅ​អ្នក​រាល់​គ្នា​ថា សូម​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ត្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ។

 ៤ ហេតុ​ដូច្នោះ​ហើយ ឥឡូវ​នេះ បន្ទាប់ពី​ខ្ញុំ​បាន​និយាយ​ពាក្យ​ទាំង​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​យល់​នូវ​ពាក្យ​ទាំង​នេះ​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​មិន​សូម ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​គោះ​ដែរ ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​បាន​នាំ​មក​ឯ​ពន្លឺ​ឡើយ ប៉ុន្តែ​ត្រូវ​វិនាស​នៅ​ក្នុង​ទី​ងងឹត​វិញ។

 ៥ ត្បិត​មើល​ចុះ ខ្ញុំ​និយាយ​ទៅ​អ្នក​ទៀត​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​តាម​ផ្លូវ​នោះ ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់ ដែល​អ្នក​ត្រូវ​ធ្វើ។

 ៦ មើល​ចុះ នេះ​គឺជា​គោល​លទ្ធិ​នៃ​ព្រះ​គ្រីស្ទ ហើយ​នឹង​មិន​មាន​គោល​លទ្ធិ​ឯណា​ទៀត​ទេ ដែល​ព្រះ​អង្គ​ប្រទាន​មក រហូត​ដល់​ក្រោយ​ពេល​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​អ្នក​នៅ​ក្នុង​សាច់ឈាម។ ហើយ​កាលណា​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​អ្នក​នៅ​ក្នុង​សាច់ឈាម នោះ​អ្វីៗ​ដែល​ទ្រង់​នឹង​ប្រាប់​ដល់​អ្នក អ្នក​ត្រូវ​គោរព​ធ្វើ​តាម។

 ៧ ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ មិន​អាច​និយាយ​ច្រើន​ទៀត​ទេ ព្រះ​វិញ្ញាណ​ទ្រង់​បាន​បញ្ឈប់​សំឡេង​ខ្ញុំ ហើយ​ទុក​ឲ្យ​ខ្ញុំ​សោកសៅ ព្រោះ​តែ​សេចក្ដី​ឥត​ជំនឿ និង​សេចក្ដី​ទុច្ចរិត និង​សេចក្ដី​ល្ងង់ខ្លៅ និង​សេចក្ដី​រឹងទទឹង​នៃ​មនុស្ស​លោក ត្បិត​ពួក​គេ​មិន​ស្វែងរក​ការ​ចេះ​ដឹង ឬ​ក៏​យល់​នូវ​ការ​ចេះ​ដឹង​ដ៏​ធំ​ឡើយ នៅ​ពេល​ឲ្យ​ការ​ចេះ​ដឹង​ដល់​ពួក​គេ​យ៉ាង​ច្បាស់​លាស់ គឺ​ច្បាស់លាស់​ស្មើ​នឹង​ពាក្យ​និយាយ។

 ៨ ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​យល់​ថា អ្នក​រាល់​គ្នា​នៅ​តែ​រំពឹងគិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក ហើយ​ខ្ញុំ​មាន​ទុក្ខ​ដែល​ត្រូវ​និយាយ​អំពី​ការណ៍​នេះ។ ត្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​ប្រុង​ស្ដាប់​តាម​ព្រះ​វិញ្ញាណ ដែល​បង្រៀន​មនុស្ស​ឲ្យ​អធិស្ឋាន នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន ត្បិត​អារក្ស​អសោចិ៍​មិន​បង្រៀន​មនុស្ស​ណាមួយ​ឲ្យ​អធិស្ឋាន​ទេ ប៉ុន្តែ​បង្រៀន​គេ​មិន​ឲ្យ​អធិស្ឋាន​វិញ។

 ៩ ប៉ុន្តែ​មើល​ចុះ ខ្ញុំ​និយាយ​ទៅ​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយចិត្ត​ឡើយ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​អ្វី​ចំពោះ​ព្រះ​ឡើយ លើក​លែង​តែ​អ្នក​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ជា​មុន​សិន ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ទ្រង់​នឹង​ញែក​កិច្ចការ​របស់​អ្នក​ចេញ​ជា​បរិសុទ្ធ​ដល់​អ្នក ដើម្បី​ឲ្យ​កិច្ចការ​របស់​អ្នក​អាច​បាន​ទៅ​ជា​សុខុមាលភាព​ដល់​ព្រលឹង​អ្នក៕